អ្នកជំនាញ៖ តំបន់​ចំការ​ដូង​បាន​ក្លាយជា​បណ្តុំ​លំនៅឋាន​ដ៏​ពេញនិយម​របស់​ទីក្រុង​ភ្នំពេញ

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​អះអាងថា​ចំការ​ដូង ស្ថិតក្នុង​ខ័​ណ្ឌ​ដង្កោ បានក្លាយ​ទៅជា​បណ្តុំ​លំនៅឋាន​ដ៏​ពេញនិយម​របស់​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ខណៈដែល​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍល្បីៗជាច្រើន បាន​សម្រុក​ទៅកាន់​ទីនោះ ហើយ​បាន​អភិវឌ្ឍ​ស្របទៅនឹង​ផែនការអភិវឌ្ឍន៍​ក្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realty Co., Ltd លោក ចក់ ស៊ី​ណាត បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ចាប់ពី​ឆ្នាំ២០១៦ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ តំបន់​ចំការ​ដូរ​បាន​រីកចំរើន និង​ប្រែក្លាយជា​តំបន់​លំនៅឋាន​យ៉ាង​លឿន និង​ពេញនិយម បន្ទាប់ពី​មាន​ក្រុមហ៊ុន​អភិ​វ ឌ្ឍ​ន៍ធំៗទៅកាន់​ទីនោះ។

លោក​បន្តថា “បើ​កាលពីមុន​យើង​មិនមាន​ឃើញ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ណា​ទៅកាន់​ធ្វើ​សកម្មភាព​នៅ​ទីនោះ​ឡើយ ទើបតែ​ចន្លោះ​ពី​ឆ្នាំ២០១៦  និង២០២០នេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន​ទៅ​អភិវឌ្ឍន៍​ទីនោះ ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​កើន ប្រមាណ៤ទៅ៥ ដង ។ ចំណែក​តម្លៃ​លំនៅឋាន​វិញ ប្រមាណ១០០ភាគរយ​ទៅតាម​ប្រភេទ និង​ទីតាំង” ។

លោក​សាវុធ ដា​ណា  ម្ចាស់​បុរី​ហេង​ណា បានឱ្យដឹង​ដែរ​ថា តំបន់​ចំការ​ដូង​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ បើ​ធៀប​ទៅនឹង​តំបន់​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ ស្របទៅនឹង​ផែនការ​ការអភិវឌ្ឍន៍​ក្រុង ។ ហើយ​តំបន់​នេះ​ទៀតសោត​មានផ្លូវធំៗជាច្រើន និង​ផ្លូវ​ខ្វាត់ខ្វែង​ផ្សេងទៀត​បុក​ចេញចូល​ទៅកាន់​ទីនោះ។

លោក​ថា “កត្តា​ទាំងនេះហើយ​ទើប​ធ្វើឱ្យ​តំបន់​នេះ មាន​សក្តា​ន​ពល់​ខ្ពស់​ក្នុង​វិនិយោគ​លើ​វិស័យ​លំនៅឋាន និង​បុរី​ផ្សេង ៗក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ និង​បន្ត​រីកចំរើន​ទៅមុខទៀត ជាពិសេស​តំបន់​នេះ នៅក្បែរ​នឹង​ភ្នំពេញ។លោក​បន្តថា “ពីមុន​យើង​គិតថា ទួល​ពង្រ​មានការ​អភិវឌ្ឍន៍​ខ្លាំង តែបើ​និយាយ​ជារួម​តំបន់​ព្រៃ​សរ និង​តំបន់​ចំការ​ដូង​មកកាន់​ភ្នំពេញ ហាក់​មាន​ស្ថានភាព​ជិត​ជាង និង​មានការ​អភិវឌ្ឍ​ជាង ព្រោះ​វា​មាន​គម្រោងធំៗទៅកាន់​ទីនោះ  ជាពិសេស​បើ​ទៅកាន់​ផ្សារ​ទំនើប​អេ​អន៣ តាមផ្លូវ៥០ម៉ែត្រ​នៅ​ជិតបង្កើយ” ។

លោក​បញ្ជាក់​ទៀ​ថា “នៅ​តំបន់​ចំការ​ដូង រហូតដល់​តំបន់​ព្រៃ​សរ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានធំៗ មិនតិចជាង១០ នៅមាន​ក្រុមហ៊ុនផ្សេងៗជាច្រើន​ទៀត បាន​នឹង​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិ​រៈ បានទទួល​ស្គាល់​នូវ​ភាព​រីកចម្រើន និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​គម្រោង​លំនៅ​នៅ​ជាច្រើន​នៅ​តំបន់​ខាងលើនេះ ដោយ​លាក​បាន​អះអាងថា រាល់​គម្រោង​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ត្រូវបាន​សិក្សា​ពី​គម្រោង និង​ផែនការ​របស់​រដ្ឋាភិបាល ជាពិសេស​នៅពេល​ដែលមាន​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​កាន់តែច្រើន។

លោក​បាន​បញ្ជាក់ថា “មនុស្ស​អាច​ចូលទៅ​រស់នៅ​តំបន់​ណាមួយ​បាន គឺ​ទាល់តែ​តំបន់​នោះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល​ប្រើប្រាស់​ជាពិសេស​ផ្លូវថ្នល់ រួមជាមួយ​ទីតាំង​បម្រើសេវា​សាធារណៈ” ។

លោក​វ៉ា វីរៈ​បាន​បន្តទៀតថា សម្រាប់​តំបន់​ព្រៃ​ស និង​ចំការ​ដូង​នៃ ខណ្ឌដង្កោ ពេលនេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ក្រុង​នោះទេ ជាពិសេស​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​ទីតាំងផ្សេងៗ ដូចជា​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ចេញទៅ​ផ្លូវជាតិ​លេខ៣ ចេញទៅ​ផ្លូវជាតិ​លេខ២ ចេញទៅ​ក្រុង​តាខ្មៅ ក៏ដូចជា​ឆ្ពោះ​មកកាន់​តំបន់​ពាណិជ្ជកម្ម​ពិសេស ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម។

លោក​បាន​បញ្ជាក់ថា “វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ដែល​ចូលទៅ​កាន់​តំបន់​ខាងលើនេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ ព្រោះ​នឹងមាន​គម្រោងថ្មីៗចូល​បន្ថែមទៀត​នៅពេល​ខាងមុខនេះ ដោយសារតែ​ទីតាំង​តំបន់​មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here