ភ្ញៀវដែលចេញពីនាវា Westerdam សន្យាថានឹងមកលេងទឹកដីកម្ពុជាដ៏ស្រស់ស្អាតម្តងទៀត

ដោយ ប៊ី

(ភ្នំពេញ)៖ ភ្ញៀវដែលចេញពីនាវា Westerdam សន្យាថានឹងមកលេងអង្គរនៅពេលក្រោយ មុនចេញពីកម្ពុជាដ៏ស្រស់ស្អាត។ នេះបើយោងតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើន ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ។

ជាមួយនឹងទឹកមុខញញឹមរួសរាយរាក់ទាក់ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវភាពស្និទ្ធស្នាលគួរជាទីរីករាយចំពោះភ្ញៀវទេសចរ ខណៈសារស័ព្ទ Thank you very much (សូមអរគុណជាអនេក) ក៏បន្លឺឡើងតបត្រលប់មកលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាមកវិញ រីឯលោករដ្ឋមន្ត្រីក៏បានជូនពរឱ្យការស្នាក់របស់ភ្ញៀវទាំងនោះសូមប្រកបដោយរីករាយវិញដែរ។

ក្រោយការសម្ដែងនូវការស្វាគមន៍ និងសួរសុខទុក្ខនេះហើយ លោក ថោង ខុន បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ភ្ញៀវទាំងអស់សុទ្ធមានការពេញចិត្តយ៉ាងខ្លាំង និងគោរពអរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា “ភ្ញៀវទាំងអស់បានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត”។

ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងសណ្ឋាគារ សូមឱ្យយកចិត្តទុកដាក់ផ្តល់បដិសណ្ឋារកិច្ចឱ្យបានល្អបន្ថែមទៀតដល់ភ្ញៀវទាំងនោះ។

សូមជម្រាបថា ភ្ញៀវទេសចរបរទេស និងក្រុមនាវិកដែលចេញពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន ៥៩៨នាក់ ដែលនឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះ៕

ខេត្តកណ្ដាលចាប់ផ្ដើមមានអភិបាលខេត្តថ្មីហើយ

ដោយ ៖ វុត្ថា

កណ្តាល ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលនៃគណៈអភិបាលខេត្ត ជំនួសលោក ម៉ៅ ភិរុណ ដែលជាអតីតអភិបាលខេត្តកណ្តាលចំនួន២អាណត្តិ។

មុនពេលត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ បានបម្រើការងារជាអភិបាលរងខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលផងដែរ។
ដោយឡែកសម្រាប់លោក ម៉ៅ ភិរុណ គេនៅមិនទាន់ដឹងនោះទេថា នឹងត្រូវផ្លាស់ប្ដូរទៅកាន់តំណែងអ្វីនៅឡើយនោះទេ។

សម្រាប់ខេត្តកណ្តាល កាលពីដើមឆ្នាំ២០២០ មុនពេលមានការផ្លាស់ប្ដូរអភិបាលខេត្ត ក៏មានការផ្លាស់ប្ដូរស្នងការខេត្តផងដែរ ដោយផ្ទេរពីលោក អ៊ាវ ចំរើន ជំនួសដោយលោក ឈឿន សុចិត្ត ដែលជាអតីតស្នងការរងខេត្តកណ្តាល៕

ក្រសួងដែនដី ចេញសេចក្ដីប្រកាសមិនទទួលដោះស្រាយសំណើគ្មានមូលដ្ឋានច្បាប់របស់ពលរដ្ឋជាង៩០០គ្រួសារ នៅខេត្តកោះកុង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញសេចក្ដីប្រកាសមិនទទួលដោះស្រាយទៅលើសំណើសុំប្រជាពលរដ្ឋចំនួន៣ក្រុម ស្មើនឹងជាង៩០០គ្រួសារ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លី និងការទាមទារសុំដីសម្បទានសង្គមកិច្ចនៅក្នុងខេត្តកោះកុង ដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។

តាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ពីការបដិសេធ មិនទទួលដោះស្រាយទៅលើបញ្ហាវិវាទដីធ្លីចំនួន២ក្រុម និងការទាមទារសុំដីសង្គមសម្បទានសង្គមកិច្ចចំនួនមួយក្រុម ស្ថិតនៅខេត្តកោះកុង ក្រោមហេតុផលថា ការស្នើសុំខាងលើនេះមានភាពមិនប្រក្រតី និងមិនមានមូលដ្ឋានច្បាប់នោះទេ។

នៅក្នុងសេចក្ដីប្រកាសដដែកបានបញ្ជាក់ថា រាល់ការស្នើសុំពីប្រជាពលរដ្ឋទាំង៣ក្រុម ដែលដាក់ពាក្យស្នើសុំ និងជំរុញឱ្យក្រសួងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នោះកាលពីពេលកន្លងទៅនោះ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យដោះស្រាយ និងឆ្លើយតបនូវសំណើរបស់ប្រជាពលរដ្ឋរួមមានដូចជា ៖

ទី១- ឈ្មោះ ផាវ ញើង (កន្លងមកជាតំណាងប្រជាពលរដ្ឋ ១៥គ្រួសារ) ដែលបានដោះស្រាយបញ្ចប់បញ្ហាវិវាទរួចរាល់ហើយ បានស្នើសុំជាថ្មីឱ្យចេញប័ណ្ណតាមភូមិសាស្ត្រដែលគាត់ទាមទារ។ ករណីនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារក្រសួង បានជួបប្រជុំដោះស្រាយជាមួយប្រជាពលរដ្ឋ ១៥គ្រួសារ ជាលទ្ធផលប្រជាពលរដ្ឋចំនួន១៤គ្រួសារ បានឯកភាពយល់ព្រមឱ្យអជ្ញាធរចុះបញ្ជីតាមផែនទីរដ្ឋបាលជាក់ស្ដែង និងស្នើសុំឱ្យជួយកែតម្រូវសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរបស់ពួកគាត់។ ដោយឡែក ឈ្មោះ ផាវ ញើង មិនយល់ព្រមឡើយ ដោយនៅតែប្រកាន់ជំហរទាមទារឱ្យចុះបញ្ជីដីធ្លីរបស់គាត់ដោយដាក់ឈ្មោះភូមិសាស្ត្រតាមអ្វីដែលខ្លួនចង់បាន និងមិនស្របតាមផែនទីភូមិសាស្ត្រដែលកំពុងអនុវត្ត។

ទី២- ក្រុមប្រជាពលរដ្ឋ ៧៣០គ្រួសារ ទាមទារសុំដីសម្បទានសង្គមកិច្ច។ ករណីនេះក្រុមការងាររបស់ក្រសួងបានជម្រាបជូនរួចរាល់ហើយកាលពីជំនួបកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ការស្នើសុំសម្បទានដីសង្គមកិច្ចត្រូវអនុវត្តតាមនីតិវិធីជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្ដីពីសម្បទានដីសង្គមកិច្ច ដោយតម្រូវឱ្យប្រជាពលរដ្ឋត្រូវដាក់សំណើទៅអជ្ញាធរដែនដីដែលខ្លួនកំពុងរស់នៅ ដើម្បីអជ្ញាធរពិនិត្យលក្ខណៈសម្បត្តិដែលត្រូវដោះស្រាយ។

ទី៣- ក្រុមប្រជាពលរដ្ឋ ១៩៧ គ្រួសារ ប្ដឹងទាមទារដីពីលោក ហេង ហ៊ុយ ដោយប្រជាពលរដ្ឋអះអាងថាមានវិវាទតាំងពីឆ្នាំ ២០០៧ ប៉ុន្តែមិនធ្លាប់ប្ដឹងទាមទារ ជាពិសេសពេលយុទ្ធនាការរយៈពេល១ខែ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានជាសាធារណៈ ឱ្យអ្នកពាក់ព័ន្ធទាំងអស់មកបំបេញបែបបទទាមទារ ក៏ពួកគាត់មិនមានវត្តមានចូលរួមទាមទារដែរ។ លុះមកដល់ឆ្នាំ២០១៩ ទើបគាត់ដាក់ពាក្យទាមទារ។ ករណីនេះ ក្រសួងធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មានបដិសេធមិនទទួលដោះស្រាយឡើយ ព្រោះជាការទាមទារដែលមិនមានមូលដ្ឋានច្បាប់។

អាស្រ័យហេតុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពុំទទួលដោះស្រាយសំណើររបស់ប្រជាពលរដ្ឋទាំង៣ក្រុមខាងលើទៀតឡើយ។ រដ្ឋបាលខេត្តកោះកុង ត្រូវចុះធ្វើការអប់រំ ផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងស្រាវជ្រាវរកមុខសញ្ញាជនខិលខូច ដែលបំផុសបំផុលបោកស្រាស់ប្រជាពលរដ្ឋដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ការនាំចេញផលិតផលឧស្សាហកម្មកើនឡើង ១១,១៨ ពាន់លានដុល្លារអាមេរិក

ដោយ ប៊ី

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញផលិតផលឧស្សាហកម្ម រួមទាំងផលិតផលកាត់ដេរមានតម្លៃ ១១,១៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។

របាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានចំនួនជាង ៨៣ ភាគរយនៃការនាំចេញផលិតផលឧស្សាហកម្មសរុបរបស់ប្រទេស ឬមានតម្លៃ ៩,៣២ ពាន់លានដុល្លារអាមេរិកកើនឡើង ១១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨។

ការនាំចេញមិនមែនសម្លៀកបំពាក់ ដូចជាអង្ករ ស្ករស ចំណីសត្វ កង់ ស្រាបៀរកំបង់ ស្រាបៀរ ភេសជ្ជៈ បារីគ្រឿងអេឡិចត្រូនិច ជាដើមមានតម្លៃ ១,៨៦ ពាន់លានដុល្លារអាមេរិកកើនឡើង ២៧ ភាគរយ។

យោងតាមរបាយការណ៍នេះ រោងចក្រឧស្សាហកម្មថ្មីចំនួន ២៦៩ ត្រូវបានបើកកាលពីឆ្នាំមុនដែលកើនឡើង ៥១ ភាគរយពីឆ្នាំមុន ដែលធ្វើឱ្យចំនួនរោងចក្រសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះមានចំនួន ១,៧៣០ នាក់ ដែលផ្តល់ការងារដល់ប្រជាជន ១,០៤ លាននាក់។

ក្នុងចំណោមរោងចក្រ ដែលបានចុះបញ្ជីសរុបមានចំនួន ១,០៦៩ មានកម្មករចំនួន ៩២៣,៣១៣ នាក់ និងផលិតសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួន ៦ មានទុនវិនិយោគជាង ៧២ លានដុល្លារ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៦ ដែលមានទុនវិនិយោគប្រមាណ ៧២,១ លានដុល្លារអាមេរិក និងបានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាជាច្រើនរយកន្លែងនៃគម្រោងនីមួយៗ។

យោងតាមការផ្សព្វផ្សាយផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣- “Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៤- “Cambodian Saiban Wood Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មានទុនវិនិយោគប្រមាណ ១,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

៥- “Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

៦- “Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាគម្រោងប្លង់មេកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបក្ដាន់២

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការកែសម្រួលប្រពន្ធចរាចរណ៍នៅទូទាំងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋបាលសាលារាជធីភ្នំពេញ បាន និងកំពុងតែសិក្សាលម្អិតទៅលើការគម្រោងប្លង់មេនៅតាមបណ្តាទីប្រជុំជនសំខាន់ៗដើម្បីកាត់បន្ថយការកក់ស្ទះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបង្ហាញពីគម្រោងប្លង់មេកែសម្រួលប្រព័ន្ធចរាចរណ៍នៅតាមបណ្តាទីប្រជុំនានានៅទូទាំងរាជធានីភ្នំពេញ ដែលក្នុងនោះ គម្រោងកែសម្រួលចរាចរណ៍នៅរង្វង់មូលស្តុបក្ដាន់២ ក៏ត្រូវបានបង្ហាញផងដែរ។

អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការធ្វើចរាចរណ៍ស្ទើរទូទាំងរាជធានីភ្នំពេញ គឺកំពុងតែមានភាពប្រឈមដោយសារតែកំណើននៃចំនួនប្រជាជនចូលមករស់នៅ និងប្រកបអាជីវកម្មនានានៅក្នុងរាជធានីភ្នំពេញកាន់តែច្រើន។ លោកបានបញ្ជាក់ថា “បញ្ហាប្រឈមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ ដោយឡែកសម្រាប់គម្រោងប្លង់មេ ដែលបានបង្ហាញមិនមែនមានតែតំបន់ស្តុបក្ដាន់២នោះទេ ប៉ុន្តែនៅមានតំបន់ផ្សេងៗទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងតែសិក្សាល្អិតពីផលប៉ះពាល់ ការចំណាយពេល និងថវិកា ដែលមិនទាន់សម្រេចជាផ្លូវការណ៍១០០ភាគរយនោះទេ”។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ គម្រោងប្លង់មេសម្រាប់កែសម្រួលប្រព័ន្ធចរាចរណ៍នៅតាមតំបន់មួយចំនួនទូទាំងរាជធានីភ្នំពេញ ក៏ត្រូវបានបង្ហាញផងដែរ រួមមាន រង្វង់មូលសក្យមុនីចេតិយ៍ ផ្លូវព្រះនរោត្តមចំណុចស្តុប មន្ទីរពេទ្យអង្គឌួង និងផ្លូវព្រះស៊ីសុវត្ថិជួរមាត់ទន្លេចំណុចមុខផ្សាររាត្រី។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះ បាននឹងកំពុងពិភាក្សាជាមួយ អ្នកមន្ត្រីជំនាញធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសាធារណៈការ តែមកដល់ពេលនេះមិនទាន់សម្រេចជាផ្លូវការនោះទេ។ លោកបន្តថា “គម្រោងនេះគ្រាន់តែជាផែនការមេ (Master Plans) ដឹកជញ្ជូនសាធារណៈ នៅក្នុងទីក្រុងភ្នំពេញធ្វើឱ្យកាន់តែល្អប្រសើរ។ យើងមានក្រុមការងារច្រើនមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រសួង និងធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការសិក្សា តែរហូតមកដល់ពេលនេះ ការសិក្សានេះ គឺមិនទាន់សម្រេចនៅឡើយទេ ព្រោះការសិក្សានេះ មិនទាន់បញ្ចប់”៕

សម្តេចតេជោ៖ កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងខ្លាំង ក្រោយទប់ស្កាត់ការរីករាលដាលជំងឹកូរ៉ូណាវីរុសរួចរាល់

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងក្តីរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងកាន់តែខ្លាំង ក្រោយប្រទេសមួយនេះ ទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី កូវីឌ ១៩ ឬ កូរ៉ូណាវីរ៉ុសដែលបាននឹងកំពុងយាយីនៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានគូសបញ្ជាក់ថា មិនថាមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប្រទេសនៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជានឹងទទួលបានផលពីកំណើនសេដ្ឋកិច្ចផងដែរ តាមរយៈវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សម្តេចតេជោបន្តថា “ថ្នាក់ដឹកនាំចិននឹងខំប្រឹងប្រែងស្តារវិស័យសេដ្ឋកិច្ចរបស់ខ្លួន ក្រោយប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ ឬកូរ៉ូណាវីរ៉ុស ចប់សព្វគ្រប់ ហើយវិស័យសេដ្ឋកិច្ចចិននឹងកើនខ្លាំងជាងបច្ចុប្បន្ន ប្រទេសក្នុងតំបន់នឹងទទួលបានផលពីកំណើននេះផងដែរ “។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសម្តែងការអបអរសាទដល់ប្រទេសចិនដែលបានប្រកាសថា អាចព្យាបាលជំងឺផ្លូវដង្ហើម កូវីដ ១៩ ឬកូរ៉ូណាវីរ៉ុស បានតាមរយៈប្រើប្រាស់ថ្នាំព្យាបាលគ្រុនចាញ់។ បើការប្រើប្រាស់ថ្នាំនេះ ព្យាបាលមែន នឹងធ្វើឱ្យមានការប្រែប្រួលកាន់តែខ្លាំងក្នុងពិភពលោក។

បើតាមសម្តេចតេជោ ហ៊ុន សែន ពិភពលោក កំពុងរងផលប៉ះពាល់លើវិស័សេដ្ឋកិច្ច និងទេសចរណ៍ មិនថាប្រទេសកម្ពុជា ដែលបង្ករឡើងដោយតែវីរុសកូរ៉ូណា ឬ Covid-19 ពោលគឺអ្នកទេសចរណ៍មិនហ៊ានធ្វើដំណើរកម្សាន្តនោះទេនាពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ “ប្រទេសមួយចំនួនបានកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី ក៏ដូចជានៅអ៊ឺរ៉ុបជាដើម ដោយសារការបិទទ្វារបស់បណ្តារោងចក្រនានានៅក្នុងបណ្តាប្រទេសទាំងនោះព្រោះខ្លាចការរាលដាលឆ្លងនៃវិបត្តិកូរ៉ូណា ប៉ុន្តែមិនមែនកម្ពុជានោះឡើយ កម្ពុជាមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារព្រោះតែវីរុសកូរ៉ូណា ឬ Covid-19 នោះឡើយ”៕

ក្រុមហ៊ុន KrisEnergy បោះបង់ប្លុកប្រេងមួយនៅវៀតណាមដើម្បីផ្តោតលើប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ប្រទេសសឹង្ហបូរីឈ្មោះ KrisEnergy បានសម្រេចចិត្តបោះបង់ប្លុករុករកប្រេងមួយរបស់ខ្លួននៅប្រទេសវៀតណាមដើម្បីផ្តោតលើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន KrisEnergy Vietnam បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយសម្រាប់ការផ្ទេរផលប្រយោជន៍ ១០០ ភាគរយរបស់ខ្លួននៅក្នុងប្លុក ១១៥/០៩ ដែលស្ថិតនៅប្រទេសវៀតណាមដោយផ្តល់កិច្ចសន្យាចែករំលែក ជាថ្នូរនឹងការពិចារណាសាច់ប្រាក់បន្ទាប់បន្សំ។ ក្រុមហ៊ុនដែលនឹងទទួលបានប្លុកនៅប្រទេសវៀតណាមរបស់ KrisEnergy ហើយតម្លៃរបស់វាមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ប្លុក ១១៥/០៩ ត្រូវបានទិញដំបូងដោយក្រុមហ៊ុន KrisEnergy មកពីក្រុមហ៊ុន Vietnam Oil and Gas Group (Petrovietnam) ក្នុងឆ្នាំ ២០១៤។ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ក្រុមហ៊ុន KrisEnergy ទទួលបានផលប្រយោជន៍ ១០០ ភាគរយ និងប្រតិបត្តិករនៃកិច្ចសន្យាចែករំលែកផលិតកម្ម (PSC) នៃប្លុក ១១៥/០៩។

ប្លុក ១១៥/០៩ គ្របដណ្តប់លើផ្ទៃដី ៧ ៣៨២ គីឡូម៉ែត្រក្រឡានៅភាគខាងត្បូងតំបន់សុងហុង។ កាលពីឆ្នាំមុន Eni ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់អ៊ីតាលីបាន ប្រកាសថាខ្លួនបានរកឃើញវត្តមានឧស្ម័ន និងប្រេងនៅក្នុងប្លុក ១១៤ នៃតំបន់តែមួយ។

ព័ត៌មានលំអិតបន្ថែមទៀតនៃការផ្ទេរសិទ្ធិនឹងត្រូវប្រកាសដោយក្រុមហ៊ុន នៅពេលចាំបាច់។ ម្ចាស់ភាគហ៊ុនម្ចាស់ភាគហ៊ុន និងវិនិយោគិនសក្តានុពលរបស់ក្រុមហ៊ុនគួរតែប្រុងប្រយ័ត្ន នៅពេលធ្វើការទាក់ទងទៅនឹងមូលបត្ររបស់ក្រុមហ៊ុន។ អ្នកពាក់ព័ន្ធ និងវិនិយោគិនសក្តានុពលដែលមានការសង្ស័យអំពីសកម្មភាពដែលពួកគេគួរធ្វើគួរពិគ្រោះជាមួយអ្នកស្តុកភាគហ៊ុន អ្នកគ្រប់គ្រងធនាគារ គណនេយ្យករ ឬអ្នកជំនាញអាជីពផ្សេងទៀត៕

លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ៖ វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អះអាងថា វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នៃរដ្ឋសភា ។

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ម្សិលមិញនេះ ឱ្យដឹងថា ការអភិវឌ្ឍវិស័យនេះ គឺជាឧបករណ៍នយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជា«ឃ្នាស់» ជំរុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ព្រមទាំងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យ កសិកម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។

លោកបន្តថា វិស័យឧស្សាហកម្ម បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព, តាមរយៈការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរួមទាំងការបង្កើតការងារក្នុងវិស័យគាំទ្រដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់តម្លៃ ចាប់តាំងពីការផលិត និងការផ្គត់ផ្គង់វត្ថុធាតុដើម សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក វិស័យហិរញ្ញវត្ថុ និងបណ្តុះបណ្តាលជំនាញជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបន្តកិច្ចសហការគ្នាជាកម្លាំងរួម ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង ការលើកកម្ពស់ផលិតភាព និងការលើកស្ទួយផលិតកម្មក្នុងស្រុក៕

សេដ្ឋកិច្ចរបស់ជប៉ុនកំពុងដាំក្បាលចុះ ដោយសារបញ្ហាជាច្រើន

ដោយហ្សូលី

ភ្នំពេញៈ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កំពុងរងឥទ្ធិពលអាក្រក់ពីវីរុសកូរ៉ូណាឬហៅថា Covid-19។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣ លើពិភពលោកបានធ្លាក់ចុះ ១,៦% នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយនៅពីថ្ងៃចន្ទ ទី១៧ កុម្ភៈនេះ។

ការពិតដែលថា កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះក្នុងរយៈពេល៣ខែ មិនមែនជាការភ្ញាក់ផ្អើលទេ។ ក្រុមអ្នកវិភាគបានរំពឹងថាប្រទេសនេះ នឹងដំឡើងពន្ធលើការលក់ ប៉ុន្តែទិន្នន័យនៅថ្ងៃច័ន្ទនេះ បានបង្ហាញសញ្ញាអាក្រក់ជាងការគិតទុក ដោយធ្លាក់ចុះ០,៩% ពីមួយត្រីមាស ទៅមួយត្រីមាសមួយ នេះបើតាមអ្នកវិភាគបានប្រាប់សារព៌តមានរ៉យទ័រ។ ការរីករាលដាលនៃវីរុសនេះ កំពុងគំរាមកំហែងដល់ក្តីសង្ឃឹម នៃការជាសះស្បើយឡើងវិញ។

លោក Robert Carnell ប្រធានសេដ្ឋវិទូនិងជាប្រធានផ្នែកស្រាវជ្រាវប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនINGបានមានប្រសាសន៍ថា “ការដើរថយក្រោយឥឡូវនេះ ស្ទើរតែជៀ​សមិនរួច” ។

ប្រទេសជប៉ុនបានខិតខំប្រឹងប្រែងមុនពេលផ្ទុះឡើងនៃវីរុស ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមអ្នកវិភាគនៅOxford Economicsបានចង្អុលបង្ហាញថា កញ្ចប់ថវិកាលើកទឹកចិត្តចំនួន១២០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលជួយកាត់បន្ថ​យការថចុះនៃភាពរីកចម្រើន។ ប៉ុន្តែពួកគេបានបន្ថែមថា ហានិភ័យនៃការផ្ទុះឡើងពន្យាពេលការងើបឡើងវិញ។

យោងតាមអង្គការទេសចរណ៍ជាតិរបស់ជប៉ុនបានឱ្យដឹងថា ការរាំងស្ទះដល់វិស័យទេសចរណ៍ ជាបញ្ហាធំមួយសម្រាប់ប្រទេសជប៉ុន ដែលបានទទួលភ្ញៀវទេសចរចិនចំនួន៨,១លាននាក់កាលពីឆ្នាំមុន។ ប្រជាជនដែលបានមកកម្សាន្តនៅជប៉ុន គឺជាជនជាតិចិនច្រើនជាងជនជាតិដទៃទៀត។

អ្នកវិភាគនៅរំពឹងថា សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកលក់រាយនឹងបាត់បង់ប្រាក់ចំណូលប្រសិនបើការចំណាយរបស់ភ្ញៀវចិនមិនទូលាយ។

ING ព្យាករណ៍ថា GDPនឹងធ្លាក់ចុះ១,១% សម្រាប់ឆ្នាំ២០២០។ ឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្តធំ ៗ ត្រូវបានបង្ខំចិត្តបិទរោងចក្រនៅប្រទេសចិន ដើម្បីគោរពតាមការចាក់សោររបស់រដ្ឋាភិបាល ហើយទើបតែចាប់ផ្តើមផលិតកម្មមួយចំនួនឡើងវិញទេ។

ក្រុមហ៊ុនតូយ៉ូតា (TM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកនៅសប្តាហ៍នេះ ដើម្បីប្តូរវេនគ្នាឡើងវិញនៅរោងចក្រចិន ទោះបីជាពួកគេមិនទាន់វិលមករកសមត្ថភាពពេញលេញក៏ដោយ។

ចំណែកក្រុមហ៊ុន Nissan (NSANF) បានប្រាប់CNN Business នៅពីថ្ងៃច័ន្ទថា ខ្លួននឹងត្រូវធ្វើ “ការកែសំរួលផលិតកម្មបណ្តោះអាសន្ន”  នៅតាមបណ្តារោងចក្រមួយចំនួនក្នុងប្រទេសជប៉ុន ដោយសារតែកង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិន។

អ្នកវិភាគនៅ Capital Economics បានសរសេរកាលពីថ្ងៃសុក្រសប្តាហ៍ថា ការរំខានដល់បណ្តាញផ្គត់ផ្គង់រថយន្តរបស់ជប៉ុន ហាក់ដូចជាមានតិចតួចនៅពេលនេះ។ ក្រ​សួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារការភ័យខ្លាចអំពីការរីករាលដាលនៃវីរុស។

តួលេខផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ដែលត្រូវបានចេញផ្សាយបានចាប់ផ្តើមទិន្នន័យសេដ្ឋកិច្ច ដែលមានបញ្ហានៅក្នុងទ្វីបអាស៊ី ដោយធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីចំនួនវីរុស ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នឹងត្រូវបានផ្សំដោយការដួលរលំ នៃវិស័យទេសចរណ៍ និងការរំខានដល់ផលិតកម្មរោងចក្រ៕ (CNN Business)