ការសិក្សាថ្មីៈ CBRE Cambodiaបង្ហាញពីឱកាសវិនិយោគសម្រាប់ទីផ្សារអចលនទ្រព្យនៅក្រុងសៀមរាប

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ទីក្រុងសៀម​រាបមានឱកាស ប្រកបដោយសក្តានុពល ក្នុងការវិនិយោគលើទីផ្សារអចលនទ្រព្យ ដូចជាលំនៅដ្ឋានជាដើម។

ជាមួយគ្នានេះ ដីនៅទីក្រុងសៀមរាបមានតម្លៃសមរម្យ។ តួយ៉ាង ដីលំនៅដ្ឋាន នៅតំបន់កណ្តាលក្រុងសៀមរាប ដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េចុះក្រោម មានតម្លៃចន្លោះពី៥០០ដុល្លារទៅ១.៨១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក ដីលំនៅដ្ឋាននៅតំបន់ ជាយក្រុងសៀមរាប ដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េចុះក្រោម មានតម្លៃចន្លោះពី៩៥ដុល្លារទៅ១៧០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនខាងលើនេះ។

ខេត្តសៀមរាបមានសក្តានុពលខ្ពស់ លើការអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់មនុស្សចាស់ ក្រោយពេលរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការដល់ជនបរទេស ដែលស្នាក់នៅរយៈពេលវែង និងកាត់បន្ថយតម្រូវការឯកសាររដ្ឋបាលផ្សេងៗ។ ជាពិសេស ថ្លៃចំណាយលើការរស់នៅ ក្រុងសៀមរាបមានតម្លៃសមរម្យ។

កត្តាសុវត្ថិភាព កត្តាសុខសន្តិភាព និងភាពទាក់ទាញក្នុងចំណោមភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសលោកខាងលិច ធ្វើឱ្យទីក្រុងសៀមរាបក្លាយជាទីតាំងល្អ សម្រាប់ការបង្កើតសហគមន៍ ក្នុងគោលបំណងបំពេញតម្រូវការ និងរបៀបរស់នៅរបស់មនុស្សចាស់ ដែលស្វែងរកផាសុកភាព និងគុណភាពនៃជីវិត។

ទោះជាយ៉ាងណា កង្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការថែទាំសុខភាពនាពេលបច្ចុប្បន្ន បង្កជាបញ្ហាប្រឈមដល់ជនបរទេស ដែលមានបំណងស្នាក់នៅរយៈពេលវែង។ នេះជាឱកាសសម្រាប់ការវិនិយោគផ្នែកថែរទាំសុខភាពលំដាប់អន្តរជាតិ ដើម្បីបំពេញកំណើននៃតម្រូវការក្នុងទីក្រុង។

លើសពីនេះ ភាពតានតឹងនៅតាមបណ្តោយ ព្រំដែននាពេលថ្មីៗនេះរវាងកម្ពុជា-ថៃ ជាសារក្រើនរំលឹកដល់កម្ពុជា ឱ្យពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ សំដៅកាត់បន្ថយនូវការពឹងផ្អែកលើបណ្តាប្រទេ​សជិតខាង និងពង្រឹងភាពធន់ ក្នុងការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា។

ខេត្តសៀមរាប នឹងនៅតែជាគោលដៅទេសចរណ៍មួយ ក្នុងចំណោ​មគោលដៅ ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា។ ក្នុងនោះ គម្រោងផ្លូវល្បឿនលឿន ពីក្រុងសៀមរាប ទៅកាន់រាជធានីភ្នំពេញ នឹងធ្វើឱ្យការធ្វើដំណើរកំសាន្ត នាពេលចុងសប្តាហ៍កាន់តែលឿន និងមានភាពងាយស្រួលជាងមុន។

ការណ៍នេះ ជំរុញឱ្យមានតម្រូវការនៃការអភិវឌ្ឍន៍ខុនដូ និងគម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ដល់អតិថិជនក្នុងស្រុក ដែលកំពុងស្វែងរកនូវផ្ទះទី២។

ការសិក្សាដដែលបានបង្ហាញទៀតថា លើសពីនោះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា អាចទាញយកអត្ថប្រយោជន៍ពីនិន្នាការនេះ តាមរយៈការជ្រើសរើសបាន ទីតាំងអំណោយផល និងងាកទៅសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។

ខណៈវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ងើបឡើងវិញសន្សឹមៗ និងមានភាពរីកចម្រើនហួសពីប្រាសាទអង្គរវត្ត ក្រុមហ៊ុន CBRE បានអះអាងថា សណ្ឋាគារ និងអគារអាផាតម៉ិន ទំនេរមួយចំនួនគួរត្រូវបានប្រែក្លាយ ទៅជាទីតាំងរស់នៅ សម្រាប់ក្រុមមនុស្សធ្វើការផ្នែកឌីជីថល(Digital Nomad) ភ្ញៀវស្នាក់នៅរយៈពេលវែង និងអ្នកធ្វើដំណើរក្នុងតំបន់។

ខេត្តសៀមរាបជាជម្រើសទីតាំងស្នាក់នៅ  ដែលមានសេវាកម្មម្ហូបអាហារប្រកបដោយវិជ្ជាជីវៈ បទពិសោធន៍វប្បធម៌ដ៏សម្បូរបែប និងសកម្មភាពចម្រុះជាច្រើនផ្សេងទៀត។

ការណ៍នេះពង្រឹងសក្តានុពល របស់ទីក្រុងសៀមរាបក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មMICE ដូចជាការសាងសង់សាលសន្និសីទ សាលប្រជុំ និងសាលតាំងពិព័រណ៍អន្តរជាតិ។

លើសពីនេះ ក្រុមហ៊ុនCBRE Cambodiaក៏សង្កេតឃើញមានសក្តានុពល ក្នុងការប្រែក្លាយផ្ទះតូចៗ នៅតំបន់ជាយក្រុងសៀមរាបទៅជាលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ សម្រាប់ជនបរទេស បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល ភ្ញៀវទេសចរណ៍ ដែលមកទស្សនារយៈពេលវែង និងអ្នកធ្វើការពីចម្ងាយ(Freelancer)។

សង្កាត់នានានៅក្រុងសៀមរាប ដូចជា សង្កាត់ស្វាយដង្គំ និងសង្កាត់ស្រង៉ែ ផ្តល់នូវភាពស្ងប់ស្ងាត់ និងភាពងាយស្រួល ដែលស័ក្តិសមល្អបំផុត សម្រាប់ជនបរទេស ដែលស្វែងរកការរស់នៅប្រកប ដោយផាសុកភាព សហគមន៍ និងការចំណាយប្រកបដោយប្រសិទ្ធភាព៕ប្រភព: CBRE៕

តម្លៃផ្ទះនៅទីក្រុងធំៗចំនួន៥ នៅសហរដ្ឋអាមេរិករំពឹងកើនឡើងក្នុងរយៈពេល១២ខែខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យរបស់អាមេរិក Zillow បានបង្ហាញតម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងចំនួន៥ នៅសហរដ្ឋអាមេរិក ដែលត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរយៈពេល១២ខែខាងមុខ។

តួយ៉ាង តម្លៃផ្ទះនៅទីក្រុងអាត្លង់ទិក ក្នុងរដ្ឋ New Jersey ត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៩ភាគរយ។ វិស័យទេសចរណ៍នៅទីក្រុងអាត្លង់ទិកកំពុងស្ទុះងើបឡើងវិញ ខណៈការសាងសង់អគារកាស៊ីណូ និងគម្រោងសណ្ឋាគារកំពុងបង្កើតការងារ និងជំរុញសេដ្ឋកិច្ចរបស់តំបន់នេះ។

តម្លៃផ្ទះនៅទីក្រុង Kingston ក្នុងរដ្ឋ New York ត្រូវបានគេរំពឹងថា នឹងកើនឡើង២,២ភាគរយ។ ទីក្រុង Kingston សម្បូរដោយលំនៅដ្ឋានមានតម្លៃសមរម្យ និងទេសភាពល្អ។ទីក្រុងមួយនេះកំពុងរីកលូតលាស់ និងមានភាពទាក់ទាញ។

តម្លៃផ្ទះនៅទីក្រុង Knoxville ក្នុងរដ្ឋ Tennessee ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២ភាគរយ។ ទីផ្សារការងារនៅទីក្រុង Knoxville មានសភាពរឹងមាំ ដែលជំរុញដោយការងារក្នុងវិស័យអប់រំ និងការថែទាំសុខភាព។

ទីក្រុង Knoxville ក៏ជាគោលដៅសម្រាប់ការវិនិយោគដ៏ទាក់ទាញផងដែរ ខណៈបណ្តាអ្នកវិនិយោគអាចទទួលបានប្រាក់ចំណូលមកពីការជួលផ្ទះប្រកបដោយស្ថិរភាព និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ជាមួយគ្នានេះ តម្លៃផ្ទះនៅទីក្រុង Torrington ក្នុងរដ្ឋ Connecticut អាចនឹងកើនឡើងក្នុងរង្វង់១,៩ភាគរយ។ កំណើននៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានថ្មីៗ និងការស្តារឡើងវិញនូវផ្លូវរថភ្លើងនៅទីក្រុងនេះកំពុងផ្តល់សន្ទុះដល់តម្លៃលំនៅដ្ឋាន។

ចំណែក តម្លៃផ្ទះនៅទីក្រុង Rockford ក្នុងរដ្ឋ Illinois ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង១,៧ភាគរយ។ ទីក្រុង Rockford មានទីតាំងនៅជិតទីក្រុង Chicago និងមានតម្លៃផ្ទះថោកសមរម្យ។ ការណ៍នេះផ្តល់ឱកាសដល់ការវិនិយោគក្នុងទីផ្សារលំនៅដ្ឋាននៅទីក្រុង Rockford ដោយមិនចាំបាច់ចំណាយដើមទុនច្រើន៕ប្រភព: AOL.com៕

សូមស្វាគមន៍ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការឆាប់ៗនេះ!

មន្រ្តីរដ្ឋាភិបាលៈ វិស័យអចលនទ្រព្យកម្ពុជាមានភាពប្រសើរឡើងវិញបណ្តើរហើយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកព្រាប កុលបានថ្លែងថា វិស័យអចលនទ្រព្យកម្ពុជា មានសញ្ញាប្រសើរឡើងវិញបណ្តើរៗហើយ។

លោកបានថ្លែងក្នុងពិធីបើកសម្ភោធសាកល្បង ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់អាមេរិកCOLDWELL BANKER CAMBODIA នៅរាជធានីភ្នំពេញកាលពីដើមសប្តាហ៍ថា បច្ចុប្ប​ន្ននេះ មានសញ្ញាព៌ណខៀវបណ្តើរៗក្នុងវិស័យនេះ ស្របពេលស្ថានភាពទីផ្សារ កាលពីប៉ុន្មានឆ្នាំមុន មានសញ្ញាព៌ណក្រហម។

លោកបញ្ជាក់ថា “វិស័យអចលនទ្រព្យ ជាតំណាងឲ្យសុខភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ ព្រោះពេលភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា អ្វីដែលពួកគេមើលឃើញមុនគេគឺអាគារខ្ពស់ៗ និងផ្សារទំនើបជាដើម”។

ក្នុងនាមជាអ្នកពាក់ព័ន្ឋក្នុងវិស័យនេះ ស្ងៀមស្ងាត់មួយរូប លោកព្រាប កុលបានបន្តថា យើងជឿជាក់ថា អ្វីៗនឹងកាន់តែមានភាពល្អប្រសើរ បើទោះជាលោកមិនពាក់ព័ន្ឋច្រើននឹងវិស័យនេះ ក៏លោកមានភរិយាជាអ្នកបានប្រឡូកផ្ទាល់ក្នុងវិស័យនេះ ហើយបានជះឥទ្ឋិពលដល់លោកផងដែរ។

លោកបន្តថា យើងសង្ឃឹមថាជម្លោះជាមួយប្រទេសថៃ នឹងបញ្ចប់ឆាប់ៗ ហើយសេដ្ឋកិច្ចេរបស់យើងមានភាពធន់ ដែលនឹងផ្តល់ភាពអំ ណោយផលកាន់តែខ្លាំង ដល់វិស័យនេះនាពេលអនាគត៕

ទីផ្សារសណ្ឋាគាររបស់ទីក្រុងហុងកុងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីទីក្រុងសុិនជិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: សណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”ក្នុងទីក្រុងហុងកុងនៃប្រទេសចិនកំពុងផ្តោតលើការលក់រាយ អាហារឆ្ងាញ់ៗ និងសេវាកម្មលំដាប់ខ្ពស់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិ។

ការផ្តោតរបស់សណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”បានកើតឡើង ស្របពេលមានការកើនឡើងនៃការបើកសម្ពោធសណ្ឋាគារថ្មីក្នុងទីក្រុងហុងកុង និងក្នុងទីក្រុងសុិនជិន (Shenzhen)។នេះបើយោងតាមកាសែត South China Morning Post។

អត្រានៃការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ “The Peninsula”របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Hongkong and Shanghai Hotels (HSH) បាន​កើន​ឡើង​ជាលំដាប់។ ទោះ​ជាយ៉ាងណា តម្លៃ​បន្ទប់​សណ្ឋាគារជា​មធ្យម​ក្នុង​មួយ​យប់​បាន​ដាំក្បាលចុះ២៧ភាគរយ។

លោក Benjamin Vuchot នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន HSH បានអះអាងថា “សណ្ឋាគារ The Peninsula កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីសណ្ឋាគារនានានៅទីក្រុង Shenzhen”។

លោកបានកត់សម្គាល់ថា “ប្រជាជនចិនដីគោកបានសម្រេចកក់បន្ទប់សណ្ឋាគារនៅទីក្រុង Shenzhen និងបន្តធ្វើដំណើរមួយថ្ងៃទៅកាន់ទីក្រុងហុងកុង។ការណ៍នេះបង្កភាពងាយស្រួល និងជួយសន្សំសំចៃថវិកាសម្រាប់អ្នកដំណើរមកពីតំបន់ចិនដីគោក”។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត រួមមានដូចជា ក្រុមហ៊ុន Wharf Holdings និងក្រុមហ៊ុន CK Asset Holdings ក៏បានលើកឡើងនូវបញ្ហាប្រឈមស្រដៀងគ្នានេះផងដែរ។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍មានការប្រុងប្រយ័ត្នខ្ពស់ មុនពេលចាយវាយ។ប្រការនេះបានធ្វើឱ្យតម្លៃបន្ទប់សណ្ឋាគារធ្លាក់ចុះ ទោះ​បី​ជា​ចំនួនភ្ញៀវទេសចរណ៍ចូលមកកាន់ទីក្រុងហុងកុងបានហក់ឡើង១១,៧ភាគរយដល់ចំនួន២៣,៦៤លាននាក់ក្នុងឆមាសទី១ ឆ្នាំនេះយ៉ាងណាក្តី៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារ Fed នឹងផ្តល់តម្រុយអំពីគោលនយោបាយរបស់ខ្លួន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំតម្រុយអំពីទស្សនវិស័យគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក(Fed) មុនពេលសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង Jackson Hole ក្នុងរដ្ឋ Wyoming ប្រព្រឹត្តិទៅ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៧ភាគរយមកនៅត្រឹម៣៣៤០,៩២ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៤៦,៧៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយមកនៅត្រឹម៣៣៨៤,៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៨នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,២៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,២១ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

តើទីផ្សារអចលនទ្រព្យដែលមានសន្ទុះរឹងមាំជាងគេបំផុតលើពិភពលោកមានទីតាំងស្ថិតក្នុងបណ្តាប្រទេសណាខ្លះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេល​សេដ្ឋកិច្ច​ពិភពលោក​​កំពុង​វិវឌ្ឍ​ន៍ទៅមុខ ទីផ្សារអចលនទ្រព្យ​នៅតែ​ជា​មូលដ្ឋានគ្រឹះយ៉ាងសំខាន់​ក្នុងការរក្សាទុកទ្រព្យសម្បត្តិ និង​ធានាស្ថិរភាព​ហិរញ្ញវត្ថុ។ ខាងក្រោមនេះជាបណ្តាប្រទេសចំនួន៥ លើពិភពលោក ដែលមានទីផ្សារអចលនទ្រព្យរឹងមាំជាងគេបំផុតគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥:

ទី១: ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

ជាក់ស្តែង ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃកំពុងមានសភាពពុះកញ្ជ្រោលយ៉ាងគំហុក។ អត្រាផលចំណេញពីការជួលអចលនទ្រព្យនៅទីក្រុងឌូបៃនៅតែមានភាពទាក់ទាញក្នុងរង្វង់ចន្លោះពី៦ភាគរយទៅ៨ភាគរយ។ តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបានហក់ឡើងកប់ពពក ដោយសារកំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)។

រដ្ឋាភិបាលរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានសម្រួលគោលនយោបាយផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែងដល់ជនបរទេស និងលើកលែងពន្ធលើអចលនទ្រព្យ។

ទី២: ប្រទេសព័រទុយហ្គាល់

រដ្ឋធានី Lisbon របស់ប្រទេសអឺរ៉ុបមួយនេះនៅតែជាទីផ្សារអចលនទ្រព្យ ដែលមានភាពរីកចម្រើនលឿនបំផុតមួយនៅទូទាំងពិភពលោក។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា តម្លៃអចលនទ្រព្យនៅរដ្ឋធានីមួយនេះនឹងកើនឡើងចន្លោះពី៨ភាគរយទៅ១០ភាគរយក្នុងមួយឆ្នាំ។

ទី៣: ប្រទេសឥណ្ឌា

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសឥណ្ឌាកំពុងបង្ហាញពីស្ថានភាពរឹងមាំ។ នៅត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃលំនៅដ្ឋាននៅឥណ្ឌាបានកើនឡើង៤,២ភាគរយ ដោយដាក់ប្រទេសឥណ្ឌានៅចំណាត់ថ្នាក់ទី១៥ ក្នុងចំណោមទីផ្សារលំនៅដ្ឋានលំដាប់កំពូលចំនួន៥៥នៅទូទាំងពិភពលោក។

ទី៤: ប្រទេសអាហ្វ្រិកខាងត្បូង

ទីផ្សារអចលនទ្រព្យនៅរដ្ឋធានី Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេវាយតម្លៃថា ជាទីផ្សារ ដែលមានស្ថានភាពរឹងមាំបំផុតមួយលើពិភពលោក។ យោងតាមទិន្នន័យថ្មីៗបានបង្ហាញថា តម្លៃអចលនទ្រព្យនៅទីក្រុងមួយនេះបានហក់ឡើងប្រហែល១០ភាគរយជារៀងរាល់ឆ្នាំ។

ទី៥: ប្រទេសកូឡុំប៊ី

ប្រទេសកូឡុំប៊ីកំពុងក្លាយជាគោលដៅវិនិយោគអចលនទ្រព្យដ៏គួរឱ្យទាក់ទាញមួយលើពិភពលោក។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅប្រទេស ដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះបានហក់ឡើង៣៧,៩ភាគរយ ខណៈអត្រាផលចំណេញពីការជួលអចលនទ្រព្យស្ថិតក្នុងរង្វង់ចន្លោះពី៣,៣ភាគរយទៅ១០,៣ភាគរយ៕ប្រភព: The Economic Times៕

រដ្ឋមន្រ្តីទេសចរណ៍ៈយុវជនខ្មែរត្រូវស្គាល់ពីគុណតម្លៃដ៏មហិមានៃមរតកវប្បធ៌ម សម្បត្តិធម្មជាតិរបស់ខ្លួន

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា “ក្នុងនាមជាកូនខ្មែរ ជាយុវជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃដ៏មហិមា មិនអាចកាត់ថ្លៃបាននៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញធ្វើបទបាឋកថាស្តីពី “សក្ដានុពល និងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា” ជូនឯកឧត្តម លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ  និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់ផ្នែក នៅសាក​ល​វិ​ទ្យាល័យប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីសិស្ស និងស្សិតប្រមាណ២៨០០នាក់។

បាឋកថានេះធ្វើឡើង ក្នុងគោលបំណងចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែក ក្នុងការបណ្ដុះទឹកចិត្តដល់សិស្សនិស្សិត ដែលជាយុវជនបន្តវេន ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ឱ្យបានយល់ច្បាស់អំពីសក្តានុពល និងភាពធន់នៃវិស័យទេស​ចរណ៍កម្ពុជា និងដើម្បីបំផុសទឹកចិត្តឱ្យចេះស្រឡាញ់ ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នា លើកកម្ពស់វិស័យទេសចរណ៍ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំវ័យក្មេងរបស់ ឯកឧត្តមសាកលវិទ្យាធិការ ប្រកបដោយថាមពល និងកិច្ចខិតខំប្រឹងប្រែង ព្រមជាមួយនឹងសមិទ្ធផលជាច្រើន ដែលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សម្រេចបាន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញសំខាន់ៗជាច្រើន រួមទាំងជំនាញនានាក្នុងវិស័យទេសចរណ៍ផងដែរ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស ដែលជាយុវជនបន្តវេនដ៏សំខាន់ សម្រា​ប់ខឿនការពារប្រទេសជាតិ និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា។

ថ្លែងមុននឹងបញ្ចប់ លោករដ្ឋមន្រ្តីហួត ហាក់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ ក្នុងនាមជាកូនខ្មែរ ជាយុវជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃ ដ៏មហិមាមិនអាចកាត់ថ្លៃបាន នៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ដល់សហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យប្អូនៗនិស្សិតទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិតនិងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបន្តថា ជាមួយគ្នានេះ និស្សិតត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស និងត្រៀមខ្លួនចាប់យកឱកាសអាជីពការងារជាច្រើន នៅក្នុងវិស័យទេសចរណ៍៕

រដ្ឋាភិបាលបានអនុម័តគំរោងចំនួន៣៣១រួចហើយ បន្ទាប់ពីដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ  គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលបានអ​នុម័តគំរោងវិនិយោគចំនួន៣៣១នៅខេត្ត​ព្រះសីហនុ​ តាមរយៈកម្មវិធីជម្រុញការវិនិយោគនៅខេត្តមួយនេះ។

ក្នុងចំណោមគំរោងទាំង​នោះ ​មាន​ជិត​ពាក់​កណ្តាល ជា​គម្រោង​ដែល​​​ជាប់​គាំង​នា​ពេល​កន្លង​មក​​។​

ដើម្បី​ជំរុញ​ឱ្យ​សកម្មភាព​សាងសង់​អគារ ​​​​​ដែល​ជាប់​គាំងនៅ​​​ខេត្ត​ព្រះសីហនុ​មាន​ដំណើរ​ការ​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ​” ដែល​​កម្ម​វិធី​នេះ ​​នឹងផ្តល់​ឱ្យ​អ្នក​វិនិយោគ ​នូវ​ការលើកទឹកចិត្តពិសេស​ជាច្រើន ​ដូច​ជា ការអនុគ្រោះ និងការសម្រួលនីតិវិធី​មួយ​ចំនួន​ក្នុង​ក្របខណ្ឌកម្មវិធី​ពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ កម្ម​វិធី​នេះ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​​​ឆ្នាំ​២០២៤ និង​​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥ នេះ​​។

ក្នុង​កិច្ច​ប្រជុំក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុដែល​ប្រព្រឹត្តិទៅ​​កាល​ពី​ថ្ងៃ​ទី​២១ ខែ កក្កដា ឆ្នាំ ២០២៥ លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា បើ​គិតចាប់ពីឆ្នាំ​២០២៤ ដល់​ខែ​មិថុនា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្ត​ព្រះសីហនុ បានសម្រេច​ផ្តល់ការលើកទឹកចិត្ត ជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១​ គម្រោង និង​បានខិតខំ​ប្រឹងប្រែងធ្វើ​ការ​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​​ ដើម្បី​​អនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ព្រម​ទាំង​បង្កើនជំនឿទុក​ចិត្ត​ដល់​អ្នក​វិនិយោគ ​គ្រប់​ជាតិ​សាសន៍​ដែល​មាន​បំណង ឬ​កំពុង​វិនិយោគ​​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា ក្នុងចំណោមគម្រោងទាំង៣៣១ គឺ​មានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន​១៥៣គម្រោង គម្រោងមិន​ពាក់ព័ន្ធអគារជាប់គាំង(គម្រោងថ្មី)១៤២គម្រោង គម្រោងពង្រីកថ្មីចំនួន២៤គម្រោ​ង និង​គម្រោងមានស្រាប់១២​គម្រោង​។ ក្រៅ​ពីផ្ត​ល់ការលើកទឹកចិត្តពិសេសចំពោះ​គម្រោង​ទាំង៣៣១ ក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏​បាន​ធ្វើ​សកម្ម​ភាព​ជាច្រើន​ទៀត ​ក្នុង​ន័យ​ដើម្បី​​ប្រែក្លាយបញ្ហាប្រឈម ទៅជាកាលានុវត្តភាព​។

លោកបាន​បន្តថា ​ក្រៅពីការសម្រេចផ្តល់ការ លើកទឹកចិត្តពិសេ​សជាគោលការណ៍ ក្រុមការងារ​ក៏​បានសម្របសម្រួល ចុះបញ្ជីសហគ្រាស សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្មអចលន​វត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវេទិកាទាក់ទាញ​ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ការប្រឹក្សាយោបល់ និង​ការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន និងធុរជន​ទាំងខ្មែរ និង​បរទេស។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានថ្លែងថា តាមរយៈកញ្ចប់លើកទឹកចិត្តជាច្រើនរបស់រដ្ឋាភិបាល ដល់វិនិយោគិនជាតិ អន្តរជាតិ គួបផ្សំជាមួយសក្តានុពលមូលដ្ឋាន ខេត្តព្រះសីហនុ ប្រៀបដូចជាមេដែកឆក់មួយ ដែលទាក់ទាញការវិនិយោគ សម្រាប់អ្នកធុរកិច្ចដែលមានចក្ខុវិស័យច្បាស់លាស់ និងមានផែនការអភិវឌ្ឍន៍រយៈពេលវែង។

លោកបន្តថា “កម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ប្រៀបបាននឹងដុំមាសមួយសដុំ ដែលរដ្ឋាភិបាលផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិចាប់យក”។ លោកបន្ថែមថា “ការប្រែក្លាយ ខេត្តនេះជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង បាននិងកំពុងធ្វើឲ្យខេត្តនេះកាន់តែទាក់ទាញសម្រាប់អនាគតដ៏ត្រចះត្រចង់មួយ”៕

កម្ពុជា ចិនរួមចិត្ត រួមដៃ វាសនារួមជម្រុញវិស័យទេសចរណ៍ និងការវិនិយោគ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងភាគីចិនបានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២៥ ជាមួយការបេ្តជ្ញាចិត្ត “កម្ពុជា និងចិន រួមចិត្ត រួមដៃ វាសនារួម ជំរុញទេសចរណ៍ និងការវិនិយោគដើម្បីការរីកចំរើន ក្រោមដំបូលសុខសន្តិភាព”។

តបតាមការអញ្ជើញរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិម (CMG) លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” រួមចិត្ត រួមដៃ វាសនារួម ដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីសំណា​ក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីស្ថាប័នរដ្ឋ និងឯកជន ព្រះតេជគុណ Yan Shu ប្រធានមជ្ឈមណ្ឌលវប្បធម៌កម្ពុជាសៅលីង ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ តេសសូ នាយកសាលារបាំបុប្ផាទេវី លោក Lin Shi Qiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា លោក Feng Hui ប្រធានគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិន និងជាតំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)ជាដើម។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រីទេសចរណ៍មានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការកម្ពុជា-ចិន កម្ពុជា-ចិន លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម កម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅរៀបចំ ដោយ CMG “ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន” ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” ពិតជាបានបង្កប់នូវប្រវតិ្តសាស្រ្តដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលប្រសព្វគ្នានៅក្នុងវេលាដ៏ល្អមួយនេះ ព្រមទាំងបានពិពណ៌នាអំពីប្រធានបទតែមួយ ដែលជាមរតកដ៏មហិមា គឺតម្លៃនៃសន្តិភាព និងកម្លាំងនៃមិត្តភាពដែកថែប។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការឈឺចាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ ពិតជាអាចឆ្លុះបញ្ចាំងដល់ពិភពលោកថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ស្រឡាញ់ និងឱ្យតម្លៃសន្តិភាពខ្លំាងណាស់ ហើយពិតជាស្រឡាញ់ ឱកាសអភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាពយ៉ាងខ្លាំង។

លោកហួត ហាក់ បានសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា លោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញការចរចា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងមិត្តភក្តិចិននៅកម្ពុជា បានរួមគ្នាជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ជួយឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែរ។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជឿជាក់ថា “រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើក នៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ “ស្លាបសន្តិភាព”។

សុន្ទរកថាគ្រឹះរបស់ លោកឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ពីឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង មនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។

លោកបញ្ជាក់ថា “វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន ការរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ គឺដើម្បីផ្សព្វផ្សា​យទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹក ដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់ អំពីតម្លៃសន្តិភាពដែលប្រជាជន នៃប្រទេសទាំងពីររួមគ្នាការពារផងដែរ”។

នៅក្នុងកម្មវិធីនេះ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានថ្លែងថាសន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជន កម្ពុជា ស្រឡាញ់ និងការពារសន្តិភាព  និងឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាព។

ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និងមានភាពទាក់ទាញ។ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ នេះប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន៣.៧១០.០០០នាក់ ដោយ ក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨,២ ភាគរយ។

សូមប្រជាជនចិន ត្រដាង “ស្លាបសន្តិភាព ” ហោះហើរមកទស្សនាកម្ពុជា និងទទួលយកបទពិសោធពីភាពអច្ឆរិយ និងភាពស្រស់ស្អាតដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផ្តល់ជូន។

ជាការពិតមិនអាចប្រកែកបាន ទំនាក់ទំនងរវាងប្រទេស នឹងរឹងមាំនៅពេល ដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនាពេលល្ងាចនេះ មិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបេះដូងរួមគ្នាផងដែរ។

ប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រង តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជន បានលើកឡើងថាកម្មវិធីសម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និង រៀនសូត្រវប្បធម៌ទៅវិញទៅមកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំ ក្នុងការរួមគ្នាកសាងសន្តិភាព និងមិត្តភាពផងដែរ៕