សកម្មភាពសាងសង់សំណង់គម្រោងធំៗនៅក្រុងព្រះសីហនុចាប់ផ្តើមកម្រើកឡើងវិញ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ បន្ទាប់ពីជួបបញ្ហានៃព្រឹត្តិការណ៍សង្គមផ្ទួនៗគ្នាចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ បានធ្វើឱ្យវិស័យអចលនទ្រព្យ ក៏ដូចជាចរន្តនៃការទិញលក់មានការធ្លាក់ចុះ។ ប៉ុន្តែ បច្ចុប្បន្ននេះ ស្ថានភាពទីផ្សារអចលនទ្រព្យនៅទូទាំងក្រុងព្រះសីហនុបានចាប់ផ្ដើមបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញ ជាមួយនឹងសកម្មភាពសាងសង់សំណង់អគារធំៗបន្ទាប់ពីផ្អាកមួយរយៈ ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ លោក នង ឌីណារ៉ា ប្រធានពិធីការរដ្ឋបាលខេត្តបានបង្ហើបប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានភាពស្ងប់ស្ងាត់ដែលបណ្តាលមកពីការផ្ទុះនូវជំងឺឆ្លង Covid-19 ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ភាពល្អប្រសើរនៅក្រុងព្រះសីហនុចាប់ផ្ដើមត្រឡប់មកវិញហើយ ដោយសូម្បីតែការសាងសង់សំណង់គម្រោងធំៗមួយចំនួនដែលវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនក៏ចាប់មានដំណើរខ្លះៗដែរ។

លោក នង ឌីណារ៉ា បានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្ននេះ តាមភាពជាក់ស្ដែងយើងឃើញថា ភាពល្អប្រសើរនៅក្នុងខេត្តដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗ ដែលក្នុងនោះរាប់ទាំងវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងសំណង់ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធទាំង៣៤ខ្សែ ដែលសម្រេចបានជាង៩០ភាគរយ និងគ្រោងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ”។

លោកបានបញ្ជាក់ថា “សកម្មភាពនៃការសាងសង់នៅតាមគម្រោងសំណង់ធំៗ បច្ចុប្បន្នចាប់ផ្តើមដំណើរការបន្តិចម្ដងៗដោយកម្លាំងកម្មករ និងអ្នកជំនាញចិនដែលកំពុងស្នាក់នៅក្នុងខេត្តតាំងពីដើមឆ្នាំ ពោលគឺពួកគាត់មិនមែនជាអ្នកចំណូលថ្មី ដែលទើបតែចាកចេញមកពីប្រទេសចិននៅពេលថ្មីៗនេះទេ។ ប៉ុន្តែយើងសង្ឃឹមថា នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ភាពស្រស់ស្រាយនៃក្រុងព្រះសីហនុទាំងមូលនឹងវិលត្រឡប់មកវិញ បន្ទាប់ពីមានការបើកជើងហោះហើរមកពីបណ្តាប្រទេសនានា”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “សំណង់នៅទូទាំងខេត្តព្រះសីហនុ គឺបាន និងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិតហ្គេមអនឡាយ ជាពិសេសវិបត្តិនៃជំងឺ Covid-19 តែម្ដង ដែលធ្វើឱ្យវិស័យមួយនេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ”។

លោកថា “ស្ថិតនៅក្នុងស្ថានភាពបែបនេះ គ្រប់គម្រោងសំណង់ទាំងអស់គឺគេគ្រាន់តែផ្អាកជាបណ្តោះអាសន្ននៅក្នុងដំណាក់កាលមួយតែប៉ុណ្ណោះ ដោយសារតែការគោរពទៅតាមការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លង ហើយម៉្យាងទៀតក៏មានភាពលំបាកក្នុងការរកកម្លាំងកម្មករជំនាញផងដែរ”។

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើលទ្ធភាពក្នុងការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់នៃការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសចិន វិស័យអចលនទ្រព្យ នីងក៏ដូចជាវិស័យមួយចំនួនទៀតនៅកម្ពុជា នឹងកាន់តែល្អប្រសើរជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here