តម្រូវការលំនៅដ្ឋានស្ថិតក្នុងសភាពទ្រឹង ខណៈការផ្គត់ផ្គង់កើនឡើងយ៉ាងគំហុក

Aerial view of new houses on rich neighborhood, Phnom Penh, Cambodia.

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថានភាពទីផ្សារលំនៅដ្ឋាននៅដើមឆ្នាំ២០២០នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះធ្វើការអះអាងថាមានភាពស្ងប់ស្ងាត់បន្តិច ស្របពេលការផ្គត់ផ្គង់មានការកើនឡើងយ៉ាងគំហុក។

DCIM100MEDIADJI_0049.JPG

ស្របពេលដែលស្ថានភាពទីផ្សារលើវិស័យដីធ្លីមានភាពស្ងប់ស្ងាត់នៅដើមឆ្នាំ២០២០នេះ ងាកមកចាប់អារម្មណ៍នឹងវិស័យលំនៅដ្ឋានគ្រប់ប្រភេទក៏មិនសូវមានសកម្មភាពពុះកញ្ជ្រោលដូចកាលពីដើមឆ្នាំ២០១៩នោះដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate លោក វ៉ន ចាន់ថន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះថា ការទិញ-លក់លំនៅដ្ឋាននៅដើមឆ្នាំ២០២០នេះ ហាក់មានភាពស្ងប់ស្ងាត់ ហើយតំបន់ខ្លះមានសកម្មភាព ប៉ុន្តែតិចតួចបំផុត។ លោកបន្តថា “ជាទូទៅសម្រាប់វិស័យលំនៅដ្ឋាន គឺតែងមានភាពស្ងប់ស្ងាត់នៅរៀងរាល់ចុងឆ្នាំ និងដើមឆ្នាំ ប៉ុន្តែអាចឈានចូលចុងត្រីមាសមួយនៃដើមឆ្នាំអាចនឹងមានសកម្មភាពឡើងវិញ”។ លោកបានបញ្ជាក់ថា “លំនៅដ្ឋានគ្រប់ប្រភេទនៅតែមានតម្រូវការទីផ្សារ ជាពិសេសប្រភេទលំនៅដ្ឋានតម្លៃសមរម្យ និងក្រោមមធ្យម ដែលមានតម្រូវការខ្ពស់ជាងគេ ជាមួយតម្លៃត្រឹមក្រោម១០ម៉ឺនចុះក្រោម”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co.,Ltd លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា ចាប់តាំងពីចុងឆ្នាំ២០១៩រហូតមកដល់ដើមឆ្នាំ២០២០ នេះ សកម្មភាពនៃការទិញ-លក់ លំនៅដ្ឋានគ្រប់ប្រភេទហាក់មានភាពថមថយជាងកាលពីឆ្នាំកន្លងទៅ។ លោកបានបន្តថា “តាមការសង្កេតរបស់ខ្ញុំចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩រហូតមកដល់ដើមឆ្នាំ២០២០នេះ គឺមានតែការដាក់លក់ និងជួល ប៉ុន្តែមិនសូវមានអ្នកទិញនោះទេ”។

លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍បន្តទៀតថា “នៅដើមឆ្នាំនេះ មានតែសកម្មភាពអ្នកដើរទិញដី ប៉ុន្តែមិនចាប់អារម្មណ៍នឹងការទិញលំនៅដ្ឋាននោះទេ ប៉ុន្តែអាចរង់ចាំរហូតដល់ពាក់កណ្តាលឆ្នាំ នឹងមានសកម្មភាពឡើងវិញ ជាពិសេសក្រោយពេលដែលក្រុមហ៊ុនអភិវឌ្ឍផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការលក់ ដែលអាចជាការផ្តល់ជម្រើសកាន់តែងាយស្រួលដល់អតិថិជន”៕

រដ្ឋបាលភ្នំពេញដាក់ចេញផែនការបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មី ស្របតាមដងទន្លេសាប

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាងដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

យោងតាមកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រុមការងារពិសេស របស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងៗ និងកំណត់ ទីតំាងមួយចំនួន ដើម្បីឆ្ពោះទៅបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់តំបន់ មុខព្រះបរមរាជវាំង នាពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរ អោយមកលេងរាជធានីភ្នំពេញ បានកាន់តែច្រើន។

លោកអភិបាល បានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះនេះ ភ្ញៀវទេសចរអាចមានជម្រើស ដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេ ដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនា កម្សាន្តសប្បាយ ប្រកបដោយភាពរីករាយ។

លោកអភិបាល បានណែនាំដល់ក្រុមការងារ អោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្ត អោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខាន ដល់ប្រជាពលរដ្ឋ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌ នា ពេលរាត្រី រួមទំាងផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ់ ។

ប្រធានមន្ទីរសាធារណការរូបនេះថា គម្រោងកែលម្អទំាងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពោលគឺធានាបាន សណ្តាប់ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។

បើតាមផែនការ កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ អាចបង្កើតឡើងក្នុងមួយសប្តាហ៍ ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតិ អោយមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។

គម្រោងបង្កើតកញ្ចប់ទេសចរណ៍ ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញ ពីឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

រដ្ឋាភិបាលស៊ុយអែត នឹងជំរុញប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលប្រទេសស៊ុយអែត បានសន្យាជួយជំរុញ និងពង្រីកកិច្ចទំនាក់ទង់ទ្វេរភាគីជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្មឱ្យកាន់ធំទូលាយ ខណៈដែលពេលបច្ចុប្បន្ន ទំហំនៃវិស័យនេះនៅមានកម្រិតតិចតួចនៅឡើយ។


នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតប្រទេសស៊ុយអែតថ្មគី លោក Björn, Hāggmark  កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោកឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់ជំនួយមនុស្សធមិ ដល់ប្រជាជនកម្ពុជាចាប់តាំងពីកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍។លោកបន្តថា លើសពីនេះ រដ្ឋាភិបាលស៊ុយអែត បាននិងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដោយភាគច្រើនផ្តល់ហិរញ្ញប្បទានតាមរយៈអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប

នៅក្នុងឱកាសនោះដែរ លោក  Bjorn Hāggmark បានថ្លែងសរសើរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រមូលចំណូលចូលថវិការដ្ឋបានច្រើន ហើយមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រទេសកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ការចំណាយថវិកាជាតិលើវិស័យសង្គមកិច្ច រួមមាន ចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល ក៏មានការកើនឡើងខ្លាំងផងដែរ។


លោកបន្តថា នេះគឺជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយវាបានឆ្លុះបញ្ចាំងពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអភិបាលកិច្ច

បន្ថែមពីនេះ ដោយមើលឃើញពីទំហំវិនិយោគ ដោយវិនិយោគិនស៊ុយអែតនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ លោកបានសន្យាព្យាយាមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាតិ និងការបង្កើនកិច្ចសន្ទុះនារវាង ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ។

ប្រទេសស៊ុយអែតក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់ វិស័យអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាគម្រោងសិក្សាស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស ដូចជា ការអភិវឌ្ឍជំនាញ និងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារជាដើម៕

ការផ្គត់ផ្គង់អគារការិយាល័យបានកើនឡើងលើសតម្រូវការនៅក្នុងទីផ្សារ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្របទៅនឹងកំណើននៃចំនួនអគារពាណិជ្ជកម្មធំៗដែលកំពុងបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ ដែលភាគច្រើនបម្រើឱ្យវិស័យការិយាល័យជួល(Office Space) នៅក្នុងឆ្នាំ ២០២០ នេះមានចំនួនរហូតដល់ប្រមាណ ៥៧ម៉ឺន ម៉ែត្រការ៉េ ត្រូវបានអ្នកជំនាញអះអាងថា គឺជាចំនួនដ៏ច្រើនលើសពីតម្រូវការ បើទោះជាអត្រានៃការជួលមានកំណើនច្រើនជាងឆ្នាំកន្លងទៅក៏ដោយ ។

បើទោះបីជាមានការថមថយចុះនូវកំណើនទីផ្សារអចលនទ្រព្យនៅក្នុងតំបន់យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជានៅតែអាចរក្សាបាននូវភាពល្អប្រសើរ ដែលក្នុងរាប់បញ្ចូលទាំងវិស័យសំណង់ វិស័យលំនៅដ្ឋាន និងវិស័យអគារពាណិជ្ជកម្មធំៗជាដើម។

ដោយឡែកសម្រាប់តែទីផ្សារនៃការផ្គត់ផ្គង់ទៅលើវិស័យការិយាល័យជួល (Office Space) ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលគិតត្រឹមឆ្នាំ២០២០នេះ ទាំងអគារការិយាល័យដែលបានបញ្ចប់ការសាងសង់ និងដាក់បញ្ចូលនៅក្នុងទីផ្សារ និងអគារគ្រោងបញ្ចប់ការសាងសង់នៅក្នុងដ៏ពេលខ្លីខាងមុខនេះ មានកំណើនសរុបរហូតដល់ប្រមាណ៥៧ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយដ៏លើសលប់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា នៅក្នុងឆ្នាំ២០២០នេះ ចំនួននៃការផ្គត់ផ្គង់ការិយាល័យជួលមានការកើនឡើងច្រើន ខណៈដែលតម្រូវការទីផ្សារក៏មានការកើនឡើងដូចគ្នា”។

លោកស្រីបានបន្តទៀតថា “អគារការិយាល័យជួលត្រូវបានចែកចេញជា២ គឺអគារការិយាល័យជួលដែលមានម្ចាស់តែមួយ និងអគារការិយាល័យសហកម្មសិទ្ធិ។ សម្រាប់អគារការិយាល័យដែលមានម្ចាស់តែមួយនៅក្នុងឆ្នាំ២០២០នេះ នឹងត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សារមានទំហំសរុបកើនឡើងរហូតដល់ប្រមាណ៣៧ម៉ឺនម៉ែត្រការ៉េ។ ដោយឡែកអគារការិយាល័យសហកម្មសិទ្ធិ នឹងដាក់បញ្ចូលនៅក្នុងទីផ្សារមានទំហំសរុបអាចកើនឡើងដល់២០ម៉ឺនម៉ែត្រការ៉េ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិរូបនេះបានបញ្ជាក់ថា “កាលពីឆ្នាំ២០១៨ ទំហំការិយាល័យជួលសហកម្មសិទ្ធិមានចំនួនត្រឹមតែ ២ម៉ឺន ម៉ែត្រការ៉េ ហើយនៅក្នុងឆ្នាំ២០១៩បានបន្តកើនឡើងចំនួន៨ម៉ឺនម៉ែត្រការ៉េ។ ដោយឡែកនៅក្នុងឆ្នាំ ២០២០ ដែលមានគម្រោងអគារធំៗចំនួន៤ ដែលគ្រោងនឹងបញ្ចប់ និងដាក់បញ្ចូលនៅក្នុងទីផ្សារបន្ថែមនោះ បានធ្វើឱ្យមានការកើនឡើងរហូតដល់ប្រមាណ២០ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយដ៏លើសលប់”។

លោកស្រីបន្តថា “បើទោះជានៅក្នុងឆ្នាំ២០២០នេះ ចំនួននៃតម្រូវការមានការកើនឡើងជាងឆ្នាំកន្លងទៅ ប៉ុន្តែចំនួននៃការផ្គត់ផ្គង់មានចំនួនច្រើនស្របគ្នា នឹងធ្វើឱ្យចំនួនទំនេរមានច្រើនដូចគ្នា”។

កម្រិតនៃអគារការិយាល័យជួលត្រូវបានចែកចេញជា៣កម្រិត គឺកម្រិត A ត្រូវបានដាក់ជួលក្នុងតម្លៃប្រមាណ ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិត B ត្រូវបានដាក់ជួលក្នុងតម្លៃ ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិត C ត្រូវបានដាក់ជួលក្នុងតម្លៃប្រមាណ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមានចំនួនច្រើនស្ទើរ ៥០ភាគរយ នៃចំនួនសរុប ៕

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលើកឡើងពីបញ្ហាប្រឈមលើវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២០

ដោយវុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះនៃការវិនិយោគដោយសារកត្តាជាច្រើនដែលមានរួមមានកត្តាខាងក្នុង និងកត្តាខាងក្រៅ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នេះ បានពន្យល់ថា កត្តាដែលវិស័យសំណង់មានការធ្លាក់ចុះនៅក្នុងឆ្នាំ ២០២០ នេះ ដោយសាររដ្ឋាភិបាលបានបិតល្បែងអនឡាញកាលពីបំណាច់ឆ្នាំ ២០១៩ កន្លងមកនេះ ដែលធ្វើឱ្យអ្នកវិនិយោគមួយចំនួនដែលជាជនចិន បានធ្វើដំណើរការចាក់ចេញពីប្រទេសកម្ពុជា ។

លោកបន្ថែមទៀថា ជាមួយគ្នានេះ ក៏មានមានការផ្ទុះនូវជំងឺ coranavirusនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ខណៈដែលកម្ពុជាបានពឹងផ្អែកលើវិនិយោគិនចិន។ បន្ថែមពីនេះ ក៏មានបញ្ហាលើភាពមិនច្បាស់លាស់របស់ពិភពលោក សង្គ្រាមពាណិជ្ជរវាងប្រទេសចិន- អាមេរិក និងបញ្ហា EBAជាដើម។

តែយ៉ាងណាក៏ដោយ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសំណង់នេះ គឺមិនអូសបន្លាយរយៈពេលយូនោះទេ ហើយការធ្លាក់ចុះនេះ គឺមានកម្រិតបន្តិចបន្តួចតែប៉ុណ្ណោះ ដែលមិនគួរឱ្យមានព្រួយបារម្ភខ្លាំពេកដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានឱ្យដឹងកន្លងមកថា ការបញ្ជាឱ្យមានការបិតល្បែងអនឡាញរបស់ប្រមុខរាជរដ្ឋាភិបាល គឺប្រកដណាស់វាធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីក្នុងវិស័យអចលនទ្រព្យទាំងការជួល និងការធ្វើអាជីវកម្មផ្សេងៗ។ តែយ៉ាងណា ការប៉ះពាល់នេះ គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ អ្វីៗ នឹងល្អប្រសើរឡើងវិញក្នុងរយៈពេល ៣ ទៅ ៦ ខែទៅមុខទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំ មួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និង ក្រៅប្រទេស ។

សម្ដេចតេជោ ហ៊ុន សែនថា ការបិទ អាជីវកម្មហ្គេមអនឡាញនេះ ដើម្បីកុំឲ្យកម្ពុជា ក្លាយជាជម្រករបស់ ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពី ជនរង គ្រោះទាំងក្នុង និងក្រៅ ប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

វិភាគ៖ អាមេរិកគួរតែដកពន្ធលើការនាំចូលរបស់ចិន ខណៈវីរុសផ្លូវដង្ហើមថ្មីបង្កអន្តរាយដល់ទីផ្សារអាស៊ី?

ដោយ Donald Lee

ភ្នំពេញ៖ អ្នកវិភាគទីផ្សារកំពុងទទូចដល់ប្រធានាធិបតីអាមេរិក Donald Trump ឱ្យដកពន្ធចេញឡើងវិញលើការនាំចូលរបស់ចិន ខណៈវីរុស Corona ដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចចិនធ្វើឱ្យក្រុមហ៊ុនចិនជាច្រើនផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះ និងផ្សារហ៊ុននៅអាស៊ីធ្លាក់ចុះកាលនៅថ្ងៃ ព្រហស្បតិ៍នេះ។

ក្រុមហ៊ុន Taiex របស់តៃវ៉ាន់បានធ្លាក់ចុះ ៣,៧៣ ភាគរយនៅថ្ងៃដោះដូរដំបូង បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មី។ ក្រុមហ៊ុន Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ ០,៤១ ភាគរយ ខណៈសន្ទស្សន៍ក្រុមហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ០,៨៦ ភាគរយ។

ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ ក្នុងខែនេះ បានផ្អាកការប្រទូសរ៉ាយគ្នា អាមេរិកមិនទាន់បានដកហូតពន្ធគយណាមួយដែលបានធ្វើឡើងកាលពីឆ្នាំមុនទេ ហើយលោក Trump បាននិយាយថា ការដកពន្ធត្រឡប់វិញនឹងមិនចាប់ផ្តើមទេរហូតដល់ដំណាក់កាលទី ២ បានចាប់ផ្តើមចរចា។

នៅពេលនោះ លោក Trump បាននិយាយថា “យើងនឹងទុកពន្ធគយ តែខ្ញុំនឹងយល់ព្រមដកពន្ធគយទាំងនោះ ប្រសិនបើយើងអាចធ្វើ “ដំណាក់កាលទី ២”។

ទោះយ៉ាងណា នៅពេលដែលអត្រាវីរុសឆ្លងរាលដាលនៅក្នុងប្រទេសចិនដែលមានមនុស្សជិត ៨,០០០ នាក់បានឆ្លងជំងឺនៅទូទាំងពិភពលោក និងមានអ្នកស្លាប់ចំនួន ១៧០ នាក់រួចទៅហើយនោះ ជនជាតិជាច្រើនកំពុងតែចាប់ផ្តើមផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិបានចាប់ផ្តើមផ្អាកការហោះហើរទៅកាន់ប្រទេសចិន ជាពិសេសគឺក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airline ដែលបានបញ្ឈប់សេវាកម្មហោះហើរទៅកាន់ប្រទេសនេះ។ ក្រុមហ៊ុនអាហាររហ័សយក្សអន្តរជាតិ McDonald’s បានបិទប្រតិបត្តិការនៅតាមភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងខេត្តចិន Hubei ដែលជាមជ្ឈមណ្ឌលនៃការផ្ទុះឡើងនៃវីរុសនេះ។

ទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកលោក Peter Navarro បានអះអាងថា ការដំឡើងពន្ធឡើងវិញនឹងមិនមានការពិភាក្សាទេ ទោះបីវីរុសនេះធ្វើឱ្យសេដ្ឋកិច្ចចិនចុះខ្សោយក៏ដោយ។

លោក Navarro នៅលើកញ្ចក់ទូរទស្សន៍សហរដ្ឋអាមេរិក បាននិយាយថា “នេះគឺជាការវិលវល់ដែលចេញមកពី Wall Street ហើយខ្ញុំគិតថា វាមានវិធានការក្តៅចំពោះបញ្ហាវិបត្តិនេះដើម្បីឈានដល់ការពិភាក្សា”។

លោក Navaro បាននិយាយថា “ចូរចាំថាហេតុអ្វីបានជាពន្ធគយមាននៅនឹងកន្លែង”។

លោក Navarro បានបន្ថែមថា “ពន្ធគយមាននៅនឹងកន្លែង ពីព្រោះចិនចូលរួមឧបត្ថម្ភធនអយុត្តិធម៌។ ពួកគេប្រើប្រាស់សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋដើម្បីដាក់ក្រុមហ៊ុន និងកម្មករអាមេរិកឱ្យឈប់ធ្វើអាជីវកម្ម ហើយពន្ធគយក៏ធានាថា យើងត្រឡប់មកដំណាក់កាលទី ២ វិញដែរ”។

ក្រុមអ្នកវិភាគជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងឈានទៅរកការស្ទុះងើបឡើងវិញនៅឆ្នាំ ២០២០ ប៉ុន្តែការផ្ទុះឡើងនៃវីរុសថ្មីបានធ្វើឱ្យវិនិយោគិនព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ។

លោក Rajiv Biswas ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំក្រុមហ៊ុន IHS Markit បាននិយាយនៅក្នុងរបាយការណ៍មួយថា “វីរុសវីរុសវូហានបង្កហានិភ័យធ្លាក់ចុះយ៉ាងខ្លាំងចំពោះចក្ខុវិស័យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០២០ ប្រសិនបើការរីករាលដាលនៅតែបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ”។

លោកបានបន្ថែមថា “វិសាលភាព និងរយៈពេលនៃការតក់ស្លុតអវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះនឹងពឹងផ្អែកទៅលើរបៀបការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសវូហានដែលអាចគ្រប់គ្រងបាន”៕

សម្តេចតេជោ៖ ការបិទជើងហោះហើរពីកម្ពុជាទៅចិនគឺសម្លាប់សេដ្ឋកិច្ច និងប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន

ដោយវុត្ថា

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការព្រួយបារម្ភ និង ការស្នើសុំឱ្យមានការបិតជើងហោះហើរត្រង់ពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាដោយសារតែមានការផ្ទុះជំងឺ coronavirus នៅក្នុងទីក្រុងវ៉ូហានរបស់ទេសចិន ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាជាវិធានការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យប៉ះពាល់មួយផ្នែកនៃ ទំនាក់ទំនងរវាងកម្ពុជានិងចិន។

សម្តេចតេជោថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០ថា ការភ័យខ្លាចជ្រុលរបស់កម្ពុជាចំពោះជំងឺកូរ៉ូណានេះបានធ្វើឱ្យមានសំណើពីប្រជាជនដូចជាការបិទជើងហោះហើរពីកម្ពុជាទៅចិនទាំងអស់នោះគឺប្រៀបដូចជាវិធានការមួយដែលសម្លាប់សេដ្ឋកិច្ចជាតិ និងជាផ្នែកមួយការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា និងចិន។

សម្តេចតេជោថា “ចំណុចនេះសូម្បីតែក្មួយខ្ញុំក៏ស្នើសុំឱ្យបិទជើងហោះហើរ ចេញពីប្រទេសចិនមកកម្ពុជា ចំណុចនេះខ្ញុំមិនបានឆ្លើយតបនោះទេ។ ក៏ប៉ុន្តែសំណូមពរនេះក៏មានជាបន្តបន្ទាប់តែខ្ញុំសូមប្រាប់ថាវិធានការគឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា ហើយក៏ជាផ្នែកនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ។”

សម្តេចបន្ថែមថា ប្រទេសចិនធំណាស់មានប្រជាជនច្រើនណាស់ ដែលរហូតដល់ពេលនេះ មានរហូតដល់១,៤០០លាននាក់។ ចំណែកប្រជាពលរដ្ឋកម្ពុជាមានចំនួនតូចណាស់បើប្រៀបនឹងចិន។ រដ្ឋាភិបាលចិនមានទំនួសខុសត្រូវខ្ពស់ណាស់ចំពោះប្រជាជនចិន និងទៅលើប្រទេសនានាផងដែរ។

សម្តេចតេជោបន្តថា “ត្រង់ដែលរដ្ឋាភិបាលចិនគិតនោះគឺ ទីក្រុងវ៉ូហាន ក៏ដូចជាតំបន់ជិតខាង ត្រូវបានដាក់មិនឱ្យមានការហោះហើរ ដូចជាការហោះហើរពីទីក្រុងវ៉ូហាន ទៅកាន់តំបន់ក្នុងប្រទេស និងនៅតាន់ប្រទេសក្រៅក៏មិនឱ្យហោះហើរ និងរថភ្លើងនិងការធ្វើដំណើរ ផ្សេ ងបានបិទអស់ ដោយទុករយៈពេលមួយរយៈ”។

សម្តេចតេជោបានអះអាងថា “មិនចាំបាច់នោះទេ ព្រោះថាចិនបានបិទរូច ទៅហើយ ពោលគឺមិនត្រឹមបិទពីជើងហោះហើរពីទីក្រុង វ៉ូហានមកកម្ពុជា ឬទៅកាន់ប្រទេស ដ៏ទៃទេ។ គេក៏បិទការធ្វើដំណើរផ្លូវដែក ផ្លូវគោក ដើម្បី ទុកឱ្យមានការដោះស្រាយ”។

ជាមួយគ្នានោះដែរប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ថាវិធានការនូវការបិទជើងហោះហើរពីចិនមកកម្ពុជា លទ្ធផលនោះមិនមែនជាការវាយប្រហារចិននោះទេ គឺបានវាយ ប្រហា រមកសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកដែលរកស៊ី វិនិយោគទន់នៅកម្ពុជា អ្នក ទេសចរណ៍ ដែលចំណុចទាំងនេះនឹងសម្លាប់សណ្ឋាគារ សេវាកម្មរបស់កម្ពុជា។

សម្តេចថា ការស្នើសុំឱ្យបិទជើងហោះហើរនោះដោយសារមានការភ័យខ្លាចហួសកម្រិតដែលនាំទៅដល់ការអំពាវនាវនិងលើកសំណើនេះ ខណៈដែលរដ្ឋាភិបាលតាមក្រសួងសុខាភិបាលដែលបានធ្វើការប្រតិបត្តិរហ័សក្នុងការទប់ស្កាត់ជំងឺកូរ៉ូណាដូចជាធ្វើការត្រួតពិនិត្យតាមច្រកព្រលានយន្តហោះទាំង៣ ក៏ ដូចជាច្រកព្រំដែនផ្សេងទៀតដូចជា ប៉ោយប៉ែត ច្រកព្រំដែនបាវិត ច្រកព្រំដែនផ្សេង៕

រដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាផលទុនជាតិ ២៨ % ដើម្បីទប់ទល់នឹងវិបត្តិនាពេលខាងមុខ

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាត្រៀមថវិកាកញ្ចប់ថវិកាផលទុនជាតិជាង ២៨ ភាគរយដើម្បីទប់ទល់នឹងបញ្ហាខាងក្រៅដែលនឹងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះនៅឆ្នាំ ២០២០ នេះ ខណៈបញ្ហាដែលកម្ពុជាកំពុងជួបប្រទះរួមមាន វីរុសផ្លូវដង្ហើមថ្មី សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងប្រព័ន្ធអនុគ្រោះពន្ធ។

តាមផែនការនៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣ លានរៀល ដែលស្មើនឹងប្រមាណ៨២២៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះ មានប្រមាណ២៨.០១ភាគរយ នៃផលទុនជាតិសរុប (ផសស) និងកើនឡើង២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ ថា បញ្ហាដែលប្រទះធំបំផុតសម្រាប់ឆ្នាំ ២០២០ វីរុសផ្លូវដង្ហើមថ្មីដែលមានប្រភពចេញពីប្រទេសចិនអាចនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលជាផលប្រយោជន៍រយៈពេលវែង បើទោះបីជាមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរដោយ ព្រោះប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំរបស់កម្ពុជា។

បញ្ហាខាងក្នុង គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបនឹងប្រកាសថា ដក ឬមិនដកចេញពីកម្ពុជា ប៉ុន្តែកម្ពុជាក៏បានត្រៀមខ្លួនរួចស្រេចសម្រាប់ទប់ទល់នឹងបញ្ហានេះ។

លោក វង្សី វិស្សុត “ថវិកាជាតិរបស់យើងគ្រោង និងថវិកាជាតិបំរុងមានភាពរឹងមាំ ប៉ុន្តែឆ្នាំនេះជួបប្រទះនឹងបញ្ហាធ្លាក់ចុះ។ យើងត្រូវធ្វើថវិកាជាតិ ដែលហៅថា វិត្ថារកម្ម (Expansionary) ប៉ុន្តែឆ្នាំនេះលើសពី Expansionary ទៅគឺ Stimulus ដែលមានន័យថាជំរុញតម្រូវការ ឬលើកកម្ពស់តម្រូវការសេដ្ឋកិច្ចតាមរយៈការចាយលុយ”។

លោក បានបន្តថា “ធម្មតាថវិកាជាតិយើងក្នុងរយៈពេល ៣ និង៤កន្លងមកនេះចំណាយត្រឹមតែ ២៤,៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ យើងចាយទៅដល់ ២៨ ភាគរយដែលថវិកាលើកកម្ពស់តម្រូវការសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង”។

កញ្ចប់ថវិកាដែលធំជាងគេគឺត្រូវទៅដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលគេហៅថា បញ្ហាភាពប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាពិពិធក្មសេដ្ឋកិច្ច រួមប្រព័ន្ធដឹកជិញ្ជួន អគ្គិសនី ជំនាញ ហើយកញ្ចប់មួយទៀតគឺការបង្កើតការងារ៕

រដ្ឋបាលខេត្តបាត់ដំបងកំពុងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យចប់មុនពិធីបុណ្យទន្លេខាងមុខ

ដោយ ហ្សូលី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង និង មន្ត្រីពាក់ព័ន្ធ បានជួបជុំគ្នាចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងពន្លឿនការរៀបចំកែលម្អសណ្តាប់ធ្នាប់សាធារណៈដើម្បីឱ្យទាន់ព្រឹត្តការណ៍បុណ្យទន្លេលើកទី ៦។


លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃពុធ ទី ២៩ មករា ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវចាក់ក្រាលកៅស៊ូបេទីមមីណ័រដែលមានប្រវែងប្រមាណ ២០.០០០ ម៉ែត្រក្រឡា បង្ហើយកិច្ចការដែលសល់កាលពីឆ្នាំ ២០១៩កន្លងមក។ ការចាក់ផ្លូវក្រាលកៅស៊ូនេះស្ថិតនៅផ្លូវចុះពីស្ពានថ្មសម្តេចតេជោហ៊ុនសែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្ត ចន្លោះផ្លូវច្រមុះជ្រូក និងសួនច្បារនាគសន្តិភាព ដែលជាគោលដៅសំខាន់ក្នុងការរៀបចំវេទិកាព្រឹត្តការណ៍បុណ្យទន្លេលើកទី ៦នេះ។

ទន្ទឹមនេះ អាជ្ញាធរខេត្តបានចុះកែលម្អសណ្តាប់ធ្នាប់សារធារណៈដូចជា ការដោះស្លាកយីហោ ផ្ទាំងប៉ាណូតាមសំយ៉ាបផ្ទះមុខផ្ទះ ដែលអាចធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំបំពាក់ប្រព័ន្ធភ្លើងបំភ្លឺនៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុង ពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណនៅតាមមាត់ស្ទឹងសង្កែ សាងសង់បង្កាន់ដៃវ៉េវ៉ង់ដាប្រមាណ ៧០០ម៉ែត្រ ងាយស្រួលឱ្យភ្ញៀវទេសចរណ៍កម្សាន្តតាមមាត់ទន្លេ រួមទាំងរក្សាសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា បុណ្យទន្លេលើកទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣១៥ មីនា ខាងមុខនេះ ក្រោមប្រធានបទទន្លេនៃសន្តិភាពទន្លេនៃវិបុលភាពដែលមានការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជម្រុញថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងឡាយឱ្យយកចិត្តទុកដាក់បន្ថែមទៅលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង និងត្រូវរៀបចំទីក្រុងឱ្យមានដងវិថីម្ហូបអាហារ Food Street បម្រើដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងកាន់តែច្រើន ដែលជាផ្នែកមួយជួយដល់កត្តាសេដ្ឋកិច្ចជាតិដើរទៅមុខកាន់តែប្រសើរ។


ផ្សារហ៊ុននៅអាស៊ីមានស្ថេរភាពឡើងវិញខណៈការភ័យខ្លាចវីរុសផ្លូវដង្ហើមថ្មីថយចុះ

ដោយ Donald Lee

ភ្នំពេញៈ ផ្សារហ៊ុននៅអាស៊ីមានស្ថេរភាពឡើងវិញនៅថ្ងៃ ពុធនេះ ខណៈការភ័យខ្លាចនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមថ្មីចាប់មានការថយចុះ។


សន្ទស្សន៍ភាគហ៊ុនធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ភាគហ៊ុនរបស់ក្រុមហ៊ុន MSCI បានកើនឡើង,២ ភាគរយ បន្ទាប់ពីការខាតបង់ជិតមួយសប្តាហ៍ បន្ទាប់ពីមានព័ត៌មានអំពីវីរុស Corona បានផ្ទុះឡើងដំបូង។ សន្ទស្សន៍ ក្រុមហ៊ុន Nikkei របស់ជប៉ុនក៏មានភាពស្ងប់ស្ងាត់ ហើយកើនឡើង,២៧ភាគរយ ខណៈភាគហ៊ុនអូស្ត្រាលីកើនឡើងកន្លះភាគរយ។

អង្គការសុខភាពពិភពលោក (WHO)បានបញ្ជាក់ថា អ្នកដែលឆ្លងវីរុសទូទាំងពិភពលោកបានកើនឡើងយ៉ាងខ្លាំងពី១៥០០នាក់ទៅជិត៦ ០០០នាក់ ោយចំនួនអ្នកស្លាប់ឥឡូវមានដល់១៣២នាក់។

នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បានឱ្យដឹងថា ខ្លួននឹងផ្អាករាល់ជើងហោះហើរ ទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក ដោយចូលរួមជាមួយក្រុមហ៊ុនជាច្រើនដែលបញ្ឈប់បុគ្គលិករបស់ខ្លួន ពីការធ្វើដំណើរទៅកាន់តំបន់ឆ្លងនានានៅក្នុងប្រទេសចិន។

អ្នកវិភាគសេដ្ឋកិច្ចបារម្ភថា វីរុសដ៏គ្រោះថ្នាក់នេះ នឹងបន្ថយល្បឿនកំណើនសេដ្ឋកិច្ច បន្ទាប់ពីឆ្នាំ២០១៩ដ៏លំបាកពោរពេញទៅដោយសង្គ្រាមពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។


អាជ្ញាធរកំពុងប្រយ័ត្នប្រយែង ដោយសារតែការភ្ជាប់វីរុសទៅនឹងជំងឺSARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានបំផ្លាញតំបន់អាស៊ីនៅចន្លោះឆ្នាំ២០០២ និង២០០៣ ហើយបានសម្លាប់មនុស្ស ៨០០ នាក់នៅចិនដីគោក ហុងកុង និងអាស៊ីអាគ្នេយ៍។

ក្រុមអ្នកជំនាញបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ចរបស់ជំងឺរាតត្បាតSARS ក្នុងរយៈពេលពីរឆ្នាំនោះ គឺខ្ពស់រហូតដល់រាប់ពាន់លានដុល្លារ៕