ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន និងក្រុមអ្នកធ្វើដំណើរបានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិជាច្រើន និងក្រុមអ្នកធ្វើដំណើរលើនាវា MS Westerdam ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុ បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ចូលចតនេះ បន្ទាប់ពីប្រ​ទេស និងកោះចំនួន៦បានបដិសេធមិនឲ្យចូលចត ក្រោមហេតុផលបារម្ភពីCOVID-19។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy កាលពីថ្ងៃទី១៣ កុម្ភៈកន្លងមកនេះ បានផ្ញើសារជាវីដេអូដល់បងប្អូនប្រជាពលរដ្ឋអាមេរិក ដែលធ្វើដំណើរតាមនាវា Westerdam ចូលសំចតនៅក្រុងព្រះសីហនុបានថ្លែងថា ទូតរបស់អ្នកនៅទីនេះ ចាំទទួលស្វាគមន៍អ្នកដែលមកដល់កម្ពុជា។ អ្នកបានឆ្លងកាត់ច្រើនណាស់រយៈពេលច្រើនថ្ងៃកន្លងមកនេះ ហើយសង្ឈមថា អ្នកនឹងត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

លោកបានថ្លែងថា “យើងធ្វើការយ៉ាងជិតសិទ្ធិជាមួយក្រុមហ៊ុន Holland America និងរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការចុះចតនៅទីក្រុងព្រះសីហនុ។ យើងសូមថ្លែងអំណរគុណដល់កម្ពុជា ដែលមានឆន្ទៈក្នុងការផ្តល់ជំនួយដល់នាវា Westerdam”។

លោកបានបន្តថា “សុវត្តិភាពរបស់ប្រជាជនអាមេរិក នៅក្រៅប្រទេសគឺអទិភាពខ្លាំងបំផុតរបស់ខ្ញុំ។ ក្រុមការងាររបស់ទូតយើងឥឡូវនេះ មានវត្តមាននៅទីក្រុងព្រះសីហនុតៀមខ្លួនរួចជាស្រេច ជួយអាជ្ញាធរកម្ពុជាជាមួយការចូលចត និងផ្ទេរអ្នកតំណើរអាមេរិកទៅកន្លែងបន្ទាប់”។

លោកបន្ថែមថា “យើងដឹងថាអាជ្ញាធរកម្ពុជា កំពុងធ្វើត្រួតពិនិត្យសុខភាព ដែលទាមទាររយៈពេលមួយចំនួន ហើយវានឹងទាមទារឱ្យមានអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែយើងកំពុងធ្វើការជាមួយនឹងអាជ្ញាធរ ដើម្បីសម្រេចកិច្ចការនេះធ្វើបានឆាប់តាមដែលធ្វើទៅបាន។ អរគុណច្រើន”។

ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានផ្ញើរសារអរគុណផងដែរថា ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យ​នាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរ ចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកប​ដោយសុវត្ថិភាពនាពេលឆាប់ៗ។

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ចំពោះជំនួយដ៏មានតម្លៃរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាសម្រាប់អ្នកដំណើរនៃនាវា Westerdam ក្រោមការការពារកុងស៊ុលរបស់ស្ថានទូតបារាំង។

ជាមួយគ្នានេះដែរ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានសរសេលើTwitterរបស់ខ្លួន ដោយបានសំដែងការរីករាយ ចំពោះ​លទ្ធផលតេស្តិ៍អវិជ្ជមាន សម្រាប់ជំងឺរលាកសួត COVID-19 លើអ្នកដំណើរ២០នាក់ លើនាវាMS Westerdam ដែលមានអាការៈមិនស្រួល។

សម្រាប់អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះ វាជាដំណឹងដ៏ល្អមួយ ហើ​យលោកបានអរគុណម្តងទៀត ចំពោះក្រសួងសុខាភិបាល និងរដ្ឋាភិបាលកម្ពុជាចំពោះសាមគ្គីភាព និងសកម្មភាពមនុស្សធម៌។

លោក Tedros ក៏បានបង្ហាញពីក្តីរំភើបផងដែរ ពេលនាវា Westerdam ដែលផ្ទុកអ្នកដំណើរ២២៥៧នាក់ (បុគ្គលិកនាវា៨០២នាក់) បានសំចតនៅកំពង់ផែព្រះសីហនុ នាល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេស និងកោះចំនួន៦បានបរិសេធ ក្រោមហេតុផលបារម្ភពី COVID-19 ដែលក្នុងនោះរួមមាន ជប៉ុន កូរ៉េ តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ។

ពាក្យពេចន៍ថ្លែងអំណរគុណយ៉ាងព្រោងព្រាត ត្រូវបានក្រុមអ្នកទេសចរនៅលើនាវា Westerdam បានបង្ហោះចេញក្រអៅបេះដូងរបស់ពួកគាត់ និងបានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានបរទេសធំៗ លើកសរសើរយ៉ាងពន់ពេក ចំពោះទឹកចិត្តដ៏មនុស្សធម៌មិនអាចរកបាន របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យកប៉ាល់របស់ពួកគេ ដែលកំពុងតែលតោលនៅលើផ្ទៃសមុទ្របានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមទេសចរខ្លះបានប្រើពាក្យ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជា “នាយករដ្ឋមន្ដ្រីម្នាក់ មានបេះដូងដ៏អស្ចារ្យ”។

អ្នកនាងAnna Marie Melone (មកពីអូស្ត្រាលី) ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិកAPបានថ្លែងយ៉ាងដូច្នេះថា “វាពិតជាអស្ចារ្យណាស់ ដែលបានមកដល់ទីនេះ។ សូមអរគុណ លោកនាយករដ្ឋមន្ត្រី។ លោកមានបេះដូងដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ (ពេលមកដល់កម្ពុជា)”។

សម្រាប់អ្នកនាង Christina Kerby បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា “យើងកំពុងបង់កជាមួយក្រម៉ាប្រពៃណី ដែលជាអំណោយពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ព្រោះការបង្ហាញការគាំទ្រនៅពេលនេះ គឺច្រើនលើសលុប”។

ស្របពេលនេះដែរ សារព័ត៌មានអន្តរជាតិជាច្រើនដូច CNN New, York Times, Reuters, BBC, AP, AFP, Kyodo, BBC,និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត  ក៏បានចុះផ្សាយពីកម្ពុជា ដែលមានទឹកចិត្តសប្បុរសធម៌ជួយដល់នាវា Westerdam ដែលផ្ទុកអ្នកដំណើរ២២៥៧នាក់។

ចំណែកលោកកឹម សុខាអតីតប្រធានគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានលោក មុត ចន្ថា មនុស្សជំនិត លោក កឹម សុខា បាន ស្រង់ សម្តី មេដឹកនាំ ខ្លួន មក សរសេរ លើ ហ្វេ ស ប៊ុ ក ដូច្នេះ ថា “ការអនុញ្ញាត នេះ គឺជា កាយវិការមនុស្សធម៌ និងការចូលរួមរក ដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរ ដែលមកពីបណ្តាប្រទេស ផ្សេងៗ”។

លោកកឹម សុខា បានថ្លែងបែបនេះ ទៅកាន់អ្នកកាសែតបរទេសម្នាក់ ដែលបានសួរ លោក ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យកប៉ាល់ ដែលដឹកអ្នកទេសចរជាង២,០០០នាក់ ជាប់គាំង នៅលើនាវាអស់ រយៈពេលជាច្រើនថ្ងៃ ចូលចតនៅ ខេត្តព្រះសីហនុនេះ។ នេះ បើតាមលោកមុត ចន្ថា៕

តំបន់មុខប្រាសាទអង្គរវត្ត នឹងត្រូវផ្អាកចរាចរណ៍ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសពីការអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត ដោយតម្រូវឱ្យមានការផ្អាកចរាចរណ៍បណ្តោះអាសន្នចាប់ពីសប្ដាហ៍ក្រោយនេះទៅ។

នៅក្នុងសេចក្ដីប្រកាសដែលចេញដោយអជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រុមការងារនឹងចាប់ផ្តើមអនុវត្តគម្រោងរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវនិងកែលម្អផ្លូវ នៅមុខប្រាសាទអង្គរវត្ត ដែលមានប្រវែង ២៩០ម៉ែត្រ ទទឹង ៨ម៉ែត្រទៅ ១៣ម៉ែត្រ ដោយមានការដាំស្មៅ ដើមឈើនិងរៀបចំ សួនផងដែរ ចាប់ពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ដោយនឹងផ្អាកការធ្វើចរាចរណ៍ ដោយថ្មើរជើងនិងយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន រហូតដល់ការដ្ឋានបានបញ្ចប់ជាស្ថាពរ ដើម្បីធានាបាននូវសុវត្ថិភាពជូនសាធារណៈជននិងភ្ញៀវទេសចរ។

ទន្ទឹមនឹងការលម្អហេដ្ឋរចនាសម្ពន្ធ័នៅតំបន់រមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំឱ្យមានផ្លូវថ្មើរជើង ប្រើប្រាស់ជំនួសវិញ ដែលស្ថិតនៅលើផ្លូវកៅស៊ូត្រង់ចំណុច ចំណតរថយន្ត មកសួនក្រវ៉ាន់ឆ្ពោះទៅស្ពានបណ្តែតទឹក។

ជាមួយគ្នានឹងការជូនដំណឹងពីកាលបរិច្ឆេទនៃការបើកការដ្ឋាននិងបិទផ្លូវមុខប្រាសាទអង្គរវត្តនេះ អាជ្ញាធរជាតិអប្សារា បានអំពាវនាវដល់គ្រប់ស្ថាប័នអាជ្ញាធរ មន្ទីរ-អង្គភាពគ្រឹះស្ថាន និស្សិត សិស្សានុសិស្ស សហគមទីភ្នាក់ងារ សមាគមមគ្គុទ្ទេសគ៍ទេសចរណ៍ ក្រុមហ៊ុនសមាគមដឹកជញ្ជូនភ្ញៀវ អ្នកដឹកជញ្ជូន ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់យោគយល់អធ្យាស្រ័យ ដើម្បីចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ពន្ធ័និងសម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្ត មានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋាន ដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរឱ្យកាន់តែល្បីល្បាញ និងសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

តម្លៃផ្ទះនៅប្រទេសអៀរឡង់ចាប់ផ្តើមងើបឡើងវិញបណ្តើរៗ

ដោយ ហ្សូលី

អៀរឡង់ៈ តម្លៃផ្ទះនៅអៀរឡង់បានកើនឡើង០,៩ ភាគរយកាលពីឆ្នាំមុន ដែលបានធ្លាក់ចុះ៥,៤ភាគរយ បើប្រៀបធៀបនឹងតួលេខកំណើនប្រចាំឆ្នាំ៦,៣ភាគរយ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិកណ្តាលរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ទី១៣ កុម្ភៈ ឆ្នាំ ២០២០ ថ្មីៗនេះ។

ការិយាល័យស្ថិតិកណ្តាលបានឱ្យដឹងថា នៅក្រុង Dublin តម្លៃលំនៅដ្ឋានបានធ្លាក់ចុះ០,៩ ភាគរយ ក្នុងឆ្នាំ ២០១៩ ដោយបន្ថែមថា តម្លៃផ្ទះនៅក្នុងទីក្រុងបានធ្លាក់ចុះដល់ទៅ០,៦ភាគរយ ខណៈតម្លៃផ្ទះល្វែងបានធ្លាក់ចុះ១,៨ ភាគរយក្នុងឆ្នាំនេះ។

តម្លៃផ្ទះនៅអៀរឡង់កាលពីមុនបានកើនឡើង ចាប់តាំងពីទីផ្សារអចលនទ្រព្យរប​ស់ប្រទេសនេះ ធ្លាក់ដល់ចំណុចទាបបំផុតនៅដើមឆ្នាំ២០១៣ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិ។

តួលេខរបស់ការិយាល័យស្ថិតិកណ្តាលបានបង្ហាញឱ្យឃើញទៀតថា តម្លៃអចលនទ្រព្យនៅអៀរឡង់បានកើនឡើង៨៤,២ ភាគរយ ដែលកើនឡើងបន្ទាប់ពីការធ្លាក់ចុះខ្លាំងរបស់ខ្លួនកាលពីខែមីនាឆ្នាំ២០១៣ ខណៈពេលដែលតម្លៃផ្ទះនៅក្រុង Dublin បានកើនឡើងជិត ៩៣ ភាគរយ ពីកម្រិតទាបកាលពីខែកុម្ភៈឆ្នាំ ២០១២ ។

ទោះយ៉ាងណាតម្លៃផ្ទះ នៅប្រទេសនេះមានអត្រាក្បែ១៨ភាគរយ ដែលទាបជាងឆ្នាំ២០០៧ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រទេសនេះ ខណៈដែលតម្លៃផ្ទះនៅទីក្រុង Dublin នៅតែទាបជាង២២,១ភាគរយ ទាបជាងកម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈឆ្នាំ ២០០៧៕

ក្រសួងដែនដីនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ជាថ្មីនៅដើមសប្ដាហ៍ក្រោយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ នៅត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាដើមសប្ដាហ៍ក្រោយនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់សំណង់ឱ្យបានរឹងមាំនៅទូទាំងប្រទេស។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ ស្ដីពីសំណង់ ដោយមានការចូលរួមពីបណ្តាប្រធានក្រុមហ៊ុន ប្រកបអាជីវកម្មសិក្សាគម្រោង និងសាងសង់ ក្រុមហ៊ុនបច្ចេ​កទេស ក៏ដូចជារូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់។

កម្មវិធីនេះនឹងមានការចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ នៅសណ្ឋាគារ សុខាភ្នំពេញ វេលាម៉ោង៨ព្រឹក។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជា អគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម។

ច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ក្នុងការពង្រឹងការគ្រប់​គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន៕

សារព័ត៌មានធំៗនៅលើពិភពលោកចុះផ្សាយពីកម្ពុជាដែលអនុញ្ញាតឱ្យនាវា Ms Westerdam ចតនៅខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញៈ សារព័ត៌មានធំៗជាច្រើននៅលើពិភពលោក បានចុះផ្សាយពីកម្ពុជា ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ខណៈកំពង់ផែរបស់ប្រទេសមួយនួនបានបដិសេធមិនអោយចូលចត។

សារព័ត៌មាន VOA បានចុះផ្សាយក្រោមចំណងជើង “Cruise Ship Welcomed by Cambodia Is Anchored Offshore Pending Coronavirus Check “ នាវាស្វាគមន៍ដោយកម្ពុជា  បានបោះយុទ្ធការនៅឆ្នេរសមុទ្ររងចាំការឆែក Coronavirus ។

កាសែតបាងកកប៉ុស្តិចុះផ្សាយក្រោមចំណងជើងថា “Cruise ship stranded at sea to dock in Cambodia “ នាវាទេសចរណ៍ដែលជាប់នៅសមុទ្រចូលចតនៅកម្ពុជា។

សារព័ត៌មានMaritime Bulletin បានចុះផ្សាយថា “Ghost Ship WESTERDAM Latest: is to dockin Sihanouk, Cambodia” នាវា WESTERDAM”  នាវា Ghost Ship WESTERDAM ចុងក្រោយគឺចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។

សារព័ត៌មាន Yahoo News ក៏បានចុះផ្សាយក្រោមចំណងជើងដែរ “Westerdam Cruise Ship Docks in Cambodia After Coronavirus Fears Stranded Ship at Sea” នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា បន្ទាប់មានភាពភ័យខ្លាចពីមេរោគ Coronavirus ។

ចំណែក សារព័ត៌មានGlobal National បានដាក់ចំណងជើងរបស់ខ្លួនដែរ  “Westerdam cruise ship allowed to dock in Cambodia” នាវាទេសចរណ៍ Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្នុងប្រទេសកម្ពុជា។

សារព័ត៌មាន USA TODAY ក៏បានដាក់ចំណងជើងដែរថា “ Coronavirus and cruises: Holland America ship Westerdam arrives in Cambodia”  Coronavirus និងនាវា៖ នាវាហូឡង់អាមេរិក Westerdam មកដល់ប្រទេសកម្ពុជា។

សារព័ត៌មានBCC  បានចុះផ្សាយដែរថា A cruise ship that was stranded at sea, because ports were worried about passengers bringing coronavirus, has been allowed to dock in Cambodia។

នាវាទេសចរណ៍ដែលជាប់គាំងនៅសមុទ្រ ពីព្រោះកំពង់ផែមានការព្រួយបារម្ភពីអ្នកដំណើរផ្ទុកវីរុស ត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្នុងប្រទេសកម្ពុជា។

ចំណែកសារព័ត៌មាន Theguardian បានដាក់ចំណងជើងនៅក្នុងសំនេររបស់ខ្លួនថា  “Cruise ship refused port over virus fears to dock in Cambodia – operator “ នាវាត្រូវបានកំពង់ផែនានាបដិសេធចូលចត ដោយសារការព្រួយបារម្ភពីvirus ចូលចតនៅកម្ពុជា។

ជាមួយគ្នានេះសារព៌តមានCNN, Reuters, AP, Chanel news Asia, AFP, Kyodo។ល។ សុទ្ឋតែបានចេញផ្សាយព៌តមានពីការចូលចត របស់កប៉ាល់យក្សនេះ ពិសេសបង្ហាញពីវត្តមានសម្តេចតេជោជាមួយផ្កាកូលាប ដែលបានផ្តល់ជូនដល់អ្នកដំនើរគ្រប់ៗរូបពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

វិភាគៈ បេះដូងមនុស្សធ៌មរបស់សម្តេចតេជោបង្ហាញពីកម្ពុជាចាប់ផ្តើមភាពជា អរិយប្រទេសឡើងវិញ

ដោយយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ការបើកបេះដូងចំហ ពោរពេញដោយមនុស្សធ៌ម និងគ្មានការរើសអើងរបស់សម្តេចតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញទៅកាន់ពិភពលោកជាថ្មីនូវកម្ពុជា ជាដែនដីនៃអរិយធ៌មឡើងវិញ បន្ទាប់ពីប្រទេសនេះបានរងសោកនាដកម្មរាប់មិនអស់ជាច្រើនសតវត្សរ៍កន្លងមក។

អរិយជន ជាការសំដៅទៅរកជនដែលមានចំណេះដឹង មានជំនាញ មានសីលធ៌ម និងគុណធ៌ម។

ការអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងលើកទឹកចិត្តមេដឹកនាំចិន ដើម្បីប្រយុទ្ឋប្រឆាំងការផ្ទុះឡើងនៃកូរ៉ូណាវីរុស កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងមកនេះ បានបង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាមានមេដឹកនាំពោរពេញដោយការទទួល​ខុសត្រូវ ក្នុងនាមជាមនុស្សជាតិ និងជាមេដឹកនាំអាចឲ្យមេដឹកនាំចិនទុកចិត្តបាន ហើយប្រទេសទាំងពីរបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺ “ប្រទេស២ វាសនាតែ១”។

ជាមួយនឹងការបង្ហាញនូវសន្តានចិត្ត “ស្គាល់មិត្តក្នុងគ្រាលំបាក និងជួយមិត្តក្នុងគ្រាលំបាកនេះ” បានធ្វើឲ្យមេដឹកនាំ និងប្រជាជនចិនស្គាល់ច្បាស់ពីបេះដូងមេដឹកនាំកម្ពុជា ខណៈបណ្តាប្រទេសជាមិត្តរបស់ចិន ដទៃទៀតបានរត់ចោលចិន ហើយមានប្រទេសដ៏ធំមួយនោះបានសំពងចិន ដោយអសីលធ៌មបន្ថែមទៀត ខណៈចិនកំពុងរងទុក្ខលំបាក។

មេដឹកនាំ និងប្រជាជនចិនបានដឹងអ្នកណាស្រលាញ់ខ្លួនពិតប្រាកដ ហើយប្រជាជនចិនមានអារម្មណ៍ជំពាក់គុណកម្ពុជា ដោយពួកគេសន្យានឹងមកទស្សនា និងវិនិយោគ​

នៅកម្ពុជាកាន់តែច្រើន បន្ទាប់ពីបញ្ហាកូរ៉ូណាវីរុសអាចដោះស្រាយបាន។

សារដ៏ច្បាស់លាស់

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពេ​លអញ្ជើញទៅទទួលអ្នកដំណើរលើកប៉ាល់យក្ស ដែលផ្ទុកអ្នកដំណើរជាង២២៥៧នាក់នាព្រឹកថ្ងៃទី១៤ កុម្ភៈ ដែលត្រូវនឹងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ថា “នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក”។

សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ?”។សម្តេចបន្ថែមថា “ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។

មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា។

សម្ដេចតេជោបានបន្តថា “នេះជាបញ្ហាដែលត្រូវឃើញ អំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែលមានការទទួលខុសត្រូវ”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែអះអាងថា សម្ដេចមកទីនេះទោះបីរយៈពេលខ្លី តែសម្ដេចក៏នឹងបញ្ជូនសារនេះ ទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្ដរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រា​យបញ្ហាប្រឈមនានា ដែលបាននិងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវនេះរួចទៅហើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្សវិលត្រឡប់ទៅកាន់ប្រទេសវិញ ដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង២,២០០នាក់នៅលើនាវានេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា គួរតែយល់និងមានមោទនភាព នៅពេលរាជរដ្ឋាភិបាលសម្រេចចិត្តបែបនេះ។ បន្ថែមពីនេះ សម្ដេចក៏បានអរគុណដល់ប្រជាជនកម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់សម្ដេច ក្នុងការដែលឲ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា ដែលតាមរយៈទឹកដីកម្ពុជា មនុស្សទាំង៤១សញ្ជាតិនេះ បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំក្រុមគ្រួសារ ដោយពុំមានការភ័យខ្លាចនោះទេ។

ភាពជាអរិយជន

ទោះបីកម្ពុជាជាប្រទេសតូច តែបេះដូងកម្ពុជាមិនតូចទេ។ ទោះបីកម្ពុជាក្រីក្រ តែមិនក្រចិត្តនោះទេ។ នេះជាបេះដូងនៃអរិយជន ដែលភាពជាអរិយជនបានបាត់បង់ជាយូរមកហើយ ដោយសារសង្រ្គាម និងភាពអញនិយម បន្ទាប់ពីទទួលរងការបំពុលមនោគមវិជ្ជាពីសាសនាមួយ។

សារដ៏ច្បាស់លាស់របស់សម្តេច បានបង្ហាញពីបេះដូងមេដឹកនាំ ដែលតែងតែគិតគូមិនត្រឹមតែប្រជាជនកម្ពុជាខ្លួនឯងនោះទេ ប៉ុន្តែជាការបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាមិននៅខាងចិនតែមួយនោះទេ កម្ពុជានៅជាមួយអាមេរិក និងជាតិសាសន៍ដទៃទៀតនៅលើពិភពលោក”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការហួសចិត្ត និងមិនយល់ក្នុងចិត្ដនូវពាក្យដែលថា “តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ

សម្ដេចសង្កត់ធ្ងន់ថា “កម្ពុជាយកការទទួលខុសត្រូវមួយ នៅលើបញ្ហាគោរពសិទ្ធិមនុស្សជាចំបង ហើយដំបូងបំផុត ត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២,២០០នាក់នៅលើនាវានេះ និងមានរហូតដល់៤១សញ្ជាតិ”។

តើអ្វីទៅជាសិទ្ឋមនុស្សរបស់លោកខាងលិច អ្វីទៅជាលទ្ឋិប្រជាធិបតេយ្យ ដែលមានតែលើក្រដាស និងបង្កប់ដោយភាពអាស្រូវនៅពីក្រោយនោះ? ខណៈមេដឹកនាំកម្ពុជាបានដឹកនាំាំប្រទេសចេញពីឆ្នាំសូន្យ មកកាន់ពន្លឺត្រចះត្រចង់ និងវុបុលភាព។

តើការរំលាយបក្សប្រឆាំងមួយ ដែលនាំមកនូវភាពស្លោកស្រពោន សំរាប់់ប្រទេសនេះ ជាការរំលោភសិទ្ឋមនុស្ស ជាការមិនគោរពលទ្ឋិប្រជាធិបតេយ្យ? ខណៈមេដឹកនាំអតីតបក្សប្រឆាំង ត្រូវបានបញ្ញវ័ន្តបានដឹងរួចជាស្រេចថា “ពួកគេគ្មានសមត្ថភាពដឹកនាំ​ប្រទេសនេះនោះទេ ពួកគេក៏គ្មានក្រមសីលធ៌ម គួរឲ្យគោរពសំរាប់ប្រជាជាតិនេះនោះដែរ ព្រោះពួកគេទះដៃអបអរសាទរ នៅពេលគេដកប្រព័ន្ឋអនុគ្រោះពន្ឋ ពីអង្កររបស់កម្ពុជា ហើយក្រោយមកពួកគេដោះសារថា ពួកគេមិនបាននិយាយបែបនេះ ខណៈភស្តុតាងត្រូវ​បានប្រមូលទុករួចទៅហើយ។

ផលចំណេញ

ការពិតមេដឹកនាំកម្ពុជា មិ​នបានគិតពីផលចំណេញនៅពេលក្រោយនោះទេ ដោយសម្តេចគិតគូរតែលើភាពសន្តោស ការសង្រ្គោះប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយបេះដូងមនុស្សធ៌ម និងទឹកចិត្តដ៏មហាសាល និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានធ្វើឲ្យបណ្តាសារព៌តមានធំៗនៅលើពិភពលោកដូចជា CNN, BBC, Chanel News Asia, AFP, AP, Bangkok Post, Reuteurs។ល។ បានចូលរួមផ្សព្វផ្សាយពីការសង្រ្គោះនេះទៅកាន់ពិភពលោក ដែលជាការបង្ហាញពីមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងពិភពលោក។

មុខមាត់កម្ពុជា ដែលធ្លាប់បង្ហាញតែភាពសោកនាដកម្មកន្លងមក ត្រូវបានជំនួសដោយស្នាមញញឹម និងផ្កាកុលាប ដែលជាសារមួយបញ្ជាក់ពីបេះដូងមេត្តាធ៌ម និងក្តីស្រលាញ់់របស់សម្តេចទៅកាន់ជាតិសាសន៍ទាំង៤១ ដែលបានជាប់នៅលើកប៉ាល់យក្សMS  WESTERDAM ដែលបានរសាត់អណ្តែតលើផ្ទៃសមុទ្ររយៈពេល២១ថ្ងៃ បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធមិនឲ្យចូលចត។

ប្រទេសបដិសេធមិនឲ្យកប៉ាល់យក្សនេះ ចូលចត រួមមាន ប្រទេសជប៉ុន កូរ៉េ ហ្វីលីពីន កោះហ្កាំ កោះតៃវ៉ាន់ និងប្រទេសថៃ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បាននិងកំពុងបង្ហាញភាពជាមេដឹកនាំ ដែលមានការទទួលខុសត្រូវក្នុងនាមមនុស្សជាតិ និងបានចាប់ផ្តើមបង្ហាញនូវស្នាមញញឹមថ្មីពីកម្ពុជាទៅកាន់ពិភពលោក និងបង្ហាញពីភាពជាអរិយប្រទេសជាថ្មី ដែលយើងគួររួមដៃគ្នា ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោកក្នុងទស្សនថ្មី “កម្ពុជាដឹកដីនៃមេត្តាធ៌ម និងស្នាមញញឹម”៕

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ១១ខ្សែ ប្រវែងជាង១៦គីឡូម៉ែត្រនៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន១១ខ្សែ ក្នុងចំណោម៣៤ខ្សែ នៅទូទាំងខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាជាផ្លូវការហើយ ដើម្បីពន្លឿន ឱ្យចប់ទៅតាមផែនការដូចដែលបានគ្រោងទុក។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗចំនួន១១ខ្សែ ដែលមានប្រវែងសរុបជាង ១៦,៣៧៤គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមវត្តមានរបស់លោក សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះមានប្រវែងសរុបជាង១៦គីឡូម៉ែត្រ ដែលក្នុងនោះ រួមមានការពង្រីកកំណាត់ផ្លូវ កំណាត់ផ្លូវជាតិលេខ៤ ពី២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប៩ ៦៧៤ គីឡូម៉ែត្រផងដែរ។

រដ្ឋលេខាធិការ លោក សួង ហេង បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតី ដែលមានសក្ដានុពលមួយនេះ ឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ការអភិវឌ្ឍកោះពស់ខេត្តព្រះសីហនុចាប់ផ្តើមមានពន្លឺ ខណៈរដ្ឋបាលខេត្តកំពុងលើកគំរោងនេះមកពិភាក្សាឡើងវិញ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ  នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីនេះបា​ន​ឱ្យដឹងថា  នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹក​នាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍរបស់ក្រុមហ៊ុនជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។

ជាមួយគ្នានេះលោក បានជំរុញឱ្យក្រុមហ៊ុនត្រូវធ្វើ ផែនការមេឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ។

លោក Karkov Pavel តំណាងក្រុមហ៊ុន កោះពស់ ខេមបូឌា អ៉ិនវេសមេន គ្រុប អិលធីឌីបានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលនូវគម្រោងអភិវ​ ឌ្ឍន៍នៅលើកោះពស់មានទំហំ១១៦ហិកតា។

លោកបន្តថា “ក្រុមហ៊ុនបានសាងសង់ស្ពាន ឆ្លងសមុទ្រប្រវែង៩០០ម៉ែត្រនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ ក៍មានសាងសង់ផ្លូវតូចៗជាច្រើនទៀត”។

លោកបញ្ជាក់ថា ការអភិវឌ្ឍនៅលើកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍៕

កម្ពុជាបានបិទរាល់អាជីវកម្មរបស់កូរ៉េខាងជើងទាំងអស់ដោយគោរពតាម អង្គការសហប្រជាជាតិ

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជាបានបិទរាល់អាជីវកម្ម និងគណនីធនាគារ អនុញ្ញាតកម្មកររបស់កូរ៉េខាងជើងចាកចេញទាំងអស់ ដោយគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ផ្សេងទៀតនៅចុងឆ្នាំ២០១៩ ខណៈកម្ពុជាបានអះអាងនៅក្នុងរបាយការណ៍អនុវត្តដំបូងរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិទាក់ទងនឹងការអនុវត្តច្បាប់ទណ្ឌកម្ម។

របាយការណ៍នេះដែលត្រូវបានដាក់នៅថ្ងៃទី២០ ខែ មករា ខណៈរបាយការណ៍ត្រូវបានបានចេញផ្សាយជាសាធារណៈ នៅលើគេហទំព័ររបស់គណៈកម្មាធិការដាក់ទណ្ឌ​កម្មអង្គការសហប្រជាជាតិ ដែលបានចុះបញ្ជីពលករកូរ៉េខាងជើងចំនួន១១៥នាក់ ក្រុមហ៊ុនចំនួន១២ ភោជនីយដ្ឋានចំនួន៨ និងសារមន្ទីរអង្គរប៉ាណូរ៉ាម៉ាដ៏ល្បីល្បាញ ក្នុងឆ្នាំ ២០១៩។

សេចក្តីណែនាំនៃរបាយការណ៍បានឱ្យដឹងថា “ប្រទេសកម្ពុជាតែងតែប្រកាន់ជំហររឹងមាំរបស់ខ្លួន ក្នុងការគាំទ្រការមិនរីកសាយអាវុធប្រល័យលោក ឆ្ពោះទៅរកការលុបបំបាត់អាវុធទាំងនេះ”។របាយការណ៍បានបន្ថែមថា “ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនទាំងស្រុង នៅក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបានអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ លើការដាក់ទណ្ឌកម្មទាក់ទងនឹងសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិតកូរ៉េ”។

ដំណោះស្រាយនៃការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ២០០៦ បានតម្រូវឱ្យមានការដាក់ស្នើរបាយការ​ណ៍អនុវត្ត ទោះបីប្រទេសជាសមាជិកភាគច្រើន ចាប់ផ្តើមអនុវត្តតាមការទាមទារនេះបន្ទា​ប់ពីដំណោះស្រាយថ្មី ត្រូវបានអនុម័តក្នុងឆ្នាំ២០១៦ និង ២០១៧៕ NK News៕

រដ្ឋបាលខេត្តសៀមរាបអនុញ្ញាតឱ្យក្រុមហ៊ុនស៊ូ ជីងវិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស

ដោយវុត្ថា

         សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ូ ជីង វិនិយោគសាងសង់កំពង់ផែទេសចរណ៍ដល់ក្រុមហ៊ុន ស៊ូ ជីង ស្ថិតនៅតំបន់ចុងឃ្នៀស ក្នុងសង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធលើការវិនិយោគសាងសង់កំពង់ផែ ទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង កាលពីពេល   ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនស៊ូជីងបានស្នើសុំរៀបចំអភិវឌ្ឍន៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស បឹងទន្លេសាប ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោកបន្តថា “កិច្ចប្រជុំនេះបានតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំផែនការអភិវឌ្ឍន៍ទេស​ចរណ៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស រួមមាន ទី១ បង្កើនការអភិវឌ្ឍបន្ថែមលើសោភណ្ឌភាព ភាពស្អាត បៃតង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្បាស់លាស់ ។ ទី២ រៀបចំឲ្យមានផលិតផលថ្មីៗប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈគោរព និងការពារបរិស្ថាន។ ទី៣ រៀបចំឲ្យមានការស្នាក់នៅជាមួយប្រជាជននៅលើទឹក ឬនៅតាមមាត់ទឹក។

ទី៤ រៀបចំឲ្យមានការជិះរទេះគោ ឬដើរកំសាន្តទៅតាមភូមិជាប់បឹងទន្លេសាប ជាលក្ខណៈកញ្ចប់ ដែលពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ។

យោងតាមលិខិតលេខ ១៨៩៤  ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តសៀមរាបស្តីពី ការស្នើសុំឲ្យក្រុមហ៊ុន ស៊ូ ជីង រៀបចំអភិវឌ្ឍន៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស បឹងទន្លេសាប ដោយក្រុមហ៊ុនស៊ូ ជីង។

ក្រុមហ៊ុនស៊ូ ជីង បានព្រមព្រៀងធ្វើកិច្ចសន្យា សង់កំពង់ផែសម្រាប់អ្នកដំណើរ កាលពីខែឧសភា ឆ្នាំ ២០០៧ ក្នុងទឹកប្រាក់២លានដុល្លារអាមេរិក។

តំបន់ចុងឃ្នៀស ដែលស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀសក្រុងសៀ​ម​​រាប មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីក្រុងសៀមរាប បច្ចុប្បន្នបាននិងកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ចូលមកទស្សនាកម្សាន្ត មើលទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ដែលល្បីខាងសម្បូរត្រីទឹកសាបក្នុងតំបន់ និងពិភពលោក។ ពិសេសអ្នកទេសចរនិងបានពិនិត្យមើលពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកបឹងទន្លេសាប ដែលគេនិយមហៅជាទូទៅថា ផ្ទះបណ្តែតទឹក ឬអ្នកភូមិបណ្តែតទឹកនោះ៕