ភាគខាងត្បូងឈៀងខាងលិចក្រុងភ្នំពេញកំពុងទាក់ទាញការវិនិយោគបុរីលំនៅដ្ឋាន

ដោយរ៉ាណេត

ភ្នំពេញៈ តំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញបាន និងកំពុងទាក់ទាញការវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានាយ៉ាងសកម្ម ដោយសារលក្ខខ័ណ្ឌភូមិ​សាស្រ្ត និងការវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅតំបន់នេះ។

ធ្លាប់ជាជាតំបន់ជាយក្រុង និងមានការអភិវឌ្ឍន៍ ត្រឹមតែជាសំណង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមកាលពីជាង៣ឆ្នាំមុននោះ ពេលនេះបានប្រែក្លាយរូបរាងជាទីប្រជុំជន និងពេញនិយមលើការអភិវឌ្ឍ ផ្នែកលំនៅដ្ឋានកម្រិតមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់ដ៏មានសក្ដានុពល ដែលនឹងក្លាយទៅជាក្រុងថ្មីនាពេលឆាប់ៗខាងមុខនេះ។

នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ ជាពិសេសតំបន់ដែលស្ថិតនៅជាប់ផ្លូវលេខ២១៧ បច្ចុប្បន្ននេះកំពុងត្រូវបំពេញទៅដោយគម្រោងសំណង់អគារលំនៅដ្ឋាន និងបុរីតូចធំជាច្រើនគម្រោង ដែលក្នុងនោះរាប់ចាប់ពីគម្រោងលំនៅដ្ឋានកម្រិតមធ្យម រហូតទៅដល់គម្រោងលំនៅដ្ឋានកម្រិតខ្ពស់លំដាប់អភិជន ដែលមានតម្លៃជិតកន្លះលានដុល្លារក្នុងមួយខ្នង។

នៅជុំវិញតំបន់ផ្លូវលេខ២១៧ នៅពេលបច្ចុប្បន្ននេះ គម្រោងសំណង់បុរីធំៗជាច្រើ​នបាន និងកំពុងសម្រុកសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ខ្លួន ដែលក្នុងនោះរួមមានដូចជា គម្រោងបុរីពភពថ្មី គម្រោងក្រុមហ៊ុន VIP គម្រោងបុរីម៉ាលីស គម្រោងបុរីរតនៈ គម្រោងបុរីទាន់សម័យ គម្រោងបុរីម៉ូឌឺន គម្រោងបុរីឧត្តម និងគម្រោងបុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ GALAXY 11 ។

លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិគម្រោងបុរីលំនៅដ្ឋាន GALAXY 11 ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងកំពុងតែសម្រុកដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលស្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ពិតជាមានគម្រោងអភិវឌ្ឍធំៗ ចូលមកកាន់តំបន់នេះប្រាកដមែន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម។

លោកបានបន្តទៀតថា “គម្រោងរបស់បុរីGALAXY11 ដែលកំពុងសាងសង់នៅពេលនេះ គឺជាប្រភេទលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ដែលមានចែកចេញជា៣ប្រភេទ រួមមានដូចជា ប្រភេទShop House ផ្ទះវីឡាទោល និងវីឡាព្រីនស៍ (Prince) ដោយគ្រប់ប្រភេទនៃផ្ទះទាំងអស់ សុទ្ធតែត្រូវបានរៀបចំរចនាយ៉ាងវិចិត្រពីសំណាក់អ្នកជំនាញ”។

លោកហេង ពិសិដ្ឋបានបន្តទៀតថា ក្រៅពីយកចិត្តទុកដាក់ទៅលើការរចនាម៉ូត  ប្លង់មេរបស់បុរីទាំងមូលដែលធានាថា ស្អាតទំនើបល្អឥតខ្ចោះនោះ នៅក្នុងបុរីក៏មានការស្ថាបនាផ្លូវភ្លោះទំហំ១៣ម៉ែត្រ មានរៀបចំជាកន្លែងកម្សាន្ត សួនច្បារសាធារណៈ មានពិភពបៃតងផ្តល់នូវបរិយាកាសដ៏ល្អ និងខ្យល់ត្រជាក់បក់មកពីស្ទឹង មានអាងហែលទឹក ជាពិសេស មានការរៀបចំជាក្លឹបហាត់ប្រាណបែបទំនើប ដោយមិនចាំបាច់ចំណាយពេលចេញទៅហាត់ប្រាណនៅក្រៅបុរីនោះឡើយ។

គម្រោងបុរី GALAXY 11 នៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយចំណាយពេលត្រឹម៥នាទីក្នុងការធ្វើដំណើរពីទីតាំង គម្រោងផ្សារទំនើប AEON3 តែប៉ុណ្ណោះ។ ប្រភេទលំនៅដ្ឋានប្រភេទShop House មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារឡើងទៅ។ ប្រភេទលំនៅដ្ឋាន វីឡាទោលមានតម្លៃចាប់ពីជាង១៤ម៉ឺនដុល្លារឡើងទៅ។

ប្រភេទលំនៅដ្ឋាន វីឡា ព្រីនស៍មានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារឡើងទៅ ដោយគ្រប់ប្រភេទលំនៅដ្ឋានទាំងអស់ លោកអ្នកគ្រាន់តែកក់ត្រឹម៣០ភាគរយ ជាមួយនឹងការបង់រំលស់រយៈ១៨ខែដោយគ្មានការប្រាក់។

លក្ខណៈពិសេសដែលអាចទាក់ទាញចំណាប់អារម្មណ៍ លើការវិនិយោគនៅតំបន់ភាគខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញមួយនេះ គឺរួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជាផ្លូវ៦០ម៉ែត្រ ផ្លូវ៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុង រួមជាមួយផ្លូវតូចធំជាច្រើនទៀត ដែលបង្កភាពងាយស្រួលចេញចូលក្រុងភ្នំពេញ ក្រុងតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១។ ក្រៅពីនេះនៅមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបធំៗកម្រិតអន្តរជាតិផងដែរ ដូចជា ផ្សារទំនើប AEON3 ផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េងហួត ផ្សារទំនើបជីពម៉ុងជាដើម។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ដែលជាអ្នកជំនាញក្នុងការវាយតម្លៃ បានទទួលស្គាល់ពីភាពរីកចម្រើននៅក្នុងតំបន់ រួមជាមួយនឹងសក្ដានុពលលើវិស័យលំនៅដ្ឋាន នៅតំបន់ភាគខាងត្បូងក្រុងនេះថា “នៅភាគខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តមានសក្ដានុពល ក្នុងការវិនិយោគលើវិស័យលំនៅដ្ឋា​ន ហើយកាន់តែមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅមុនៗ”។

លោកស្រីបន្តទៀតថា “កាលពីប្រមាណ៣ឆ្នាំមុនតំបន់ខាងលើនេះ ត្រូវបានអ្នកវិនិយោគចាប់អារម្មណ៍ និងវាយតម្លៃថានឹងមានសក្ដានុពលរួចជាស្រេច ស្របពេលដែលវិស័យដីធ្លី នៅទូទាំងតំបន់ជាយក្រុងមានភាពពុះកញ្ជ្រោលកើនតម្លៃ”។

លោកស្រីបានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ បន្ទាប់ពីរដ្ឋាភិបាលអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានធ្វើឱ្យតំបន់ខាងលើនេះ កាន់តែមានភាពទាក់ទាញខ្លាំងលើការវិនិយោគ ស្របពេលដែលកំណើនប្រជាជនចូលទៅរស់នៅ និងប្រកបអាជីវកម្មច្រើន។ លោកស្រីបន្តថា តំបន់ដែលមានប្រមូលផ្តុំទៅដោយទីប្រជុំ គឺដង្ហើមសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរ ដែលកាន់តែជំរុញឱ្យការអភិវឌ្ឍ និងការវិនិយោគមានភាពទាក់ទាញ ហើយនៅថ្ងៃខាងមុខតម្លៃនៅតែបន្តឡើងថ្លៃ ដែលជាឱកាសល្អសម្រាប់អ្នកដែលចង់វិនិយោគយកចំណេញ”៕

តម្លៃផ្ទះនៅប្រទេសចិនដាំក្បាលចុះរហូតដល់១២%នៅដើមត្រីមាសដំបូលឆ្នាំនេះ

ដោយហ្សូ លី

ភ្នំពេញៈ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានកើនឡើងក្នុងល្បឿនខ្សោយបំផុត ក្នុង  រយៈពេលប៉ុន្មានខែនៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចបានធ្លាក់ចុះ ហើយទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះឈានដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ។

យោងតាមអ្នកស្រាវជ្រាវអចលនទ្រព្យ CRIC បានឱ្យដឹងថា ការលក់អចលនទ្រព្យក្នុងខែមករា ដោយតម្លៃត្រូវបានរាយការណ៍ ដោយអ្នកអភិវឌ្ឍន៍កំពូលៗចំនួន១០០នាក់របស់ចិន បានធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ NBS នឹងចេញផ្សាយតែទិន្នន័យលក់ផ្លូវការ ដែលបានបញ្ចូលគ្នាចាប់ពីខែមករា ដល់ខែកុម្ភៈនិងខែមីនា។

ផ្អែកលើទិន្នន័យការិយាល័យស្ថិតិជាតិ (NBS) នៅថ្ងៃចន្ទនេះថា តម្លៃគេហដ្ឋានថ្មីជាមធ្យមនៅក្នុងទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនបានកើនឡើងត្រឹម០,២ភាគរយប៉ុណ្ណោះនៅក្នុងខែមករា បើធៀបនឹងឆ្នាំមុនវិញគឺទាបជាងការរំពឹងទុក និងបង្ហាញពីកម្រិ​ត​ទាបបំផុតក្នុងខែកុម្ភៈ។

ការលក់ផ្ទះបានធ្លាក់ចុះ ខណៈពេលដែលការផ្ទុះឡើងនៃមេរោគ បានធ្វើឱ្យភ្នា​ក់ងារលក់អចនទ្រព្យបិទ រីឯអ្នកទិញក៏មានភាពភ័យខ្លាច ដោយសារមិនអាចរកស៊ីឬធ្វើការនៅខាងក្រៅបានយូរ។

អ្នកវិភាគនៅមជ្ឈមណ្ឌលពិគ្រោះយោបល់អចលនទ្រព្យ Centaline នៅទីក្រុងប៉េកាំងលោកចាង ដាយវីបាននិយាយថា “ទិន្នន័យតម្លៃនៅក្នុងប្រទេសចិន សម្រាប់ខែកុម្ភៈនេះ មានភាពទូលំទូលាយ និងបានធ្លាក់ចុះ នៅពេលអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនសម្រុកទៅរកបន្ទប់លក់”។

ក្រុមហ៊ុនChina Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំលំដាប់ទីបីដោយសារការលក់នៅក្នុងប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈថា ខ្លួននឹងផ្តល់ការបញ្ចុះតម្លៃដល់ទៅ២៥ ភាគរយ សម្រាប់អចនទ្រព្យទាំងអស់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ដែលនេះជាការបញ្ចុះតម្លៃដ៏ធំមិនធ្លាប់មានពីមុនមក។

ប៉ុន្តែសេដ្ឋវិទូភាគច្រើនមិនរំពឹងថា ទោះបីជាមានការបន្ធូរបន្ថយតម្លៃ នៅក្នុងការលក់អចនទ្រព្យក៏ដោយ ក៏វាមិនអាចជំរុញដល់អ្នកទិញបានឡើយ ព្រោះបំណុលគ្រួសាររបស់អ្នកទិញមានច្រើនរួចទៅហើយ។

តម្លៃអចលនទ្រព្យ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង៕

(The New York Times)

អគ្គនាយកដ្ឋានពន្ធដា ប្រមូលចំណូលបាន ២៤០លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្រាប់តែខែមករា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានមានចំនួន៩៥៦.៧៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ២៣៩.១៩លានដុល្លារអាមេរិក កើនឡើង១៤.៧៤ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨ភាគរយ អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩,១២ភាគរយ និងជាពិសេស អ្នកជាប់ពន្ធតូច កើនឡើង៦០៧,៩៧ភាគរយ។

លោកបានណែនាំបន្ថែម ដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។
សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖
* បន្តពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី ស្របតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ។
* បន្តរៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ ចំពោះប្រភេទទំនិញដែលមានហានិភ័យដល់ចំណូលពន្ធមួយចំនួន ជាអាទិ៍ សម្ភារសំណង់ ស៊ីម៉ង់តិ៍ បេតុងនិងប្រេងឥន្ទនៈ ព្រមទាំងបន្តពង្រឹងយន្តការពិនិត្យ និងតាមដាន ការអនុវត្តការបិទតែមប្រិ៍អាករលើផលិតផលបារី និងរៀបចំអនុវត្តការបិទតែមប្រិ៍អាករ លើផលិតផលស្រាបៀរ ដើម្បីឱ្យការបង់ពន្ធមានតម្លាភាព និងធានាការប្រកួតប្រជែងដោយស្មើភាព។
* បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរ និងការគ្រប់គ្រងចំណូលពន្ធ មានប្រសិទ្ធភាពខ្ពស់។
* បន្តការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយផ្សព្វផ្សាយនិងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live)។
* បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស ដោយត្រៀមដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing), កម្មវិធីប្រកាសពន្ធសម្រាប់អ្នកជាប់ពន្ធតូច និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី។
* ត្រៀមអនុវត្តដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីវិក្កយបត្រនាំសំណាង (Invoice Lucky Draw App) ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ និងតម្លាភាព ក្នុងការកំណត់ហានិភ័យដើម្បីធ្វើសវនកម្មពន្ធដារ។
* បន្តពង្រឹងប្រសិទ្ធភាព នៃត្រួតពិនិត្យការតាមដានឯកសារ និងផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធ ឬសាធារណជនមានភាពងាយស្រួល ក្នុងការតាមដានពីវឌ្ឍនភាព នៃឯកសាររបស់ខ្លួន ដែលបានដាក់មកកាន់ អគ្គនាយកដ្ឋានពន្ធដារដោយប្រើប្រាស់នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Checking and Tracking App)។
* ដាក់ឱ្យអនុវត្តនូវគោលការណ៍ នៃកម្មវិធីកែទម្រង់ធនធានមនុស្ស ជាពិសេសគោលការណ៍កំណត់ចំណាត់ថ្នាក់ នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ ប្រធានអង្គភាព (Merit and Demerit System)។
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៍បង់ពន្ធ និងពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ជាពិសេស សម្រាប់រយៈពេលនៃការប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ដោយបន្តពង្រឹងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តផ្ទាល់ និងជូនអ្នកជាប់ពន្ធ។
* ពង្រឹងកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោះស្រាយករណីឯកសារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធកកស្ទះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តចុះយុទ្ធនាការជួយខេត្តដែលបានការកកស្ទះឯកសារ និងបន្តអនុវត្តយន្តការដោះស្រាយដូចភ្លៀងរលឹម។

* បន្តជំរុញបញ្ចប់ការរៀបចំធ្វើបច្ចុប្បន្នភាព ច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិស្ដីពីពន្ធដារនានា ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យសម្រេច។
* បន្តអនុវត្តវិធានការចាំបាច់នានាដូច ដែលមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣៕

សម្ដេចតេជោ ទទួលមើលថែអ្នកដំណើរតាមនាវាជាង២០០០នាក់ ទោះបីម្ចាស់ប្រទេសមិនទទួលក៏ដោយ

កាលពីព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភ: ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធដោយប្រទេសនិងកោះចំនួន៦ មិនអោយចុះចត ដែលនៅក្នុងនាវាដ៏ធំនេះក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តិអោយចុះចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញត្តិអោយចូលកម្ពុជាអោយបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាពដើម្បីផ្តល់ការមើលថែនិងព្យាបាលអោយបានទាន់ពេលវេលាដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនអោយមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀតដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះគឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារមានអ្នកឆ្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់៣៥៦ នាក់។

បើកម្ពុជាមិនទទួលនាវានេះអោយចុះចតទេ ម៉្លេះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួលពួកគេអោយចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុកអោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយនិងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍បែបនេះចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។

បើតាមគម្រោងដែលបានគិតក្នុងការជួយដល់អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំនៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់អោយពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាត្តិអោយមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសអោយនាវាទេសចរណ៍នេះបន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែនសមុទ្រកម្ពុជាដែរ។

កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើអោយបានហ្មត់ចត់និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថាទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេប្រសិនបើត្រូវការកម្ពុជា គឺ សម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕

ធនាគារកូរ៉េខាងត្បូងធំមួយកំពុងពង្រីកខ្លួននៅប្រទេសកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ធនាគារ Woori បានឱ្យដឹងកាលពីថ្មីៗនេះថា ខ្លួនបានដាក់បញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមធ្យោបាយដើម្បីរីកចម្រើនទៅជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ធនាគារបានទទួលការយល់ព្រម ពីអាជា្ញធរហិរញ្ញវត្ថុកម្ពុជា ដើម្បីច្របាច់បញ្ចូល Woori Finance Cambodia ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance ដែលជាអង្គភាពធនាគារសន្សំនៅកម្ពុជា។

ការរួមបញ្ចូលគ្នានេះ បានធ្វើឱ្យអង្គភាពនៅកម្ពុជាធនាគារWoori ក្លាយជាលំដាប់ទី ៥ ក្នុងចំណោមអង្គភាពសន្សំ ក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ទាក់ទងនឹងទ្រព្យសម្បត្តិ និងប្រាក់ចំណូលសរុប។ ធនាគារ Woori គ្រោងប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុWB ឱ្យក្លាយជាធនាគារពាណិជ្ជកម្មក្នុងរយៈពេលវែង។

មន្រ្តីធនាគារ Woori បាននិយាយថា “នៅក្នុងពេលមធ្យម និងវែង យើងគ្រោងនឹងធ្វើឱ្យគឹ្រះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance ក្លាយជាធនាគារពាណិជ្ជកម្ម ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា”។

ធនាការ Woori បានឱ្យដឹងថា ខ្លួនគ្រោងនឹងពង្រីកការលក់រាយ ដោយផ្អែកលើការរួមបញ្ចូលគ្នា។ ធនាគារគ្រោងនឹងបង្កើតភាពជាដៃគូជាមួយអាជីវកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងវេទិកា ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធវាយតម្លៃឥណទាន ដើម្បីផ្តល់ជូនផលិតផល តាមរយៈសេវាកម្មមិនមែនទល់មុខគ្នា។

ធនាគារWoori បានចូលមកប្រទេសកម្ពុជា ដោយទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាលីសនៅខែ កក្កដា ឆ្នាំ២០១៤ ហើយប្តូរឈ្មោះវាទៅជា Woori Finance Cambodia ។ ប្រាក់ចំណេញសុទ្ធរបស់អង្គភាពបានកើនឡើង១៤ ដងក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីការទិញយក។

ប្រាក់ចំណេញសុទ្ធរបស់ធនាគារ Woori នៅកម្ពុជាបានកើនឡើងពី៤លានដុល្លារនៅឆ្នាំ២០១៧ ដល់១៧លានដុល្លារនៅឆ្នាំ២០១៩៕

ចំណេះដឹង! តើមានជំហ៊ានចាំបាច់អ្វីខ្លះ នៅពេលចាប់ផ្ដើមអាជីវកម្មខ្នាតតូច?

ដោយវុត្ថា

ភ្នំពេញៈ ការផ្ដើមអាជីវកម្មខ្នាតតូចតម្រូវឲ្យមានការតាំងចិត្តខ្ពស់ ការលើកទឹកចិត្ត និងយល់ដឹងពីផ្លូវ (យុទ្ធសាស្ត្រ) ដែលត្រូវធ្វើដំណើរឆ្ពោះរកភាពជោគជ័យ។ ខាងក្រោមនេះ ជាគន្លឹះខ្លីៗ សម្រាប់អ្នកដែលចង់បើកអាជីវកម្មដោយខ្លួនឯង ដើម្បីជាទុនគំនិត ស្វែងយល់ ពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យអាជីវកម្មថ្មីនោះទទួលជោគជ័យ។

កំណត់ឱកាសមុខជំនួញរបស់អ្នក៖  ការជ្រើសរើសប្រភេទមុខជំនួញ ដើម្បីចាប់ផ្ដើ​ម​ជារឿងមួយដ៏លំបាក ព្រោះតោងឲ្យយើងសិក្សាស្វែងយល់ពីឱកាសនៃមុខជំនួញនោះ។ ត្រូវដឹងថា តើអ្នកស្រឡាញ់ចូលចិត្តអ្វីជាងគេ។ ក្រៅពីនេះអ្នកក៏ត្រូវដឹងដែរថា អាជីវកម្ម ដែលអ្នកចង់ធ្វើជាអាជីវកម្មងាប់ (អាជីវកម្មដែលវិវត្តន៍តិចតួច ឬមិនវិវត្តន៍ទាំងស្រុង) ឬជាអាជីវកម្មរស់ (អាជីវកម្មដែលអាចរីកលូតលាស់បានលឿន)។

ធ្វើគម្រោងផែនការ៖  គ្រប់ការចាប់ផ្ដើមទាំងអស់ ការធ្វើគម្រោងជួយឲ្យអ្នកយល់ដឹងកាន់តែជ្រៅពីរចនាសម្ព័ន្ធអាជីវកម្ម ដៃគូប្រកួតប្រជែង និងដើមទុនដែលតម្រូវ។ បើក្រឡេកមើល ការសិក្សាមួយដែលបានលើកឡើងក្នុងសៀវភៅ “Business Plans For Dummies”ដោយលោក Paul Tiffany ក៏បាននិយាយដែរ ក្រុមហ៊ុនទាំងឡាយណាដែលមានគម្រោងផែនការច្បាស់លាស់ នោះនឹងមានឱកាសទទួលបានចំណូល៥០%ច្រើនជាងក្រុមហ៊ុនដែលមិនមាន។

ស្វែងរកថវិកា៖ ជារឿងដែលមិនអាចខ្វះបាន។ ការស្វែងរកថវិកា ជាផ្នែកមួយចាំបា​ច់ជាងគេ ហើយវិធីសាស្ត្រនេះខុសប្លែកពីម្នាក់ទៅម្នាក់។ តើប្រភពថវិកាប្រភេទណា ដែលសមនឹងមុខជំនួញរបស់អ្នក? ប្រភពទាំងនោះអាចជា របស់ម្ចាស់អាជីវកម្មផ្ទាល់ ពីមិត្តភ័ក្ដិ និងសមាជិកក្នុងក្រុមគ្រួសារ ពីដៃគូវិនិយោគ កម្ចីហិរញ្ញប្បទាន ឬកម្មវិធីឧបត្ថម្ភជាដើម។

ដាក់ឈ្មោះអាជីវកម្ម៖ ការជ្រើសឈ្មោះអាជីវកម្មដ៏ត្រឹមត្រូវ អាចទាញចំណាប់អារម្មណ៍អតិថិជនឲ្យចាប់អារម្មណ៍មកលើសេវាកម្ម ឬផលិតផលរបស់អ្នក។ ជាទូទៅតាមប្រភពមួយចំនួនលើកឡើងថា ឈ្មោះអាជីវកម្មគួរតែខ្លី ងាយស្រួលចាំ ខុសប្លែកពីអ្នកដទៃ និងទាក់ទាញ។

សុំអាជ្ញាប័ណ្ណ៖ ត្រូវចុះឈ្មោះអាជីវកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ

កំណត់ទីតាំងអាជីវកម្ម៖ ការជ្រើសរើសទីតាំងដ៏ត្រឹមត្រូវ នឹងអាចជួយឲ្យអាជីវកម្មទទួលជោគជ័យបានរហ័ស។ ទីតាំងអាចនៅទីប្រជុំប្រជន ផ្លូវកែង ឬក្បែរផ្លូវប្រសព្វ ជាដើម។ ក្រៅពីការជ្រើសរើសទីតាំង ត្រូវទិញសម្ភារៈចាំបាច់សម្រាប់ការិយាល័យ និងអាជីវកម្ម ការរចនាទីកន្លែងឲ្យមានភាពទាក់ទាញ ក៏ការចាំបាច់ដូចគ្នា៕

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យលើកដំបូងនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដហូម ស្ថិតនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដា​ល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា  គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម បានសម្របសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់១០ % នៃតម្លៃផ្ទះក្នុងរយៈពេល១២ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជន ត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៥ ស្ថិតនៅក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចំងាយប្រមាណ៨គីឡូម៉ែត្រពីក្រុងតាខ្មៅ សាងសង់លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន២ ៤៥៧ផ្ទះ មានទុនវិនិយោគប្រមាណ៧៨លានដុល្លារអាមេរិក ។

ប្រភពដដែលបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន១០៨៨ ផ្ទះស្មើ៤៤ % នៃចំនួនសរុប ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួនជាង២៣ % ។ ក្រុមហ៊ុន បានបញ្ចប់ការសាងសង់ផ្ទះជាស្ថាពរចំនួន២០៣ផ្ទះ គ្រោងប្រគល់ផ្ទះជូនអតិថិជននៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនបំណាច់ឆ្នាំ ២០២០។

គោលនយោបាយជាតិស្តីកពី លំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនោឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្តល់ឪកាសជូនប្រជាជនទូទាំងប្រ​ទេ​សមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនោឋានតម្លៃសមរម្យ។

អនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន៥ បាននិងកំពុងអនុវត្តនៅកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញចំនួន២គម្រោង ខេត្តក ណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង សាងសង់លំនៅឋានសរុ​បប្រមាណ៨៣៣១ខ្នង និង៧២៥៦ ចំណែកឯកជនលក់ក្នុងតម្លៃក្រោម៣ ម៉ឺនដុល្លារ អមេរិក៕

លោកឃួង ស្រេង ជូនជនបរទេសដែលចុះពីនាវាទេសចរWesterdam ទស្សនកិច្ច នៅរាជធានីភ្នំពេញ

ដោយវុត្ថា

ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេ​សចុះពីនាវា Ms Westerdam ដែលមកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេរ មុខព្រះបរមរាជវាំងនិងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ការជូនជនបរទសធ្វើទស្សនកិច្ចនេះ ដើម្បី​ចង់បង្ហាញពីភាពរីកចំរើន របស់រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយ អ្នកដំណើរនៅលើនាវាទេសច​រណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់ អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទនភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ។

សម្តេចតេជោបានបញ្ជាក់ថា “ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះ បើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀត គឺកម្ពុជារង់ចាំទទួ​លស្វាគមន៍ដោយក្តីរីករាយជានិច្ច”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេ​សនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ។

ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាលថា គ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុសCovid-19 នោះឡើយ ក្រោ​យចុះកប៉ាល់ទេសចរ Westerdam ដឹកមនុស្សសរុបជាង២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ដទៃ ក្នុងនោះមានជនជាតិខ្មែរ ដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕

ការលក់អចលនទ្រព្យតាមអនឡាញកំពុងចាប់ផ្តើមពេញនិយមនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ គេហទំព័រ Propertyarea.asia ដែលគេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា  បានសហការជាមួយគេហទំព័រ  realestate.com.kh  ក្នុង ការដាក់លក់អចលនទ្រព្យតាមប្រព័ន្ឋអនឡាញ  ដែលវាជាផ្នែកដ៏សំខាន់នៃការពង្រី​កការធ្វើអាជីវកម្មអចលនទ្រព្យតាមប្រព័ន្ឋឌីជីថល។

លោកយិន  លាង គង់ ស្ថាបនិក និង ជា អគ្គនាយក គេហទំព័រ  Propertyarea.asia  និង លោក Tom  Osullivan អគ្គនាយក នៃ គេហទំព័រ  Realestate.com.kh  បាន សម្តែង នូវ ក្តី សាទរ ចំពោះ កិច្ចសហការ នេះ  ដែល ធ្វើឡើង ក្នុង រូបភាព ឈ្នះ  ឈ្នះ ទាំងអស់គ្នា។

លោកយិន  លាង គង់ បាន បន្ត ថា  “បច្ចេកវិទ្យា ជាផ្នែក មួយ យ៉ាង សំខាន់ នៅ តាម បណ្តា ប្រទេស រីកចម្រើន នានា  ក្នុង ការ ផ្តល់ សេវាកម្ម ទិញ លក់  ជួល អចលនទ្រព្យ  ពិសេស ការ បង្ហាញ ពី គម្រោង នានា ”។ លោក បន្ត ថា  “ការ ទាន់សម័យ កាល ស៊ីវិល័យ នៃ ប្រព័ ន្ឋប ច្ចេ កវិទ្យា  នឹង ជួយ ឲ្យ ក្រុមហ៊ុន ឬភ្នាក់ងារ អចលនទ្រព្យ នានា  ទទួល បាន ជោគជ័យ លើ សេវាកម្ម របស់ ខ្លួន”។

តាមរយៈកិច្ចសហការគ្នានេះ គេហទំព័រPropertyarea.asiaបានផ្តល់មាតិកាលក់អចលនទ្រព្យរបស់ក្រុមហ៊ុនrealestate.com.kh ដែលអ្នកស្វែងរកអចលនទ្រព្យនានាអាចស្វែងរកបាននៅលើគេហទំព័រ Propertyarea.asiaជាភាសាខ្មែរ និងភាសាអង់គ្លេស។

លោក  Tom  Osullivan អគ្គនាយក នៃ គេហទំព័រ  Realestate.com.kh បានថ្លែងថា ក្នុងឆ្នាំ គេហទំព័រ Realestate.com.kh ត្រូវបង្កើតឡើងនៅ ២០០៩ ហើយ២០១៥ ក្រុមហ៊ន DCG Digital នៅអូស្រ្តាលីបានវិនិយោគក្នុងអាជីវកម្មនេះ។

លោកបានបន្តថា ”នាំយកបច្ចេកវិទ្យារបស់យើង និងនាំមកនូវយុទ្ធសាស្ត្ររកប្រាក់របស់យើង ដែលយើងបានបង្កើនចរាចរណ៍គេហទំព័រ ពី២០០ទៅ៣០០ភាគរយ ក្នុងមួយឆ្នាំ។ យើងចាប់ផ្តើមរកប្រាក់ចាប់ផ្តើមនៅឆ្នាំ ២០១៦”។

លោកបានឱ្យដឹងទៀតថា “ស្នូលនៃអាជីវកម្ម គឺវេទិកាគេហទំព័រនេះផ្ទាល់តែម្តង។ យើងក៏ផ្តល់ជូននូវការសរសេរមាតិកា ការផ្សាយពាណិជ្ជកម្មបដា ការចូលប្រើទិន្នន័យអ្នកទិញរបស់យើង និងមគ្គុទេសក៍វិនិយោគិនកម្ពុជា”។

យោងរបាយការណ៍នេះបានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិច នឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវា ដោយភ្នាក់ងារណាមួយ ដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។

ក្រសួងរៀបចំដែនដី នគរូបនីយក ម្ម និងសំណង់បានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញ ទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើន ដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័ត ជាក់ស្តែងលើគម្រោងសាងសង់ ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាល ដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។

ការធ្វើទំនើបកម្មឌីជីថល នៃដំណើរការផ្ទេរកម្មសិទ្ធិ នឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។

យោងរបាយការណ៍របស់ EuroCham បានឲ្យដឹងថា “ការធ្វើទំនើបកម្មឌីជីថល នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាមInternet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេ ជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជាច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕

អាគារកប់ពពកនៃគម្រោងOlympia Cityត្រៀមបង្ហាញខ្លួនពេញលេញ នៅចុងឆ្នាំ២០២១

ដោយគង់ សូរិយា

         ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពក ដែលជាអាគារមេនៃគម្រោងOlympia City កំពស់៣៨ជាន់ និង៥៥ជាន់ បាននិងកំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់គ្រោងអាគារនៅចុងឆ្នាំ២០២១ខាងមុខនេះ បើសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

ប្រធានគ្រប់គ្រងគំរោងOlypia City លោកវិស្វករម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កុម្ភៈនេះថា អាគារមេនៃគម្រោងOlympia Cityបានសាងសង់់ដល់ជាន់ទី១៨ហើយ នៃគម្រោងកំពស់៥៥ជាន់។ ចំណែកអាគារមេមួយទៀតដែល​មានកំពស់៣៨ជាន់ រហូតមកទល់ពេលនេះសាងសង់់បានដល់ជាន់ទី១៥ផងដែរ។

លោកបន្តថា “បើតាមផែនការគ្រោងអាគារនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ​២០២១ខាងមុខនេះ ដែលសរុបការចំណាយមានប្រមាណ១០០លានដុល្លារ ដែលតម្លៃនេះគិតតែតួអាគារប៉ុណ្ណោះ”។ លោកបន្តថា “អាគារកំពស់៣៨ជាន់់ ត្រូវបានក្រុមហ៊ុនរៀប​ចំធ្វើជាសណ្ឋាគារកម្រិតផ្កាយ៥ និងអាគារកំពស់៥៥ជាន់ នឹងប្រើប្រាស់ជាការិយា​ល័យ និងសេវាកម្មអាផាតម៉ិន”។

លោកម៉េង ចំរើនបានបន្តឲ្យដឹងទៀតថា ទោះជាយ៉ាងណាគំរោងនេះ អាចមានការប្រែប្រួល ដោយសារបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរេទេស កំពុងចែចូវទិញអាគារទាំងពីរនេះ ប៉ុន្តែការសម្រេចយ៉ាងណា លោកមិនបញ្ជាក់ឲ្យចដឹងលំអិតនៅឡើយទេ។

Olympia Cityជាគម្រោងមួយស្ថិតនៅតំបន់ពាណិជ្ជកម្ម កណ្តាលរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

គំរោងនេះរួមបញ្ចូលនូវផ្សារទំនើប ខុនដូ ការិយាល័យ អាផាតម៉ិន សណ្ឋាគារ ក្លឹប​ហាត់ប្រាណ Clubជាដើម។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនវិនិយោគគំរោងនេះធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះត្រូវចំណាយប្រាក់ប្រមាណ៥០០លានដុល្លា​រអាមេរិក ដែលការចំណាយនេះគឺគិតតែលើតួអាគារ ដោយមិនរួចបញ្ចូលការឌីសា​ញ និងតម្លៃដីនៅតំបន់នេះនោះទេ។

លោកបន្តថា “គំរោងនេះទទួលបានជោគជ័យរួចហើយ បើគិតមកទល់ពេលនេះ​ដោយសារលក្ខខ័ណ្ឌទីតាំងមានភាពអំណោយផល ដែលបណ្តុំដោយមជ្ឈមណ្ឌលពាណិ​ជ្ជកម្ម ការសាងសង់ដោយផ្តោតលើគុណភាព និងទស្សនវិស័យរួមរបស់ក្រុមហ៊ុន”៕