ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលតម្រូវឱ្យបង្កើនប្រសិទ្ធភាពលើការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីខេត្តបាត់ដំបង បានធ្វើការចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាង ៣៤ម៉ឺនក្បាលដី ក្នុងចំណោមទិន្នន័យចំនួនសរុបជាង ៣៧ម៉ឺនក្បាលដីដែលប្រមូលបាន។
អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងការបន្ថយនូវបញ្ហាប្រឈមនានា ទាក់ទងនឹងដីធ្លី រដ្ឋបាលខេត្តបានដាក់ចេញ ផែនការគ្រប់គ្រងដីធ្លី ដូចជាការរៀបចំប្លង់គោលស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។
-->
លោកបញ្ជាក់ថា “ែនការគ្រប់គ្រងដីធ្លី ដែលត្រូវបានដាក់ចេញឱ្យអនុវត្តរួមមានដូចជា ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ការគ្រប់គ្រងការបែងចែកដីសម្បទានសង្គមកិច្ច និងពង្រឹងការអនុវត្តវិធានការសំណង់ និងត្រួតពិនិត្យការអនុញ្ញាតសាងសង់ ចៀសវាងការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស”។
លោកអភិបាលខេត្ត បានបន្តទៀតថា “គិតមកទល់ពេលនេះ ខេត្តបានធ្វើការប្រមូល និងបញ្ចូលទិន្នន័យបានចំនួន ៣៧២ ៨១៥ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន ៣៤៥ ៦៩៤ ក្បាលដី ដែលបាន និងកំពុងដំណើរការអនុវត្តនៅក្នុងភូមិចំនួន១១ ឃុំ៥ និងស្រុកចំនួន៤ ។ ជារួមតាំងពីចាប់ផ្ដើមគឺអនុវត្តបាន ៣៩៥ភូមិ ៦៦ឃុំ សង្កាត់និង១០ក្រុងស្រុក។ ចំណែកគណៈកម្មការសុរិយោដីបានទទួលករណីវិវាទចំនួន១៩ករណី ដោះស្រាយបញ្ចប់៤ករណី និងករណីវិវាទដែលកំពុងបន្តដោះស្រាយមានចំនួន៥០ករណី”។
ជាមួយនឹងផែនការ និងគោលនយោបាយដោះស្រាយបញ្ហាដីធ្លីដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា សម្រាប់តែខេត្តបាត់ដំបង ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ បានសម្តែងអារម្មណ៍ពេញចិត្តនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ផងដែរ ក្រោមគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕