ទីផ្សារខុនដូនៅតំបន់ចំនួន ៣ ក្នុងប្រទេសថៃកំពុងជាប់គាំងព្រោះគ្មានអតិថិជនទិញ

0

ដោយ ហ្សូលី

បាងកក៖ ទីផ្សារខុនដូនៅតំបន់ចំនួន ៣ ក្នុងប្រទេសថៃកំពុងទទួលរងនូវសភាពលិចលង់ ដោយសារតែខ្វះអ្នកទិញ។ វិស័យអចលនទ្រព្យនៅប្រទេសថៃ ៩០ភាគរយ ពឹងផ្អែកលើអ្នកទិញជាជនជាតិចិន ប៉ុន្តែពេលនេះទោះបីជាមានការផ្តល់ជូនទាក់ទាញយ៉ាងណា ក៏អ្នកទិញមិនទាន់សម្រេចចិត្តដោយសំអាងនូវហេតុផលសេដ្ឋកិច្ចធ្លាក់ចុះ។ម្យ៉ាងអ្នកទិញជនជាតិចិនទាំងនោះកំពុងធ្វើការប្រៀបធៀបតម្លៃរវាងខុនដូនៅថៃនិងនៅស្រុកកំណើតរបស់ខ្លួន។

ទីផ្សារខុនដូដ៏ល្បីល្បាញប្រចាំប្រទេសថៃមានចំនួន ៣កន្លែងដូចជា បាងកក ភូកេត និងផាតាយ៉ា។ តំបន់ដែលលេចធ្លោទាំង ៣នេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរនិងទទួលរងនូវភាពជាប់គាំងដោយហេតុថាគ្មានអតិថិជនជាវអំឡុងវិបត្តិសេដ្ឋកិច្ចនេះ។

អតិថិជនចិនមកពីទីក្រុងប៉េកាំងម្នាក់បាននិយាយថា វិនិយោគិនចិនត្រូវចំណាយប្រាក់ប្រមាណជា ១២១,០០០ ដុល្លារ ទៅលើខុនដូមួយយូនីតមានទីតាំងស្ថិតនៅជាយក្រុងបាងកក តែពេលនេះដឹងត្រឹមថាក្រុមហ៊ុនអភិវឌ្ឍន៍នោះបានបញ្ចុះតម្លៃនៅសល់មិនដល់ ១០០,០០០ដុល្លារផង ពោលគឺត្រឹមជាង ៩ម៉ឺនដុល្លារប៉ុណ្ណោះ។

ប្រទេសថៃបានហាមឃាត់ការហោះហើរពាណិជ្ជកម្មអន្តរជាតិចូលមកក្នុងប្រទេសរហូតដល់ដំណាច់ខែមិថុនា។ ទោះបីជាមានការជជែកពីការអនុញ្ញាតឱ្យអ្នកដំណើរ ជាពិសេសជនជាតិចិនចូលក្នុងប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះក៏ដោយ អ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា សកម្មភាពទេសចរណ៍ក្នុងស្រុកថៃនឹងមិនបន្តរហូតដល់ខែតុលា ឬដល់ខែធ្នូ។

ការវិនិយោគដ៏ច្រើននៅក្នុងគម្រោងខុនដូត្រូវបានធ្វើឡើងក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៣ ដោយសារការលើកទឹកចិត្តរបស់រដ្ឋាភិបាល។ យោងតាមការស្រាវជ្រាវស្រាវជ្រាវរបស់ក្រុមហ៊ុន Krungsri Research របស់ធនាគារ Bank of Ayudhya បានឱ្យដឹងថាចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ខុនដូថ្មីជាមធ្យម ១០៥,០០០ យូនីតត្រូវបានដាក់លក់នៅបាងកកជារៀងរាល់ឆ្នាំ ប៉ុន្តែការលក់មានត្រឹមតែប្រមាណ ៩៦.០០០ យូនីតប៉ុណ្ណោះក្នុងមួយឆ្នាំ។

នៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស អ្នកអភិវឌ្ឍន៍ថៃកំពុងប្រើវិធីសាស្ត្រផ្សេងៗរួមមានទាំងការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយ ដើម្បីទាក់ទាញអ្នកទិញ។

លោក Ribal Sansiri ប្រធានផ្នែកស្រាវជ្រាវនិងប្រឹក្សានៅក្រុមហ៊ុន Knight Frank Thailand បានមានប្រសាសន៍ថា និន្នាការនៃធ្លាក់ចុះនៃវិស័យខុនដូនេះទំនងជានឹងថយចុះទាំងការផ្គត់ផ្គង់និងតំរូវការ។ អ្នកជំនាញរូបនេះរំពឹងថា ត្រូវចំណាយពេល ២ ឆ្នាំទៀត ដើម្បីឱ្យទីផ្សារខុនដូមានភាពល្អប្រសើរ។ ខុនដូប្រហែលជា ១០០.០០០ យូនីតនៅតែត្រូវបានដាក់លក់នៅទីក្រុងបាងកក គិតត្រឹមខែឧសភា ឆ្នាំ ២០២០នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here