រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧លានដុល្លារ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសយ៉ាងសស្រាក់សស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និង ស្មារតីប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» នារយៈពេលជិត ២ឆ្នាំកន្លងមកនេះ ។ ជាមួយនេះ, លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសភាពការណ៍សកល និង សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន រួមមាន ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការបញ្ចុះអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដែលជាបញ្ហាប្រឈមផង និង ជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និង ទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពី កម្មវិបាកផ្នែកសង្គម-សេដ្ឋកិច្ច កើតចេញពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម រំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងលំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល, ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និង និន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល ។ ការណ៍នេះទាមទារឱ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវមានការគិតគូរ តាមដាន ថែទាំការវិនិយោគ និង បន្តអនុវត្តការងារដោយបុរេសកម្ម និងទាន់ពេល ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ស្របតាមយន្តការក្រុមការងារ សំដៅជំរុញការវិនិយោគ និង សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ។

ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសម្ទុះទេសចរណ៍, ទាក់ទាញវិនិយោគ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក, បង្កើតការងារជូនប្រជាពលរដ្ឋ និង ពង្រីកផលិតកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ព្រមទាំងការប្រើប្រាស់ផលិតផល និង ធាតុចូលផលិតក្នុងស្រុក ។

ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន៦ និង គម្រោងថ្មីចំនួន ១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០ កន្លែង។

គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ ជាមួយនឹងការសម្រេចជាគោលការណ៍នេះ, ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និង ការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៩១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៦ ៧០០ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៣ គម្រោង។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ៕

ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសអាស៊ានណាខ្លះ ដែលមានស្ថានភាពរឹងមាំជាងគេបំផុតក្នុងឆ្នាំ២០២៥?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យទូទាំងតំបន់អាស៊ានកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីបណ្តាអ្នកវិនិយោគ។ នៅឆ្នាំ២០២៥នេះ ប្រទេសវៀតណាម សិង្ហបុរី និងឥណ្ឌូនេស៊ីបានក្លាយជាទីផ្សារអចលនទ្រព្យ ដែលមានស្ថានភាពរឹងមាំជាងគេបំផុតក្នុងប្លុកអាស៊ាន។

ទី១: ប្រទេសវៀតណាម

ផលទុនជាតិសរុបរបស់វៀតណាមបានកើនឡើង៧,០៩ភាគរយកាលពីឆ្នាំ២០២៤។ នៅឆមាសទី១ ឆ្នាំ២០២៥នេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើង៧,៥២ភាគរយ។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ កំពុងជំរុញទំនុកចិត្តវិនិយោគិនចំពោះប្រទេសវៀតណាម។

ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទីក្រុងហាណូយបាននាំមុខគេទូទាំងប្រទេសវៀតណាមក្នុងការសម្រេចបានកំណើននៃតម្លៃអាផាតមុិន។ តម្លៃអាផាតមុិនជាមធ្យមនៅរដ្ឋធានីមួយនេះបានកើនឡើង៧,៧ភាគរយធៀបនឹងត្រីមាសទី១ ដល់ទំហំទឹកប្រាក់ចំនួន៧៥,៥លានដុងក្នុងមួយម៉ែត្រការ៉េ និងហក់ឡើង៨៧,៧ភាគរយបើធៀបនឹងឆ្នាំ២០១៩។

ទី២: ប្រទេសសិង្ហបុរី

នៅត្រីមាសទី២ ឆ្នាំនេះ លំនៅដ្ឋានសាធារណៈនៅសិង្ហបុរីចំនួន៤១៥យូនីតត្រូវបានលក់ចេញក្នុងតម្លៃជាង១លានដុល្លារសិង្ហបុរី (ប្រហែល៧៨០.០០០ដុល្លារអាមេរិក)ក្នុងមួយយូនីត។ តួលេខនេះបានហក់ឡើង៧៥,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ចំណែក តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ (Second-hand)បានកើនឡើង០,៩ភាគរយធៀបនឹងត្រីមាសទី១ ហើយក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ នឹងសម្រេចបានកំណើនប្រចាំឆ្នាំចន្លោះពី៤ភាគរយទៅ៥,៥ភាគរយសម្រាប់ឆ្នាំនេះ។

ប្រទេសសិង្ហបុរីនៅតែត្រូវបានគេចាត់ទុកថា ជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពបំផុតសម្រាប់បណ្តាអ្នកវិនិយោគមកពីជុំវិញពិភពលោក ដោយផ្តល់នូវតម្លាភាព ស្ថិរភាព និងតម្រូវការជួលយ៉ាងរឹងមាំ។

ទី៣: ប្រទេសឥណ្ឌូនេសុី

ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅឥណ្ឌូនេសុីបានរីកដុះដាលយ៉ាងគំហុក ខណៈបណ្តាអ្នកវិនិយោគចិនបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសនេះដើម្បីបញ្ចៀសការយកអត្រាពន្ធគយខ្ពស់ដោយសហរដ្ឋអាមេរិក។

តម្លៃដីឧស្សាហកម្ម និងឃ្លាំងនៅប្រទេសឥណ្ឌូនេសុីបានហក់ឡើងចន្លោះពី១៥ភាគរយទៅ២៥ភាគរយនៅដើមឆ្នាំ២០២៥ ដែលជាកំណើនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល៥,១ភាគរយក្នុងឆ្នាំ២០២៥ ដោយសារភាពរឹងមាំនៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ៕ប្រភព: Reuters៕

ក្រុមហ៊ុនយក្ស Meta អាចនឹងដាក់បង្ហាញលក់វ៉ែនតាឆ្លាតវៃរបស់ខ្លួននៅខែកញ្ញាខាងមុខ ក្នុងតម្លៃថោកជាងការរំពឹងទុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta របស់លោកមហាសេដ្ឋី Mark Zuckerberg កំពុងត្រៀមរៀបចំបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួន ហើយវ៉ែនតាទាំងនោះនឹងមានតម្លៃថោកជាងការរំពឹងទុកពីមុន។

យោងតាមរបាយការណ៍ថ្មីមួយពីលោក Mark Gurman អ្នកសារព័ត៌មានរបស់ស្ថាប័ន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Meta នឹងជំរុញតម្រូវការវ៉ែនតាឆ្លាតវៃរបស់ខ្លួន ដែលត្រៀមដាក់លក់នាពេលខាងមុខក្នុងតម្លៃថោកជាងការរំពឹងទុក។

លោក Mark Gurman ត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកសារព័ត៌មាន ដែលប្រមូលតាមដានព័ត៌មានគួរឱ្យទុកចិត្តបានទាក់ទងនឹងសកម្មភាពនានារបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដែលធ្វើប្រតិបត្តិការក្នុងតំបន់ Silicon Valley នៅរដ្ឋកាលីហ្វ័រញ៉ា។

វ៉ែនតាឆ្លាតវៃថ្មីនេះត្រូវបានគេហៅថា “Hypernova”និងអាចត្រូវបានដាក់បង្ហាញនៅខែកញ្ញាខាងមុខ។ វ៉ែនតាឆ្លាតវៃទាំងនេះនឹងមានអេក្រង់តូចមួយសម្រាប់ដំឡើងកម្មវិធី App តូចៗ និងការជូនដំណឹង(alert)។នេះបើយោងតាមរបាយការណ៍ពីលោក Mark Gurman។

អេក្រង់នឹងស្ថិតនៅត្រង់កញ្ចក់ខាងស្តាំនៃវ៉ែនតាឆ្លាតវៃ ហើយអាចបញ្ជាបាន។គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងតម្លៃវ៉ែនតាឆ្លាតវៃជាផ្លូវការពីក្រុមហ៊ុន Meta នៅឡើយ។ ប៉ុន្តែ គេធ្លាប់ប៉ាន់ប្រមាណពីមុនថា វ៉ែនតានេះអាចមានតម្លៃ១.០០០ដុល្លារ។

ទោះជាយ៉ាងណា អ្នកយកព័ត៌មានរបស់ស្ថាប័ន Bloomberg បានរាយការណ៍ថា បច្ចុប្បន្ន ក្រុមហ៊ុនយក្ស Meta គ្រោងកំណត់តម្លៃវ៉ែនតាឆ្លាតវៃ ដែលត្រៀមដាក់លក់នាពេលខាងមុខក្នុងទំហំទឹកប្រាក់ត្រឹមតែ៨០០ដុល្លារអាមេរិក៕ប្រភព: Tweak Town៕

CCC& IMF បញ្ជាក់ថាកម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះ

ដោយៈ និស្ស័យ

ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា(CCC) និងថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានពិភាក្សាគ្នា ដោយបានបង្ហាញការយល់ឃើញរួមគ្នាថា កម្ពុជាត្រូវតែពង្រឹងភាពប្រកួតប្រជែងតាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះ ដើម្បីជម្រុញការនាំចេញ។

ព័ត៌មានដែលបានលើកឡើងខាងលើ បានធ្វើឡើងនៅពេលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអនុញ្ញាត្តិឱ្យ លោក Kenichiro Kashiwase ប្រធានបេសកកម្មសម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៥ សីហាកន្លងមកនេះ។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកសភាពាណិជ្ជកម្ម ដែលតំណាងឱ្យវិស័យកាត់ដេរស្បែកជើង វិស័យផលិត​ផលធ្វើដំណើរ វិស័យភស្តុភារកម្ម វិស័យកសិកម្ម វិស័យពន្ធដារ និងក្រុមការងារជំនាញ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ មួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើ ស​កម្ម​ភាពធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ច ដែលបានលើក៤ចំណុច ដែលជាសំណើរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិរួមមាន ទី១ ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃអាត្រាពន្ធគយ របស់អាមេរិកមកលើកម្ពុជា។

ទី២ បញ្ហាប្រឈម និងហានិភ័យជាក់លាក់ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមជាមួយនឹងវិស័យដឹកជញ្ជូន កសិកម្ម និងកសិកែច្នៃ ផលិតកម្ម វិស័យថា​ម​ពល និងឧស្ម័ន ទី៣. ផលប៉ះពាល់ពន្ធគយថ្មី របស់សហរដ្ឋអាមេរិក និងវិធាន នៃការប្រកួតប្រជែងក្នុងការនាំចេញ ក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពនៃការនាំចេញរបស់កម្ពុជា ការការពារឱ្យបាននូវការងារ និងការស្តារទំនុកចិត្តរបស់អ្នកវិនិយោគ និង៤ ពិភាក្សាលើ កញ្ចប់នៃអនុសាសន៍ គោលនយោបាយរយៈពេលមធ្យម និងគ្រាអាសន្ន។

៥. ការបកស្រាយបញ្ជាក់ជាច្រើនដែលវិស័យឯកជន កំពុងធ្វើការងារ គឺគាំទ្រ ផ្តល់ធាតុចូល និងអនុសាសន៍ សំខាន់ៗមួយចំនួន ស្ថានភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កំពុងទទួលរងផលប៉ះពាល់ ដើម្បីផ្តល់ជូនដល់ រដ្ឋាភិបាលកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ជាពិសេស រក្សាបន្តគាំទ្រនៅគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដើម្បីធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននឹងកំពុងធ្វើការប្រជុំពិភា​ក្សាលើមាត្រាទី៤ ឆ្នាំ២០២៥ នៅខែសីហា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច ទស្សនវិស័យ និងគោលនយោបាយជាមួយសមភាគីកម្ពុជា។

កិច្ចប្រជុំបានបញ្ជាក់ថា កម្ពុជា ត្រូវតែពង្រឹងភាពប្រកួតប្រជែង តាមរយៈវិធាននយោបាយសមស្រប នៃទីផ្សារចម្រុះសម្រាប់នាំចេញ និងការការពារការងារកម្មករ ដើម្បីទប់ស្កាត់ផលប៉ះពាល់ មិនល្អពីពន្ធអាមេរិក។

ជាមួយគ្នានោះដែ លោកប្រធានបេសកកម្ម សម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្តេជ្ញាថា នឹងបន្តជំនួយលើជំនួយខាងបច្ចេកទេស និងធ្វើការជាមួយដៃគូ ជួយដល់វិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហានានា ឲ្យប្រសើរនៅពេលអនាគត៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ។ ការណ៍នេះនាំឱ្យក្រុមអ្នកវិនិយោគងាកទៅចាប់អារម្មណ៍លើការទិញមាស ដែលជាទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់នានា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣ភាគរយដល់៣៣៧៧,៥០ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៦៦,២៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៣ភាគរយដល់ត្រឹម៣៤២៥,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,២៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,៤៣ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

ការហក់ឡើងយ៉ាងគំហុកនៃតម្លៃខុនដូនៅក្នុងរាជធានីតូក្យូរបស់ជប៉ុនកំពុងជំរុញឱ្យការពិភាក្សាយ៉ាងផុសផុល

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនសម្បូរទៅដោយអគារខ្ពស់កប់ពពក និងអគារខុនដូប្រណីតជាច្រើន។ ការណ៍នេះបង្ហាញពីភាពរីកចម្រើនរបស់ទីផ្សារអចលនទ្រព្យជប៉ុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តម្លៃខុនដូនៅទីក្រុងតូក្យូបានហក់ឡើងថ្លៃយ៉ាងគំហុក។

តម្លៃខុនដូថ្មីជាមធ្យមនៅសង្កាត់ទាំង២៣ នៅចំកណ្តាលទីក្រុងតូក្យូបានហក់ឡើងដល់ទំហំទឹកប្រាក់ចំនួន១១១,៨១លានយ៉េន (ប្រហែល៧៦០.០០០ដុល្លារ)។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន (Real Estate Economic Research Institute)។

កាសែត CNBC បានរាយការណ៍ថា “តម្លៃខុនដូនៅសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូបានហក់ឡើងប្រហែល៦៤ភាគរយចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈតម្លៃខុនដូនៅតំបន់ Greater Tokyo សម្រេចបានកំណើន២៦ភាគរយ”។

តម្លៃខុនដូនៅសង្កាត់សំខាន់ៗក្នុងទីក្រុងតូក្យូបានហក់ឡើងយ៉ាងគំហុក ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងតម្លៃកម្លាំងពលកម្ម។ ជាមួយគ្នានេះ ការដាំក្បាលចុះនៃប្រាក់យ៉េនបានទាក់ទាញបណ្តាអ្នកវិនិយោគអន្តរជាតិទៅកាន់ទីក្រុងតូក្យូ។

ការហក់ឡើងយ៉ាងគំហុកនៃតម្លៃខុនដូក្នុងទីក្រុងតូក្យូបានទាក់ទាញចំណាប់អារម្មណ៍ផ្នែកនយោបាយ និងជំរុញឱ្យមានការពិភាក្សាជុំវិញការរឹតបន្តឹងការទិញខុនដូដោយជនបរទេស។

ជាក់ស្តែង គណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន (DPFP) ដែលទទួលបានសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុនកាលពីខែកក្កដា គ្រោងស្នើច្បាប់ដើម្បីធ្វើការរឹតបន្តឹងការទិញអចលនទ្រព្យដោយជនបរទេស។

លោក Yuichiro Tamaki មេដឹកនាំគណបក្ស DPFP បានលើកឡើងថា “វិនិយោគិនក្រៅប្រទេសបានជំរុញឱ្យតម្លៃផ្ទះក្នុងទីក្រុងតូក្យូហក់ឡើង ខណៈពួកគេទិញអចលនទ្រព្យទាំងនោះក្នុងគោលដៅវិនិយោគ”៕ប្រភព: CNBC៕

ស្រុកមួយក្នុងខេត្តកំពង់ធំមានទីតាំងកែច្នៃត្រីរហូតដល់៦៥ទីតាំង ស្របពេលមន្រ្តីជាន់ខ្ពស់ជម្រុញការអភិវឌ្ឍវារីវប្បកម្ម

ដោយៈ ម៉ាណា

    កំពង់ធ៉ៈ ស្រុកស្ទោងនៃខេត្តកំពង់ធំ ជាទីតាំងពិសេ​សដែលមានការសម្គាល់ថា ជាកន្លែងធ្វើវារីវប្បកម្មដ៏សំបូរបែប ពិសេសការកែច្នៃត្រីធ្វើជាត្រីងៀត ដើម្បីផ្គត់ផ្គង់ ចែកចាយក្នុងស្រុក និងបម្រើឱ្យការនាំចេញទៀតផង។

បច្ចុប្បន្ន ស្រុកមួយនេះមានគ្រួសារប្រជាពលរដ្ឋ កំពុងចិញ្ចឹមត្រីចំនួន១១៥គ្រួសារ និងមានសិប្បកម្មកែច្នៃត្រីចំនួន៦៥ទីតាំង។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំកាលពីចុងសប្តាហ៍មុន។

ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូអមដំណើរបានបន្តអញ្ជើញចុះពិនិត្យក្រុមអ្នកចិញ្ចឹមត្រីខ្នាតមធ្យម និងលក្ខណៈគ្រួសារ រួមមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ត្រីប្រា ត្រីពោ, សិប្បកម្មកែច្នៃត្រីងៀត, កន្លែងទទួលទិញ បង្កក ចែកចាយ និងនាំចេញផលនេសាទធម្មជាតិ និងសិប្បកម្មធ្វើប្រហុក ផ្អក ពងទាប្រៃ ពងទាសាប ពងទាកូន ដែលមានទីតាំងស្ថិតក្នុងឃុំចំណាក្រោម ឃុំសំព្រោជ ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋធ្វើវារីវប្បកម្ម ពួកគាត់បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ពូជត្រី ចំណីត្រី ការទទួលនិងប្រើប្រាស់ហិរញ្ញប្បទាន បច្ចេកទេសចិញ្ចឹម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត និងបញ្ហាទីផ្សារ ព្រមទាំងបញ្ហាការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីពីប្រទេសជិតខាង។

លោកវង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានផ្ដោតអាទិភាពបន្តលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពសក្ដានុពលនៃកំណើន ក៏ដូចជាការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចការលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ផ្អែកតាមសក្ដានុពលរបស់ខេត្តកំពង់ធំ ជាពិសេសទន្លេសាប និងស្ទឹងធំៗ ដែលអំណោយផល ដល់ការជំរុញវារីវប្បកម្មក្នុងស្រុក ក្រុមការងារបានបន្តផ្ដោត លើការសិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មមួយ ជាខ្សែច្រវាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹម ការកែច្នៃ ទីផ្សារ និងការប្រកួតប្រជែង ក្នុងគោលដៅលើកកម្ពស់ សមត្ថភាពផលិតកម្មក្នុងស្រុក និងលើកស្ទួយការគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងបង្កើនសមត្ថភាពក្នុងការនាំចេញ  សំដៅបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច បង្កើតឱកាសការងារ ប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាព។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញ ព្រមទាំងសិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាព បង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្ដង់ដាទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងជាខ្សែច្រវាក់ផលិតកម្មរួមដ៏រឹងមាំ មានភាពទាក់ទាញ និងមានតម្លៃបន្ថែមកាន់តែខ្ពស់ ព្រមទាំងមានសមត្ថភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាងទាំងបរិមាណនិងគុណភាព៕

រដ្ឋាភិបាលគ្រោងរៀបចំប្លង់គោលប្រើប្រាស់ដីនៅឃុំចំនួន១៦៥២ឃុំ នៅទូទាំងប្រទេស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានត្រៀមរៀបចំប្លង់គោល ប្រើប្រាស់ដីលំអិតនៅទូទាំងប្រទេសនាពេលខាងមុខ។

យោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងរៀបចំដែនដី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ សីហាបានបង្ហាញថា នេះជាជំហានដ៏សំខាន់មួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិក​ភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោល នៃការប្រើប្រាស់ដីទាំង១៦៥២ឃុំ នៅទូទាំងប្រទេស ។

ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិស ដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុក នៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បិកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ។

ក្រុមហ៊ុន Knight Frank បង្ហាញការវាយតម្លៃលើទស្សនវិស័យរបស់ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យសំណង់ និងអចលនទ្រព្យនៅទីក្រុងភ្នំពេញបានរីកដុះដាលយ៉ាងឆាប់រហ័ស មុនពេលផ្ទុះជំងឺកូវីដ-១៩។ វិបត្តិនេះបានជំរុញឱ្យការសាងសង់អចលនទ្រព្យបន្តធ្លាក់ចុះរហូតមកដល់ពេលបច្ចុប្បន្ន និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានព្យាករណ៍ទស្សនវិស័យនាពេលខាងមុខសម្រាប់ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ។

ទី១: ការិយាល័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទីក្រុងភ្នំពេញត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើននៃការផ្គត់ផ្គង់ការិយាល័យថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ គម្រោងអគារការិយាល័យថ្មីមានទំហំផ្ទៃក្រឡាសរុបចំនួន៥៤១.៧១៧ម៉ែត្រការ៉េ។

ចំណែក៨៨ភាគរយនៃការផ្គត់ផ្គង់ការិយាល័យសរុបនាពេលខាងមុខនៅរាជធានីភ្នំពេញជាអគារការិយាល័យកម្រិត A ខណៈអគារការិយាល័យកម្រិត B នឹងបង្កើតបានចំណែក១២ភាគរយនៃការផ្គត់ផ្គង់សរុប។

ការថយចុះនៃកំណើនសេដ្ឋកិច្ចសកលនឹងនាំឱ្យក្រុមហ៊ុននានាកាត់បន្ថយការចំណាយ ដោយជំរុញឱ្យមានការវាយតម្លៃឡើងវិញនូវតម្រូវការការិយាល័យរបស់ពួកគេ។ ទស្សនវិស័យរយៈពេលខ្លីសម្រាប់ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញប្រឈមមុខនឹងអត្រាការិយាល័យទំនេរ ដែលបានកើនឡើងដល់២៦ភាគរយកាលពីឆមាសទី១។

ចំណែក ទស្សនវិស័យរយៈពេលវែងនឹងអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងកត្តាខាងក្រៅ។

ទី២: ការលក់រាយ

ការផ្គត់ផ្គង់អចលនទ្រព្យផ្នែកលក់រាយនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលខ្លី ខណៈបណ្តាអ្នកអភិវឌ្ឍន៍សម្រេចពន្យារពេលក្នុងការបញ្ចប់ការសាងសង់ផ្សារទំនើបថ្មី។ ការសម្រេចចិត្តនេះ​ធ្វើឡើង ដោយ​សារ​ទីផ្សារលក់រាយកំពុងស្ថិតក្នុងស្ថានភាពនៃការ​ផ្គត់ផ្គង់​លើស​តម្រូវការ។

ផ្សារទំនើបជាច្រើនបន្តប្រឈមមុខនឹងអត្រាទំនេរខ្ពស់(Vacancy rate) ដែលបានកើនឡើងដល់៣៧,៨ភាគរយនៅឆមាសទី១ ដោយសារលំហូរអ្នកដើរទិញទំនិញនៅតាមផ្សារទំនើបមិនទាន់វិលត្រលប់ទៅរកកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

ទី៣: សណ្ឋាគារ

ការផ្គត់ផ្គង់សណ្ឋាគារទូទាំងរាជធានីភ្នំពេញនឹងហក់ឡើង១៩ភាគរយដល់ចំនួន១៩.៤៨៣បន្ទប់នៅឆ្នាំ២០២៨ខាងមុខ បើធៀបនឹងសណ្ឋាគារសរុបនាពេលបច្ចុប្បន្ន ដែលមានចំនួន១៦.៣៧២បន្ទប់។

បន្ថែមពីលើនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ នឹងជំរុញភាពងាយស្រួល និងទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត។ ការណ៍នេះនឹងជំរុញឱ្យមានតម្រូវការបន្ទប់សណ្ឋាគារក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

ទី៤: លំនៅដ្ឋាន

ចាប់ពីឆ្នាំ២០២៥នេះតទៅ ក្រុមហ៊ុន Knight Frank រំពឹងថា ខុនដូនឹងក្លាយជាជម្រើសដ៏មានសក្តានុពលសម្រាប់ប្រជាជនកម្ពុជា ខណៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជានឹងជួយគាំទ្រដល់កំណើនទីផ្សារខុនដូរយៈពេលវែង។

ការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន៦៨.៦៧៤យូនីតនៅចុងឆ្នាំ២០២៥។ ការប្រែប្រួលនៃកត្តាខាងក្រៅរយៈពេលខ្លីត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់លើទីផ្សារខុនដូក្នុងឆមាសទី២ ឆ្នាំនេះ។

ទោះជាយ៉ាងណា ទស្សនវិស័យរយៈពេលមធ្យមទៅរយៈពេលវែងសម្រាប់ទីផ្សារខុនដូនៅរាជធានីភ្នំពេញបានបង្ហាញសញ្ញាវិជ្ជមាន។

ដោយឡែក ទស្សនវិស័យរយៈពេលខ្លី និងរយៈពេលមធ្យមសម្រាប់ទីផ្សារលំនៅដ្ឋានលក្ខណៈបុរីនៅតែជួបប្រទះបញ្ហាប្រឈម ដោយសារការកើនឡើងលើសតម្រូវការនៃការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃថ្លៃពេក។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងពិបាកលក់លំនៅដ្ឋានក្នុងគម្រោងបុរីរបស់ខ្លួន ប្រសិនបើនកអភិវឌ្ឍន៍មិនដាក់ចេញយុទ្ធសាស្រ្តកំណត់តម្លៃឡើងវិញ(Repricing)។

ផ្ទុយទៅវិញ ការអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងទទួលបានការចាប់អារម្មណ៍។ ប៉ុន្តែ ផ្នែកនេះត្រូវការនូវការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាល។

ទី៥: ឧស្សាហកម្ម

ចំនួន៨៦ភាគរយនៃគម្រោងវិនិយោគសរុប ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តចាប់ពីខែមករារហូតដល់ខែឧសភា ឆ្នាំ២០២៥ ជាគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម។

បច្ចុប្បន្ន កម្ពុជាកំពុងផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយវិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅឆ្នាំនេះ វិស័យឧស្សាកម្មត្រូវបានព្យាករណ៍ថា នឹងរួមចំណែកប្រមាណ៣៤ភាគរយនៃផលទុនជាតិសរុបរបស់កម្ពុជា។

វិស័យ​ឧស្សាហកម្មនៅ​កម្ពុជាកំពុង​ផ្លាស់ប្តូរ​ពី​ផលិតកម្ម​កាត់ដេរ​​ទៅ​ជា​ឧស្សាហកម្ម​ ដែលមានតម្លៃ​បន្ថែមខ្ពស់ ​ដូច​ជា ការផលិត​គ្រឿង​អេឡិច​ត្រូនិក គ្រឿង​បន្លាស់​រថយន្ត និង​ផលិតកម្ម​ធុនស្រាល។

សហរដ្ឋអាមេរិកបានទាញទម្លាក់ពន្ធបដិការលើទំនិញកម្ពុជាមកនៅត្រឹម១៩ភាគរយ។ អត្រានេះជា​កម្រិត​ទាប​បំផុត​មួយ​ក្នុង​តំបន់អាស៊ាន ដែល​នឹងផ្តល់​ផល​ល្អ​សម្រាប់​វិស័យ​ផលិតកម្ម និង​ភស្តុភាររបស់កម្ពុជា៕ប្រភព: Knight Frank៕

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយវៀតណាមលើ ការនាំចេញដំឡូងមី

ដោយៈ គង់ សូរិយា

    វៀតណាមៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

កិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើនៅការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនា​ញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គកុលស៊ុលកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ផងដែរ។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញសក្តានុពលទីផ្សារដំឡូងមី នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងកម្មវិធីជំនួបពាណិជ្ជកម្មផងដែរ ជាពិសេសមុននឹងកិច្ចពិភាក្សាចាប់ផ្ដើម គណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចរោងចក្រផលិត និងតម្លើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត ដើម្បីពិនិត្យមើលម៉ាស៊ីន ដែលអាចកែច្នៃដំឡូមីឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ៕