ដោយ៖ សហការី
ភ្នំពេញ៖ គម្រោងបណ្ដាញផ្លូវរថភ្លើងក្រោមដី Phnom Penh Subway (Metro) ដែលបានចុះអនុស្សរណៈយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមហ៊ុន AIIB នៅ ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វិនិយោគពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) ក្នុងទុនវិនិយោគប្រមាណ ៣.៥ពាន់លានដុល្លារ និងមានចំនួន៤ខ្សែ ដោយក្នុងមួយខ្សែៗមានប្រវែង ចន្លោះពី ១៦គីឡូម៉ែត្រ ទៅ ២៩គីឡូម៉ែត្រ។
បច្ចុប្បន្នគម្រោងស្ថិតក្នុងដំណាក់កាលបឋមសម្រាប់បណ្ដាញមេត្រូ ផ្ដោតលើការប្រមូលទិន្នន័យ ការសិក្សាលិទ្ធភាព ការវាយតម្លៃវឌ្ឈនភាព និងធាតុចូលផ្សេងៗ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយអ្នកជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុនសម្រេចដាក់ជូនទៅកាន់រដ្ឋាភិបាលពិនិត្យសម្រេច។
ក្រុមការងារក្រសួង និងក្រុមអនុវត្តគម្រោង បានកំពុងប្រមូលទិន្នន័យនៅតាមទីតាំងដែលបានកំណត់តាមដងផ្លូវសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ដូចជាចំណតរថយន្តក្រុង ស្ថានីយរថភ្លើង ទាំងព្រលានយន្ដហោះតេជោ កំពុងដំណើរការ តំបន់អភិវឌ្ឍន៍ថ្មី និងទីក្រុងរណបថ្មី ជាដើម។ ដើម្បីកំណត់ផ្លូវអាទិភាព និងផ្លូវប្រសព្វសម្រាប់ការសិក្សាលម្អិតអំពីលទ្ធភាពមុនជូនដំណឹងឈានដល់ការអភិវឌ្ឍបណ្ដាញដឹកជញ្ជូនសាធារណៈក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព។ ការសិក្សានេះគឺជាធាតុផ្សំមួយនៃវិធីសាស្រ្តក្នុងការដោះស្រាយតម្រូវការដឹកជញ្ជូនរបស់រាជធានីភ្នំពេញ ក្នុងគោលដៅគឺដើម្បីកំណត់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុង បង្កើនសុវត្ថិភាព និងការពារបរិស្ថាន៕

