ដោយ ហ្សូលី
ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ កំពុងរីកសាយភាយគួរឱ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយហេតុថាមានកំនើនប្រជាសាស្រ្ត ទីតាំងភូមិសាស្រ្តស្ទើរតែគ្រប់តំបន់ក្នុងកម្ពុជា ចាប់ផ្តើមមានសន្ទុះអភិវឌ្ឍជាបន្តបន្ទាប់ ដែលជាហេតុនាំឱ្យមានលំហូរទុនវិនិយោគហូរហែរ។
បើយោងតាមឱ្យដឹងពីរបាយការណ៍របស់ធនាគារពិភពលោក World Bank បានឲ្យដឹងថា វិស័យអចលនទ្រព្យនិងសំណង់ គឺជាក្បាលម៉ាស៊ីនដ៏ធំ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
-->
ខេត្តបាត់ដំបង

ចាប់តាំងពីឆ្នាំ ២០១២ មក ខេត្តបាត់ដំបង បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ដោយទទួលបានការវិនិយោគ លើគម្រោងធំៗមួយចំនួនទៅលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ចំណែកឯវិស័យអចលនទ្រព្យវិញ ខេត្តបាត់ដំបងមានលំហូរទុនវិយោគប្រមាណជាង៧៦លានដុល្លារ។
វិស័យសេដ្ឋកិច្ចរបស់ខេត្ត កម្រិតជីវភាព និងចំណូលរបស់ប្រជាពលរដ្ឋ ចាប់ផ្តើមមានភាពប្រសើរឡើង ដែលអនុញ្ញាតឱ្យពួកគេមានលទ្ធភាព ក្នុងការទិញនិងវិនិយោគលើវិស័យអចលនទ្រព្យ។ កត្តានេះបានទាក់ចិត្តវិនិយោគិនមកពីបណ្តារប្រទេសនេះ សម្រេចមកវិនិយោគក្នុងខេត្តនេះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ នេះបើតាមការថ្លែងឱ្យដឹងពីអភិបាលខេត្ត លោក ងួន រតនៈ កាលពីពេលកន្លងទៅ។
វិស័យអចលនទ្រព្យនៅខេត្តបាត់ដំបង មានវត្តមានច្រើនតែជាការពុះដីឡូតិ៍ បុរីលំនៅដ្ឋាន និងបន្ទាប់បន្សំដោយសំណង់រោងចក្រ សហគ្រាសជាដើម។
ខេត្តកំពង់ធំ

ថ្វីត្បិតតែខេត្តនេះ មិនបានពឹងផ្អែកនៅលើវិស័យទេសចរណ៍ក្តី ប៉ុន្តែបើសង្កេតលើកំណើនវិនិយោគលើវិស័យអចលនទ្រព្យវិញ មានលំហូរច្រើនគួរសម ព្រោះខេត្តនេះក៏ជាខេត្តមានសក្តានុពលល្អ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។
យោងតាមប្រសាសន៍របស់អភិបាលខេត្តកំពង់ធំ លោក សុខ លូ ឱ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យមានប្រមាណជិត៩៣លានដុល្លារ ភាគច្រើនគឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋាន។
ការរីកចម្រើននៃខេត្តនេះ មានការចូលរួមអភិវឌ្ឍពីសំណាក់វិស័យឯកជន និងជាការអនុវត្តតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់ប្រមុខរដ្ឋាភិបាល ដែលជាហេតុបណ្តាលឱ្យខេត្តនេះ ទទួលបាននូវកំណើនវិនិយោគលើវិស័យទាំងនេះ ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើនក្រៅពីហេដ្ឋារចាសម្ព័ន្ធ។
បច្ចុប្បន្ននៅក្នុងខេត្តកំពង់ធំ ទីផ្សារលំនៅដ្ឋានសម្បូរនៅតាមផ្លូវធំ និងជាប់ផ្លូវជាតិ ឬជាប់ផ្លូវវាងក្រុង និងជាយក្រុង ដែលជាឱកាសផ្តល់ឱ្យប្រជាពលរដ្ឋក្នុងខេត្តអាចទទួលបានការរស់នៅទាន់សម័យដូចទៅនឹងខេត្តអភិវឌ្ឍដទៃ ឬដូចក្នុងទីក្រុងភ្នំពេញដែរ។
ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ដែលស្ថិតជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ក៏ទាក់ទាញការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យផងដែរ ពិសេសក្រុងប៉ោយប៉ែតមានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញដោយសាររដ្ឋាភិបាល
បិទហ្គេមអនឡាញ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trustដែលបានវិនិយោគលើគំរោងបុរីលំនៅដ្ឋាន កាស៊ីណូនៅក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែតប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនខ្លាំង ពិសេសខេត្តបានទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនចូលវិនិយោគ ដែលធ្វើឲ្យទីក្រុងទាំងមូលមានភាពរីកចម្រើន ដោយមានវត្តមានអាគារខ្ពស់ៗ និងផ្សារទំនើប ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងនេះកាន់តែមានភាពស៊ីវិល័យ។
រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះជាតំបន់ឧស្សាហកម្ម និងជាHubមួយនៃតំបន់ភូមិភាគពាយ័ព្យ។
ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ប្រទេសវៀតណាម និងជាច្រកទ្វារអន្តរជាតិផងដែរនោះ និងមានចំងាយ១៣១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក៏បានទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម សំណង់ កាស៊ីណូ និងលំនៅដ្ឋានជាច្រើនផងដែរ ពិសេសក្រុងបាវិត ដែលមានសំណង់អាគារពាណិជ្ជកម្មរីកព្រោងព្រាត។
ទោះជាយ៉ាងណាក្រុងនេះក៏មានភាពស្ងប់ស្ងាត់បន្តិចផងដែរ ដោយសារការបិទកាស៊ីណូ និងការបិទច្រកទ្វារព្រំដែនពីប្រទេសវៀតណាម ដោយសារការបារម្ភពីការរីករាលដាលនៃCovid-19។
រដ្ឋាភិបាលក៏បានដាក់ក្រុងបាវិតជាទីក្រុងឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ផងដែរ ពិសេសក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដើម្បីតភ្ជាប់ជាមួយផ្លូវហាយវេវៀតណាម ដែលជាផ្នែកមួយនៃការធ្វើសមាហរណកម្មការដឹកជញ្ជូនភាគខាងត្បូង នៃបណ្តាញគមនាគមន៍អាស៊ាន ក្នុងយុទ្ឋសាស្រ្តអភិវឌ្ឍន៍ត្បូង ត្បូងនាពេលអនាគតផងដែរ។
ក្រុងបាវិតត្រូវការពេលវេលាបន្តិច ដើម្បីជំរុញភាពរីកចម្រើនឲ្យកាន់តែសកម្ម ពិសេសការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ ខណៈទុនវិនិយោគរាប់រយលានដុល្លាររួចហើយ បានចាក់បញ្ចូលទៅក្នុងទីក្រុងនេះ៕