ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណ្ឌបឹងកេងកង ត្រូវបានគេទទួលស្គាល់ថា ជាតំបន់ដែលមានតម្រូវការ និងសក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លីក៏ស្ថិតនៅលំដាប់កំពូលក្នុងរាជធានីភ្នំពេញ រហូតដល់នៅទីតាំងខ្លះ មានតម្លៃចាប់ពី៨,០០០ទៅ១០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះក៏មានដែរ អាស្រ័យទៅតាមតម្រូវការចាំបាច់ និងភាពជាក់ស្ដែង។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៤ ខែមឧសភា ឆ្នាំ២០២០នេះថា តម្លៃដីធ្លីនៅក្នុងខណ្ឌបឹងកេងកងមានភាពខុសគ្នា ដែលអាស្រ័យទៅតាមទីតាំង ផ្លូវចរាចរណ៍ និងតម្រូវការជាក់ស្ដែង។
-->
លោកស្រីបានបន្តថា “ថ្វីត្បិតស្ថិតនៅក្នុងខណ្ឌបឹងកេងកងតែ១ ប៉ុន្តែកម្រិតនៃតម្លៃគឺមានភាពខុសគ្នារាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅក្នុងសង្កាត់បឹងកេងកង១ គឺជាបណ្តុំសំណង់អគារខ្ពស់ៗ ដែលបម្រើសេវាជាអគារពាណិជ្ជកម្ម ជាលំនៅដ្ឋានសហកម្មសិទ្ធិ ឬខុនដូ និងជាអាផាតមិនដែលមានតម្លៃកម្រិតខ្ពស់”។ លោកស្រីបន្ថែមថា “នៅតំបន់នេះ ចន្លោះផ្លូវត្រសក់ផ្អែម ផ្លូវប៉ាស្ទ័រ រហូតជិតដល់តំបន់ផ្សារបឹងកេងកង អាចមានតម្លៃចាប់ពី ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក្រៅពីតំបន់នេះ អាចមានតម្លៃទាបជាងឬខ្ពស់ជាង”។
លោកស្រី តាំង ហួរ បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តម្លៃដីស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ម្តុំផ្សារទំនើប AEON1 តាមផ្លូវសុធារស អាចមានតម្លៃចាប់៦៥០០-៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើងាកទៅតំបន់ខាងក្នុង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាកដូចគ្នា ប៉ុន្តែមានផ្លូវចេញ-ចូល តូច អាចមានតម្លៃត្រឹម ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ភ្ជាប់ទៅនឹងការបង្ហើបពីតម្លៃដីធ្លី នៅក្នុងតំបន់ខណ្ឌបឹងកេងកង លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ធ្លាប់បានប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា បឹងកេងកង បានក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ (CBD) រួចជាស្រេចទៅហើយ ដែលក្រៅពីវត្តមានសំណង់អាគារស្នាក់នៅ និងពាណិជ្ជកម្មធំៗ ក៏មានបណ្តាហាងអាហារដ្ឋានលំដាប់អន្តរជាតិ ដូចជាហាងកាហ្វេ ម៉ាត ផ្សារទំនើបបែបសហគមន៍ សាលារៀនអន្តរជាតិ និងគ្លីនិកឯកជនជាដើម ដែលទាំងអស់នេះហើយធ្វើឱ្យតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្ពស់។
លោកឧកញ៉ាបានបន្តថា “ចំពោះតម្លៃដីធ្លីដូចការលើកឡើងខាងលើនេះ មិនមានអ្វីចម្លែកនោះទេ ព្រោះវាបានឡើងជាយូររួចមកហើយ។ ដោយឡែកនៅទីតាំងមួយចំនួនទៀតកាន់តែថ្លៃជាងនេះទៅទៀត ជាក់ស្ដែងដូចជា តំបន់ផ្លូវព្រះមុនីវង្សជាដើម គឺមានតម្លៃខ្ពស់រហូតដល់ ១០ ០០០ដុល្លារ ឬអាចលើសនេះតិចតួច អាស្រ័យទៅតាមប្រភេទដី និងតម្រូវការជាក់ស្ដែងរបស់អ្នកទិញ”។
លោកឧកញ៉ានួន រិទ្ឋីបានបញ្ជាក់ថា បច្ចុប្បន្ន ដីដែលស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មមួយនេះ ហាក់មិនមានដីទំនេរធំៗដែលស័ក្ដិសម សម្រាប់អភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មធំៗទៀតនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏មានការពិចារណា យ៉ាងលម្អិតមុនពេលសម្រេចចិត្តទិញដីនៅតំបន់នេះ ដោយសារតែកត្តានៃតម្លៃផងដែរ”៕