ដោយ ហ្សូលី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិភាគច្រើន អង្គុយលើគំនរប្រាក់ ដោយសារការវិនិយោគលើអចលនវត្ថុបានចំណេញច្រើន។ នេះក៏ដោយសារការស្គាល់ពីឱកាស និងពេលវេលាត្រឹមត្រូវក្នុងការវិនិយោគ។

លោក Charles Hawlett នាយកក្រុមហ៊ុនអចលនទ្រព្យ Rclco Real Estate Advisors និងជាអ្នកជំនាញអចលនទ្រព្យមានបទពិសោធន៍ចំនួន២៥ឆ្នាំ បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្នកំពុងតែស្ថិតក្នុងសភាពវិលវល់ តម្លៃអចលនទ្រព្យពាណិជ្ជកម្ម ត្រូវបានវិនិយោគិនសម្លឹងថា នឹងធ្លាក់ចុះ ដែលនេះជាពេលវេលាសមស្របបំផុតក្នុងការប្រមូលទិញ។ លោកបន្តថា អ្នកលក់ឬក្រុមហ៊ុនអចលនទ្រព្យភាគច្រើនចាប់ផ្តើមធ្វើការបញ្ចុះតម្លៃពី៥ភាគរយ រហូតដល់២០ភាគរយ ដែលតម្លៃនេះដាក់លក់តែកំឡុងពេលមេរោគរាតត្បាតប៉ុណ្ណោះ។
យោងតាមទិន្នន័យដែលបានមកពីក្រុមហ៊ុន Preqin Ltd បង្ហាញថា កំឡុងពេលមានវិបត្តិនេះ តម្លៃអចលនទ្រព្យត្រូវបានក្រុមហ៊ុន អចលនទ្រព្យសង្កេតឃើញថា វិនិយោគិនស្វែងរកតែទីផ្សារអចលនវត្ថុដែលបញ្ចុះតម្លៃ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស BlackStone ក៏រំពឹងថានឹងទម្លាក់តម្លៃអចលនទ្រព្យរបស់ខ្លួនដែរ។
រីឯអ្នកជំនាញមកពីប្រទេសអង់គ្លេស និងជានាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Real Captial លោក Tome Leahy ថ្លែងថា អ្នកទិញអចលនទ្រព្យចង់ចំនេញគួរតែជ្រើសរើសអចលនទ្រព្យ ដែលមានការផ្តល់ជូនពិសេសវិញ ព្រោះនោះមិនមែនមានន័យថា ឱ្យតែការបញ្ចុះតម្លៃសុទ្ធសឹងតែមិនល្អឡើយ សំខាន់អ្នកវិនិយោគត្រូវមានភាពវ័យឆ្លាតក្នុងការជ្រើសរើសកុងត្រា និងតាមដានពីភាពខុសគ្នា រវាងតម្លៃលក់នៅលើទីផ្សារមុននិងក្រោយមេរោគរាតត្បាត។
សេដ្ឋវិទូបានបញ្ជាក់ថា ក្នុងតំបន់អាស៊ីដែលជាចំណុចមានដង់ស៊ីតេឆ្លងខ្ពស់ ពេលនេះចាប់ផ្តើមមានភាពស្ងប់ស្ងាត់ លឿនជាងលោកខាងលិច។ ជាក់ស្តែងដូចជា នៅតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងផ្នែកខ្លះនៃប្រទេសចិន។ ដូច្នេះតំបន់ទាំងនោះកំពុងតែមានការរីកចម្រើនទៅលើវិស័យអចលនទ្រព្យ។ ចំណែកឯវិស័យជួលវិញ នោក្នុងប្រទេសអូស្ត្រាលី ហុងកុង ញ៉ូវហ្សេឡែន បានត្រឡប់មករកសភាពដើមវិញរួចជាស្រេច។
ជាក់ស្តែងអ្នកជំនាញបានបង្ហើបថា អចលនទ្រព្យដែលកំពុងឡើងថ្លៃវិញនៅជុំវិញពិភពលោក គឺមានអគារពាណិជ្ជកម្ម សណ្ឋាគារ និងអគាររោងចក្រឧស្សាហកម្ម។ អចលនទ្រព្យទាំងអស់នេះ អ្នកជាវមិនគួរទាន់ទិញនោះទេ ដោយសារតែតម្លៃនៅលើទីផ្សារមានភាពមិនច្បាស់លាស់នៅឡើយ៕ Bloomberg






