ទីផ្សារជួលអាផាតមុិននៅទីក្រុងភ្នំពេញរំពឹងមានភាពរីកចម្រើន ខណៈកម្ពុជាបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញលំហូរ FDI

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ក្នុងរយៈពេលខ្លី ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញការវិនិយោគពីបរទេស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងជំរុញបរិយាកាសសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយស្ថិរភាព។

ស្ថិរភាពនេះផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់ទីផ្សារជួលអាផាតមុិន(Serviced Apartment) នៅរាជធានីភ្នំពេញ ស្របពេលមានកំណើនតម្រូវការពីជនបរទេស និងអ្នកធ្វើដំណើរក្នុងគោលដៅអាជីវកម្ម(Business Travelers)។

ម៉្យាងវិញទៀត ទោះបីជាគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានការប្រែប្រួលយ៉ាងណាក្តី ក៏ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន ដែលគាំទ្រដល់កំណើនក្នុងទីផ្សារជួលអាផាតមុិន។

ទីផ្សារជួលអាផាតមុិននៅរាជធានីភ្នំពេញ ត្រូវបានគេរំពឹងថា នឹងមានភាណរីកចម្រើន ខណៈកម្ពុជាបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់នានាក្នុងទីក្រុង។ ការផ្តោតយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាលើការធ្វើពិពិធកម្មសេដ្ឋកិច្ចនឹងនាំឱ្យមានលំហូរចូលប្រកបដោយនិរន្តរភាពនៃអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍បរទេស។

ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តបោះជំហានទៅមុខ ក្រុមអ្នកជំនាញមកពីបរទេសកំពុងស្វែងរកទីតាំងស្នាក់នៅរយៈពេលវែង និងគ្រឿងបរិក្ខារទំនើបៗ។ ការណ៍នេះនឹងជំរុញឱ្យការជួលអាផាតមុិនក្នុងទីក្រុងភ្នំពេញកើនឡើង។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានវាយតម្លៃថា នៅចុងឆ្នាំ២០២៨ខាងមុខ ចំនួនអាផាតមុិនសម្រាប់ជួលនៅរាជធានីភ្នំពេញត្រូវបានរំពឹងថា នឹងកើនឡើងដល់ចំនួន១០.៥៥៤យូនីត៕ប្រភព: Knight Frank ៕

តើអ្នកជំនាញលើកឡើងដូចម្តេចពីស្ថានភាពនៃទីផ្សារអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ?

ដោយៈ និស្ស័យ

    ភ្នំពេញៈ អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យបានលើកឡើងថា ទីផ្សារទិញ លក់ដីធ្លី មានភាពសកម្មជាងគេ គឺនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងនានា។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទោះបីកម្ពុជាមានវិបត្តិជាមួយប្រទេសថៃ នៅតំបន់ព្រំដែនមួយចំនួនក្តី តែអ្នកវិនិយោគដែលមានលំហូរសាច់ប្រាក់ក្នុងដៃ ពួកគេនៅតែសម្លឹង និងទិញអចលនទ្រព្យទុកផងដែរ។

លោកស្រីបញ្ជាក់ថា “ទីផ្សារដែលមានភាពសកម្មជាងគេ នៅរាជធានីភ្នំពេញ និងតំបន់ជាយក្រុង”។ លោកស្រីបន្ថែមថា “យ៉ាងណាអ្នកទិញ ដែលមានលំហូរលុយល្អ ពួកគេនៅតែទិញ តែជាអចលនទ្រព្យ ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ”។

លោកស្រីបន្តថា សកម្មភាពទិញ លក់នៅតែបន្តកើតមានជាហូរហែរបែបនេះ មិនស្ងប់ស្ងាត់ពេកនោះឡើយ ដោយសារសកម្មភាពក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យឧស្សាហកម្មនៅតែមានភាពរីកចម្រើន។

ជាមួយគ្នានេះ លោកព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា ស្ថានភាពទីផ្សារនៅឆ្នាំ២០២៥នេះ មានសញ្ញាប្រសើរឡើង បើទោះបីជាមិនមានសកម្មភាពពុះកញ្រ្ជោលដូចមុនពេលមានវិបត្តិក៏ដោយ។

លោកបន្តថា “ពីមុនយើងឃើញវិស័យនេះ មានសញ្ញាព៌ណក្រ​ហម តែបច្ចុប្បន្នបើមើលលើស្ថានភាព អ្វីៗបានប្រែមកជាព៌ណខៀវបណ្តើរៗហើយ”។

លើសពីនេះ លោកKen Lo អគ្គនាយកក្រុមហ៊ុនCOLDWELL BANKER CAMBODIA ដែលបានបើកដំណើរការក្រុមហ៊ុននេះជាថ្មីនៅកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើ​នវិស័យអចលនទ្រព្យកម្ពុជា ដែលមានសញ្ញាជាវិជ្ជមានបណ្តើរៗ។

លោកបន្តថា “ទីផ្សារនៅតែមានសញ្ញាវិជ្ជមាន ទោះបីជាអ្វីៗមិនទាន់ប្រសើរឡើងដូចមុនវិបត្តិក៏ដោយ ប៉ុន្តែឱកាសវិនិយោគនៅតែមានផលចំណេញនៅទីនេះ”៕

ក្រសួងដែនដីចុះMOUសហការជាមួយក្រសួងសាធារណៈការ ទាក់ទងមន្ទីរពិសោធន៍

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងទាំងពីរ។

ពិធីចុះអនុស្សរណៈនាពេលនេះ មានគោលបំណងលើកកម្ពស់កិច្ចសហការ ការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះជំនាញបច្ចេកទេស និងលទ្ធផលស្រាវជ្រាវ ដែលនឹងជួយកសាងសមត្ថភាពមន្ត្រី និងអ្នកជំនាញរបស់យើង ដើម្បីធានាបាននូវគុណភាពនៃសម្ភារសំណង់ និងផលិតផលសំណង់ ដែលត្រូវប្រើប្រាស់ នៅក្នុងវិស័យសំណង់នៃក្រសួងទាំងពីរ។

ជាងនេះទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហាត់ក្នុងមន្ទីរពិសោធន៍ និងការស្រាវជ្រាវរួមគ្នា អនុស្សរណៈនេះក៏នឹងជំរុញការផ្តល់សេវាកម្ម ដែលមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា តាងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ដែលមានមុខងារបច្ចេកទេសដូចគ្នាលើការងារពិសោធន៍ លើវិស័យជំនាញផ្សេងគ្នា រហូតឈានទៅរៀបចំអនុស្សរណៈ នៃការយោគយល់គ្នារវាង មន្ទីរពិសោធន៍ទាំងពីរនេះឡើង។

មន្ទីរពិសោធន៍សំណង់ និងសាធារណការ ដំបូងត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្រោមគម្រោងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។ រហូតមកដល់ឆ្នាំ១៩៩៦ គម្រោងជំនួយនេះត្រូវបានបញ្ចប់ មន្ទីរពិសោ​ធន៍សំណង់ និងសាធារណការ ក៏ត្រូវបានដាក់ឱ្យដំណើរការស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ឱ្យចូលជាមន្ទីរពិ​សោ​ធន៍នេះ បានចូលជាសហគ្រាសសាធារណៈរបស់រដ្ឋឆ្នាំ១៩៩៧៕

ទីផ្សារការិយាល័យនៅហ្វីលីពីនស្ទុះងើបឡើងវិញ ខណៈតម្រូវការជួលបានហក់ឡើង៥៦ភាគរយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Inquirer.Net បានចុះផ្សាយថា តម្រូវការការិយាល័យនៅប្រទេសហ្វីលីពីនបានកើនឡើងក្នុងល្បឿនលឿនជាងគេបំផុតទី២ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈទីក្រុងសិង្ហបុរីបានឈរនៅលេខរៀងទី១។

យោងតាមការសិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានរកឃើញថា តម្រូវការការិយាល័យនៅក្នុងប្រទេសហ្វីលីពីនបានហក់ឡើង៥៦ភាគរយនៅក្នុងឆមាសទី១។ នេះជាសញ្ញាបង្ហាញថា ទីផ្សារការិយាល័យហ្វីលីពីនស្ទុះងើបឡើងវិញ។

ក្រុមហ៊ុនប្រឹក្សាយោបល់ Colliers បានឱ្យដឹងបន្តថា តម្រូវការជួលការិយាល័យនៅប្រទេសហ្វីលីពីនក្នុងអំឡុងខែមករាដល់ខែមិថុនាមានទំហំផ្ទៃក្រឡាសរុបចំនួន៩៦.០០០ម៉ែត្រការ៉េ។

ក្នុងចំណោមនោះ ចំណែក៧០ភាគរយនៃចំនួនអ្នកជួល (Occupier) ក្នុងប្រទេសហ្វីលីពីនបានពង្រីកទំហំការិយាល័យ ខណៈពេលដែលអ្នកជួលចំនួន៣០ភាគរយផ្សេងទៀតបានផ្លាស់ប្តូរទៅកាន់អគារការិយាល័យថ្មី។

ប្រភេទការិយាល័យ ដែលមានតម្រូវការជួលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីនកាលពីឆមាសទី១ មានទំហំផ្ទៃក្រឡាក្រោម១.០០០ម៉ែត្រការ៉េ។ចំណែក៣៦ភាគរយនៃចំនួនកិច្ចសន្យាជួលការិយាល័យសរុបមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េទៅ៣.០០០ម៉ែត្រការ៉េ។

ស្របពេលភាពបត់បែន និងនិរន្តរភាពត្រូវបានគេចាត់ទុកជាអាទិភាពសំខាន់ បណ្តាក្រុមហ៊ុននានាកំពុងងាកទៅជួលអគារការិយាល័យលំដាប់ A។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតម្លៃ និងមហិច្ឆតានាពេលអនាគតរបស់ពួកគេ៕ប្រភព: Inquirer.Net៕

ក្រុមហ៊ុនធំមួយរបស់អាមេរិកត្រៀមសហការជាមួយកម្ពុជាលើការ ផ្គត់ផ្គង់ប្រេង និងឧស្ម័ននៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនប្រេងធំមួយExxonMobil របស់អាមេរិក បានបញ្ជាក់ ពីផែនការសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយលោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil។

ថ្លែងប្រាប់បណ្តាញព័ត៌មាននានា លោក កែវ រតនៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហានេះបានឲ្យដឹងថា  លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil បានជួបពិភាក្សាជាមួយរូបលោក អំពីឱកាសសហការគ្នាជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលឧស្ម័នគ្រប់ប្រភេទ។

ក្នុងជំនួបនោះ ភាគីទាំងពីរកម្ពុជា-អាមេរិក បានឯកភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកនេះ អាចជួយផ្គត់ផ្គង់ប្រេងនៅកម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ការស្វែងរកឱកាសសហការ ផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ គឺដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ចបើកចំហរ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងការប្រឹងប្រែងរបស់សម្តេច ដើម្បីឱ្យប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ”។

លោកបញ្ជាក់ថា ជំហ៊ានបន្ទាប់ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនប្រេងExxonMobil នឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហគារគ្នា៕

 

វៀតណាមក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យផ្នែកឧស្សាហកម្ម

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន ប្រទេសវៀតណាមបានក្លាយជាគោលដៅប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការវិនិយោគអចលនទ្រព្យផ្នែកឧស្សាហកម្ម ដោយជាប់ចំណាត់ថ្នាក់ជាប្រទេសមួយ ដែលមានតម្លៃជួលឃ្លាំង ឬរោងចក្រ តម្លៃកម្លាំងពលកម្ម និងតម្លៃថាមពលសមរម្យបំផុតក្នុងពិភពលោក។

យោងតាមរបាយការណ៍ ដែលសិក្សាដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានរកឃើញថា ប្រទេសវៀតណាមបានលេចត្រដែតឡើងជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានថ្លៃដើមនៃការវិនិយោគសមរម្យបំផុតនៅទូទាំងពិភពលោក។

បើទោះបីជាតម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅប្រទេសវៀតណាមបានហក់ឡើងចំនួន៧០ភាគរយរាប់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥នេះយ៉ាងណាក្តី ក៏ទំហំថ្លៃដើមសរុបនៃការវិនិយោគនៅវៀតណាមនៅតែមានភាពទាក់ទាញបើធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់។

តួយ៉ាង ការជួលអចលនទ្រព្យផ្នែកដឹកជញ្ជូនមានតម្លៃជាមធ្យមប្រមាណ៥,៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅទីក្រុងហាណូយ និងចំនួន៤,៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅទីក្រុងហូជីមិញ។

ប្រតិបត្តិការនៃឧស្សាហកម្មដឹកជញ្ជូន និងផលិតកម្មនៅតែពឹងផ្អែកខ្លាំងលើធនធានមនុស្ស។ សក្តានុពលកម្លាំងពលកម្មច្រើន និងមានតម្លៃសមរម្យជាកត្តាសំខាន់ ដែលជះឥទ្ធិពលលើការជ្រើសរើសទីតាំង និងយុទ្ធសាស្ត្រវិនិយោគ។

តម្លៃពលកម្មនាពេលបច្ចុប្បន្ននៅប្រទេសវៀតណាមមានកម្រិតទាបជាងប្រាក់ឈ្នួលមធ្យមរបស់ពិភពលោកចំនួន២៥ភាគរយ ដោយដាក់ប្រទេសនេះស្ថិតក្នុងចំណោមទីផ្សារការងារ ដែលមានតម្លៃសមរម្យបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទន្ទឹមនឹងនេះ តម្រូវការថាមពលអគ្គិសនីសម្រាប់បម្រើដល់ឧស្សាហកម្មដឹកជញ្ជូនទំនើបកំពុងកើនឡើង ដោយសារប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីជាដើម។ដូច្នេះ ថ្លៃចំណាយទៅលើប្រតិបត្តិការ(Operating cost) កំពុងក្លាយជាកត្តាសំខាន់កាន់តែខ្លាំងឡើងក្នុងការសម្រេចចិត្តលើការបណ្តាក់ទុនវិនិយោគ។

ជាមួយគ្នានេះ ប្រទេសវៀតណាមក៏នៅតែរក្សាបានសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន ដោយសារតម្លៃថាមពលអគ្គិសនីរបស់វៀតណាមជាកម្រិតមួយទាបបំផុតនៅលើពិភពលោក៕ប្រភព: Vietnam News៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគរង់ចាំមើលសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក(PCE)។សន្ទស្សន៍នេះជាសូចនាករអតិផរណាដែលអាចផ្តល់សញ្ញាអំពីគន្លងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣២ភាគរយមកនៅត្រឹម៣៣៨៥,៧២ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៩៦,៨៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១ភាគរយមកនៅត្រឹមត្រឹម៣.៤៤៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,០៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,២៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

មន្រ្តីជាន់ខ្ពស់កម្ពុជាពិភាក្សានិងទាក់ទាញការវិនិយោគជាមួយសមាគមធុរកិច្ច និងអ្នកវិនិយោគអូស្រ្តាលី

ដោយៈ គង់ សូរិយា

    អូស្រ្តាលីៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានជួបពិភាក្សាតុមូលជាមួយតំណា​ងក្រុមហ៊ុន សមាគមធុរកិច្ច និងអ្នកជំនាញក្នុងវិស័យធុរកិច្ច និងវិនិយោគរបស់អូស្ត្រាលី។

ពិធីនេះរៀបចំដោយ លោកPeter Horn អ្នកគ្រប់គ្រងទូទៅផ្នែកវិនិយោគ នៃគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (The Australian Trade and Investment Commission – Austrade)។

លោក Peter Horn បានឡើងថ្លែងចំណាប់អារម្មណ៍អំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា -អូស្ត្រាលី និងសហប្រតិបត្តិការប្រកប​ដោយផ្លែផ្ការវាងប្រទេសទាំងពីរ។ ជាក់ស្តែងការចូលរួមរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីនាពេលនោះជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់ភាគីអូស្ត្រាលី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអង្គពិធីអំពីបច្ចុប្បន្នភាពសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគ ដោយបានសង្កត់ធ្ងន់លើទស្សនវិស័យ និងគោលនយោបាយប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាននិន្នា​ការលើកកម្ពស់ និងការពារសុខសន្តិភាព ស្ថិរភាពនៅទូទាំងប្រទេស និងក្នុងតំបន់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម ជាមួយនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រ​ទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក Stephen Higgins និងលោក Morgan Hart វិនិយោគិនអូស្ត្រាលី កំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផ្ទាល់ ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់សក្ខីភាពនៃការវិវត្តន៍ជាវិជ្ជមានរបស់កម្ពុជា បានដាក់ចេញនូវគោលនយោបាយ អនុគ្រោះជាច្រើនសម្រួលការវិនិយោគនៅកម្ពុជា និងមានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

បន្ទាប់ពីបានស្ដាប់ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក វិនិយោគិន ដែលជាសមាជិកអង្គពិភាក្សា ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជាបន្ថែមផងដែរ៕

ដំណឹងល្អៈ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លងគិតពីចំណុចស្គន់ ទៅកាន់ក្រុងកំពង់ចាម សម្រេចវឌ្ឍនភាពការងារបាន៦៥,៣៨%ហើយ។

លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម) និងពិភាក្សាការងា​រដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។

បេសកកម្មចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម អភិ​បាលរងស្រុកពាក់ព័ន្ធ មន្រ្តីបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)។

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារចំនួន៦៥,៣៨%៕

ក្រសួងទេសចរណ៍ចុះMOUចំនូន៥ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្តយូណានចំនួន៥។

ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព របស់លោកហួត ហាក់ ជាមួយលោក Ma Zhigang ប្រធានមន្ទីរវប្បធម៌ និងទេស​ចរណ៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនលោក Liu Minglin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yunnan Investment Group បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ ដូចជា ទី១ អនុស្សរណ:នៃការយោគយល់គ្នា រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។ ទី២ អនុស្សរណ:នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Angkor Investment (Cambodia) Co., Ltd. International Airport ។

ទី៣. អនុស្សរណ:នៃការយោគយល់គ្នា រវាងសាលាវិជ្ជាជីវ:ទេស​ចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ខេត្តយូណាន (Yunnan College of Tourism)ទី៤. អនុស្សរណ:នៃការយោគយល់គ្នារវាងសមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ខេត្តយូណាន និងទី៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និង ក្រុមហ៊ុន Yunnan Qicheng International Travel Services Co., Ltd.៕