ក្រុមហ៊ុន Ruili Airline របស់ចិនបានដឹកភ្ញៀវទេសចរណ៍ប្រមាណ១០០នាក់មកខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាង៨០នាក់ មកពីទីក្រុងគុនមីង ប្រទេសចិន តាមជើងហោះហើរត្រង់ពីប្រទេសចិន បានមកចុះចតនៅព្រលាន អន្តរជាតិខេត្តព្រះសីហនុ ដែលជើងហោះហើរត្រង់ បានចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីមានការអាក់ខាននាពេលកន្លងមក។

ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្ថែមលើសេវាកម្មបច្ចុប្បន្នរបស់ខ្លួនមក
ពីទីក្រុងវូស៊ី។

លោកបានលើកឡើងទៀតថា ខេត្តព្រះសីហនុមានសក្កានុពលជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនានា លើពិភពលោក ព្រោះខេត្តមានហេដ្ឋារចនាសម្ព័ន្ធល្អ មានឆ្នេរសមុទ្រល្អ​ ស្រស់ស្អាតទាំងនៅលើ ដីគោក ដីកោះ ធនធានជីវៈចម្រុះបាតសមុទ្រ តំបន់ទឹកធ្លាក់ ឧទ្យានជាតិព្រៃកោងកាងជាដើម។

ខេត្តព្រះសីហនុ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម រួមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាសនិងផ្លូវល្បឿនលឿន មិនតែប៉ុណ្ណោះខេត្តព្រះសីហនុ ក៏មានកំពង់ផែទឹកជ្រៅ តែមួយគត់របស់ប្រទេសកម្ពុជា សម្រាប់នាវាតូចធំគ្រប់ប្រភេទចូលចត និងដឹកទំនិញទៅកាន់បណ្ដាប្រទេសលើពិភពលោក មានភាពងាយស្រួលផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលរងខេត្តសូមអំពាវនាវ អ្នកវិនិយោគភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ ព្រោះខេត្តមានសុវត្ថិភាព សន្តិសុខល្អ ហើយរដ្ឋបាលខេត្តនិងខិតខំទំនាក់ទំនងល្អ ជាមួយខេត្តនៅក្នុងប្រទេសចិន ដើម្បីកៀរគរអ្នកវិនិយោគ និងទេសចរណ៍ មានជើងហោះហើរត្រង់មកខេត្តព្រះសីហនុ កាន់តែច្រើននៅពេលខាងមុខនេះ៕

តម្រូវការលំនៅដ្ឋានទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតចាប់ផ្តើមបង្ហាញសន្ទុះយ៉ាងលឿនរហ័ស ខណៈជនបរទេសអាចចូលវិនិយោគចាប់ពីឆ្នាំ២០២៦

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់លំនៅដ្ឋាននៅទីក្រុង Madinah សម្រេចបានកំណើនខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ដោយបានហក់ឡើង៤៩ភាគរយដល់ទំហំទឹកប្រាក់ប្រមាណ៩០៦លានដុល្លារអាមេរិក។

ការលក់លំនៅដ្ឋាននៅទីក្រុងផ្សេងទៀតក្នុងប្រទេសនេះក៏បានកើនឡើងផងដែរ ស្របពេលក្រុមអ្នកវិនិយោគមានភាពសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យ ខណៈច្បាប់អនុញ្ញាតឱ្យបណ្តាអ្នកវិនិយោគបរទេសអាចទិញអចលនទ្រព្យ នឹងចូលជាធរមានចាប់ពីឆ្នាំ២០២៦។

លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានអះអាងថា “វាលឿនពេកក្នុងការវាយតម្លៃអំពីទំហំឥទ្ធិពលលើទីផ្សារលំនៅដ្ឋាន។ ទោះជាយ៉ាងណា យើងសង្ឃឹមថា វត្តមានជនបរទេសនឹងជំរុញឱ្យតម្រូវការកើនឡើង”។

តម្រូវការលំនៅដ្ឋានបន្តជំរុញវិស័យអចលនទ្រព្យរបស់អារ៉ាប៊ីសាអូឌីត ដោយគ្របដណ្តប់ចំនួន៦៣ភាគរយនៃការលក់អចលនទ្រព្យសរុបជាទឹកប្រាក់ប្រមាណ៣៣ពាន់់លានដុល្លារអាមេរិកក្នុងឆមាសទី១។

ការលក់លំនៅដ្ឋាននៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតបានកើនឡើង៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ចំនួន៩៣.៧០០យូនីត ដោយសម្រេចបានទំហំទឹកប្រាក់សរុបប្រមាណ២០,៦៥ពាន់លានដុល្លារ។

ជនបរទេសនឹងត្រូវបានអនុញ្ញាតឱ្យបោះទុនវិនិយោគក្នុងទីផ្សារអចលនទ្រព្យអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០២៦ ខណៈប្រទេសនេះបានសម្រេចចូលរួមជាមួយបណ្តាប្រទេសដៃគូឈូងសមុទ្រ (GCC) ផ្សេងទៀតរបស់ខ្លួនក្នុងការបើកចំហទីផ្សារ៕ប្រភព: Gulf News៕

ការសិក្សា: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់កាណាដាផ្តល់ឱកាសវិនិយោគល្អប្រសើរជាងសហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបង្ហាញថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកាណាដានាពេលបច្ចុប្បន្នផ្តល់ឱកាសវិនិយោគល្អប្រសើរជាងសហរដ្ឋអាមេរិក និងទីផ្សារអចលនទ្រព្យផ្សេងទៀតលើពិភពលោក។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានគូសបញ្ជាក់ថា កំណើននៃចំនួនប្រជាជន ការសម្រួលបរិយាកាសផ្តល់ប្រាក់កម្ចី និងការរឹតបន្តឹងលក្ខខណ្ឌនៃការផ្គត់ផ្គង់ ជាកត្តាសំខាន់ៗ ដែលនាំឱ្យប្រទេសកាណាដាក្លាយគោលដៅទាក់ទាញការវិនិយោគ។

លោក Adam Jacobs អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា “ជាធម្មតា នៅពេលពិភពលោកជួបប្រទះអស្ថិរភាព បណ្តាអ្នកវិនិយោគបានសម្រុកផ្ទេរប្រាក់ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ បច្ចុប្បន្ន សហរដ្ឋអាមេរិកក៏កំពុងបង្កភាពចលាចលមួយចំនួនសម្រាប់ពិភពលោកផងដែរ”។

យោងតាមទិន្នន័យរបស់ស្ថាប័ប Oxford Economics បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសកាណាដាបានកើនឡើងក្នុងរង្វង់២ដងនៃអត្រាកំណើនប្រជាជនរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២ និងកើនឡើងជិត៣ដងកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤។

ទោះបីជាលំហូរជនអន្តោប្រវេសន៍បានធ្លាក់ចុះនៅឆ្នាំនេះយ៉ាងណាក្តី ក៏ក្រុមហ៊ុន Colliers នៅតែមានសុទិដ្ឋិនិយមថា ប្រទេសកាណាដានឹងទទួលបានប្រៀបលើកត្តាប្រជាសាស្រ្តឡើងវិញនៅឆ្នាំ២០២៧ខាងមុខ។

លោក Jacobs បាន​បន្តថា “កំណើន​នៃចំនួនប្រជាជន​អាចជំរុញ​ទីផ្សារ​​អចលន​ទ្រព្យ​ រាប់ចាប់ពី​តម្រូវការអាផាតមុិនរហូត​ដល់​ការ​លក់​រាយ​ និង​ទីផ្សារការងារ​”។

លោកបានគូសបញ្ជាក់បន្ថែមថា កំណើននៃចំនួនប្រជាជនអាចជួយជំរុញការចំណាយក្នុងគ្រួសារ ដែលជះផលវិជ្ជមានដល់តម្រូវការការិយាល័យ និងការលក់រាយក្នុងរយៈពេលវែង៕ប្រភព: Yahoo Finance៕

តើក្រុមហ៊ុនលំដាប់ពិភពលោកGIPមានប្រវត្តិបែបណា?

ដោយៈ គង់ ម៉ាណា

    អន្តរជាតិៈ ក្រុមហ៊ុន Global Infrastructure Partners(GIP)បានក្លាយជាក្រុមហ៊ុនឈានមុខមួយនៅលើពិភពលោក ដោយសារការដឹកនាំ និងមហិច្ឆតារបស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ។

ក្រុមហ៊ុននេះបានវិនិយោគ អាកាសយានដ្ឋានធំមួយនៅប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនទៀត ហើយវាបានក្លាយជាក្រុមហ៊ុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឯករាជ្យឈានមុខគេមួយនៅលើពិភពលោក។

ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគ កាន់កាប់ និងប្រតិ​បត្តិការទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងប្រទាក់ក្រឡានៅក្នុងវិស័យផ្សេងៗ។

បច្ចុប្បន្នGIP ផ្តោតការវិនិយោគលើប្រភេទទ្រព្យសកម្ម ហេដ្ឋារច​នា​សម្ព័ន្ធសំខាន់ៗដូចជា៖ (១) ថាមពល រួមមាន ថាមពលកកើតឡើងវិញ, ការផលិត និងចែកចាយថាមពល, ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងប្រេង (២) វិស័យដឹកជញ្ជូន រួមមាន អាកាសយានដ្ឋាន, កំពង់ផែ, ផ្លូវដែក, និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត (៣) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន មជ្ឈមណ្ឌលទិន្នន័យ បណ្តាញខ្សែកាប Fiber Optic និងបង្គោលអង់តែនទូរស័ព្ទ, និង(៤) ការគ្រប់គ្រងកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ធទឹក។

ក្នុងឱកាសទស្សនកិច្ចក្រុម​ហ៊ុននេះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានផ្តល់ការណែនាំឱ្យក្រុមហ៊ុនGIP សម្លឹងមើលកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តន៍ គម្រោងក្រោមផែនការមេអភិវឌ្ឍន៍ឡូជីស្ទិក៕

រដ្ឋបាលទីក្រុងសៀងហៃប្រកាសបើកចំហឱ្យប្រជាជនអាចទិញផ្ទះក្នុងចំនួនមិនកំណត់នៅតំបន់ជាយក្រុង

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅដើមសប្តាហ៍នេះ រដ្ឋបាលទីក្រុងសៀងហៃរបស់ប្រទេសចិនបានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីជំរុញវិស័យអចលនទ្រព្យ រួមមានការលុបចោលការរឹតបន្តឹងការទិញផ្ទះនៅតំបន់ជាយក្រុងផងដែរ។

វិធានការខាងលើបានចូលជាធរមាននៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥។នេះបើយោងតាមសារាចរណ៍ ចេញផ្សាយដោយគណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុង-ជនបទ និងលំនៅដ្ឋានរបស់រដ្ឋបាលទីក្រុងសៀងហៃ។

នៅក្រោមវិធានការថ្មីនេះ រដ្ឋបាលក្រុងសៀងហៃនឹងមិនកំណត់ចំនួនផ្ទះ ដែលប្រជាជនអាចទិញនៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងនោះទេ។ ជាមួយគ្នានោះ បណ្តាអ្នក​ទិញ​ផ្ទះ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែខ្លាំងពីមូលនិធិ(Housing provident fund)។

មូលនិធិផ្តល់លំនៅដ្ឋាន(Housing provident fund) ជាកម្មវិធីសន្សំ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។និយោជក និងនិយោជិតត្រូវបង់ប្រាក់ចូលមូលនិធិនេះជារៀងរាល់ខែ។ និយោជិតអាចប្រើប្រាក់ប្រាក់សន្សំនេះ និងអាចទទួលបាប្រាក់កម្ចីមានអត្រាការប្រាក់ទាបដើម្បីទិញ សាងសង់ ឬជួសជុលផ្ទះ។

អ្នកទិញផ្ទះលើកដំបូងនឹងមានសិទ្ធិទទួលបានកម្ចីពីមូលនិធិខាងលើ ក្នុងកម្រិតអតិបរមាចំនួន១,៨៤លានយ័ន(ប្រហែល២៥៨.៦០០ដុល្លារអាមេរិក)។ ចំណែក គ្រួសារដែលមានកូនច្រើន នឹងមានសិទ្ធិទទួលបានកម្ចីក្នុងកម្រិតអតិបរមាចំនួន២,១៦លានយ័ន៕ប្រភព: Xinhua៕

ផ្លូវជាតិលេខ៥១សំខាន់ដូចម្តេច? តម្លៃដីធ្លីនៅតំបន់នេះបានដាំក្បាលចុះ តែស្ថិតក្នុងក្តីសង្ឃឹម

ដោយៈ គង់ សូរិយា

    កណ្តាលៈ ផ្លូវជាតិលេខ៥១ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផល សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។

ផ្លូវជាតិនេះ ជាផ្លូវខ្សែក្រវាត់ក្រុងមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍​សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។

ផ្លូវជាតិលេខ៥១ក្រាលបេតុងកៅស៊ូAC មានប្រវែង៣៧,៩៥ គីឡូ​ម៉ែត្រ ដោយភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសព្វផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹង នៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ។

តើតម្លៃដីនៅតំបន់នេះ មានការប្រែប្រួលដូចម្តេច? លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបាមមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ សីហានេះថា ចរន្តទិញដី សម្រាប់ឧស្សាហកម្ម កំពុងមានចលនាកំរើកឡើងវិញបណ្តើរៗនៅតំបន់ជាយរាជធានីភ្នំពេញ ដូចជាផ្លូវលេខ៤១ ផ្លូវលេខ៥១ ផ្លូវលេខ៤៤ជាដើម។

លោកស្រីបន្តថា ដីនៅតំបន់នេះ មានតម្លៃប្រែប្រួលអាស្រ័យតាមទីតាំង និងទំហំដី បើដីធំៗទំហំ២០ទៅ៣០ហិកតា មានតម្លៃចន្លោះពី៣០ទៅ៤០ដុល្លារ ប៉ុន្តែបើដីទំហំ៥ហិកតាចុះ មានតម្លៃ៥០ទៅ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ស្របពេលមានការព្រួយបារម្ភចំពោះស្វ័យភាពរបស់ធនាគារ Fed

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះខណៈក្រុមអ្នកវិនិយោគនៅតែមានការព្រួយបារម្ភចំពោះស្វ័យភាពរបស់ធនាគារកណ្តាលអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍ បានបញ្ជាឱ្យបណ្តេញចេញពីលោកស្រី Lisa Cook ចេញពីតួនាទីជាទេសាភិបាលរបស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២ភាគរយមកនៅត្រឹម៣៣៨៥,៥៦ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៩២,៣៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៨ភាគរយដល់ត្រឹម៣៤៣៥,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៩នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៣៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,២២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

តើប្រទេសមួយណា ដែលមានសន្ទុះទីផ្សារអចលនទ្រព្យរឹងមាំខ្លាំងជាងគេបំផុតក្នុងទ្វីបអឺរ៉ុប?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសនានានៅទ្វីបអឺរ៉ុបមានភាពមិនច្បាស់លាស់ ប្រទេសអេស្បាញបានលេចត្រដែតឡើងក្នុងនាមជាទីផ្សារអចលនទ្រព្យលេចធ្លោជាងគេបំផុតរបស់ទ្វីបមួយនេះ។

ជាក់ស្តែង តម្លៃផ្ទះនៅប្រទេសអេស្ប៉ាញបានហក់ឡើងប្រមាណ១១ភាគរយកាលពីឆ្នាំ២០២៤ ខណៈសន្ទុះនេះនៅតែបន្តរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ដោយសម្រេចបានកំណើនក្នុងរង្វង់១១,២ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។

ប្រតិបត្តិការលក់អចលនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញសម្រេចបានចំនួន៦៤១.៩១៩យូនីតកាលពីឆ្នាំ២០២៤។ តួលេខនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧ ហើយតំណាងឱ្យការកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២៣។

ខណៈទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសអឺរ៉ុបខាងលិចជាច្រើនកំពុងសម្រេចបានកំណើនទាប ឬស្ថិតនៅទ្រឹង ទីផ្សារអចលនទ្រព្យរបស់ប្រទេសអេស្ប៉ាញនៅតែមានសន្ទុះខ្លាំងក្លា ដោយសារតម្រូវការក្នុងស្រុកមានភាពរឹងមាំ គួបផ្សំនឹងការស្ទុះងើបឡើងវិញនៃអតិថិជនបរទេស និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ  ។

លើសពីនេះ ប្រទេសអេស្ប៉ាញទទួលបានអត្ថប្រយោជន៍ពីភាពរីកចម្រើនរបស់វិស័យទេសចរណ៍ ខណៈប្រទេសនេះមានឆ្នេរសមុទ្រស្រស់ស្អាត និងល្បីល្បាញ ។ តម្រូវការផ្ទះទី២ កត្តាអាកាសធាតុ និងរបៀបរស់នៅអំណោយផល បានបង្កើនភាពទាក់ទាញផ្នែកអចលនទ្រព្យក្នុងប្រទេសអឺរ៉ុបខាងលិចមួយនេះ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា តម្លៃលំនៅដ្ឋានប្រភេទ Prime នៅរដ្ឋធានី Madrid របស់ប្រទេសអេស្ប៉ាញបានកើនឡើង០,៩ភាគរយកាលពីឆមាសទី១ ឆ្នាំនេះ ដល់ទំហំទឹកប្រាក់ចំនួន១.១២០ដុល្លារក្នុងមួយហ្វីតការ៉េ ឬស្មើនឹង១២.០៥៦ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: LTV Reports៕

ការសិក្សាថ្មី: តើតម្លៃលំនៅដ្ឋាននៅទីក្រុងខ្នាតយក្សចំនួន១០ លើពិភពលោកមានទំហំទឹកប្រាក់ចំនួនប៉ុន្មាន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់អចលទ្រព្យ Savills បានប្រមូលចងក្រងតម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ (Prime) នៅតាមបណ្តាទីក្រុងនានាលើពិភពលោកក្នុងឆមាសទី១ ឆ្នាំ២០២៥ និងបានព្យាករណ៍តម្លៃលំនៅដ្ឋានសម្រាប់ឆមាសទី២។

តួយ៉ាង កាលពីឆមាសទី១ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនបានកើនឡើង៨,៨ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៣៣០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៦ភាគរយទៅ៧,៩ភាគរយនៅឆមាសទី២។

ចំណែក តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់បានកើនឡើង៧,២ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.២០០ដុល្លារក្នុងមួយហ្វីតការ៉េកាលពីឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពទ្រឹងនៅឆមាសទី២។

ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកើនឡើង៥,៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន៩៨០ដុល្លារក្នុងមួយហ្វីតការ៉េនៅឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៤ភាគរយទៅ៥,៩ភាគរយក្នុងឆមាសទី២។

រីឯ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកំណើនក្នុងរង្វង់៥,១ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.៩៥០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៦ភាគរយទៅ៧,៩ភាគរយក្នុងឆមាសទី២។

ទន្ទឹមនឹងនេះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីសសម្រេចបានកំណើនក្នុងរង្វង់២,៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៤៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹងក្នុងឆមាសទី២។

តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រា១,២ភាគរយដល់ទំហំទឹកប្រាក់ចំនួន២.៦១០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១,៩ភាគរយក្នុងឆមាសទី២។

តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Rome នៃប្រទេសអុីតាលីបានកើនឡើងក្នុងអត្រា០,៥ភាគរយដល់ទំហំទឹកប្រាក់ចំនួន១.៤៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំនេះ និងត្រូវបានគេរំពឹងថា នឹងកើនឡើង១,៩ភាគរយក្នុងឆមាសទី២។

តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំងបានធ្លាក់ចុះក្នុងអត្រា០,៧ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៨៦០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពទ្រឹងក្នុងឆមាសទី២។

តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងឡុងដិ៍ នៃប្រទេសអង់គ្លេសបានធ្លាក់ចុះក្នុងអត្រា១,៦ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៩០០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះចន្លោះពី២ភាគរយទៅ៣,៩ភាគរយក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ។

លើសពីនោះ តម្លៃលំនៅដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រា៣ភាគរយមកនៅត្រឹមទំហំទឹកប្រាក់ចំនួន១.៤៤០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងឆមាសទី១ និងត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ១,៩ភាគរយក្នុងរយៈពេល៦ខែចុងក្រោយ ឆ្នាំ២០២៥៕ប្រភព: Edgeprop៕

ចំណេះដឹង! តើអចលនទ្រព្យប្រភេទណាដែលត្រូវលើកលែងពន្ឋ?

ដោយៈ រតនៈ

    ភ្នំពេញៈ អចលនទ្រព្យមានច្រើនប្រភេទផ្សេងៗគ្នា ដោយអចលនទ្រព្យខ្លះក៏ជាប់ពន្ឋ អចលនទ្រព្យខ្លះក៏ត្រូវបានរាជរដ្ឋាភិបាលលើកលែងពន្ឋផងដែរ។

តើអចលនទ្រព្យ​ដែល​ត្រូវ​លើកលែង​ពន្ធ មានអ្វីខ្លះ? ចម្លើយមានដូចជា អចលនទ្រព្យ​ដែលជា​ដីធ្លី​កសិកម្ម។ ដីធ្លី​កសិកម្ម សំដៅ​ដល់ ដីធ្លី​កសិកម្ម​ដែល​កំពុង​បង្កបង្កើនផល កសិកម្ម មាន​ជាអាទិ៍ ដីស្រែ ដីចំការ ដី​ដំណាំ​ក​សិ-ឧស្សាហកម្ម ដី​កសិដ្ឋាន​ចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែ​អំបិល។ ក្នុងករណី​ចំណែក​ណាមួយ​នៃ​ដីធ្លី​កសិកម្ម ត្រូវបាន​យកមក​សាងសង់​ផ្ទះ អគារ ឬ សំណង់ផ្សេងៗ ដែល​មិន បម្រើ​ផ្ទាល់​ឬ​អចិន្ដ្រៃយ៍​ដល់​សកម្មភាព​កសិកម្ម ចំណែក​ដី​នេះ​មិន​ត្រូវបាន​លើកលែង​ពន្ធ​នេះ​ទេ។

ឯកសាររបស់រដ្ឋាភិបាលបានឲ្យដឹងថា អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​រា​ជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល។ ក្នុងករណី​អចលនទ្រព្យ ដែល​បាន​កត់ត្រា​ទុកជា​ទ្រព្យសកម្ម​ របស់​សហគ្រាស​សាធារណៈ ឬ​ក្រុមហ៊ុនចម្រុះ​រដ្ឋ អចលនទ្រព្យ​នោះ​មិនត្រូវ បាន​លើកលែង​ពន្ធ​នេះ​ទេ។

អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​ស​ហគ​មន៍ ឬ​បុគ្គល​ណាមួយ ដែល ៖ ត្រូវបាន​រៀបចំឡើង និង​ដំណើរការ​សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និង​សប្បុរសធម៌ និងគ្មាន​ចំណែក​ណាមួយ​នៃ​អចលនទ្រព្យ ឬ ប្រាក់ចំណូល​ត្រូវបាន​ប្រើប្រាស់ ​ជា​ប្រយោជន៍​ឯកជន។

ការលើកលែង​ពន្ធ មិន​រាប់បញ្ចូល​នោះទេ ចំពោះអចលនទ្រព្យ ដែល​ត្រូវបាន​ជួល ឬ​ផ្ដល់ឱ្យ​បណ្ដោះអាសន្ន សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និងសប្បុរសធម៌។ អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ដែល​បាន​ជួល ឬ​ផ្ដល់​ជា បណ្ដោះអាសន្ន​ ឱ្យទៅ​សហគមន៍​ឬ​បុគ្គល​ណាមួយ ដែល​ប្រើប្រាស់​អចលនទ្រព្យ​នោះ ក្រៅពី​គោលដៅ សាសនា និង​សប្បុរសធម៌។

អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់ ៖បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស។ អង្គការ​អន្ដរជាតិ និង ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​បច្ចេកទេស របស់​រដ្ឋាភិបាល​នានា ដែល​ទទួលស្គាល់ ដោយ​រាជរដ្ឋាភិបាល។ អចលនទ្រព្យ​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធ​ផលិត​ទឹកស្អាត​ឬ​ផលិត​អគ្គីសនី ព្រលាន យន្ដហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូល​ទាំង​អគារ និង​ការិយាល័យ​ដែល​បម្រើ​ផ្ទាល់​ដល់ សកម្មភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​លើ​ដីធ្លី​កសិកម្ម ដែល​បម្រើ​ផ្ទាល់​និង​ជា​អចិន្ដ្រៃយ៍​ដល់​សកម្ម-ភាព​កសិកម្ម។

អចលនទ្រព្យ​ដែល​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ ​ដោយ​ករណី​ប្រធាន​សក្ដិ ដែលជា​បាតុភូត​ឬ​ជា​ព្រឹ​ត្ដិ​ការណ៍ កើតឡើង​ដោយ​មិនដឹង​ជាមុន មិនអាច​ប៉ាន់ស្មាន​ជាមុន និង​មិនអាច​ជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹក ជំនន់ ខ្យល់ព្យុះ រញ្ជួយ​ដី) សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬ​គ្រោះមហន្ដរាយ​ជាយថាហេតុ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​តិចជាង ៨០ ភាគរយ និង​មិនទាន់បាន​ប្រើប្រាស់។ អចលនទ្រព្យ​ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បម្រើ​ផ្ទាល់​ដល់​សកម្ម​ភាព​ផលិតកម្ម៕