ដោយៈ រ៉ាណេត
ភ្នំពេញៈ ខេត្តចំនួន៥ត្រូវបានក្លាយជាគោលដៅវិនិយោគ របស់ក្រុមអ្នកជំនួញវិស័យដីធ្លី សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ខណៈដែលការរាតត្បាតនៃជំងឺឆ្លងCovid-19 នៅកម្ពុជាមានភាពស្ងប់ស្ងាត់ បច្ចុប្បន្ននេះបណ្តាអ្នកជំនួញ ក្នុងវិស័យដីធ្លីចាប់ផ្ដើមធ្វើសកម្មភាពចុះសម្លឹងមើលទីផ្សារដីធ្លីនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីទិញទុកវិនិយោគសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្មកម្រិតខ្ពស់។
-->
លោកឧកញ៉ាបានបន្តថា “ក្រុមអ្នកវិនិយោគក្នុងវិស័យដីធ្លីបច្ចុប្បន្ន បានបង្វែរគោលដៅរបស់ខ្លួនពីតំបន់ជាយក្រុង តំបន់ខេត្តទេសចរណ៍ជាយសមុទ្រ ទៅសំដៅតាមប ណ្តាខេត្តសំខាន់ៗមួយចំនួន ដែលមានសក្ដានុពលក្នុងវិស័យឧស្សាហកម្ម និងកសិកម្មវិញម្ដង ខណៈដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមយកចិត្តទុកដាក់ក្នុងការពង្រឹងលទ្ធភាព និងពង្រីកផលិតភាពឱ្យកាន់តែប្រសើរ ហើយទីផ្សារគោលដៅរបស់ក្រុមអ្នកជំនួញដីធ្លី ដែលកំពុងសម្លឹងមើលរួមមានខេត្តកណ្តាល កំពង់ស្ពឺ ខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់បង”។
លោកឧកញ៉ាតេង រិទ្ឋីបានមានប្រសាសន៍បន្តទៀតថា ហេតុផលដែលពួកគេដាក់គោលដៅវិនិយោគនៅតាមបណ្តាខេត្តទាំងនេះ ដោយសារតែខេត្តទាំងអស់ខាងលើនេះមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ដែលអនុគ្រោះយ៉ាងប្រសើរសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រោងចក្រ និងតំបន់កសិដ្ឋានកម្រិតខ្ពស់។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ គឺសុទ្ធតែបានដាក់គោលដៅរបស់ពួកគេយ៉ាងច្បាស់លាស់។ សម្រាប់ក្រុមអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន គោលដៅរបស់ពួកគេភាគច្រើន គឺស្ថិតនៅតំបន់ជាយក្រុង ដោយសារងាយស្រួលក្នុងការអភិវឌ្ឍ និងមានទីផ្សារទូលាយ”។
សម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានលំហែរកាយ និងតំបន់កម្សាន្ត គោលដៅរបស់ពួកគេ គឺស្ថិតនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង និងខេត្តដែលមានធនធានធម្មជាតិល្អ ដែលស្ថិតប៉ែកឦសាន ដូចជាខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី។
លោកស្រីតាំង ហួរបានមានប្រសាសន៍បន្តទៀតថា “សម្រាប់ខេត្តទាំង៥ ដូចបានលើកឡើងខាងលើនេះ បច្ចុប្បន្នពិតជាមានសកម្មភាពទិញ-លក់ពិតមែន ប៉ុន្តែហាក់មិនទាន់មានភាពពុះកញ្ច្រោលនៅឡើយនោះទេ ដោយសារតែភាពរអា និងការភ័យខ្លាចទៅនឹងវិបត្តិនៃជំងឺឆ្លង។
លោកស្រីបន្ថែមថា “យ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថាមិនយូរទៀតនោះទេ ចរន្តទីផ្សារនៃការទិញ-លក់ នឹងកើតមានឡើងវិញ ដែលផ្តើមចេញពីសកម្មភាពអ្នកជំនួញ និងវិនិយោគនៅក្នុងស្រុក”៕