អឺរ៉ុបនៅតែមានបំណងបើកទ្វារចំហសម្រាប់ការសន្ទនាជាមួយទីក្រុងភ្នំពេញចំពោះបញ្ហា EBA

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាកំពុងត្រៀមសម្រាប់សហគមន៍អ៊ឺរ៉ុបក្នុងការដកសិទ្ធិក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) របស់កម្ពុជាមួយផ្នែក និងជាបណ្តោះអាសន្ននៅថ្ងៃ ពុធ នេះ ខណៈទីក្រុងប្រ៊ុចសែល (ទីស្នាក់ការកណ្តាលរបស់អឺរ៉ុប) មានបំណងចង់បើកទ្វារចំហសម្រាប់ការសន្ទនាជាមួយទីក្រុងភ្នំពេញ។

សហគមន៍អ៊ឺរ៉ុបបានព្រមានប្រទេសកម្ពុជាកាលពីខែ កុម្ភៈ ឆ្នាំមុនថា ខ្លួននឹងដកគម្រោងប្រព័ន្ធអនុគ្រោះនេះចេញ លើកលែងតែមានការខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស។ ថ្ងៃផុតកំណត់សម្រាប់ការសម្រេចចិត្តគឺថ្ងៃទី ១២ ខែកុម្ភៈ នេះ។

សភា និងក្រុមប្រឹក្សាអឺរ៉ុបនៅតែអាចជំទាស់នឹងសេចក្តីសម្រេចចិត្តណាមួយក្នុងមិនឱ្យដក EBA ចេញកម្ពុជា ប៉ុន្តែបើមិនមានការជំទាស់ទេ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជា (បញ្ជាក់ អឺរ៉ុបនឹងមិនដក EBA ទាំងស្រុងនោះទេ) នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា។ ស្ថាប័នទាំងពីរបានបង្ហាញថា ពួកគេចង់ឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការតឹងរ៉ឹងជាងមុនចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

ក្រុមអ្នកការទូត បាននិយាយថា ទីក្រុងប្រ៊ុចសែលមានបំណងចង់បើកទ្វារចំហសម្រាប់ការសន្ទនាជាមួយទីក្រុងភ្នំពេញ និងមានការប្រុងប្រយ័ត្នក្នុងការជំរុញឱ្យរដ្ឋាភិបាលខិតទៅជិតប្រទេសចិន។

លោក Ben Vanpeperstraete អ្នកសម្របសម្រួលការតស៊ូមតិ និងយុទ្ធនាការសម្លៀកបំពាក់ស្អាតដែលមានមូលដ្ឋាននៅអឺរ៉ុប (CCC) បានសារព័ត៌មានអន្តរជាតិមួយថា លោកក៏រំពឹងថានឹងមានការព្យួរផ្នែកខ្លះដែរនៃប្រព័ន្ធអនុគ្រោះនេះ។

លោក បាននិយាយដោយលើកឡើងពីប្រភពដែលមានចំនេះដឹងដោយផ្ទាល់អំពីសេចក្តីព្រាងសេចក្តីនៃសម្រេចការព្យួរនេះថា “យើងបានដឹងថា គណៈកម្មការនឹងចាត់វិធានការនៃការផ្អាកផ្នែកមួយចំនួនប៉ុណ្ណោះ”។
លោកបន្តថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជាលើផ្នែកចំនួននឹងមានប្រសិទ្ធិភាពក្នុងការដាក់គោលដៅលើអនុផ្នែកនៃសេដ្ឋកិច្ច រួមទាំងផ្នែកឧស្សាហកម្មកាត់ដេរផងដែរ។

ខណៈលោក មិនមានបញ្ជីនៃអនុវិស័យទាំងនោះទេ ដែលនឹងត្រូវកំណត់គោលដៅ លោកបាននិយាយថា លោកត្រូវបានគេប្រាប់ថា អាវយឺតនឹងត្រូវបញ្ចូលទៅក្នុងការជាប់ពន្ធថ្មីនេះ។

សហគមន៍អឺរ៉ុបអាចកំណត់គោលដៅអនុវិស័យជាក់លាក់ដោយកំណត់ពន្ធលើដែលជាអក្សរឡាតាំងជាតំណាងដូច “HS4” និង “HS6″។ ផលិតផលត្រូវបានដាក់ជាក្រុមនៅក្នុងប្រភេទជាច្រើន ដែលបន្ទាប់មកត្រូវបានបែងចែកបន្ថែមទៀត។ លេខកូដ HS4 នឹងរួមបញ្ចូលផ្នែករង HS6 ជាច្រើន។

សរុប អ្នកជំនាញសិទ្ធិការងារបាននិយាយថា ប្រហែលជា ២៥ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបនឹងត្រូវបានកំណត់គោលដៅក្នុងការដាក់ពន្ធ។ លោក Vanpeperstraete បាននិយាយថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA លើផ្នែកមួយចំនួន មិនសម្លាប់សេដ្ឋកិច្ចកម្ពុជាទេ
ប្រទេសកម្ពុជាភាគច្រើននាំចេញវាយនភណ្ឌទៅកាន់សហភាពអឺរ៉ុប ប៉ុន្តែវិស័យសំខាន់ៗដទៃទៀតរួមមានស្រូវ និងកង់។

យោងតាមគណៈកម្មការអឺរ៉ុប ប្រទេសកម្ពុជាបាននាំចេញទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូ (ជិត ៥,៥ ពាន់លានដុល្លារ) ទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ ២០១៧ និង៥,៤ ពាន់លានអឺរ៉ូ (៥,៩ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៨។ សហភាពអឺរ៉ុបគឺជាអ្នកទិញផលិតផលកម្ពុជាធំជាងគេ៕

កំពង់ចាម នឹងអភិវឌ្ឍន៍ខ្លួនក្លាយទីក្រុងវៃឆ្លាតក្នុងពេលដ៏ខ្លីខាងមុខនេះ

ដោយ ៖ រ៉ាណេត

កំពង់ចាម ៖ តាមគម្រោងរបស់រដ្ឋាភិបាលបានបង្ហាញថា នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ កំពង់ចាម នឹងធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតដូចគ្នាទៅនឹងក្រុងតាខ្មៅ ក្រុងបាត់ដំបង និងកំពត ដែលទើបតែទទួលបានពានរង្វាន់ទីក្រុងមានភាពច្នៃប្រឌិតខ្ពស់ ខណៈដែលខេត្តសៀមរាបបានដើរមួយជំហានរួចទៅហើយ។

ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពនៅទូទាំងក្រុងកំពង់ចាមឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុង ដោយគ្រប់ផ្លូវថ្នល់ចេញចូលក្រុងសុទ្ធតែត្រូវបានស្ថាបនាជាផ្លូវចាក់កៅស៊ូ និងផ្លូវបេតុងទាំងអស់ ដែលក្រៅពីបង្កើនសោភ័ណភាព ថែមទាំងចូលរួមជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏មានគម្រោងកែច្នៃ និងអភិវឌ្ឍន៍ក្រុងកំពង់ចាមឱ្យក្លាយជាទីក្រុងវៃឆ្លាត រួមជាមួយនឹងការបំពាក់អំពូលភ្លើង LED នៅតាមផ្លូវសំខាន់ៗមួយចំនួនដើម្បីឱ្យកាន់តែមានភាពទាក់ទាញ និងជួយជំរុញកំណើនទេសចរក្នុងតំបន់ផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កំពង់ចាមបច្ចុប្បន្ននេះ កាន់តែមានការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លាំង ព្រមទាំងជួយជំរុញឱ្យមានកំណើនទេសចរជាប់ជាប្រចាំផងដែរ។ លោកបានបន្តទៀតថា “កាលពីឆ្នាំ២០១៩កន្លងទៅ កំណើនទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងខេត្តកើនជាង៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយសម្រាប់ឆ្នាំ២០២០នេះ មានក្ដីរំពឹងថា នឹងនៅតែរក្សាបាននូវកំណើនបន្ថែមទៀត។

លោក ស៊ាន សុគុន បានបន្តទៀតថា “គួបផ្សំជាមួយនឹងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ក្នុងតំបន់ ក្រោមការចង្អុលបង្ហាញ និងណែនាំពីសំណាក់លោកអភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្តបានរៀបចំបង្កើតឱ្យមានតំបន់ទេសចរណ៍បែបសហគមន៍ចំនួន២បន្ថែមទៀត ដោយទី១គឺតំបន់កម្សាន្តឆ្នេរខ្សាច់កោះប៉ែន ដែលមានទំហំប្រមាណ១០០០ និងសហគមន៍ទេសចរណ៍តម្បាញលក្ខណៈប្រពៃណី ស្ថិតនៅស្រុកកោះសូទិនផងដែរ ដែលតាមរយៈគម្រោងទាំងនេះ នឹងអាចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទេសចរនានា”។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍តាមទូរស័ព្ទដោយបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទាំងស្រុង។ លោកបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ហើយក៏ជាការលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ នៅទូទាំងក្រុងកំពង់ចាម ត្រូវបានរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ក្រោមការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញរដ្ឋបាលខេត្ត និងការចូលរួមពីវិស័យឯកជនផងដែរ ហើយជាលទ្ធផលគឺទទួលបានផ្លែផ្កាគួរឱ្យគត់សម្គាល់ ហើយការរៀបចំទាំងអស់នេះ នឹងនៅតែបន្តរក្សាឱ្យមានភាពល្អប្រសើររហូតទៅថ្ងៃខាងមុខ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសប្រសាសន៍នៅក្នុងកិច្ចជំនួបជាមួយនាយិកាទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំងប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាល បានមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាំបាច់មួយចំនួននៅក្នុងខេត្តកំពង់ចាមឱ្យមានភាពល្អប្រសើរឡើងវិញ រួមជាមួយនឹងគម្រោងសាងសង់កំពង់ផែរណបទឹកសាបឡោះងវិញផងដែរ។ បន្ថែមពីនេះ នៅមានគម្រោងកែច្នៃក្រុងកំពង់ចាមឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតជាមួយនឹងការបំពាក់អំពូលភ្លើង LED នៅតាមផ្លូវក្នុងក្រុងផងដែរ ដែលពេលនេះកំពុងតែលើកគម្រោងសិក្សាវាយតម្លៃពីទំហំចំណាយ និងផលប៉ះពាល់៕

រដ្ឋាភិបាលអះអាងថាភូមិទាំងអស់នៅកម្ពុជានឹងមានការតភ្ជាប់អគ្គិសនីនៅចុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ភូមិទាំងអស់នៅកម្ពុជានឹងមានការតភ្ជាប់អគ្គិសនីនៅចុងឆ្នាំ២០២០ ខណៈរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រហែល៩២,៦៨ភាគរយ ឬ១៣,១៣១ ភូមិនៃភូមិសរុបរបស់ប្រទេសកម្ពុជា ទទួលបានការប្រើប្រាស់អគ្គិសនីនៅចុងឆ្នាំ២០១៩។

របាយការណ៍ដែលត្រូវបានចេញផ្សាយ ក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងបានបង្ហាញថា ផ្ទះប្រមាណ២,៦៨លានខ្នង ឬ៧៥ភាគរយ នៃលំនៅដ្ឋាន៣,៥៧លានទទួលបានការប្រើប្រាស់អគ្គិសនីកាលពីឆ្នាំមុន។

ថ្លែងនៅក្នុងសន្និសីទនេះលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា រដ្ឋាភិបាលប្តេជ្ញាថា ភូមិទាំងអស់នៅកម្ពុជា នឹងមានការតភ្ជាប់អគ្គិសនីនៅចុងឆ្នាំ២០២០នេះ។

លោកបានមានប្រសាសន៍ថា “យើងកំពុងបន្តអភិវឌ្ឍប្រភពអគ្គិសនី និងបណ្តាញអគ្គិសនីដើម្បីធានាបាននូវស្ថេរភាពថាមពល និងដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីដែ​លកំពុងកើនឡើង”។

យោងតាមរបាយការណ៍ អគ្គិសនីដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកាលពីឆ្នាំមុនមានចំនួន៣,៣៨២មេហ្គាវ៉ាត់ កើនឡើង២៨ភាគរយ បើធៀបនឹងចំនួន២ ៦៣៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៨។

របាយការណ៍បានឱ្យដឹងថា ប្រភពអគ្គិសនីសំខាន់គឺទំនប់វារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ កម្ពុជាមានទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិនចំនួន៧ ដែលមានកម្លាំងសរុប១ ៣២៨មេហ្កាវ៉ាត់ និងរោងចក្រថាមពលធ្យូងថ្មចំនួន ៣ ដែលមានកម្លាំងសរុប៦៧៥មេហ្គាវ៉ាត់៕

ក្រសួងដែនដីចេញសេចក្ដីប្រកាសបដិសេធដោះស្រាយសំណើរប្រជាពលរដ្ឋ៧៧គ្រួសារក្នុងតំបន់គម្រោងអភវឌ្ឍន៍ ខេត្តកោះកុង

ដោយៈ រ៉ាណេត

កោះកុងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ បានសម្រេចចេញសេចក្ដីប្រកាសជាផ្លូវការ ដោយបញ្ជាក់ពីការមិនទទួលយកសំណើរ ដែលស្នើសុំដោយប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ស្ថិត​នៅឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុងនោះទេ។

ជាការឆ្លើយតបទៅនឹងសំណើស្នើសុំ របស់ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ដែលបានឡើងមកធ្វើការតវ៉ានៅស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយស្នើឱ្យសួងជួយសម្រួល និងដោះស្រាយបញ្ហាដីធ្លីសម្រាប់អាស្រ័យផល និងស្នាក់នៅស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd ដោយសុំបន្ថែមដីស្រែចំនួន១ហិកតា ក្នុងមួយគ្រួសារនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញសេចក្ដីប្រកាស មិនទទួលយកយកសំណើរនោះទេ។

ការសម្រេចចេញសេចក្ដីប្រកាសបដិសេធ មិនទទួលយកសំណើរ និងដោះស្រាយខាងលើនេះ ដោយសារតែក្រសួងបានអះអាងថា រាល់ប្រជាពលរដ្ឋដែលរស់នៅ និងអា​ស្រ័យផលដំណាំ ស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍ខាងលើនេះ ធ្លាប់ទទួលបានដំណោះ​ស្រាយពីគណៈកម្មការអន្តរក្រសួងរួចរាល់ហើយ។

នៅក្នុងសេចក្ដីប្រកាសដដែលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកដំណោះស្រាយចំនួន៤ចំណុច ដែលគណៈកម្មការអន្តរក្រសួងធ្លាប់បានធ្វើកាលពីពេលកន្លងទៅផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន ដីលំនៅដ្ឋានទំហំ៥០ម៉ែត្រគុណ១០០ម៉ែត្រ ដីចម្ការទំហំចាប់ពី១ហិកតាដល់៦ហិកតា ទៅតាមទំហំដីធំ ឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់ ផ្ទះឈើមួយខ្នង រួមជាមួយនឹងថវិកាចាប់ពី ៣៥០ដុល្លារ ដល់ ១០ ០០០ដុល្លារ ទៅតាមទំហំដីធំ ឬតូច ដែលពួកគាត់ធ្លាប់បានកាន់កាប់។

ក្រុមហ៊ុនចិន UNION Development Group Co., Ltd. កាលពីកកន្លងមកនេះបានប្រកាសបោះទុនវិនិយោគទឹកប្រាក់១,២០០លានដុល្លារ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ក៏បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង១,៥០០លានដុល្លារ លើការសាងសង់អគារ និងហេដ្ឋារច​នា​សម្ព័ន្ធចាំបាច់មួយចំនួនដូចជា ប្រព័ន្ធគមនាគមន៍ ក្លឹបវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅអន្តរជាតិ សួនលម្អ បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនីជាដើម៕

រដ្ឋមន្ត្រីបរិស្ថាន៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុឈរលើមូលដ្ឋានសក្តានុពលធម្មជាតិ និងបរិស្ថាន

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ការស្ថាបនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសរសេរលើទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន។

រដ្ឋាភិបាលកម្ពុជា បានសម្រេចបោះទុនប្រមាណជាង ៣០០ លានដុល្លារអាមេរិក ស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគូរនីយកម្ម និងសំណង់ បានឱ្យដឹងនៅក្នុងចុះពិនិត្យមើលផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីជំរុញពន្លឿនការងារស្ថាបនាកាលពីកន្លងមកនេះថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្ថែមថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ត្រូវគោរពតាម ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយចាប់តាំងពីពេលសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន ៣០ភាគរយ ហើយ៕

ចំណេះដឹង! អ្វីជាមូលហេតុនៃការលុបចោលកិច្ចសន្យាបន្ទាន់?

ដោយវុត្ថា

ភ្នំពេញៈ កិច្ចសន្យាគឺជាការព្រមព្រៀងរវាងបុគ្គលពីរនាក់ ឬពីរក្រុម ដើម្បីបង្កើតនូវកាតព្វកិច្ច កែប្រែកាតព្វកិច្ចឬលុបចោលកាតព្វកិច្ច។ កិច្ចសន្យានេះ អាចលប់ចោលបន្ទាន់បានលុះត្រាតែមានមូលហេតុណាមួយសមស្របតាមគតិយុត្តិ។

ប្រសិនបើមានការខកខាន ដែលស្ថិតក្រោមមូលហេតុណាមួយ ដូចខាងក្រោមនោះ កិច្ចសន្យាជួលអាចត្រូវលុបចោល នៅអំឡុងពេលនៃអាណត្តិកិច្ចសន្យា ទោះបីជាការពិតដែលថា កិច្ចសន្យាជួលនេះមានរយៈពេលកំណត់នៃការជួលក៏ដោយ។

ក្នុងករណីបែបនេះការបញ្ចប់កិច្ចសន្យា ត្រូវចូលជាធរមាននៅពេលមានការប្រកា​សអំពីបំណង ចំពោះការលុបចោលកិច្ចសន្យារបស់ភាគីមួយ ដែលឈានដល់ការសម្រេចលើភាគីផ្សេងទៀត។

  • ករណីដែលអ្នកជួលផ្ទះ អាចលុបចោលកិច្ចសន្យាជួល៖

√ ប្រសិនបើម្ចាស់ផ្ទះជួលអនុវត្តសកម្មភាពថែរក្សាជំទាស់ ទៅនឹងឆន្ទៈរបស់អ្នកជួលផ្ទះ ហើយអ្នកជួលផ្ទះ មិនអាចមានលទ្ធភាពសម្រេចគោលបំណង ដែលក្នុងនោះកិច្ចសន្យាជួលត្រូវបានទទួល (មាត្រា 625 នៃច្បាប់រដ្ឋប្បវេណី)។

√ ប្រសិនបើផ្នែកនៃផ្ទះមានកិច្ចសន្យាជួល មិនអាចប្រើប្រាស់បាន ឬមិនអាចទទួលបានប្រាក់ចំណេញពីផ្ទះមានកិច្ចសន្យាជួល ដោយសារតែការបាត់បង់ ឬមូលហេតុផ្សេងទៀតក្រៅពីកំហុសរបស់អ្នកជួលនោះ ផ្នែកដែលនៅសល់នៃផ្ទះមានកិច្ចសន្យាជួល មិនមានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យអ្នកជួលសម្រេចបានគោលបំណង ដែលក្នុងនោះកិច្ចសន្យាជួលបានធ្វើឡើង (មាត្រា 627 នៃច្បាប់រដ្ឋប្បវេណី)។

√ ប្រសិនបើឋានៈម្ចាស់ផ្ទះជួល ត្រូវបានផ្ទេរសិទ្ធិ (សេចក្តីសម្រេចរបស់តុលាការកំពូល ចុះនៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ1998, លិខិតបញ្ជាក់ការបញ្ចប់សិទ្ធិលេខ No. 2001Da 64615)។

  • ករណីដែលម្ចាស់ផ្ទះជួល អាចលុបចោលកិច្ចសន្យាជួល៖

√ ប្រសិនបើអ្នកជួលផ្ទះ ផ្ទេរសិទ្ធិនៃកិច្ចសន្យាជួល ឬកិច្ចសន្យាជួលបន្តរបស់ខ្លួនចំពោះផ្ទះមានកិច្ចសន្យាជួល ដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះជួល (មាត្រា 629 (2) នៃច្បាប់រដ្ឋប្បវេណី);

√ ប្រសិនបើអ្នកជួលផ្ទះខកខានហួសថ្ងៃកំណត់ បង់ថ្លៃជួលផ្ទះចំនួន2ដង ឬច្រើនជាងនេះ (មាត្រា 640 នៃច្បាប់រដ្ឋប្បវេណី និងមាត្រា 6 (3) នៃច្បាប់ស្តីពីការការពារកិច្ចសន្យាជួលផ្ទះ)។

√ អ្នកជួលផ្ទះមិនប្រើប្រាស់ និងទទួលបានប្រាក់ចំណេញពីផ្ទះ មានកិច្ចសន្យាជួលតាមលក្ខណៈបែបនេះ ដែលកំណត់ដោយកិច្ចសន្យាឬតាមប្រភេទផ្ទះ (ការអនុវត្តនៃមាត្រា 610 (1) និង 654 នៃច្បាប់រដ្ឋប្បវេណី ដែលស្ថិតក្រោមមាត្រា 654 នៃច្បាប់ដូចគ្នា)។

√ ប្រសិនបើអ្នកជួលផ្ទះ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះកាតព្វកិច្ចដែលស្ថិតក្រោមកិច្ចសន្យាជួល៕

ដីនៅតំបន់ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញមានតម្រូវការខ្ពស់ ប៉ុន្តែកំណើនតម្លៃកើនឡើងយឺត

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ដីស្ថិតនៅតំបន់ដែលស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ មានតម្រូវការប្រើប្រាស់ដីច្រើន សម្រាប់វិស័យលំនៅដ្ឋានយ៉ាងណាក្ដី ប៉ុន្តែកំណើននៃតម្លៃគឺមានកម្រិតមិនអាចឡើងខ្ពស់ដូចតំបន់ដទៃនោះទេ។

ជាទូទៅអត្រានៃកំណើនតម្លៃដី និងអចលនទ្រព្យនៅទូទាំងរាជធានីភ្នំពេញ ត្រូវបានបណ្តាអ្នកជំនាញអះអាងថា មានការកើនឡើងជាប់ជាប្រចាំ ដែលស្ថិតនៅក្នុងចន្លោះប្រមាណ១០-១៥ភាគរយ ស្របពេលដែលតម្រូវការនៃការប្រើប្រាស់ដី នៅតែបន្តកើនឡើង។

នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Croup លោក ហៃ រ៉ាវី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា “ដោយសារតែជាមហាវិថី ដែលមានចរាចរណ៍ដ៏មមាញឹក និងសំខាន់ជាងគេ នៅក្នុងរាជធានីភ្នំពេញ ដីដែលស្ថិតនៅស្របតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សុទ្ធតែមានតម្រូវការប្រើប្រាស់ខ្ពស់បំផុត ក្នុងរូបភាពអគារការិយាល័យ ខុនដូ អគារតាំងបង្ហាញផលិតផលគំរូ ក៏ដូចជាទីតាំងក្រុមហ៊ុនលំដាប់អន្តរជាតិជាដើម។

លោកបានបន្តថា“នៅតំបន់នេះមិនសូវជាមានផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍន៍ជាអគារធំៗនោះទេ ហើយអគារភាគច្រើនដែលមើលឃើញសព្វថ្ងៃនេះ គឺបន្សល់ទុកកាលពីមុនមកតែប៉ុណ្ណោះ”។

លោក ហៃ រ៉ាវី បានបញ្ជាក់ថា “ដោយសារតែភាពល្អប្រសើរ នៃតម្រូវការប្រើប្រាស់ដីនៅតាមបណ្តោយផ្លូវមានខ្ពស់ បានជំរុញតម្លៃមានការកើនឡើង ហើយភាពល្អប្រសើរទាំងនេះបានសាយភាយទៅដល់តំបន់ជិតខាង ជាក់ស្ដែងដូចជាតំបន់ឈូកវ៉ា តំបន់ក្រាំងធ្នង់ដែលកំពុងតែមានភាពផុសផុល ទៅលើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានក្រោមការវិនិយោគពីក្រុមហ៊ុនបុរីធំៗ ដែលធ្វើឱ្យតម្លៃដីមានកំណើនគួរឱ្យកត់សម្គាល់”។

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KING Residence លោកខុម មុនីរតន៍ បានមានប្រសាសន៍បង្ហាញពីការយល់ស្រប ទៅនឹងតម្រូវការនៃការប្រើប្រាស់ដីធ្លី ដែលស្ថិតនៅក្បែរមហាវិថីសហព័ន្ធរុស្សី ជាពិសេសតំបន់ដែលស្ថិត ទល់មុខព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ  ប៉ុន្តែពាក់ព័ន្ធទៅនឹងកំណើននៃតម្លៃគឺមានកម្រិត។

លោកបានបញ្ជាក់ថា “នៅតំបន់ទល់មុខព្រលាន ដូចជាតំបន់ឈូកវ៉ា១ ឈូកវ៉ា២ ឈូកវ៉ា៣ ក៏ដូចជាបន្តទៅដល់តំបន់ក្រាំងធ្នង់ ពិតជាមានសកម្មភាពអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានខ្លាំង ប៉ុន្តែកំណើននៃតម្លៃគឺវាមានកម្រិត”។លោកបន្តថា “តម្លៃដីនៅតំបន់លំនៅដ្ឋានទាំងនេះ មិនថាពេលបច្ចុប្បន្ន ឬបន្តទៅថ្ងៃខាងមុខក្នុងរយៈពេល៤ឆ្នាំ គឺអាចស្ថិតត្រឹម ១០០០ដុល្លារក្នុងមួយម៉ែត្រតែប៉ុណ្ណោះ ដែលវាមិនអាចឡើងខ្ពស់ជាងនេះបាននោះទេ”។

តំបន់ទាំងនេះ ស័ក្ដិសមជាមួយនឹងវិស័យលំនៅដ្ឋានកម្រិតមធ្យម ត្រឹមតម្លៃក្រោម៧ម៉ឺនដុល្លារ ដោយសារតែប្រជាជនដែលចូលទៅរស់នៅក្នុងតំបន់នេះ ភាគច្រើនអាចមានលទ្ធភាពរកបានចំណូលមិនខ្ពស់ខ្លាំងនោះទេ ដែលអាចនិយាយបានថាស្ថិតនៅត្រឹមកម្រិតកណ្តាលចុះក្រោមតែប៉ុណ្ណោះ៕

ADB អឺរ៉ុប និងអាស៊ានសហការគ្នាក្នុងការជម្រុញការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបៃតង

ដោយ ហ្សូលី

ភ្នំពេញៈ សហគមន៍អ៊ឺរ៉ុប (EU) បានប្រកាសនៅថ្ងៃនេះថា ខ្លួនកំពុងរៀបចំការគាំទ្រដល់មូលនិធិហិរញ្ញវត្ថុបៃតង របស់សមាគមន៍អាស៊ានជាមួយទឹកប្រាក់ចំនួន៥០លានអឺរ៉ូ(៥៤,៩ លានដុល្លារ) ដើម្បីជួយរាជរដ្ឋាភិបាលរៀបចំ និងផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន សម្រាប់បញ្ហាអាកាសធាតុ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងអាស៊ីអាគ្នេយ៍។

ដំណើរការដែលបានចាប់ផ្តើមកាលពីខែមេសាឆ្នាំ២០១៩ និងគ្រប់គ្រង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលអាស៊ាន ដើម្បីបង្កឱ្យមានភាពងាយស្រួល ក្នុងការទទួលបានប្រាក់កម្ចីអធិបតេយ្យភាព ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ផ្តោតលើថាមពលកកើតឡើងវិញ យ៉ាងមានប្រសិទ្ធភាពលើការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកនិងអនាម័យ កសិកម្មដែលធន់នឹងអាកាសធាតុ។

ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ លោកស្រី Jutta Urpilainen បានធ្វើសេចក្តីប្រកាសអំឡុងពេលកិច្ចពិភាក្សាអាស៊ាន អ៊ឺរ៉ុបស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអឺរ៉ុប លោក រ៉ូប៊ឺត សូឆែលហែមមឺ។

លោក Schoellhammer មានប្រសាសន៍ថា“ ការប្តេជ្ញាចិត្តនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការកាន់តែស៊ីជម្រៅរបស់សហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសនៅអាស៊ីអាគ្នេយ៍ ឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមគម្រោងរបស់អង្គការសហប្រជាជាតិ”។

លោក Anouj Mehta ប្រធានអង្គភាព ACGF នៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ADBបានមានប្រសាសន៍ថា ការគាំទ្ររួមគ្នា តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុបៃត​ងអាស៊ាន នឹងជួយរដ្ឋជាសមាជិកអាស៊ាន ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ធ្វើអោយប្រសើរឡើងនូវគុណភាពខ្យល់ ដី និងគុណភាពទឹក រួមទាំងការការពារបរិស្ថានផងដែរ។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រឈមនឹងគម្លាតហិរញ្ញប្បទានប្រចាំឆ្នាំជាង ១០០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ACGFគឺជាផ្នែកមួយនៃមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គ្រប់គ្រងដោយរដ្ឋជាសមាជិកទាំង១០ របស់អាស៊ាននិងធនាគារអភិវឌ្ឍន៍អាស៊ី។

លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអ៊ឺរ៉ុប គឺជាដៃគូសហហិរញ្ញប្បទានរួមមាន Agence Française de Développement ធនាគារវិនិយោគអឺរ៉ុប កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ តាមរយៈKFW និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ គម្រោងដែលគាំទ្រដោយ ACGF ដំបូងគេ ត្រូវបានរំពឹងថានឹងអនុម័តនៅចុងឆ្នាំនេះ៕

CDC ប្រកាសនូវសេវាកម្មថ្មីមួយសម្រួលដល់អ្នកនាំចូលសម្រាប់គម្រោងវិនិយោគ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសនូវសេវាកម្មថ្មីមួយ ដែលមានគោលបំណងជួយ សម្រួលដល់ការនាំចូលសម្រាប់គម្រោងវិនិយោគ។ នេះបើយោងតាមការសេចក្តីប្រកាសរបស់ CDC ចេញផ្សាយកាលពីពេលថ្មីៗនេះ។

CDC បានឱ្យដឹងថាច្រកចេញចូលតែមួយនេះ នឹងពិនិត្យពាក្យសុំនាំចូលដោយក្រុមហ៊ុនឯកជនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ប្រព័ន្ធថ្មីនេះនឹងគ្រប់គ្រងទិន្នន័យ លើទំនិញនាំចូលប្រកបដោយតម្លាភាព ហើយនឹងជួយរក្សាទំនិញដែលមិនចង់បាននៅក្រៅប្រទេស។

ច្រកចេញចូលតែមួយជាតិនេះ ធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុន ក្នុងការនាំចូលទំនិញសម្រាប់គោលបំណងវិនិយោគ។ ការនាំចូលសម្រាប់គោលបំណងវិនិយោគមិនត្រូវជាប់ពន្ធទេ។ ប្រព័ន្ធថ្មីនេះ នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការសំរេចថា អ្នកណាបង់ពន្ធ ហើយអ្នកណាមិនបង់។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីឆ្នាំមុន កម្ពុជាបាននាំចូលសម្ភារសំណង់មានតម្លៃ ១,៥ ពាន់លានដុល្លារ កើនឡើង៥០ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។

កាលពីឆ្នាំមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់ការអនុញ្ញា​តសម្រាប់គម្រោងសាងសង់ចំនួន៤,៤៤៦ គម្រោងដែលមានតម្លៃជាង១១ពាន់លាន ដុល្លារអាមរិក។ លើផ្ទៃដីសរុប ១៨.៥៤ លានម៉ែត្រការ៉េ។ កាលពីឆ្នាំមុន មានគម្រោងសាងសង់ចំនួន ២ ៨៦៧ លើផ្ទៃដី ១១.៤២ លានម៉ែត្រក្រឡាដែលមានតម្លៃប្រមាណ ៥,២២៨ ពាន់លានដុល្លារ៕

អ្នកជំនាញណែនាំដល់អ្នកមានធនធានច្រើនគួរវិនិយោគលំនៅឋាននៅតំបន់ចំនួន ៣ស្ថិតនៅជាយក្រុងភ្នំពេញ

ដោយវុត្ថា

ភ្នំពេញៈ ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានសន្ទុះរីកចំរើនស្ទើរតែគ្រប់ទីកន្លែង បានធ្វើឱ្យអ្នកដែលមានធនធានគ្រប់គ្រាន់ ពិបាកក្នុងការសម្រេចចិត្តទិញលំនៅឋាន ក្នុងការវិនិយោគក្នុងការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ  លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានណែនាំដល់អ្នកដែលមានលុយច្រើន គួរវិនិយោគលើលំនៅឋាននៅក្នុងតំបន់សំខាន់ៗ ចំនួន៣ នៃជាយក្រុងភ្នំពេញ ខណៈដែលតំបន់ទាំងនេះ បាននឹងកំពុងមានការរីកចំរើន និងសក្តានុពលខ្ពស់របស់ទីក្រុងភ្នំពេញ។

លោកស្រីប្រាប់គេហទំព័រ propertyarea.asiaថា បើនិយាយពីតម្លៃក្នុងវិស័យអចលនទ្រព្យមាន៣ប្រភេទ រួមមានតម្លៃសមរម្យ តម្លៃមធ្យម និងតម្លៃកម្រិតខ្ពស់ ដែលអ្នកភិវឌ្ឍន៍ទាំងឡាយបាន និងកំពុងអនុវត្តស្របតាមតម្រូវការ នៃអ្នកដែលមានធនធាន ហើយក្នុងនោះ នៅក្នុងខណ្ឌទាំង១៤បាន និងកំពុងរីកដុះដាលនូវគម្រោងបុរី និង ខុនដូ ជាដើម។

លោកស្រីបន្តថា សម្រាប់គម្រោងបុរី និងវីឡាធំៗ ដែលមានតម្លៃខ្ពស់ ត្រូវបានគេអភិវឌ្ឍន៍ និងកំពុងល្បីល្បាញនៅក្នុងតំបន់ផ្លូវ៦០ម៉ែត្រ  នៅតំបន់ខណ្ឌសែនសុខ និងនៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី ដែលអ្នកមានធនធានខ្ពស់គួរតែបង្វែរចិត្តទៅកាន់ទីនោះ។

 

លោកស្រីបន្ថែមទៀតថា មិនតែប៉ុណ្ណោះតំបន់ទាំងនេះ ក៏មានលំនៅឋានដែលអាចប្រកបមុខរបរបាន  និងមានឃ្វីនវីឡាដែលរស់នៅខាងក្នុង ប្រកដោយសុវត្ថិភាព  ហើយនៅតំបន់នេះ ក៏សំបូរទៅដោយអគារពាណិជ្ជកម្ម ព្រោះវាជាតំបន់ដែលពោពេញទៅដោយសក្តានុពល និងពាណិជ្ជកម្ម ពោលមានទាំងផ្សារ សាលារៀន និងអគារការិ​យាល័យជាដើម។

តែយ៉ាងណាក៏ដោយ បើតាមលោកស្រី Grace Rachny Fong ថា ការិនិយោគលើលំនៅឋានសម្រាប់រស់នៅកន្លែងណាក៏បានដែរ ឱ្យតែតំបន់ទំាងនោះមានផាសុកភាព សុវត្ថិភាព បរិស្ថាន ផ្សារ សាលារៀន និង ពាណិជ្ជកម្ម ដែលផ្តល់នូវគុណភាពជីវិតសុទ្ធសឹងតែល្អទាំងអស់៕