មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយវៀតណាមលើ ការនាំចេញដំឡូងមី

ដោយៈ គង់ សូរិយា

    វៀតណាមៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

កិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើនៅការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនា​ញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គកុលស៊ុលកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ផងដែរ។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញសក្តានុពលទីផ្សារដំឡូងមី នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងកម្មវិធីជំនួបពាណិជ្ជកម្មផងដែរ ជាពិសេសមុននឹងកិច្ចពិភាក្សាចាប់ផ្ដើម គណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចរោងចក្រផលិត និងតម្លើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត ដើម្បីពិនិត្យមើលម៉ាស៊ីន ដែលអាចកែច្នៃដំឡូមីឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ៕

ក្រុមមន្ត្រីជាន់ខ្ពស់ពិភាក្សាលើសំណើរគម្រោងវិនិយោគចំនួន១៣ដែលមានទុនសរុបជិត១០០លានដុល្លារ

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥.៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, ផលិតអេប៉ុង, ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោង គឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។

គម្រោងវិនិយោគទាំង១៣ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕

ក្រុមហ៊ុន CIMIC Group បង្ហាញពីការវិនិយោគនៅកម្ពុជា

(អូស្ត្រាលី)៖ លោកម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។

ជំនួបពិភាក្សានេះមានការចូលរួមពីគណៈប្រតិភូអមដំណើរមានលោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាសភាពពីសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបផងដែរ។

ក្នុងឱកាសនៃជំនួបនេះ លោក Robert Seidler តំណាងសមាជិកក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណជូនដល់លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានជួបសម្តែងការគួរសម និងធ្វើបច្ចុប្បន្នភាពពីសកម្មភាពអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Robert Seidler ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែម ដោយឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនក៏បានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាពិសេសជាងនេះកម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានោះលោក Robert Seidler បានសំដែងនូវអំណរគុណ និងភាពកក់ក្តៅដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។ ជាមួយនឹងបច្ចុប្បន្នភាព និងអនុសាសន៍ណែនាំដែលទទួលបាន ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះលទ្ធផល វិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ នៅមុននេះ បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ដែលធ្វើឡើងនាថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥។

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ ស្របពេលប្រាក់ដុល្លារអាមេរិកងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ដោយសារការងើបឡើងថ្លៃរបស់ប្រាក់ដុល្លារអាមេរិក បន្ទាប់ពីតម្លៃមាសបានស្ទុះងើបឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពេលធនាគារកណ្តាលអាមេរិកបានបង្ហើបគោលបំណងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញា។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៩ភាគរយមកនៅត្រឹម៣៣៦១,៧៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៧១,៦៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៥ភាគរយមកនៅត្រឹម៣៤០៦,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៩១ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៧១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

តម្រូវការជួលការិយាល័យនៅប្រទេសសិង្ហបុរីបានស្ទុះនាំមុខគេទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា តម្រូវការជួលការិយាល័យនៅប្រទេសសិង្ហបុរីបានហក់ឡើង១២ដងក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ ដោយនាំមុខគេទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានគូសបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាច្រើននៅទីក្រុងសិង្ហបុរីបានផ្លាស់ប្តូរទីតាំងការងារទៅកាន់អគារការិយាល័យ ដែលទើបបញ្ចប់ការសាងសង់ថ្មីៗ។ប្រការនេះបាន​ជំរុញ​ឱ្យ​​សកម្មភាពជួលការិយាល័យនៅ​សិង្ហបុរី​កើន​ឡើង។

គិតត្រឹមត្រីមាសទី២ តម្លៃជួលការិយាល័យនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់កំពូលមួយនេះបានកើនឡើង១,៣ភាគរយដល់ចំនួន១២,១ដុល្លារសិង្ហបុរី (ប្រហែល៩,៤២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកពីក្រុមហ៊ុន CBRE។

លោក Mike Davis អ្នកជំនាញនៅក្រុមហ៊ុន Colliers Asia-Pacific បានអះអាងថា “តម្រូវការការិយាល័យនៅសិង្ហបុរីត្រូវបានជំរុញដោយកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការប្រកាន់ជំហរអព្យាក្រឹតក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពស័ក្តិសមជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់”។

លោក Davis បានព្យាករណ៍ថា តម្លៃជួលការិយាល័យនឹងអាចបន្តកើនឡើង ខណៈការផ្គត់ផ្គង់ការិយាល័យក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) របស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតទាបក្នុងរយៈពេល២ឆ្នាំខាងមុខ ។

ក្រៅពីប្រទេសសិង្ហបុរី គេសង្កេតឃើញថា ប្រទេសហ្វីលីពីន និងប្រទេសជប៉ុនក៏បានជំរុញកំណើនទីផ្សារការិយាល័យក្នុងតំបន់អាសុីផងដែរ ខណៈតម្រូវការជួលការិយាល័យនៅប្រទេសទាំង២នេះបានហក់ឡើង៥៦ភាគរយ និង៥៥ភាគរយរៀងគ្នា៕ប្រភព: SCMP៕

ក្រុមហ៊ុនអចលនទ្រព្យចិន Vanke ទទួលរងនូវការខាតបង់ចំនួន១២ពាន់លានយ័នក្នុងរយៈពេលត្រឹមតែ៦ខែ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យចិន Vanke បានប្រកាសពីការខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនកាលពីឆមាសទី១ ទោះបីជាកន្លងមក ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋបាលក្រុងសុិនជិនយ៉ាងណាក្តី។

ក្រុមហ៊ុន Vanke ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសុិនជិន បានទទួលរងនូវការខាតបង់ចំនួន១២ពាន់លានយ័ន (ប្រហែល១,៦៧ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៥ បើធៀបនឹងការខាតបង់ចំនួន៩,៩ពាន់លានយ័នក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិបត្តិអចលនទ្រព្យនៅប្រទេសចិនបានបន្តដាក់សម្ពាធទៅលើក្រុមហ៊ុន Vanke ខណៈការលក់ផ្ទះ និងតម្លៃផ្ទះថ្មីបានបន្តធ្លាក់ចុះ។ ទោះជារដ្ឋបាលក្រុងសុិនជិនបានព្យាយាមបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងណាក្តី ក៏ក្រុមហ៊ុន Vanke នៅតែមិនអាចងើបចេញផុតពីបញ្ហាសាច់ប្រាក់។

ក្រុមអ្នកវិភាគនៅស្ថាប័ន Bloomberg Intelligence បានអះអាងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Shenzhen Metro ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងសុិនជិន ដែលជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ក្រុមហ៊ុន Vanke ទំនងជាមិនអាចជួយសម្រាលភាពតានតឹងផ្នែកសាច់ប្រាក់របស់ក្រុមហ៊ុននេះបានទេ។

ក្រុមហ៊ុនអចលនទ្រព្យ Vanke បានគូសបញ្ជាក់ថា ការខាតបង់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះបណ្តាលជា​ចម្បង​មក​ពី​ការ​ដាំក្បាលចុះ​នៃ​ការ​លក់​លំនៅដ្ឋាន និង​​ប្រាក់​ចំណេញ​ដុលសរុប។

ទំហំប្រាក់ចំណូល(Revenue) របស់ក្រុមហ៊ុន Vanke បានដាំក្បាលចុះ២៦ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១០៥,៣ពាន់លានយ័ន។ ជាមួយគ្នានេះ ទំហំសាច់ប្រាក់សរុប (Total cash) បានធ្លាក់ចុះមកនៅត្រឹមចំនួន៦៩,៤ពាន់លានយ័ន។

ចំណែកឯ ចំនួនលំនៅដ្ឋាន ដែលមិនទាន់បញ្ចប់ការសាងសង់រួចរាល់របស់ក្រុមហ៊ុន Vanke មានទំហំទឹកប្រាក់ប្រហែល២៥៧ពាន់លានយ័នគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥។

នៅឆ្នាំនេះ ក្រុមហ៊ុន Shenzhen Metro របស់រដ្ឋបាលក្រុងសុិនជិនបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ២៣,៩ពាន់លានយ័ន ដើម្បីជួយដល់ក្រុមហ៊ុន Vanke ក្នុងការទូទាត់សងទាំងប្រាក់ដើម និងអត្រាការប្រាក់ចំពោះមូលបត្របំណុល ដែលក្រុមហ៊ុន Vanke បានបោះផ្សាយលក់ជាសាធារណៈ៕ប្រភព: Bloomberg៕

ឥណ្ឌាគ្រោងផលិតបច្ចេកវិទ្យារថភ្លើង Hyperloop ដែលអាចរត់ក្នុងល្បឿនជាង១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាគ្រោងផលិតបច្ចេកវិទ្យារថភ្លើង Hyperloop ដំបូងគេបង្អស់របស់ពិភពលោក បន្ទាប់ពីរដ្ឋបាលរបស់រដ្ឋ Maharashtra បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី TuTr Hyperloop (start-up) ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងដ៏ទំនើបនេះ។

អាជ្ញាធររដ្ឋ Maharashtra មានគោលបំណងដាក់ឱ្យប្រើប្រាស់រថភ្លើង Hyperloop ដើម្បីតភ្ជាប់កំពង់ផែ Jawaharlal Nehru Port Trust (JNPT) នៅទីក្រុង Navi Mumbai ជាមួយនឹងកំពង់ផែ Vadhavan នៅទីក្រុង Palghar ។

គម្រោងខាងលើនឹងជួយពន្លឿនការដឹកជញ្ជូនទំនិញរវាងគម្រោងកំពង់ផែធំៗចំនួន២របស់ឥណ្ឌា។ តួយ៉ាង កំពង់ផែ JNPT គ្រប់គ្រងចំនួនជាង៥០ភាគរយនៃទំនិញកុងតឺន័រសរុបរបស់ប្រទេសឥណ្ឌា ខណៈកំពង់ផែ Vadhavan ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងទំនិញចំនួន២៥០លានតោនជារៀងរាល់ឆ្នាំ នៅពេលកំពង់ផែនេះសាងសង់រួចរាល់។

កិច្ចព្រមព្រៀងរវាងរដ្ឋ Maharashtra ជាមួយក្រុមហ៊ុន TuTr Hyperloop ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងចំនួន១០ របស់រដ្ឋបាលរដ្ឋ Maharashtra ដែលមានទំហំទឹកប្រាក់សរុបប្រហែល៤,៩ពាន់លានដុល្លារអាមេរិក។

បច្ចេកវិទ្យារថភ្លើង Hyperloop ត្រូវបានរចនាឡើងយ៉ាងពិសេស និងមានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងល្បឿន៧០០ម៉ាយ(ប្រមាណ១.១២៦គីឡូម៉ែត្រ)ក្នុងមួយម៉ោង ដោយសារប្រព័ន្ធនេះប្រើប្រាស់កម្លាំងម៉ាញេទិកដើម្បីកាត់បន្ថយការកកិតជាមួយផ្លូវដែក និងខ្យល់។

បច្ចេកវិទ្យានេះត្រូវបានសាកល្បងនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក រួមទាំងប្រទេសឥណ្ឌា។ ចំណែក ប្រទេសអុីតាលីគ្រោងនឹងសាងសង់ទីតាំងសម្រាប់តេស្តសាកល្បងរថភ្លើងប្រភេទ Hyperloop នៅក្នុងប្រទេសរបស់ខ្លួន៕ប្រភព: Newsweek៕

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ីរំពឹងធ្លាក់ចុះ ក្រោយមានការដំឡើងពន្ធលើសេវាកម្មជួលអគារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ បន្ទាប់ពីការដំឡើងពន្ធលើការលក់ និងសេវាកម្ម (SST) បានចាប់ផ្តើមចូលជាធរមានកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Malaysia ។

ការកំណត់ពន្ធលើសេវាកម្មក្នុងអត្រា៨ភាគរយត្រូវបានអនុវត្តន៍ចំពោះការជួលអចលនទ្រព្យពាណិជ្ជកម្ម ដូចជា ការិយាល័យ ផ្សារទំនើប ហាង និងឃ្លាំង។ ជាមួយគ្នានេះ អត្រាពន្ធ៦ភាគរយត្រូវបានបូកបន្ថែមទៅលើសេវាកម្មសំណង់ ដែលពីមុនត្រូវបានលើកលែងពន្ធ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Malaysia បានព្យាករណ៍ថា ការដំឡើងពន្ធលើការលក់ និងសេវាកម្ម (SST) អាចធ្វើឱ្យតម្រូវការ និងតម្លៃជួលអចលនទ្រព្យពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេសុីធ្លាក់ចុះ។

ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ និងបណ្តាអ្នកអភិវឌ្ឍន៍អាចផ្តល់ការលើកទឹកចិត្ត ឬការបញ្ចុះតម្លៃជួលបន្ថែមទៀត ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកជួល។ ការវិនិយោគក៏អាចថយចុះផងដែរ ដោយសារតម្លៃ និងប្រាក់ចំណេញប្រែប្រួល។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍អាចប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមសំណង់ និងការថយចុះនូវប្រាក់ចំណេញ។ ចំណែក បណ្តាអ្នកវិនិយោគអាចប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់ ដោយសារអត្រាផលចំណេញត្រឡប់ពីការវិនិយោគ(Yield)ថយចុះ។

លើសពីនោះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនអាចនឹងពន្យារពេលក្នុងការសាងសង់គម្រោងធំៗ ឬកាត់បន្ថយទំហំនៃគម្រោងវិនិយោគរបស់ពួកគេ៕ប្រភព: The Edge Malaysia៕

ផ្នែកមួយចំនួននៃទីផ្សារអចលនទ្រព្យនៅក្រុងសៀមរាបបង្ហាញសញ្ញាវិជ្ជមាន ស្របពេលមានកំណើនភ្ញៀវទេសចរណ៍បរទេស

ដោយ: គង់ លាងហួរ
ភ្នំពេញ: ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​បាន​បន្តស្ទុះ​ងើប​ឡើង​វិញ ខណៈនៅ​ឆមាស​ទី១​ ឆ្នាំ​នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន០,៣៤១លាននាក់ កើនឡើង៨,៩ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន។

កំណើននេះបានជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋាន ព្រមទាំងជំរុញវិស័យអចលនទ្រព្យក្នុងក្រុងសៀមរាប ជាពិសេសសណ្ឋាគារ។

ខាងក្រោមនេះជាទិដ្ឋភាពរបស់ផ្នែកនីមួយៗក្នុងវិស័យអចលនទ្រព្យនៅក្រុងសៀមរាប៖

ទី១: សណ្ឋាគារ

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ ការផ្គត់ផ្គង់សណ្ឋាគារនៅក្រុងសៀមរាបមានចំនួន៩.៥៨៤បន្ទប់។ក្នុងនោះ ចំណែក៥១ភាគរយនៃចំនួនសណ្ឋាគារសរុបមានទីតាំងនៅសង្កាត់ស្វាយដង្គំក្នុងក្រុងសៀមរាប ខណៈចំណែក២៩ភាគរយនៃចំនួនសណ្ឋាគារសរុបមានទីតាំងនៅសង្កាត់ស្លក្រាម។

ការងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស និងតម្រូវការទេសចរណ៍ក្នុងស្រុកបានជំរុញឱ្យអត្រា​ស្នាក់នៅសណ្ឋាគារទូទាំងប្រទេសកម្ពុជា​កើនឡើងដល់ចំនួន៧៧,៨ភាគរយក្នុងឆមាសទី១ ឆ្នាំ២០២៥។

ទី២: លំនៅដ្ឋាន

នៅក្នុងឆមាសទី១ ទីក្រុងសៀមរាបទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានបែបបុរីសរុបចំនួន៣.៨៤៩យូនីតនៅក្នុងគម្រោងចំនួន២៧ ដែលមានតម្លៃចាប់ពី៤៣០ដុល្លារ ទៅ១.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែក ការផ្គត់ផ្គង់ខុនដូមានសរុបចំនួន៥៨៩យូនីតមកពីគម្រោងចំនួន៤ ដូចជា គម្រោង ST Premier Residence គម្រោង Rose Apple គម្រោង The Sky Park និងគម្រោង Angkor Grace។

ខុនដូក្នុងក្រុងសៀមរាបមានតម្លៃចន្លោះពី១.១០០ដុល្លារអាមេរិកទៅ២.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមានអត្រាផលចំណេញត្រឡប់ពីការជួលក្នុងរង្វង់ចាប់ពី៦ភាគរយ ទៅ៧ភាគរយ។

ជារួម ទីផ្សារ​ជួល​លំនៅដ្ឋាន​នៅទីក្រុង​សៀមរាបបានងើបឡើងវិញក្នុងកម្រិតមធ្យមទាំងផ្នែកតម្រូវការរយៈពេលខ្លី និងរយៈពេលវែង ដោយសារការស្ទុះងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

ទី៣: ផ្នែកលក់រាយ

នៅចន្លោះឆ្នាំ២០២៤ និងឆមាសទី១នៃឆ្នាំនេះ លំហូរភ្ញៀវទេសចរណ៍អន្តរជាតិ និងភ្ញៀវទេសចរណ៍ក្នុងស្រុក​ចូលមកកាន់ក្នុង​ខេត្ត​សៀមរាបបានងើបឡើងវិញ។

យ៉ាង​ណា​មិញ ទីផ្សារអចលនទ្រព្យលក់រាយនៅក្រុងសៀមរាប​នៅតែបន្ត​ប្រឈម​មុខ​នឹង​បញ្ហា​ ដោយ​សារ​តែភ្ញៀវ​ទេសចរ​ណ៍ភាគ​ច្រើន​មិនសូវចំណាយប្រាក់ច្រើនលើការទិញទំនិញនៅតាមផ្សារទំនើប។

ក្នុងនោះ គេសង្កេតឃើញមានផ្សារទំនើបជាច្រើន រួមមានដូចជា ផ្សារទំនើប Angkor Fashion Plaza ផ្សារទំនើប ថៃ ហួត និងផ្សារទំនើប Angkor Trade Centre បានបញ្ឈប់ដំណើរការ៕ប្រភព: Knight Frank៕