ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ រាជធានីភ្នំពេញកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងទៅលើការវិនិយោគវិស័យអចលនទ្រព្យ និងច្រើនប្រភេទដូចជា លំនៅដ្ឋាន បុរីលំនៅដ្ឋាន អាគារការិយាល័យ អាផាតមិន និងខុនដូជាដើម ដោយក្នុងនោះមានខណ្ឌចំនួន ៣ ដែលកំពុងមានភាពលេចធ្លោសម្រាប់ចរន្តនៃការទិញលក់ប្រភេទខុនដូ។
សម្រាប់អ្នកដែលមានបំណងចង់ជាវ ឬវិនិយោគទៅលើអចលនវត្ថុ គប្បីដឹងពីចំនុចមួយចំនួនជាមុនសិន មុននឹងសម្រេចចិត្តដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដូចជា តម្លៃ ទីតាំងភូមិសាស្ត្រ និងទំហំជាដើម។ ជាក់ស្តែង អគារខុនដូដែលកំពុងមានភាពរីកដុះដាល និងមានចរន្តទិញលក់ច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ គឺមាននៅក្នុងខណ្ឌចំនួន ៣ ដែលមានលេចធ្លោជាងគេ។
-->
យោងទៅតាមអ្នកជំនាញអចលនទ្រព្យដែលធ្លាប់បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area កន្លងមកបានឱ្យដឹងថា ខណ្ឌដែលមានសក្តានុពលចំពោះវិស័យខុនដូជាងគេរួមមានដូចជា៖
ខណ្ឌ៧មករា ៖ បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជា បឹងកេងកង ឬ ផ្លូវ៦០ម៉ែត្រ ខណ្ឌ៧មករា មានភាពអភិវឌ្ឍលើវិស័យខុនដូតិចជាងគេ។ ទោះបីយ៉ាងនេះក៏ដោយ តំបន់នេះក៏ស្ថិតនៅក្នុងតំបន់ក្រុងដែលមានផ្សារទំនើប ភោជនីយដ្ឋាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យធំ ហ៊ុមព័ទ្ធជុំវិញ ដែលបង្ហាញថា ខណ្ឌ ៧មករា ក៏ជាទីប្រជុំជនសម្បូរទៅដោយប្រជាពលរដ្ឋជិតខាងរស់នៅជុំវិញ។ ជាពិសេស បើនិយាយពីតម្លៃវិញទៀតសោត ខុនដូនៅខណ្ឌនេះមានតម្លៃទាបជាងខណ្ឌផ្សេងៗ ព្រោះនៅមានការអភិវឌ្ឍថ្មីជាបន្តបន្ទាប់ ស្ថាបត្យកម្ម និងរចនាបថមានភាពទាន់សម័យច្រើន និងមានគុណភាពខ្ពស់ ព្រមទាំងតម្លៃអាចទទួលយកបាន។

ខណ្ឌដូនពេញ ៖ គឺជាខណ្ឌមួយដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងជាតំបន់បណ្តុំទៅដោយក្រុមហ៊ុន និងមុខជំនួញនានា។ ខណ្ឌនេះគឺរាប់បញ្ចូលទាំងរមណីយដ្ឋានមាត់ទន្លេ អគាររបស់រដ្ឋាភិបាល និងរមណីយដ្ឋានប្រវិត្តសាស្ត្រវត្តភ្នំ។ បច្ចុប្បន្នតំបន់នេះមានការអភិវឌ្ឍអគារខ្ពស់ៗជាច្រើន ដែលជាភស្តុតាងបង្ហាញថា ខណ្ឌដូនពេញជាខណ្ឌពោរពេញដោយសក្តានុពលវិនិយោគ។ តម្លៃអចលនវត្ថុខុនដូវិញក៏ខ្ពស់ដែរ ដរាបណាទីតាំងខុនដូកាន់តែនៅកៀកមាត់ទន្លេ នោះអចលនទ្រព្យកាន់តែថ្លៃទៅតាមនោះ។ ភាគច្រើនក្នុងខណ្ឌនេះ ក៏មានការអភិវឌ្ឍលើអគារពាណិជ្ជកម្មផងដែរក្រៅពីខុនដូ។
ខណ្ឌបឹងកេងកង ៖ តំបន់នេះគឺមានប្រជាប្រិយភាពជាងគេបង្អស់ក្នុងរាជធានីភ្នំពេញ ដោយសារសក្តានុពលនៃតំបន់។ បុគ្គលដែលជាវ ច្រើនតែជាអ្នកដែលមានធនធានច្រើន និងចង់បានការរស់នៅប្រកបដោយភាពទាន់សម័យ និងងាយស្រួល។ នៅក្នុងខណ្ឌនេះ ហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ អគារខ្ពស់ៗ ភោជនីយដ្ឋាន ផ្សារទំនើប ស្ថានទូត ជំនួញអន្តរជាតិ និងសាលាអន្តរជាតិ។ ជាទូទៅ ត្រូវចំណាយយ៉ាងហោចណាស់ក៏ ២០០,០០០ដុល្លារដែរ ក្នុងមួយយូនីត ហើយនៅពេលក្រោយម្ចាស់អចលនវត្ថុសម្រេចចិត្តទិញ ក៏នឹងមានឱកាសចំណេញខ្ពស់ផងដែរនាពេលអនាគត៕ InvestAsian