ដោយៈ រ៉ាណេត
ភ្នំពេញៈ បើមិនមានការប្រែប្រួលនោះទេ គម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 អាចនឹងចាប់ផ្តើមធ្វើការបុកគ្រឹះ ក្នុងដំណាក់កាលដំបូងនៅអំឡុងចុងខែកក្កដា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្នការចាក់ដីបំពេញ និងការឈូសឆាយពង្រាបដីកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម។

-->
តាមប្រភពព័ត៌មានដែលអាចទុកចិត្តបានបង្ហើបប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា តាមផែនការដែលបានគ្រោងទុក គម្រោងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon Mall 3 ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងចាប់ផ្តើមបុកគ្រឹះក្នុងដំណាក់កាលដំបូង នៅអំឡុងចុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ខណៈដែលគ្រឹះត្រូវបានដឹកយកមកពីប្រទេសមួយក្នុងតំបន់អាស៊ាន។
ប្រភពដដែលបានលើកឡើងថា “ការបិទទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុន មិនបានប៉ះពាល់ ទៅនឹងគម្រោងសាងសង់ផ្សារទំនើប Aeon 3 នេះទេ ព្រោះក្រុមហ៊ុនទទួលបានសិទ្ធិម៉ៅការសាងសង់ មិនមែនជាក្រុមហ៊ុនជប៉ុននោះទេ”។ លោកបន្តថា “ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់ គឺក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ Hyundai Engineering របស់កូរ៉េ ហើយសម្ភារៈសម្រាប់សាងសង់មួយចំនួន ក៏ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែអន្តរជាតិកម្ពុជារួចរាល់”។

គម្រោងAeon Mall 3 ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា។ គំរោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន២៤ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការលក់ នៅត្រឹមឆ្នាំ២០២៣ ជាមួយទុនវិនិយោគប្រមាណ៣០០លានដុល្លារ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះ មានទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី នៃរាជធានីភ្នំពេញ ។
ផ្សារទំនើបAEON Mall3 មានផ្ទៃក្រឡាសរុបរហូតដល់ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)៕