CDCអនុម័តគម្រោងវិនិយោគចំនួន៤មានទឹកប្រាក់១១,៦លានដុល្លារអាមេរិក

ដោយម៉ាណេត

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤ មានទឹកប្រាក់ជាង១១លានដុល្លារអាមេរិក នៅក្នុងដើមសប្តាហ៍ទី៣ក្នុងខែកុម្ភៈនេះ។

យោងតាមព៌តមាន ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងនារសៀលថ្ងៃទី១៧ កុម្ភៈនេះបានឲ្យដឹងថា យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោមទី១- “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូបគណៈកម្មាធិការវិនិយោគ  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ  មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

ទី២- “ HUAKUAN (CAMBODIA) GARMENTS CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៣កន្លែង។

ទី៣  “J.D. LEATHER GOODS (CAMBODIA)  CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៨៨កន្លែង និងទី៤- “GIVEN CLOTHING GARMENT (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង៕

GMACទាមទាឱ្យសហភាពអឺរ៉ុបបន្តផ្តល់EBA ឡើងវិញដល់កម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ សមាគមរោងកច្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចប្រកាសថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ របស់សហភាពអឺរ៉ុប ដែលព្យួរផ្នែកខ្លះនៃកម្មវិធី “អនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងតែគ្រឿងសព្វាវុធ”(ABA) នៅកម្ពុជា និងបានទាមទាមឱ្យផ្តល់ដល់កម្ពុជាវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញផ្សាយនៅថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២០ នេះ ឱ្យដឹងថា GMAC កម្មវិធី EBA អនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុប នាំចូលផលិតផលពីប្រទេសកម្ពុជា (លើកលែងតែគ្រឿងសព្វាវុធ) ដោយមិនយកពន្ធ និងគ្មានកូតា។ អ្នកដែលទទួលអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីនេះ គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា ដែលតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ឧស្សាហកម្មទាំងនេះ មានចំនួនប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងប្រមាណ៩០ភាគរយ នៃការនាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញ ដែលផលិតដោយបណ្តារោងចក្រតំណាងដោយGMAC ។

ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះ ដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធ EBA មានចំនួនលើស៧៥ម៉ឺននាក់  និងបានរួមចំណែកដល់ការទាញ ប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ។ កម្មករភាគច្រើនបំផុតជាស្ត្រី ដែលគ្រប់គ្រងគ្រួសារ មើលថែសុខភាព និងសុខមាលភាពកូនៗ និងផ្តល់ប្រាក់ចំណូលដោយផ្ទាល់ ដល់គ្រួសារជាង២០ភាគរយនៃគ្រួសារក្នុងប្រទេសកម្ពុជា។

សមាគមបានជំរុញឱ្យគណៈកម្មការអឺរ៉ុប និង សមាជិសភាពអឺរ៉ុប ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនេះ ដោយពិចារណាទៅលើគុណតម្លៃ នៃកម្មវិធីនេះ ដែលត្រូវបានដាក់អនុវត្តជិត២០ឆ្នាំកន្លងមកនេះ  ជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងសេចក្តីថ្លែថ្នូរនៃការងារ។ កម្មវិធីEBA គឺជាជោគជ័យច្បាស់មួយ នៅក្នុងប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ ការដកដោយផ្នែកខ្លះនៃកម្មវិធីនេះ នឹងបានត្រឹមតែធ្វើឱ្យបាត់បង់ការងារ និងនាំឱ្យភាពក្រីក្រ។

សេចក្តីប្រកាសដដែលបញ្ជាក់ថា GMACគោរព និងគាំទ្រការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការកែលម្អគោលនយោបាយសិទ្ធិមនុស្ស ។  ជាអកុសល ការដកការជួយភ្លាមៗ បែបនេះពីប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ មិនមែនជាវិធីដែលត្រូវបន្តទៅមុខនោះទេ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សេចក្តីសម្រេចរបស់សភាពអឺរ៉ុប នឹងទំនង​ជាធ្វើឱ្យមានការភាន់ច្រឡំ ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្មរបស់យើង ដែលកំពុងឆ្ពោះទៅមុខ ហើយនឹងលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេសដទៃៗ ដែលមានការគោរពសិទ្ធិសហជីពអន់ឆ្ងាយជាងកម្ពុជា ហើយទំនងជាបណ្តាលឱ្យមានការបាត់បង់ការងារដល់កម្មកររាប់ម៉ឺននាក់ ហើយដែលភាគច្រើនបំផុតគឺជាសមាជិកសហជីព ហើយធ្វើឱ្យមានការភាពក្រីក្រកាន់តែខ្លាំងឡើងនៅក្នុងប្រទេស  ហើយធ្វើឱ្យវាកាន់តែលំបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជ​មាននៃភាពប្រកួតប្រជែងមកលើវិស័យរបស់យើង ដោយសារពន្ធដែលដាក់ដោយសហភាពអឺរ៉ុប។

សេចក្តីប្រកាសដដែលបញ្ជាក់ទៀតថា “សមាជិកGMAC មានមោទនភាពចំពោះការរួមចំណែកដែលពួកគេបានធ្វើ ហើយនឹងបន្តធ្វើការរួមចំណែកដល់ ការអភវិឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងបានយល់ជាយូរមកហើយថា ការធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ប្រសើរឡើងគឺចាប់ផ្តើមជាមួយនឹងការមានដំបូលផ្ទះ និងអាហារបរិភោគ”។

សមាគមបានជំរុញឱ្យសភាពអឺរ៉ុប ផ្តល់អត្ថប្រយោជន៍ EBA ដូចដើមវិញ សម្រាប់វិស័យរបស់យើង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលទទួលអត្ថប្រយោជន៍ពីកម្មវិធីEBA ដើម្បីចាកចេញពីភាពក្រីក្រ លើកកម្ពស់សិទ្ធិរបស់ពួកគេនៅកន្លែងការងារ និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ៕

សឹង្ហបូរីអះអាងថាកម្ពុជាបានទទួលការកោតសរសើរជុំវិញពិភពលោកចំពោះ ទង្វើមនុស្សធម៌របស់ខ្លួន

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជាបានទទួលការកោតសរសើរ ចំពោះទង្វើមនុស្សធម៌របស់ខ្លួន ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មាន Straight Times ដែលមូលដ្ឋាននៅសឹង្ហបូរី។

នៅក្នុងសារធ្វីតធើរ ប្រធាននៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesu បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានត្រួសត្រាយផ្លូវសម្រាប់កប៉ាល់ចូលចត។

នាវាMS Westerdam ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America Line ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ បន្ទាប់ពីត្រូវបានបដិសេធដោយ ប្រទេសជប៉ុន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ថៃ កោះតៃវ៉ាន់ និងកោះហ្គាំ ។

ការអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើឡើងដោយឈរលើមូលដ្ឋានមនុស្សធម៌ ហើយភាពភ័យស្លន់ស្លោគឺជាជំងឺពិត មិនមែនCovid-19 ទេ។

នាវា MS Westerdam បានមកដល់ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ហើយនឹងកំពង់ផែនេះអស់រយៈពេលជាច្រើនថ្ងៃ។

នាវានេះធ្វើទេសចរណ៍លើផ្ទៃទឹករបស់តៃវ៉ាន់ និងជប៉ុនរយៈពេល១៤ ថ្ងៃ។ វាបានចាកចេញពីហុងកុងនៅថ្ងៃទី១ ខែកុម្ភះ ដោយមានភ្ញៀវចំនួន១,៤៥៥នាក់ និងនាវិក ៨០២នាក់នៅលើនាវានេះ។

ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចនៃការឆ្លងជំងឺ Covid-19 បានបណ្តាលឱ្យសិទ្ធិចតរបស់នាវាត្រូវបានបដិសេធ។

យោងតាមបញ្ជីអ្នកដំណើរ មានអ្នកដំណើរចំនួន៤១សញ្ជាតិ ហើយរួមមានជនជាតិអាមេរិកចំនួន៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ ជនជាតិអង់គ្លេស១២៧ នាក់ និងជនជាតិហូឡង់ចំនួន៩១នាក់។

ការត្រៀមរៀបចំសម្រាប់ជើងហោះហើរ របស់អ្នកដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ កំពុងដំណើរការហើយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាលើបញ្ហា​នេះ។

លោកបានថ្លែងថា “យើងសូមកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយដល់នាវាMS Westerdam។ សុវត្ថិភាពរបស់ជនជាតិអាមេរិក នៅបរទេសគឺជាអាទិភាពខ្ពស់បំផុតរបស់ខ្ញុំ”។

ក្រុមបុគ្គលិករបស់ស្ថានទូតអាមេរិក នៅក្រុងព្រះសីហនុ ដើម្បីជួយដល់អាជ្ញាធរក្នុងការចាកចេញ និងផ្ទេរទៅទិសដៅបន្ទាប់៕

ក្រុមហ៊ុនអចលនទ្រព្យCPA Groupដែលមានទស្សនទានថ្មីក្នុងវិស័យនេះ ត្រៀមបង្ហាញខ្លួននាពេលឆាប់ៗនេះ

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យCPA Groupដែលមានទស្សនទានថ្មី ដើម្បីជួយដល់វិស័យសំណង់ និងអចលនទ្រព្យឲ្យមានភាពរីកចម្រើនថែមទៀត ត្រៀមបង្ហាញខ្លួននៅពេលឆាប់ៗខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ ដែលPropertyarea.asiaទើបទទួលបាននាព្រឹកថ្ងៃទី១៧ កុម្ភៈនេះបានឲ្យដឹងថា ដោយមានទស្សនវិស័យច្បាស់លាស់ និងបានប្រមូលផ្តុំអ្នកជំនាញជាតិ អន្តរជាតិក្នុងវិស័យនេះCPA Groupនឹងបង្ហាញខ្លួនក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក ដើម្បីផ្តល់សេវាកម្មវាយតម្លៃ ទិញលក់ ជួល ពិសេសការដេញថ្លៃ និងផ្តល់សេវាកម្មលក់អចលនទ្រព្យឡៃឡុងក្នុងទីផ្សារ ដើម្បីជួយអ្នកលក់ ឬជួលអចលនទ្រព្យអាចរកបានអតិថិជន និងបំពេញតម្រូវការរបស់ពួកគេ។

CPA Groupមានទីតាំងនៅលើបណ្តោយផ្លូវ២៧១ (ចម្ងាយប្រមាណ២០០ម៉ែត្រពីច្រកចូលវត្តសន្សំកុសល) ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

CPA Group នឹងបណ្តុំដោយហាងកាហ្វេ(CPA Coffee) សេវាកម្មលក់លៃឡុងអចលនទ្រព្យ សេវាកម្មការិយាល័យ(CPA Office) និងសហការជាមួយក្រុមហ៊ុនShow Up Real Estate ដើម្បីផ្តល់សេវាកម្មលក់គំរោងអចលនទ្រព្យ ដូចជា ផ្ទះល្វែង បុរី ដីឡូត៍ ខុនដូជាដើម។

លើសពីនេះCPA Coffeeនឹងមានសេវាកម្មប្រឹក្សា ដល់អ្នកចង់ប្រឡូកជាភ្នាក់ងារ ចង់ប្រឡូកជាអ្នកវិនិយោគ ឬអភិវឌ្ឍន៍ក្នុងវិស័យនេះ នៅក្នុងហាងកាហ្វេនេះផងដែរ ដោយយើងមានរៀបចំជាបន្ទប់VIP, ស្លាយបង្ហាញពីផែនការ យុទ្ឋសាស្រ្តដល់អ្នកចង់ទទួលសេវាកម្មប្រឹក្សាយោដល់ ក្នុងតម្លៃសមរម្យផងដែរ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា បច្ចុប្បន្នមានម្ចាស់អចលនទ្រព្យជាច្រើន បានដាក់លក់ផ្ទះ ដី ឬអាគាររបស់ខ្លួនមិនដាច់ និងចំណាយពេលយូរ ប៉ុន្តែCPA Group ដែលមានអ្នកជំនាញលំដាប់ជាតិ និងអន្តរជាតិជាច្រើននៅក្នុងវិស័យនេះ នឹងផ្តល់ដំណោះស្រាយជូនអតិថិជ តាមរយៈការផ្តល់សេវាកម្មវាយតម្លៃ ការដេញថ្លៃ និងការលក់់ឡៃឡុង តាមរយៈបណ្តាញអ្នកវិនិយោគជាតិ អន្តរជាតិ ដែលយើងមាននៅក្នុងដៃ និងបណ្តាញការងារដ៏ស្អិតរមួតរបស់យើង។

ហេតុនេះម្ចាស់អចលនទ្រព្យនានា ដែលមានអចលនទ្រព្យលក់មិនចេញ ឬពិបាករកអ្នកទិញឬអ្នកជួល អាចប្រើប្រាស់សេវាកម្មរបស់CPA Groupដែលមានសេវាកម្មផ្តោតលើភាពស្មោះត្រង់ រួសរាយរាក់ទាក់ អាចទុកចិត្តបាន និងឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា៕

ក្រុមហ៊ុន OCICគ្រោងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលនៅជ្រោយចង្វារនៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន OCIC គ្រោងនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលដ៏ធំមួយនៅជ្រោយចង្វារ នៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM នៅខែវិច្ឆិកាខាងមុខនេះ ខណៈគិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ រាជរដ្ឋាភិបាល កម្ពុជាបានរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬហៅថា (ASEM) នេះ បានសម្រេចបាន ពី៦០ ទៅ៧០ភាគរយហើយ។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ១៧ ខែកុម្ភៈនេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានឱ្យដឹងថា រចនាសម្ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ឹមបានរៀបចំរួចរាល់ ហើយគ្រោងនឹងបញ្ចប់ផ្នែកផ្សេងៗទៀតនៅខែមិថុនាខាងមុខនេះ។

លោកបន្តថា “មកដល់ពេលនេះ យើងបានធ្វើកិច្ចការ ច្រើនហើយ យើងបានរៀបចំពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ឹមនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ យើងបាន បង្កើតទៅជាគេហទំព័រ(វេបសាយ) យើងបានបង្កើតជាឡូហ្គោ ឥឡូវនេះក្រុមហ៊ុន OCIC កំពុង សាងសង់មជ្ឈមណ្ឌលដ៏ធំមួយនៅជ្រោយចង្វារ ដើម្បីជាកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកំពូល អាស៊ឹម នៅខែវិច្ឆិកាខាងមុខនេះ”។

លោកបន្ថែមថា “បើគិតពីភាគរយ ខ្ញុំមើលទៅអាចថា បាន៦០ទៅ៧០ភាគរយហើយ ព្រោះឥឡូវនេះជាStructureជាឆ្អឹងយើងបានរៀបចំអស់ហើយ ផ្នែកខាងសំណង់គេធ្វើបានច្រើនហើយគេនឹងបញ្ចប់ការសាងសង់នៅអំឡុងខែឧសភា ឬខែមិថុនាខាងមុខនេះហើយ។ ដូច្នេះយើងនៅសល់ ៤ខែទៀតដែរ គេប្រគល់ឱ្យយើងនឹងរៀបចំគូសប្លង់ គូសអ្វីៗ ព្រោះកិច្ចប្រជុំនេះយើងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២០”។

ជាមួយគ្នានេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានថ្លែងអំណរគុណដល់សមាជិកអនុគណៈកម្មការទាំងអស់ មាន ប្រធាន អនុប្រធាន សមាជិក ដែលកន្លងមកបានផ្តល់កិច្ចសហការដល់លេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងការរៀបចំដំណើរការឈានទៅដល់ការ រៀបចំកិច្ចប្រជុំកំពូលអាស៊ឹមនេះ ៕

លោកស្រីតាំង ហួរបង្ហាញវិធីសាស្ត្រ ៥ យ៉ាងដើម្បីលក់ផ្ទះឆាប់ដាច់

ដោយវុត្ថា

ភ្នំពេញ៖ ការលក់ផ្ទះដើម្បីឱ្យឆាប់ដាក់ភ្លាមៗ គឺមិនងាយស្រួលនោះទេ ត្រូវទាមឱ្យមានការប្រើប្រាស់ពេលវេលាយូរ ក្នុងការទាក់ទាញ និងពន្យល់ឱ្យអ្នកទិញមានជំនឿចិត្តក្នុងការសម្រេចចិត្តទិញផ្ទះរបស់លោក ដែលពេលខ្លះត្រូវប្រើប្រាស់ពេលអស់រយៈពេលរាប់ខែ និងឆ្នាំដើម្បីលក់ផ្ទះមួយដាច់ ។

តែយ៉ាងណាក៏ដោយ លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុនអចលនទ្រព្យAmatak Property Service បានផ្តល់អនុសាសន៍ ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្តចំនួន៥ដូចខាងក្រោម៖

ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយកខ្វក់ និងមានក្លិនមិនល្អ។
ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិនបើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវរញ៉េរញ៉ៃ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូប Spray បាញ់ខ្លាំងពេក មុនពេលអ្នកទិញមកមើលផ្ទះរបស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។

លោកស្រីពន្យល់ទៀតថា លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

វៀតណាមបិទសហគ្រាសជាង ៨០០ ដោយសារជំងឺកូរ៉ូណាវីរុស

ដោយ ប៊ី

ភ្នំពេញ៖ មិនត្រឹមតែកម្ពុជាទេដែលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូរ៉ូណាវីរុស (COVID-19) ក្រសួងការងារ និងសង្គមកិច្ចវៀតណាម បានឱ្យដឹងថា សហគ្រាសជាង ៨០០ និងនិយោជិក ៨,៧០០ នាក់បានរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ COVID-19នេះ។

ក្រសួងទើបតែបានចេញផ្សាយរបាយការណ៍ស្តីពីផលប៉ះពាល់នៃជំងឺដែលបណ្តាលមកពីជំងឺ COVID-19 ដែលមានប្រភពចេញពីទីក្រុង Wuhan ប្រទេសចិន។

ការស្ទង់មតិមួយនៅ ៣០ ខេត្ត-ក្រុងបានបង្ហាញថា សហគ្រាសចំនួន ៣២២ ក្នុងចំណោមសហគ្រាសចំនួន ១៨១,៥៩៧ បានផ្អាកប្រតិបត្តិការ ខណៈសហគ្រាសចំនួន ៥៥៣ បានកាត់បន្ថយ ឬបន្ថយទំហំផលិតកម្ម និងអាជីវកម្មរបស់ពួកគេ។

ខេត្ត និងក្រុងចំនួន ២២ បានរាយការណ៍ថា មានកម្មករចំនួន ៨, ៧៧៣ នាក់បានរងផលប៉ះពាល់ និង ១,០២៧ នាក់គ្មានការងារធ្វើ។

បច្ចុប្បន្ននេះ រោងចក្រដែលកំពុងដណើរការ នៅក្នុងវិស័យកាត់ដេរនៅកម្ពុជាប្រមាណ៦០ភាគរយ ត្រូវពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន។ ដោយឡែក ស្ថិតនៅក្នុងស្ថានភាពនៃការវាយឡុកពីមេរោគ Corona virus បានបង្ខំឱ្យរដ្ឋាភិបាលចិនសម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ក្នុងវិស័យរោងចក្រទូទាំងសាកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏ស្ថិតក្នុងភាពប្រឈមខ្ពស់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងភាពប្រឈម នៃការផ្អាកដំណើរការរោងចក្រកាត់ដេរមួយចំនួនជាបណ្តោះអាសន្ន ដែលបណ្តាលមកពីកង្វះខាតវត្ថុធាតុដើម នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ អ្នកនាំពាក្យក្រសួងការងារ និងវិជ្ជាជីវៈបានអះអាងថា ពេលនេះក្រសួងបានរៀបចំយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហា និងការពារកម្មករ-កម្មការិនី មិនឱ្យបាត់បង់ការងារនោះទេ។

ផ្អែកតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទទួលស្គាល់ពីភាពប្រឈ មនៃវិស័យកាត់ដេរនៅកម្ពុជា ក្រោយពេលដែលរោងចក្រមួយចំនួន នឹងត្រូវប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបានរៀបចំយុទ្ធសាស្ត្ររួចជាស្រេច ក្នុងកិច្ចការពារកម្មករកម្ពុជាមិនឱ្យបាត់បង់ការងារ និងប្រាក់ចំណូលនោះទេ។

លោកហេង សួរ បានមានប្រសាសន៍ថា “រោងចក្រដែលកំពុងដំណើរការនៅកម្ពុជាក្នុងវិស័យកាត់ដេរ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម នៅតែបន្តដំណើរការជាធម្មជាតា ប៉ុន្តែអាចនឹងរងផលប៉ពាល់នៅក្នុងខែបន្ទាប់ ក្រោយការផ្អាកនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន”។ លោកបានបន្តទៀតថា “បើទោះជាមានរោងចក្រមួយចំនួន នឹងត្រូវធ្វើការប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ប៉ុន្តែក្រសួងការងារមានយុទ្ធសាស្ត្ររួចជាស្រេចក្នុងការដោះស្រាយ មិនអោយកម្មករកម្មការិនីបាត់បង់ការងារនោះទេ ដោយពួកគាត់នឹងទទួលបាននូវសំណង ការទទួលបានការងារថ្មី ក៏ដូចជា ការបណ្ដុះបណ្ដាលជំនាញបន្ថែមផងដែរ”។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សព្វថ្ងៃកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើន ក្នុងការបំពេញតម្រូវការក្នុងវិស័យឯកជន។ ជាក់ស្ដែងនៅខេត្ត ព្រះសីហនុ កំពុងខ្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ ខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មបន្ថែមជិត១ម៉ឺននាក់ ខេត្តកំពង់ចាម ត្រូវការជាង៥ពាន់នាក់ និងក្នុងរាជធានីភ្នំពេញ ត្រូវការកម្លាំងពលកម្មជាច្រើនទៀត។ ដូច្នេះ សម្រាប់អ្នកដែលកំពុង តែមានភាពប្រឈមជាមួយរោងចក្រ ដែលប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន អាចនឹងមានការងារជំនួសក្នុងរយៈពេលខ្លី ទម្រាំសកម្មភាព និងដំណើរការរោងចក្រទាំងនោះអាចចាប់ដំណើរការបានជាធម្មតាវិញ៕

ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនឹងរុញច្រានកម្ពុជាឱ្យកាន់ជិតស្និទ្ធជាមួយចិន

ដោយ ប៊ី

ភ្នំពេញ៖ ការដកប្រព័ន្ធអនុគ្រោះពន្ធនឹងទំនងជាបង្កការរុញច្រានឱ្យកម្ពុជាឃ្លាតឆ្ងាយពីអឺរ៉ុប និងឆ្ពោះទៅរកប្រទេសចិន។ នេះបើយោងតាមសេចក្តីអត្ថាធិប្បាយមួយកាលពីសប្តាហ៍មុនរបស់សារព័ត៌មានធុរកិច្ចជប៉ុនដែលមានឈ្មោះថា Nikkei Asian Review។

នៅក្នុងការបោះជំហានយ៉ាងខ្លាំងនៃការផ្អាកការចូលពន្ធសហភាពអឺរ៉ុបរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបកាលពីសប្តាហ៍មុន គណៈកម្មការអឺរ៉ុបសង្ឃឹមថាខ្លួននឹងលើកទឹកចិត្តដល់ទីក្រុងភ្នំពេញដើម្បីជួសជុលការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ខ្លួន។

គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបព្យាយាមធ្វើឱ្យមានលក្ខណៈស្តង់ដារ និងយុទ្ធសាស្ត្រស្របគ្នា។ បទដ្ឋានស្តង់ដារមានន័យថា ខ្លួនចង់នាំចេញនូវបទដ្ឋាន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អជាអាទិភាពនៃគោលនយោបាយការបរទេស។

ប៉ុន្តែខណៈជម្លោះប្រេងដូងបានបង្ហាញថា គោលនយោបាយការទូតខាងសីលធម៌បែបនេះជះឥទ្ធិពលអវិជ្ជមានដល់គោលដៅយុទ្ធសាស្ត្ររបស់អឺរ៉ុប៖ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានបញ្ចុះបញ្ចូលប្រឆាំងនឹងការផ្តល់ឋានៈភាពជាដៃគូយុទ្ធសាស្ត្ររបស់ EU ជាមួយអាស៊ាន ក្នុងការសងសឹកចំពោះការរឹតត្បិតរបស់សហភាពអឺរ៉ុបលើប្រេងដូង។

ផលប៉ះពាល់ស្រដៀងគ្នាកំពុងរង់ចាំសហភាពអឺរ៉ុបជាមួយនឹងការដក EBA របស់កម្ពុជា។ លើសពីនេះទៀតនៅពេលដែល EBA ព្យាយាមលើកទឹកចិត្តរដ្ឋាភិបាលឱ្យអនុវត្តតាមសិទ្ធិមនុស្ស និងការអនុវត្តអភិបាលកិច្ចល្អមនុស្សគ្រប់គ្នាដឹងថា ការដកចេញនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ខណៈគោលបំណងរបស់ប្រព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឱ្យប្រទេសងើបចេញពីភាពក្រីក្រ។

វិធានការណ៍ដាក់ទណ្ឌកម្មបែបនេះនឹងជំរុញឱ្យប្រទេសកម្ពុជាកាន់តែខិតជិតប្រទេសចិន។ សម្រាប់ប្រទេសចិន កាន់តែប្រសើរ ឬអាក្រក់ជាងនេះទៅទៀត ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទូទាត់សងនូវការខាតបង់ដល់សេដ្ឋកិច្ចកម្ពុជា។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនគ្រោងនឹងចុះហត្ថលេខានៅដំណាច់ឆ្នាំ ២០២០ នេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍សម្រាប់ការចរចានៅជុំបន្តបន្ទាប់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការឈានដល់ដំណាក់កាលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជានូវភាពកាន់តែសំបូរបែបក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

ចំពោះការវិនិយោគ កិច្ចព្រមព្រៀងនៃនឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មីបន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។

កត្តាទាំងអស់នេះនឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃលើវឌ្ឍនភាពនៃការចរចាជុំទី ១ នេះ នឹងបានផ្តល់គោលការណ៍នាំដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានរឹងមាំសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទាំងមូលឱ្យបានឆាប់ ស្របតាមការណែនាំ និងការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រៅពីនេះ អង្គប្រជុំក៏បានឯកភាពលើគម្រោងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ និងគ្រោងចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ៕

ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មានសន្ទុះការងារ និងល្បឿនលឿនបំផុតដែលនឹកស្មានមិនដល់

ដោយវុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានអះអាងថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុមានសន្ទុះការងារ និងល្បឿនលឿនបំផុតដែលនិកស្មានមិនដល់ និងអាចសម្រេចតាមផែនការនាពេលខាងមុខ។

លោកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប នៅក្នុងពិធីអមដំណើរ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍កន្លងមកនេះ ឱ្យដឹងថា ដំណើរការនៃការសាងសង់ផ្លូវទាំង ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុមានសន្ទុះ ល្បឿនលឿនបំផុង ។

លោកឧកញ៉ា ថ្លែងថា ថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២០រួមដំណើរជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការជាច្រើនរូបទៀតចុះពិនិត្យមើលសកម្មភាព ក្រុមគ្រឿងចក្រវិស្វកម្មស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងក្រុងព្រះសីហនុ ខ្ញុំសុំវាយតម្លៃខ្ពស់បំផុតដោយឃើញសន្ទុះការងារ មានល្បឿនលឿនបំផុតដែលនិកស្មានមិនដល់ ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពន្លឿនការសាងសងឱ្យចប់តាមផែនការដែលបានកំណត់ក្នុងរយៈពេល ៨ខែ និងស្របតាមស្តង់ដាបច្ចេកទេសដែលអាចធានាបាននូវគុណភាពរឹងមាំសម្រាប់ប្រើប្រាស់បានយូរអង្វែង។

រដ្ឋាភិបាលបានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ និងថវិការបស់រាជរដ្ឋាភិបាលចំនួនប្រមាណជាង ៣០០លានដុល្លារអាមេរិក។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

កម្ពុជា-ថៃនឹងមិនសម្រេចបានទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារនៅឆ្នាំនេះ?

ដោយ ប៊ី

ភ្នំពេញៈ គោលដៅនៃការសម្រេច បានទំហំពាណិជ្ជកម្មទ្វេភាគី១៥ ពាន់លានដុល្លាររវាងប្រទេសកម្ពុជា និងថៃដែលបានកំណត់សម្រាប់ឆ្នាំនេះ នឹងមិនត្រូវបានឈានដល់នោះទេ ខណៈការនាំចេញរបស់កម្ពុជា ទៅកាន់ថៃបានកើនឡើងកើនឡើង ១៩៥% កាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង១២ភាគរយ ក្នុងឆ្នាំ២០១៩ស្មើនឹង ៩,៤ពាន់លានដុល្លារ កើនឡើងពី៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ខណៈមេដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាទ្វេរភាគី ពាណិជ្ជកម្មទ្វេភាគីដល់១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០នេះ។

លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទោះបីពាណិជ្ជកម្មទ្វេភាគី ដែលមានគោលដៅចំនួន១៥ពាន់លានដុល្លារ នឹងមិនឈានដល់ក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាននិន្នាការកើនឡើង។

លោកបានមានប្រសាសន៍ថា “ផ្អែកលើតួលេខពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ យើងនឹងមិនឈាន ដល់គោលដៅចំនួន១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ទេ ប៉ុន្តែជារួមទំនាក់ទំនងពាណិជ្ជកម្មស្ថិតនៅចំណុចល្អមួយ”។

កាលពីឆ្នាំមុនការនាំចេញរបស់កម្ពុជា ទៅថៃមានតម្លៃ២,២៧ពាន់លានដុល្លារកើ​នឡើង១៩៥%ធៀបនឹងឆ្នាំ២០១៨ ខណៈការនាំចូលពីថៃ មានតម្លៃ៧,១៤ពាន់លានដុល្លា​រធ្លាក់ចុះ៦%។

លោកសៀង ថៃ បានមានប្រសាសន៍ថា “ការនាំចេញរបស់យើង [ទៅប្រទេសថៃ] មានការលំបាក ពីព្រោះប្រទេសថៃក៏ជាប្រទេសកសិកម្មមួយ ដែលមានផលិតផលស្រដៀងនឹងផលិតផលរបស់យើង ហើយទំនិញដែលយើងនាំចេញភាគច្រើនគឺកសិកម្ម។ តម្លៃនៃការនាំចេញរបស់យើង កើនឡើងក្នុងកម្រិតនេះគឺជាជោគជ័យមួយ”។

លោកបាននិយាយថា ទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសរវាងក្រសួងពាណិជ្ជកម្មទាំងពីរ បានមើលឃើញពីកិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លា ដែលបានជំរុញដល់តម្លៃពាណិជ្ជកម្លៃ ហើយយើងបានព្រមព្រៀងជំរុញ ពាណិជ្ជកម្មទ្វេភាគីឱ្យច្រើនថែមទៀត”។

ចាប់តាំងពីឆ្នាំ២០១៥ មករដ្ឋាភិបាលទាំងពីរបានជំរុញការងារ ដើម្បីអភិវឌ្ឍខ្សែផ្លូវដែក និងភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីបានផ្តាច់ផ្លូវតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។ ការតភ្ជាប់នេះនឹងធ្វើឱ្យពាណិជ្ជកម្មប្រសើរឡើង និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

ខ្សែផ្លូវដែករវាងប្រទេសទាំងពីរ ពិតជាត្រូវបានតភ្ជាប់ឡើងវិញ នៅក្នុងខែមេសា ប៉ុន្តែការឆ្លងកាត់ព្រំដែនមិនទាន់បានចាប់ផ្តើមនៅឡើយទេ៕