ដោយៈ ម៉ាណា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងពាក់ព័ន្ឋបានបង្ហាញថា គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន/សហគ្រាស ដែលទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនសរុប៥០,៥៦៤ ជាមួយនឹងដើមទុនចុះបញ្ជីសរុប៨៣,០៩ ពាន់ពាន់លានរៀល ឬស្មើនឹង ២០,២៧ ពាន់លានដុល្លារ។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥០,៥៦៤ គឺមាន១៨,៥២៨ ឬស្មើនឹង៣៧% ដែលមានម្ចាស់ជាស្រ្តី។
-->
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ចំនួនក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន មានចំនួនសរុប៤២,៣២៥ ជាមួយនឹងដើមទុនចុះបញ្ជីសរុប ចំនួន៦៤ពាន់ពាន់លានរៀល ឬស្មើនឹង១៥,៦ពាន់លានដុល្លារ។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន/សហគ្រាស ដែលទទួលបានជោគជ័យ លើការចុះបញ្ជីអាជីវកម្មមានចំនួន១,០១២ ស្មើនឹងទុនចុះបញ្ជី១,៧៨ ពាន់ពាន់លានរៀល(៤៣៤លានដុល្លារ)៕
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម, ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល, និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។ នៅពេលគ្រប់អាជីវកម្មសុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែងមានតម្លាភាពជាងមុន។
លោកបញ្ជាក់ថា៖«នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះវាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមិនស្របច្បាប់មួយចំនួនដែលរកស៊ីដោយមិនបង់ពន្ធផងដែរ»។
