ចំណេះដឹង! តើអ្វីជាសិទ្ធិជួលអចិន្ត្រៃយ៍?

ដោយវុត្ថា

ភ្នំពេញៈ សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅដល់សិទ្ធិជួលអចលនវត្ថុ រយៈពេលវែងចាប់ពី១៥ឆ្នាំឡើងទៅ។ នេះបើយោងតាមមានត្រា ២៤៤ នៃក្រមរដ្ឋប្បវេណី។

សិទ្ធិជួលអចិន្ត្រៃយ៍ ពុំមានអានុភាពឡើយ បើមិនបង្កើតឡើងជាលាយលក្ខណ៍អក្សរ ។ សិទ្ធិជួលអចិន្ត្រៃយ៍ ដែលត្រូវបានបង្កើតឡើង ដោយពុំបានធ្វើជាលាយលក្ខណ៍អក្សត្រូវចាត់ទុកជាភិតសន្យា ដែលពុំមានកំណត់អំឡុងពេល ហើយអាចត្រូវបញ្ឈប់ដោ​យ​ភាគីនៅពេលណាក៏បាន ដោយផ្អែកតាមបញ្ញត្តិនៃមាត្រា៦១៥ នៃក្រមនេះ ។

អ្នកជួលអចិន្ត្រៃយ៍ មិនអាចយកសិទ្ធិជួលអលន្ត្រៃយ៍របស់ខ្លួន ទៅតតាំងចំពោះតតិយជនបានឡើយ បើមិនបានចុះបញ្ជី។ សិទ្ធិជួលអចិន្ត្រៃយ៍ ដែលបានចុះបញ្ជីហើយ អាចតតាំងនឹងអនុប្បទានិក នៃកម្មសិទ្ធិដីដែលជាកម្មវត្ថុ នៃសិទ្ធិជួលអចិន្ត្រៃយ៍បាន ទោះបីជាកម្មសិទ្ធិលើដីនោះ ត្រូវបានធ្វើអនុប្បទានក៏ដោយ។

ចំពោះសិទ្ធិជួលអចិន្រ្តៃយ៍ ដែលមិនបានចុះបញ្ជីបញ្ញត្តិនៃមាត្រា៥៨៩ នៃក្រមនេះ ត្រូវយកមកអនុវត្តរហូតដល់គ្រប់អំឡុងពេល១៥ឆ្នាំ។

អំឡុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍ មានអត្ថិភាព មិនអាចលើសពី៥០ឆ្នាំបានឡើយ។ ប្រសិនបើបានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមានអំឡុងពេលលើសពី៥០ឆ្នាំ ត្រូវបន្ថយមកត្រឹម៥០ឆ្នាំ។  សិទ្ធិជួលអចិន្ត្រៃយ៍អាចបន្តសាជាថ្មីបាន ។ ប៉ុន្តែអំឡុងពេលនេះ មិនអាចលើសពី៥០ឆ្នាំឡើយ គិតចាប់ពីថ្ងៃដែលបន្តសាជាថ្មី។

ប្រសិនបើអ្នកជួលអចិន្ត្រៃយ៍ មិនបានបង់ថ្លៃឈ្នួល ដែលបានកំណត់ក្នុងអំឡុងពេល៣ឆ្នាំ អ្នកឱ្យជួលអចិន្ត្រៃយ៍ អាចរំលាយការជួលអចិន្ត្រៃយ៍នោះបាន។ នេះបើយោតាមមាន២៥០នៃក្រមរដ្ឋប្បវេណី៕

សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៥៣ ម៉ឺន កំពុងក្លាយជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ កំណើននៃចំនួនសហគ្រាសខ្នាតតូច និងមធ្យមសរុមប្រមាណ ៥៣ម៉ឺន ដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មនៅក្នុងកម្ពុជា បាន និងកំពុងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងនាមជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ និងជំរុញឱ្យវិស័យមួយនេះ កាន់តែមានសក្ដានុពលបន្ថែមទៀត។

ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for SMEs of Cambodia) ហៅកាត់ថា FASMEC លោកឧកញ៉ា តែ តាំងប៉ បានមានលើកឡើងថា ការជួយជំរុញ និងគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា នឹងចូលរួមក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ កម្មន្តសាលរបស់សហគ្រាសធុនតូច និងមធ្យម បោះជំហានទៅមុខស្របទៅតាមការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលដើរទៅដល់ឧស្សាហកម្ម៤.០គឺជារឿងចាំបាច់។

នៅក្នុងកិច្ចចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង FASMEC និងក្រុមហ៊ុន Metfone នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅការិយាល័យ FASMEC លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា “សព្វថ្ងៃនេះមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង ៥៣ម៉ឺនសហគ្រាសកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយឆ្អឹងខ្នង សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ពឹងផ្អែកយ៉ាងខ្លាំងលើពួកគេទាំងនោះហើយ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមទាំងនោះកំពុងតែជួបប្រទះបញ្ហាជាច្រើន ដូចជាបញ្ហាទីផ្សារ បញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហា សហគ្រិនភាពផងដែរ ដែលជាចំណុចទន់ខ្សោយរបស់ពួកគាត់”។

កន្លងមកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជា ក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាស ធុនតូច និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត ដែលយើងត្រូវការដៃគូសហការដើម្បីជំរុញក៏ដូចជារកដំណោះស្រាយបន្ថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ អ្វីដែលជាទីចាប់ អារម្មណ៍ជាងគេនោះគឺ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាភាគច្រើនចំណេះដឹងផ្នែកពត៌មានវិទ្យា និងបច្ចេកវិទ្យានៅមានកម្រិត ដែលនេះជាកត្តាចម្បងមួយធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ ដើរមិនទាន់សម័យកាល និងការវិវត្តន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ទៀតថា តាមរយៈការចុះហត្ថលេខារវាង FASMEC ជាមួយក្រុមហ៊ុន Metfone នឹងជួយជំរុញគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ស្របទៅតាមការវិវត្តន៍របស់ពិភពលោកបច្ចុប្បន្ន ដែលដើរទៅដល់ឧស្សាហកម្ម៤.០។ ការចុះហត្ថលេខានេះ តទៅ FASMEC និងមានកម្លាំងចលករបន្ថែមថ្មីមួយទៀត ដើម្បីធ្វើការងារក្នុងវិស័យឯកជន កសាកសមិទ្ធិផល ជូនជាតិ តាមរយៈការសហការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមានការ ប្រកួតប្រជែងជាអន្តរជាតិ។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានឱ្យដឹងដែរថា វាជាកិត្តិយសណាស់ដែលក្រុមហ៊ុនមិត្តហ្វូនបានរួមបញ្ចូលជាមួយ SME ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវានឹងជួយសង្គមធុរកិច្ចទាំងអស់មានការអភិវឌ្ឍនិងរីកចម្រើន។ លោកបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន នឹងផ្តល់នូវសេវាកម្ម នឹងអត្ថប្រយោជន៍ឥតគិតថ្លៃជូនគ្រប់សមាជិក FASMEC ជាច្រើនរួមមានដូចជា ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្ម eConnect ការបញ្ចុះតម្លៃ ៥ភាគរយលើសេវាកម្មអ៊ីនធឺណែត ការផ្តល់ជូន SIM ដោយមិនគិតថ្លៃ រួមជាមួយនឹងការផ្តល់ជូននួវភាពងាយស្រួលជាច្រើនទៀត ៕

សហភាពអឺរ៉ុបកោតសសើរពីការរីកចំរើនវិស័យអាកាសចរកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ គណៈកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប (Mobility and Transport of European Commission ) បានសម្តែងការកោតសសើរពីការរីកចំរើន និងការអភិវឌ្ឍលើវិស័យអាកាសចរស៊ីវិលកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។

លោក Henrik Hololei អគ្គនានាយក គណៈប្រតិភូគណៈកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប នៅក្នុង
កជំនួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងការធ្វើឱ្យប្រសើរនូវសុវត្ថិភាពនៃវិស័យអាកាសចរស៊ីវិល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Henrik បន្តថា ប្រទេសកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ និងគាំទ្រ ក្នុងគំឡុងពេល ការធ្វើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរួមសហគមន៏អឺរ៉ុប-អាស៊ាន ដោយមានវឌ្ឍនៈភាពប្រកបដោយចីរភាព រហូតមកដល់បច្ចប្បន្ន។

ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើសុំដល់សហគមន៏អឺរ៉ុបក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលលើជំនាញអធិការលទ្ធភាពហោះហើរ និងជំនាញនាំផ្លូវហោះហើរ។

ជំនួបពិភាក្សារវាង នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Henrik Hololei អគ្គនានាយកកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប (Mobility and Transport of European Commission )ផ្តោតលើគោលបំណងសំខាន់ៗរួមមាន៖
១)ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៏អឺរ៉ុប និងប្រទេសកម្ពុជាក្នុងវិស័យសុវត្ថិភាពអាកាសចរស៊ីវីល
២)ផ្លាស់ប្តូរទស្សនៈអំពីទិដ្ឋភាព ការពង្រឹង សុវត្ថិភាព និងសន្តិសុខអាកាសចរណ៏នៅកម្ពុជា និង
៣)ផ្លាស់ប្តូរទស្សនៈស្តីពី វឌ្ឍនៈភាពនៃការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរួមសហគមន៏អឺរ៉ុប-អាស៊ាន៕

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមកែលម្អរកំណាត់មហាវិថីសហព័ន្ធរុស្សី និងសួនច្បារក្តាន់ពីរ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមពង្រីកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងរណបភ្នំពេញ ស៊ីធី សែនធ័រ និងកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ។

នេះ បើយោងតាមសេក្តីជូនដំណឹងរបស់រដ្ឋបាលរាជធនីភ្នំពេញស្តីពីការពង្វាងចរាចរណ៍នៅលើកំណត់មហាវិថីសហព័ន្ធរុស្ស ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ និងមហាវិថីសាធារណរដ្ឋឆែក ចេញផ្សាយនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ។

យោងតាសេចក្តីជូនដំណឹងនេះ ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីររវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវ R6) និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់ពីរ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរ ឱ្យនៅដដែល។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងរណបភ្នំពេញ ស៊ីធី សែនធ័រ (អតីតតំបន់អភិវឌ្ឍបឹងកក់) និងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។

សេចក្តីជូនដំណឹងដដែលបន្តថា ការងារខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញពីការកកស្ទះចរាចរណ៍ខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វក្តាន់ពីរ រហូតដល់ស្តុបបេកាសេ។ រដ្ឋបាលរាជធានី ចាប់ផ្តើមអនុវត្តការដ្ឋានទំាងពីរខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ចូលរួមដោយសេរី ! បុរី ប៉េង ហួត រៀបចំសិក្ខាសាលាក្រោមប្រធានបទ “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ”

ដោយ ៖ រតនៈ

ភ្នំពេញ ៖ ជាការចូលរួម និងចែករំលែកនូវចំណេះដឹងដ៏មានសារប្រយោជន៍សម្រាប់មាតា បិតា ទាំងឡាយក្នុងការអប់រំកូនតូចឱ្យមានភាពវៃឆ្លាត ប្រកបដោយប្រសិទ្ធភាពភាពខ្ពស់ ដែលអាចទទួលបានងារជា “មាតា បិតាដ៏អស្ចារ្យ” ក្រុមហ៊ុន បុរី ប៉េង ហួត នឹងរៀបចំសិក្ខាសាលាដ៏មានសារសំខាន់ដោយលោកអ្នកអាចចូលរួមបានដោយសេរី។

សិក្ខាសាលានេះ នឹងធ្វើការចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត មានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំណាយពេលត្រឹមតែ៥ នាទីប៉ុណ្ណោះ ធ្វើដំណើរពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង១១:៣០ ថ្ងៃត្រង់។

ក្នុងសិក្ខាសាលានេះផងដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ដែលនឹងធ្វើបទបង្ហាញពីវិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និង ភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធន៍ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។

ក្នុងអឡុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹងចំនួន៤ដងរួចមកហើយ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រ ដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” នេះ ជាសិក្ខាសាលាលើកទី៥ ផងដែរ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរី និងទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើនឱ្យបានគ្រប់ៗគ្នាណា ។

បញ្ជាក់ ៖ កន្លែងមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/idfRkgybPXVj5bsX8 (Sample)

ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ កាន់តែពង្រីកទីផ្សារយ៉ាងទូលាយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក Phalita Skin Care ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ដ៏ល្បីឈ្មោះ បានធ្វើការពង្រីកទីផ្សារតំណាងចែកចាយរបស់ខ្លួនកាន់តែធំទូលាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

ស្របពេលដែលតម្រូវការទីផ្សារកាន់តែមានការកើនឡើង ក្រោមការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនកាន់តែច្រើន នៅត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ក្រុមហ៊ុន Phalita Skin Carea បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំងតំណាងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួនចំនួនមួយបន្ថែមទៀត ស្ថិតនៅផ្ទះលេខ១០ ផ្លូវលូប្រាំ ក្នុងភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការចូលរួមពីសំណាក់អគ្គនាយិកាក្រុមហ៊ុន និងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីការសន្ទុះនៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្តពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំងតំណាងចែកចាយផលិតផលជាច្រើនកន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា “ការបើកដំណើរការទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋានខាងលើនេះ គឺក្នុងគោលបំណង ដើម្បីជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្មនឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខជាច្រើនប្រភេទទៀត”។

នៅចំពោះមុខបណ្តាភ្ញៀវកិត្តិយស ដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននាងខ្ញុំមាន ទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យស្រ្តីជាច្រើននាក់ រួចផុតពីផ្ទៃមុខដ៏អាក្រក់ មានសម្រស់ ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយ ២៥ ខេត្តក្រុងផងដែរ”។

បច្ចុប្បន្ននេះដោយមើលឃើញថាមានការគាំទ្រ និងចង់ចាប់ដៃគូសហការធ្វើជាតំណាងចែកចាយផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែមទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ការប្រឹក្សាដោយឥតគឹតថ្លៃអំពីស្បែកមុខ ក៏ដូចជាការបម្រើសេវាព្យាបាល មុខកើតមុន ជាមួយនឹងភាពងាយស្រួលក្នុងការទិញផលិផលផងដែរ។

លោកស្រីអគ្គនាយិកាបានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើនរូបបានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែក មុខរបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួលភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។

កន្លងមក អតិថិជនមួយចំនួន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះ បានណែនាំមិត្តភ័ក្តិ របស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

ជាកាដូពិសេសសម្រាប់ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាសឱ្យអ្នក់លក់ជាច្រើនដោយការពង្រីកទីតាំងតំណាងចែកចាយផលិតផលបន្តទៅតាមបណ្តាខេត្ត និងក្រុងនានាផងដែរ។ សម្រាប់ដែលចង់បានទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មី។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨

មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជិត១០០លានដុល្លារ ត្រៀមបង្ហាញខ្លួននៅក្នុងខេត្តកណ្តាល

ដោយ ៖ រ៉ាណេត

កណ្តាល ៖ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ៥លើកដំបូងគេប្រចាំនៅក្នុងខេត្តកណ្តាល ដែលមានទំហំវិនិយោគចំនួន ៩៤,៥លានដុល្លារ ត្រៀមនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីសំណាក់រដ្ឋាភិបាលកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងសណ្ឋាគារទំនើបលំដាប់ផ្កាយ៥លើកដំបូងគេប្រចាំនៅក្នុងខេត្តកណ្តាល ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន ៩៤,៥លានដុល្លារ នៅលើផ្ទៃដីទំហំ ១៩ ៤៤៦ម៉ែត្រការ៉េ មានចំនួន៦០០បន្ទប់ ស្ថិតនៅភូមិ៨ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានផ្តល់ឱកាសការងាររហូតដល់ ១ ២២១ កន្លែង។

ក្រោមការដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើផលប៉ះពាល់ និងការវិនិយោគសំណង់អគារពាណិជ្ជកម្ម និងសណ្ឋាគារទំនើបលំដាប់ផ្កាយ៥ ដោយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅនេះ អន្តរក្រសួងពាក់ព័ន្ធបានសម្រេចគាំទ្រ និងអនុម័តដល់ក្រុមហ៊ុន ស្កភីអូ ខេមទ្រីប ឯ.ក(SCORPIO CAMTRIP CO., LTD) ដែលជាម្ចាស់គម្រោងចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។

ជាមួយនឹងការសម្រេច និងគាំទ្រពីអន្តរក្រសួង តំណាងរដ្ឋាភិបាលខាងលើនេះ បានតម្រូវឱ្យម្ចាស់គម្រោង ត្រូវយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ជាពិសេសបរិមាណសំណល់រាវ និងសមត្ថភាពនៃអាងស៊ិបទិច និងត្រូវបញ្ចូលលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ដែលពាក់ព័ន្ធបន្ថែមឱ្យបានគ្រប់គ្រាន់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធដើម្បីសម្រួលដល់ការចុះធ្វើអធិការកិច្ចនៅក្នុងទីតាំងគម្រោង។

បន្ថែមពីនេះ ម្ចាស់គម្រោង ត្រូវធ្វើបំពេញបន្ថែមនូវផ្នែកវិភាគសេដ្ឋកិច្ច ជាពិសេសទៅលើទិន្នន័យចំណូល និងចំណាយរបស់ក្រុមហ៊ុន និងគួរពិចារណាក្នុងការប្រើប្រាស់ថាមពលសូឡា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងបញ្ជាក់បន្ថែមអំពីផែនការគ្រប់គ្រងគ្រោះមហន្តរាយដែលកើតមានឡើងជាយថាហេតុផងដែរ៕

រោងចក្រកាត់ដេរសម្លៀកបំពាក់មួយតម្លៃប្រមាណ ៤ លានដុល្លារនឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង

ដោយ ប៊ី

កំពង់ឆ្នាំង៖ រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃប្រមាណ ៤ លានដុល្លារនឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង។ នេះបើតាមកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “PENG TAI (CAMBODIA) CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ។

ទីតាំងវិនិយោគគម្រោងខាងលើគឺស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤២១កន្លែង។

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរកឃើញថា ខេត្តកំពង់ឆ្នាំងជាភូមិសាស្រ្តមានភាពសមស្របសម្រាប់ជាទីតាំង មជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំតំបន់ ខណៈរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹក ជញ្ជូនបានជំរុញឲ្យអ្នកវិនិយោគបរទេស ស្ថាបនាព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងឡើងវិញ។

រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាការសិក្សារបស់អង្គការ JICA បានរកឃើញថា ខេត្តកំពង់ឆ្នាំងសមស្របជាទីតាំងកណ្តាល នៃការផ្លាស់ប្តូរទំនិញនិងការដឹកជញ្ជូននៅពេលអនាគត (Cargo Hub) ប៉ុន្តែដើម្បីប្រែក្លាយខេត្តនេះជាតំបន់បែបនេះបានទាមទារឲ្យមានការសាងសង់ផ្លូវហាយវេ និងការសាងសង់ឡើងវិញនូវព្រលានយន្តហោះក្នុងខេត្តឡើងវិញផងដែរ៕

កម្ពុជាត្រៀមស្នើថៃឱ្យបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលដល់សេដ្ឋកិច្ចជាតិ

ដោយ ហ្សូលី

បន្ទាយមានជ័យ៖ កម្ពុជាត្រៀមស្នើដល់ភាគីប្រទេសថៃក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់បានណងអៀន ជាបណ្តោះអាសន្ន ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសម្រួលដល់ចរាចរណ៍ទំនិញ។

នេះជាការលើកឡើងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នៅពេលអញ្ជើញចុះទៅត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជាថៃ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន និងការដ្ឋានអគាររដ្ឋបាល។

រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាគម្រោងស្នើសុំទៅកាន់ខាងភាគីថៃក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន ជាបណ្តោះអាសន្ននេះ គោលបំណងធំនោះគឺ ចង់ជួយសម្រួលនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការផ្លាស់ប្តូរធុរកិច្ចរវាងប្រទេសទាំងពីរ

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបន្តថាលើសពីនេះ គឺដើម្បីជួយសម្រួលដល់ចរាចរណ៍របស់រថយន្តដឹកទំនិញដែលឆ្លងកាត់រវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងជួយកាត់បន្ថយការកកស្ទះមួយចំនួននៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការបើកច្រកព្រំដែនអន្តរជាតិត្រង់ចំណុច ស្ទឹងបត់បានណងអៀននេះនឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍មួយជាមជ្ឈមណ្ឌលស្តុកនិងចែកចាយទំនិញនិងជាតំបន់សេដ្ឋកិច្ចពិសេសដែលបង្កើតសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុកនិងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

មិនតែប៉ុណ្ណោះ ក៏ជួយដល់ការបង្កើតការងារដល់ប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

កម្ពុជាគ្រោងពង្រីកការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងបណ្តាប្រទសក្នុងតំបន់

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបាននឹងកំពុងត្រៀមតភ្ជាប់ផ្លូវដែកជាមួយប្រទេសថៃនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅក្នុងពិធីចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ កាលពីទី ៩ ខែកុម្ភៈ ម្សិលមិញនេះឱ្យដឹងថា ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។

លោកបន្ថែមថា ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ ២០២០ នេះឱ្យកើនឡើងដល់ ១៥ ពាន់លានដុលា្លរ ខណៈ ឆ្នាំ២០១៩កន្លងទៅនេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានជាង៩ពាន់លានដុល្លារអាមេរិក។

ប្រទេសកម្ពុជា និងប្រទេសថៃបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំពីឆ្នាំ១៩៥០។ ទំនាក់ទំនងទ្វេភាគី រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ត្រូវបានពង្រឹង តាមរយៈទស្សនវិស័យរួមនៃប្រមុខរាជរដ្ឋាភិបាលទាំងពីរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ ចាន់អូចា នាយករដ្ឋមន្រី្តនៃប្រទេសថៃ។

នៅក្នុងទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរបានសហការជាមួយគ្នាយ៉ាងស្អិតល្មួតនៅក្នុងវិស័យជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការងារ ទេសចរណ៍ អប់រំ ដឹកជញ្ជូន និងវប្បធម៌៕