សេដ្ឋកិច្ចថៃបន្តរក្សាកំណើនយឺតនៅឆ្នាំនេះខណៈបញ្ហាជាច្រើនកំពុងរឹតរួតប្រទេសនេះ

ដោយវុត្ថា

ភ្នំពេញៈ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនគារពាណិជ្ជថៃ បានចេញការព្យាករណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ២,៧ភាគរយ នៅឆ្នាំ ២០២០នេះ ដោយសារការងើបឡើងវិញបន្តិច ពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៩ ប្រមាណ២,៥ភាគរយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thailand Business News កាលពីពេលថ្មីៗនេះឱ្យដឹងថា ការកើនឡើងវិញបន្តិចនេះ ដោយសារវិស័យនាំចេញមានដំណើរការល្អប្រសើរ និងសេដ្ឋកិច្ចពិភពលោកមានការកើនឡើង។ កាលពីដើមសប្តាហ៍នេះធនា​គារពិភពលោក ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់ថៃ សម្រាប់ឆ្នាំនេះមកនៅកំនើនត្រឹម ២,៧%ផងដែរ។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច របស់ធនគារពាណិជ្ជថៃរំពឹងថា ធនាគារកណ្តាលថៃ នឹងរក្សាអត្រាការប្រាក់គោល១,២៥ភាគរយក្នុងមួយឆ្នាំ។ មជ្ឈមណ្ឌលនេះបាននិងកំពុងតាមដានយ៉ាងដិតដល់ លើភាពមិនប្រាកដប្រជា នៃជំលោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ជម្លោះរវាងសហរដ្ឋអាមេរិក  និងអ៊ីរ៉ង់ Brexit និងភាពផុយស្រួយផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រួសារ និងអាជីវកម្ម។

ការព្យាករណ៍ក៏បានបង្ហាញដែរថា សេដ្ឋកិច្ចថៃនឹងនៅតែជួបបញ្ហាប្រឈមដោយ​សារប្រាក់បាតថៃកើនឡើងខ្ពស់ ដែលមានតម្លៃចន្លោះពី២៩,៥ ទៅ៣០,៥ បាតក្នុងមួយដុល្លារអាមេរិក ការធ្លាក់ចុះនៃការប្រើប្រាស់ និងការវិនិយោគឯកជន បញ្ហាការងារ  បំណុ​លគ្រួសារ និងគ្រោះរាំងស្ងួត។

ធនាគារពិភពលោកបាននិយាយថា ប្រាក់បាតដែលបានឡើងថ្លៃ៨,៩ភាគរយចាប់តាំងពីឆ្នាំកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់ទេសចរណ៍អន្តរជាតិ និងការនាំចេញទំនិញផងដែរ៕

ក្រុមហ៊ុនសម្លៀកបំពាក់ចំនួន២០វិនិយោគនៅកម្ពុជាព្រួយបារម្ភពីហានិភ័យក្រោយ ពេលសហគមន៍អឺរ៉ុបដកEBA

ដោយ ហ្សូលី

ភ្នំពេញៈ ទទួលបានឯកសិទ្ធិពាណិជ្ជកម្មពីអឺរ៉ុបមួយចំនួន ប្រទេសកម្ពុជាកំពុងជំរុ​ញឱ្យមានការចាប់អារម្មណ៍ខាងសេដ្ឋកិច្ច នៅពេលដែលក្រុមហ៊ុនធំៗ ដូចជា H&M ពិនិត្យមើលផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងផ្អាកការចូលពន្ធដោយសេរី ចំពោះផលិតផលចំនួន៤០ពីប្រទេសកម្ពុជា ដែលស្មើនឹងប្រមាណ២០% នៃការនាំចេញរបស់ប្រទេសទៅកាន់ប្លុកនេះ ឬប្រហែល១,១ពាន់លានអឺរ៉ូ (១,១៩ ពាន់លានដុល្លារ)។

បញ្ហានេះអ្នកសេដ្ឋកិច្ចរំពឹងថា ថ្លៃដើមនៃការនាំចេញខ្ពស់ នឹងឃើញផលិតកម្មវាយនភ័ណ្ឌ មួយចំនួនបានងាកចេញពីឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា។ វិស័យនេះផ្តល់ការងារដោយផ្ទាល់ ដល់កម្មករជាង៧៥ម៉ឺននាក់និងបង្កើតប្រាក់ចំណេញប្រមាណ៩,៥ពាន់លានដុល្លារ ក្នុងការនាំចេញកាលពីឆ្នាំមុនដែលស្មើនឹងជាងមួយភាគបីនៃផលិតផលក្នុងស្រុកសរុប។

ក្រុមហ៊ុន H&M របស់ស៊ុយអែត ដែលមានប្រភពចេញពីរោងចក្រនៅកម្ពុជា ដែលមានកម្មករ ប្រហែល៧៧.០០០នាក់ បានបង្ហាញការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនបាននិយាយថា ការដកEBAដោយផ្នែក នឹងរារាំងដល់ការប្រកួតប្រជែងនៃវិស័យវាយនភណ្ឌរបស់កម្ពុជា។

ក្រុមហ៊ុនបានសរសេរថា “វានឹងជះឥទ្ធិពលអវិជ្ជមាន ដល់ការវិនិយោគនាពេលអនាគតក៏ដូចជាការព្យាករណ៍ និងការទុកចិត្តដែលជាធាតុសំខាន់ ពីរនៃឧស្សាហកម្មដែលដំណើរការល្អ”។

ក្រុមហ៊ុនH&M Group ចង់បន្តដើរតួនាទី ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរបៀបវិជ្ជមាន រួមទាំងការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសិទ្ធិមនុស្ស តែដោយសារតែកង្វះ​គំនិតផ្តួចផ្តើមគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌកម្ពុជា និងការដកសិទ្ធិផ្នែកEBA ដោយផ្នែក។ ឥឡូវនេះក្រុមហ៊ុននឹងវាយតម្លៃបន្ថែមទៀតថា តើការសម្រេចចិត្តរបស់សហគមន៍អ៊ឺរ៉ុប នឹងជះឥទ្ធិពលយ៉ាងដូចម្តេច ដល់យុទ្ធសាស្រ្តអាជីវកម្មនិងផលិត​កម្មរបស់ក្រុមហ៊ុននៅកម្ពុជា។

លោកStefan Pursche អ្នកនាំពាក្យក្រុមហ៊ុនAdidasរបស់អាឡឺម៉ង់ ដែលមាន ២២ភាគរយ ក្នុងប្រទេសកម្ពុជា ដែលជាមូលដ្ឋានផលិតកម្មធំបំផុត សម្រាប់ផលិតផលនេះបាននិយាយថា ក្រុមហ៊ុនកំពុងពិនិត្យឡើងវិញ នូវផលប៉ះពាល់នៃសេចក្តីសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប។

មុនការប្រកាសនៅថ្ងៃពុធ ក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិចំនួន២០ រួមមាន Esprit, Levi Strauss និង VF Corporation បានសម្តែងការព្រួយបារម្ភអំពីគន្លងរបស់ប្រទេសកម្ពុជា នៅក្នុងលិខិតរួមមួយដែលត្រូវបានផ្ញើរ តាមរយៈសមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិក។

ដោយពិភាក្សា អំពីសេចក្តីសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប អនុប្រធានជាន់ខ្ពស់គោលនយោបាយរបស់សមាគម Nate Herman បាននិយាយថា “ថ្លៃដើមផលិតកម្មកើនឡើងវា ក៏នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសផងដែរ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសិទ្ធិការងារ នៅក្នុងប្រទេសកម្ពុជាហើយ ផលប៉ះពាល់អវិជ្ជមាន ដែលអាចបណ្តាលមកពីការបាត់បង់ អាចមានទៅលើកម្មករនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។

អឺរ៉ុបគឺជាទីផ្សារដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលទទួលបាន៤៥% នៃការនាំចេញរបស់ខ្លួនក្នុងឆ្នាំ ២០១៨ ។ ក្នុងរយៈពេល១១ខែដំបូង ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួន៥,២ ពាន់លានអឺរ៉ូ។ ក្នុងចំណោមនោះស្ទើរតែ៩០ភាគរយជាសម្លៀកបំពាក់សម្លៀកបំពាក់ស្បែកជើងឬទំនិញធ្វើដំណើរ។

សេចក្តីថ្លែងការណ៍រួម ដែលគាំទ្រដោយសមាគមអាជីវកម្ម កម្ពុជាចំនួន២០រួមទាំងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចចិត្តរបស់សហគមន៍អឺរ៉ុប។ ក្រុមនេះបានប៉ាន់ស្មានថា ថ្លៃដើមនៃការផលិតទំនិញគោលដៅនឹងកើនឡើង១៤០លានដុល្លារដោយនិយាយថា កំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការ អាចជួយទូទាត់នូវការកើនឡើងជាពិសេស ប្រសិនបើមានការរួមផ្សំជាមួយនឹងការជម្រុញរបស់រដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍បានសរសេរថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយម៉ាកអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងនិងលើកកម្ពស់តម្លៃសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជាស្របតាមការអនុវត្តល្អបំផុតអន្តរជាតិ។

លោក Fei Xue អ្នកវិភាគផ្នែកសេដ្ឋវិទូបានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នឹងជួយកាត់បន្ថយផលប៉ះពាល់ នៃពន្ធគយថ្មីទៅលើកំណើនសេដ្ឋកិច្ចទាំងមូល។

លោកបានបន្ថែមថា “ការពិតដែលថាការផ្អាកនេះ មិនរាប់បញ្ចូលផលិតផលសម្លៀកបំពាក់ និងស្បែកជើងតម្លៃបន្ថែមខ្ពស់ ក៏ដូចជាវិស័យផលិតកម្មកង់ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនោះទេ”។ លោកបន្ថែមថា “ប៉ុន្តែជាមួយនឹងថ្លៃដើមពលកម្មកើនឡើងរោងចក្រកាត់ដេរដែលមាន“ ប្រាក់ចំណេញតិច” នឹងត្រូវបាន“បង្រួម”ចេញពីប្រទេ​សកម្ពុជាដោយថ្លៃដើមនាំចេញខ្ពស់”។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកើនឡើងដល់១៨៧ ដុល្លារក្នុងឆ្នាំ២០២០ ដែលឈានដល់កំរិតប្រាក់ឈ្នួលនៅប្រទេសវៀតណាមហើយខ្ពស់ជាងប្រាក់ឈ្នួលនៅបង់ក្លាដែស” ។

លោកHiroshi Suzuki ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសម្រា​ប់កម្ពុជាបានមានប្រសាសន៍ថា ប្រទេសជាច្រើន ដូចជា បង់ក្លាដែស ស្រីលង្កា និងវៀតណាម ជាប្រទេសចុងក្រោយទើបតែចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា​មួយសហភាពអឺរ៉ុបជា“ ដៃគូប្រកួតប្រជែងខ្លាំង”។

លោកបន្ថែមថា  “ការផ្អាក EBA និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ត្រូវបានចង្អុលបង្ហាញជាយូរមកហើយថា ជាហានិភ័យធំសម្រា​ប់សេដ្ឋកិច្ចកម្ពុជា”៕

ខ្សែបញ្ចូនថាមពល៥០០គីឡូវ៉ាត់ភ្ជាប់ពីខេត្តព្រះសីហនុមកភ្នំពេញបានដាក់ ឱ្យដំណើរការ

ដោយៈ រ៉ាណេត

ព្រះសីហនុៈ អាជ្ញាធរអគ្គិសនីកម្ពុជា បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីកម្លាំង២៣០ និង៥០០គីឡូវ៉ាត់ ដែលបញ្ចូនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេ​ញ និងអនុស្ថានីយចម្ការហ្លួង ដែលមានកម្លាំង២៣០គីឡូវ៉ាត់ នៅស្រុកស្រែអំបិល ខេត្តព្រះសីហនុ។

ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានសារៈសំខាន់ ក្នុងការបញ្ជូនថាមពលអគ្គិសនីពីបណ្តារោងចក្រធ្យូងថ្ម ខេត្តព្រះសីហនុ មកប្រើប្រាស់នៅភ្នំពេញ និងបន្តទៅបណ្តាខេត្តផ្សេងៗទៀត ដែលមានកម្លាំងរហូតដល់៥០០គីឡូវ៉ាត់ ត្រូវបានអជ្ញាធរអគ្គិសនីកម្ពុជា ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការហើយ។

តាមរយៈអជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ខ្សែបញ្ជូនថាម​ពលអគ្គិសនីពីបណ្តាខេត្ត ដែលឆ្លងកាត់តាមខេត្តកំពត តាកែវ បានលើសបន្ទុក និងមិនអាចបញ្ជូនបានទាំងស្រុងនូវបរិមាណ ដែលផលិតដោយរោងចក្រធ្យូងថ្មទាំងនោះបាននោះទេ ជាពិសេសរោងចក្រធ្យូងថ្មថ្មី១៥០មេហ្គាវ៉ាត់ ដែលទើបចាប់ផ្តើមដំណើរការកាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។

ខ្សែបញ្ជូនថាមពលអគ្គិសនី ដែលទើបដាក់ឱ្យដំណើរការថ្មីនេះ មានសមត្ថភាពអាចបញ្ជូនថាមពល បានរហូតដល់ប្រមាណ១០០០គីឡូវ៉ាត់បន្ថែម ដែលនឹងចេញជាបន្តបន្ទាប់ ពីខេត្តព្រះសីហនុនៅពេលខាងមុខ។ ដោយឡែកអនុស្ថានីយចម្ការហ្លួង២៣០ មេហ្គាវ៉ាត់ ជាអនុស្ថានីយមួយស្ថិតក្នុងចំណោមអនុស្ថានីយចំនួន៦ ដែលដាក់ឱ្យដំណើរការមុនគេ ក្នុងក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែលសាងសង់មានការត្រួតពិនិត្យរួមគ្នា រវាងអគ្គិសនីកម្ពុជា និងទីប្រឹក្សាមកពីអគ្គិសនីបារាំង (EDF)។

អនុស្ថានីយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែក និងទទួលថាមពលទៅភាគខាងត្បូង និងខាងលិចរវាងបណ្តារោងចក្រធ្យូងថ្ម នៅខេត្តព្រះសីហនុ តំបន់ភ្នំពេ​ញ និងខេត្តកោះកុង ដែលសម្បូរទៅដោយប្រភពវារីអគ្គិសនី។ ខ្សែបញ្ជូនថាមពលអគ្គិសនី និងអនុស្ថានីយថ្មីនេះ គឺជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងវិស័យអគ្គិសនី ដែលនឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបង្កើនលទ្ធភាពការផ្គត់ផ្គង់ ឱ្យបានគ្រប់គ្រាន់ ប្រកបដោយស្ថិរភាព និងនិរន្តរភាព៕

ការវិនិយោគរបស់ប្រទេសម៉ាឡេស៊ីនៅកម្ពុជាកំពុងកើនឡើងខ្ពស់

ដោយហ្សូលី

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីលី ធុច បានទទួលស្គាល់ថា ពាណិជ្ជករម៉ាឡេស៊ីបានដើរតួយ៉ាងសំខាន់ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន។

លោកបានប្រាប់វិទ្យុអេហ្វអឹមម៉ាឡេស៊ី នៅពេលដែលលោកបានអញ្ជើញទៅទទួ​លពានរង្វាន់ពីក្រុមហ៊ុនម៉ាឡេស៊ីមួយ ស្ថិតក្នុងចំណោមមនុស្ស ដែលវិនិយោគនៅកម្ពុជា បន្ទាប់ពីសង្គ្រាមនិងទុរ្ភិក្សអស់រយៈពេល៣ទសវត្សរ៍។

លោកនិយាយថា “ប្រទេសកម្ពុជាត្រូវការគ្រូ ហើយត្រូវការឆ្មប មន្ទីរពេទ្យ សាលារៀន ផ្ទះ ផ្លូវថ្នល់ សម្លៀកបំពាក់និងអ្វីៗគ្រប់យ៉ាង ហើយប្រជាជនម៉ាឡេស៊ីបានចេញមុខមកបណ្តាក់ទុន”។ លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយទេស​ចរណ៍និងការនាំចេញសម្លៀកបំពាក់ តែឥឡូវនេះគឺជាប្រទេសមួយ ដែលមានការរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍”។

យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតក្នុងចំណោមការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ដែលមានអត្រាជាមធ្យម៨%ចន្លោះឆ្នាំ១៩៩៨ និង២០១៨ ។

ក្នុងចំណោមអាជីវកម្មផ្សេងទៀត ដែលធ្វើដោយប្រជាជនម៉ាឡេស៊ី គឺអាជីវកម្មដែលស្ថិតនៅក្រោមវិស័យអប់រំទូរគមនាគមន៍ ធនាគារ និងវិស័យទេសចរណ៍។

លោកលី ធុច បានមានប្រសាសន៍ថា ទាំងនេះកំពុងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាតាមរយៈការផ្ទេរចំណេះដឹងនិងការងារ។

សហគ្រិនម៉ាឡេស៊ី ដំបូងបានចូលមកក្នុងប្រទេសម្ពុជា ដើម្បីផលិតវាយនភណ្ឌ ហើយលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ឧស្សាហកម្មវាយនភ័ណ្ឌបានរីកចម្រើនទៅជាឧស្សាហកម្មមួយ ដែលមានតម្លៃដល់ទៅ១២ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការនាំចេញ។

លោកបានមានប្រសាសន៍ថា “អាជីវកម្មរបស់ម៉ាឡេស៊ី ក៏បានចាប់ផ្តើមវិស័យសំណង់នៅកម្ពុជាផងដែរ ដែលបច្ចុប្បន្នកំពុងតែរីកលូតលាស់”៕

ចំណេះដឹង! តើនិតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធមានប៉ុន្មានដំណាក់កាល?

ដោយវុត្ថា

ភ្នំពេញៈ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។

នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា៥ដំណាក់កាលសំខាន់ៗ៖

ដំណាក់កាលទី១៖ ត្រៀមរៀបចំ

ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងត្រូវធ្វើការប្រកាស កំណត់តំបន់វិនិច្ឆ័យថា តើត្រូវធ្វើការចុះបញ្ជីដីធ្លី នៅក្នុងឃុំណាមួយ។ នៅក្នុងដំណាក់កាលនេះ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។

ដំណាក់កាលទី២៖ វាស់វែង និងកសាងប្លង់សុរិយោដី

ម្ចាស់ដី គឺជាអ្នកកំណត់ព្រំជាមួយអ្នកជិតខាង។ ចំណែកមន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រុំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។

ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ បណ្តាំមរតក សាលក្រមតុលាការ លិខិតទិញ-លក់ ។ល។

ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ

អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។

នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះស​   ម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។

ដំណាក់កាលទី៤៖ វិនិច្ឆ័យ និងសម្រេច

ដំណាក់កាលនេះ មានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ចត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោ​ដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។

ដំណាក់កាលទី៥៖ ការចែកប័ណ្ណ

នេះជាដំណាក់កាលចុងក្រោយ។ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណ​ហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះ គឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ៕

ក្រុមហ៊ុនអចលនទ្រព្យ U.T.G UTRUST INVESTMENT Co,.Ltd ចែករំលែកក្ដីស្រឡាញ់ដល់សិស្សានុសិស្សជាង៥០០នាក់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមទឹកចិត្តសម្បុរស និងវប្បធម៌នៃការចែករំលែក ក្រុមហ៊ុនអចលនទ្រព្យយូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើលគម្រោងដីឡូតិ៍ដ៏ធំ បានធ្វើការចែករំលែកនូវក្ដីស្រឡាញ់ទៅដល់សិស្សានុសិស្សចំនួន២សាលា សរុបជាង ៥០០នាក់ តាមរយៈការផ្តល់ជូននូវសម្ភារៈសិក្សា ថវិកា អាហារ និងមធ្យោបាយសម្រាប់ធ្វើដំណើរទៅសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។

នៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ តាមរយៈមូលនិធិសប្បុរស យូត្រាស់ ក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ីនវេសម៉ិន បានធ្វើការចែករំលែកនូវក្តីស្រឡាញ់ដល់ប្អូនៗ សិស្សានុសិស្សចំនួនសាលា រួមមានសាលាបឋមសិក្សា ក្រាំងទំនប់ និងសាលាបឋមសិក្សា ស្ដុកតោល សរុបជាង៥០០នាក់ ដោយការចែកជូននូវសម្ភារៈសិក្សា រួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ កាតាប ព្រមទាំងចែករំលែកនូវថវិការទៅដល់លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ នៅភូមិស្តុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក ជួប សុវណ្ណ មេឃុំចាន់សែនបានមានប្រសាសន៍ថា “តាំងនាមខ្ញុំជាអជ្ញាធរនៅក្នុងតំបន់ សូមសម្ដែងនូវក្ដីសាទរ និងរីករាយចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន យូត្រាស់ ជាខ្លាំង”។ លោកបញ្ជាក់ថា “តាមរយៈវត្តមានរបស់ក្រុមហ៊ុន យូត្រាស់ ពិតជាបានចូលរួមចំណែកលើការអភិវឌ្ឍន៍នៅក្នុងតំបន់យ៉ាងច្រើន ជាក់ស្ដែង ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវចូលភូមិ ឃុំ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការរស់នៅ សូមសំណូមពរឱ្យមានសកម្មភាពមនុស្សនេះបន្តទៀតនៅក្នុងតំបន់នាឱកាសក្រោយៗទៀត” ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ យូ ធី ជី យូត្រាស់ អ៊ិនវេសម៉ិន (U.T.G UTRUST INVESTMENT Co,.Ltd) លោក ម៉ន សុខា បានមានប្រសាសន៍ប្រាប់ថា ការចែករំលែកនូវសម្ភារៈសិក្សា ថវិកា និងចំណីអាហារទៅដល់បណ្តាសិស្សានុសិស្សខាងលើនេះ គឺគ្រាន់តែជាការចូលរួមចំណែកនៅក្នុងការងារសង្គម និងជួយសម្រាលនូវក្ដីលំបាករបស់សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាត។

លោក ម៉ន សុខា បានមានប្រសាសន៍បន្តទៀតថា “សកម្មភាពមនុស្សធម៌ក្នុងរូបភាពចែករំលែកធនធានផ្ទាល់ខ្លួននេះ ក្រុមហ៊ុនយូ ធី ជី យូត្រាស់ ក៏ដូចជា ក្រុមការងារ តែងធ្វើជារៀងរាល់ឆ្នាំ និងស្ថិតនៅតាមបណ្តាខេត្តផ្សេងៗ ដែលជួបភាពខ្វះខាត ដោយក្រុមហ៊ុនបានបង្កើតជាមូលនិធិសប្បុរសធម៌ យូត្រាស់ ។ កាលពីឆ្នាំកន្លងទៅ យើងបានធ្វើការចែករំលែកនៅខេត្តកំពត ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ឆ្លៀតនៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ក្រុមការងាររបស់ក្រុមហ៊ុន បានសម្រេចចែករំលែកសាលាបឋមសិក្សា ចំនួន២ ដូចបានរៀបរាប់ជូនខាងលើ”។

លោកបានបញ្ជាក់ថា “គោលដៅនៃការចែករំលែកទាំងនេះ គឺចង់ឃើញស្នាមញញឹមរបស់កុមារ និងរីករាយជាមួយការសិក្សារបស់ពួកគេ ដែលជាធនធានយ៉ាងសំខាន់សម្រាប់សង្គមជាតិនៅថ្ងៃអនាគត។ រៀងរាល់ឆ្នាំក្រុមការងារយើងខ្ញុំ តែងតែចូលរួមធ្វើកិច្ចការសង្គម ការចែករំលែកធនធានខ្លះៗ ការបង្កើតស្នាមញញឹម ការបណ្តុះគំនិតសិក្សារៀនសូត្រ ការងារមនុស្សធម៌ជាប្រចាំ បន្ទាប់ពីជំនួញ និងការងារពួកយើង។

ជាមួយគ្នានេះ លោក ម៉ន សុខា តំណាងឱ្យក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រីសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា និងការចូលរួមសកម្មភាពផ្ទាល់ដែលបានចំណាយកំលាំងកាយ កំលាំងចិត្តពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។

សម្រាប់សម្ភារៈសិក្សា ដែលបានចែករំលែកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ រួមមាន កង់ចំនួន៦គ្រឿង (សម្រាប់លើកទឹកចិត្តដល់សិស្សដែលក្រីក្រ) សៀវភៅចំនួន ២០០០ក្បាល ប៊ិចចំនួន១៥០០ដើម ខ្មៅដៃចំនួន១៥០០ដើម បន្ទាត់ចំនួន១.០០០ដើម កាតាបដាក់សំសម្ភារៈសិក្សាជាង ៥០០ និងថវិកាមួយចំនួន ហើយក៏មានកម្មវិធីដាំដើមឈើ រួមនឹងការទទួលទានអាហារសាមគ្គីជុំគ្នារវាងគណៈគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមន្ត្រីអជ្ញាធរផងដែរ៕

CEO Master Club Exclusive Night Party ដ៏អស្ចារ្យជាមួយ​តារាបាល់ទាត់ដ៏ល្បី​លំដាប់ពិភពលោក

រាជធានីភ្នំពេញក្លឹបប្រមូល​ផ្តុំម្ចាស់អាជីវកម្ម​ខ្នាតតូចនិងមធ្យម​ដ៏ធំជាងគេនៅកម្ពុជា CEO Master Club សហការជាមួយ​ក្រុមហ៊ុន Riellionaire នៅរាត្រី​ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ ក្លឹបកម្សាន្តHard Rock Café បានរៀបចំ​ជំនួបទំនាក់ទំនងពាណិជ្ជកម្មដ៏​អស្ចារ្យជាមួយ​អ្នកជំនួញល្បីៗ និងជា​តារាបាល់ទាត់​ដ៏ល្បីលំដាប់ពិភពលោក​ គឺ អធិរាជហ្វ្រីខីតជើងឆ្វេង Roberto Carlos នៃក្រុមសាំបាប្រេស៊ីល​ម្ចាស់ពាFIFA World Cup ២០០២។

ក្នុង​កម្មវិធី Exclusive Night Party នេះមាន​ការចូលរួម​ផ្ទាល់ដោយ​ លោក អោម សេងបូរ៉ា ដែលជាប្រធាននិងស្ថាបនិក CEO Master Club International លោក Roberto Linck (Betu) ខ្សែ​បម្រើ​ប្រយុទ្ធឆ្នើម​​របស់ប្រេស៊ីល​និងជា​ស្ថាបនិក​ Linck Group (វិនិយោគលើពហុវិស័យភាពយន្ត កីឡា សណ្ឋាគារ​, Fashion និងបច្ចេកវិទ្យា) ដែលជាបេសកជន​តំណាង​ឱ្យ​ លោក Roberto Carlos លោក​ Ricardo Alves Fernandes ​សហស្ថាបនិក​សាលាបាល់ទាត់អន្តរជាតិ​ប្រេស៊ីល(BIFA) និង​ លោក Keven Cool ស្ថាបនិកក្រុមហ៊ុន Riellionaireព្រមទាំង​អស់ភ្ញៀវកិត្តិយសជាសមាជិកគ្រួសារCEO Master Club ជាច្រើនរូបទៀត។

លោក Roberto Carlos បានមានប្រសាសន៍ថាខ្ញុំពិតជាថ្លែងអំណរគុណចំពោះម្ចាស់​ឧបត្ថម្ភកម្មវិធី មាន CEO Master Club និង Riellionaire ដែលបាន​រៀបចំកម្មវិធីនេះ​។ ខ្ញុំពិត​រំភើបរីករាយក្នុងការចាប់ផ្ដើមគម្រោងបន្តបន្ទាប់ ទៀតជាមួយនឹងCEO Master Club ក៏ដូចជាប្រទេសកម្ពុជា”។

“[យ៉ាងណាមិញ] ខ្ញុំពិតជា​សោកស្តាយដែលមិនបានមកចូលរួមផ្ទាល់​ ​ដោយសារតែ​មានធុរៈជាបន្ទាន់ជាមួយ​ក្លឹបរបស់​ខ្ញុំ គឺ Real Madrid ដោយត្រូវ​គោរពតាម​កិច្ចសន្យា​របស់ខ្ញុំជាមួយនឹងក្លឹប ដែលមាន​ប្រការមួយបានចែង​ថា ខ្ញុំ​​ត្រូវ​ទៅត្រឡប់ទៅ​ជួយ​ក្លឹប​គ្រប់ពេល ក្នុង​ពេញមួយ​ជីវិត​ដោយមិនអាច​ខកខានបាននៅពេល​ណាដែលក្លឹបកោះហៅ អធិរាជហ្វ្រីខីតក្រុមជម្រើសប្រេស៊ីលបានសង្កត់ធ្ងន់ក្នុងសារវីដេអូរបស់ខ្លួន។

លោអោម សេងបូរ៉ា បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅថាទោះបីជាលោក Roberto Carlos មិនបានមានវត្តមាននៅទីនេះក៏ដោយ ប៉ុន្តែខ្ញុំពិតជាមានសេចក្ដីរំភើប និងមានកិត្តិយសដែលមានមិត្តសម្លាញ់ពីរអ្នក និងក្រុមការងារបានមកចូលរួមនាពេលយប់នេះ ខ្ញុំបានជួបជាមួយ Roberto Linck (Betu) និង Ricardo Alves Fernandes ក្នុងនាមជាអ្នករៀបចំ ជាក្រុមការងារ និងជាអ្នករកស៊ី ពួកគាត់មិនមែនត្រឹមតែជាអ្នកទាត់បាល់កម្រិតពិភលោកប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជារកស៊ីកម្រិតពិភពលោកផងដែរ។ រីឯលោក Roberto Carlos ជាអ្នករកស៊ី ជាសហគ្រិន ជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យអលនទ្រព្យ វិស័យសណ្ឋាគារ និងវិស័យរមណីដ្ឋានផងដែរ។ ក្រៅពីនោះគាត់ក៏ធ្វើការខាងថតកុន ហើយគាត់ចង់មកថតកុននៅស្រុកខ្មែរដូចគ្នា។”

ជាមួយគ្នានេះ​លោកក៏បានបញ្ជាក់​ពីបុព្វហេតុនៃការបង្កើត CEO Master Club ដែរថា​៖ ខ្ញុំជាបុគ្គលម្នាក់បានកើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីសម័យខ្មែរក្រហម រស់នៅក្នុងបរិយាកាសក្រីក្រ ពេលឃើញប្រទេសគេអភិវឌ្ឍន៍ ឯប្រទេសយើងក្រីក្រ ខ្ញុំចង់ចូលរួមចំណែកអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិរបស់យើង។ អ្វីដែលខ្ញុំមើលឃើញនិងជឿជាក់ ប្រទេសមួយដែលខ្លាំងគឺត្រូវការសេដ្ឋកិច្ចខ្លាំង ហើយកម្លាំងដែលធ្វើឱ្យសេដ្ឋកិច្ចខ្លាំងគឺ កម្លាំងអ្នករកស៊ីក្នុងវិស័យឯកជន ព្រោះវិស័យឯកជន អាច៖ ១. ជួយបង្កើតផលិតផលសេវាកម្មដែលជាតម្រូវការរបស់មនុស្ស សង្គម និងពិភពលោក ២. ជួយបង្កើតការងារធ្វើ ផ្ដល់ប្រាក់ចំណូលដល់ប្រជាជនបានច្រើន ៣. បណ្ដុះបណ្ដាធនធានមនុស្សបានច្រើនហើយជាក់ស្ដែងនៅកន្លែងការងារ ៤. ជួយបង្កើតចំណូលពន្ធជូនរដ្ឋបានច្រើន។ ទាំងអស់នេះគឺជាបុព្វហេតុនៃការកកើតឡើងនៃCEO Master Club។”

ស្ថាបនិករូបនេះ​បន្តថា បច្ចុប្បន្នយើងសង្កេតឃើញ បងប្អូនអ្នករកស៊ីខ្នាតតូចនិងមធ្យមភាគច្រើនគាត់មានសក្ដានុពលក្នុងការពង្រីក គាត់គ្រាន់តែខ្វះក្បួនដែលជួយគាត់ឱ្យមានការរីកលូតលាស់លឿនជាអាជីវកម្មបែបស្ដង់ដារតែប៉ុណ្ណោះហេតុនេះយើងបង្កើតCEO Master Clubឡើងមិនត្រឹមតែជួយគាត់ពង្រីកសាខាបាន លក់ហ្វ្រេនឆាយបាន ពង្រីកនៅក្នុងប្រទេសទៅក្រៅប្រទេសបាននោះទេតែយើងនឹងជួយគាត់ដើម្បីឱ្យមានប្រភពទុនផងដែរ។

សូមញ្ជាក់ថាក្នុងរយៈពេល១០ឆ្នាំមកនេះ CEO Master Club បានជួយបណ្ដុះបណ្ដាលសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,៦៥នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង,០០០ក្រុមហ៊ុនដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់  ចាន់ដេងសារី

រដ្ឋាភិបាលអនុម័តតំបន់ទេសចរណ៍ពិសិដ្ឋ “នាគរាជ”នៃឆ្នេររាមក្នុងតម្លៃវិនិយោគ១៦ពាន់លានដុល្លារ

ដោយរ៉ាណេត

ព្រះសីហនុៈ រដ្ឋាភិបាលបានអនុម័ត គំរោងប្រែក្លាយតំបន់ឆ្នេរសមុទ្ររាម ជាតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងនាគរាជ ដោយគ្រោងនឹងចំណាយទុនវិនិយោគ១៦ពាន់លានដុល្លារអាមេរិក។


ក្នុងគោលដៅអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសពហុបំណង ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេស បច្ចុប្បន្ននៅតំបន់ឆ្នេររាម ត្រូវបានសិក្សាបង្កើតជាតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

គំរោងនេះត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី១៤ កុម្ភៈកន្លងមកនេះ ក្រោមការដឹកនាំអង្គប្រជុំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីគមរោងនេះត្រូវបាន ស្នើសុំដោយក្រសួងទេសចរណ៍។

ការបង្កើតតំបន់កម្សាន្តគំរូពិសិដ្ឋ នាគរាជ នៅទីក្រុងរាម ខេត្តព្រះសីហនុ ដោយមានអន្តរក្រសួងពាក់ព័ន្ធ ចុះធ្វើការសិក្សាលម្អិតទៅលើគម្រោង និងផលប៉ះពាល់បរិស្ថានបញ្ចប់កាលពីពេលថ្មីៗនេះ។

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍គំរូពិសិដ្ឋ ស្ថិតនៅក្នុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ព្រំប្រទល់ក្រុងព្រះសីហនុ លាតសន្ធឹងនៅលើផ្ទៃដីទំហំប្រមាណ៣០៨១ ហិកតា ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ពិសេសការតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូឈើទាល ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុដោយបណ្តាញផ្លូវទឹកធំៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ផលប្រយោជន៍ខ្ពស់ដល់សេដ្ឋកិច្ចសង្គម។


ដោយឡែកនៅក្នុងតំបន់អភិវឌ្ឍន៍ឆ្នេរសមុទ្ររាម ក៏មានគម្រោងបង្កើតកន្លែងទេសចរណ៍ នាគរាជ ដែលស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន . ស្ថិតលើផ្ទៃដីទំហំ៨៣៤ហិកតា ដែលត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់១៦ពាន់លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍតំបន់នេះ ត្រូវបានបែងចែកជាដំណាក់កាលដោយត្រូវចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២០ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំសាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។

គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជនចេញចូលប្រើប្រាស់តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។ 

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាវ ស៊ីវលីន បានបង្ហាញពីការគាំទ្រ និងសាទរទៅនឹងគម្រោងអភិវឌ្ឍន៍ តំបន់ឆ្នេររាមឱ្យក្លាយជាទីក្រុងថ្មី ជាពិសេសគម្រោងបង្កើតតំបន់ទេសចរណ៍នាគរាជ ដែលអាចជួយបង្កើនសោភ័ណភាព និងទាក់ទាញទេសចរជាតិ អន្តរជាតិយ៉ាងប្រសើរ។


លោកស្រីបានបន្តថា ជារឿងប្រសើបំផុត ចំពោះគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទៅលើតំបន់ឆ្នេរខាងលើនេះ ព្រោះក្រីពីអាចជួយធ្វើឱ្យបង្កើនសោភ័ណភាព ក្នុងនាមជាតំបន់កម្សាន្ត វាក៏នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីនៃតំបន់ឆ្នេរផងដែរ លោកស្រីបានបន្តទៀតថា ភ្ញៀវទេសចរភាគច្រើន ជាពិសេសជនបរទេស តែងមានចំណូលចិត្តកម្សាន្តនៅតាមតំបន់ឆ្នេរ ប៉ុន្តែសម្រាប់ក្រុងព្រះសីហនុតំបន់ឆ្នេរ គឺនៅមានកម្រិតនៅឡើយ ដូច្នេះនៅពេលមានការអភិវឌ្ឍតំបន់ថ្មីៗទៀត វានឹងធ្វើឱ្យតំបន់កម្សាន្តឆ្នេរកាន់តែសម្បូរបែប

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះបានបញ្ជាក់ថាកន្លងមកធ្លាប់មានទេសចរអន្តរជាតិជាច្រើនចូលមក តាមរយៈផ្លូវទឹក ប៉ុន្តែដោយសារតែតំបន់កម្សាន្ត ក៏ដូចជាតំបន់ឆ្នេរមិនត្រូវនឹងតម្រូវការរបស់គេ ដូច្នេះបានត្រឹមតែជាការឆ្លង់កាត់ ហើយចាកចេញទៅវិញ ធ្វើឱ្យបាត់ឱកាសទទួលចំណូលពីពួកគេ។ នៅពេលមានតំបន់កម្សាន្តកាន់តែច្រើន និងស្រស់ស្អាត ទេសចរចំរុះជាតិសាសន៍ជាច្រើននឹងមកកាន់តំបន់ឆ្នេរកម្ពុជា

ប្រធានអង្គការសុខភាពកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេចតេជោជាថ្មីម្តងទៀត

ដោយ ប៊ី

ភ្នំពេញ៖ លោក Tedros Adhanom Gheybreyesus បានសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត បន្ទាប់សម្តេចតេជោបង្ហាញទឹកចិត្តសប្បុរសធម៌ក្នុងការទទួលសា្វគមន៍ការចូលចត្តនាវា MS Westerdam ដែលប្រទេស និងកោះចំនួន ៦ បានបដិសេធការចូលចតនាវានេះ។

លោក Tedros បានសរសេរលើបណ្តាញសង្គម Twitter កាលពីម្សិលមិញម្តងទៀតថា “ជាកាយវិការទឹកចិត្តសប្បុរសធម៌របស់សមេ្តចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកដល់ក្រុងព្រះសីហនុ ដើម្បីសា្វគមន៍អ្នកដំណើរលើនាវា Westerdam។ ជាការដឹងគុណរបស់ខ្ញុំសម្រាប់បង្ហាញនូវសាមគ្គីភាព និងសប្បុរសធម៌។
អគ្គលេខាធិការទេសចរណ៍ពិភពលោក បានផ្ញើលិខិតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបង្ហាញពីការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិកដែលផ្ទុកមនុស្សចំនួន២២៥៧នាក់ ចូលចតនៅផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។

ជាមួយគ្នានេះដែរ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) កាលពីម្សិលមិញ បានផ្ញើលិខិតកោតសរសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យ នាវា Westerdam ចូលចត។

ក្នុងលិខិតរបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សម្គាល់ចំពោះស្ថានភាពដ៏លំបាក់នៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ»។

លិខិតនេះបានបន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។

រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។ យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។ នេះបើតាមលិខិត លោក Zurab Pololikashvili។

លោកបន្តថា «ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ»។

នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ទេសចរទាំងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ៕

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកកើនឡើងមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ

ដោយ ប៊ី

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ កើនឡើងយ៉ាងខ្លាំងស្មើនឹង ៤០ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈទំនាក់ទំនងធុរកិច្ចមានភាពកាន់តែប្រសើរឡើង និងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

ទិន្នន័យចុងក្រោយពីការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិកបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុនមានតម្លៃ ៥,៣៦ ពាន់លានដុល្លារ កើនឡើង ៤០ ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបាននាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៥១៣,៤ លានដុល្លារ ការកើនឡើង ១៥ ភាគរយកាលពីឆ្នាំមុន។

នេះជាដំណឹងល្អសម្រាប់សហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេស បន្ទាប់ពីសហភាពអឺរ៉ុបកាលពីថ្ងៃ ពុធ បានប្រកាសដកហូតផ្នែកខ្លះនៃគម្រោងអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)។

ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះទំនាក់ទំនងធុរកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។

លោក បានថ្លែងថា “ការដោះដូរពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរពិតជាសំខាន់ណាស់។ វាជាសរសរគ្រឹះនៃទំនាក់ទំនងរបស់យើងហើយវាកាន់តែរឹងមាំ។ មិនមែនគ្រប់គ្នាសុទ្ធតែដឹងនិងពេញចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាទីផ្សារប្រទេសធំជាងគេតែមួយគត់សម្រាប់ព្រះរាជាណាចក្រកម្ពុជា”។

លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជានាំចេញទំនិញជាច្រើនទៅកាន់សហរដ្ឋអាមេរិកដែលបង្កើតការងារជាងមួយលាននៅក្នុងប្រទេសកម្ពុជា។

លោក បានបន្តថា “វាជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ សូមអរគុណមួយផ្នែកចំពោះអ្វីដែលខ្ញុំហៅថាសុភាពរាបសារបស់សភាអាមេរិក និងសភាសហរដ្ឋអាមេរិក ប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ពាណិជ្ជកម្ម ហើយបានទាញយកផលប្រយោជន៍ពីអត្ថប្រយោជន៍ពាណិជ្ជកម្មទាំងនោះ”។

លោកបានថ្លែងទៀតថា “ការនាំចេញទៅអាមេរិកបានកើនឡើងដល់ ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយផ្នែកដ៏ល្អមួយគឺដោយសារប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ ផ្នែកមួយនៃទំនាក់ទំនងនោះគឺកសិកម្ម”។

លោក បានថ្លែងបន្តថា “វាជាសមាសធាតុសំខាន់មួយនៅក្នុងរបៀបដែលយើងធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្នអង្ករកម្ពុជាស្ថិតនៅលើធ្នើផ្សារទំនើបរបស់អាមេរិក”។

លោក Murphy បានលើកទឹកចិត្តដល់អាជីវកម្មកម្ពុជាឱ្យចាប់ផ្តើមនាំចេញផលិតផលថ្មីទៅកាន់សហរដ្ឋអាមេរិកជា ពិសេសទំនិញកសិកម្ម។

នៅខែកក្កដាឆ្នាំ ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានពង្រីកគម្រោងប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដើម្បីដាក់បញ្ចូលទំនិញធ្វើដំណើរពីព្រះរាជាណាចក្រកម្ពុជា៕