ក្រសួងដែនដីប្រកាសលទ្ធផល៥ចំណុច ក្រោយកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសស្ដីពីលទ្ធផលដែលទទួលបានក្រោយពីបញ្ចប់នូវកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា ជាមួយនឹងការវាយតម្លៃទៅលើការសម្រេចបានធំចំនួន៥សំខាន់ៗ។

ក្រោមវត្តមានដីខ្ពង់ខ្ពស់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំរួមពិភាក្សាសិក្សាពីលទ្ធផលដែលទទួលក្រោយការអនុវត្តទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវទាំង៣៤ខ្សែ និងការអភិវឌ្ឍតំបន់កម្សាន្តនៅទូទាំងខេត្តព្រះសីហនុ។

កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី សាយ សំអាល់, លោក គង់ វិមាន អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សម្រាប់លទ្ធផលធំៗចំនួន៥ ដែលត្រូវបានលើកបង្ហាញនៅក្នុងកិច្ចប្រជុំរួមមានដូចនៅក្នុងសេចក្ដីខាងក្រោមនេះ៖

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនគ្រោងចុះហត្ថលេខានៅ ដំណាច់ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន គ្រោងនឹងចុះហត្ថលេខានៅដំណាច់ឆ្នាំ២០២០នេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិ​បត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួ ងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍សម្រាប់ការចរចានៅជុំបន្តបន្ទាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណ​ងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការឈានដល់ដំណាក់កាល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជា នូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិត​ផលរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃលើវឌ្ឍនភាពនៃការចរចាជុំទី ១ នេះ នឹងបានផ្តល់គោលការណ៍នាំដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានរឹងមាំសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទាំងមូលឱ្យបានឆាប់ ស្របតាមការណែនាំ និងការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រៅពីនេះ អង្គប្រជុំ ក៏បានឯកភាពលើគម្រោងបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ និងគ្រោងចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ៕

ប្រធានាធិបតីអាមេរិកថ្លែងអំណរគុណកម្ពុជាដែលអនុញ្ញាតឲ្យនាវា MS Westerdam ចូលចត

ដោយ វុត្ថា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈ តាមប្រព័ន្ធទ្វីតទ័រ (Twitter) ដោយកោតសរសើរ និងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញតឲ្យនាវា Westerdam ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណា ហើយផ្ទុកអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង ២០០០ នាក់ នោះចូលចតនៅខេត្តព្រះសីហនុ។

សាររបស់លោក ត្រាំ បានបញ្ជាក់ថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិក នឹងចងចាំពីកាយវិការមនុស្សធម៌នេះ‍»។

លោកត្រាំបានបង្ហោះសារនេះ ក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអនុញ្ញាតនាវាដែលមាន ប្រទេសជាច្រើនភ័យខ្លាចឆ្លងមេរោគកូរ៉ូណាមិនឲ្យចូលចតតែកម្ពុជាបានអនុញ្ញតឲ្យចូលចតកាលពីថ្ងៃ សុក្រ ទី១៤ កុម្ភៈចំថ្ងៃបុណ្យ ទិវានៃសេចក្តីស្រឡាញ់។

នាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណេីរចម្រុះជាតិសាសន៍ ត្រូវបានប្រទេសចំនួន៤ និងកោះចំនួន២ បានបដិសេធ មិនអោយចូលចតព្រោះតែខ្លាចមានមេរោគ កូរ៉ូណា ឬ covid_19។

នៅយប់ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល បានសម្រេច អនុញ្ញាត អោយនាវា Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍ ។ ការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និង កោតសរសើរ ជាសកលដោយក្នុងនោះមានបណ្តាថ្នាក់នាំ ព្រមទាំងបណ្តាញសារព័ត៌មានធំៗ និងល្បីៗនៅលើសាកលលោកស្ញប់ស្ញែង ផ្សព្វផ្សាយ ព្រោងព្រាត ៕

អ្នកជំនាញអះអាងថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរខណៈសេដ្ឋកិច្ច នៅតែមានកំនើន

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យលំនៅដ្ឋាននៅតតែមានភាពល្អប្រសើរ ដោយសារតម្រូវការបន្តកើនឡើង និងកំនើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានស្ថេរភាព។

កំណើននៃការសាងសង់ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានស្ទើរគ្រប់តំបន់ ជាពិសេសនៅតាមបណ្តាជាយក្រុង គេកត់សម្គាល់ឃើញថាមានការកើនឡើងខ្ពស់ ដែលស្របទៅនឹងតម្រូវការនៃការស្នាក់នៅកម្មសិទ្ធិ ដែលកំពុងតែស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយ។

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KING Residence លោក ខុម មុនីរតន៍ បានលើកឡើងថា មិនថាស្ថិតនៅក្នុងកាលទេសៈណានោះទេ តម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួននៅតែបន្តមានជានិច្ច។

លោកបានបន្តថា “ជាធម្មតាមនុស្សក្រោយពេលពេញវ័យ បង្កើតបានជាគ្រួសារថ្មីតែងប្រាថ្នាចង់បានលំនៅដ្ឋានផ្ទាល់ខ្លួន ហើយតម្រូវការនឹងតែរក្សារហូតដល់មនុស្សស្ទើរគ្រប់ជំនាន់ក្រោយទៀត”។

លោក ខុម មុនីរតន៍ បានបន្តថា ជាទូទៅតម្រូវការលនៅដ្ឋានសម្រាប់ស្នាក់នៅ ភាគច្រើន ជាប្រភេទលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យម ដែលអាចមានតម្លៃត្រឹម៧ម៉ឺនចុះក្រោមតែប៉ុណ្ណោះ ដោយសារតែអត្រានៃចំនួនប្រជាពលរដ្ឋកម្ពុជា ដែលអាចមានលទ្ធភាព ក្នុងការរកចំណូលកម្រិតមធ្យមចាប់ពី៤០០ ទៅ៨០០ដុល្លារក្នុងខែ ឬលើសពីនេះតិចតួច ហាក់មានកម្រិតនៅឡើយ។

លោកបានបន្តទៀតថា “និន្នាការក្នុងការទិញលំនៅដ្ឋាន សម្រាប់ស្នាក់នៅកម្មសិទ្ធិបច្ចុប្បន្ននេះ គឺក្នុងរូបភាពទិញដោយការបង់រំលោះជាប្រចាំខែ ជាមួយធនាគារទៅលើលំនៅដ្ឋាន ដែលមានតម្លៃត្រឹម៥ម៉ឺនដុល្លារចុះក្រោម ក្នុងរយៈពេលជាង១០ ទៅ១៥ឆ្នាំ ហើយតម្លៃថ្លៃជាងនេះ គឺអាចលើសពីលទ្ធភាពរបស់ពួកគាត់”។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយក្រុមហ៊ុន R Investment Group បានទទួលស្គាល់ថា តម្រូវការលំនៅដ្ឋាននៅកម្ពុជាពិតជាមានកំណើនខ្ពស់ ខណៈដែលការផ្គត់ផ្គង់ហាក់នៅមានកម្រិត។ លោកបានមានប្រសាសន៍ថា លំនៅដ្ឋានដែលកំពុងមានទីផ្សារទូលាយពេលនេះ គឺជាលំនៅដ្ឋានកម្រិតមធ្យម ក្នុងតម្លៃមិនលើសពី៧ម៉ឺន។

លោកបានបញ្ជាក់ថា “តម្លៃផ្ទះថ្លៃ ឬថោក គឺអាស្រ័យទៅតាមប្រភេទសំណង់ និងទីតាំងអភិវឌ្ឍន៍ ហើយភាគច្រើនផ្ទះដែលមានតម្លៃសមរម្យ និងក្រោមមធ្យម ត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើតម្រូវទៅតាមតំបន់ស្រប ទៅនឹងកម្រិតជីវភាពរបស់ប្រជាជន ដែលមានតម្រូវការ”។

លោកឧកញ៉ាបន្តទៀតថា សម្រាប់ផ្ទះដែលមានតម្លៃ ចាប់ពីជាង១០ម៉ឺនឡើងទៅរហូតដល់៣០ម៉ឺន ក៏មានតម្រូវការដូចគ្នា ប៉ុន្តែសម្រាប់ប្រភេទអតិថិជនដែលមានចំណូលខ្ពស់ និងស្ថិតនៅក្នុទីតាំងល្អក្បែរក្រុង និងជាទីប្រជុំជន ងាយអាស្រ័យផលពីការធ្វើអាជីវកម្ម ហើយផ្ទះប្រភេទនេះច្រើន ត្រូវបានគេសាងសង់ជាប្រភេទShop House។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះសម្រាប់លំនៅដ្ឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានអ្នកវិនិយោគសាងសង់ជាប្រភេទវីឡាទោល ឬបែបវិឡាកូនកាត់ ខណៈដែលលំនៅដ្ឋានប្រភេទនេះ កំពុងតែមានការពេញនិយម”។

អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា លោកបណ្ឌិតតាន់ មុនីវណ្ណ បានមានប្រសាសន៍ផងដែរថា តម្រូវការលំនៅដ្ឋាន ក៏ដូចជាទីផ្សារវិស័យសំណង់ក្នុងស្រុក នៅតែមានខ្ពស់ ព្រោះមនុស្សតែងត្រូវការផ្ទះជាសំខាន់។ លោកបន្តទៀតថា មជ្ឈដ្ឋានខាងក្រៅភាគច្រើនលើកឡើងថា ទីផ្សារអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា គឺពឹងផ្អែកទៅលើទីផ្សារក្រៅស្រុក ជាពិសេសទីផ្សារជនជាតិចិន ដោយឡែកនៅពេលសេដ្ឋកិច្ចចិនជួបវិបត្តិវានឹងធ្វើឱ្យទីផ្សារសំណង់នៅកម្ពុជាធ្លាក់។

លោកបន្តថា “ត្រង់ន័យនេះខ្ញុំទទួលស្គាល់ថា អាចប៉ះពាល់វិស័យសំណង់ខ្លះ ប៉ុន្តែចំពោះតែវិស័យលំនៅដ្ឋានហាក់នៅឆ្ងាយពីបន្តិច ដោយសារតែទីផ្សារមួយនេះ គឺមានតម្រូ​វការក្នុងស្រុកខ្ពស់ ដោយមិនពឹងអាស្រ័យទៅលើទីផ្សារចិននោះទេ”៕

ការស្ដារប្រព័ន្ធរំដោះទឹកទូទាំងក្រុងព្រះសីហនុ សម្រេចបានជាង៥១ភាគរយ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ប្រព័ន្ធរំដោះទឹកចំនួន៥ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ត្រូវបានអនុវត្ត និងសម្រេចបានលទ្ធផលប្រវែង១៥២១៦ម៉ែត្រ ស្មើនឹងប្រមាណ៥១,១០ភាគរយ នៃប្រវែងសរុបនៅក្នុងគម្រោង។ នេះបើតាមការឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

នៅក្នុងគម្រោង និងផែនការមេក្នុងការស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ឱ្យមានភាពល្អប្រសើរឡើង នៅក្នុងទំហំទឹកចំណាយជាង៣០០លានដុល្លារនោះ សម្រាប់តែផ្នែកប្រព័ន្ធរំដោះទឹកកង្វក់សំខាន់ៗ ដែលមានចំនួន៥ខ្សែ ស្មើនឹងប្រវែង២៩,៧៩១ម៉ែត្រ បច្ចុប្បន្នបានអនុវត្តន៍យ៉ាងសកម្ម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រសាសន៍ នៅឱកាសចុះពិនិត្យមើលពីឌ្ឍនភាព ការងារស្ដារប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈកន្លងមកថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានពន្លឿនការស្ដារអូរសំខាន់ៗ មួយចំនួននៅក្នុងក្រុងព្រះសីហនុ សំដៅការពារ និងទប់ស្កាត់កុំឱ្យមានការជន់លិចលង់ ដោយសារទឹកភ្លៀងនៅរដូវវស្សា ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានភាពទាក់ទាញ និងអានាម័យល្អតាមផែនការរបស់ក្រសួង។

លោកបានបញ្ជាក់ថា “អូរទាំងនោះមានចំនួន៥ និងមានប្រវែងសរុបចំនួន២៩ ,៧៩១ ម៉ែត្រ រួមមាន ដូចជា អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល”។ លោកបានបន្តទៀតថា “គិតត្រឹមខែមករា ឆ្នាំ២០២០ជារួម អូរទាំងនេះត្រូវបានស្ដាររួចរាល់ប្រវែង១៥,២១៦ ម៉ែត្រ ស្មើនឹងប្រមាណ៥១,១០ ភាគរយ”។

ចំណែកឯប្រវែងដែលនៅសេសសល់ ក្រសួងនឹងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារឱ្យបានចប់សព្វគ្រប់ នៅមុនរដូវភ្លៀងធ្លាក់មកដល់៕

ចំណេះដឹង! តើអ្នកសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីស្នើទៅក្រសួងពាក់ព័ន្ឋ?

ដោយវុត្ថា

ភ្នំពេញៈ វិស័យសំណង់នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បាននិងកំពុងមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារកំណើនវិនិយោគិន និងកំណើនប្រជាជនមានការកើនឡើង ដែលជំរុញឱ្យវិស័យសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗបាននឹងកំពុងសាងសង់យ៉ាងហូរហែរ ដើម្បីបំពេញតាមសេចក្ដីត្រូវការស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោ​គិនបរទេស។

ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងស្របទៅតាមបទដ្ឋានគតិយុត្ត ព្រមទាំងមិនបង្កនូវបញ្ហា ឬគ្រោះថ្នាក់ណាមួយជាយថា​ហេតុ អ្នកដែលមានបំណងចង់សាងសង់នូវសំណង់ថ្មី ត្រូវទទួលបានលិខិតអនុញ្ញាតសា​ងសង់ជាមុនសិន ហើយលក្ខខណ្ឌនៃការស្នើសុំលិខិតនេះទៀតសោត ក៏ត្រូវបានបញ្ញត្តិយ៉ាង​ជាក់លាក់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញ លើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងសង់ឡើងវិញនោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាពនៃសំណង់) នៅក្នុងទីក្រុង និងទីប្រជុំជន។

មាត្រា៩ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ បានចែងអំពីឯកសារចាំបាច់សម្រាប់ការស្នើសុំដូចខាងក្រោម ទី១ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីជាបណ្ដោះអាសន្ន។ ទី២ សល័ក្របត្រដីឡូតិ៍ និងប្លង់ទីតាំងអគារនៅក្នុងដីឡូតិ៍ ទី៣ ប្លង់ និងគម្រោងស្ថាបត្យកម្ម វិស្វកម្ម ទី៤ អត្តសញ្ញាណប័ណ្ណសម្គាល់ជាជនជាតិខ្មែររបស់អ្នកស្នើសុំ ទី៥ ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ដោយមានហត្ថលេខារបស់ម្ចាស់ដី និងអ្នកធ្វើគម្រោង។ (សំណុំលិខិតពាក្យសុំលិខិតអនុញ្ញាត សាងសង់ទាំងអស់ត្រូវធ្វើឡើងជាភាសាខ្មែរ ហើ​យអត្ថបទជាភាសាអង់គ្លេស និងភាសាបារាំងអាចផ្ដល់ភ្ជាប់ជាមួយនឹងលិខិតនេះបាន)។

ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលស្ថិតនៅទីជនបទ ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ ឬតំបន់រក្សាទុកការពារវិញនោះ គឺមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ។ លិខិតអនុញ្ញាតសាងសង់ ត្រូវបានតម្រូវឱ្យស្នើសុំដោយម្ចាស់គម្រោង ឬអ្នកតំណាងស្របច្បាប់របស់ម្ចាស់គម្រោង។

ជាក់ស្ដែងនីតិវីធី នៃការស្នើសុំលិខិតអនុញ្ញាតសាងសង់នេះ មិនមានលក្ខណៈស្មុគស្មាញដែលអាចបង្កជា ការលំបាកដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕

តើអ្នកណាជាអ្នកស្ថាបត្យកម្មសំណង់នៅក្នុងទីក្រុងPanama?

ដោយវុត្ថា

ភ្នំពេញៈ ភាពស្រមើស្រមៃរបស់ស្ថាបត្យករ បានជំរុញឱ្យពួកគេមានគំនិតច្នៃប្រឌិតក្នុងការគូរប្លង់អគារប្រកបដោយភាពទាក់ទាញ និងជា Landmark ព្រមទាំងជានិមិត្តរូបនៃប្រទេសណាមួយ ក្នុងការទាក់ទាញទេសចរណ៍ និងវិនិយោគមកពីគ្រប់ទិសទីឱ្យចាប់អារម្មណ៍។

គេហទំព័រPropertyarea.asia  សូមលើកយកស្ថាបត្យកម្មសំណង់ នៃទីក្រុង Panama របស់ប្រទេសPanama  ដែលបាននឹងកំពុងមានភាពទាក់ទាញ ចំពោះរចនាប្លង់របស់ស្ថាបត្យករ គឺអគារF&F ដែលមានរូបរាងវិលជារង្វង់។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានា បានបង្ហាញថា អគារ F&F ដែលកាលពីមុន ត្រូវបានគេស្គាល់ថាអគារRevolution Tower គឺជាអគារការិយាល័យដ៏ទាក់ទាញមួយរបស់ទីក្រុង Panama របស់ប្រទេស Panama ។ អគារនេះ ត្រូវបានជ្រើសរើសដោយគេហទំព័រEmoris ដែលជាក្រុមហ៊ុនប្រមូលទិន្ន័យអគារខ្ពស់ៗ នៅលើពិភពលោក ហើយបានជ្រើសរើសអាគារនេះ ជាអគារខ្ពស់កបពពកល្អបំផុត ក្នុងចំណោមអាគារ១០ ក្នុងពិភពលោកក្នុងឆ្នាំ ២០១១។

អគារនេះស្ថិតនៅក្នុងលេខរៀងទី៧  ដោយទទួលពានEmporis Skyscraper Award ដែលមានស្ថាបត្យកម្មល្អបំផុត និងរចនាប្លង់នៃអគារស្ទើតែឥតខ្ចោះ។ អគារនេះ គឺជានិមិត្តរូបនៃទីក្រុងPanama ។ អគារដែលមានភាពលេចធ្លោរនៅក្នុងទីក្រុងនេះ  បានរចនាប្លង់ដោយក្រុមហ៊ុនក្នុងស្រុក ឈ្មោះPinzón Lozano & Asociados ។

អគារដ៏អស្ចារ្យនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៨  និងបញ្ចប់នៅក្នុងឆ្នាំ២០១១ ដែលជាប្រភេទអគារការិយាល័យដ៏ទើប មានកម្ពស់២៤២ ម៉ែត្រ និង ៥២ ជាន់។

រចនាសម្ព័ននៃអគារនេះ មានស្ថានភាពវិលជុំ ដែលមានជញ្ជាំងធ្វើពីកញ្ចក់ និងបេតុង  គឺមានការលាយឡំជាមួយនឹងស្ថាបត្យកម្មទំនើប ដែលមនុស្សមួយចំនួនមិនដែលបានស្គាល់៕

ផ្សារឃ្លាំងរំសេវក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់នឹងត្រូវបិទទ្វារ ជំនួសមកវិញនូវអគារទំនើប

ដោយៈ រ៉ាណេត

ភ្នំពេញៈ ផ្សារឃ្លាំងរំសេវ ស្ថិតនៅតាមមហាវិថីម៉ៅ សេទុង ក្នុងបរវេណមជ្ឈមណ្ឌ​លម៉ុងឌីយ៉ាល់ នឹងត្រូវដល់ពេលអវសាន្ត បិទទ្វារឈប់ដំណើរការយ៉ាងប្រាកដ នៅត្រឹមចុងខែមេសាឆ្នាំ២០២០ខាងមុខនេះ ដោយជំនួសមកវិញនូវវត្តមានសំណង់អគារថ្មីដ៏ទំនើប។

តាមសេចក្ដីជូនដំណឹង ដែលចេញដោយមេធាវីតំណាងអាណត្តិ របស់លោកឧក​ញ៉ា ស៊ី គង់ទ្រីវដែលគេហទំព័រPropertyarea.asiaទទួលបានកាលពីរសៀលថ្ងៃទី១៤​កុម្ភៈកន្លងមកនេះបានឲ្យដឹងថា ដើម្បីអភិវឌ្ឍឱ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណភាពស្រស់បំព្រង ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាត ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា របស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងដីផ្សារនេះ ធ្វើការសាងសង់អគារថ្មីទំនើបទាន់សម័យ។

សេចក្តីជូនដំណឹងដដែលបានបន្តថា ដូច្នេះ ចាប់ពីថ្ងៃនេះ សូមបងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរ នៅក្នុងផ្សារឃ្លាំងរំសេវទាំងអស់ ត្រូវរកទីតាំងដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងចាប់ផ្តើមសាងសង់អគារថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ដោយក្នុងរយៈពេល៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់ចរន្តអគ្គិសនីឡើយ គឺខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ២០២០។

ផ្សារឃ្លាំងរំសេវ ត្រូវបានគេស្គាល់ថាជា ទីតាំងលក់សម្ភារៈប្រើប្រាស់ចំរុះជាច្រើន ជាពិសេស សម្ភារៈជជុះ រួមមានស្បែកជើង សម្លៀកបំពាក់ មួក ជាពិសេស ទូរស័ព្ទដៃគ្រប់ប្រភេទ ដ៏មានប្រជាប្រិយភាព៕

វិភាគៈ ប្រទេសវៀតណាមមានឱកាសយក”ទន្លេមេគង្គ”វាយបកទៅចិនឬ?

ដោយហ្សូលី

ភ្នំពេញៈ តំបន់មេគង្គត្រូវបានទុកឱ្យប្រទេសចំនួន៥ នៅអាស៊ីអាគ្នេយ៍ ដោះស្រាយទាក់ទងនឹងទំនប់វារីអគ្គីសនី នៅខ្សែទឹកខាងលើរបស់ចិន ដែលបាននាំឱ្យមានគ្រោះរាំងស្ងួតជាញឹកញាប់ និងការថយចុះស្តុកត្រីនៅក្នុងសហគមន៍ផ្នែកខាងក្រោម ជាពិសេសនៅ ប្រទេសកម្ពុជា និងវៀតណាម។

ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន នឹងអាចលើកយកបញ្ហាទន្លេមេគង្គ មកដុតកំដៅក្នុងអាស៊ានឆាប់ៗនេះ។ ដូច្នេះប្រទេសចំនួន៥ មានឥទ្ធិពលកាន់តែច្រើន ក្នុងការដោះស្រាយជាមួយ នឹងការស្ទះទឹកជាឯកតោភាគីរបស់ប្រទេសចិន នៅតំបន់ខាងលើ។

ជាលទ្ធផលប្រសិនបើអាស៊ានអាចប្រមូលផ្តុំគ្នា នៅខាងក្រោយសមុទ្រចិនខាងត្បូង និងទន្លេមេគង្គ អង្គការក្នុងតំបន់ដែលមានសមាជិក១០ប្រទេសនេះ នឹងមានអំណាចចរចាកាន់តែច្រើន ជាពិសេសប្រទេសចិន ប្រសិនបើប្រទេសនេះអាចជ្រើសរើសសមាជិកសំខាន់ៗផ្សេងទៀតដូចជា ជប៉ុន និងសហរដ្ឋអាមេរិកនៅខាងខ្លួន។

ដោយសារការផ្លាស់ប្តូរថាមពលសកល និងសក្ដានុពលក្នុងតំបន់អាស៊ី អាស៊ីអាគ្នេយ៍ ដីគោកជាប់ព្រំដែន និងនៅជិតតំបន់មេគង្គ ហៅថា“ មេគង្គដីគោក” បានលេចចេញជាចន្លោះខុសគ្នា នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការចែករំលែកធនធាន និងសមត្ថភាពរួមទាំងការកសាង ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់។

ទោះបីជាធនធានទឹកដ៏ធំសម្បើម មានភាពចាំបាច់នៃការចែករំលែកធនធានសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋដែលជាប់ទាក់ទងគ្នាក៏ដោយ ក៏ដីគោកមេគង្គមានក្របខ័ណ្ឌអភិបាលកិច្ចក្នុងតំបន់ ដែលមិនមានការជាប់កាតព្វកិច្ច វិលជុំវិញមហាអនុតំបន់មេគង្គ (GMS) ចាប់ពីដើមទសវត្សឆ្នាំ១៩៩០។

កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គជំនាន់ទី១ នេះបង្កើតបានជាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការដែលរួមមាន កិច្ចព្រមព្រៀងមេគង្គ (MA) និងគណៈកម្មការទន្លេមេគង្គ (MRC) ក៏ដូចជាវិទ្យាស្ថានមេគង្គ (MI) ។ គោលបំណងរួមរបស់ពួកគេ គឺដើម្បីទាញយក និងសម្រួលដល់ការរីកចម្រើន ការអភិវឌ្ឍប្រកបដោយចីរភាព នៃបណ្តាប្រទេសដីគោកមេគង្គរួមមាន ប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃនិងវៀតណាម ទោះបីជាប្រទេសចិន និងមីយ៉ាន់ម៉ា ទទួលបានឋានៈជាអ្នកសង្កេតការណ៍ នៅគណៈកម្មការទន្លេមេគង្គក៏ដោយ។

ជិតបីទសវត្សរ៍ ក្រោយពេលដែលសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ បានរីកលូតលាស់យ៉ាងលឿន ដោយផ្អែកលើសក្ដានុពលពាណិជ្ជកម្ម ការវិនិយោគ និងសក្ដានុពលនៃការរីកចម្រើនយ៉ាងទូលំទូលាយនៅអាស៊ាន មេគង្គកាន់តែមានភាពទាក់ទាញ។ នៅក្នុងបរិបទនៃមហាអនុតំបន់ទន្លេមេគង្គ ដែលរួមមានខេត្តភាគខាងត្បូងខេត្តយូណាន និងក្វាងស៊ី ឥឡូវតំបន់នេះ ផ្តល់ជូននូវទីផ្សាររួមបញ្ចូលគ្នាជាង៣៥០លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសរុបជាង១,២ សែនកោដិដុល្លារ ដែលមានសក្តានុពលគួរឱ្យកត់សម្គាល់។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់មហាអនុតំបន់ទន្លេមេគង្គ បាននាំឱ្យមានផ្លូវថ្នល់ខាងជើង – ខាងត្បូងនិងខាងកើត – ខាងលិចនិងផ្លូវហាយវេ ដែលឆ្លងកាត់អាស៊ីអាគ្នេយ៍ដីគោកទាំងមូល ដែលលាតសន្ធឹងពីទីក្រុងគុនមីង ក្នុងខេត្តយូណាន រហូតដល់ភាគខាងត្បូងប្រទេសថៃ និងពីភាគអាគ្នេយ៍របស់មីយ៉ាន់ម៉ាដល់វៀតណាមកណ្ដាល។

អ្វីដែលបានបាត់នៅក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់គឺ ផ្លូវដែក។ ការធ្លាក់ចុះ នៃការអភិវឌ្ឍន៍តំបន់ក្នុងតំបន់មេគង្គ គឺជាការប្រើប្រាស់ធនធានទឹក មិនស្មើគ្នារវាងរដ្ឋនៅខ្សែទឹកខាងក្រោមនិងខ្សែទឹកខាងលើ។

ខណៈពេលដែលយន្តការសហករជំនាន់ទី១ ពីមហាអនុតំបន់ទន្លេមេគង្គពី GMS និងMA ដល់MRC មានដំណើរការល្អនាពេលកន្លងមក ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ បានប្រឈមនឹងតួនាទីការប្រើប្រាស់ និងប្រសិទ្ធភាពនៃគ្រោងការណ៍ដែលបានបង្កើតឡើងទាំងនេះ។ ច្បាស់ណាស់មានតម្រូវការកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាល្បឿនជាមួយនឹងការប្រើប្រាស់ធនធានដែលកើនឡើងនៅក្នុងតំបន់មេគង្គ។

ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានបង្កើតនូវមធ្យោបាយនិងយន្តការថ្មីៗ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ អ្វីដែលសំខាន់បំផុតនោះគឺកិច្ចសហប្រតិបត្តិការ Lancang-Mekong Cooperation (LMC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក LMC បានរៀបចំការប្រជុំថ្នាក់ដឹកនាំចំនួន២លើក នៅឆ្នាំ២០១៦ និង ២០១៨ ។

នាពេលថ្មីៗនេះ ប្រទេសថៃបានធ្វើឱ្យប្រសើរឡើង នូវយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយៀវ៉ាDI – ចាវផារ៉ាយ៉ា – មេគង្គ (ACMECS) ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៣ ដែលរួមមានប្រទេសអាស៊ីអាគ្នេយ៍ដីគោកទាំងអស់ ដោយគ្មានប្រទេសចិន។

ម៉្យាងវិញទៀត អិលអឹមស៊ីរបស់ចិន ត្រូវបានពង្រឹងដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេស ដែលត្រួតត្រាច្រករបៀងសេដ្ឋកិច្ចឧបទ្វីបចិន – ឥណ្ឌូចិន (ស៊ីអាយភីស៊ី) ។ ការអភិវឌ្ឍផ្លូវដែកមេគង្គរបស់ប្រទេសនេះ កំពុងតែដំណើរការនៅក្នុងប្រទេសឡាវ ដោយភ្ជាប់គុនមីងទៅទីក្រុងវៀងចន្ទន៍ តាមបណ្តោយដងទន្លេមេគង្គ។ ការតភ្ជាប់ផ្លូវដែកពីទីក្រុងវៀងចន្ទន៍ ឆ្លងកាត់ប្រទេសថៃឆ្ពោះទៅភាគខាងត្បូង ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី គឺស្ថិតនៅក្នុងប្លង់មេហេដ្ឋារចនាសម្ព័ន្ធនៃគំនិតផ្តួចបើកខ្សែក្រវ៉ាត់១ ផ្លូវ១(BRI)។

ជាលទ្ធផលតំបន់ដីគោកមេគង្គ បានក្លាយជាល្បែងកំសាន្ត សម្រាប់ការប្រើប្រាស់ធនធានរួមគ្នា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ អ្វីដែលគួរតែជាវិធាននិងបទដ្ឋានក្រប​ខ័ណ្ឌអភិបាលកិច្ច គឺដើម្បីដឹងពីដំណាក់កាលបន្ទាប់ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ចម្រូងចម្រាស។ ដូច្នេះវាមានភាពស្របគ្នា រវាងក្របខ័ណ្ឌសហប្រតិបត្តិការដូចជា MRC និង LMC។

សម្រាប់តួនាទីរបស់ខ្លួន ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមបានជ្រើសរើសប្រធានបទ“ អាស៊ាន ដែលស្អិតរមួត និងការឆ្លើយតប” ។ ការលើកស្ទួយប្រធានបទនេះ បានផ្តោតអាទិភាពចំនួនប្រាំ នៃការចូលរួមចំណែកដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់លើកកម្ពស់ការតភ្ជាប់តំបន់ ការយល់ដឹងពីអត្តសញ្ញាណអាស៊ាន  សហគមន៍ការជម្រុញភាពជាដៃគូខាងក្រៅសម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសមត្ថភាពសម្រាប់ការបន្សាំខ្លួន។

លើសពីនេះទៀតប្រទេសវៀតណាម ក៏នឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ២០២០ ដែលជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេ​ស ដែលកំពុងរីកចម្រើននេះ ប្រារព្ធខួបលើកទី២៥ របស់ខ្លួនក្នុងនាមជារដ្ឋសមាជិកអាស៊ានផងដែរ។

ប្រទេសវៀតណាម នឹងទទួលបានអត្ថប្រយោជន៍នៅឆ្នាំនេះ ហើយសមិទ្ធិផលដ៏សំខាន់របស់ខ្លួន ក្នុងការឈានទៅរកទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសារចំនួន៥ទំព័រ បង្ហាញពីការធ្វើនាវាចរណ៍រវាងសហរដ្ឋអាមេរិក និងអាស៊ីសេរីប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ប្រសិនបើវៀតណាម អាចលើកស្ទួយបញ្ហាទន្លេមេគង្គបន្ថែម លើសមុទ្រចិនខាងត្បូង ដោយមើលឃើញពីឥទ្ធិពលមិនត្រឹមត្រូវរបស់ចិន ពីទំនប់វារីអគ្គិសនីខាងលើវានឹងក្លាយជាសមិទ្ធិផលដ៏សំខាន់ មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ដីគោកមេគង្គទាំងមូល នៅភាគខាងត្បូងនៃប្រទេសចិនផងដែរ៕

កម្ពុជាគ្រោងដាក់លក់ឥណទានកាបូនតំបន់ព្រៃឡង់ទៅកាន់ទីផ្សារស្ម័គ្រចិត្ត

ដោយវុត្ថា

ភ្នំពេញ ៖ កម្ពុជាគ្រោងលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ក្នុងគោលដៅបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានលើកឡើងកាលពីម្សិលមិញនេះ ថា កាលដែលកម្ពុជាអាចលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបាន ដែលកាន់តែបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព បទល្មើសធនធានធម្មជាតិ ទាំងឡាយត្រូវបានបង្ក្រាបទាន់ពេលវេលា។

លោកបានបញ្ជាក់ថា “កម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា”។

តំបន់ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

ក្រោមការខិតខំក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អ កម្ពុជាកាលពីកន្លងមកនេះ បានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត បានប្រមាណ ១១,៦ លានដុល្លារ។ ជាមួយគ្នានេះ ក្រុមបច្ចេកទេសកំពុងសិក្សាបន្ថែមលើទិន្នន័យការបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ជាមួយវិធានការការពារ ក្នុងក្ដីរំពឹងថានឹងអាចលក់ឥណទានកាបូនក្នុងពេលឆាប់ៗនេះ៕