ប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យថ្មីមួយខ្នងនៅស្រុកចន្រ្ទា ក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ទី 7 ខែកុម្ភៈ ឆ្នាំ 2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC​


ពិធីនេះ​​​ប្រព្រឹត្តទៅ​​​ក្រោមអធិបតីភាព​​របស់លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ជាតំណាងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង  លោក ពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង និងលោក  អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍។

ថ្លែងក្នុងពិធីនោះ លោក ថន ថាវុទ្ធាបានឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមពិធីនៅថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ ​ ​ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅក្នុងទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង។​​ នេះគឺជាកាយវិការដ៏សប្បុរសដ៏គួរឱ្យកើតសរសើរក្រៃលែងរបស់ប្រាសាក់នៅក្នុងកិច្ចការសង្គម ដែលបានផ្ដល់នូវសមិទ្ធផលដែលមិនអាចកាត់ថ្លៃបាននេះ។

ចំណែកលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារដែលប្រាសាក់ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម ដោយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្សដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលប្រាសាក់បានធ្វើប្រតិបត្តិការ ដើម្បីជាការតបស្នងចំពោះការគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវាប្រាសាក់។ ជាក់ស្ដែង នៅក្នុងខេត្តស្វាយរៀង     ប្រាសាក់បានផ្ដល់ជាអគារបណ្ណាល័យចំនួន 2 ក្នុងនោះបណ្ណាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យ ម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ត្រូវបានសាងសង់រួច ប៉ុន្តែមិនទាន់បំពាក់សម្ភារៈនៅឡើយ។

ចំណែកឯបណ្ណាល័យមួយទៀត គឺបណ្ណាល័យនៅសាលាបឋមសិក្សា សំរោង ដែលកំពុងសម្ពោធនាឱកាសនេះ។ លោកបន្តថា នៅក្នុងគម្រោងបណ្ណាល័យសាលាសំរោងនេះ ប្រាសាក់ និងមូលនិធិ CVC បានផ្ដល់ជាថវិកាក្នុងការកសាងជាអគារបណ្ណាល័យ ការបំពាក់សៀវភៅ សម្ភារៈ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល 3 ឆ្នាំ។

ជាសំណូមពរ លោកសង្ឃឹមថាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានប្រជាពលរដ្ឋជាអតិថិជន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនឹងបន្តការគាំទ្រប្រាសាក់តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើនក្នុងការជួយដល់សង្គមជាតិ។

ថ្លែងក្នុងឱកាសនេះលោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា  បានសម្ដែង​​អំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្ដល់មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគម្រោងបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចយកវិស័យអប់រំជាអាទិភាព។ ប្រាសាក់គឺជាដៃគូដ៏ល្អ ក្នុងការលើកកម្ពស់វិស័យអប់រំ។

លោកបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុលដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅធ្វើឱ្យយើងមានចំណេះដឹងដើម្បីកសាងជីវភាពបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះ មាតាបិតាសិស្សត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយ កុំបោះបង់ចោលការសិក្សា និងការអានសៀវភៅ ហើយទាំងអស់គ្នាត្រូវជួយថែរក្សាបណ្ណាល័យនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។


សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ​ 201​9 នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់ចំនួន 41 អគារគ្របដណ្តប់លើភូមិចំនួន​ 455 ភូមិដែលមានចំនួនគ្រួសារសរុប​ 98,613​ គ្រួសារ ​​មានប្រជាជនសរុបចំនួន 404,559 នៅក្នុង 13 ខេត្តរួមមានកំពង់ស្ពឺកំពង់ចាម កណ្ដាលព្រៃវែងកំពង់ធំសៀមរាបតាកែវព្រះវិហារ​ ​​បាត់ដំបងស្វាយរៀង បន្ទាយមានជ័យកែប និងពោធិ៍សាត់ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន​ 110,120​ នាក់។

អំពីប្រាសាក់និងគម្រោងបណ្ណាល័យប្រាសាក់

ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង​ 5 នៅកម្ពុជាដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជនរួមមាន សេវាឥណទានប្រាក់បញ្ញើសន្សំទូទាត់វិក្កយបត្រទឹកទូទាត់វិក្កយបត្រភ្លើងសេវាហិរញ្ញវត្ថុឌីជីថលផ្ទេរប្រាក់ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹមប្តូរប្រាក់ទិញកាតទូរស័ព្ទបើកប្រាក់បៀវត្សសេវាទូទាត់រហ័សអេធីអឹមសេវាធនាគារចល័តម៉ាស៊ីនឆូតកាតម៉ាស៊ីនដាក់ប្រាក់សេវាខេមបូឌានស៊ែរស្វ៊ីច​ (CSS​) សេវាទូទាត់ប្រព័ន្ធបាគងនិងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតជាមួយនឹងបណ្តាញការិយាល័យជិត​ 200​ ទីតាំងព្រមទាំងបុគ្គលិកជាង​ 9,000​ នាក់

ស្របតាមទស្សនវិស័យនិងបេសកកម្មរបស់ខ្លួនក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវារបស់ប្រាសាក់នាពេលកន្លងមកប្រាសាក់បានបង្កើតនិងចូលរួមកម្មវិធីសង្គមជាច្រើនដូចជាកម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់គាំពារអតិថិជនដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេង កម្មវិធីមនុស្សធម៌និងការឧបត្ថម្ភសកម្មភាពសង្គមនានាជាពិសេសនោះគឺការចូលរួមចំណែកបណ្ដុះវប្បធម៌អានតាមរយៈ​ «គម្រោងបណ្ណាល័យប្រាសាក់​»


សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា សំរោង នេះស្ថិតក្នុងចំណោមអគារបណ្ណាល័យទាំងអស់​ 41​ ខ្នងដែលប្រាសាក់បានសាងសង់ជូនបណ្ដាសាលារៀននានានៅទូទាំងកម្ពុជា ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេគឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារៈឯកសារនិងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផងដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូនក្រោមកិច្ចសហការពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំយុវជននិងកីឡា

អំពីមូលនិធិ CVC​

CVC and the Community គឺជាកម្មវិធីមនុស្សធម៌គ្របដណ្ដប់បណ្ដាញទាំងអស់របស់ CVC ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងលទ្ធភាពរបស់កុមារ និងយុវជននៅក្នុងសហគមន៍មូលដ្ឋាន និងបណ្ដាអ្នកទាំងឡាយដែលទទួលឥទ្ធិពលពីបណ្ដាញក្រុមហ៊ុនផលប័ត្ររបស់ CVC កម្មវិធីនេះផ្តោតលើ 4 ផ្នែក គឺ ការអប់រំ លទ្ធភាពរកការងារធ្វើ សហគ្រាស និងការវិនិយោគដែលមានគោលដៅមនុស្សធម៌ ដែលប្រាក់ជំនួយ ជំនាញ និងចំណេះដឹងរបស់ CVC អាចមានឥទ្ធិពលបំផុត។


សម្តេចជោ៖ តម្លៃដីធ្លីនឹងឡើងថ្លៃ ក្រោយពង្រីកផ្លូវជាតិលេខ ២ នេះ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូជាលេខ ២ នឹងបន្តកើនថ្លៃ ក្រោយពីការពង្រីករួចរាល់ ហើយអ្នកដែលទទួលបានផលច្រើនជាងគេ គឺអ្នកដែលរស់នៅតាមបណ្តោយផ្លូវជាតិនេះ។

សម្តេតជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២”នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មនឹងមកបោះទីតាំងនៅតាមបណ្តោយផ្លូវនេះ ប្រដូចទៅនឹងតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលកាលពីមុនគឺមិនមានការរីកច្រើននោះទេ ។

សម្តេចតេជោថា “ខ្ញុំបានលើកអារឿងលក់ដីនេះ កាលពីឆ្នាំ ១៩៩៤ -១៩៩៨ មានការតិះទៀនខ្ញុំខ្លាំងណាស់ ហើយបន្តមកទៀតក៏មាការតិះទៀតដែរ។ នៅពេលនោះប្រជាពលរដ្ឋបានលក់ដីនៅតាមបណ្តោយជាតិលេខ ៤ ដែលតភ្ជាប់រវាងអង្គឈ្នួល និងភ្នំពេញ ហើយតពីអង្គឈ្នួលទៅកំពង់ស្ពឺ”។

សម្តេចបន្ថែមថា “គេតិះទៀតថា ឱ្យប្រជាពលរដ្ឋលក់ដីអស់ បានធ្វើឱ្យខ្ញុំឆ្លើយតប ដីដែលត្រូវប៉ាន់ គេទិញដើម្បីកសាងរោងចក្រ”។
សម្តេចបន្ថែមថា “ចឹងត្រូវពិនិត្យមើលដូច្នេះ ខ្ញុំសូមធ្វើការប្រៀបធៀប ដីមួយហិកតាដែលប្រជាពលរដ្ឋធ្លាប់តែធ្វើស្រូវ ចិញ្ចឹងបានមនុស្សបានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែដីមួយហិកតាដដែលនេះ បើគាត់លក់ គេនឹងយកទៅធ្វើរោងចក្រ បានចិញ្ចឹងមនុស្សបាន ៥ពាន់នាក់ ដោយរោងចក្រនេះ ទទួលមនុស្សយកមកធ្វើការសម្រាប់ចំនួន ៥ ពាន់នាក់”។
សម្តេចបញ្ជាក់ទៀតា “ចំណែកម្ចាស់ដី ដែលមានដីត្រូវប៉ាន់ហើយ ទើបគេទិញ គាត់លក់ ១ហិកតា សល់លុយច្រើន ហើយអាចយកលុយនោះទៅទិញបាន ៥ ហិកតា”។
សម្តេចតេជោថា “ខ្ញុំមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលក់ដីនោះទេ តែ បើដីនោះចិញ្ចឹមបាន ៥ នាក់ ហើយប្រែក្លាយទៅជាអាចចិញ្ចឹមមនុស្សបាន ២ នាក់ គួរតែលក់ទៅ”។
ទោះជាយ៉ាងណា លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកនេះឱ្យដឹងថា បើទោះបីការពង្រីកផ្លូវជាតិលេខ២រួច ក៏តំលៃអចលនទ្រព្យនៅតាមផ្លូវនេះ មិនឡើងថ្លៃខ្លាំងខ្ពស់ពេកនោះទេ ដោយសារវាមានជាផ្លូវចាស់ តែបើធ្វើផ្លូវថ្មីវានឹងឡើងកាន់តែខ្លាំង។

លោកបន្តថា “ទោះបីតម្លៃអចលនទ្រព្យកើនឡើង វានឹងឡើងបន្តិចបន្តួចប៉ុណ្ណោះ តែបើមានគម្រោពាណិជ្ជកម្មធំៗបាញ់ឆ្ពោះទៅនោះច្រើន វានឹងកើនឡើងលឿន ជាពិសេសនៅតំបន់ដែលនៅជាយក្រុងភ្នំពេញ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពេលស្តារឡើងវិញ ផ្លូវជាតិខាងលើនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។

លោកបន្តថា ដោយឡែកទំហំចរាចរណ៍ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ នឹងបានធូរស្រាលមួយកម្រិតថែមទៀត ប្រសិនបើប្រជាពលរដ្ឋជ្រើសរើសយកការធ្វើដំណើរទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២៕

ផ្លូវជាតិលេខ៥៥ ក្លាយជាវិថីដ៏មានសក្ដានុពលទេសចរណ៍ថ្មីលើដីពោធិ៍សាត់

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ ជាហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅកណ្ដាលហ្វូងបុព្វតាព្រឹក្សព្រៃ ផ្លូវជាតិលេខ៥៥ បានក្លាយជាវិថីដ៏មានសក្ដានុពលទេសចរណ៍ថ្មីនៅលើដែនដីនៃខេត្តពោធិ៍សាត់ ដោយសារតែធនធានធម្មជាតិប្រចាំតំបន់ រួមជាមួយនឹងវិធានការការពារ និងកែច្នៃក្រោមការគ្រប់គ្រងដោយក្រសួងទេសចរណ៍។

ស្ថានភាពផ្លូវកោងបត់បែនរាងអន្ទង់អាំងរង្វេលពីជើងភ្នំដល់កំពូលភ្នំ អមដោយទេសភាពធម្មជាតិពណ៌បៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ ស្ពានថ្មីដីចាស់ វាលស្រែដ៏ស្រស់ស្អាតគួរជាទីគយគន់ ប្រៀបបាននឹងទេពធីតាដ៏ស្រស់សោភាកំពុងឈរចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនៅអមសងខាងផ្លូវ។ ទេសភាពទាំងនោះញ៉ាំងដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យឈ្លក់នឹងសម្រស់ធម្មជាតិ បណ្ដែតអារម្មណ៍លើដងមហាវិថីឆ្ពោះទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ថ្មដា។

ផ្លូវជាតិលេខ៥៥នេះ បានផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ ទេសចរណ៍ធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

ផ្លូវជាតិលេខ៥៥ ជាផ្លូវជាតិថ្មីដ៏សំខាន់មួយលាតសន្ធឹងពីផ្លូវជាតិលេខ៥ ចេញពីទីរួមខេត្តពោធិ៍សាត់ ឆ្លងកាត់តាមស្រុកវាលវែងឆ្ពោះទៅឃុំថ្មដា ភ្ជាប់ជាមួយច្រកលេខ៥៦ ដែលជាចំណុចព្រំប្រទល់កម្ពុជា-ថៃ។ ផ្លូវនេះមានប្រវែង ១៨១,៧៨០គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។

នៅពេលទៅដល់ស្រុកវាលវែង ទឹកដីនៃតំបន់អេកូទេសចរណ៍ រឹតតែធ្វើឱ្យអ្នកទេសចររីករាយសប្បាយនឹងទស្សនីយភាពធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

មកដល់ច្រកថ្មដា នឹងឃើញសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋខ្មែរ និងថៃ ការប្រាស្រ័យទាក់ទងគ្នាដូចញាតិជិតខាង ពលរដ្ឋខ្មែរទៅលេងនៅទឹកដីខេត្តត្រាត ប្រទេសថៃ ពលរដ្ឋថៃក៏ឆ្លងមកលេងនៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ បច្ចុប្បន្ន កម្ពុជា-ថៃ បានឯកភាពគ្នាបើកដំណើរការច្រកព្រំដែន ឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ទៅមកចំនួន ៤ថ្ងៃ ក្នុងមួយសប្ដាហ៍៕

សម្តេចតេជោ៖ មន្រី្ត KOICA នឹងមកចុះសិក្សាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យដឹងថា មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) នឹងមកសិក្សាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងឆ្នាំ ២០២០ នេះ ខណៈសម្តេចតេជោ បានស្នើដល់ប្រធានាធិបតីកូរ៉េរួចហើយឱ្យពិចារណាឱ្យសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២” នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ថា ក្រុមមន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា KOICA នឹងកាន់កម្ពុជានៅខែកុម្ភៈនេះត្រូវណែនាំឱ្យពួកគាត់ទៅមើលទីតាំងជាក់ស្តែងនៃការសាងសង់ស្ពានឆ្លងកាន់ទន្លេមមេគង្គដើម្បីសិក្សា។

សម្តេចតេជោថា តំបន់ត្រើយខាងកើតនាពេលបច្ចុប្បន្ននេះ កំពុងមានសក្តានុពលខ្ពស់ ព្រោះវាតំបន់ទីក្រុងរណប និងកំពុងមានការអភិវឌ្ឍន៍ដែលទាមទាឱ្យមានការសាងសង់ស្ពាននេះជាការចាំបាច់។ សម្តេចតេជោថា ស្ពាននេះ មានតម្លៃក្នុងរង្វង់ប្រមាន ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ ខណៈដែលរដ្ឋភិបាលកូរ៉េបានត្រៀមលុយឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ប្រមាណ ៧០០ លានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីនកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក បានស្នើដល់រដ្ឋាភិបាលកូរ៉េខាងត្បូងពិជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅកម្ពុជា ដូចគ្នាទៅនឹងស្ពានជំនួយរបស់រដ្ឋាភិបាលចិន និងជប៉ុននៅពេលបច្ចុប្បន្ននេះ។

សម្តេចតេជោចង់ឃើញបែបនេះ ដោយសារតែប្រទេសចិន ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជា ហើយសម្តេចក៏ចង់ឃើញស្ពាន ដែលធ្វើដោយប្រទេសកូរ៉េ នៅប្រទេសកម្ពុជាផងដែរ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ។ ក្នុងន័យនេះសម្តេច ក៏បានស្នើឱ្យកូរ៉េពិចារណាក្នុងការសាងសង់ស្ពាន នៅពេលខាងមុខនេះ៕

សេដ្ឋកិច្ចវៀតណាមអាចក្រឡាប់ចាក់ដោយការខាតបង់ទឹកប្រាក់៨០០លានដុល្លារលើការនាំចេញទំនិញទៅប្រទេសចិន

ដោយ ហ្សូលី

វៀតណាម៖ ការនាំចេញទំនិញរបស់វៀតណាមកំពុងមានការធ្លាក់ចុះដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ដែលនេះជាការខាតបង់ដ៏ធំធេងនិងប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមជាខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express International ចេញផ្សាយកាលពីថ្មីៗនេះ។

លោក ផាន់ វ៉ាន់ ជិន ប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា “ប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណាមានក្នុងរយៈពេលបីខែនោះ ការខូចខាតដល់ការនាំចេញកសិកម្មទៅប្រទេសចិនអាចមានចំនួនប្រមាណ ៤០០-៦០០ លានដុល្លារ។ ហើយប្រសិនបើវាប្រើពេលយូរជាងនេះទៀត តួលេខអាចកើនឡើងដល់ ៦០០-៨០០ លានដុល្លារ។” មន្រ្តីជំនាញសេដ្ឋកិច្ចប៉ាន់ស្មានថា នេះគឺជាផលប៉ះពាល់សេដ្ឋកិច្ចជាតិដែលមិនអាចមើលរំលងបាន ព្រោះថាវៀតណាមពឹងផ្អែកនៅលើការនាំចេញទំនិញកសិកម្មទៅកាន់មហាអំណាចចិន។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Tran Tuan Anh បានមានប្រសាសន៍ថា មេរោគកូរ៉ូណាទំនងជានឹងបង្កការខូចខាតយ៉ាងធំធេងលើពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាអ្នកទិញផលិតផលកសិកម្មធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន ហើយទាំងដំណោះស្រាយរយៈពេលខ្លីនិងរយៈពេលវែងគឺចាំបាច់ខ្លាំងដើម្បីដោះស្រាយបញ្ហានេះ។

ក្រសួងផែនការនិងការវិនិយោគបានប៉ាន់ស្មានមុនថា ការនាំចេញត្រីមាសទី ១ របស់វៀតណាមអាចនឹងធ្លាក់ចុះជាង ២០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយការនាំចេញទៅកាន់ប្រទេសចិនធ្លាក់ចុះ ២៥ ភាគរយ។ ប៉ុន្តែប្រសិនបើវាអូសបន្លាយដល់ត្រីមាសទី ២ ការនាំចេញទៅកាន់ប្រទេសចិនអាចនឹងធ្លាក់ចុះរហូតដល់ទៅ៥៦ ភាគរយ។

ទោះយ៉ាងណាមន្ត្រីនិងអាជីវករនៅតែមានការព្រួយបារម្ភថា ផ្លែឈើដូចជាផ្លែស្វាយនឹងប្រឈមបញ្ហាដដែលប្រសិនបើចិននៅតែបន្តកំណត់សកម្មភាពពាណិជ្ជកម្ម។ ហើយប្រទេសវៀតណាមត្រូវតែស្វែងរកទីផ្សារថ្មីក្នុងពេលឆាប់ៗនេះសម្រាប់ផ្លែឈើទាំងនេះភ្លាមៗ។

យោងទៅតាមទិន្នន័យពីភ្នាក់ងាយគយប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុតទី ៣ របស់ប្រទេសវៀតណាមកាលពីឆ្នាំមុនដោយមានតម្លៃ ៤១,៤ ពាន់លានដុល្លារ កើនឡើង ០,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

អ្នកជំនាញណែនាំថា អ្នកដែលមានចំណូលធម្យមគួរទិញផ្ទះល្វែងសំរាប់រស់នៅ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានផ្តល់យោបល់ដល់អ្នកដែលទទួ​លបានចំណូលមធ្យម គួរតែទិញផ្ទះល្វែងសម្រាប់រស់នៅ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះងាយស្រួល ក្នុងការប្រកបមុខរបរផ្សេងៗ ហើយមានតម្លៃសមរម្យ។

នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោកស្រី Grace Rachny Fong បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា បច្ចុ​ប្បន្ននេះ គម្រោងវិនិយោគលើផ្ទះល្វែងជាច្រើន នៅតាមជាយក្រុងដែលផ្តល់លទ្ធភាពអ្នកមានចំណូលមធ្យមានលទ្ធភាពក្នុងការទិញបាន។

លោកស្រីបន្តថា “គម្រោងផ្ទះល្វែងតម្លៃចន្លោះពី៦ ទៅ៨ម៉ឺនដុល្លារមានច្រើន ដូចជានៅតាមណ្តោយផ្លូវ៦០ម៉ែត្រ ផ្លូវម៉ុង ឬទ្ធី ខណ្ឌសែនសុខ  ខណ្ឌមានជ័យ និងខណ្ឌផ្សេងៗទៀត នៅតាមបណ្តាជាយក្រុងភ្នំពេញ”។

លោកស្រីបន្ថែមថា អ្នកដែលមានចំណូលមធម្យអាចវិនិយោគ ឬទិញផ្ទះល្វែងសម្រាប់រស់នៅបាន ព្រោះថាបច្ចុប្បន្ននេះ តម្លៃរបស់វាគឺសមរម្យដូចផ្ទះល្វែង ខ្លះមានតម្លៃ ៦ ទៅ៨ម៉ឺនដុល្លារអាមេរិក ហើយអនាគតអាចប្រកបមុខរបរផ្សេងៗបានយ៉ាងច្រើន  និងមានផាសុកភាព ព្រមទំាងសុវត្ថិភាពខ្ពស់ផងដែរ។

អ្នកស្រីបញ្ជាក់ទៀតថា បើពួកគាត់វិនិយោគ ឬទិញខុនដូ គឺអាចទិញខុនដូបានទំហំ តូចសម្រាប់ពួកគាត់ ព្រោះមានបន្ទប់តែមួយ ហើយបន្ទាប់ពីពួកគេមានកូន អាចនឹងរស់នៅមិនកើត ហើយតូចចង្អៀត តែបើពួកគាត់ទិញផ្ទះល្វែង ពួកគាត់អាចទទួលបានបន្ទប់ច្រើន ដែលអនុញ្ញាតឱ្យឪពុកម្តាយ ឬកូនៗអាចរស់នៅបានច្រើនជាង។

កម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់រកបានចន្លោះពី១០២៦ដុល្លារ ទៅ៣៩៩៥ដុល្លារអាមេរិក ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ចន្លោះពី​៣​៩៩៦ដុល្លារ ទៅ ១២ ៣៧៥ដុល្លារក្នុងមួយឆ្នាំ៕

ទីផ្សារអចលនទ្រព្យនៅអាមេរិកដាំក្បាលចុះធ្ងន់ធ្ងរដោយសារបញ្ហាវីរុសកូរ៉ូណា

ដោយ ហ្សូលី

អាមេរិកៈ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ក្នុងប្រទេសចិនបានធ្វើឱ្យមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកភ័យខ្លាច នឹងរងការប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ហើយទំនងជារីករាលដាលដល់ទីផ្សារ អចលនទ្រព្យប្រណីត របស់សហរដ្ឋអាមេរិកផងដែរ។

ខណៈពេលដែលករណីចំនួន១១ នៃវីរុសកូរ៉ូណាត្រូវបានបញ្ជាក់ច្បាស់ថា មានវត្តមាននៅលើទឹកដីអាមេរិកនោះ បានធ្វើឲ្យទីផ្សារលំនៅដ្ឋាន កំពុងទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អត្រាការប្រាក់កម្ចី ដែលមានទ្រព្យបញ្ចាំបានធ្លាក់ចុះ ហើយទីផ្សារអចលនទ្រព្យប្រណីត ដែលត្រូវពឹងផ្អែកលើអ្នកទិញជនជាតិចិននោះ ក៏មានបញ្ហាគួរឱ្យកត់សម្គាល់។

លោក Lawrence Yun ប្រធានសេដ្ឋវិទូនៅសមាគមជាតិRealtors®បានមានប្រ​សា​សន៍ថា “ប្រទេសចិនគឺជាប្រភពដ៏សំខាន់បំផុត នៃតម្រូវការអចលនទ្រព្យបរទេស”។លោកបន្តថា  “អ្នកទិញជនជាតិចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើន តែទិញអច​លនទ្រព្យប្រណីតដូចជាខុនដូខ្ពស់ៗ នៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉កជាដើម។ ជាលទ្ធផល ទីផ្សារលំដាប់ខ្ពស់អាចរំពឹងថានឹងមានសភាពខ្សោយជាងមុន”។

យោងតាមទិន្នន័យថ្មីៗនេះរបស់NARស្តីពី អ្នកទិញបរទេសបានឲ្យដឹងថាអ្នកបញ្ជា​ទិញលំនៅដ្ឋានមកពីប្រទេសចិន បានចំណាយទឹកប្រាក់ប្រហែល១៣,៤ ពាន់លានដុល្លា​រ ចាប់ពីខែមេសាឆ្នាំ២០១៨ រហូតដល់ខែឧសភាឆ្នាំ២០១៩។

ពេលស្តាប់ទៅគួរអោយចាប់អារម្មណ៍ ព្រោះនេះជាតំណាងឱ្យការធ្លាក់ចុះចំនួន ៥៦%ធៀបនឹងរយៈពេលដូចគ្នាកាលពី១២ខែមុន។ អតិថិជនចិនបានចំណាយថវិកាតិចតួចលើអចលនទ្រព្យ ក្នុងទឹកដីសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាលរបស់ពួកគេបានរឹតបន្តឹងច្បាប់ថា តើលុយអាចចាកចេញពីប្រទេសរកបានបានយ៉ាងដូចម្តេច? ដូចនេះច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បានរឹតបន្តឹងហើយការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែឡើងកំដៅ។

ជាមួយនឹងការហាមឃាត់ជាបណ្តោះអាសន្ន ចំពោះជនបរទេសណា ដែលបានស្នាក់នៅក្នុងប្រទេសចិន ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ និងការលុបចោលជើងហោះហើរជាច្រើនពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិកនោះ អតិថិជនចិនភាគច្រើនមិនអាចចូលទៅអាមេរិកវិញបានទេ ដោយសារការទិញលក់ផ្ទះ ត្រូវបានសន្និដ្ឋានថាជាផែនការគ្រោងទុកមុន។

ទន្ទឹមនេះ ប្រធានសេដ្ឋវិទូDanielle Hale នៃគេហទំព័រrealtor.com®មានប្រសា​សន៍ថា “ប្រាក់លើកទឹកចិត្តមានចំនួនតិចតួច ក្នុងករណីដែលទិញអចលនទ្រព្យគ្មានព័ត៌មានច្បាស់ ឬអាចនិយាយបានថា ដោយសារតែវីរុសកូរ៉ូណា បានទម្លាក់ទីផ្សារអចល​នទ្រព្យប្រណីតក៏ថាបាន”៕

ប្រទេសថៃនឹងចាប់ផ្តើមការទូទាត់ប្រាក់តាមព្រំដែ QR កូដជាមួយកម្ពុជានៅពាក់ កណ្តាលឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសថៃគ្រោងនឹងចាប់ផ្តើម ការទូទាត់ប្រាក់តាមព្រំដែន តាមរយៈបច្ចេកវិទ្យា QR កូដនៅក្នុងតំបន់អាស៊ាន (រួមមានកម្ពុជា សឹង្ហបូរី និងមីយ៉ាន់ម៉ា) នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបង្កើនប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេទិកាឌីជីថលនៅទូទាំងតំបន់អាស៊ាន។

លោកស្រី Siritida Panomwon Na Ayudhya ជំនួយការអភិបាលទទួលបន្ទុកផ្នែកប្រព័ន្ធទូទាត់ និងគោលនយោបាយហិរញ្ញវត្ថុនៅធនាគារថៃ បានប្រាប់កាសែតបាង​កកប៉ុស្តិ៍ថា ការទូទាត់តាមប្រព័ន្ធឌីជីថលរវាងប្រទេសថៃ និងសឹង្ហបូរី កម្ពុជា និងមីយ៉ាន់ម៉ានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

លោកស្រីបាននិយាយថា “អន្តរប្រតិបត្តិការក្នុងតំបន់នៃការទូទាត់កូដQR ដែលមា​ន​លក្ខណៈស្តង់ដាររវាងប្រទេសថៃ និងប្រទេសទាំងនេះបានបន្តបោះជំហានទៅមុខ”។

គម្រោងទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិករបស់ថៃ សម្រាប់ឆ្នាំ២០២០ ផ្តល់អាទិភាព ដល់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរមូលនិធិ ក្នុងគោលបំណងជំរុញប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេទិកាឌីជីថលនៅទូទាំងអាស៊ាន និងការធ្វើសមាហរណកម្មប្លុកក្នុងតំបន់។

ធនាគារក្នុងស្រុកនីមួយៗ បានបង្កើតអន្តរប្រតិបត្តិការក្នុងតំបន់ សម្រាប់ការទូទាត់លេខកូដ QR ដែលអាចប្រើក្នុងប្រទេសផ្សេងៗ ក្រោមការឧបត្ថម្ភធនាគារ និងប្រព័ន្ធប្តូរទៅប្តូរ។

កាលពីឆ្នាំមុនធនាគារ Thanachart Bank (TBank) បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ធនាគារឡាវ សម្រាប់សេវាកម្មទូទាត់ប្រាក់ឌីជីថលនៅក្នុងប្រទេសជិតខាង។

ដូចគ្នានេះដែរធនាគារ Siam Commercial Bank (SCB) បានបង្កើតការទូទាត់ឌីជីថលនៅប្រទេសកម្ពុជា ហើយធនាគារ Krungthai Bank ក៏ធ្វើដូចគ្នានៅសឹង្ហបូរីដែរ។ ធនាគារ Ayudhya បានចាប់ផ្តើមផ្តល់សេវាកម្មទូទាត់QR កូដឆ្លងដែនកាលពីខែ សីហា ឆ្នាំមុននៅក្នុងប្រទេសជប៉ុន។

លោកស្រីSriathath Lamsam អនុប្រធានប្រតិបត្តិរបស់ធនាគារ SCB បានឱ្យដឹងថា ធនាគារនេះ មានការរីកចម្រើន ក្នុងការអភិវឌ្ឍការទូទាត់ប្រាក់QR កូដនៅកម្ពុជា៕

តំបន់ព្រៃសក្លាយជាបណ្តុំបុរី និងការវិនិយោគលំនៅដ្ឋានដ៏មានសក្តានុពល

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ កាលពី២ឆ្នាំមុន តំបន់ព្រៃ “ស”រាប់ចាប់គិតពីចំណុចផ្លូវបំបែកស្ដុបចំការដូងឆ្ពោះទៅកាន់វត្តព្រៃស ពោរពេញទៅដោយវាលលិចទឹក និងដើមកក់ដុះសងខាងផ្លូវនោះ ពេលនេះត្រូវបានចាក់បំពេញជំនួស ដោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងស្អេកស្កះ ជាពិសេសគម្រោងបុរីធំៗមិនតិចជាង១០គម្រោងនោះទេ ដែលកំពុងតែមានសកម្ម​ភាពសាងសង់យ៉ាងសកម្ម។

ស្របទៅតាមគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងផែនការនៃប្លង់មេ របស់រាជរដ្ឋាភិបាល នៅតាមតំបន់ជាយក្រុងឱ្យមានភាពរីកចម្រើន បច្ចុប្បន្នតំបន់ព្រៃស ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយមកជាតំបន់ដ៏មានប្រជាប្រិយភាព និងមានសក្ដានុពលក្នុងការវិនិយោគវិស័យលំនៅដ្ឋានមិនចាញ់តំបន់ទួលពង្រនោះទេ។

សហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានបែបបុរី ហេង ណា លោក សាវុធ ដាណា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថា មិនមែនត្រឹមតែជាតំបន់ ដែលស្ថិតនៅជាប់៣០ម៉ែត្រ ដែលបំបែកចេញចំណុ​ចស្ដុបចំការដូងនោះទេ តំបន់ដទៃទៀតដែលស្ថិតជុំវិញ ក៏កំពុងតែមានសក្ដានុពល និងផ្តល់ឱកាសដល់ការវិនិយោគទាំងអស់។

លោកបន្តទៀតថា “បច្ចុប្បន្ននេះមានគម្រោងបុរីធំៗ មិនក្រោម១០នោះទេដែលកំពុងតែធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាមមាញឹក ដើម្បីឈានទៅរកការបញ្ចប់គម្រោងរបស់ខ្លួន ក្នុងនោះក្រៅពីមានគម្រោងបុរីពិភពថ្មី បុរីលឹមឈាងហាក់ បុរីជីប ម៉ុង គម្រោងអភិវឌ្ឍន៍បុរីហេង ណា នៅមានគម្រោងផ្សេងៗជាច្រើនទៀត ដែលក្នុងនោះនៅមានគម្រោ​ងបណ្តុំលំនៅដ្ឋានកម្រិតធម្យមមួយចំនួនផងដែរ”។

លោកសាវុធ ដាណាបានបន្តទៀតថា  ការប្រែប្រួលតម្រូវការក្នុងរយៈពេលដ៏ខ្លីនេះ ក៏ព្រោះតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន របស់រដ្ឋាភិបាលត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ ដូចជាផ្លូវថ្នល់តូចធំក្នុងតំបន់ ការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ដែលអនុវត្តទៅតាមផែនការមេរបស់រដ្ឋបាលក្រុង បន្ថែមពីលើគម្រោអភិវឌ្ឍន៍របស់វិស័យឯកជន ជាពិសេសបន្ទាប់ពីគម្រោង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ក៏ដូចជា គម្រោងបង្កើតផ្សារទំនើប AEON3 ត្រូវបានរដ្ឋាភិបាលប្រកាសពីការសាងសង់យ៉ាងប្រាកដក្នុងពេលដ៏ខ្លីខាងមុខនេះ។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកាន់តែធ្វើឱ្យតំបន់ព្រៃ “ស”កាន់តែមានសក្ដានុពល និងប្រជាប្រិយភាពក្នុងការវិនិយោគរួមមាន ដូចជា មហាវិថីសម្ដេចតេជោ៦០ម៉ែត្រ មហាវិថី៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ រួមជាមួយនឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ខណៈដែលគម្រោងនៃការសាងសង់ ព្រលានយន្តហោះភ្នំពេញ-អន្តរជាតិថ្មី ត្រូវបានប្រកាសឡើងផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានមានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។

លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។

លោកវ៉ា វីរៈបានបន្តទៀតថា សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម។

លោកបានបញ្ជាក់ថា “វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់មានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម”។

បច្ចុប្បន្ននេះ ចំពោះតម្លៃដីធ្លីនៅក្នុងសង្កាត់ព្រៃស មានការហក់ឡើងខ្ពស់ ពោលគឺកាលបីប្រមាណ២ឆ្នាំមុន ដីដែលស្ថិតនៅជាប់ផ្លូវ៣០ម៉ែត្រ មានតម្លៃក្នុងចន្លោះចាប់ពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះអាស្រ័យទៅតាមសណ្ឋានដី ដោយឡែកនៅពេលបច្ចុប្បន្ននេះ ដីនៅទីតាំងដដែលនេះឡើង ដល់ប្រមាណ១០០០ដុល្លារក្នុងមួយម៉ែត្រ។

សម្រាប់គម្រោងលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានក្រុមហ៊ុនអភិ​   វឌ្ឍន៍សាងសង់ ជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ដែលដាក់លក់ចាប់ពីតម្លៃ៧ម៉ឺនរហូតដល់១៥ម៉ឺនដុល្លារក្នុងមួយល្វែង។ ក្រៅពីនេះ ក៏មានគម្រោងបុរីខ្លះធ្វើការសាងសង់លំនៅដ្ឋានបែបទំនើប និងប្រណីត ដាក់លក់នៅក្នុងតម្លៃចន្លោះពី២៥ -៣០ម៉ឺនដុល្លារក្នុងមួយខ្នងផងដែរ៕

ទីក្រុងចំនួន ៣ ស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្មកំពុងមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគ

ដោយ ប៊ី

ភ្នំពេញ៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្ម២០១៥-២០២៥ ដែលដាក់ដោយរដ្ឋាភិបាល បាននិងកំពុងផ្តោតការរៀបចំ និងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងដឹកជញ្ចូនក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូន និងភស្តុភារពហុមុខងាររួមនិ ងមានប្រសិទ្ធភាពខ្ពស់ផ្តោតសំខាន់លើការតភ្ជាប់បង្គោលសេដ្ឋកិច្ចសំខាន់ៗ និងច្រករបៀងសេដ្ឋកិច្ចទាំងបីគឺភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងភ្នំពេញ-ប៉ោយប៉ែត។

ច្រករបៀងសេដ្ឋកិច្ចទាំងបីនឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចជាតិដ៏សំខាន់តាមរយៈការស្ថាបនាផ្លូវហាយវេអន្តរជាតិតាមស្តង់ដារអន្តរជាតិ និងការរៀបចំប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ នេះគោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្ម ២០១៥-២០២៥ ដែលអនុម័តគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៥។

រដ្ឋាភិបាលបាននិងកំពុងពង្រឹងបន្ថែមទៀតនូវយន្តការទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដើម្បីធានាស្ថេរភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្ម បង្កើនផលិតភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករតាមរយៈការលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលជំនាញ ពង្រឹងយន្តការសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា និងបង្កើនភាពសុខដុមរមនាក្នុងទំនាក់ទំនងឧស្សាហកម្មផ្អែកលើគោលការណ៍វិជ្ជមានសហជីព និងចិត្តល្អរបស់និយោជកចំពោះនិយោជិករបស់ពួកគេ។ នេះអាចធ្វើទៅបានតាមរយៈយន្តការដែលមានស្រាប់រួមមានគណៈកម្មាធិការប្រឹក្សាការងារ និងគណៈកម្មាធិការផលិតភាពកម្ពុជា។

រដ្ឋាភិបាលកំពុងអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានគោលបំណងពហុគំរូតាមគំនិតនៃតំបន់រដ្ឋបាលពិសេស។ ក្រោមគំនិតនេះផែនការមេក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ និងការរៀបចំរដ្ឋបាលផ្សេងទៀតនឹងត្រូវបានបង្កើតនិងរៀបចំឡើងដើម្បីផ្តល់សិទ្ធិអំណាច និងយុត្តាធិការពេញលេញសម្រាប់ការកៀរគរធនធានទេពកោសល្យ វិនិយោគ និងអាជីវកម្មដើម្បីអភិវឌ្ឍខេត្តឱ្យក្លាយជាបង្គោលសេដ្ឋកិច្ច និងឧស្សាហកម្មពាណិជ្ជកម្ម និងមជ្ឈមណ្ឌលទេសចរណ៍ស្របតាមគោលគំនិតអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិស្ថាន និងត្រូវបានទទួលស្គាល់ថាជាឧស្សាហកម្មបៃតងអាស៊ាន និងទីក្រុងទីប្រជុំជននាពេលអនាគត។

វាក៏មានការរៀបចំផែនការអភិវឌ្ឍន៍ទីប្រជុំជន/ទីក្រុងដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មផ្តោតលើក្រុងព្រះសីហនុ បាវិត និងប៉ោយប៉ែតដោយបង្កើតយន្តការសម្របសម្រួលស្ថាប័នដើម្បីជំរុញដោយផ្អែកលើការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងការអភិវឌ្ឍដ៏ទូលំទូលាយនៃមជ្ឈមណ្ឌលឧស្សាហកម្មរួមទាំងការកំណត់តំបន់ដែលមានមូលដ្ឋានលើផែនការប្រើប្រាស់ដីបេតុង ការគ្រប់គ្រងធនធានធម្មជាតិដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូការអភិវឌ្ឍលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរួមមានអគ្គិសនីផ្លូវកំពង់ផែប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រព័ន្ធការពារទឹកជំនន់ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធលូ ព្រមទាំងសេវាកម្មសង្គម និងការថែទាំសុខភាព ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្មីៗនេះ ក៏មានការលើកឡើងទាក់វិវឌ្ឍន៍ថ្មីៗក្នុងការកែប្រែខេត្តព្រះសីហនុឱ្យក្លាយជាច្រករវាងបៀងសេដ្ឋកិច្ចដ៏សំខាន់មួយ។ រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៉ី វិស្សុត បានបញ្ជាក់ ថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

លោកបន្ដថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍។

លោក វង្ស៉ី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឲ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាពោលសេដ្ឋកិច្ចមួយដ៏ខ្លាំង, ជាពោលសេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា»។

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានវិនិយោគនូវទឹកប្រាក់ជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីធ្វើយ៉ាងណាឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅទាក់ទាញនូវទេសចរណ៍ និងការវិនិយោគលើវិស័យឧស្សាហកម្ម។

លោករដ្ឋលេខាធិការបញ្ជាក់ថា តាមផែនការ Master Plan នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងរួចរាល់ហើយដាក់ឲ្យដំណើរការ នៅក្នុងអណត្តិនេះ។

ចំណែកឯ គម្រោងហេដ្ឋារចនាសម្ព័ន្ឋធំៗបាន និងកំពុងរៀបចំតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាទីក្រុងដែលរដ្ឋាភិបាលបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីប្រែក្លាយទីក្រុងនេះក្លាយជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយនាពេលអនាគត។

បច្ចុប្បន្ននេះក្រុងបាវិតបាន និងកំពុងពង្រីកសក្តានុពលកាន់តែខ្លាំង ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើនវិនិយោគផ្ទាល់ពីបរទេសកំពុងកើនឡើង។

រាជរដ្ឋាភិបាលបានដាក់បញ្ចូលក្រុងបាវិត ជាមួយទីក្រុងពីរទៀតគឺក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។

នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានឱ្យដឹងកន្លងមកនេះថា ក្រុងបាវិត ខេត្តស្វាយរៀង គឺជាផ្នែកមួយដែលស្ថិតនៅក្នុងក្រសែភ្នែក របស់អ្នកវិនិយោគជនជាតិចិន បន្ទាប់ពីខេត្តជាប់តំបន់សមុទ្រដូចជាក្រុងព្រះសីហនុ កំពត កែប និងកោះកុង ព្រោះខេត្តមួយនេះគឺជាច្រកព្រំដែនអន្តរជាតិ ដែលសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់។

ស្របពេលដែលសន្ទុះនៃការវិនិយោគយ៉ាងគំហុក ពីសំណាក់អ្នកវិនិយោគជនជាតិចិន ក្រុងបាវិត បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា វិស័យសំណង់ផងដែរ ដែលជួយជំរុញឱ្យតម្លៃដីនៅតំបន់ទីប្រជុំជនក្នុងក្រុង និងនៅតំបន់ជាយក្រុងមានការកើនឡើងយ៉ាងខ្លាំង។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ធ្លាប់ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕