ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទំនិញចំនួន៤០មុខប៉ុណ្ណោះបង់ពន្ធចូលសហគមន៍អឺរ៉ុប ខណៈ៩០០០មុខទៀតនៅតែបន្តទទួលបានការលើកលែងពន្ធ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃះព្រះរាជាណាចក្រកម្ពុជា បានប្រកាស នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។

សេចក្ដីនៃលិខិតនេះ បានគូសបញ្ជាក់អំពីមុខទំនិញចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩.០០០ (ប្រាំបួនពាន់) មុខទៀត នៅតែទទួល បានភាពអនុគ្រោះពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក្នុងគោលបំណងបន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។

តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង ៤០មុខ ទៅ កាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឲ្យព្យួរសម្បទានពន្ធជាបណ្ដោះ អាសន្ននៅចុងឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសារ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងផ្ដល់ទំនុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕

កម្ពុជាមានសហគមន៍កសិកម្មចំនួន ១១៩០ សហគមន៍ដែលមានទុន ១៦៤១ លានរៀល

ដោយវុត្ថា

ភ្នំពេញ៖ របាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១ ៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។

របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ នៅ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបង្ហាញថា ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។

របាយការណ៍បន្តថា គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និង ស្ករត្នោត០២កិច្ចសន្យា។

របាយការណ៍ដដែលបន្តថា ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។

ដោយឡែងបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។

អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ផ្សារទំនើបនៅទីក្រុងភ្នំពេញប្រឈមការប្រកួតប្រជែងកាន់តែខ្លាំង

ដោយ ប៊ី
ភ្នំពេញ៖ គម្រោងផ្សារទំនើបជាច្រើនដែលនឹងលេចរូបរៀងឡើងនៅក្នុងឆ្នាំ ២០២០ នេះប្រឈមមុខនឹងការប្រកួតប្រជែងកាន់ខ្លាំងក្នុងទីផ្សារផ្សារទំនើប ខណៈគម្រោងផ្សារទំនើបថ្មីៗសរុបចំនួន ២០ គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ ២០២០។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញស្រុក។

របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បានអះអាងថា គម្រោងផ្សារទំនើបថ្មីៗសរុបចំនួន ២០ គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ ២០២០ ដែលមានទំហំប្រមាណ ២៦១,៧៤៦ ម៉ែត្រការ៉េនៅដែលនឹងចូលរួមចំណែកបន្ថែម។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ការចូលរួមចំណែកនៃផ្សារទំនើបក្នុងទីផ្សារបន្ថែមនេះនឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់ខ្លាំងជាងមុន ដែលទាមទារឱ្យអ្នកវិនិយោគលើផ្សារទំនើបមានអ្វីថ្មីៗសម្រាប់អតិថិជន។

លោកស្រី បានបន្តថា ផ្សារទំនើបនឹងមានទីតាំងផ្សេងៗគ្នាដែលផ្តល់ភាពងាយស្រួល និងមានទំនើបនៅជិតដល់ប្រជាជន ហើយប្រជាជននឹងមានជម្រើសកាន់ច្រើនសម្រាប់ការដើរផ្សារ។

ការកើនឡើងនៃផ្សារទំនើបថ្មីៗបាននិងកំពុងធ្វើឱ្យផ្សារទំនើបដែលបានសាងសង់កាលពីយូរនោះ រៀបចំការកែប្រែ ឬកែលម្អឡើងវិញដើម្បីតៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារសម្រាប់ឆ្នាំថ្មីនេះ។

របាយការណ៍ បានឱ្យដឹងថា ភាគច្រើននៃការផ្គត់ផ្គង់នាពេលខាងមុខត្រូវបានចែកជាប្រភេទផ្សារទំនើបដែលមាន ៤ គម្រោងគ្រោងនឹងចែកចាយទំហំជាង ១១៧,០០០ ម៉ែត្រការ៉េនៅឆ្នាំក្រោយ។ ផ្សារសហគមន៍ និងកន្លែងលក់រាយគ្រោងនឹងចែកចាយទំហំ ១៤៤,៧៤៦ ម៉ែតការ៉េ តាមរយៈសហគមន៍ផ្សារចំនួន ១១ និងគំរោងលក់រាយចំនួន ៥។

ដោយឡែក គម្រោងចំនួន ៣ រួមមានផ្សារទំនើប Chip Mong Noro Mall បានបញ្ចប់ក្នុងរយៈពេលត្រីមាសទី ៤ ឆ្នាំ ២០១៩ ដោយជំរុញទីផ្សារលក់រាយ (សំដៅទៅការជួលតូបនៅក្នុងផ្សារទំនើប) សរុបដល់ ៣១៤,១៨៧ ម៉ែតការ៉េ កើនឡើង ៩,៩% បើធៀបនឹងត្រីមាសមុន។ ផ្នែកផ្សារសហគមន៍ Community Mall បានបញ្ចប់ចំនួន ២ ហើយពង្រីកបាន ៣៧,៧% ស្របពេលដែលផ្សារលក់រាយបានកើនឡើង ១៤៩%។

គិតត្រឹមក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៩ ការជួលការជួលបានកើនឡើងសម្រាប់ហាងលក់ទំនិញឈានមុខគេមានការកើនឡើង ៦ ភាគរយ និងហាងលក់រាយមានការកើនឡើង ៥ ភាគរយ។ កំណើននៃការជួលនៅក្នុងផ្នែកទាំងនេះត្រូវបានគាំទ្រដោយការស្រូបយកចន្លោះធំៗ និងការដំឡើងថ្លៃពីម្ចាស់ដី។

ទន្ទឹមនឹងនេះ បរិមាណនៃការអភិវឌ្ឍសហគមន៍ផ្សារ បានព្យាករណ៍រួមជាមួយនឹងកង្វះសក្តានុពលនៃភាពចម្រុះគ្នាក្នុងចំណោមអ្នកជួល ដែលអាចរកបានបានបន្តដាក់សម្ពាធធ្លាក់ចុះលើថ្លៃជួលក្នុងផ្នែកដែលអត្រាត្រូវបានកាត់បន្ថយ ៣ ភាគរយក្នុងរយៈពេលនេះ។ ការជួលនៅតាមផ្លូវធំមានស្ថេរភាពក្នុងរយៈពេលនៅក្នុងរយៈពេលនេះ។
អត្រាកន្លែងទំនេរនៃទីផ្សារលក់រាយបានកើនឡើងបន្តិចនៅចុងឆ្នាំ ២០១៩ ដែលកើនឡើង ០,៩% បើប្រៀបធៀបទៅនឹងត្រីមាសនេះដល់ ១០,៦%៕

ក្រុមហ៊ុនអន្តរជាតិដ៏ធំមកពីប្រទេសសឹង្ហបុរី នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងនៅខេត្តកំពង់ស្ពឺ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយមកពីប្រទេសសឹង្ហបុរី ដែលមានជំនាញក្នុងការវិនិយោគលើវិស័យចំរុះ បានបង្ហាញពីគម្រោងនៃការបណ្តាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ បង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ រួមជាមួយនឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ផងដែរ។

នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានកំណើនរោងចក្រ សហគ្រាសតូចធំ ច្រើនជាង២៧០គម្រោងកំពុងដំណើរការ និងជាង១០០គម្រោងផ្សេងទៀត ដែលបានត្រៀមខ្លួននោះ កំពុងរង់ចាំស្វាគមន៍ក្រុមហ៊ុនលំដាប់អន្តរជាតិថ្មីមួយទៀតមកពីប្រទេសសឹង្ហបុរី ទៅលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិស័យសំណង់ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ក្នុងនាមជាអជ្ញាធរ លោករីករាយ និងស្វាគមន៍ជានិច្ចនូវរាល់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ទាំងឡាយណាដែលផ្តល់ជាផលប្រយោជន៍ដល់សង្គម ប្រជាពលរដ្ឋទូទៅ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ លោកបានបញ្ជាក់ថា “ព្រឹកមិញនេះ មានក្រុមហ៊ុនអន្តរជាតិមួយមកពីប្រទេសសឹង្ហបុរី ដែលមានការវិនិយោគជាច្រើនប្រភេទនៅក្នុងប្រទេសរបស់ខ្លួន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានមកពិភាក្សាពីការបណ្តាក់ទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមជាមួយគម្រោងធំៗចំនួន២ផ្សេងទៀត”។

លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “ក្រៅពីគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនមួយនេះក៏មានគម្រោងបង្កើតសួនឧស្សាហកម្មបន្ថែមមួយទៀត ដោយក្នុងនោះមានគម្រោងរោងចក្រកែច្នៃ និងវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស និងរោងចក្រដែកចំនួនមួយក្រោមការវិនិយោគដោយក្រុមហ៊ុនផ្ទាល់”។ លោកអភិបាលបានបង្ហើបថា “អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ លោក Peter Lim ដែលជាអគ្គនាយកក្រុមហ៊ុនមួយនេះ នឹងវិនិយោគបន្ថែមទៅលើវិស័យសំណង់ ដោយការសាងសង់អគារពាណិជ្ជកម្មប្រចាំតំបន់ រួមជាមួយនឹងខុនដូសម្រាប់នៅរួម មានកម្ពស់៥ជាន់ សម្រាប់លក់ និងជួលដល់បណ្តាម្ចាស់អាជីវកម្ម និងអ្នកបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ”។

គម្រោងវិនិយោគដ៏ធំលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺមួយនេះ នឹងត្រូវធ្វើឡើងដោយក្រុមហ៊ុនវិនិយោគអន្តរជាតិ PLMP HOLDING Group មកពីប្រទេសសឹង្ហបុរី មានទីតាំងស្ថិតនៅក្នុងស្រុកគង់ពិសី នៅលើផ្ទៃដីទំហំ ១១៥ហិកតា ប៉ុន្តែចំពោះទំហំទុនវិនិយោគសរុបមិនត្រូវបានបង្ហើបប្រាប់ឱ្យដឹងនោះទេ៕

សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីដាំក្បាលចុះមិនធា្លប់មានក្នុងប្រវត្តិសាស្រ្តនៅឆ្នាំនេះ

ដោយ ប៊ី

ម៉ាឡេស៊ី៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងពីម្សិលមិញថា ធនាគារមានការកែតំរូវអត្រាការប្រាក់ បន្ទាប់ពីកំណើនសេដ្ឋកិច្ចថយចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្ស គិតមកត្រឹមត្រីមាសទី ៤ ឆ្នាំមុន ហើយការផ្ទុះឡើងនៃជំងឺ COVID-19 បានគំរាមដាក់សម្ពាធបន្ថែមទៀតនៅឆ្នាំនេះ។

លោក Nor Shamsiah Mohd Yunus ទេសាភិបាលធនាគារ Bank Negara Malaysia បានប្រាប់សន្និសីទកាសែតមួយ នៅពេលសួរអំពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ ថា “យើងមានធនធានគ្រប់គ្រាន់ និងមានអត្រាកំណើនអតិផរណានៅតែមានតិចតួច”។

ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ គោលនយោបាយ របស់ខ្លួនដោយមិនរំពឹងទុកកាលពី ២៥ ខែមុនមកត្រឹម ២,៧៥ ភាគរយ ដែលជាកំរិតទាបបំផុតចាប់តាំងពីខែ មីនាឆ្នាំ ២០១១។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីបីភាគអាគ្នេយ៍របស់អាស៊ីបានកើនឡើង ៣,៦ ភាគរយក្នុងខែ តុលា ដល់ខែ ធ្នូរយៈពេលកាលពីឆ្នាំមុន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកាត់បន្ថយទិន្នផលប្រេងដូង ប្រេងឆៅ និងឧស្ម័នធម្មជាតិ ហើយនិងការធ្លាក់ចុះក្នុងការនាំចេញ អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

ល្បឿនសេដ្ឋកិច្ចនេះគឺទាបបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកទាបជាងការព្យាករណ៍ កើនឡើងទាបជាង ៤,២ ភាគរយរបស់អ្នកវិភាគនៅក្នុងការស្ទង់មតិរបស់រ៉យទ័រ និងយឺតជាង ៤,៤ ភាគរយនៅក្នុងត្រីមាសទី ៣។

កំណើនពេញមួយឆ្នាំមានចំនួន ៤,៣ ភាគរយទាបជាងការព្យាកររបស់រដ្ឋាភិបាលដែលថាមាន ៤,៧ ភាគរយ និងខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០១៦។

ធនាគារកណ្តាលបាននិយាយបន្ទាប់ពីការចេញផ្សាយទិន្នន័យនេះថា ការរីករាលដាលនៃវីរុសថ្មីនេះនៅក្នុងប្រទេសចិននឹងដាក់សម្ពាធបន្ថែមទៀតទៅលើសេដ្ឋកិច្ចនៅឆ្នាំនេះ ជាពិសេសនៅក្នុងត្រីមាសទី ១។

រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងកើននៅ ៤,៨ ភាគរយនៅឆ្នាំនេះ ដែលកំពុងធ្វើការលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចមួយសម្រាប់អាកាសចរណ៍ ការលក់រាយ និងវិស័យទេសចរណ៍ដើម្បីសម្រាលដល់ផលប៉ះពាល់៕ (Straights Times)

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគជប៉ុនចំនួន១៤៣មានទុនវិនិយោគ ២៧៨៥លានដុល្លារ

ដោយវុត្ថា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោង វិនិយោគជប៉ុនចំនួន១៤៣គម្រោង ដោយមានទុនវិនិយោគប្រមាណ២៧៨៥ លានដុល្លារអាមេរិក។ នេះ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅក្នុងកិច្ចប្រជុំ លើកទី ១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ម្សិលមិញ។

របាយការណ៍ដដែលបន្តថា កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០០៩ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពី ការសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកShinzo Abe កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នា ២០០៧។

ឆ្លងតាមកិច្ចប្រជុំចំនួន១៨លើកកន្លងមក បញ្ហាប្រឈមមួយចំនួនត្រូវបានឡើងដោយអ្នកវិនិយោគជប៉ុនត្រូវបានភាគីកម្ពុជា បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏សមស្របជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការបណ្តាក់ទុនវិនិយោគជប៉ុន បន្តកើនឡើងបន្ថែមទៀតនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ និងបរិស្ថានវិនិយោគ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់វិនិយោគិនគ្រប់រូប ក្នុងនោះអ្នកវិនិយោគិនកម្ពុជា និងបរទេស ពិតជាមើលឃើញយ៉ាងច្បាស់អំពីគុណសម្បត្តិ របស់កម្ពុជា។

ជាក់ស្តែងវិនិយោគទុនជប៉ុន ដែលមកបណ្តាក់ទុនលើវិស័យកម្មន្ត​សាល មិនមែនវាយនភណ្ឌដូចជា ផលិតផលអេឡេចត្រូនិច និងអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម គឺជាការផ្តល់ឱកាសដល់កម្ពុជា ក្នុងការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួន ក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥–២០២៥។

លោក ម៉ាសាហ៊ីរ៉ុ មីកខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងថា គោលដៅអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះក្តីកង្វល់ និងសំណូមពរផ្សេងៗរបស់អ្នកវិនិយោគទុនជប៉ុន ។

លោកបន្តថា “សកម្មភាពទាំងនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំអ្នកវិនិយោគ ក៏ដូចជាការផ្តល់ភាពកក់ក្តៅក្នុងការជំរុញធ្វើពិពិធកម្មកាន់តែខ្លាំងក្លាផងដែរ”៕

អូស្រ្តាលីជំរុញអ្នកវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា សន្យានឹងជំរុញអ្នកវិនិយោគិនអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែច្រើននៅកម្ពុជា។

ការលើកឡើងបែបនេះរបស់លោកPablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រ​ទេសអូស្រា្តលីប្រចាំកម្ពុជា ត្រូវបានត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សា ជាមួយនឹងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រ​ទេសទាំងពីរ។

លោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់របស់កម្ពុជានាបរិការណ៍បច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។

ជាពិសេសការដាក់ចេញនិងអនុវត្តនូវ កិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា ការកៀរគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយការចំណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធិភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើ​យរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត លើឆាកអន្តរជាតិ។

លោកក៏បានបញ្ជាក់បន្ថែមថា “ឈរលើហេតុផលពិតនៃការអភិវឌ្ឍទាំងនេះ អូស្រ្តា​លីនឹងបន្តជួយគាំទ្រ ក៏ដូចជាបង្ហាញការពិតពី កិច្ចអភិវឌ្ឍន៍នៅកម្ពុជាបន្តទៀតដើម្បីជំរុ​ញ​ឱ្យអ្នកវិនិយោគិនអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែច្រើន នៅកម្ពុជា”។

លោកបានបន្តថា អ្នកវិនិយោគិនអូស្រ្តាលីមានចំណាប់អារម្មណ៍ ទៅលើការវិនិ​យោ​គលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយវិស័យសេវាកម្មដែលរួមមាន៖ ទេស​ចរណ៍ និងការបណ្តុះបណ្តាល និងអប់រំ ក៏ត្រូវបានគិតគូរផងដែរ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូស្រ្តាលីបានមកទស្សនា ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំនួនប្រមាណ៣០០០នាក់ បានចុះឈ្មោះទៅ សិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ”។

ភាគីទាំងពីរក៏បានពិភាក្សា អំពីការព្យាករណ៍នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការព្យួរ EBA ជាយថាហេតុ ដោយសហភាពអឺរ៉ុប ជាមួយនឹងសេណារីយ៉ូសម្រាប់ជាដំណោះស្រាយរបស់កម្ពុជា និងឥទ្ធិពលនៃរាតត្បាតនៃជំងឺកូរ៉ូណាថ្មីមកលើសេដ្ឋកិច្ចកម្ពុជាជាដើម ។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរលោកPablo Chiho Kang ឱ្យទទួលបានជោគជ័យ ក្នុងតួនាទីថ្មីរបស់លោកនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្ត​មប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី៕

ការដកចំណែកតូច១នៃEBAរបស់សហភាពអឺរ៉ុបគឺល្អសម្រាប់កម្ពុជាក្នុងការពង្រឹងភាព ប្រកួតប្រជែងរបស់ខ្លួន

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់គណៈកម្មការសភាពអឺរ៉ុបពីកម្ពុជា ប្រមាណ២០ភាគរយនាពេលនេះ គឺជាចំណុចដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កាហានិភ័យចំពោះសេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចកាលពីកន្លងមក។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia តាមទូរស័ព្ទនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដកអនុគ្រោះពន្ធ EBA របស់គណៈកម្មការសហភាពអឺរ៉ុបពីកម្ពុជានៅពេលនេះ គឺមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ហើយវាគឺជាចំណុចល្អសម្រាប់កម្ពុជាទៅវិញទេ ក្នុងការត្រៀមខ្លួនចាប់យកឪកាសដើម្បីពង្រឹងឱ្យបានរឹងមាំថែមទៀត។

លោកឧកញ៉ាថា “ខ្ញុំគិតថានេះគឺជារឿងល្អ ព្រោះថាការដកEBA នេះ គឺជារឿងមុន និងក្រោយតែប៉ុណ្ណោះ យ៉ាងហោចណាស់យ៉ាងយូរ៥ឆ្នាំទៀត សហភាពអឺរ៉ុបនឹងដក ១០០%  ហើយតែបើដក១០០% យើងអាចប៉ះពាល់ខ្លាំង”។លោកបន្ថែមថា “តែបើដកជាសន្សឹមៗ បែបនេះ (២០% ) វាជាឪកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងខ្លួនកាន់តែរឹងមំា ដោយមិនពឹងផ្អែកលើ EBA ទៀតនោះទេ”។

លោកឧកញ៉ាបន្ថែមទៀតថា  ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់គណៈកម្មការសភាពអឺរ៉ុបពីកម្ពុជានេះ គឺមិនធ្វើឱ្យកម្ពុជាបាក់មុខខ្លាំងនោះទេ នៅលើឆាកអន្តរជាតិ ព្រោះថាEBAនេះ គឺគេផ្តល់ឱ្យប្រទេសក្រីក្រ ឬប្រទេសដែលកំពុងអភិវឌ្ឍន៍។ ហើយការដកនេះទៀតសោត បានបង្ហាញពីសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចំរើន ដែលអាចឈរដោយខ្លួនឯងបាន។

លោកឧកញ៉ា “បើគេដកទៅសេដ្ឋកិច្ចយើងដួលបានវាខ្មាស់គេ តែបើគេដកដើម្បីតែគោលបំណងអ្វីមួយនោះគឺជារឿងរបស់គេ។ សម្រាប់សេដ្ឋកិច្ចវិញ អ្វីដែលគេដាក់ទានឱ្យយើង គេដកអាការដាក់ទានយកទៅវិញ ហើយអាចរស់ដោយខ្លួនឯងបាន នោះគឺកិត្តិ​យសរបស់ខ្លួនយើងហើយ ដោយមិនពឹងលើការដាក់ទានរបស់គេទៀតទេ”។

លោកបណ្ឌិត គី សិរីវឌ្ឍន៍  អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា  បានឱ្យដឹងដែរថា បើតាមរបាយការណ៍របស់គណៈកម្មការអឺរ៉ុប គឺគេសម្រេចបានដកប្រមា​ណ ១ភាគ៥នៃការនាំចេញរបស់កម្ពុជា ដែលស្មើនឹងប្រមាណ១ពាន់លានដុល្លារ គឺមិនមែនន័យថាការផ្អាកទៅលើការនាំចេញ ហើយបាត់ចំណូលជាតិនោះទេ តែផ្ទុយទៅវិញវាគ្រា​ន់តែធ្វើឱ្យទំនិញរបស់កម្ពុជាឡើងថ្លៃពី១១ ទៅ១៧ ភាគរយតែប៉ុណ្ណោះ។

លោកបណ្ឌិតបន្តថា“ទំនិញខ្លះរបស់កម្ពុជា មិនបាននាំចេញទៅកាន់សហភាពអឺរ៉ុបនោះទេ ដូចជាប្រភេទស្ករសជាដើម។ ហើយបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជាវិញ គឺវាអាស្រ័យការបិតទ្វាររោងចក្រឬក៏អត់ តែបើរោងចក្រនៅតែដំណើរវាមិនមានផលប៉ះពាល់សេដ្ឋកិច្ចនោះទេ”។

លោកបណ្ឌិបន្តទៀតថា ម្យ៉ាងទៀត បើទោះបីសហភាពអឺរ៉ុប ដក EBA នេះពីកម្ពុជា ក៏មិនមានបញ្ហាដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ ដោយសារតែអ្នកដែលផលិត និងដូរនូវនិតិវិធី ដោយដូរលេខកូដដេរផលិតផលពីការមិនជាប់ពន្ធ ទៅជាការជាប់ពន្ធ  ហើយក៏អាចផលិតនូវផលិតផលផ្សេងទៀសម្រាប់ធ្វើការនាំចេញ។ ម្យ៉ាងទៀត វាគឺជាការធ្វើនូវរបទនៃការនាំចេញរបស់កម្ពុជា លើផលិតផលផ្សេងដែលមានសក្តានុពល។

លោកបណ្ឌិតបន្ថែមថា “រោងចក្រដែលនឹងត្រូវបិតទ្វារ ក៏មិនមែនជារោងចក្រខ្នាតធំដែរ វាជារោងចក្រតូចៗ ដែលទទួលដេរពីរោងចក្រធំៗ  ហើយបើប៉ះពាល់ក៏ប៉ះពាល់បន្តិចបន្តួចដែរចំណែករោងចក្រធំៗ នៅតែមានតម្រូវការកម្លាំងពលកម្មច្រើន”។

លោកបណ្ឌិតបញ្ជាក់ទៀតថា  អនុគ្រោះពន្ធEBAនេះ ត្រូវបានសហភាពអឺរ៉ុប់ផ្តល់ដល់កម្ពុជាតាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២០នេះ ពោលគឹមានរយៈពេល២០ឆ្នាំ ដែលដល់ពេលឱ្យគេជួយហើយ។ នៅពេលដែលគេជួយតែរហូតបែបនេះ គឺកម្ពុជាមិនអាចរីកចម្រើនទៅមុខនោះទេ ដោយរងចាំតែជំនួយរហូត។

លោកបណ្ឌិតគី សិរីវឌ្ឍន៍បានបន្តថា “ខ្ញុំគិតថាការដកEBA នេះគឺការជំរុញឱ្យកម្ពុជា មានការខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការ ផលិត និង លើកកម្ពស់វិស័យសេដ្ឋកិច្ចរបស់ខ្លួនឯង កាលណាពឹងតែគេជួយរហូតគឺមិនមានគំនិត និងខ្វល់ខ្វាយអភិវឌ្ឍន៍ប្រទេ​សនោះទេ”។

រដ្ឋាភិបាលបានកាលពីកន្លងមកនេះ បានត្រៀមខ្លួនរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហា​លើការប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈ ដែលប្រមុខរាជដ្ឋាភិបាលបានប្រកាសថា មិនឱ្យមានការព្រួយបារម្ភ លើបញ្ហានសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងការអញ្ជើញបើ​កការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះថា “យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។

សម្តេចតេជោបានថ្លែងថា “អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។ កម្ពុជាត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់”។

សម្តេចតេជោថ្លែងថា កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយ ដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជាពីប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើង ការពារអធិបតេយ្យ និងឯករាជ្យជាតិដោ​យមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ៕

ការអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកចូលក្រុងព្រះសីហនុ គឺជារឿងល្អសម្រាប់ប្រទេសកម្ពុជា

ដោយៈ រ៉ាណេត

ព្រះសីហនុៈ មានការលើកឡើង និងបញ្ចេញទស្សនៈក្រោមការគាំទ្រទៅលើសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ចូលចតនៅក្រុងព្រះសីហនុ គឺជារឿងដ៏ចាំបាច់ និងប្រសើរបំផុត ដែលក្រៅពីជាទឹកចិត្តមនុស្សធម៌មិនប្រកាសន់ពូជសាសន៍ ថែមទាំងអាចផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ សម្តេចបន្តថា បើគេមិនទទួលកម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេល ដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ

ស្ថិតនៅក្រោមទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាដឹកផ្ទុកមនុស្សចំនួន២២០០នាក់ និង៤១ជាតិសាសន៍ផ្សេងគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានបង្ហាញពីការគោរព និងស្ញប់ស្ញែងចំពោះការយោគយល់របស់សម្ដេចតេជោ ដែលក្រៅពីបង្ហាញពីទឹកចិត្តមនុស្សធម៌ និងមិនរើសអើងជាតិសាសន៍ដទៃនោះ ថែមទាំងជាចំណុចដល់កម្ពុជាទៅលើវិស័យផ្សេងៗទៀតនៅថ្ងៃអនាគត ដែលក្នុងនោះរួមមានវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្មផងដែរ។

លោក ហូរ វណ្ឌី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ការអនុញ្ញាតឱ្យនាវាទេសចរណ៍លំដាប់ពិភពលោកនេះ ចូលមកកាន់កម្ពុជា ហាក់មិនមានអ្វីដែលព្រួយបារម្ភនោះទេ។ ពាក់ព័ន្ធទៅនឹងការសង្ស័យមានមេរោគ ឬជម្ងឺ យើងមានអ្នកជំនាញត្រួតពិនិត្យត្រឹមត្រូវ ដូច្នេះវាមិនមែនជាបញ្ហានោះទេ។ ផ្ទុយទៅវិញកម្ពុជានឹងទទួលបានផលប្រយោជន៍ពីសកម្មភាពមួយនេះ ដោយសារតែអ្នកដែលនៅក្នុងនាវាគឺជាភ្ញៀវទេសច ជាអ្នកជំនួញ និងជាអ្នកដំណើរ ដូច្នេះនៅក្នុងឱកាសបានចូលមកកាន់កម្ពុជា។


ក្រៅពីមានការដឹងគុណចំពោះទឹកចិត្តដ៏ល្អរបស់កម្ពុជា ពួកគេក៏បានស្គាល់ នឹងដឹងខ្លះៗពីសក្ដានុពលវិស័យទេសចរ និងឱកាសធ្វើជំនួញនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទាំងអស់នេះ អាចនឹងលេចចេញជារូបរាងនៃផលប្រយោជន៍ ផ្នែកជំនួញនៅថ្ងៃខាងមុខនេះ

តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន នាវាទេសចរណ៍មួយនេះបានឱ្យដឹងថា បន្ទាប់ពីសំចតរយៈពេល១២ថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះ សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ដោយឡែកសម្រាប់អាជ្ញាធររបស់កម្ពុជា ក៏បានអះអាងផងដែរថា កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះទេ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។


ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើកឡើងផងដែរថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុសធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា។

មុនពេលអនុញ្ញាត្តឲ្យចូលចតដោយសម្តេចតេជោ នាវាខ្នាតយក្សនេះបានព្យាយាមចូលចតនៅប្រទេសចំនួន៦ ប៉ុន្តែត្រូវបានបដិសេធដោយសារការរើសអើង។

ប្រទេសទាំង៦នោះរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្កាំ និងប្រទេសថៃ៕

ប្រទេសឥណ្ឌាស្ថាបនាផ្លូវដោយប្រើប្រាស់កាកសំណល់ប្លាស្ទិក

ដោយហ្សូលី

ភ្នំពេញៈ អ្នកវិទ្យាសាស្ត្រឥណ្ឌាម្នាក់ បានបង្កើតបច្ចេកទេសមួយ ដើម្បីធ្វើឱ្យផ្លូវថ្នល់នៅក្នុងប្រទេសឥណ្ឌាបង្កើតចេញពីប្លាស្ទិច ដែលមិនត្រឹមតែធ្វើឱ្យផ្លូវល្អប្រសើរប៉ុណ្ណោះទេ តែថែមទាំងយកចិត្តទុកដាក់លើបញ្ហាសំរាមទៀតផង។


លោក R Vasudevan គឺជាមនុស្សមានទេពកោសល្យម្នាក់ ដែលនៅពីក្រោយការបង្កើតថ្មីនេះ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ Madras ដើម្បីលុបបំបាត់បញ្ហាបរិស្ថានកាកសំណល់សកលលោក លោកក៏បានកែឆ្នៃផ្លាស្ទិចឱ្យមានប្រយោជន៍ជំនួសឱ្យការចាក់សំរាមឬដុតវាចោល។

តើផ្លូវផ្លាស្ទិចត្រូវបានបង្កើតយ៉ាងដូចម្តេច?

ជាដំបូង ត្រូវច្របាច់ជ័រធម្មតា ដែលធ្លាប់បានប្រើធ្វើផ្លូវកាលពីមុន ដើម្បីសាងសង់ជាមួយប្លាស្ទិក។ បន្ទាប់មកទទួលជំនួយពីល្បាយប៉ូលីមែរ នៅក្នុងការសាងសង់ផ្លូវ។ ចំពោះដុំថ្មនីមួយៗមានទម្ងន់៥០ ក្រាមនៃប៊ីតត្រូវបានគេប្រើប្រាស់ហើយ /១០ នេះជាកាកសំណល់ប្លាស្ទិក។ ប្លាស្ទិចមានតម្លៃនិងគុណភាពនៃក្រាលថ្ម ដែលអាចបត់បែនបាន។

ការដាក់បញ្ចូលផ្លាស្ទិចជារូបធាតុសាងសង់ផ្លូវនេះ គឺជួយឱ្យផ្លូវថ្នល់មានភាពរឹងមាំទ្វេដងដូចផ្លូវកៅស៊ូធម្មតា។ ជាមួយនឹងផ្លាស្ទិចផ្លូវថ្នល់មិនងាយខូចខាត ដូចជាផ្លូវធម្មតាទេ។

ការអនុវត្តន៍បច្ចេកទេស

សព្វថ្ងៃនេះ បច្ចេកទេសកំពុងអនុវត្តដោយនៅពាសពេញឥណ្ឌា មិនថានៅតាមបណ្តារខេត្ត រាជធានីជាដើម។

វិធីនេះជំរុញឱ្យសំរាមប្លាស្ទិច ត្រូវបានប្រើក្នុងការសាងសង់ផ្លូវហាយវ៉េ ជាពិសេសផ្លូវជាតិក្នុងចម្ងាយ៥០គីឡូម៉ែត្រ នៃទីក្រុងដែលមានប្រជាជន៥លាននាក់ ឬច្រើនជាងនេះ។


ក្រសួងដឹកជញ្ជូន និងផ្លូវហាយវ៉េ បានចាប់ផ្តើមបេសកកម្មប្រើប្រាស់ប្លាស្ទិចកាកសំណល់សំរាមតាមរបៀបដ៏ធំមួយ។ ពួកគេបានកេណ្ឌប្រជាជនជិត២៦ម៉ឺននាក់ នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយការយល់ដឹងលើការគ្រប់គ្រងសំរាមប្លាស្ទិច។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាកសំណល់ប្លាស្ទិកនេះ បណ្តាលឱ្យមានការប្រមូលសំរាមប្លាស្ទិចជិត១៨ម៉ឺនគីឡូក្រាមនៅទូទាំងប្រទេស

ប្រទេសឥណ្ឌាមានផ្លូវជាង១០០.០០០ គីឡូម៉ែត្រធ្វើពីផ្លាស្ទិចហើយតំបន់ជាច្រើនទៀតបានព័ទ្ធជុំវិញដោយផ្លូវនេះ។

មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាទេបច្ចេកទេសរបស់អ្នកស្រាវជ្រាវ R Vasudevan ក៏កំពុងត្រូវបានអនុវត្តនៅប្រទេសផ្សេងៗគ្នាទូទាំងពិភពលោកផងដែរ។

ផ្លូវផ្លាស្ទិចមានបច្ចេកទេសស្រដៀងគ្នា និងកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយប្រើលាយជ័រ ផ្លាស្ទិចនៅក្នុងតំបន់ជាច្រើនរួមមាន កោះបាលី ស៊ូរ៉ាយ៉ាយ៉ា និងកន្លែងផ្សេងទៀត។

ផ្លូវផ្លាស្ទិចក៏ត្រូវបានសាងសង់ដោយក្រុមហ៊ុនហូឡង់ Volkerwessels សម្រាប់អ្នកជិះកង់នៅZwolle ភាគសាននៃប្រទេសហូឡង់។ រីឯចក្រភពអង់គ្លេសក៏ត្រូវបានប្រកាសផងដែរថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន១, លានអឺរ៉ូ សម្រាប់ការសាកល្បងបច្ចេកវិទ្យាផ្លាស្ទិចដោយសហការជាមួយក្រុមហ៊ុន MacRebur ក្រុមហ៊ុនកែលម្អ asphalt នឹងអនុវត្តបច្ចេកវិទ្យាថ្មីនេះ ជាមួយសមាសធាតុសំងាត់ផ្ទាល់ខ្លួនមួយចំនួន ដើម្បីធ្វើឱ្យផ្លូវថ្នល់គង់វង្សបានយូរនៅក្នុងទីក្រុងឡុដ៍ជាដើម៕