ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំនាញអន្តរជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ របស់ក្រុមប្រតិបត្តិការងារធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក (WG2) ក្នុងក្របខណ្ឌនៃគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP)។
លោកសុន សុខកេង អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុម WG2 បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារWG2 ដោយមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារWG2 តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អ្នកជំនាញប្រឹក្សាយោបល់អន្តរជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនភាពការងារ ដែលក្រុមការងារបានខិតខំបំពេញកន្លងមក ពិសេសលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសស្តីពី ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ លទ្ធផលនៃសិក្ខាសាលាបណ្តុះបណ្តាល អំពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និងគោលគំនិត នៃការបើកបរដោយសន្សំសំចៃ ហើយព្រមទាំងវាយតម្លៃខ្ពស់ លើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែក។
លោកអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តសហការគ្នាយ៉ាងជិតស្និទ្ធិបន្ថែមទៀត ដើម្បីធានាថាត្រូវសម្រេចតាមផែនការដែលបានគ្រោងទុក និងទទួលបានលទ្ធផលផ្លែផ្កា ដើម្បីជាមុខមាត់ក្រសួង ក៏ដូចជាប្រទេសជាតិទាំងមូល៕








