រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឯកជនមួយដើម្បីរុករកប្រេងនៅប្លុកD ក្នុងដែនទឹកកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាតបានឱ្យដឹងថា ក្រុមហ៊ុន Cambodian Resources Energy Development Co Ltd (ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកម្ពុជា) ដែលគ្រប់គ្រងដោយវិនិយោគិនចិន ត្រូវបានផ្តល់អាជ្ញាប័ណ្ណការរុករកប្រេងរយៈពេល៣ឆ្នាំ នៅឈូងសមុទ្រថៃប្លុកDនៅឯនាយសមុទ្ររបស់ប្រទេសកម្ពុជា។

លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល ត្រូវបានរាយការណ៍ ដោយកាសែតអន្តរជាតិមួយថា ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Cambodian Resources Energy Development បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែ ធ្នូ ដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការរុករកប្រេងតំបន់នោះ។

ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមរុករកប្រេងនៅប្លុកDនៅឆ្នាំនេះ។ លោកជៀប សួរ បានថ្លែងថា “ឥឡូវនេះ ក្រុមហ៊ុនកំពុងសិក្សារាល់ឯកសារទាំងអស់។ បន្ទាប់មកទៀត ពួកគេនឹងចាប់ផ្តើមរុករកប្រេង”។លោកបានបន្តថា “ប្រសិនបើពួកគេឃើញថា ប្លុកនេះមានសក្តានុពល ពួកគេនឹងចាប់ផ្តើមរៀបចំដើម្បីទាញយកប្រេង។ ប៉ុន្តែយើងកំពុងស្ថិតក្នុងដំណា​ក់កាលដំបូង ដូច្នេះវាត្រូវការពេលវេលាយូរ មុនពេលដែលប្រេងអាចត្រូវបានទាញយក”។

លោកបានកត់សម្គាល់ថា ក្រសួងកំពុងផ្តល់អាទិភាព ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត មកវិស័យរ៉ែ និងថាមពលនៅកម្ពុជា។

ប្លុកD គឺជាតំបន់ដែលមានទំហំ៥,៥០០ គីឡូម៉ែត្រក្រឡានៅឈូងសមុទ្រថៃ ដែលពីមុនត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងស្រុក CPHL (Cambodia)។

រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណ រុករកប្រេងនៅក្នុងខែ ឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

លោកជៀប សួរ បានឱ្យដឹងថា ប្រទេសកម្ពុជាបានបែងចែកតំបន់ សម្រាប់ការរុករកប្រេងកាតទៅជាឆ្នេរសមុទ្រចំនួន៦ និងប្លុកដីគោកចំនួន១៩។

លោកបាននិយាយថា ក្រសួងកំពុងចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនកាណាដាEnerCam Co ដើម្បីរុករកប្រេងនៅប្លុក VIII។

លោកបានមានប្រសាសន៍ថា “ខ្ញុំរំពឹងថាយើងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការរុករកប្រេងជាមួយក្រុមហ៊ុននេះឆាប់ៗនេះ”។

ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីបច្ចុប្បន្ន កំពុងអភិ​វ ឌ្ឍន៍អណ្តូងប្រេងអប្សរាក្នុងប្លុកA របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបំណងទាញយកតំណក់ប្រេងលើកដំបូងនៅឆ្នាំនេះ។

យោងតាមKrisEnergy ប្លុកAនេះត្រូវបានគេរំពឹងថា នឹងឈានដល់ការផលិតខ្ពស់បំផុត៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕

សម្តេចតេជោអនុញ្ញាតឱ្យអ្នកទេសចរដែលធ្វើដំណើរតាមនាវា MS Westerdam ដើរលេងកម្សាន្តក្នុងក្រុងព្រះសីហនុ និងខេត្តសៀមរាប

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដើរលេងកម្សាន្តនៅក្នុងព្រះសីហនុ និង ទស្សនាអង្គរវត្តនាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងអញ្ជើញស្វាគមន៍ដោយផ្ទាល់ចំពោះអ្នកដំណើរលើនាវា WESTERDAM នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានមានប្រសាសន៍ ថា សម្តេចបានបើកឱកាសដល់អ្នកនៅក្នុងនាវាទាំងអស់ដែលមិនទាន់បានចាកចេញពីប្រទេសកម្ពុជា អាចធ្វើដំណើរកម្សាន្តនៅក្នុងទីក្រុងព្រះសីហនុ ហើយបើមានបំណងទៅទស្សនាអង្គវត្តនៃខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ។
សម្តេចថ្លែងថា “ខ្ញុំសូមស្វាគមន៍ដល់បងប្អូនដែលមានបំណងចុះលេងខេត្តព្រះសីហនុ Welcome to Cambodia “។

សម្តេចបន្តថា មានក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ ៤ គ្រឿងដែលបានត្រៀមរៀបចំសម្រាប់ជូនទៅទីនោះ ។ បើតាមសម្តេចតេជោហ៊ុន សែនថា មានអ្នកទេសចរណ៍ប្រមាណ ១០០ នាក់ ដែលនឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបំរើនៅតាមសណ្ឋាគារ និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើងដល់ភ្ញៀវទេសចរណ៍ទាំងនេះនោះទេ ។

នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ កុម្ភះ ឆ្នាំ ២០២០ ម្សិលមិញនេះ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។

សម្តេចតេជោថ្លែងថា “នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ”។

សម្តេចតេជោបញ្ជាក់ទៀតថា ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕

រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្តឱ្យស្ថាបត្យករជួយភ្ជាប់នូវរចនាបថខ្មែរទៅក្នុងគ្រប់ប្លង់គំរូសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញ និងលើកទឹកចិត្តទៅដល់បណ្តាក្រុមហ៊ុន ជាពិសេសស្ថាបត្យករដែលមានជំនាញក្នុងការគូរប្លង់គំរូសំណង់ផ្សេងៗ គួរបញ្ចូល និងភ្ជាប់ជាមួយរចនាបថខ្មែរ ដើម្បីជាការចូលរួមគាំទ្រដល់អត្តសញ្ញាណជាតិ ក៏ដូចជាលើកកម្ពស់ប្រពៃណី និងវប្បធម៌ខ្មែរផងដែរ។

ស្ថាបត្យកម្មសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្ហាញពីភាពរីកចម្រើន និងគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករជំនាញដោយមានរួមបញ្ចូលនូវការស្រមើលស្រមៃទៅតាមក្បួនខ្នាតយ៉ាងត្រឹមត្រូវ ដើម្បីបង្កើតបានគម្រោងសំណង់អគារនានាដែលមានភាពល្អឥតខ្ចោះ និងធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលវែង។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការកោតសរសើរ និងគាំទ្រទៅលើភាពរីកចម្រើននៃគំនិតច្នៃប្រឌិតរបស់បណ្តាស្ថាបត្យករខ្មែរជំនាន់ក្រោយ ដោយក្នុងនោះលោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការភ្ជាប់រចនាបថខ្មែរទៅនឹងស្ថាបត្រកម្ម ក្នុងគោលបំណងចូលរួមគាំទ្របង្ហាញអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ។

មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជូនអ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់ លើទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបញ្ជូនរចនាបថខ្មែរជាមួយនឹង អគារសម័យទំនើបនេះ គឺនឹងធ្វើឱ្យអគារនោះកាន់តែមានសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ ហើយជួយថែរក្សាតម្លៃវប្បធម៌ខ្មែរថែមទៀតផង។ លោកបានបញ្ជាក់ថា “យើងចង់បានឱ្យមានការផ្សារភ្ជាប់នូវអត្តសញ្ញាណជាតិរបស់យើង មានន័យថា ទាំងអ្នកគូរ ទាំងអ្នកត្រួតពិនិត្យ សូមអំពាវនាវជួយបំពាក់ខ្លះៗ មិនមែនទាំងស្រុងទេ ។ ក៏ប៉ុន្ដែ អ្វីដែលជាផលប្រយោជន៍ គឺគាំទ្រទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់វិស័យរបស់យើង កើតនៅក្នុងដីព្រះរាជាណាចក្រកម្ពុជា គឺផ្សារភ្ជាប់នូវអត្តសញ្ញាណណាមួយក៏បានដែរ មិនមែនទាំងស្រុង នឹងឱ្យមានការផ្សារភ្ជាប់ខ្លះ កុំឱ្យមើលទៅវាមិនមែនស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹក ចំពោះវិស្វករទាំងអស់ នៅពេលបើកការដ្ឋានសាងសង់អគារ បញ្ហាចំបងត្រូវគិតគូរ គឺរឿងប្រព័ន្ធបង្ហូរទឹកកខ្វក់ សម្លាប់មេរោគ មុននឹងបង្ហូរចូលលូសាធារណៈ កុំឱ្យមានជាតិពុល ជាពិសេស ការពារបរិស្ថាន ដើម្បីសុខភាពប្រជាជន។ គ្រប់ការដ្ឋានសំណង់ទំាងអស់ ត្រូវមានវិស្វករប្រចាំការចំនួន២នាក់ក្នុងមួយការដ្ឋាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងប្រឈមការចុះបិទភ្លាមៗ ព្រោះតាមច្បាប់នៃវិស័យសំណង់ គឺត្រូវធានានូវសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាង់សង ដែលធានាផលប្រយោជន៍ជាបុគ្គល ធានាផលប្រយោជន៍សាធារណៈ៕

ចំណេះដឹង! តើអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់បាត់បង់នីតិសម្បទាក្នុងករណីណាខ្លះ?

ដោយវុត្ថា

ភ្នំពេញៈ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលអាចប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យបាន ត្រូវមានអាជ្ញាបណ្ណ ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំណែកអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបំពេញមុខងារជានាយកបច្ចេកទេសនៃក្រុមហ៊ុនដែលប្រកបអាជីវកម្ម ក្នុងវិស័យសំណង់មិនតម្រូវឱ្យមា នអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ។

សម្រាប់នាយកបច្ចេកទេសនៃក្រុមហ៊ុន ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបំពេញមុខងារដោយឯករាជ្យ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិបច្ចេក​ទេសជាធរមាន។

តើអ្នកវិជ្ជាជិវៈក្នុងវិស័យសំណង់បាត់បង់នីតិសម្បទាក្នុងករណីណាខ្លះ?

យោង​តាមច្បាប់ស្តីពី សំណង់មាត្រា១៦បានឱ្យដឹងថា អ្នកវិជ្ជាជីវៈក្នុងវិស័យសំណ​ង់ត្រូវបាត់បង់នីតិសម្បទា ក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីណាមួយ ដូចខាងក្រោម៖

-លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ

-បានប្រព្រឹត្តិកំហុសវិជ្ជាជីវៈដែលនាំទៅដល់ការផ្អាកឬ ការដកហូតអាជ្ញាបណ្ណប្រកវិជ្ជាជីវៈ

-មានបញ្ហាសុខភាពដែលអាចប៉ះពាល់ ដល់ការប្រកបវិជ្ជាជីវៈ ដោយមានបញ្ជាក់ពីគ្រូពេទ្យជំនាញ ឬបានទទួលការប្រកាសការចាប់ផ្តើម អាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ។

-បានទទួលការប្រកាសក្ស័យធនដោយតុលាការ

-ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ។

មាត្រាដដែលបញ្ជាក់ថា នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់អាចត្រូវបានផ្តល់ឡើងវិញ ក្រោយរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃដកហូតអាជ្ញាបណ្ណ។​​

ក្នុងករណីបាត់បង់នីតិសម្បទា ក្នុងការប្រកបវិជ្ជាជីវៈ ដោយមូលហេតុត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈនេះ អាចត្រូវបានផ្តល់ឡើងវិញ បន្ទាប់ពីសាមីខ្លួនបានទទួលនីតិសម្បទាឡើងវិញ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ៕

រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចុះថ្លៃអគ្គិសនីពី៥០ទៅ៦០លានដុល្លារក្នុង១ឆ្នាំ ដល់វិស័យឧស្សាហកម្ម និងកសិកម្ម

ដោយ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី គិតជាប្រាក់ប្រមាណពី៥០ ទៅ៦០លានដុល្លារក្នុង១ឆ្នាំ ដល់វិស័យឧស្សាហកម្ម និងកសិកម្មចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនលោកឯកអគ្គរាជទូតជប៉ុន ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ នៅវិមានសន្តិភាពថា ដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា នៅខែកុម្ភៈនេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី១សេនក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន។

ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី១សេន ក្នុងមួយគីឡូវ៉ាត់ សម្រាប់ជួយដល់វិស័យ​ឧស្សាហកម្ម និងកសិកម្មនេះ ត្រូវបានលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ហើយវិក្កយបត្រអគ្គិសនី ដែលចេញនៅចុងខែកុម្ភៈនឹងអនុត្តន៍តម្លៃថ្មីនេះ។

លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលទទួលបានបានបញ្ចុះតម្លៃនេះ មានចំនួនរហូតដល់៨០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើកផែនការបញ្ចុះថ្លៃអគ្គិសនី តាមផែនការនៃឆ្នាំនីមួយៗ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ថា “ការបញ្ចុះតម្លៃ១សេនក្នុងមួយគីឡូវ៉ាត់នេះ បើគិតជាប្រាក់ប្រមាណពី៥០-៦០លានដុល្លារក្នុង១ឆ្នាំ ដែលនេះជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ផ្នែកឯកជន ក្នុងវិស័យឧស្សាហកម្ម ដែ​លមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងជាដើម រួមទាំងវិស័យកសិកម្មផងដែរ ដើម្បីសម្រួលដល់ការវិនិយោគ”។

ក្រសួងរ៉ែ និងថាមពលបានអះអាងថា នៅឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្ពុជាលែងជួបបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ។ តម្រូវការអគ្គិសនីខ្ពស់បំផុត ក្នុងឆ្នាំ២០២០ មានចំនួន២២០០មេហ្គាវ៉ាត់ ខណៈការផ្គត់ផ្គង់ក្នុងស្រុក និងនាំចូលពីក្រៅប្រទេសលើសពីតម្រូវការ។ កម្ពុជាមានថាមពលសម្រាប់បម្រុងទុកប្រមាណ២០-៣០ភាគរយ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគថ្មីៗ ដូច្នេះកម្ពុជាមានថាមពលសរុបប្រ​ហែល២៦០០-២៧០០មេហ្គាវ៉ាត់៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យកាន់តែប្រសើរ

ដោយវុត្ថា

ភ្នំពេញៈ  រដ្ឋបាលរាជានីភ្នំពេញ  សហការជាមួយក្រុមការងារជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសិក្សា គម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូ​នសាធារណៈ ដើម្បីសម្រួល និងរំដោះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ កាន់តែមានភាពល្អប្រសើរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា គម្រោងនេះ បាននឹងកំពុងពិភាក្សាជាមួយ អ្នកមន្ត្រីជំនាញធនាគារអភិវឌ្ឍន៍អាស៊ី  និងក្រសួងសាធារណៈការ តែមកដល់ពេលនេះមិនទាន់សម្រេចជាផ្លូវការនោះទេ។

លោកបន្តថា “គម្រោងនេះគ្រាន់តែជាផែនការមេ (Master Plans) ដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុងភ្នំពេញធ្វើឱ្យកាន់តែល្អប្រសើរ”។ លោកបន្តថា “យើងមានក្រុមការងារច្រើនមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការសិក្សា តែរហូតមកដល់ពេលនេះ ការសិក្សានេះ គឺមិនទាន់សម្រេចនៅឡើយទេ ព្រោះការសិក្សានេះ មិនទាន់បញ្ចប់”។

លោកបន្ថែមទៀតថា ក្រោយពីបញ្ចប់ការសិក្សា យើងនឹងដឹងហើយថា នឹងត្រូវអនុវត្តបែបណានោះ។ តែយ៉ាងណាក៏លោកប្រធានសាធារណៈការ និងដឹកជញ្ជូរាជធានីភ្នំពេញរូបនេះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ក្នុងការសិក្សា និងអនុវត្តគម្រោងនេះទេ។

យោងតាមគំរូប្លង់ នៃផែនការមេដែលបបានផ្សព្វផ្សាយ ដោយលោកនួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងមកថ្មីនេះបានឱ្យដឹងថា មានទីតាំងមួយចំនួន ដែលបាននឹងកំពុងសិក្សាកែលម្អឡើងវិញរួមមាន  រង្វង់មូលសក្យមុនីចេតិយ៍ ផ្លូវព្រះនរោត្តមចំណុចស្តុប មន្ទីរពេទ្យអង្គឌួង និង ផ្លូវព្រះស៊ីសុវត្ថិជួរមាត់ទន្លេចំណុចមុខផ្សាររាត្រី​។

ដោយ លោក នួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាស្ដីពីវឌ្ឍនភាពនៃគម្រោងនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានា ជួយផ្តល់យោ​បល់ និងអនុសាសន៍អោយបានច្រើនព្រមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងទាំងនេះអាចលេចចេញជារូបរាងនាពេលខាងមុខនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ នឹងក្រុមការងារជំនួ​យបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាស្ដីពីវឌ្ឍនភាព នៃគម្រោងជំនួយបច្ចេកទេសស្ដាប់បទបង្ហាញ និងពិភាក្សាអំពីលទ្ធផលលើការសិក្សា៣ ទីតាំងក្នុងក្របខណ្ឌកម្មវិធីកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែការមេកែលម្អប្រព័ន្ធដឹកជញ្ជូន នៅក្នុងទីក្រុងភ្នំពេញជាច្រើនគម្រោង រួមមាន  សាងសង់ស្ពានអាកាសថ្មើរជើង  ពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សី ស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើង ផ្លូវក្រោមដី និងស្ពានអាកាសជាដើមដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ខណៈដែលទីក្រុងមួយនេះ មានកំណើននូវប្រជាជន យានយន្ត និង សេដ្ឋកិច្ច៕

ទីផ្សារដីធ្លីឡើងថ្លៃខណៈសេដ្ឋកិច្ចឧស្សាហកម្មក្នុងឥណ្ឌូនេស៊ីរំពឹងថានៅតែដំណើរការល្អ

ដោយ ហ្សូលី

ឥណ្ឌូនេស៊ីៈ ទីផ្សារអចលនទ្រព្យដូចជា ឃ្លាំងស្តុក រួមទាំងសេដ្ឋកិច្ចឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី អាចរំពឹងថាមានការកើនឡើងក្នុងចន្លោះឆ្នាំ២០២០-២០២៤។

អចលនទ្រព្យភាគច្រើនមាននៅហ្សាការតា ដែលជារដ្ឋធានីនិងជាទីក្រុងធំបំផុតរបស់ឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងចំណោមកោះចាវ៉ា ដែលមានប្រជាជនច្រើន។ លើសពីនេះទៀត អចលនទ្រព្យឃ្លាំងអាចមានទីតាំងនៅស៊ូរ៉ាបាយ៉ា។ មួយផ្នែកធំនៃហេដ្ឋារចនាសម្ព័ន្ធឃ្លាំងគឺនៅតែស្ថិតក្នុងទម្រង់ “ការចែករំលែក” បែបបុរាណ។ មជ្ឈមណ្ឌលឃ្លាំងស្តុកទុកកេរ្តិ៍ដំណែលទាំងនេះជាទូទៅធ្វើពីឈើ ឬបេតុងដែលមានកំពស់ខ្ពស់ចន្លោះពី ៥-៦ ម៉ែត្រ សំរាប់ផ្ទុកទំនិញនិងសមិទ្ធផលមិនត្រូវខ្នាត។

តម្លៃដើមនៃដីធ្លីគឺជាកត្តាចំបង ដែលរារាំងដល់ការអភិវឌ្ឍឃ្លាំង។ ឧទាហរណ៍ នៅហ្គែរតាជេន មានតម្លៃប្រហែល៦-៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានកំណើនបន្ថែម ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្តីបារម្ភគឺថា តម្លៃដីធ្លីបានកើនឡើង៣០០% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឱ្យការស្ថាបនា គឺជាអាជីវកម្មដែលអាចមានហានិភ័យ។

ឱសថ ពាណិជ្ជកម្ម អេឡិចត្រូនិច គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ក្នុងចំណោមឧស្សា​ហកម្ម ដែលដំណើរការបានខ្ពស់ជាងគេរបស់ឥណ្ឌូនេស៊ី។ ការពង្រីករបស់ពួកគេត្រូវបានគេរំពឹងថា នឹងចាំបាច់ចុះកិច្ចសន្យា និងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូននិងឃ្លាំងថ្មី។

ការលក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សរុបមានចំនួនប្រមាណ៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដោយ៥ពាន់លានដុល្លារ បានពីការកាត់ដេរតាមអេឡិកត្រូនិកនៅឥណ្ឌូណេស៊ី។ នេះបានបង្កើតឱ្យមានតំរូវការរយៈពេលវែង សម្រាប់មជ្ឈមណ្ឌលចែកចាយមជ្ឈមណ្ឌលដឹកជញ្ជូននិងសេវាកម្ម3PL ដើម្បីធានាបាននូវការដឹកជញ្ជូនទំនិញតាមអ៊ីនធឺណេតប្រកបដោយប្រសិទ្ធភាពនិងចំណាយតិច។

ក្រុមហ៊ុនយូនីលីវើរ ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ដ៏ធំ របស់ហូឡង់ – អង់គ្លេស បានសាងសង់មជ្ឈមណ្ឌលចែកចាយទំហំ៩០,០០០ ម៉ែតការ៉េរបស់ខ្លួន នៅក្នុងឆ្នាំ២០១១ ដោយរំពឹងថានឹងមានកំណើនទីផ្សារលក់រាយរបស់ឥណ្ឌូនេស៊ី។ ឧស្សាហកម្មឱសថ គឺជាវិស័យមួយផ្សេងទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

គិតត្រឹមឆ្នាំ២០១៧ វិស័យនេះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ៥ពាន់លានដុល្លា​រអាមេរិក។ ឧស្សាហកម្មពឹងផ្អែកលើការដឹកជញ្ជូន និងការរក្សាសីតុណ្ហភាព។ ខ្សែសង្វាក់គឺមិនសូវមានការអភិវឌ្ឍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាងឃ្លាំងស្តុករបស់ក្រុមហ៊ុនអន្តរជាតិក្នុងការផ្គត់ផ្គង់ មិនត្រឹមតែកន្លែងស្តុកទំនិញ ដែលមានជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏មានហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទូទៅផងដែរ៕

ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបាន៣៧ភាគរយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៧ភាគរយហើយ ដោយក្រុមការងារបាននិងកំពុងពន្លឿនសកម្មភាពធ្វើជញ្ចាំងផ្លូវក្រោមដីយ៉ាងមមាញឹក។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ សម្មភាពនៃការពន្លឿនសាងសង់ទាំងជើងទម្រស្ពានអាកាស និងផ្លូវក្រោមដីយ៉ាងមមាញឹក ដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ៣៧ភាគរយ ដោយក្រុមការងារបានអនុវត្តន៍ការងារទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញឱ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក ។

ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ក្នុងដំណើរការសាងសង់រយៈពេល៣០ខែ និងចំណា​យថវិកាចំនួន២២លានដុល្លារ ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេ​ញ ការសាងសង់នេះគឺត្រូវបានបែងចែកជា៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងមានចំនួនពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។

ស្ពានទី២-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវ៉េងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រ យានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង ៥,២៥ម៉ែត្រ។

ស្ពានទី៣-ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងសម្រាប់រថយន្ត និង មួយគន្លងសម្រាប់ទោចក្រយានយន្ត។

ផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រា​ប់ទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវ៉េងស្រេង មានប្រវែងសរុ​ប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។

ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។

ល្បឿនសុវត្ថិភាព៤០គីឡូម៉ែ​ត្រក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទំហំទទឹង ៨,៥ម៉ែត្រ។ ការកំណត់ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ផ្លូវឯកទិសមានទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពានអាកាសនេះអាចមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀប​ចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

រដ្ឋាភិបាលបារាំងបន្តគាំទ្រគម្រោងរៀបចំប្រព័ន្ធធារាស្ត្រនៅបណ្តាខេត្តចំនួន៥គ្រោងចំណាយជាង៨០លានដុល្លារ

ដោយៈ រ៉ាណេត

         ភ្នំពេញៈ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា AFA បានបង្ហាញពីការគាំទ្រទៅលើសកម្មភាព និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័​ន្ធ ដែលសង្កត់ធ្ងន់ទៅលើធារាសាស្ត្រ ដែលស្ថិតនៅតាមបណ្តាខេត្តសំខាន់ៗចំនួន៥ នៅទូទាំងប្រទេសកម្ពុជា ជាមួយគម្រោងចំណាយចំនួន៧៩លាន អឺរ៉ូស្មើនឹងជាង៨០លានដុល្លារ។

នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍AFD ក៏ដូចជាសហគមន៍អឺរ៉ុប (EU) ដែលបាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្នុងជំហានទី១ មានទំហំវិនិយោគ៧៩លានអឺរ៉ូ ។

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានលើកឡើងនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFD ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការធានាដល់ការអភិវឌ្ឍ ទៅលើប្រព័ន្ធធារាសាស្ត្រ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់កសិកម្ម។

ជាមួយគ្នានេះ ដើម្បីបន្តកិច្ចដំណើរការអភិវឌ្ឍន៍ជំហានទី២ ភាគីទាំង២បានផ្តោតលើការរៀបចំគម្រោងអនុត្តរភាព ប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តសំខាន់សំខាន់ចំនួន៥ រួមមាន ខេត្តសៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ៧០លានអឺរ៉ូ ស្មើនឹងជិត៨០លានដុល្លារ។

លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តារស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ៤០លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ២៥លានអឺរ៉ូ ព្រមទាំងគម្រោ​ង​អាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀត៕

សម្ដេចតេជោ នឹងអញ្ជើញទៅស្វាគមន៍អ្នកដំណើរតាមកប៉ាល់ជាង២២០០នាក់នៅថ្ងៃស្អែកនេះ

ដោយ ៖ រ៉ាណេត

ក្រុងព្រះសីហនុ ៖ នៅត្រឹមព្រឹកថ្ងៃស្អែកទី១៤ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅស្វាគមន៍អ្នកធ្វើដំណើរនៅក្នុងកប៉ាល់ទេសចរណ៍យក្សរបស់អាមេរិក ចំនួនជាង២២០០នាក់
ក្នុងន័យបង្ហាញពីក្ដីស្រឡាញ់ ទឹកចិត្ត ជាមនុស្សធម៌ និងមិនរើសអើងជាតិសាសន៍។

នៅក្នុងសំណេរ ដែលបង្ហោះនៅលើនៅលើគណនីផ្លូវការណ៍របស់សម្ដេចផ្ទាល់បានបញ្ជាក់ថា « ដោយសារតែកម្ពុជាមានសន្តិភាពទើប
ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា
ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត
ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះ
សីហនុដើម្បីជួយដល់ណអ្នកដែលស្ថិតនៅ
លើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ
ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេ
វិញដោយសុវត្ថិភាព»។

សម្ដេចតេជោ បានបន្តទៀតថា «ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅ
ស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុង
ឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព
និងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក
និងប្រទេសនានាដែលមានពលរដ្ឋខ្លួន
ស្ថិតនៅលើនាវាដែលបានផ្តល់នូវការ
ជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេល
លំបាក»៕