រដ្ឋាភិបាលចំណាយថវិកាប្រមាណ៩០លានដុល្លារ វិនិយោគលើវិស័យTVET រយៈពេល៥ឆ្នាំ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលបានគ្រោងចំណាយថវិកា សម្រាប់មូលនិធិចំនួន៨៨,២៣ លានដុល្លារ ដើម្បីធ្វើការវិនិយោគទៅលើវិស័យTVET រួមមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល៥ឆ្នាំ (២០១៩ -២០២៤ ) ក្រោមថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

ជាយន្តការដើម្បីជួយជ្រោមជ្រែង ក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់ ទីភ្នាក់ងារអនុវត្តគម្រោង រួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេ​ជោ​សែនស្វាយរៀង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដូចជា អគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍ សម្ភារបរិក្ខារ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គ្រូ ព្រមទាំងថវិកាបណ្តុះបណ្តាល និងគាំទ្រសកម្មភាពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការប្រែក្លាយគ្រឹះស្ថាន និងអង្គភាពអនុវត្តគម្រោងទៅជាអង្គភាពឈានមុខនៅកម្ពុជា ដែលនឹងផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងវិស័យអាទិភាព ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឥតឈប់ឈរ ក៏ដូចជា ការចូលរួមកិច្ចសហការពីវិស័យឯកជនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីប្រកាសបើកកម្មវិធីស្តីពី “ការអនុវត្តគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងផងដែរនោះ បានលើកឡើងថា តាមរយៈគម្រោងនេះ នឹងចូលរួមពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញក្នុងឧស្សាហកម្មនៃវិស័យអាទិភាពទាំង៤ រួមមាន កម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។

 លើសពីនេះ គម្រោងនឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញ តាមវិស័យ និងភ្ជាប់ទំនាក់ទំនងក្នុងការ អភិវឌ្ឍជំនាញ ដោយផ្តោតលើការផ្តល់ជំនាញថ្មី (Skilling) ការបណ្តុះបណ្តាល ជំនាញឡើងវិញ (Reskilling) និងការបំប៉នជំនាញបន្ថែម (Upskilling) ដល់កម្លាំងពលកម្ម ដែលកំពុងបំពេញការងារទាំងវិស័យសាធារណៈ និងឯកជន។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងភាពជាដៃគូ នឹងត្រូវបានបង្កើតរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីជំរុញកម្មវិធីការសិក្សា ផ្អែកលើការងារ (Work-Based Learning program) និងពង្រីកការអនុវត្តសាកល្បងនូវមូលនិធិអភិវឌ្ឍជំនាញទៅជាយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ សមាសភាពនៃគម្រោងរួមមាន (១)-ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពឆ្លើយតបទៅនឹងកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេក​ទេស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (២) លើកកម្ពស់កម្មវិធីសិក្សាផ្អែកលើ ការងារ (Work Based Learning program) ជាមួយដៃគូឧស្សាហកម្ម និង (៣) ពង្រីកយន្តការនៃការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយនវានុវត្តន៍ ៕

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ ជិត៥០០ឆ្នាំទើបប្រទេសជាតិកម្ពុជាយើងមានសុខ សន្តិភាព និងការអភិវឌ្ឍន៍

ដោយវុត្ថា

ខេត្តត្បូងឃ្មុំៈ ជិត៥០០ឆ្នាំ ទើបប្រទេសជាតិកម្ពុជាមានសុខ សន្តិភាព និងការអភិវឌ្ឍន៍ សុខសាន្តបាន៤១ឆ្នាំកន្លងទៅរហូតដល់សព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាជាមួ​យសម្តេចតេជោ ហ៊ុន សែន ការពារថែរក្សាឲ្យបានដាច់ខាត ដោយមិនត្រូវចាញ់បោកជនអគតិ និងបរទេសមួយចំនួនដែលព្យាយាម បំផ្លិចបំផ្លាញស្ថេរភាពនយោបាយ និងសុខសន្តិភាពរបស់ប្រទេសយើងឡើយ។

នេះគឺការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រមាណ៣០០០នាក់យ៉ាងដូច្នេះ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាព សម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តគិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកបន្តថា “ប្រទេសជាតិយើងមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលកំពុងដើរទន្ទឹមគ្នា ក្នុងនោះរាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាវត្តអារាម សាលារៀន មន្ទីពេទ្យ ផ្លូវ ស្ពាន តបណ្តាញអគ្គីសនីជាដើម ។ល។ ដើម្បីសម្រួលដល់ការប្រតិបត្តិជំនឿ ការរស់នៅ និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ”។

លោកឧបនាយករដ្ឋមន្រីបន្តថា តែទោះជាយ៉ាងណា ក៏នៅតែមានជនអគតិមួយចំនួនតូច និងបទេសមួយចំនួនផងនោះ បានព្យាយាមម្តងហើយម្តងទៀតបង្កចលាចលបំផ្លិចបំផ្លាញសុខសន្តិភាព ពោលគឺពួកគេមិនចង់ឃើញប្រជាជនកម្ពុជា យើងរស់នៅ មានសេចក្តីសុខក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះឡើយ ។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នា ប្រឆាំងជនក្បត់ជាតិទាំងនោះ ដើម្បីថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដឹកនាំកម្ពុជាពោរពេញដោយភាពរីកចម្រើន និងសុខសន្តិភាពពេញលេញ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីនោះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា យើងមើលឃើញហើយថា ប្រទេសកម្ពុជាមានប្រជាជនប្រតិបត្តិសាសនាជាច្រើន តាមជំនឿរៀងៗខ្លួន ដូចជាសាសនាព្រះពុទ្ធ សា​សនាឥស្លាម និងសាសនាគ្រឹះជាដើម តែយើងអាចរស់នៅសុខដុមជាមួយគ្នាបានយ៉ាងល្អ ។ អ្វីដែលសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ជំនឿសាសនាបែបនេះ ដោយពឹងផ្អែកលើការផ្តល់សេចក្តីទុករបស់ប្រជាជនទូទាំងប្រទេស ដូច្នេះឯកឧត្តមបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយបន្តជឿជាក់បោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិគ្រប់ៗអាណត្តិតរៀងទៅ៕

ផលចំណេញត្រឡប់ពីការវិនិយោគលើអចលនទ្រព្យនៅកម្ពុជានៅតែអាច ទទួលបានរង្វង់៧ភាគរយនៅឆ្នាំ២០២០

ដោយ ប៊ី

ភ្នំពេញៈ ផលចំណេញត្រឡប់មកវិញពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នឹងនៅតែអាចទទួលបានជាមធ្យមរង្វង់៧ភាគរយនៅឆ្នាំ២០២០ បើទោះបីវិស័យនេះផលប៉ះពាល់ខ្លះនៅឆ្នាំនេះក៏ដោយ។ នេះបើយោងតាមលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។

លោកស្រី អាន សុធីតា អគ្គនាយិកាប្រចាំ CBRE Cambodia បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែអាចទទួលបានផលចំណេញត្រឡប់មកវិញ ជាមធ្យមរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ បើទោះបីវិស័យនេះផលប៉ះពាល់ខ្លះនៅឆ្នាំ២០២០នេះក៏ដោយ។

លោកស្រីបានថ្លែងថា“នៅក្នុងបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ី បច្ចុប្បន្នវាកា​ន់​តែមានភាពប្រកួតប្រជែង ទីផ្សារស្រុកខ្មែរជាទីផ្សារថ្មី ដែលមានឱកាសក្នុងការវិនិយោគច្រើន។ បើទោះបីជាមានផលប៉ះពាល់ខ្លះនៅឆ្នាំនេះ បើប្រៀបធៀបនឹងប្រទេសផ្សេងៗ កម្ពុជានៅតែល្អជាងគេ”។

លោកបានលើកឡើងថា កត្តានេះហើយបានជាប្រទេសយើង ជាធម្យមផលចំណេ​ញត្រឡប់មកវិញ៧ភាគរយ បើប្រទេសផ្សេងៗ ដូចជាសឹង្ហបូរី។ ឧទាហរណ៍ ដូចជាការវិនិយោគលើឧស្សាហកម្ម ដូចជារោងចក្រអាចទទួលបានផលចំណេញត្រលប់ខ្ពស់ជាងនេះ ហើយវាអាចចូលទៅដល់៩ភាគរយ ផលចំណេញត្រឡប់ពីវិស័យខុនដូអាចទទួ​លបាន៦ភាគរយ។

លោកស្រីអាន សុធីតាបានបន្តថា បើសិនជាវិនិយោគលើអាគារការិយាល័យសម្រាប់ជួល ផលចំណេញត្រឡប់មកវិញអាចទទួលបាន៧.៥ភាគរយ។ បើផ្សារទំនើបអាចទទួលបាន៧ ទៅ៨ភាគរយ វានៅអាចរក្សានៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

បើទោះជាបីជាស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមទៅនឹងឱនភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីបញ្ហាវិបត្តិសាកលជាច្រើននោះ មន្រ្តីជាន់ខ្ពស់ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់ណាមួយដែលអាចនឹងកើតមានឡើង។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានមានប្រសាសន៍ ក្នុងវេទិកាសាធារណៈកាលពីចុងខែមុនថា នៅក្នុងឆ្នាំ២០២០នេះ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ នៅលើសាកលលោក សុទ្ធតែប្រឈមទៅនឹងបញ្ហាឱនភាពនៃវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីកត្តាជាច្រើនដែលកំពុងតែកើមាន ជាពិសេសបញ្ហា៤ធំៗ រួមមានទំនាស់នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាសចសេដ្ឋកិច្ចទាំង២ អាមេរិក–ចិន កត្តាភូមិសាស្ត្រនយោបាយ បញ្ហានៃភាពមិនច្បាស់លាស់ នៃវិបត្តិ មជ្ឈឹមបូព៌ា រួមជាមួយនឹងបញ្ហាកត្តាធម្មជាតិដែលកំពុងតែកើតមាន ជាពិសេសភាពប្រឈមនឹងកូរ៉ូណាវីរុស។

លោកបន្តថា “ទោះជាស្ថិតនៅក្នុងស្ថានការណ៍បែបណា រាជរដ្ឋាភិបាលក៏បានត្រៀ​មខ្លួន ជាមួយនឹងផែនការបម្រុងរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងស្ថានការណ៍អវិជ្ជមានណាមួយដែលអាចនឹងកើតឡើង ហើយបើវាមិនកើតឡើងទេ ក៏នឹងក្លាយជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់អនុវត្តដើម្បីរក្សាលំនឹងសេដ្ឋកិច្ចឱ្យកាន់តែល្អ”៕

សណ្ឋាគារអាមេរិកតម្លៃ ១០០ លានដុល្លារនៅកម្ពុជានឹងបើកឱ្យដំណើរការនៅក្នុងឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញ៖ សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២០ នេះ ខណៈ មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៣៨ភាគរយ។ នេះ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Real Estate.com នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០។

ប្រភពដដែលបន្តថា សណ្ឋាគារ Hyatt Regency Phnom Penh នឹងផុសឡើងខ្ពស់ត្រដែតនៅជិតសារមន្ឬីរជាតិភ្នំពេញ និងបោះជំហានចូលក្នុងទីផ្សារសណ្ឋាគារប្រណិតរបស់ប្រទេសកម្ពុជាដើម្បីបើកទ្វារទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនៅឆ្នាំ២០២០នេះ ។

ប្រភពដដែលបន្ថែមថា សណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិនេះមានបន្ទប់សរុបចំនួន២៤៧បន្ទប់ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ស្ប៉ានិងអាងហែលទឹក ព្រមទំាងស្កាយបារ ដែលអាចគយគន់ទេសភាពនៃព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាប។

សណ្ឋាគារនេះបានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ វាគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធនិងសាងសង់ដោយក្រុមហ៊ុនជីបម៉ុងក្រោមទុនវិនិយោគចំនួន ១០០ លានដុល្លារ។

សណ្ឋាគារលំដាប់ពិភពលោកនេះមានទីតាំងស្ថិតនៅតាមបណ្ថោយផ្លូវលេខ ១៧៨ ក្រោយព្រះបរមរាជវាំង និងជិតសារមន្ទីរជាតិដែលជាបេះដូងនៃរាជធានីភ្នំពេញ ។ សណ្ឋាគារនេះមានកម្ពស់ ១៤ ជាន់ សាងសង់នៅលើដីប្រមាណ ១៤.០០០ ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនិងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំអាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំងទន្លេមេគង្គ និង ទន្លេសាប។

សណ្ឋាគារប្រេន Hyatt Hotels Corporation នេះមានដើមកំណើតមកពីសហរដ្ឋអាមេរិកហើយបច្ចុប្បន្នមានសាខាជាង ៦០០ កន្លែងនៅជុំវិញពិភពលោក៕

GMAC៖ កម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិនចំនួនជាង៦០%សម្រាប់កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង

ដោយវុត្ថា

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា បាននឹងកំពុងនាំចូលវត្ថុធាតុដើមពីប្រទេសចិនប្រហែលជាង ៦០% សម្រាប់ផ្គត់ផ្គង់លការកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថាបច្ចុប្បន្ននេះ ដោយសារឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើនបានបិទដំណើរការបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្តើមដែលបញ្ហានេះនឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។

ប្រភពដដែលបន្តថា សម្រាប់រោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ននៅប្រទេសចិនអាចនឹងធ្វើឲ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។

បើតាម GMAC ប្រឈមនឹងបញ្ហានេះ រោងចក្រជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការ ដែលអាចមានរយៈពេល១ខែពេញ ឬដល់ ២ខែ។ ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លីដែលយើងអាចរំពឹងទុកថា នឹងកើតក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ (EBA) របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២” នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ឱ្យដឹងថា ពាក់ព័ន្ធនឹងការបិទទ្វាររោងចក្រមួយចំនួននៅខែមីនា ខាងមុខនេះ គឺបណ្ដាលមកពីប្រទេសចិនបិទទ្វាររោងចក្រខ្លួនឯង ព្រោះវីរុសកូរ៉ូណា ។ មួយវិញទៀត ចិន ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំនៅលើពិភពលោក ។

សម្តេចតេជោ ការបិទទ្វាររោងចក្រមួយចំនួននៅខែមីនា ខាងមុខនេះកម្ពុជាក៏ត្រូវរងផលប៉ះពាល់ផងដែរ ពិសេសវិស័យកាត់ដេរ ។

សម្ដេចនាយករដ្ឋមន្ត្រី បានស្នើប្រជាពលរដ្ឋកុំមានការយល់ច្រឡំជាពិសេស បងប្អូនកម្មករ-កម្មការិនី សុំកុំតក់ស្លុត នៅពេលបិទទ្វាររោងចក្រនាពេលខាងមុខនេះ ។

សម្ដេចស្នើថា កុំយកបញ្ហាបិទទ្វាររោងចក្រនេះ ទៅធៀបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់គណៈកម្មការអឺរ៉ុប ។ សម្ដេចថ្លែងថា បើទោះបីជាបាត់បង់ EBA ក៏សេដ្ឋកិច្ចកម្ពុជាមិនស្លាប់ដែរ ។ ការបាត់បង់ EBA មិនមែនមានន័យថា កម្ពុជាបាត់ទីផ្សារអឺរ៉ុបឡើយ ដោយគ្រាន់តែតម្រូវត្រូវបង់ពន្ធបន្ថែមលើការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ៕

គម្រោងសាងសង់Naga 3 នឹងកាត់បន្ថយមកត្រឹម៣អាគារ ខណៈការបុកគ្រឺះសាងសង់នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ

ដោយ ប៊ី 

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp នឹងកាត់បន្ថយការសាងសង់អាគារពីចំនួន៥ ដែលបានគ្រោងទុកសម្រាប់ការសាងសង់មកត្រឹម៣អាគារ ខណៈការសាងសង់គ្រឺះគម្រោងទី ៣ នេះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ ២០២០។

សេចក្តីថ្លែងការណ៍បានផ្តល់នូវព័ត៌មានលម្អិតថ្មីមួយ ចំនួនអំពីការពង្រីកណាហ្គា ៣ ដែលស្នើឡើងរបស់ណាហ្គាវើល ដើម្បីជាការលេងហ្គេមនិងមិនមែនល្បែង។ ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា “ការសិក្សពីស្ថានភាពដីបានចប់ ហើយការសាងសង់គ្រឺះសាកល្បងបានចាប់ផ្តើម។ ក្រុមហ៊ុនបានបន្ថែមទៀតថា ការងារសាងសង់គ្រឺះគ្រោងនឹងចាប់  ផ្តើមនៅឆមាសទី ២ នៃឆ្នាំ ២០២០។

ក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា ខ្លួនកំពុងកែប្រែការរចនាប្លង់សម្រាប់ណាហ្គា៣ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយដង់ស៊ីតេ នៃកន្លែងកម្សាន្តដែលរួមបញ្ចូលគ្នា ដោយមិនមានការផ្លាស់ប្តូរសំភារៈ ទៅកន្លែងសាងសង់សរុបដែលបានគ្រោងទុក។ អាគារចំនួន ៥ ដែលបានគ្រោងទុកសម្រាប់ការសាងសង់ នឹងត្រូវបានកាត់បន្ថយមកត្រឹម៣អាគារ។

ជាមួយការកាត់បន្ថយការសាងសង់ចំនួនអាគារនេះ ក្រុមហ៊ុនមិនបានបង្ហាញពីទំហំទឹកប្រាក់វិនិយោគជាថ្មីនោះទេ។

ក្រុមហ៊ុនNagaCorp បានបន្ថែមទៀតថា “យើងរំពឹងថា ចំនួនបន្ទប់នឹងត្រូវកាត់បន្ថយ ដោយជំនួសដោយកន្លែងកម្សាន្តដ៏ធំ (Upper Podium) លើមានទីតាំងស្ថិតនៅជាន់ ៥៧ ដែលមាន៤ជាន់ ហើយ២ជាន់ នឹងត្រូវទុកសម្រាប់លំដាប់កន្លែងលេងល្បែងវីអាយភី និង២ជាន់នឹងនៅតែជាតំបន់កម្សាន្តដ៏ធំមួយ ធ្វើដូចនឹងតំបន់អាងហែលទឹកនៃអាការ Marina Bay Sand Singapore ដែលមើលទេសភាពដងទន្លេមេគង្គដោយដ៏រ៉ូមែនទិក និងទីក្រុងទាំងមូល។

ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណូលសរុបនៃការលេងល្បែង (GGR) ជិត១.៧២ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ កើនឡើង១៩,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុនNagaCorp បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធ ប្រមា​ណ៥២១,៣ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ ដែលជាការកើនឡើង ៣៣.៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។

ក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការបើកកាស៊ីណូនៅភ្នំពេញ និងតំបន់នៅជុំវិញខ្លួន។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការ ជាមួយអចលនទ្រព្យណាហ្គាវើល ដែ​លឥឡូវត្រូវបានគេហៅថាណាហ្គា១ ដែលបានបើកនៅខែធ្នូ ឆ្នាំ ២០០៦ ។ អចលនទ្រព្យនេះឥឡូវភ្ជាប់ទៅណាហ្គា២ ដែលត្រូវបានពង្រីកនិងបើកដំណើរនៅខែ វិច្ឆិកា ឆ្នាំ ២០១៧៕ (GGRAsia)

អភិបាលរងខេត្តសៀមរាប៖ ស្រុកសូត្រនិគមនឹងប្រែមុខមាត់ដោយសារព្រលានយន្តហោះអន្តរជាតិថ្មី

ដោយវុត្ថា

ខេត្តសៀមរាប៖ អភិបាលភិបាលរងខេត្តសៀមរាបបានអះអាងថា ស្រុកសូទ្រនិគមនឹងមានការអភិវឌ្ឍ និងប្រែមុខមាត់ថ្មីថែមទៀតនៅពេលខាងមុខ ខណៈពេលសហគមន៍ទេសចរណ៍ និងព្រលានយន្តហោះអន្តរជាតិថ្មី នឹងលេចរូបរាងឡើងនៅពេលខាងមុខនេះ ។

លោកស្រី យូ សុភា អភិបាល រងខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ស្រុកសូទ្រនិគម ជាស្រុកមួយមានសំណាងជាងគេ ក្នុងចំណោមស្រុកទាំង១១នៅខេត្តសៀមរាប ដោយសារតែស្រុកនេះជាទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

លោកស្រីបន្តថា ដូច្នេះការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តិចឬច្រើនពួកគាត់នឹងឈប់ទស្សនានៅតាមតំបន់មួយចំនួននៃស្រុក រួមទាំងការទិញនូវផលិតដែលជាផលិតផលរបស់ស្រុក ហើយចំណូលដែលបានមកពីការលក់លទ្ធផលទាំងអស់នោះ មួយផ្នែកធំនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ឲ្យកាន់តែប្រសើរឡើង ។

លោកស្រី យូ សុភា បន្តទៀតថា ស្រុកសូទ្រនិគមនេះក៏មានសហគមន៍ព្រៃឈើមួយផងដែរនៅឃុំខ្នារពោធិ ដែលបង្កើតជាព្រៃកោងកាងទឹកសាប រួមជាមួយសត្វដំរីដែលបាននាំយកមកពីរមណីយដ្ឋានអង្គរ បានធ្វើឲ្យតំបន់នេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាកំសាន្ត។

លោកស្រីបន្ថែមថា ពិសេសសហគមន៍នេះក៏បានបង្កើតឲ្យមានជារទេះគោដឹកភ្ញៀវទេសចរណ៍កម្សាន្តផងដែរ ប៉ុន្តែប្រការសំខាន់សូមឲ្យរៀបចំតុបតែង និងកែលម្អរទេះឲ្យបានមាំទាំនិងស្រស់ស្អាតតាមលក្ខណៈប្រពៃណីពីបុរាណប៉ុន្តែត្រូវបង្វឹកសត្វពាហនៈឱ្យមានភាពស៊ាំទៅនឹងមនុស្សព្រោះជាវាងភាពភ្ញាក់ផ្អើលរបស់សត្វដែលនាំឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ដូច្នេះតាមរយៈនៃការចួលទស្សនារបស់ភ្ញៀវទាំងនោះ នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ៍មានការរីកចម្រើនផងដែរ ។

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍ទៀតថា កាលពីម្សិលមិញលោកស្រីបាននាំប្រធានសមាគមអ្នកវិនិយោគអូសាកាមកពីប្រទេសជប៉ុនមកទស្សនាតំបន់សហគមន៍ព្រៃឈើឃុំខ្នារពោធិនេះផងដែរ ដើម្បីរកទីតាំងដីសម្រាប់ដាំដើមមនចិញ្ចឹមនាង ព្រោះថាសមាគមនេះមាន បំណងចង់វិនិយោគលើផលិតផលឡេលាបខ្លួនដែលចំរាញ់ពីវត្ថុធាតុដើមពីសំបុកដង្កូវនាង ដូច្នេះប្រសិនបើមានដីសម្រាប់សមាគមនេះ បោះទីតាំងនៅតំបន់នេះបង្កើតជារោងចក្របាននោះ វាគឺជាឱកាសមួយដ៏ប្រសើរបំផុត ដែលបង្កើនការងារថ្មីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។

លោកស្រី យូ សុភា បន្ថែមទៀតថា ផ្ដើមចេញពីអ្វីដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះថ្ងៃក្រោយស្រុកសូទ្រនិគមនេះ នឹងមានការអភិវឌ្ឍកាន់តែធំជាងនេះហើយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកនេះកាន់តែមានការរីកចម្រើនផងដែរ ។

លោកស្រីបញ្ជាក់ទៀតថាដើម្បីឈោងចាប់យកឱកាសដ៏ល្អនេះបាន គឺផ្ដើមចេញពីមន្ត្រីទាំងអស់ដែលបានរួមបញ្ចូលគ្នានៅក្នុងរចនាសម្ព័ន្ធថ្មីនាពេលនេះ ត្រូវតែរួមសហការគ្នាមានគំនិតច្នៃប្រឌិតក្នុងការអនុវត្ត ព្រមទាំងបង្កើនសមត្ថភាពទាំងចំណេះដឹងនិងចំណេះធ្វើ ពិសេសត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ ពិសេសត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ៕

សម្តេចតេជោ៖ កុំមានការព្រួយបារម្ភរឿងបាត់ EBA ហើយកម្ពុជាមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ

ដោយ ប៊ី

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កុំមានការព្រួយបារម្ភរឿងបាត់ EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ។

សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ ដោយសម្តេច បានថ្លែងបានថ្លែង នៅក្នុងការអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា “យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។

សម្តេចតេជោ បានថ្លែងថា អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។ កម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។

សម្តេចតេជោ បានថ្លែងបន្តថា កម្ពុជា ធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ពីប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ។

សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។

ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។

លោក ហេង សួរ អ្នកនាំពាក្យ ក្រសួង ការងារ និង បណ្តុះបណ្តាល វី ជ្ជា ជីវៈ បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកមួយថា បញ្ហាវីរុសនៅប្រទេសចិនមិនទាន់ធូរស្បើយ ដូច្នេះភាគីរោងចក្រចិន មិនអាចនាំចេញ និងនាំចូលផលិតផលទៅទូទាំងប្រទេសបាននៅឡើយ ជាពិសេសវត្ថុធាតុដើម។ ចិនជាប្រទេសដ៏ធំដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមដូចជា ក្រណាត់ ដែលនាំចូលមកកម្ពុជា និងបណ្តាប្រទេសដទៃទៀត។

លោក ហេង សួរ បានថ្លែងថា “នៅប្រទេសកូរ៉េ ជប៉ុន វៀតណាម និងបណ្តាប្រទេសដទៃទៀតកំពុងតែប្រឈមនឹងខ្វះវត្ថុធាតុដើមសម្រាប់លក់ និងផលិតបន្តទៀត ហើយកម្ពុជាក៏ជួបបញ្ហានេះផងដែរ។ អ៊ីចឹងហើយបានជាមានរោងចក្រនៅកម្ពុជាមួយចំនួនសម្តែងការបារម្ភ ហើយព្យាយាមទាក់ទងទៅប្រទេសចិនដើម្បីធ្វើការផ្គត់ផ្គង់វត្ថុធាតុដើម”។

លោក ហេង សួរ បានឱ្យដឹងថា ក្នុងចំណោមរោងចក្រកាត់ដេរជាង១២០០នៅកម្ពុជា នឹងមានរោងចក្រមួយចំនួន អាចផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន និងព្យួរការងាររបស់កម្មករមួយរយៈសិន ដោយសារខ្វះខាតវត្ថុធាតុដើមសម្រាប់យកទៅផលិតជាសំលៀកបំពាក់។

លោក បានបន្តថា “នៅពាក់កណ្តាលខែមីនា និងចុងខែមីនាខាងមុខនេះ អាចនឹងមានរោងចក្រមួយចំនួនសុំព្យួរការងារកម្មករចំនួន៣ពាន់នាក់ មួយរយៈសិន ទម្រាំតែក្រុមហ៊ុនចិនបើកដំណើរការនាំចូលវិញ”៕

ហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ធំៗ នៃភាគខាងលិចនៃកម្ពុជានិងត្រូវសម្ពោធដាក់អោយប្រើប្រាស់ និង បើករដ្ឋានសាងសង់នៅខែមីនាខាងមុខ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នឹងអញ្ជើញទៅសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដាតភ្ជាប់ខេត្តពោធិសាត់ និងផ្លូវជាតិលេខ៨ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ពីសំឡូតទៅកោះកុងផងដែរនៅអំឡុងខែមីនាខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅក្នុងខែមីនា ខាងមុខនេះ នឹត្រូវដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៨ តភ្ជាក់ពីប៉ោយប៉ែតតាមព្រំដែនកម្ពុជាថៃ តភ្ជាប់ទៅកាន់ខេត្តឧត្តមានជ័យដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលសាធារណៈមានិតចិន។

សម្តេចបន្តថា មួយខ្សែទៀត នឹងទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារដែលជាតំបន់ព្រំដែនកម្ពុជាថៃ ព្រមជាមួយគ្នានេះ ដែរ សម្តេចនឹងបើកបើករដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ដែលជាផ្លូវថ្មី
ដែលតភ្ជាប់ពីសំឡូនៃខេត្តបាត់ដំបងដោយតភ្ជាប់ពីតំបន់ថ្មដារខេត្តពោធិសាត់ និងចុះមកកោះកុង ។

សម្តេចតេជោថា “ការភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធនេះ គឺបានផ្តល់ផលចំណេញរបស់ប្រជាជនកម្ពុជា ហើយនៅពេលផ្លូវនេះស្ថាបនារួចហើយ អ្នកនៅបាត់ដំបង អ្នកនៅបន្ទាយមានជ័យ ប៉ៃលិន និងពោធិសាត់មិនបាច់ធ្វើដំណើរឆ្លងកាត់ទិក្រុងភ្នំពេញ ហើយទើបធ្វើដំណើរទៅខេត្តព្រះសីហនុ ទៀតនោះទេ ដោយពួកគេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្មីមួយខ្សែរនេះ ចេញទៅខេត្តកោះកុង និងទៅខេត្តព្រះសីហនុតែម្តងដោយចំណេញពេលវេលា និងថវិកា”។

សម្តេចតេជោ បន្ថែមទៀតថា ប្រការនេះ ទើបធ្វើរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយស្ថាបនាផ្លូវ ពង្រីកផ្លូវ និងថែទាំផ្លូវ នានានៅទូទាំងប្រទេស។

សម្តេចតេជោថ្លែងថា “កន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង”៕

ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណូលសរុបជិត ១៧២០ លានដុល្លារ នៅក្នុងឆ្នាំ ២០១៩

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណូលសរុបនៃការលេងល្បែង (GGR) ជិត ១៧២០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៩ កើនឡើង ១៩,៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុន NagaCorp បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៥២១,៣ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៩ ដែលជាការកើនឡើង ៣៣.៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។

ក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណផ្តាច់មុខក្នុងការបើកកាស៊ីណូនៅភ្នំពេញ និងតំបន់នៅជុំវិញខ្លួន។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការជាមួយអចលនទ្រព្យណាហ្គាវើល ដែលឥឡូវត្រូវបានគេហៅថាណាហ្គា ១ ដែលបានបើកនៅខែ ធ្នូ ឆ្នាំ ២០០៦ ។ អចលនទ្រព្យនេះឥឡូវភ្ជាប់ទៅណាហ្គា ២ ដែលត្រូវបានពង្រីក និងបើកដំណើរនៅខែ វិច្ឆិកា ឆ្នាំ ២០១៧។

ក្រុមហ៊ុននេះ បានឱ្យដឹងថា ការទិញតុនៅតាមទីផ្សារដ៏ធំរបស់ខ្លួនបានកើនឡើង ៣២,៨ ភាគរយដល់ ១,៦៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ខណៈដែលវិក្កយបត្រសម្រាប់ម៉ាស៊ីនហ្គេមអេឡិចត្រូនិកបានកើនឡើង ២៤,៦ ភាគរយ ស្មើរជិត ២,៧៦ ពាន់លានដុល្លារ។

នៅក្នុងផ្នែកហ្គេមតុតុវីអាយភី ចំនួនការផ្លាស់ប្តូរប្រាក់របស់ខ្លួនបានកើនឡើង ៣០,៧ ភាគរយ ស្មើរជាង ៤៦,៦១ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន NagaCorp បានបញ្ជាក់ថា “ទីផ្សារវីអាយភីបន្តមានកំណើនរឹងមាំដែលជាលទ្ធផលនៃការទទួលយកទីផ្សារពីណាហ្គាវើលរួមបញ្ចូលគ្នាជាគោលដៅលេងល្បែង និងកម្សាន្ត។ ក្រុមហ៊ុនបានឱ្យដឹងថា “ក្នុងមួយឆ្នាំប្រតិបត្តិករមួយចំនួនបានចាប់ផ្តើមប្រតិបត្តិការមូលដ្ឋាននៅណាហ្គា ២ ដោយរួមចំណែកដល់ការកើនឡើងនៃចំនួនអ្នកលេងវីអាយភី”។

ក្រុមហ៊ុនបានលើកឡើងពីស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា កំណើនអាជីវកម្មនៅណាហ្គា ២ កំណើនទីផ្សារទ្រង់ទ្រាយធំ និងការពង្រីកអាជីវកម្មល្បែងវីអាយភីរបស់ខ្លួនក្នុងចំណោមហេតុផលនានាសម្រាប់លទ្ធផលប្រសើរឡើងសម្រាប់ឆ្នាំ ២០១៩៕