លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញផ្នែកឯកជនគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់សំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកំណត់ និងជំរុញឱ្យវិស័យឯកជនដែលកំពុងតែធ្វើប្រតិបត្តិការក្នុងវិស័យសំណង់នៅកម្ពុជា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាព និងអនុវត្តន៍ដោយគោរពទៅតាមច្បាប់សំណង់ដែលបានចែង ជៀសវាងកើតមានកំហុសឆ្គងរហូតមានទោស។

មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធសរុបប្រមាណជិត ២០០០នាក់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា “យើងបើកទូលាយឱ្យមានការវិនិយោគលើវិស័យសំណង់គ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីជាផលប្រយោជន៍ដល់សង្គមទូទៅ ក៏ដូចជាក្រុមហ៊ុនវិនិយោគផងដែរ ប៉ុន្តែត្រូវប្រាកដ និងជឿជាក់ថាមានភាពរឹងមាំ ឱ្យស្របទៅនឹងគោលការណ៍ច្បាប់ដែលបានកំណត់”។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា អ្នកដែលទទួលខុសត្រូវទៅលើការគ្រប់គ្រងការដ្ឋានដែលផ្តោតសំខាន់ទៅលើគុណភាពសំណង់ ដែលហៅថាវិស្វករ គឺជាអ្នកដែលមានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលមានភារកិច្ចត្រួតពិនិត្យគ្រប់ផ្នែកនៃសំណង់ឱ្យប្រាកដកថាមានភាពល្អប្រសើរ ស្របតាមគោលការណ៍ច្បាប់ ដែលទាំងអស់នេះក៏ជាការចូលរួមក្នុងការជួយពង្រឹងច្បាប់សំណង់ផងដែរ ហើយសកម្មភាពទាំងអស់នេះក៏ត្រូវតែយកចិត្តទុកដាក់អនុវត្តជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីការហាមឃាត់សាជាថ្មីម្ដងទៀត ពាក់ព័ន្ធទៅនឹងការជ្រកកោននៅក្នុងគម្រោងសំណង់ដែលកំពុងតែសាងសង់ ឬមិនទាន់បញ្ចប់ការសាងសង់ជាស្ថាពរ ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ ជាក់ស្ដែងដូចជាព្រឹត្តិការណ៍កាលពីពេលកន្លងទៅ ជាពិសេសហេតុការណ៍ចុងក្រោយដែលទើបតែកើតមានឡើងនៅក្រុងកែបបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើននាក់។

នៅក្នុងកម្មវិធីនៃវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជីនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣នេះ ក៏មានការប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន រួមជាមួយនឹងសេចក្ដីណែនាំស្ដីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ផងដែរ។

អគ្គនាយកក្រុមហ៊ុន POV LEAP ENGINEERING & CONSTRUCTION លោក ហាក់ ងួនឈាង បានលើកឡើងថា ចំពោះកម្មវិធីផ្សព្វផ្សាយមួយដែលនេះគឺមានសារសំខាន់បំផុតសម្រាប់វិស័យសំណង់ ដែលផ្តោតសំខាន់ទៅលើអ្នកអនុវត្តផ្ទាល់នៅក្នុងវិស័យនេះឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ឱ្យកាន់តែមានភាពល្អប្រសើរ។ លោកបានបន្តថា “ចន្លោះខ្វះខាត់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគ្រប់គ្រងទៅលើគុណភាពសំណង់របស់ខ្លួន ក្រៅពីជះឥទ្ធិពលអាក្រក់ដល់វិស័យសំណង់ ថែមទាំងមានហានិភ័យសម្រាប់អាជីវកម្មសំណង់របស់ខ្លួនថែមទៀត”។

លោកបញ្ជាក់ថា “នៅពេលសមិទ្ធផលសំណង់មានគុណភាពល្អ ប្រកបដោយសោភ័ណភាព ក្រៅពីអាចចូលរួមក្នុងការលើកកម្ពស់ការអនុវត្តច្បាប់សំណងនៅកម្ពុជា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងការសាងសង់សុទ្ធតែទទួលបានភាពល្អប្រសើរដូចគ្នា។ ដូច្នេះក្នុងនាមជាអ្នកអភិវឌ្ឍន៍ម្នាក់នៅក្នុងវិស័យសំណង់ សូមលើកទឹកចិត្តដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យនេះ ចូលរួមអនុវត្តឱ្យបានតឹងរឹងទាំងអស់គ្នា ៕

បណ្ឌិត គីម ហ៊ាង៖ អត់ EBA កម្ពុជាត្រូវខាតបង់ច្រើន តែវាក៏អាចល្អចំពោះកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ភ្លាមៗ ក្រោយពីគណៈកម្មការអឺរ៉ុបចេញសេចក្តីសម្រេចដ៏អយុត្តិធម៌របស់កាលពីព្រលប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុទំនិញលលើកលែងសព្វាវុធ” (EBA)ចេញពីប្រទេសកម្ពុជា លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបញ្ចេញទស្សនផ្ទាល់ខ្លួនថា អត់ EBA គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន ត្រូវខាតបង់ច្រើន តែវាក៏អាចល្អចំពោះកម្ពុជា។

លោកបានបណ្ឌិត សរសេរនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកថា អត់ EBA គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន ទាំងលុយកាក និងកិត្តិយសជាមួយប្រទេសនៅសហគមន៌អឺរ៉ុប និងពិភពលោក តែវាក៏អាចល្អចំពោះកម្ពុជា បើសិនជា ៖

១) ប្រជាជនកម្ពុជាត្រូវតែឈប់ ឬកាត់បន្ថយទម្លាប់ស្តីបន្ទោសគ្នា គិតអវិជ្ជមាន កាច់ត្រួយដាក់ជី ចូលចិត្តខ្លាំងតែជាមួយគ្នាឯង ដោយងាកទៅខំប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក!

២) មន្រ្តីរាជការខ្មែរ ដែលបើកប្រាក់ខែពីរដ្ឋ តាមការបង់ពន្ធរបស់រាស្រ្ត ត្រូវធ្វើការបំរើរាស្រ្តពិតៗ! បើជាចៅហ្វាយខេត្ត គឺត្រូវធ្វើការងារគ្រប់យ៉ាងដើម្បីធានាសុវត្តិភាព និងសន្តិសុខដល់ប្រជាជនក្នុងខេត្ត ព្រមទាំងធ្វើការងារជាច្រើនទៀតដើម្បីអោយប្រជាជនរបស់ខ្លួនរស់នៅ ធ្វើការ រកស៊ីមានបាន និងមានជីវភាពធូធារទាំងអស់គ្នា!

បើជារដ្ឋមន្រ្តី ក្រសួងកសិកម្ម គឺត្រូវធ្វើរឿងគ្រប់យ៉ាងដើម្បីធានាថា កសិករមានទឹកគ្រប់គ្រាន់ដើម្បីធ្វើកសិកម្ម មានពូជ ជី និងបច្ចេកទេសគ្រប់គ្រាន់ដើម្បីផ្តល់ និងបង្រៀនដល់កសិករ ពិសេសត្រូវចេះរកទីផ្សារនៅបរទេស ដើម្បីអោយកសិករលក់កសិផលបានតម្លៃសមរម្យ!

៣) រាជរដ្ឋាភិបាលគួរតែផ្តល់ឱកាសអោយទូលំទូលាយជាងនេះ ដើម្បីអោយបញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាព សុឆន្ទះ និងគំនិតជាតិនិយមបានកាន់តួនាទីសំខាន់ៗ ដើម្បីអោយពួកគាត់ទៅប្រកួតប្រជែងជាមួយអាស៊ាន និងពិភពលោក ដើម្បីនាំផលប្រយោជន៌ជួនសង្គម និងប្រទេសជាតិ បើទោះបីជាពួកគាត់មាន ឬគ្មានប្រវត្តិចេញពីក្រុមគ្រួសារ នៃអ្នកតស៊ូ ឬដឹកនាំក៏ដោយ!អ្វីៗដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៃកម្ពុជា!

គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកមួយចំនួននៃការអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងប្រពន័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។

បើតាមសេចក្តីសម្រេចនេះ ឱ្យដឹងថា ការដកការអនុគ្រោះពន្ធនេះនឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងទំនេញផ្សេងទៀតដូចជាស្ករជាដើមរបស់កម្ពុជា ។ ការដកនេះមានទឹកប្រាក់ចំនួនប្រមាណមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប៕

សេដ្ឋកិច្ចកម្ពុជាមិនដូលរលំដោយសារបញ្ហា EBA នោះទេ

ដោយ ប៊ី

ភ្នំពេញ៖ ការព្យួរផ្នែកខ្លះតែប៉ុណ្ណោះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA មិនបានធ្វើឱ្យប៉ះពាល់អ្វីជាសំខាន់ដល់សេដ្ឋកិច្ចកម្ពុជានោះឡើយ បើទោះបីជាសហភាពអឺរ៉ុបបានសម្រេចព្យួរផ្នែកខ្លះតែប៉ុណ្ណោះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ។

ម៉្យាងវីញទៀត ទំនិញកម្ពុជាទាំងនេះក៍នឹងត្រូវចាប់អនុវត្កការបង់ពន្ធនេះនៅខែសីហា ២០២០ឯណោះ ហើយរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិតគូររៀបចំការត្រៀមខ្លួនរួចរាល់បាត់អស់ទៅអស់ហើយ តាំងពី៤~៥ឆ្នាំមុននេះ មកម៉្លេះដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនអាច រស់ដោយកម្លាំងខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់លើភាពអាណិតអាសូរ ឬភាពអនុគ្រោះរបស់បរទេស ទៀតនោះឡើយ។

ប្រភពពីផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ យ៉ាងច្បាស់ថា “រដ្ឋាភិបាលបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះរដ្ឋាភិបាលបានដឹងច្បាស់ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗខាងមុខ ដោយសារកម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយ និងទទួលបានឋានៈជាប្រទេសដែល មានចំណូលមធ្យមកំរឹតទាបកម្រិតនិងកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែល មានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០”។

ខ្ញុំកត់សំគាល់ឃើញដែរថា លោក ហ៊ុន សែន ពិតជាបានគិតគូរ ហ្មត់ចត់ក្នុងការៀបចំចាត់ចែងការគ្រប់គ្រងសេដ្ឋកិច្ចតាំងពីយូរ មកហើយមែន។ ដោយសារតែការត្រៀមខ្លួនជាមុននេះហើយបានជាមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន មានភាពហ្នឹងនរក្នុងចិត្ត ហើយជំហររបស់គាត់កាន់តែរឹងមាំម៉ឺងម៉ាត់ដាច់ខាតចំពោះមុខការគំរាមដាក់សម្ពាធទណ្ឌកម្មនិងការព្យួរ EBA នេះ។ ខ្ញុំក៏កត់សំគាល់ឃើញដែរថា ការត្រៀមខ្លួនរបស់ រដ្ឋាភិបាលពិតជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន និងលឿនជាងការរំពឹងទុកទៅទៀត។

ជាក់ស្តែង នៅឆ្នាំ២០១៩ កន្លងទៅនេះ ចំណូលបានកើន ទៅដល់ ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងនោះ ជាង ២២% បានមកពីពន្ធដារ។ នេះគឺជាចំណូលខ្ពស់មិនធម្មតា សម្រាប់ប្រទេសតូចមួយដូចកម្ពុជា។ នេះក៏ជាចំណុចខ្លាំងរបស់កម្ពុជាដែលធ្វើការងារសេដ្ឋកិច្ចបានល្អ និងទទួលបានការកោតសរសើរពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។

រីឯការចំណាយវិញគឺតិចជាងការគ្រោងទុកជានិច្ច។ បញ្ហានេះសបញ្ជាក់ឲ្យឃើញថា វិន័យថវិការបស់រដ្ឋាភិបាលគឺគ្រប់គ្រងបានល្អពីព្រោះចាយមិនដែលលើស ប៉ុន្តែ ការរកចំណូលវិញគឺតែងតែលើសផែនការរហូតដែលធ្វើឲ្យប្រាក់សន្សំកើនឡើងជានិច្ច។

ឆ្នាំ២០១៩កន្លងទៅនេះ អតិរេកចរន្តបានឡើងដល់ ៨% នៃ GDP គឺលើសពីការគ្រោងទុកដែលមានត្រឹមតែ ២ ឬ៣% នៃ GDP តែប៉ុណ្ណោះ។ ចំណែកឯឱនភាពទូទៅនៃថវិកាជាតិសឹងតែស្មើសូន្យ (០)ក្នុងឆ្នាំ ២០១៩ ខណៈដែលរាល់ឆ្នាំឱនភាពនេះស្ថិតក្នុងរង្វង់ ៣%។

ក្នុងឆ្នាំ២០១៩នេះដែរ កំណើន សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៧% ដែលជាកំណើនខ្ពស់ជាងគេ មិនត្រឹមតែក្នុងអាស៊ានទេ ប៉ុន្តែ គឺ ខ្ពស់ជាងគេក្នុងពិភពលោកតែម្តង។ ជាពិសេសគឺឆ្នាំ២០១៩ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ទាំងអស់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមិនត្រឹមតែមិនធ្លាក់បែរជាកើនឡើងទៅវិញ។ ក្នុងន័យដូចបាន លើកឡើងខាងដើមនេះ ហើយដែលខ្ញុំយល់ថា លោក ហ៊ុន សែនបានរំពឹងទុកជាមុន រួចស្រេចប្រកបដោយភាពជឿជាក់ថា បើទោះបីជាបាត់EBAទាំងស្រុង ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ យ៉ាងច្រើនបំផុតគឺអាចត្រឹមតែបន្ថយល្បឿននៃសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។

ឥឡូវនេះ EBA ត្រូវបានព្យួរតែមួយផ្នែកតូចប៉ុណ្ណោះ ! ដូច្នេះ កង្វល់និងការព្រួយបារម្មអំពីផល ប៉ះពាល់ក៏ស្ថិតនៅក្នុងរង្វង់ដែលរដ្ឋាភិបាលភ្នំពេញអាចគ្រប់គ្រងបានទាំងស្រុង ពីព្រោះវិធានការ ដោះស្រាយទុកជាមុនត្រូវបាន រៀបចំរួចទៅហើយ។

ម្យ៉ាងទៀត ការបាត់បង់ រឺ ព្យួរ EBA មិនមែនជាការបាត់បង់ទីផ្សារនោះទេពោលគឺ ទំនិញគ្រប់យ៉ាងពីស្រុកខ្មែរយើង នៅតែអាចបន្តនាំចូលទៅទីផ្សារអឺរ៉ុបបានដូចធម្មតា ដោយគ្រាន់តែត្រូវបង់ពន្ធដូចគេឯងតែប៉ុណ្ណោះ។ ក្នុងន័យនេះការបាត់បង់ EBA មួយផ្នែកតូច នេះអាចបំពេញមកវិញបាន ដោយមិនចាំបាច់ប្រើកញ្ចប់ថវិកាត្រៀមបម្រុងរបស់រដ្ឋាភិបាលក៏ថាបានដែរដោយគ្រាន់តែបង្កើនភាពប្រកួតប្រជែងឲ្យបានខ្លាំងគឺអាចរក្សាទីផ្សារបានហើយ។ ជាក់ស្តែង ទីផ្សារអង្ករកម្ពុជាទៅ សហភាពអឺរ៉ុបនៅតែអាចរក្សា ហើយកើនឡើងថែមទៀតបានក្រោយពេលដែលអឺរ៉ុបសម្រេចឲ្យយើងបង់ពន្ធ។

ដូច្នេះ គេរំពឹងថា ទីផ្សារផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីស្រុកខ្មែរយើងក៏នៅតែអាចនាំចូលទៅអឺរ៉ុបបាន ដដែលទោះជាត្រូវបង់ពន្ធក៏ដោយ៕ (អ្នកតាមដាន នយោបាយតុកាហ្វេ)

អ្នកជំនាញ ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង់រំលោះផ្ទះជាមួយធនាគារ និងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ បច្ចុប្បន្ននេះ ការទិញផ្ទះថ្មីសម្រាប់ស្នាក់នៅ ដោយវិធីសាស្ត្រនៃការបង់រំលោះត្រូវបានក្លាយជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជា ផ្តល់លទ្ធភាពសម្រាប់អតិថិជនដែលជាអ្នកទិញផងដែរ ដោយក្នុងនោះវិធីសាស្ត្រ នៃការបង់រំលោះត្រូវបានផ្តល់ការសម្រេចចិត្តទៅលើអ្នកទិញថា តើគួរបង់រំលោះផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងរយៈពេលខ្លី ឬជាមួយធនាគារក្នុងរយៈពេលវែង ដែលវិធីសាស្ត្រទាំង២សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។

ជាការចែករំលែកនូវចំណេះដឹងសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តទិញផ្ទះថ្មីដោយការបង់រំលោះស្រប ទៅនឹងប្រធានបទដែលបានលើកឡើងខាងលើនេះ អគ្គនាយ​កក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានកម្រិតមធ្យមផងដែរនោះ បានមានប្រសាសន៍បញ្ជាក់ថា មិនថាការសម្រេចចិត្ត ជ្រើសយកជម្រើសមួយណានោះទេ ភាពវិជ្ជមាន និងការប្រឈមសុទ្ធតែមានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការត្រៀមខ្លួនរបស់អតិថិជន។

លោកឧកញ៉ាបន្តថា ភាគច្រើនអ្នកដែលទិញផ្ទះដោយការបង់រំលោះ គឺជាអ្នកដែលមានតម្រូវការស្នាក់នៅពិតប្រាកដ ច្រើនជាងអ្នកទិញសម្រាប់វិនិយោគ បន្តយកចំណេញ ដូច្នេះមុនពេលសម្រេចចិត្តជ្រើសរើស យកវិធីសាស្ត្របង់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារ អ្នកទិញត្រូវតែប្រាកដក្នុងចិត្តច្បាស់ ពីលទ្ធភាពរបស់ខ្លួនពាក់ព័ន្ធទៅនឹងចរន្តសាច់ប្រាក់សម្រាប់បង់ជាប្រចាំខែ។

បន្ថែមពីនេះ ត្រូវស្គាល់ពីប្រវត្តិម្ចាស់គម្រោង ឬក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យបានច្បាស់ជាមុន ជាពិសេសពាក់ព័ន្ធទៅនឹងច្បាប់អនុញ្ញាត ឯកសារគតិយុត្តិនៃសំណង់នានាឱ្យបានត្រឹមត្រូវ ជៀសវាងមានហានិភ័យខ្ពស់។

ចំពោះការទិញដោយការបង់រំលោះ ត្រូវបានគេធ្វើឡើង២ប្រភេទ គឺការបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដោយផ្ទាល់ និងការបង់ជាមួយធនាគារ ដែលជាដៃគូជាមួយម្ចាស់គម្រោ​ង ដោយវិធីសាស្ត្រទាំង២នេះ អតិថិជនសុទ្ធតែត្រូវចំណាយបន្ថែមទៅលើអត្រាការប្រាក់ដូចគ្នា។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមវិធីសាស្ត្រទាំង២នេះ ក្រោយពេលសិក្សាច្បាស់ពីលំហូរសាច់ប្រាក់របស់ខ្លួន ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ជាជម្រើស អតិថិជនគួរតែចាប់យកការបង់រំលោះជាមួយធនាគារ ល្អជាងការបង់រំលោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានភាពមិនប្រាកដប្រជាច្រើន”។

មុនពេលផ្តល់ឥណទាន ធនាគារសុទ្ធតែបានសិក្សាលម្អិត ពីលទ្ធភាពអតិថិជន ហើយក៏មានគោលការណ៍ច្បាស់លាស់មុនពេលផ្តល់ ដែលតម្រូវមានឯកសារបញ្ជាក់ជាច្រើន ជៀងវាងហានិភ័យដែលកើតមានទៅលើអតិថិជនរបស់ខ្លួន ហើយអតិថិជនក៏មានភាពច្បាស់លាស់ និងជឿជាក់១០០ភាគរយ ដែលក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋាន។ ដោយឡែក ចំពោះការបង់រំលោះជាមួយក្រុមហ៊ុន ហាក់មិនសូវតម្រូវឱ្តមានឯកសារសាំញាំនោះទេ ពោលគឺរីករាយក្នុងការធ្វើប្រតិបត្តិការជាមួយអតិថិជន។

ប៉ុន្តែអ្វីដែលសំខាន់នោះ អតិថិជនដែលជាអ្នកបង់រំលោះ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិករលើលំនៅដ្ឋាននោះឡើយ ដោយមានត្រឹមតែកិច្ចសន្យាទទួលស្គាល់ពីការទិញ​-លក់រវាងបុគ្គលទ្វេភាគីតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកឧកញ៉ាបានបញ្ជាក់ថា សម្រាប់ការទិញលំនៅដ្ឋានដោយការបង់រំលោះ ឱកាសនៃការទទួលបានចំណេញពីការលក់បន្ត គឺមានតិចតួចបំផុត ផ្ទុយពីការទិញដោយប្រើសាច់ប្រាក់សុទ្ធ នៅពេលគម្រោងចាប់ផ្តើមបើកលក់នោះទេ ព្រោះការទិញដោយការបង់រំលោះ បានចំណាយលុយច្រើនលើសលប់ ទៅលើអត្រាការប្រាក់រួចទៅហើយ៕

ចំណេះដឹង! តើការចុះបញ្ជីពាណិជ្ជកម្មមានប៉ុន្មានប្រភេទ?

ដោយវុត្ថា

ភ្នំពេញៈ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិ​ជ្ជកម្ម។

នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបាន សម្រេចអ្នកនឹងទទួលបានលិខិតបញ្ជា​ក់ពីការចុះបញ្ជីរបស់អ្នក ។ ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា

១ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល

រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬកន្លែងផ្សេងទៀតដែលក្រសួងពាណិជ្ជកម្ម បានកំណត់ នៅកន្លែងដែលសាមីជននោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេលបើកដំណើរការអាជីវកម្មរបស់ខ្លួន ។

ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម អាចធ្វើការស្នើសុំដោយសាមីជននោះ ឬដោយអាណត្តិគាហករបស់គេ ហើយអាណត្តិគាហកត្រូវតែមាន លិខិតប្រគល់សិទ្ធិអំណាច ដើម្បីតម្កល់ទុកនៅក្រឡាបញ្ជី នៃតុលាការពាណិជ្ជកម្ម ដែលខ្លួនបានស្នើសុំចុះបញ្ជីនោះ។

មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់ប្រតិវេទន៍ ដែលមានចុះហត្ថលេខានិងស្នាមម្រាមដៃដល់កន្លែង ទទួលពាក្យចុះបញ្ជីពាណិជ្ជកម្មចំនួន២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១២៣ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។

២ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល

រីឯនីតិបុគ្គលដែលបានបង្កើតក្រុមហ៊ុន ធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបីជាបែបបទ នៃការបង្កើត និងថេរវេលាបែបណាក៏ដោយ គឺត្រូវតែធ្វើការចុះបញ្ជីពាណិជ្ជកម្ម ហើយការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើឡើងដោយបណ្ណាធិការ ឬអភិបាលនៃសាមីក្រុមហ៊ុន នៅក្នុងខែនៃការបង្កើតក្រុមហ៊ុន និងមុនកាលបរិច្ឆេទបើកប្រតិបត្តិការពាណិជ្ជកម្ម១៥ (ដប់ប្រាំ) ថ្ងៃ។

ចំណែកឯអ្នកស្នើសុំចុះបញ្ជី ត្រូវប្រគល់ប្រតិវេទន៍ចំនួន២ (ពីរ)ច្បាប់ ព្រមទាំងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុនដល់កន្លែងទទួលពាក្យចុះបញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា​១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។

៣ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គលបរទេស

ចំណែកឯក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខាឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។

ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម តាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល)។

ចំពោះករណីពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណាដែ​លប្រើឯកសារក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោសចាប់ពី១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល)៕

រដ្ឋាភិបាលសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបពីកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេ និសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្តែងសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុទំនិញលលើកលែងសព្វាវុធ” (EBA) ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានចេញនៅម៉ោង ១០កន្លះ យប់មិញ បន្ទាប់ពីអឺរ៉ុបចេញសេចក្តីសម្រេចជាផ្លូវការនូវការដក EBA នេះ ឱ្យដឹងថា ទស្សនាទានស្តីពី”ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ”ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជាត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

សេចក្តីថ្លែងការណ៍ដែលមានកំរាស់ពីរទំព័របញ្ជាក់ទៀតថា បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិប្បតេយ្យរបស់សហភាពអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលម្អៀង ។

កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិតួយ៉ាងដូគណៈកម្មការអឺឬ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តិកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។

ទោះបីជាសេចក្តីសម្រេចនេះ បានទទួលស្គាល់ “វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតប ទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃប្រជាធិប្បតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ផ្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃរបស់កម្ពុជា៕
សូមអានខ្លឹមសារទាំងមូលនៅខាងក្រោម៖

សម្តេចតេជោស្នើជប៉ុនឱ្យជួយត្រួតពិនិត្យលើវិស័យសំណង់ទាំងអស់នៅទូទាំងប្រទេស

ដោយវុត្ថា

ភ្នំពេញៈ សម្តេចជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ប្រទេសជប៉ុន ឱ្យជួយត្រួតពិនិត្យលើសំណង់ទាំងឡាយនៅកម្ពុជា ដែលកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំមួយកម្រិតថែមទៀត  ខណៈបច្ចុប្បន្នវិស័យសំណង់នៅក្នុងប្រទេសបាននឹងកំពុងមានការរីកចំរើនខ្លាំងមួយនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ប្រទេសជប៉ុនកាលាពីកន្លងមកនេះ  បានផ្តល់ជំនួយយ៉ាងច្រើនដល់ការតាក់តែងច្បាប់សំណង់ផងដែរ។

ជាមួយគ្នាសម្ដេចតេជោបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។

លោកបណ្ឌិត វ៉ាន់ វ៉ាត់ អ្នកជំនាញផ្នែកនគរូបនីយកម្ម និងសំណង់ បានសម្តែងការស្វាគមន៍ចំពោះប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានស្នើដល់ប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ច និងគរូបនីយកម្ម ជឿនលឿនឱ្យមកជួយលើការអភិវឌ្ឍន៍វិស័យសំណង់ និងការត្រួតពិនិត្យសំណង់នៅកម្ពុជា។

លោកបន្តថា “វាជាការល្អមួយ ដែលរដ្ឋាភិបាលបានស្នើសុំជប៉ុន ឱ្យជួយលើការត្រួតពិនិត្យសំណង់នៅកម្ពុជា ដោយសារការអភិវឌ្ឍន៍សំណង់របស់យើង នាពេលបច្ចុប្បន្ននេះ មានការខ្វះខាតច្រើន ទាំងធនធានមនុស្ស និងថវិកា”។

លោកបន្តថា “អញ្ចឹង! បើយើងបានជប៉ុន ដែលជាប្រទេសមួយមានប្រវត្តិអភិវឌ្ឍន៍នគរូបនីយកម្ម និងសំណង់ បានដើរមុនយើងរាប់សិបឆ្នាំ ហើយមានបទពិសោធន៍ច្រើនជាងយើង ហើយបានជួយយើងដើម្បីឱ្យកុំឲ្យយើងដើរផ្លូវវាង គេប្រាប់យើងឱ្យដើរផ្លូវត្រូវ និងចំណេញពេលវេលានោះជាការល្អណាស់”។

លោកបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ជប៉ុននឹងអាចជួយយើងជាថវិកា ក្រៅពីនិតិវិធី បទដ្ឋានគតិយុត្ត និងធនធានផ្សេងៗ ដើម្បីឱ្យកម្ពុជាដែលជាសម្ព័ន្ធមិត្តកម្ពុជា-ជប៉ុនមានការគ្រប់គ្រងលើវិស័យសំណង់ កាន់តែមានគុណភាព។ មួយវិញទៀត និងមានសុវត្ថិភាពខ្ពស់។ ម្យ៉ាងទៀត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកជំនាញជប៉ុន ការស្នើឱ្យរដ្ឋាភិបាលជប៉ុនឱ្យមកជួយលើកិច្ចសំណង់នេះ ដែលជាចំណុច   ក្តៅដែលកំពុងធ្វើបច្ចុប្បន្ន នឹងធ្វើឱ្យកម្ពុជាកាន់តែមានទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីដើមខែមករា ឆ្នាំ ២០២០កន្លងមកនេះ  បានដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់។

វិធានការនោះរួមមាន ទី១- ហាមដាច់ខាតការសាងសង់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ទី២- ហាមដាច់ខាត ការអនុវត្តការងារសាងសង់ជ្រុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម ផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី៣- ហាមដាច់ខាតការដ្ឋានសំណង់ ដែលដំណើរការសាងសង់ឈ្នះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ និងទី៤ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទាក់ទាញអ្នកវិនិយោគថៃមកកាន់កម្ពុជាឱ្យ បានច្រើនក្នុងឆ្នាំនេះ

ដោយៈ រ៉ាណេត

បាងកកៈ ជាការព្យាយាមជំរុញ និងពង្រីកវិសាលភាពពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ថៃ ឱ្យមានកំណើនលើសពី៩០០០លានដុល្លារ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ និងទាក់ទាញបណ្តាធុរជនពីប្រទេសថៃ មកកាន់កម្ពុជាឱ្យកាន់តែច្រើន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ក្នុងសិក្ខាសា​លាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទសវត្សរ៍ឆ្នាំ២០២០» រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពង្រីកកំណើន និងទាក់ទាញការវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន។

លោកបានបន្តថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ ក៏ដូចជាពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការជំរុញ សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេ​សគាំទ្រដល់ទីផ្សារដែលមានស្រាប់ ហើយក្នុងពេលតែមួយបង្កើតទីផ្សារថ្មី ពង្រឹងមូលដ្ឋា​ននាំចេញ តាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំនើនដោយចីរភាព ដោយកាត់បន្ថយការពឹងផ្អែកលើការផ្ដល់ នូវភាពអនុគ្រោះពន្ធគយជាឯក​តោភាគី។

តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល មានគោលដៅជាស្រេចក្នុងការប្រែក្លាយឧស្សាហកម្មកម្ពុជា ពីការពឹកផ្អែកលើពលកម្មគ្មានជំនាញ មកជាឧស្សាហកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ២០២៥។

ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏មានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ដែលសង្កត់ធ្ងន់លើការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងទា​ញ​យកប្រយោជន៍ពីប្រភពនៃកំណើនថ្មី រួមទាំងបដិវត្តឧស្សាហកម្មទី៤ជាដើម។

ទាក់ទងនឹងការវិនិយោគ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវឱ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឱ្យបានរឹតតែច្រើនឡើងនៅប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្តជាច្រើន រួមទាំងវិធានការថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសម្រួលបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់បន្ថយចំណា​យប្រតិបត្តិការមួយចំនួន និងកសាងរចនាសម្ព័ន្ធចាំបាច់សម្រាប់ធុរកិច្ច រួមមានថាមពល ហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្ត ។ល។

សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមានកសិ-ឧស្សា​ហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់៕

កំណើនសេដ្ឋកិច្ចសកលលោកនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារ….

ដោយហ្សូលី

ភ្នំពេញៈ យោងតាមការសិក្សារបស់មូលនិធិសត្វព្រៃពិភពលោក ការបាត់បង់ធម្មជាតិនឹងបំផ្លាញទឹកប្រាក់៣៦៨កោដិផោនក្នុងមួយឆ្នាំ ពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៥០ ហើយចក្រភពអង់គ្លេសនឹងក្លាយជាប្រទេស ដែលរងឥទ្ធិពលអាក្រក់បំផុតទី ៣ ជាមួយនឹងការខាតបង់ប្រចាំឆ្នាំចំនួន១៦លានផោន។

បើគ្មានវិធានការជាបន្ទាន់ដើម្បីការពារធម្មជាតិទេនោះ អង្គការសប្បុរសធម៌បរិស្ថានបានព្រមានថា “ផលប៉ះពាល់ជាសកលនៃសំណឹកឆ្នេរសមុទ្រ ការបាត់បង់ប្រភេទសត្វ និងការធ្លាក់ចុះនៃធនធានធម្មជាតិ ពីព្រៃឈើទៅជលផល អាចត្រូវចំណាយអស់ជិត៨ទ្រីលានអឺរ៉ូក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

របាយការណ៍ដដែលបានបន្តថា ការខាតបង់ហាក់ដូចជាតិចតួចបំផុតត្រឹមតែ ០,៦៧% នៃប្រាក់ចំណូលពិភពលោកក្នុងឆ្នាំ២០៥០ ប៉ុន្តែការប៉ាន់ស្មានមានលក្ខណៈអភិរក្ស ហើយចំនួនសរុបទំនងជាខ្ពស់ជាង ប្រសិនបើតំបន់អង់តាក់ទិកកាន់តែយ៉ាប់យ៉ឺនក្នុងល្បឿនលឿនដែលបណ្តាលឱ្យមានកំដៅខ្លាំង និងខ្ពស់ជាងនេះ និងបញ្ហាកម្រិតទឹកសមុទ្រនៅទូទាំងពិភពលោក។

របាយការណ៍ Global Futures បានរកឃើញថាការខ្សោះជីវជាតិនៃជម្រកធម្មជាតិរួមមានព្រៃឈើតំបន់ដីសើម និងថ្មប៉ប្រះទឹកផ្កាថ្ម នឹងធ្វើឱ្យអន្តរាយដល់ប្រព័ន្ធអគារអេកូឡូស៊ីសំខាន់ៗ កាត់បន្ថយការស្តុកទុកត្រីផលិតកម្មឈើនិងការបំពុល។

នៅក្នុងកិច្ចការមួយក្នុងចំណោមប្រភេទរបស់វា របាយការណ៍បាននិយាយថា ការកើនឡើងនៃការប្រើប្រាស់ឥន្ធនៈផូស៊ីល និងការពង្រីកកសិកម្ម រួមទាំងការអភិវឌ្ឍទីក្រុង ចូលទៅក្នុងស្ថានភាព ដែលមិនដែលបានប្រើពីមុន ហើយវាបង្ហាញឱ្យឃើញពីការចំណា​យហិរញ្ញវត្ថុដ៏ធំធេងផ្សារភ្ជាប់ទៅនឹងការបាត់បង់ឆ្នេរ ការផ្គត់ផ្គង់ទឹក និងកាបូនផ្ទុក។

តម្លៃម្ហូបអាហារពិភពលោក ក៏ទំនងជានឹងកើនឡើងផងដែរ ដោយសារវិស័យកសិ​កម្មទទួលរងការខាតបង់ធម្មជាតិ ដោយមានតម្លៃកើនឡើងប្រមាណ៨ភាគរយ ឈើ៦ ភាគរយ កប្បាស៤ ភាគរយ ប្រេងគ្រាប់ និង៣ភាគរយ ផ្លែឈើនិងបន្លែនៅឆ្នាំ២០៥០ ។

លោកស្រីKaren Ellis នាយកផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅ WWF បានប្រាប់កាសែតThe Guardian ថា ការប៉ាន់ស្មានគឺមានលក្ខណៈអភិរក្ស ហើយរដ្ឋាភិបាលរំពឹងថា ផលប៉ះពាល់នៃអាកាសធាតុគ្រាអាសន្ននឹងខ្ពស់ជាងនេះ។

លោកបានបន្តថា “ការសិក្សានេះ បានផ្តោតទៅលើសេវាអេកូឡូស៊ីចំនួន៦ ដូច្នេះវាស្ទើរតែមិនអាចមើលឃើញបាន”។ លោកបន្តថា “ការចំណាយពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ។ នេះគឺជាការប៉ុនប៉ងដំបូងដើម្បីធ្វើការវាយតម្លៃដ៏ទូលំទូលាយ ដូច្នេះហើយនេះគឺជាការប៉ាន់ស្មានបឋម”។

លោកស្រីបាននិយាយថា អ្នកនិពន្ធមិនអាចធ្វើការប៉ាន់ស្មានចំណាយ នៃសកម្ម​ភាពដោះស្រាយ ដើម្បីជួសជុលការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីបានទេ ព្រោះមានអថេរច្រើន ប៉ុន្តែការប៉ាន់ស្មានបែបនេះ អាចធ្វើទៅបាននៅក្នុងការសិក្សានាពេលអនាគត។

ការវាយតម្លៃការប្រែប្រួលអាកាសធាតុភាគច្រើន រហូតមកដល់ពេលនេះបានផ្តោតលើមូលនិធិដែលត្រូវការ ដើម្បីកាត់បន្ថយការកើនឡើង នៃសីតុណ្ហភាពពិភពលោក១,៥ អង្សាសេ៕ (The Guardian)

គម្រោងរុករករ៉ែមាសនឹងចាប់ផ្តើមជាលើកដំបូងក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២១

ដោយហ្សូលី

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តឲ្យ ក្រុមហ៊ុនOutotec បានទទួលកិច្ចសន្យាពីក្រុមហ៊ុនRenaissance Minerals (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL សម្រាប់ការប្រគល់ឧបករណ៍ដំណើរការ ទៅជាមួយគម្រោងមាសវាលបៃតង OKvau។

តម្លៃបញ្ជាទិញ ដែលបានទិញចូលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមហ៊ុនOutotec មានប្រមាណជា១៣លានអឺរ៉ូ។

វិសាលភាពរបស់Outobec រួមមាន ការផ្តល់នូវម៉ាស៊ីនកិនអេជិលមីលមានកម្លាំងខ្លាំង ម៉ាស៊ីនកិនស្វ័យប្រវត្តិកម្មពាក់កណ្តាលស្វយ័ត ធុង ម៉ាស៊ីនត្រជាក់Oktop និងគ្រឿងបន្លាស់ផ្សេងៗ។

គម្រោងមាសOkvau មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគីរី ភាគខាងកើតនៃប្រទេ​សកម្ពុជា។ ប្រតិបត្តិការ២លានតោនក្នុងមួយឆ្នាំ នឹងក្លាយជាគម្រោងរុករករ៉ែទ្រង់ទ្រាយធំដំបូងគេនៅក្នុងប្រទេស។  គណៈកម្មការគម្រោងត្រូវបានរំពឹងថា នឹងអនុវត្តនៅត្រីមាសទី ២ ឆ្នាំ ២០២១។

លោក Paul Sohlberg ប្រធានអាជីវកម្មកែច្នៃរ៉ែរបស់ Outotec មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយ ដែលបានចូលរួមជាផ្នែកមួយ នៃគម្រោងកែច្នៃមាសដ៏សំខាន់ដំបូងបង្អស់របស់ប្រទេសកម្ពុជា ជាមួយក្រុមអភិវឌ្ឍន៍គម្រោងមាស ដែលមានការជឿជាក់ខ្ពស់”។

បច្ចេកវិទ្យាឈានមុខគេរបស់Outotec  ដូចជាការកិនដែលមានប្រសិទ្ធភាព ថាម​ពលបច្ចេកវិទ្យា ផ្លាសប្តូរសម្រាប់រ៉ែស៊ុលហ្វីតទាប និងបច្ចេកវិជ្ជាក្រាស់រឹងមាំអាចជួយឱ្យអតិថិជនរបស់យើងធ្វើជំនួញប្រកបដោយនិរន្តរភាព។ ការបញ្ជាទិញនេះ នឹងជួយពង្រឹងជំហររបស់ក្រុមហ៊ុន Outotec ដែលជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាកែច្នៃរ៉ែទំនើប នៅអាស៊ីអាគ្នេយ៍”៕