អាជីវកម្មសេវាកម្មភោជនីយដ្ឋានរងសម្ពាធ ស្របពេលអាជីវកម្មតាមបែបE-Commerceកើនប្រជាប្រិយភាព

ដោយៈ ម៉ាណា

    ភ្នំពេញៈ របាយការណ៍បានឱ្យដឹងថា ការលក់ម្ហូបអាហារអនឡាញ បង្ហាញពីគន្លងនៃកំណើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវ អត្រាកំណើនប្រចាំឆ្នាំ១០,១១ភាគរយ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

ការកើនឡើងនៃចំនួន ការលក់ម្ហូបអាហារអនឡាញ(Cloud kitchens) នៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប កំពុងប៉ះពាល់ដល់អាជីវកម្មភោជនីយដ្ឋានបែបប្រពៃណី ដែលបាននិងកំពុងតស៊ូដើម្បីងើបឡើងវិញ ពីការធ្លាក់ចុះក្នុងអំឡុងជំងឺរាតត្បាត។

ការលក់ម្ហូបអាហារអនឡាញ (Cloud kitchens) គឺជាកន្លែងផ្ទះបាយដែលមានជំនាញវិជ្ជាជីវៈ ដែលផ្តោតលើការរៀបចំអាហារសម្រាប់ការដឹកជញ្ជូន និងខ្ចប់តែប៉ុណ្ណោះ ដោយគ្មានសេវាកម្មទទួល​ទានអាហារ។ ពួកគេដំណើរការលើប្រព័ន្ធអនឡាញទាំងស្រុង ដោយទទួលបានការបញ្ជាទិញ តាមរយៈកម្មវិធី(app)ភាគីទីបី និងចែកចាយអាហារ តាមរយៈសេវាកម្មដឹកជញ្ជូន។

គំរូនេះកាត់បន្ថយការចំណាយ ដោយលុបបំបាត់តម្រូវការសម្រាប់អចលនទ្រព្យសំខាន់ៗ បុគ្គលិកទទួលភ្ញៀវ និងកន្លែងបរិភោគអាហារសាធារណៈ ដែលអនុញ្ញាតឱ្យមានប្រសិទ្ធភាពកាន់តែច្រើន ទីផ្សារកាន់តែទូលំទូលាយ និងកាត់បន្ថយការចំណាយអាជីវកម្ម។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ វិនិយោគិនបរទេសម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋានចំនួន៦ នៅក្នុងទីក្រុងភ្នំពេញបាននិយាយថា គាត់គ្រោងនឹងផ្លាស់ប្តូរបន្តិចម្តងៗ ទៅអាជីវកម្មលក់ម្ហូបអាហារអនឡាញ ដែលគាត់សំដៅលើ “ការផ្លាស់ប្តូរតាមកាលៈទេសៈ” ។

លោកបានបញ្ជាក់ថា “មិនមែនតែនៅក្នុងទីក្រុងភ្នំពេញ ឬខេត្តសៀមរាបនោះទេ គឺនៅជុំវិញពិភពលោក ការវិវឌ្ឍន៍ក្រោយជំងឺរាត​ត្បាត គឺម្ចាស់ភោជនីយដ្ឋាន អាស្រ័យលើថ្នាលឌីជីថលភាគីទីបីសម្រាប់ការលក់”។ លោកបន្ថែមថា “ឥឡូវនេះនិន្នាការនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងការមកដល់ នៃការលក់ម្ហូបអាហា​រអនឡាញ។

ប្រាក់ចំណេញរបស់យើងកាន់តែស្តើង។ ហើយក្នុងរយៈពេលពី៥ ទៅ៦ ឆ្នាំកន្លងទៅនេះ ភោជនីយដ្ឋានបែបប្រពៃណីក្នុងប្រទេសកម្ពុជាមានការលំបាក ក្នុងការកសាងម៉ាកយីហោ រួមជាមួយការទទួលបានស្ថិរភាពហិរញ្ញវត្ថុ ដែលជំរុញឱ្យទទួលបានជោគជ័យយូរអង្វែង។

អាជីវកម្មអាហារតាមផ្លូវ នៅតែបន្តរស់រានមានជីវិត ដោយសារពួកគេចំណាយថ្លៃរៀបចំហេដ្ឋារចនាសម្ព័ន្ធទាប។

លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃការលក់ម្ហូបអាហារអនឡាញ នៅកម្ពុជា មានភាពយឺតយ៉ាវបើធៀបនឹងប្រទេស ឬទីក្រុងក្នុងអាស៊ានដទៃទៀត។ “វាប្រាកដជានឹងតាមទាន់នៅថ្ងៃខាងមុខ។

លោកបញ្ជាក់ថា “ខ្ញុំចាំថាកាលពី៤ ឬ៥ឆ្នាំមុន ម្ចាស់ភោជនីយដ្ឋានមួយចំនួន ដែលមិនបានចុះឈ្មោះ ជាមួយកម្មវិធីដឹកជញ្ជូនអាហារដោយគិតថា វាមិនមានជាប់ទាក់ទងនឹងគំរូអាជីវកម្មរបស់ពួកគេ ប៉ុន្តែក្រោយមកមានការស្តាយក្រោយ”។

យោងតាម Mordor Intelligence (MI) ដែលជាក្រុមហ៊ុនឈានមុខគេខាងសិក្សាទីផ្សារ និងប្រឹក្សាយោបល់ ការលក់ម្ហូបអាហារអនឡាញ កំពុងត្រួសត្រាយ ‘កំណើនដំបូងឌីជីថល’ នៅក្នុងព្រះរាជាណាចក្រ។

MI និយាយថា ចំណែកនៃភោជនីយដ្ឋាន សេវាកម្មពេញលេញបានកាត់បន្ថយមកត្រឹម៥៤,២១ ភាគរយក្នុងឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។

“ប្រតិបត្តិការលក់ម្ហូបអាហារអនឡាញ (Cloud Kitchen) បង្ហាញពីគន្លងនៃកំណើនខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំ១០,១១ ភាគរយ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ ការពង្រីកនេះ ស៊ីសង្វាក់គ្នាដោយផ្ទាល់ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា និងគំរូឥរិយាបថអតិថិជនសហសម័យ។

“សមាហរណកម្មជាប្រព័ន្ធនៃថ្នាល ដឹកជញ្ជូនម្ហូបអាហារអនឡា​ញ ដែលជំរុញដោយការប្រើប្រាស់ ស្មាតហ្វូនយ៉ាងទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល ធ្វើឱ្យការលក់ម្ហូបអាហារអនឡាញក្លាយជាគំរូអាជីវកម្ម ដែលដំណើរការប្រកបដោយប្រសិទ្ធភាព សម្រាប់ដោះស្រាយតម្រូវការអតិថិជន ដែលផ្តោតលើភាពងាយស្រួល។

គំរូអាជីវកម្មនេះ ត្រូវការការវិនិយោគតិចជាងភោជនីយដ្ឋាន បែបប្រពៃណី ដោយសារមិនមានកន្លែងទទួលទានអាហារ នៅនឹងកន្លែង ដែលអាចពង្រីកទីផ្សារបានឆាប់រហ័ស និងសម្បូរបែបនៅក្នុងម៉ឺនុយ។

ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ ពីកម្មវិធីappដឹកជញ្ជូនអាហារបានធ្វើឱ្យម្ចាស់ភោជនីយដ្ឋាន ព្រួយបារម្ភខ្លាំងអំពីអនាគត នៃអាជីវកម្មរបស់ពួកគេ។

ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ គឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយដែលប្រើដោយកម្មវិធីappដឹកជញ្ជូនអាហារ ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ។ ខណៈពេលដែលការបញ្ចុះតម្លៃទាំងនេះ ត្រូវបានផ្តល់មូលនិធិដោយភោជនីយដ្ឋានខ្លួនឯង ដោយប្រាក់ចំណេញដែលទទួលបានត្រូវបានចែករំលែក រវាងភោជនីយដ្ឋាន និងកម្មវិធីដឹកជញ្ជូនអាហារ។

ប្រភពបានបន្តថា “វាជាការពិតដែលកម្មវិធី ដឹកជញ្ជូនអាហារបានជួយដល់កំណើនទាំងមូល នៃវិស័យភោជនីយដ្ឋានក្នុងអំឡុងពេលក្រោយ Covid”។

ប៉ុន្តែរហូតមកដល់ពេលនេះ ការបញ្ចុះតម្លៃយ៉ាងទូលំទូលាយ តម្លៃមិនស្មើភាព និងការប្រកួតប្រជែងគ្មានសីលធម៌ កំពុងបង្កើតវិបត្តិកាន់តែធំ ដែលមិនគួរមើលរំលង។

ពួកគេបានចង្អុលបង្ហាញថា កម្មវិធីដឹកជញ្ជូនអាហារភាគច្រើនទាមទារចន្លោះពី៣០ភាគរយ ទៅ៣៧ភាគរយ នៅក្នុងកម្រៃជើងសារដែលនាំឱ្យប្រាក់ចំណេញ របស់ភោជនីយដ្ឋាន ធ្លាក់ចុះពី២០ទៅ២៥ ភាគរយ៕

កម្ពុជាចុះMOUជាមួយសាធារណរដ្ឋទួកគីលើការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិជាការធ្វើសមាហរណកម្មកម្ពុជាទៅកាន់ពិភពលោក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។

ភាគីតួកគីតំណាងដោយ លោកជំទាវÜLKÜ KOCAEFE ឯកអគ្គ​រដ្ឋទូត នៃសាធារណរដ្ឋតួកគី ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួល នៅតាមច្រករបៀងកណ្តាល និងច្រករបៀង TRACECA ព្រមទាំងប្រែក្លាយប្រទេសទាំងពីរ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដែលកម្ពុជានឹងអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងតំបន់អឺរ៉ុប។

ថ្លែងក្នុងអង្គពិធីនាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងលោក Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រក្នុងការធ្វើឱ្យពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គា្ននេះអាចធ្វើទៅបានយ៉ាងរលូន។

ច្រករបៀងនេះគឺជាការតភ្ជាប់ដ៏សំខាន់មួយ សម្រាប់អាស៊ាន ដែលនឹងផ្តល់ឱកាសសម្រាប់ចរាចរណ៍ និងទំនិញនៅអាស៊ី ដើម្បីទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ។ ដូច្នេះក្នុងនាមជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រ និងលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាពិសេសតាមរយៈការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៕

ក្រសួងសាធារណៈការលើកឡើងពីឧត្តមប្រយោជន៍នៃ ផ្លូវជាតិលេខ៧១C

ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម
ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម

ដោយៈ និស្ស័យ

កំពង់ចាម/ត្បូងឃ្មុំៈ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលបានប្រើប្រាស់ឥណទាន សម្បទានរាប់ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគោលដៅពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ផ្លូវជាតិនានាជាច្រើនត្រូវបានសាងសង់ និងធ្វើសមាហរណកម្មតំបន់ និងអន្តរជាតិ។

ជាក់ស្តែង ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជាផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗ ក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។

ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម
ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

ផ្លូវជាតិលេខ ៧១C មានប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥៕

ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម
ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម
ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម
ផ្លូវជាតិលេខ៧១C បាននិងកំពុងបម្រើដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការធ្វើដំណើររបស់បងប្អូននៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម

តើតម្លៃលំនៅឋាននៅបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានមានការប្រែប្រួលដូចម្តេចក្នុងរយៈពេលប៉ុន្មានខែកន្លងមក?

ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ានបានបង្ហាញនូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងម៉ាឡេសុីបានបង្ហាញនូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

តួយ៉ាង តម្លៃលំនៅឋាន ដែលអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យឯកជននៅសិង្ហបុរីបានកើនឡើង១,២ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងកំណើន១ភាគរយនៅក្នុងត្រីមាសទី២ និងកើនឡើង៣,១ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥។

ជាមួយគ្នានេះ តម្លៃលំនៅឋានសាធារណៈប្រភេទទី២ (HDB Resale) បានកើនឡើង០,៤ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងកើនឡើង២,៩ភាគរយក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៥។

ដោយឡែក នៅទីក្រុងហាណូយនៃប្រទេសវៀតណាម តម្លៃអាផាតមុិនជាមធ្យមបានហក់ឡើង៣៣ភាគរយដល់៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េគិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។

ចំណែក តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាមបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុងក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះ តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសម៉ាឡេសុីបានកើនឡើងដល់៤៨៣.៨៧៩រីងហ្គីត (ប្រមាណ១១៤.៧៤៥ដុល្លារអាមេរិក) ក្នុងមួយយូនីតគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។

ទីក្រុងគូឡាឡាំពួរបាននាំមុខគេលើទីផ្សារ ដោយមានតម្លៃផ្ទះជាមធ្យមចំនួន៧៩៤.៤៦៧រីងហ្គីត (ប្រមាណ១៨៨.៤៤១ដុល្លារអាមេរិក)ក្នុងមួយយូនីត ដែលធ្វើឱ្យទីក្រុងគូឡាឡាំពួរក្លាយជាតំបន់លំនៅឋានថ្លៃបំផុតនៅក្នុងប្រទេសម៉ាឡេសុី៕ប្រភព: Bamboo Route Vnexpress៕

តម្លៃផ្ទះនៅប្រទេសអង់គ្លេសនៅខែកញ្ញាបានធ្លាក់ចុះជាលើកដំបូង ខណៈអ្នកទិញផ្ទះមានភាពប្រុងប្រយ័ត្ន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអង់គ្លេសនៅក្នុងខែកញ្ញាបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែឧសភា ដែលការណ៍នេះបង្ហាញថា ការព្រួយបារម្ភចំពោះការដំឡើងពន្ធកំពុងធ្វើឱ្យតម្រូវការរបស់អ្នកទិញផ្ទះនាពេលអនាគតធ្លាក់ចុះ។

តួយ៉ាង តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ០,៣ភាគរយមកនៅត្រឹម២៩៨.១៨៤ផោន(ប្រមាណ៤០០.៦៩០ដុល្លារអាមេរិក) ក្នុងមួយយូនីតនៅខែកញ្ញាបើធៀបនឹងខែសីហា។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

បច្ចុប្បន្ន អ្នក​ទិញ​ផ្ទះ​កំពុង​ប្រកាន់ជំហរ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោកស្រី Rachel Reeves ត្រូវបានគេរំពឹងថា នឹងដំឡើងពន្ធនៅក្នុងច្បាប់ថវិកា ដែលគ្រោងប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសបានស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានដំឡើងពន្ធលើការទិញ-លក់អចលនទ្រព្យកាលពីដើមឆ្នាំនេះ។

លោក Tom Bill អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានលើកឡើងថា តម្លៃផ្ទះកំពុងធ្លាក់ចុះ ដោយសារការដាក់លក់ផ្ទះបានកើនឡើងកាន់តែច្រើន ហើយអ្នកទិញកាន់តែមានការប្រុងប្រយ័ត្ន មុនពេលរដ្ឋាភិបាលអង់គ្លេសប្រកាសច្បាប់ថវិកានៅខែវិច្ឆិកាខាងមុខ។

លោក​បាន​គូសបញ្ជាក់បន្ថែម​ថា ស្ថិរភាពនៃអត្រា​ការប្រាក់លើកម្ចី​ទិញ​ផ្ទះ​​កំពុង​ជួយ​ជំរុញ​តម្រូវ​ការ។ ប៉ុន្តែ​ តម្លៃ​ផ្ទះអាចនឹង​បន្តធ្លាក់​ចុះ​បន្តិច​បន្តួច​ មុន​ពេលស្ថិតក្នុងសភាពទ្រឹងនៅ​ចុង​ឆ្នាំ​២០២៥នេះ៕ប្រភព: Bloomberg៕

ក្រសួងគ្រោងពង្រីកសហគមន៍កសិកម្មទំនើបដែលទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចកើនដល់៣០កន្លែង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនសហគមន៍កសិកម្មទំនើប ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៣០ទីតាំង នៅចុងឆ្នាំ២០២៥។

បើគិតរហូត​មក​ដល់​ពេល​នេះ មាន​សហគមន៍​កសិកម្ម​ចំនួន២២ ដែល​មាន​ចំនួន​ជាង៣០០០គ្រួសារ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាគ្រោងនឹងរៀបចំ “វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥-CAFE25”។

លោកបានបន្តថា បើនិយាយពីសមាជិកភាព បច្ចុប្បន្ននេះមានគ្រួសារជាង៣០០០ ដែលចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង២០,០០០ហិកតា”។លោកបន្ថែមថា “បច្ចុប្បន្ននេះ ក្រសួងកំពុងផ្តោតលើដំណាំសំខាន់ៗចំនួនបួនគឺ ស្រូវ បន្លែ ម្រេច និងស្វាយចន្ទី”។

លោកឃឹម ហ្វីណង់បានបន្ថែមថា កសិករទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការចូលរួមនៅក្នុងសហគមន៍ទាំងនេះ ដោយទទួលបានទម្រង់ជាច្រើននៃការគាំទ្រ រួមទាំងជំនួយបច្ចេកទេស លទ្ធភាពទទួលបានដើមទុន និងឱកាសទីផ្សារ។

លោកបញ្ជាក់ថា ជំនួយបច្ចេកទេស ផ្តល់ដោយមន្ត្រីកសិកម្មឃុំ ដែលជាអ្នកបច្ចេកទេសមកពីក្រសួង ហើយកំពុងបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងសហគមន៍កសិកម្មទំនើប។

លោកបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍សំខាន់មួយទៀត នៃសហគមន៍កសិកម្មទំនើប គឺសមត្ថភាពរបស់ពួកគេ ក្នុងការជួយកសិករកាត់បន្ថយថ្លៃដើមផលិតកម្ម។

លោក​បង្ហើបឲ្យដឹង​ថា ក្នុង​សប្តាហ៍​នេះ ក្រសួង​កសិកម្ម​នឹង​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ទិញ​ លក់ ​ជាមួយ​ក្រុមហ៊ុន វីរៈ ប៊ុនថាំ។ ក្រុមហ៊ុន ​គ្រោង​នឹង​ទិញ​អង្ករ​ប្រមាណ២ម៉ឺន​តោន ​ដោយ​ផ្ទាល់​ពី​សហគមន៍​ផលិត​ស្រូវ​ទំនើប​ចំនួន៦ ដែល​ចំនួន៥ ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​​ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បន្ត​ថា​ “​ផែនការ​គឺ​ចុះ​កិច្ចសន្យា​ទិញ​ផ្ទាល់​ជាមួយ​សហគមន៍​ទំនើប​ទាំងនេះ ​ក្នុង​តម្លៃ​ដែល​បាន​ព្រមព្រៀង​គ្នា​ពី៩៥០ រៀល​ដល់ ១០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​អង្ករ​ស្រងែ​”។

លោកបានបន្ថែមថា កិច្ចសន្យានេះនឹងចូលជាធរមាននៅខែធ្នូ។ វាបង្ហាញយ៉ាងច្បាស់ថា សមាជិកនៃសហគមន៍កសិកម្មទំនើប ទទួលបានអត្ថប្រយោជន៍ពីការចូលទីផ្សារ ដែលមានការធានាជាមុន និងទទួលបានតម្លៃខ្ពស់ជាងអត្រាទីផ្សារបច្ចុប្បន្ន។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសា​សន៍ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកដំបូងកាលពីខែមិថុនាថា រដ្ឋាភិបាល នឹងបែងចែកថវិកាពិសេសចំនួន៣៥លានដុល្លារ ជំរុញសេដ្ឋកិច្ច ដើម្បីគាំទ្រការផ្តល់កម្ចីការប្រាក់ទាប ដល់សហគមន៍កសិកម្មទំនើបក្នុងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២៧។

កញ្ចប់​ជំរុញ​នេះ​ មាន​គោល​បំណង​បង្កើត​យន្តការ​មួយ ​ដើម្បី​ពង្រឹង​ទីផ្សារ​កសិកម្ម ខណៈ​ដែល​ការ​បង្កើន​ផលិតភាព។

លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនៅក្នុងខេត្ត និងគ្របដណ្តប់លើដំណាំដែលមានសក្តានុពលខ្ពស់ផ្សេងទៀតដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ និងទុរេន៕

តម្រូវការ និងតម្លៃលំនៅឋាននៅរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនមានសន្ទុះរឹងមាំក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅឋានរបស់រដ្ឋធានីម៉ានីលនៅប្រទេសហ្វីលីពីនសម្រេចបានសន្ទុះយ៉ាងរឹងមាំក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ស្របពេលដែលតម្រូវការកើនឡើង ទោះបីជាអត្រាផលចំណេញពីការវិនិយោគមានកម្រិតទាបយ៉ាងណាក្តី។

លោក Roy Amado Golez Jr. អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានអះអាងថា ទីផ្សារកំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ ខណៈតម្រូវការបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត២ឆ្នាំ។

លោកបានបន្តថា ទីផ្សារកំពុងមានភាពប្រសើរឡើង។ ប៉ុន្តែ ផ្ទះភាគច្រើននៅតែមានតម្លៃថ្លៃសម្រាប់ប្រជាជនហ្វីលីពីន ដែលមានប្រាក់ចំណូលមធ្យម។ ការបង្រួមគម្លាតជាគន្លឹះចាំបាច់ក្នុងការធានាបាននូវកំណើនប្រកបដោយបរិយាបន្ន។

ចាប់តាំងពីឆ្នាំ២០១៩មក តម្លៃខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati ក្នុងរដ្ឋធានីម៉ានីលបានហក់ឡើង៣៨ភាគរយ បើធៀបនឹងកំណើន១៥ភាគរយនៃប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនហ្វីលីពីន។

នៅត្រីមាសទី៣ ឆ្នាំ២០២៥ ការបើកដំណើរការលក់លំនៅឋានថ្មីបានកើនឡើង០,៣ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន១.៧៦៦យូនីត ខណៈតម្រូវការបានកើនឡើងដល់ចំនួន៧.៧១៣យូនីត ស្របពេលមានការបន្ធូរបន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលហ្វីលីពីន៕ប្រភព: Bilyonaryo៕

ក្រុមហ៊ុនសហគ្រាសថ្មីចំនួនជាង៥០,០០០បានចុះបញ្ជីជាមួយទំហំទឹកប្រាក់ជាង២០ពាន់លានដុល្លារ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុន/សហគ្រាស​ ដែល​ទទួល​ជោគ​ជ័យ​ លើ​ការ​​ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​​(Single Portal) គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២៥ មាន​ចំនួន​​​​ជាង៥ម៉ឺន​ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​​សរុបជាង២០ ពាន់​លាន​ដុល្លារ​។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួននេះ​បាន​កើន​ឡើង​ពី៤២,៣២៥ភាគរយ។

ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​ តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ ​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​រួម​មាន​ក្រសួង-​ស្ថាប័ន​រដ្ឋ​ចំនួន៦ចូល​រួមដូចជា ​ក្រសួង​មហាផ្ទៃក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ ក្រសួង​ពាណិជ្ជ​កម្ម ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អគ្គ​នាយក​ដ្ឋាន​ពន្ធដារនិង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រោយ​មក​រដ្ឋាភិ​បាល​ ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល ​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ និង​ដំណាក់​កាល​ ទី​៣ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​បាន​បន្ថែម​ក្រសួង​-ស្ថាប័ន​មួយ​ចំនួន​បន្ថែម​ទៀត។

កាល​ពីថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ​២០២៥ ចំនួន​ក្រុមហ៊ុន/សហគ្រាស​​ ដែល​បាន​ចុះបញ្ជីអាជីវកម្ម តាមថ្នាល់​បច្ចេកវិទ្យាព័ត៌មាន មាន​ចំនួន​សរុប​ ៤២,៣២៥ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​ចំនួន​​៦៤ ពាន់ពាន់​លាន​រៀល ឬស្មើនឹង​១៥,៦ ពាន់លាន​ដុល្លារ​។

ដោយឡែកក្នុង​​​ខែកញ្ញា ឆ្នាំ​២០២៥ គឺក្រុមហ៊ុន/សហគ្រាស​ ដែល​ទទួល​បាន​ជោគជ័យ ​លើ​ការ​​ចុះបញ្ជីអាជីវកម្ម​ មាន​ចំនួន១ ០១២ ស្មើនឹង​ទុន​ចុះបញ្ជី ១,៧៨ ពាន់ពាន់លានរៀល (៤៣៤ លាន​ដុល្លារ)។​

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បានមានប្រសាសន៍​ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម​ ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត ​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។

លោកបន្តថា “នៅ​ពេល​គ្រប់​អាជីវកម្ម ​សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង ​កាន់តែមាន​តម្លាភាពជាង​មុន​”។

លោក​បញ្ជាក់​ថា នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់ ​ត្រូវ​បាន​ចុះ​បញ្ជី វានឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ហើយ​ជា​មួយ​គ្នា​នេះ​ វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម ​មិន​ស្រប​ច្បាប់​មួយ​ចំនួន ​ដែល​រក​ស៊ី​ដោយ​មិន​បង់​ពន្ធ​ផង​ដែរ​។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍ជា​ផ្លូវការ នូវ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-​២៨ កាល​ពី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ពី​កម្លាំង​ចលករ​ដ៏​សំខាន់ ​របស់​អ្នក​ប្រកប​អាជីវកម្ម​សម្រាប់​សេដ្ឋ​កិច្ច​ជាតិ និង​បាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​អាជ្ញាធរ ដើម្បី​អាច​ឱ្យ​រដ្ឋាភិបាល​មាន​ព័ត៌មាន និង​អាច​ជួយ​រក​ដោះ​ស្រាយ​ បាន​ទាន់​ពេល​វេលា ​​នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​។

លោក​បន្ថែម​ថា​ “គោល​នយោ​បាយ​របស់​រដ្ឋាភិ​បាល គឺ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ប្រកប​មុខ​របរ​(ពិសេស​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ)​ចូល​ទៅ​ចុះ​បញ្ជី​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ”។

សម្តេច​បានលើកជាសំណួរ​ថា ហេតុអ្វី​ត្រូវ​ចុះ​ឈ្មោះ​ចូល​ក្នុង​ប្រព័​ន្ធ? អស់​លុយ​ប៉ុន្មាន? ត្រូវ​ជាប់​ពិន័យ​អ្វី​ដែរ​ទេ? ជាប់​កាតព្វ​កិច្ច​អ្វីខ្លះ​? បាន​ផល​អ្វី​មក​វិញ? ទាំង​នេះ​ជាសំណួរ​ ដែល​ក្រុម​គោល​នយោ​បាយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ដោយ​មាន​ការ​ជជែក​យ៉ាង​ច្រើន ​ក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង៕

តម្លៃហាងឆេងមាសធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហក់ឡើងលើស៤.០០០ដុល្លារក្នុងមួយអោន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគសម្រុកលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញមកពីការវិនិយោគលើមាសនាពេលកន្លងមក បន្ទាប់ពីតម្លៃមាសបានហក់ឡើងលើស៤.០០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៧ភាគរយមកនៅត្រឹម៤០១៨,៥៩ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៣៧,៩ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨១ភាគរយមកនៅត្រឹម៤០៣៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០៧០,៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ៕

គម្រោងវិនិយោគតាបបរធនបាលកិច្ចមានតម្លៃរហូតដល់ប្រមាណ៣៨៥លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ វិស័យបរធនបាលកិច្ចរបស់កម្ពុជា សរុបចំនួន៤៥៨ ត្រូវបានចុះបញ្ជីជាមួយនិយ័តករ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។ បើយោងតាមតួលេខរបស់និយ័តករបរធនបាលកិច្ច (TR) ដែលចេញផ្សាយកាលពីម្សិលមិញ។

បរធនបាលកិច្ចថ្មីទាំងនេះ តំណាងឱ្យមូលធនដ៏សំខាន់ ដែលនាំឱ្យតម្លៃសរុបនៃទ្រព្យសកម្ម ក្រោមការគ្រប់គ្រងនៃបរធនបាលកិច្ចដែលបានចុះបញ្ជីថ្មីមានចំនួនប្រហែល៣៨៥លានដុល្លារ។

តួលេខចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២៥ បង្ហាញពីការអភិវ​ឌ្ឍន៍ជាវិជ្ជមានបន្ត សម្រាប់វិស័យហិរញ្ញវត្ថុថ្មីនេះ ដែលកំពុងទទួលបានភាពទាក់ទាញ ចាប់តាំងពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី បរធនបាលកិច្ចនៅឆ្នាំ២០១៩ និងការបង្កើតនិយ័តករបរធនបាលកិច្ចនៅឆ្នាំ២០២១។

កំណើនដ៏រឹងមាំគឺជាលទ្ធផល នៃការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ដែល និយ័តករបរធនបាលកិច្ចផ្តល់ជូន រួមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយសុវត្ថិភាព ក្របខ័ណ្ឌច្បាប់ច្បាស់លាស់សម្រាប់ការវិនិយោគ និងផែនការផ្ទេទ្រព្យសម្បត្តិ ជាពិសេសសម្រាប់អចលនទ្រព្យ និងឧបករណ៍ហិរញ្ញវត្ថុ។

លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចនាពេលថ្មីៗនេះបានមានប្រសាសន៍ថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃបរធនបាលកិច្ច ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា បង្ហាញពីការកើនឡើងនូវប្រជាប្រិយភាព នៃផ្នែកបរធនបាលកិច្ច ក្នុងចំណោមអ្នកវិនិយោគបរទេស។

លោកបានបន្តថា “កំណើននៃវិស័យបរធនបាលកិច្ច ត្រូវបានជំរុញដោយទំនុកចិត្ត និងការយោគយល់ក្នុងចំណោមវិនិយោគិន ជាពិសេសអ្នកវិនិយោគបរទេស រួមជាមួយនឹងការគាំទ្រពីវិស័យធនាគារសម្រាប់អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀត”។

ខណៈដែលនិយ័តករបរធនបាលកិច្ច មិនបានរៀបរាប់លម្អិតអំពីការវិភាគ និន្នាការកន្លងមកបង្ហាញថា បរធនបាលកិច្ចពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងអចលនទ្រព្យបានគ្របដណ្តប់ទីផ្សារ។

ការបន្តពង្រីកនេះត្រូវបានគេរំពឹងថា នឹងធ្វើពិពិធកម្មបន្ថែមទៀតនូវទិដ្ឋភាពសេវាកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា លើកកម្ពស់ស្ថិរភាព និងតម្លាភាពក្នុងការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

ទន្ទឹមនឹងនេះ សម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារពាណិជ្ជចំនួន៤ដើម្បីដំណើរការអាជីវកម្មមូលបត្រ ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវាថែទាំ ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការក្រុមហ៊ុនគ្រប់គ្រងមូលបត្រ និងផ្តល់អាជ្ញាប័ណ្ណដល់អ្នកគ្រប់គ្រងមូលបត្របុគ្គលចំនួន៦ នៃក្រុមហ៊ុនគ្រប់គ្រងមូលបត្រ៕