អ្នកជំនាញ​ព្រមាន៖ ការទិញ​ដី​ទុក​វិនិយោគ​បន្ត​មិនមែន​សុទ្ធតែ​ទទួលបានផលចំណេញ​ខ្ពស់​ទេ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ការវិនិយោគ​ក្នុង​អនុវិស័យ​អចលនទ្រព្យ ត្រូវបាន​ផ្តោតទៅលើ​ទីផ្សារ​ដីធ្លី ដោយសារតែ​ឱកាស នៃ​ការទទួលបាន​ចំណេញ​មាន​កម្រិត​ខ្ពស់ និង​ងាយស្រួល​ក្នុង​ការទិញ-លក់។

ទោះជា​បែបនេះ​ក្ដី អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​ព្រមាន​ថា ការទិញ-លក់​ដីធ្លី មិនមែន​សុទ្ធតែ​ទទួលបាន​ចំណេញ​ខ្ពស់​ទាំងអស់នោះ ផ្ទុយទៅវិញ វិបត្តិ​និង​ហានិភ័យ​ក៏​អាច​កើតមាន ប្រសិនបើ​ការវិនិយោគ​មិនមាន​ភាព​ឆ្លាត​វៃ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Advance Property លោក ឡុង គីម​សួគ៌ ដែលជា​អ្នកជំនាញ និង​មានបទពិសោធន៍​នៅក្នុង​វិស័យ​ដីធ្លី​ច្រើនជាង១០ឆ្នាំ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថា ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា គឺមាន​ភាពទូលំទូលាយ ហើយ​ក៏មាន​អ្នកវិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​ច្រើន​ណាស់ដែរ ដោយសារតែ​គេ​សម្លឹង​ឃើញ​ពី​ឱកាស​ចំណេញ​ច្រើន។

លោក​បន្តទៀតថា “ខ្ញុំ​ទទួលស្គាល់ថា ការវិនិយោគ​ដីធ្លី​ងាយស្រួល​ក្នុងការ​ទទួលបាន​ឱកាស​ចំណេញ និង​មាន​ទីផ្សារ​ធំ​ទូលាយ ប៉ុន្តែ​រាល់​ការវិនិយោគ​ទាំងអស់​ក៏ត្រូវ​តែមាន​ភាពច្បាស់លាស់ និង​ស្វែងយល់​ពី​ឱកាស​នៃ​ការទទួលបាន​ចំណេញ​យ៉ាង​ប្រាកដ” ។ លោក​បន្តថា “សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ អាចធ្វើ​ការវិនិយោគ​នៅ​តំបន់​ណាឆ្ងាយៗ ដោយ​មិនមាន​ក្ដីបារម្ភ​ពី​ការ​កប់​ទុក​សាច់ប្រាក់​ដោយ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ធនធាន​មធ្យម ឬ​មាន​ចំណែក​នៃចំ​ណុល​ធនាគារ ដើម្បី​បង្កើន​ទុនវិនិយោគ​គឺជា​កត្តា​មួយ​ដែលមាន​អត្រា​ប្រឈម​ខ្ពស់” ។

លោក​ឡុង គីម​ស៌ួ​គ​បាន​បន្តទៀតថា អត្រា​នៃ​ការទទួលបាន​ចំណេញ​ពី​ា​រ​វិនិយោគ​ដី គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ដែលមាន​គម្រោង និង​សកម្មភាព​អភិវឌ្ឍន៍​ច្បាស់លាស់ ជាពិសេស​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែល​អាច​ទាក់ទាញ​កំណើន​ប្រជា​សាស្ត្រ។

ជាក់ស្ដែង​ដូចជា​តំបន់​ខណ្ឌ​សែន​សុខ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​គ្រាន់តែ​ជា​តំបន់​ជាយក្រុង​លិច​ទឹក ពោរពេញ​ទៅដោយ​ស្មៅ​ក្រាស់ កក់ និង​កំប្លោក​ជាដើម ប៉ុន្តែ​ក្រោយពេល​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល គម្រោង​អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន ដូចជា​ផ្សារ​ទំនើប AEON2 ផ្សារ​ម៉ាក្រូ ផ្សារ​ជីពម៉ុង ផ្សារ Global House រួម​ជាមួយនឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម” ។

ជាមួយគ្នានេះ លោក​ក៏បាន​គ្រើនរំលឹក​ផងដែរ​ថា ការវិនិយោគ​ដីធ្លី​នៅពេល​បច្ចុប្បន្ននេះ សម្រាប់​នៅក្នុង​តំបន់​ក្រុង ហាក់​មិនមាន​ឱកាស​ចំណេញ​ខ្ពស់​នោះទេ ដោយសារតែ​មិនមាន​ដី​ទំនេរ​ច្រើន ហើយ​តម្លៃ​ក៏បាន​ឡើង​ខ្ពស់​រួចទៅហើយ។

តំបន់​ដែល​គួរ​ពិចារណា​ក្នុងការ​វិនិយោគ​ពេលនេះ និង​បន្តទៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី គឺ​ស្ថិតនៅតាម​បណ្តា​តំបន់​ជាយក្រុង ដែល​កំពុង​តែមាន​សក​ម្ម​ភាព​អភិវឌ្ឍន៍ ដី​នៅ​តំបន់​ជាប់ និង​ក្បែរ​ផ្លូវជាតិ​ដែលមាន​ចរន្ត​សេដ្ឋកិច្ច ដូចជា​ផ្លូវជាតិ​លេខ១,២,៣,៤,៥,៦,៤១, និង​ផ្លូវ​លេខ៥១ ដែលជា​តំបន់​តាំងនៅ​បណ្តា​រោងចក្រ សហគ្រាស និង​ឃ្លាំង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here