ចំណូលរបស់ក្រុមហ៊ុន Facebook បានដាំក្បាលចុះក្នុងឆ្នាំ ២០១៩

ដោយ Donald Lee

ភ្នំពេញ៖ របាយការណ៍ត្រីមាសទី ៤ របស់ក្រុមហ៊ុន Facebook បានឱ្យដឹងថា ក្រុមហ៊ុន Facebook Inc បានទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុតនៅចុងឆ្នាំ ២០១៩។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Facebook កើនឡើងត្រឹមតែ ២៥ ភាគរយ ហើយក្រុមហ៊ុនរំពឹងថាប្រាក់ចំណូលនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ ២០២០ ដោយសារក្រុមហ៊ុនឈានដល់ភាពចាស់ទុំ និងកំពុងរងផលប៉ះពាល់ដោយបទប្បញ្ញត្តិឯកជនភាពទូទាំងពិភពលោក។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Facebook លោក David Wehner បាននិយាយនៅក្នុងសន្និសិតថា “យើងបានឆ្លងកាត់ផលប៉ះពាល់ខ្លាំងពីបញ្ហាខាងលើរហូតមកដល់បច្ចុប្បន្ន។ ផលប៉ះពាល់ភាគច្រើនគឺនៅចំពោះមុខយើង”។

ក្រុមហ៊ុន Facebook បាននិយាយថា ការរីកចម្រើនខ្លាំងបំផុតគឺមកពីការផ្ញើសារឯកជន និង Facebook Stories នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។

ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg មានប្រសាសន៍ថា “នៅទូទាំងសេវាកម្មរបស់យើង កំណើនដ៏ធំបំផុតនៃរបៀបដែលមនុស្សកំពុងប្រាស្រ័យទាក់ទងបន្តមកពីការផ្ញើសារឯកជន ក្រុមតូចៗនិង Facebook Stories ដែលទិន្នន័យរបស់អ្នកមិនមានជារៀងរហូត#។

តម្លាភាព និងគណនីក្លែងក្លាយគឺជាបញ្ហាធំមួយសម្រាប់ Facebook កាលពីឆ្នាំមុន។ ស្ថាបនិក Facebook លោក Mark Zuckerberg បានប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុងនៅឯក្រុមហ៊ុនរបស់លោក ខណៈដែលនិយោជិករាប់រយនាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសចំពោះជំហររបស់ស្ថាបនិកក្នុងការមិនហាមឃាត់ការផ្សាយពាណិជ្ជកម្មនយោបាយមិនស្មោះត្រង់។

ការរុញច្រានដ៏មានឥទ្ធិពលនេះរបស់និយោជិកបានកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ប្រតិបត្ដិរបស់រុស្ស៊ីបានបើកគណនីក្លែងក្លាយ ហើយបានប្រើប្រាស់វេទិកានេះយ៉ាងទូលំទូលាយនៅក្នុងយុទ្ធនាការផ្តល់ព័ត៌មានមិនត្រឹមត្រូវនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដើម្បីជ្រើសរើសលោក Donald Trump៕

ឆ្នាំ២០២០ សមាគម CVEA នឹងបណ្តុះបណ្តាលជំនាញអ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានចំនួន ២២២២នាក់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) នឹងបង្កើតវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានចំនួន២២២២នាក់ ដើម្បីចូលរួមពង្រឹង និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

គោលដៅនៅក្នុងការបង្កើតវគ្គបណ្តុះបណ្តាលសិក្ខាកាមកម្រិតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២០ នេះ ចំនួន ២២២២ នាក់ ដើម្បីបានជាកម្លាំងក្នុងការចូលរួមសហការជាដៃគូក្នុងនាមជាបុគ្គលិកជំនាញ ជាភ្នាក់ងារ ឬជាអ្នកប្រឹក្សា ដើម្បីជាការចូលរួមចំណែកជួយពង្រឹង និងពង្រីកកិច្ចអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណាថា “យើងនឹងបង្កើតវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានតាមចំនួនខាងលើនេះ សម្រាប់បំពេញនូវភាពខ្វះខាតបុគ្គលិកជំនាញនៅតាមបណ្តាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្មនៅក្នុងវិស័យអចលនទ្រព្យ”។

លោកបានបន្តទៀតថា “នៅក្នុងចំណោមសិក្ខាកាមទាំង ២ ២២២ នាក់ នឹងត្រូវបែងចែកជា ភ្នាក់ងារជំនាញអចលនវត្ថុចំនួន ១ ២២២នាក់ ភ្នាក់ងារជំនាញវិជ្ជាជីវៈ ចំនួន ២០០នាក់ ភ្នាក់ងារជំនាញគ្រប់គ្រងវិជ្ជាជីរៈចំនួន ៣០០ ភ្នាក់ងារជំនាញវាយតម្លៃចំនួន ៣០០នាក់ ផ្នែកបរិញ្ញាបត្ររងមានជំនាញវិជ្ជាជីវៈអចលនវត្ថុមានចំនួនប្រហាក់ប្រហែល៣០០នាក់ផងដែរ”។

បន្ថែមពីនេះ លោកក៏បានបង្ហាញពីគម្រោងនៃការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមកម្រិតអន្តរជាតិឱ្យបានច្រើនជាង ១១២៣ នាក់ ដើម្បីអាចលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិនៅលើទីផ្សារអចលនទ្រព្យរួមនៅថ្ងៃខាងមុខនេះ៕

ចំណេះដឹង! តើអ្នកធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិត្រូវមានលក្ខន្ឌអ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញ៖ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុទាំងអស់ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែងពី អ្នកអភិវឌ្ឍទត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ បានឱ្យដឹងថា អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនាយកដ្ឋាន ឬលិខិតអនុញ្ញាតអាជីវកម្មនៅមន្ទីរ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារអប្បបរមា និងលក្ខន្ធដូចខាងក្រោម៖

– លំខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ក្រសួង ឬមន្ទីរ

– វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តលើដីដែលកំពុងធ្វើការអភិវឌ្ឍ។

– ខិតអនុញ្ញាតសាងសង់ និង ឬលិខិតបើកការដ្ឋានសាងសង់ ដែលចេញដោយក្រសួង ឬមខ្ទីររៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ឬអាជ្ញាធរមានសមត្ថកិច្ច។

– លិខិតបើកគណនីអភិវឌ្ឍអចលនវត្ថុ (គណនីចរន្ត) នៅធនាគារពាណិជ្ជណាមួយ (ចំពោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២)។

-លិខិតបញ្ជាក់ដើមទុន និងលិខិតបញ្ជាក់ប្រភពទុន ដើម្បីយកមកធ្វើការវិនិយោគ (អប្បបរមា ២០%(ម្ភៃ)ភាគរយ នៃថ្ងៃសំណង់សរុប ឬថ្លៃ សំណង់តាមដំណាក់កាល ដែលចេញដោយគ្រឹះស្ថានធនាគារ ឬមីក្រហិរញ្ញវត្ថុណាមួយទៅក្នុងព្រះរាជាណាចក្រកម្ពុជា (ចំពោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២)។

– លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ២(ពីរ)ភាគរយ នៃថ្លៃសំណង់សរុប ឬថ្លៃ សំណង់តាមដំណាក់កាល(ចំពោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២)។

-ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍអចលនវត្ត។

-លិខិតថ្កោលទោសរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី(ចំពោះជនបរទេស) និង ឬលិខិតបញ្ជាក់កិរិយាមាយាទ ដែលចេញ្ជដោយ អាជ្ញាធរមានសមត្ថកិច្ច។ ឯកសារលម្អិតផ្សេងទៀត ត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក ៕

ឥណ្ឌាគ្រោងបង្កើតរោងចក្រកែឆ្នៃដំឡូងមីនៅខេត្តបាត់បងសំរាប់នាំចេញ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសឥណ្ឌាបាននឹងកំពុងស្វែងរកដៃគូសហការវិនិយោគក្នុងខេត្តបាត់ដំបងដើម្បីបង្កើតរោងចក្រកែឆ្នៃដំឡូងមី ទៅជាម្សៅកំរិតស្តង់ដារខ្ពស់ សំរាប់នាំចេញ ខណៈខេត្តមួយនេះ មានសក្តានុពលខ្ពស់ចំពោះការវិនិយោគ និងជាខេត្តគោលដៅរបស់វិនិយោគិនបរទេស។

នេះ បើយោងតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង នៅក្នុងជំនួបពិភាក្សាការងារ និងស្វែងរកដៃគូរបស់វិនិយោគនៅក្នុងខេត្តបាត់ដំបងរបស់វិនិយោគិនឥណ្ឌាដែលគេហទំព័រ propertyarea.asia ដែលទទួលបាននៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០នេះ។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅលើគម្រោងថ្មីនៃការវិនិយោគក្នុងវិស័យរោងចក្រនេះ ដោយហេតុថា នៅទូទាំងខេត្តបាត់ដំបង់ វិស័យមួយនេះហាក់នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបធៀបជាមួយបណ្តាខេត្តដទៃទៀត។

លោកបន្តថា “ថ្វីដ្បិតខេត្តបាត់ដំបង បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម និងពាណិជ្ជកម្ម ដែលជំរុញឱ្យកម្រិត GDP បានកើន ឡើងដល់ជាង ១៥៥០ដុល្លារក្នុងម្នាក់ក្តី ប៉ុន្តែសម្រាប់វិស័យរោងចក្រកែច្នៃ គឺនៅមានកម្រិតនៅឡើយ ដោយបច្ចុប្បន្ននេះយើងមានតែរោងចក្រផលិតឱសថ រោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រម្សៅមី រួមជាមួយនឹងប្រភេទសិប្បកម្មខ្នាតតូច និងលក្ខណៈគ្រួសារតែប៉ុណ្ណោះ”។

លោក ងួន រតនៈ ក៏បានលើកទឹកចិត្តដល់បណ្តាវិនិយោគិននានា ឱ្យបន្ថែមការវិនិយោគនៅក្នុងវិស័យរោងចក្រនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលខេត្តបាត់ដំបងជាតំបន់ដែលមានសក្ដានុពលលើកត្តាភូមិសាស្ត្រ និងមានហេដ្ឋារចនាសម្ព័ន្ធអនុគ្រោះដល់ការដឹកជញ្ជូនបានយ៉ាងប្រសើរ។

យោងតាមរបាយការណ៍ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការនាំចេញផលផលិតផលកែច្នៃក្នុងនិងក្រៅខេត្តបាត់ដំបងមានចំនួន ៥.៣៩០ តោន ដោយមានរោងចក្រធុនធំ ១៥ មូលដ្ឋាន មានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លាអាមេរិក ។

ដោយឡែកសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ២៤០ មូលដ្ឋាន។

ដំណាំដំឡូងមីគឺជាផលិតផលដ៏មានសក្ដានុពលរបស់ខេត្តបាត់ដំបង បន្ទាប់ពីស្រូវ ប៉ុន្តែដំណាំនេះហាក់ស្ថិតក្នុងដំណាក់កាលអស់សង្ឃឹម ដែលទាមទារឱ្យរួបរួមគ្នារៀបចំ គោលនយោបាយមួយឲ្យបានច្បាស់លាស់ និងទាមទាឱ្យមានការកែច្នៃប្រកបដោយស្តងដារខ្ពស់ ដើម្បីជាប្រយោជន៍ក្នុងការផលិតសម្រាប់បម្រើទីផ្សារទាំងក្នុងនឹងក្រៅប្រទេស។

ខេត្តបាត់ដំបងគឺជាខេត្តមួយរបស់កម្ពុជា ដែលមានសក្តានុពលវិយោគខ្ពស់លើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម បានទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន និងខេត្តក្រុងមកពីប្រទេសក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍លើកគម្រោងជាច្រើនរួមរោងចក្រ វិស័យកសិកម្ម ទេសចរណ៍ និង សហគ្រាសផ្សេងៗទៀត។

ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានវិនិយោគិនបរទេសជាច្រើនរួមមានមកពីប្រទេសកូរ៉េ បារាំង សង្ហបុរី សាធារណៈរដ្ឋឆែក ប៉ូញឡូញ ជប៉ុន និងចិនជាដើមបានចាប់អារម្មណ៍លើសក្តានុពលវិនិយោគលើខេត្តមួយនេះ ដោយមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការអភិវឌ្ឍន៍៕

រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនលើកដំបូងក្នុងឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចមកត្រឹមជុំវិញ ៦ ភាគរយ នៅឆ្នាំ ២០២០នេះ ដោយសារបញ្ហាខាងក្រៅ និងក្នុងដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានធ្លាក់ចុះបន្តិចបន្តួច។ នេះបើយោងតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ ថា តាមការព្យាករណ៍ សេដ្ឋកកិច្ចកម្ពុជានឹងមានកំណើន ៦ ភាគរយ ដោយសារឆ្នាំ ២០២០ វិបត្តិជាច្រើនបាននិងកំពុងកើតឡើង ដូចជាការផ្ទុះឡើងនៃវីរុសវូហាននៅចិន បញ្ហាសង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយពេលយូរ និងបញ្ហា EBA។

លោក វង្សី វិស្សុត បានថ្លែងថា “បញ្ហាដែលប្រទះធំបំផុតសម្រាប់ឆ្នាំ ២០២០ វីរុសផ្លូវដង្ហើមថ្មីដែលមានប្រភពចេញពីប្រទេសចិនអាចនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលជាផលប្រយោជន៍រយៈពេលវែង បើទោះបីជាមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរដោយ ព្រោះប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំរបស់កម្ពុជា”។ 

លោក បានបន្តថា “បញ្ហាខាងក្នុង គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបនឹងប្រកាសថា ដក ឬមិនដកចេញពីកម្ពុជា ប៉ុន្តែកម្ពុជាក៏បានត្រៀមខ្លួនរួចស្រេចសម្រាប់ទប់ទល់នឹងបញ្ហានេះ”។

ទាក់ទងនឹងការជំរុញកំណើនសេដ្ឋកិច្ច លោក បានបន្តថា “ធម្មតាថវិកាជាតិយើងក្នុងរយៈពេល ៣ និង៤កន្លងមកនេះចំណាយត្រឹមតែ ២៤,៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ យើងចាយទៅដល់ ២៨ ភាគរយដែលថវិកាលើកកម្ពស់តម្រូវការសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង”។

កញ្ចប់ថវិកាដែលធំជាងគេគឺត្រូវទៅដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលគេហៅថា បញ្ហាភាពប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាពិពិធក្មសេដ្ឋកិច្ច រួមប្រព័ន្ធដឹកជិញ្ជួន អគ្គិសនី ជំនាញ ហើយកញ្ចប់មួយទៀតគឺការបង្កើតការងារ។

លោក បន្ថែមថា “យើងត្រូវពង្រឹងសេវាសាធារណៈ។ រដ្ឋរបស់យើងត្រូវតែខ្លាំងជាងមុន ស្អាតស្អំជាងមុន ហើយឆ្លាតជាងមុន។

លោក ឱ្យដឹងទៀតថា “សភាពការណ៍ពិភពលោកសព្វថ្ងៃនេះ ហើយទៅមុខ ១០ ទៅ២០ ឆ្នាំទៀតគឺទាមទាររដ្ឋបាលសាធារណៈមួយដ៏ខ្លាំង។ ក្នុងក្របខ័ណ្ឌនេះ យើងមានបីចំណុច ទី១ គឺសមត្ថភាពដឹកនាំរបស់ស្ថាប័នយើងត្រូវតែខ្លាំង ទាំងការគិតគូរផែនការយុទ្ធសាស្រ្ត និងទាំងការអនុវត្តន៍ ទី២ គុណភាពមន្ត្រីរាជការ….. ការផ្តល់សេវាសាធារណៈ”។

ផ្ទុយពីការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃ ពុធកន្លងមកនេះ ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងនៅតែរឹងមាំនៅឆ្នាំ ២០២០ ទោះបីមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា “កំណើនផលិតផលក្នុងស្រុកសរុបពិត (GDP) ត្រូវបានព្យាករណ៍ថានឹងមានអត្រាមធ្យមដល់ ៧.១ ភាគរយក្នុងឆ្នាំ ២០១៩ និង២០២០ ដែលគាំទ្រដោយសកម្មភាពសំណង់រឹងមាំ កំណើនឥណទានក្នុងស្រុក និងតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង”។

អតិផរណាត្រូវបានរំពឹងថានឹងកើនឡើងដល់ ២,៣ ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងបន្តិចពី ២,១ ភាគរយកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ភាពងាយរងគ្រោះខាងក្រៅដ៏ធំរបស់កម្ពុជានឹងផ្តើមចេញពីការពឹងផ្អែកខ្ពស់របស់ខ្លួនលើទីផ្សារមួយចំនួន ជាពិសេសទីផ្សារអឺរ៉ុប។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បានបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុប (EU) ព្យូរប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មពាណិជ្ជកម្ម អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ការនាំចេញរបស់ប្រទេសនេះនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មាន បន្តថា “ការឆ្ពោះទៅមុខ ការពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការរក្សាសក្តានុពលកំណើនដ៏រឹងមាំរបស់ខ្លួន។ ប្រទេសកម្ពុជាត្រូវតែដោះស្រាយបញ្ហាប្រឈមខាងរចនាសម្ព័ន្ធសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធខ្សោយ ការផ្គត់ផ្គង់កម្លាំងពលកម្មមានកម្រិត និងភាពទន់ខ្សោយរបស់ស្ថាប័ន”។

សហគមន៍អឺរ៉ុបបានចាប់ផ្តើមកាលពីខែ កុម្ភះ ឆ្នាំមុន ដំណើរការរយៈពេល ១៨ ខែដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃការទទួលបានការធ្វើពាណិជ្ជកម្មដោយមិនបង់ពន្ធរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះ EBA ដោយសារតែការព្រួយបារម្ភលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។

សេចក្តីសម្រេចចុងក្រោយស្តីពីថាតើត្រូវដក EBA ពីកម្ពុជា ឬអត់នឹងត្រូវធ្វើឡើងនៅខែ កុម្ភៈ ឆ្នាំនេះ។

ក្នុងនាមជា ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាបាននាំចេញផលិតផលទាំងអស់លើកលែងតែអាវុធ និងគ្រាប់រំសេវទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនគិតពន្ធអស់ជាច្រើនសតវត្ស។

ទិន្នន័យរបស់សហភាពអឺរ៉ុបបានបង្ហាញថា ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានតម្លៃ ៥,៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលប្រហែល ៩៥ ភាគរយនៃទំនិញទាំងនោះបានចូលក្នុងសហភាពអឺរ៉ុបដោយទាញយកប្រយោជន៍ពី EBA ហើយផលិតផលសម្លៀកបំពាក់ ស្បែកជើងគឺស្មើប្រហែល ៣ ភាគ ៤ ក្នុងការនាំចេញទៅសហភាពអឺរ៉ុប។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគឺជាវិស័យនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលផ្តល់ការងារដល់ប្រជាជនប្រហែល ៧៥០,០០០ នាក់នៅក្នុងរោងចក្រចំនួន ១,១០០ ។

បើដកហូតពន្ធលើផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ទៅកាន់ទីផ្សារអឺរ៉ុប ពន្ធសម្លៀកបំពាក់កើនឡើង ១២ ភាគរយ ស្បែកជើងកើនឡើង ១៦ ភាគរយ និងកង់កើនឡើង ១០ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

Employees work at the W & D Cambodia Co. Limited garment factory in Phnom Penh August 6, 2010. Cambodian garment exports rose 12 percent in the first half of 2010 compared with the same period last year, hitting $1.25 billion thanks to a recovery in the U.S. market, an independent think tank said on Thursday. REUTERS/Chor Sokunthea (CAMBODIA – Tags: BUSINESS) – RTR2H2WS

រដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីខែ មីនា ឆ្នាំមុន នូវវិធានការណ៍មួយចំនួន រួមមានការបញ្ចុះថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតកម្ម កាត់បន្ថយការិយាធិបតេយ្យ ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក និងអ្នកនាំចេញក្នុងករណីដែលសហភាពអឺរ៉ុបដក EBA ចេញពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន មានប្រសាសន៍ថា វិធានការនេះបានជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការសម្រាប់ផលិតករ និងអ្នកនាំចេញប្រមាណ ៤០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា ចាប់ពីឆ្នាំ២០២០ទៅ ពិភពលោកនឹងបន្តអភិវឌ្ឍលើវិថីដ៏ស្មុគស្មាញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភពលោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាកស្មុគស្មាញ ពិបាកប៉ាន់ស្មានបានក្នុងដំណើរទៅរករបបពហុប៉ូល ហើយការប្រកួតប្រជែងរវាងមហាអំណាចធំៗ នឹងបន្តក្នុងលក្ខណៈស្វិតស្វាញ ជះឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោកទាំងវិស័យ នយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខនិងបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសន្និបាតបូករុបការងារប្រចាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ថា រាប់ចាប់គិតពីឆ្នាំ២០២០នេះទៅ ប្រព័ន្ធពហុភាគីនិយមនឹងបន្តទទួលសម្ពាធខ្លាំងក្លា ដោយសារតែការកើនឡើងនៃទំនោរឯកតោភាគីនិយម។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា “សង្គ្រាមពាណិជ្ជកម្ម និងការប្រកាន់នយោបាយគាំពារនិយមក៏នឹងបង្កហានិភ័យច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ភាពតានតឹង និងភ្នក់ជំលោះនៅតំបន់មួយចំនួន នឹងបង្កអស្ថិរភាព និងភាពមិនប្រាកដប្រជាទាំងសំរាប់តំបន់នោះផង ទាំងសំរាប់ពិភពលោកផងដែរ។ ការកើនឡើងនៃបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី នឹងបន្តទាមទារការរួមដៃនៃសហគមន៍អន្តរជាតិទាំងមូល ដើម្បីរកដំណោះស្រាយសមស្រប ស៊ីជម្រៅ និងស្ថិតស្ថេរ”។

មកដល់ពេលនេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ កាលពីឆ្នាំ២០១៩ កម្ពុជា ចាប់ផ្តើមស្តារទំនាក់ទំនងការទូតនិងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់យើងមានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រ៉ូម៉ានី ស៊ែប៊ី ហើយបានទិញអាគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូតយើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មីនៅប៊ូដាប៉េស្តាំផងដែរ។

ក្នុងរយៈពេលជិត៤ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ជាច្រើននៅក្នុងក្រសួង ដូចជា លក្ខខណ្ឌការងារសំរាប់មន្ត្រីត្រូវបានកែលំអ ដោយមានរបបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិកក្នុងក្រសួង ការតំឡើងប្រាក់ខែជូនមន្ត្រីការទូតនៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកាចំណាយទូទៅសំរាប់ស្ថានតំណាងនៅបរទេសចំនួន១០ភាគរយ ការកែលម្អរកន្លែងធ្វើការ ការបង្កើតវិទ្យាស្ថាន ដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលមន្ត្រីការទូតជាដើម ៕

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ អតិរេកចរន្តនៃថវិកាជាតិបានកើនឡើងដល់ ៨ ភាគរយនៃផលទុនជាតិសរុប

ដោយ ប៊ី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អតិរេកចរន្តនៃថវិកាជាតិឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុប ខណៈឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ នៅថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០១៩ ថា ការគ្រប់គ្រប់ត្រឹមត្រូវនៃការចំណាយរបស់រដ្ឋាភិបាលបានធ្វើឱ្យអធិរេកចរន្តនៃថវិកាជាតិមានកើនឡើង។

លោក វង្សី វិស្សុត បានថ្លែងថា “ការចំណាយរបស់យើងគ្រោងចំណាយត្រឹមតែ ២៥ ភាគរយនៃផលទុនជាតិសរុប។ យើងមិនដែលចំណាយលើសកញ្ចប់ថវិកាទេ វិន័យថវិការបស់យើងគឺគ្រប់គ្រងបានល្អណាស់ ចាយមិនដែលលើស តែរកបានលើសរហូត”។

លោក បានបន្តថា “ដូច្នេះបានជាយើងសល់ថវិកាជាតិបំរុង ហើយក្នុងឆ្នាំ២០១៩ អតិរេកចរន្តឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុបដែលយើងគ្រោងត្រឹមតែ ២ ឬ ៣ ភាគរយនៃផលទុនជាតិសរុប ហើយឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យយើងមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល”។ (អតិរេកចរន្តគឺជាលទ្ធផលវិជ្ជមាននៃផលដករវាងចំណូលចរន្ត និងចំណាយចរន្ត)

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ផលទុនជាតិសរុបកើនឡើងដល់ ២៧ ២២២ លានដុល្លារអាមេរិក។

ជាលទ្ធផលនៃការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចល្អ និងភាពរឹងមាំខាងម៉ាក្រូសេដ្ឋកិច្ច យើងឃើញថា ការប្រមូលថវិកាជាតិក៏មានការល្អប្រសើរគួរឱ្យកក់ក្តៅ។ ចំណូលក្នុងឆ្នាំ ២០១៩ នេះកើនឡើងដល់ ២៥ ភាគរយនៃផលិតសរុបក្នុងស្រុកដែលជាប្រទេសមួយមានចំណូលមធ្យមកម្រិតទាប ប៉ុន្តែមានចំណូលទៅ ២៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកដោយមិនពឹងផ្អែកលើធនធានធម្មជាតិ។

ស្របពេលនេះដែរ លោក វង្សី វិស្សុត ឱ្យដឹងថា “ទុនបំរុងជាតិរបស់កម្ពុជាកើនឡើងជាង ១៧ ពាន់លានដុល្លារ ដែលធានារដល់ការនាំចូលរហូតដល់រយៈពេល ៨ ខែ។ នេះបង្ហាញថាជាក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចមួយដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិយើង”។

ដោយឡែក លោក បានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ នេះ មានទិដ្ឋភាពមួយផ្សេងបន្តិចខុសពីឆ្នាំមុនៗ ដោយសារវិធានការមួយចំនួនធំ ការបែងចែកថវិការបស់យើងគឺផ្អែកទៅលើស្ថានភាពថ្មីៗច្រើន។ ម្ខាងទប់ទល់នឹងសភាពការ ហានិភ័យ ការប្រឈមធំដែលយើងកំពុងជួបប្រទះ ហើយខាងម្ខាងទៀតបន្តអនុវត្តឱ្យមានចីរភាពនៃប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលស្របតាមកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាល៕

មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយទៀតរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងនឹងបង្ហាញខ្លួននៅក្រុងព្រះសីហនុលើផ្ទៃដីទំហំ ៧ម៉ឺនម៉ែត្រការ៉េ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង គ្រោងសាងសង់អគារពហុមុខងារថ្មីមួយទៀត នៅលើផ្ទៃដីទំហំ ៧២.១១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខណៈគម្រោងរបស់ក្រុមហ៊ុនផ្សេងៗនៅក្នុងខេត្តមួយនេះបាននឹងកំពុងសាងសង់យ៉ាងសកម្ម។

គម្រោងសាងសងអគារពហុមុខងារថ្មីមួយទៀតរបស់ក្រុមហ៊ុនថៃប៊ុន រ៉ុងនេះ មានឈ្មោះ Star Ocean Bay Views ត្រូវបានឯកភាព និងគាំទ្រដោយកិច្ចប្រជុំ ប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នេះ ដែលសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។

ក្រៅតែពីបានគំាទ្រចំពោះគម្រោងមួយនេះ អន្តរក្រសួងក៏បានស្នើដល់ម្ចាស់គម្រោងរំលេចរចនាបទខ្មែរខ្លះនៅក្នុងសំណង់អគារ ត្រូវចូលរួមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស និង ត្រូវបញ្ចូលបន្ថែមច្បាប់សំណង់ថ្មីៗ និងគោរពឱ្យបានខ្ជាប់ខ្ជួន។

អន្តរក្រសួងក៏បានជំរុញឱ្យ ម្ចាស់គម្រោង ត្រូវញែកឱ្យដាច់រវាងប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ត្រូវគោរពតាមលក្ខខណ្ឌដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់សម្រាប់ចំណតរថយន្ដ និងត្រូវរៀបចំប្រព័ន្ធការពារសុវត្ថិភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

ខេត្តព្រះសីហតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះត្រូវបានរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស នៅក្នុងតំបន់កណ្តាលក្រុងដែលជាទីបណ្តុំនៃសំណង់មណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ ខណៈ បច្ចុប្បន្ននេះ ក្រុងព្រះសីហនុបានចាប់ផ្តើមមានភាពទាក់ទាញសារជាថ្មី ដោយមានកំនើនទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តសារជាថ្មី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ និងការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់លេខ១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ក្នុងចំណោមនេះវិស័យសំណង់មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ គិតចាប់ពីឆ្នាំ២០១៧ដល់ខែធ្នូឆ្នាំ២០១៩ មានចំនួន១,១៣៧គម្រោង មានផ្ទៃក្រឡាសរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡាស្មើនិងទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ ដុល្លា ៕

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ ការចំណាយថវិកាជាតិនៅសល់ដល់ ៨ ភាគរយនៃផលទុនជាតិសរុប

ដោយ ប៊ី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អតិរេកចរន្តនៃថវិកាជាតិឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុប ខណៈឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅឯវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០ នៅថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០១៩ ថា ការគ្រប់គ្រប់ត្រឹមត្រូវនៃការចំណាយរបស់រដ្ឋាភិបាលបានធ្វើឱ្យអធិរេកចរន្តនៃថវិកាជាតិមានកើនឡើង។

លោក វង្សី វិស្សុត បានថ្លែងថា “ការចំណាយរបស់យើងគ្រោងចំណាយត្រឹមតែ ២៥ ភាគរយនៃផលទុនជាតិសរុប។ យើងមិនដែលចំណាយលើសកញ្ចប់ថវិកាទេ វិន័យថវិការបស់យើងគឺគ្រប់គ្រងបានល្អណាស់ ចាយមិនដែលលើស តែរកបានលើសរហូត”។

លោក បានបន្តថា “ដូច្នេះបានជាយើងសល់ថវិកាជាតិបំរុង ហើយក្នុងឆ្នាំ២០១៩ អតិរេកចរន្តឡើងទៅដល់ ៨ ភាគរយនៃផលទុនជាតិសរុបដែលយើងគ្រោងត្រឹមតែ ២ ឬ ៣ ភាគរយនៃផលទុនជាតិសរុប ហើយឱនភាពនៃថវិកាជាតិសឹងតែគ្មានក្នុងឆ្នាំ ២០១៩ ធ្វើឱ្យយើងមានការសន្សំច្រើនសម្រាប់រដ្ឋាភិបាល”។ (អតិរេកចរន្តគឺជាលទ្ធផលវិជ្ជមាននៃផលដករវាងចំណូលចរន្ត និងចំណាយចរន្ត)

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ផលទុនជាតិសរុបកើនឡើងដល់ ២៧ ២២២ លានដុល្លារអាមេរិក។

ជាលទ្ធផលនៃការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចល្អ និងភាពរឹងមាំខាងម៉ាក្រូសេដ្ឋកិច្ច យើងឃើញថា ការប្រមូលថវិកាជាតិក៏មានការល្អប្រសើរគួរឱ្យកក់ក្តៅ។ ចំណូលក្នុងឆ្នាំ ២០១៩ នេះកើនឡើងដល់ ២៥ ភាគរយនៃផលិតសរុបក្នុងស្រុកដែលជាប្រទេសមួយមានចំណូលមធ្យមកម្រិតទាប ប៉ុន្តែមានចំណូលទៅ ២៥ ភាគរយនៃផលិតផលសរុបក្នុងស្រុកដោយមិនពឹងផ្អែកលើធនធានធម្មជាតិ។

ស្របពេលនេះដែរ លោក វង្សី វិស្សុត ឱ្យដឹងថា “ទុនបំរុងជាតិរបស់កម្ពុជាកើនឡើងជាង ១៧ ពាន់លានដុល្លារ ដែលធានារដល់ការនាំចូលរហូតដល់រយៈពេល ៨ ខែ។ នេះបង្ហាញថាជាក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចមួយដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិយើង”។

ដោយឡែក លោក បានលើកឡើងថា នៅក្នុងឆ្នាំ ២០២០ នេះ មានទិដ្ឋភាពមួយផ្សេងបន្តិចខុសពីឆ្នាំមុនៗ ដោយសារវិធានការមួយចំនួនធំ ការបែងចែកថវិការបស់យើងគឺផ្អែកទៅលើស្ថានភាពថ្មីៗច្រើន។ ម្ខាងទប់ទល់នឹងសភាពការ ហានិភ័យ ការប្រឈមធំដែលយើងកំពុងជួបប្រទះ ហើយខាងម្ខាងទៀតបន្តអនុវត្តឱ្យមានចីរភាពនៃប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលស្របតាមកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាល៕

លោក ច្រឹក សុខនីម ៖ សសរស្ដម្ភទាំង៣ ជ្រោមជ្រែងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សរសរស្តម្ភទាំង៣ ដែលជួយជ្រោមជ្រែងឱ្យវិស័យអចលនទ្រព្យរឹងមាំបាន និងបានជួយដល់ដំណើរនៃការអភិវឌ្ឍប្រកបដោយភាពរលូនក្នុងរយៈពេលជាង១០កន្លងមកនេះរួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វិស័យអចលទ្រព្យនៅកម្ពុជាអាចមានភាពរឹងមាំ និងមានការអភិវឌ្ឍគឺអាស្រ័យទៅលើសរសរស្ដម្ភទាំង៣ រួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ច្រឹក សុខនីម ដោយមើលឃើញច្បាស់ពីគុណតម្លៃនៃផ្នែកសំខាន់ៗទាំង៣ ដែលឈរជាសរសរស្ដម្ភក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយអនុប្រធាន និងក្រមការងារស្នូលរបស់សមាគមព្រមទាំងដៃគូដោយបានសម្រេចបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុប្រមាណជាង ១,០០០នាក់។

ក្រៅពីនេះ នៅមានការបណ្តុះបណ្តាល ភ្នាក់ងារវាយតម្លៃអចលនវត្ថុប្រមាណជាង ១២៥នាក់ ចែករំលែកអំពីការគ្រប់គ្រងលើវិស័យអចលនវត្ថុប្រមាណជាង២៥០នាក់តាមរយៈកម្មវិធីធុរកិច្ចអាជីវកម្ម (Real Estate Business Support Program) និងការចែករំលែកចំណេះដឹងជាសាធារណៈប្រមាណជាង ៨០០នាក់ ហើយសមាគមបាននាំសមាជិកទៅសិក្សារៀនសូត្រ និងផ្លាស់ប្តូរពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុបផងដែរ។ លើសពីនេះទៀត សមាគមបានសហការជាមួយសមាគម_NationalAssociation of Realtors-NAR,នៅសហរដ្ឋអាមេរិច ធ្វើការបណ្តុះបណ្តាលជំនាញភ្នាក់ងារអចលនវត្ថុកម្រិតអន្តរជាតិ ប្រមាណជាង ១២៥នាក់ ដើម្បីក្លាយជាអ្នកជំនាញអចលវត្ថុនិងជាសមាជិក NAR ដែលជាស្ថាប័នមួយទទួលស្គាល់ដោយអន្តរជាតិ។

លោកបានបន្តទៀតថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានដោយមានសន្តិភាព និងស្ថិរភាពនយោបាយដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជាសម្រេចបាននូវកំណើនក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ ចក្ខុវិស័យនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូលរួមវិនិយោគក្នុងវិស័យសេវាកម្មអចលនវត្ថុដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែលជាង ៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។ ស្របពេលដែលយើងកំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះសមាគមនៅតែមានការព្រួយបារម្ភអំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារអចលនវត្ថុក៏ដូចជាវិស័យឧស្សាហកម្មអចលនវត្ថុ។

លោកបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកមដោយនិរន្តភាព ចាំបាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌ វិជ្ជាជីវៈ នៅក្នុងទីផ្សារអចលនវត្ថុ ដើម្បីជៀសវាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុ និងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែនាំអ្នកវិនិយោគ ផ្សេងទៀតចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្ថែមទៀត៕