ដោយ៖ វុត្ថា
ភ្នំពេញ៖ ផ្សារទំនើប Chip Mong Sen Sok តម្លៃជាង ៤១ លានដុល្លារអាមេរិក របស់ក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញគ្រោងនឹងបញ្ចប់សាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅលើទំព័រ Facebook ផ្លូវការ Chip Mong Sen Sok Mall កាលពីពេលថ្មីៗនេះ ។

-->
ផ្សារទំនើបមួយនេះ ត្រូវបានក្រុមហ៊ុន Chip Mong Retail បុកគ្រឹះសាងសង់ កាលពីថ្ងៃទី ១២ ខែកក្កដា ២០១៨ នៅលើផ្ទៃក្រឡាសរុបប្រមាណ ៤ ម៉ឺនម៉ែត្រការ៉េ ដែលនឹងផ្ដល់សេវាកម្មដូចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែងកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាប្រេនល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ។
ផ្សារទំនើបថ្មីមួយនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសសម្រាប់អ្នកដែលកំពុងរស់ក្នុងខណ្ឌសែនសុខទាំងអស់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កន្លងមកនេះ បានអនុម័តឱ្យក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” អនុវត្តគម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៣៨កន្លែង។
ក្រុមហ៊ុន CHIP MONG RETAIL CO., LTD” កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បានសម្ពោធផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។
ក្រុមហ៊ុន CHIP MONG RETAIL វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់ និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។

លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ការអភិវឌ្ឍ ឬការសាងសង់ផ្សារទំនើបនេះ កំពុងមានតម្រូវការខ្ពស់ និងមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជោគជ័យឬអត់នោះអាស្រ័យលើកត្តាជាច្រើន ហើយអ្នកអភិវឌ្ឍន៍ប្រាកដជាដឹងយ៉ាងច្បាស់ ចំពោះការអភិវឌ្ឍន៍ផ្សារទំនើបបែបនេះ។
លោកស្រីបន្តថា ការអភិវឌ្ឍគម្រោងផ្សារទំនើប បើទោះមានច្រើន យ៉ាងណាច្រើនក្តី វាអាស្រ័យលើពេលវេលា ចំណុចលេចធ្លោ និងភាពខុសប្លែកពីគេ ព្រមទាំងមានយុទ្ធសាស្ត្រទាក់ទាញអ្នកជួល រួមជាមួយនឹងការគ្រប់គ្រងបានល្អទើបទទួលបានជោគជ័យក្នុងការបើកអាជីវកម្មផ្សារទំនើបនេះ។
ខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ កំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ជាមួយនឹងគម្រោងជាច្រើន ដែលកំពុងតែលេចរូបរាងជាបណ្តើរៗ។ គម្រោងទាំងអស់មានដូចជា ផ្សារទំនើបអ៊ីអនម៉ល និងមានផ្សារបោះដុំ និងលក់រាយ (ផ្សារម៉ាក្រូ) មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ និងគម្រោងប្រភេទផ្ទះអាជីវកម្ម (Shop House) ដែលមានតម្លៃខ្ទង់សែនដុល្លារក្នុងមួយល្វែងជាដើម៕