អ្នកជំនាញ​អះអាងថា​ទីផ្សារ​ជួល​វិស័យ​ខុន​ដូ​ចាប់ផ្តើម​កម្រើក​ឡើងវិញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ ក្រោយ​ភាព​ធូរស្រាល​ពី​វិបត្តិ​នៃ​ជំងឺឆ្លង ​Covid-19 នៅក្នុង​ប្រទេស​កម្ពុជា​កា​លពី​ពេលថ្មីៗនេះ វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់​ទទួលរង​នូវ​ភាពស្ងប់ស្ងាត់ បានចាប់ផ្តើម​ក​ម្រើ​កឡើ​ង​វិញ​បន្តិចម្ដងៗ ដោយ​ក្នុងនោះ​ទីផ្សារ​ជួយ​ខុន​ដូ ក៏​កំពុងមាន​សកម្មភាព​ឡើងវិញ​ផងដែរ។

ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ២០២០ ក្រៅពី​ទីផ្សារ​ទិញ-លក់​អចលនទ្រព្យ​មួយចំនួន​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើងវិញ សម្រាប់តែ​ទីផ្សារ​ជួល​ខុន​ដូរ ដែល​ធ្លាប់​ទទួលរង​នូវ​ភាពស្ងប់ស្ងាត់​តាំងពីដើម​ឆ្នាំ​មក​នោះ បានបង្ហាញ​ពី​ភាពល្អប្រសើរ​ជាបណ្តើរៗឡើងវិញ​ហើយ។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA កាលពី​រសៀល​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។

អ្នកជំនាញ​នៅក្នុង​វិស័យ​ខុន​ដូ លោក ខន គង្គា​បាន​មានប្រសាសន៍​បន្តថា “ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ២០២០ ស្រប​ពេលដែល​ការទិញ-លក់ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ទទួលរង​នូវ​ភាពស្ងប់ស្ងាត់​នោះ ទីផ្សារ​ជួល​ខុន​ដូ ក៏​ជួប​ឱប​ភាព​ផងដែរ ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ Covid-19 មានការ​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន និង​បន្ត​សាយភាយ​ទៅដល់​បណ្តា​នានា​ជា​បន្តបន្ទាប់” ។

លោក​បាន​បន្តទៀតថា ភាពល្អប្រសើរ​នៃ​ទីផ្សារ​ជួល​ខុន​ដូ​យើង​ឃើញថា បាន​ងើប​ឡើងវិញ​នៅ​ពាក់កណ្ដាល​ខែមេសា ជាពិសេស​នៅ​ដើមខែ​ឧសភា​នេះ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ភាព​ធូរស្រាល និង​អាច​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺឆ្លង​បាន​យ៉ាង​ប្រសើរ។ ជាក់ស្ដែង​ពេលនេះ មាន​អតិថិជន​ក្នុងស្រុក និង​បរទេស​មួយចំនួន ជាពិសេស​ជនជាតិ​ចិន បានធ្វើការ​កក់​ជួល​យូ​នី​ត​ខុន​ដូ​តាមរយៈ Online ជា​បន្តបន្ទាប់។

លោក​បន្តថា “ខ្ញុំ​គិតថា​បន្តិចទៀតនេះ នឹង​កាន់តែ​ប្រសើរ​ជាង​នេះ ជាពិសេស​នៅ​ចុងឆ្នាំ២០២០ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជា​រដ្ឋាភិបាល​ចិន អាច​គ្រប់​ការឆ្លង​រាលដាល​ក្នុងប្រទេស​បាន ហើយ​បើក​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ឡើងវិញ” ។

នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញ​ដោយ ក្រុមហ៊ុន​ភ្នាក់ងារ​អ​ច​កន​ទ្រព្យ​អន្តរជាតិ​ CBRE Cambodia កាលពីពេល​កន្លងទៅនេះ​បាន​បង្ហាញថា នៅ​ទូ​រាជធានី​ភ្នំពេញ មាន​គម្រោង​ខុន​ដូ​ចំនួន៥ ស្មើនឹង២៨៤៣យូ​នី​ត បាន​ទៅក្នុង​ទីផ្សារ​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ដែល​បានធ្វើឱ្យ​ខុន​ដូ​មាន​កំនើន​រហូតដល់២០,៨៥១ យូ​នី​ត។ ទន្ទឹមនឹង​នេះដែរ ការជួល​ប្រចាំខែ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​យូ​នី​ត​ដែលមាន​តម្លៃ​ខ្ពស់​គឺ ១៤,២១ដុល្លារ ធ្លាក់ចុះ ០,៤ភាគរយ​ពីមួយ​ត្រីមាស ទៅមួយ​ត្រីមាស និង ១១,៧៩ដុល្លារ​សម្រាប់​យូ​នី​ត​ខ្នាត​មធ្យម​ធ្លាក់ចុះ ០,៦ភាគរយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ខុន​ដូ​នៅ​កម្ពុជា​ត្រូវបាន​អ្នក​អភិវឌ្ឍន៍​ធ្វើ​ឡើងជា៣កម្រិត រួមមាន កម្រិត​ខ្ពស់​សម្រាប់​បំពេញតម្រូវការ​ទៅ​ផ្សារ​មកពី​ក្រៅ​ស្រុក (ទីផ្សារ​ជនបរទេស) ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​សមរម្យ​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែលជា​ជនជាតិខ្មែរ។

លោកស្រី​បន្តទៀតថា “បច្ចុប្បន្ននេះ​ទីផ្សារ​ខុន​ដូ​កម្រិត​ខ្ពស់​មួយចំនួន ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារតែ​ទីផ្សារ​គោលដៅ​ភាគច្រើន ផ្តោតលើ​ជនបរទេស​ដែល​កំពុង​តែមាន​ភាព​ប្រឈម​ខ្លាំង នឹង​ការវាយប្រហារ​ដោយ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​សម្រាប់​ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម និង​តម្លៃ​សមរម្យ នៅតែមាន​បន្ត​មាន​ទីផ្សារ​ដែលជា​តម្រូវ​ការ​នៅក្នុង​ស្រុក​ជា​ជនជាតិខ្មែរ” ។

លោកស្រី​បាន​បញ្ជាក់ថា យើង​ទទួលស្គាល់​នៅក្នុង​ដំណាក់កាល នៃ​ការវាយប្រហារ​ដោយ​ជំងឺឆ្លង Covid-19 ពិតជា​បានធ្វើឱ្យ​ប៉ះពាល់ ដល់​វិ​និ​ស័​យ​អចលនទ្រព្យ​នៅក្នុង​កម្ពុជា​មួយចំណែក ប៉ុន្តែ​សម្រាប់​ផ្នែក​ការវិនិយោគ​លើ​វិស័យ​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​សមរម្យ គឺ​នៅតែមាន​ឱកាស​ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here