អ្នកជំនាញ​អះអាងថា ស្រុក​មុខកំពូល​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​លំនៅឋាន​បែប​ទំនើប​នាពេលខាងមុខ

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា តំបន់​នៅ​ស្រុក​មុខកំពូល នៃ​ខេត្តកណ្តាល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ នឹង​ទាក់ទាញ​ការវិនិយោគ​លើ​លំនៅឋាន បែប​ទំនើប​នាពេល​ខាងមុខនេះ ខណៈ​តំបន់​នេះ​គឺជា​តំបន់​ថ្មី ដែលមាន​សក្តានុពល​ខ្ពស់ ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គ្រប់​ប្រភេទ។

លោក កាង សុធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Land Station បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា ស្រុក​មុខកំពូល​បើ​ធៀប​ទៅនឹង បណ្តា​សង្កាត់​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺមាន​ភាព​ទាក់ទាញ​ក្នុងការ​វិនិយោគ លើ​លំនៅឋាន​បែប​ទំនើប ជាពិសេស​វិស័យ​អចលនទ្រព្យ ដែល​អាច​ចំណាយ​ដើមទុន​តិច ហើយ​អាច​ទុក​លក់​បន្ត​ដើម្បី​យកចំណេញ​នាពេលខាងមុខ​បាន​ផងដែរ។

លោក​ថ្លែងបន្តថា “សម្រាប់​នៅតាម​ផ្លូវជាតិ​លេខ​៦A ម្តុំ​ស្រុក​មុខកំពូល កំពុងមាន​សក្តានុពល ដែល​បង្កឱ្យមាន​ភាពអំណោយ​ផល​ច្រើន លើ​ការវិនិយោគ​អចលនទ្រព្យ” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា នៅតាម​បណ្តា​ជាយក្រុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ៥ និង​លេខ៦ A បាន​នឹង​កំពុង​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​នៅ​ឋាន​កម្រិត​ខ្ពស់ ។

លោក​បន្តថា ក្រៅពី​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល ក៏មាន​គម្រោង​របស់​វិស័យ​ឯកជនធំៗកំពុង​វិនិយោគ​នៅ​តំបន់​នោះ ដែល​នេះ​វា​នឹង​ជះឥទ្ធិពល​ដល់​តំបន់​ក្បែរ​នោះ (ស្រុក​មុខកំពូល) និង​ធ្វើឱ្យ​តំបន់​នេះ កាន់តែ​មានការ​ទាក់ទាញ និង​សក្តានុពល​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​វិស័យ​លំនៅឋាន។

អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ ធ្លាប់បាន​បានទទួល​ស្គាល់​ដែរ​ថា ការអភិវឌ្ឍ​ទៅលើ​វិស័យ​លំនៅឋាន នៅ​ទូទាំង​ខេត្តកណ្តាល ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង និង​កើតមាន​ស្ទើរ​ទូទាំង​ស្រុក​នានា ជាពិសេស​នៅតាម​តំបន់ ដែល​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា ស្ទើរតែ​គ្រប់​តំបន់​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​នៅតាម​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​សក្ដានុពល​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​សមរម្យ​បាន​ដើរតួ​ឈានមុខ​គេ ស្រប​ពេលដែល​កំណើន នៃ​ចំនួន​ប្រជាជន​បាន​កើនឡើង​រហូតដល់​ជាង ១លាន​នាក់។

ស្រុក​មុខកំពូល​នៅក្នុង​ចំណោម​ស្រុក​ចំនួន៤ ត្រូវបាន​ជ្រើសរើស និង​កំណត់​ជា​ប៉ូល​សេដ្ឋកិច្ច​ប្រចាំខេត្ត​កណ្តាល ដែល​ផែនការ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដែល​អាចជួយ​ជំរុញ និង​លើកកម្ពស់​ដល់ទី​ផ្សា​រក​សិ​ករ ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម (SAAMBAT) នៅ​ទូទាំង​ខេត្តកណ្តាល។

ស្រុក​មុខកំពូល ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ខេត្តកណ្តាល មាន​ព្រំប្រទល់​រដ្ឋបាល​ខាងលិច​ជាប់​ស្រុក​ពញាឮ ខាងកើត​ជាប់​ស្រុក​ខ្សាច់កណ្តាល ខាងជើង​ជាប់​ស្រុក​បាធាយ និង​ស្រុក​កងមាស​នៃ​ខេត្តកំពង់ចាម និង​ខាងត្បូង​ជាប់​ខណ្ឌ​ឬ​ស្សី​កែវ នៃ​រាជធានី​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here