សម្តេចតេជោពន្យល់ការពីប្រែប្រួលនិងរបត់នយោបាយដ៏ស្មុគស្មាញរបស់ពិភពលោក

ដោយគង់ សូរិយា

ភ្នំពេញ: សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ


មានប្រសាសន៍ក្នុងពិធីបូកសរុបសន្និបាតការងារក្រសួងការបរទេសឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកប្រធានបទធំ៣ មកវិភាគ វាយតំលៃ និងណែនាំ, ទី១, អំពីពិភពលោកយើង ទី២ សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែល ផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង ទី៣ ទិសដៅការងារការបរទេស។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយ ដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ជាពិភពលោកមួយ ដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែងនិងដោះស្រាយកិច្ចការនៃភពផែនដី

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឥឡូវនេះរបៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ត្រង់នេះក៏មាការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ  របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់ មិនខុសពីការដេញដោលគ្នាអំពីពាក្យ និយាមអន្តរជាតិ (International Standard) នោះឡើយ។ តើអ្នកណាជាអ្នកបង្កើត និងកំណត់ស្តង់ដារ និងរបៀបរបបអន្តរជាតិនោះ ហើយតើស្តង់ដារនិងរបៀបរបបនោះ ដាក់ឱ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះ អ្នកបង្កើតប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដារ របៀបរបបនោះលែងផ្តល់ ប្រែទៅជាផ្ទុយនឹងផលប្រយោជន៍ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ពាធមកលើប្រព័ន្ធនៃរបៀបរបប ដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានា ដែលតូចជាងខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នាក៏ដោយ។


សម្តេចតេជោបានថ្លែងថា នយោបាយប្រទេសធំ សង្កត់លើប្រទេសតូចមិនមែនជារឿងត្រឹមត្រូវនោះទេ។សម្តេចតេជោបន្ថែមថា ពិតហើយកម្ពុជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀបរបបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាច ជួយអ្វីបានសោះនោះទេ

កម្ពុជាបានបង្ហាញទៅសហគមន៍អន្តរជាតិអំពី តួនាទីកាន់តែសកម្មរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក និងតំបន់ ដោយចូលរួមវិភាគទាននានា ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងសង្គម តួយ៉ាងការបំពេញភារកិច្ចជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ជាសមាជិកECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បញ្ជូនកងកំលាំងរក្សាសន្តិភាព ព្រមទាំងចូលរួមក្នុងការប្រយុទ្ធ នឹងការប្រឈមនានានៃពិភពលោក មានការប្រឆាំងនឹងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុជាដើម។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ថ្មីៗនេះយើងក៏បានឃើញនូវភាពអន្តរាយនានា ដែលបានកើតឡើងក្រោយការជ្រៀតជ្រែករបស់មហាអំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដូចគ្នា តែតូចជាងនិងខ្សោយជាងនោះ នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។

សម្តេចតេជោបន្តថា មិនត្រឹមហេតុផលរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ សូម្បីរឿងដាំដូងប្រេង ក៏ខ្លាចទៅបញ្ហារវាងប្រទេស និងប្រទេសដែរ

សម្តេចតេជោហ៊ុន សែន បានថ្លែងថា ការប្រឈមធំៗជាសកល ដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រឹដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង (តួយ៉ាង Corona virus នៅ Wuhan ថ្មីៗនេះ) ។ល។ នឹងនៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឱ្យមានការប្រឹងប្រែងរួមគ្នា បន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប៕

អ្នកជំនាញអះអាងថាខុនដូតម្លៃសមរម្យនឹងកាន់តែមានតម្រូវការខ្ពស់នៅឆ្នាំនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២០នេះ សម្រាប់ទីផ្សារខុនដូ ដែលមានតម្លៃសមរម្យនឹងកាន់តែមានតម្រូវការទីផ្សារខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈដែលប្រភេទខុនដូតម្លៃមធ្យម និងកម្រិតខ្ពស់អាចនឹងប្រឈមឱនភាពរាប់ទាំងការជួល និងការលក់។

នៅក្នុងឆ្នាំ២០២០នេះ អាគារខុនដូជាច្រើន នឹងត្រូវបានចាក់បញ្ចូលនៅលើទីផ្សារបន្ថែមទៀតបន្ទាប់ពីគម្រោងធំៗជាច្រើន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរទៅតាមកាលកំណត់នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០១៩ មានចំនួន១៨, ០០៨ យូនីតរួចទៅហើយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។

លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ

លោកខន គង្គារបានមានប្រសាសន៍បន្តទៀតថា ការបង្វែរគោលដៅមកកាន់ទីផ្សារខុនដូកម្រិតសមរម្យ គឺមានអត្រាជោគជ័យខ្ពស់ ដោយសារតែមានតម្រូវការទីផ្សារស្រាប់នៅក្នុងស្រុក។ ឱ្យតែជាប្រភេទខុនដូ ដែលមានតម្លៃចាប់ពី២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមិនពិបាកស្វងរកទីផ្សារនោះទេ ហើយវាក៏ផ្តល់ឱកាសដល់អ្នកដែលមានបំណងទិញដើម្បីវិនិយោគបន្តផងដែរ ដោយសារតែការចំណាយទៅលើការទិញខុនដូដែលមានតម្លៃត្រឹម១០ម៉ឺនក្នុងមួយយូនីត អាចមានឱកាសទទួលបានពីការជួលត្រឡប់មកវិញប្រមាណ១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចំណូលមិនក្រោម៧០០៨០០ដុល្លារក្នុងមួយខែនោះទេ ដែលវាប្រសើរជាងការទិញផ្ទះ ក្នុងតម្លៃប្រមាណ១៥ម៉ឺន។

ប៉ុន្តែអ្នកវិនិយោគអាចទទួលបានចំណូលប្រចាំខែ ពីការជួលត្រឹម៣០០៤០០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះការទិញឬវិនិយោគខុនដូកម្រិតតម្លៃសមរម្យ នៅតែជាជម្រើសល្អ

តាមរបាយការណ៍ដែលចេញផ្សាយ ដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ  CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញថា ជាមួយនឹងការរំពឹងទុកនូវកំណើននៃការផ្គត់ផ្គង់លើវិស័យខុនដូខាងលើនេះ ត្រូវបានចូលរួមចំណែកពីប្រភេទទីផ្សារខុនដូផ្សេងគ្នាចំនួន៣ រួមមានប្រភេទខុនដូតម្លៃសមរម្យ៣០ភាគរយ (មានការកើនឡើងប្រមាណ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩) ប្រភេទខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល៤៦ភាគរយ (ធ្លាក់ចុះប្រមាណ៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩​) និងប្រភេទខុនដូតម្លៃខ្ពស់ចូលរួម២៤ភាគរយ (មានការកើនឡើងប្រមាណ១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩)

នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។

លោកស្រីបានបន្តថា ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ។ ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោបន្ត

លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ។

លោកស្រីបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ

អាមេរិកអះអាងថា ការផ្ទុះឡើងនៃវីរុសថ្មីរបស់ចិនគឺល្អសម្រាប់សេដ្ឋកិច្ចខ្លួន

ដោយ Donald Lee

ភ្នំពេញៈ អាមេរិកកំពុងរំពឹងថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសឆ្លងដ៏សាហាវរបស់ប្រទេសចិន (វីរុសកូរ៉ូណា) ដោយធ្វើឱ្យក្រុមហ៊ុនផលិតកម្មវិលត្រឡប់មកអាមេរិកវិញពីចិនដីគោក។


ក្រុមហ៊ុនច្រើនកំពុងផ្អាកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសចិនដីគោក ដោយសារអត្រាឆ្លងមានដល់១០,០០០នាក់ នៅទូទាំងពិភពលោក និង២១៣នាក់បានស្លាប់ដោយសារការឆ្លងវីរុសនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោកWilbur Ross បាននិយាយថា សេដ្ឋកិច្ចអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសនេះ ដោយសារតែក្រុមហ៊ុនអាមេរិកនឹងនាំផលិតកម្មចេញពីចិនដីគោកវិញ ដោយសារតែការផ្អាកសកម្មភាព។

លោកRoss បាននិយាយនៅក្នុងបទសម្ភាសន៍ នៅលើទូរទស្សន៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំមិនចង់និយាយអំពីជ័យជម្នះលើជំងឺអកុសល និងសាហាវនោះទេ។ ប៉ុន្តែការពិតគឺថា វាពិតជាផ្តល់ឱ្យក្រុមហ៊ុននូវរឿងមួយទៀត ដែលត្រូវពិចារណានៅពេលពួកគេឆ្លងកាត់ការពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ

លោកបានបន្តថា ខ្ញុំគិតថាវានឹងជួយពន្លឿនការវិលត្រឡប់ មករកការងារនៅអាមេរិកខាងជើងវិញ

រដ្ឋាភិបាលអាមេរិក បានចេញសេចក្តីណែនាំនៅថ្ងៃសុក្រ ដោយបង្កើនការព្រមានពីកម្រិត៣ ដល់កម្រិត៤  កុំធ្វើដំណើរទៅប្រទេសចិន

រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា កុំធ្វើដំណើរទៅប្រទេសចិន ដោយសារវីរុសថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងទីក្រុងវូហានប្រទេសចិន

អង់គ្លេស និងកូរ៉េខាងត្បូង បានជម្លៀសពលរដ្ឋចេញពីទីក្រុងវូហាន កាលពីម្សិលមិញ បន្ទាប់ពីប្រទេសដទៃទៀត បានជួយសង្គ្រោះជនជាតិរបស់ពួកគេពីចំណុចក្តៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិជាច្រើន បានចាប់ផ្តើមផ្អាកការហោះហើរទៅកាន់ប្រទេសចិន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសBritish Airlines ដែលបានបញ្ឈប់សេវាកម្មហោះហើរទៅកាន់ប្រទេសនេះទាំងស្រុង។ ក្រុមហ៊ុនអាហារយក្សអន្តរជាតិ McDonald’s បានបិទប្រតិបត្តិការ នៅតាមភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងខេត្តចិននៅHubei ដែលជាមជ្ឈមណ្ឌលនៃការផ្ទុះឡើងនៃវីរុស។


វិនិយោគិនអាមេរិក បានទទូចដល់ប្រធានាធិបតីអាមេរិកលោក Donald Trump   ឱ្យដកចេញពន្ធលើការនាំចូលរបស់ចិន ខណៈវីរុសដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចចិន និងធ្វើឱ្យទីផ្សារអាស៊ីធ្លាក់ចុះ។ ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ ក្នុងខែនេះបានផ្អាកការប្រទូសរ៉ាយគ្នា អាមេរិកមិនទាន់បានដកហូតពន្ធគយណាមួយ ដែលបានធ្វើឡើងកាលពីឆ្នាំមុនទេ ហើយលោកTrump បាននិយាយថា ការដកពន្ធចេញនឹងមិនចាប់ផ្តើមទេ រហូតដល់ការចរចារដំណាក់កាលទី២ ចាប់ផ្តើមបន្ទាប់ពីខែ វិច្ឆិកា ឆ្នាំនេះ។

ក្រុមអ្នកវិភាគជឿជាក់ថា សេដ្ឋកិច្ចពិភពលោក នឹងឈានទៅរកការស្ទុះងើបឡើងវិញបន្តិចនៅឆ្នាំ២០២០ ប៉ុន្តែការផ្ទុះឡើងនៃវីរុសថ្មី បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភអំពីភាពមិនត្រឹមត្រូវ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ហើយថែមទាំងនាំឱ្យមានវិបត្តិសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកRajiv Biswas ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំក្រុមហ៊ុន IHS Markit បាននិយាយនៅក្នុងរបាយការណ៍មួយថា វីរុសថ្មីនេះបង្កហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ចំពោះចក្ខុវិស័យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២០ ប្រសិនបើការរីករាលដាលនៅតែបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

NBCគ្រោងនឹងដាក់ចេញប្រព័ន្ធទូទាត់ប្រាក់ឌីជីថលជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន១១

ដោយ ប៊ី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) គ្រោងនឹងបង្កើតប្រព័ន្ធទូទាត់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាល (CBDC) នាពេលខាងមុខនេះ ខណៈគម្រោងនេះនឹងដាក់ចេញនូវ គម្រោងបាគង ដែលជាប្រព័ន្ធផ្ទេរប្រាក់ ដែលមានលក្ខណៈពិសេសនៃប្រព័ន្ធទូទាត់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាល។


លោកស្រីជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងថា ប្រព័ន្ធCBDC មានគាំទ្រពីធនាគារចំនួន១១ ក្នុងចំណោមធនាគារពាណិជ្ជចំនួន៤៣ នៅក្នុងប្រទេសនេះរួចហើយ។ យោងទៅតាមលោកស្រី ជា សិរីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន នឹងចូលរួមក្នុងវេទិកានេះនិងប្រើប្រាស់ប្រព័ន្ធCBDC នៅពេលគម្រោងនេះដំណើរការ។

លោកស្រីបានមានប្រសាសន៍ថា គម្រោងបាគង (ជាគម្រោងប្រព័ន្ធទូទាត់ឌីជីថល) នឹងដើរតួយ៉ាងសំខាន់ក្នុងការនាំអ្នកពាក់ព័ន្ធទាំងអស់ ទៅកន្លែងទូទាត់នៅកម្ពុជាក្រោមកម្មវិធីតែមួយ ដែលធ្វើឱ្យអ្នកប្រើចុងក្រោយបង់លុយគ្នាយ៉ាងងាយស្រួល ដោយមិនគិតពីស្ថាប័នដែលពួកគេបានដាក់ប្រាក់ លោកបន្តថា នៅទីបំផុតយើងសង្ឃឹមថា នឹងអនុញ្ញាតឱ្យមានការបង់ប្រាក់ឆ្លងកាត់ព្រំដែន តាមរយៈប្រព័ន្ធបាគងផងដែរ


ធនាគារកណ្តាលរបស់ប្រទេសកម្ពុជា នឹងរក្សាការគ្រប់គ្រងកណ្តាលនៃប្រព័ន្ធ CBDC ដែលបានស្នើជាមួយប្រព័ន្ធបិទជិត ដែលនឹងរួមបញ្ចូលអ្នកចូលរួម ដូចជា ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេស។

តាមរបាយការណ៍របស់គម្រោងបាគង បានឈានដល់ដំណាក់កាលសាកល្បងនៅខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងការបើកដំណើរការចុងក្រោយ ដែលរំពឹងទុកមុនដំណាច់ត្រីមាសទី១ ឆ្នាំ ២០២០៕

រដ្ឋាភិបាលនឹងបើកស្ថានទូត២ផ្សេងទៀតនៅអាហ្វ្រិក និងអាមេរិកឡាទីន

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអនុម័តឱ្យក្រសួងការបរទេស ហប្រតិបត្តិការអន្តរជាតិ បើកបើកស្ថានទូតចំនួន២ផ្សេងទៀង នៅនៅអាហ្វ្រិក និងអាមេរិកឡាទីន តបតាមសំណើររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ខណៈកម្ពុជាបច្ចុប្បន្នបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។


សម្ដេចតេជោហ៊ុន សែន នៅក្នុងសន្និបាតបូករុបការងារប្រចាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០នៅព្រឹកថ្ងៃទី៣១ មករានេះ ឱ្យដឹងថាស្ថានទូតទាំងពីរនេះ អាចបង្កើតឡើងនៅចន្លោះឆ្នាំ២០២១ ទៅ២០២២ខាងមុខ។ ជាមួយគ្នានេះ សម្តេចក៏បានសម្រេច ឱ្យក្រសួងការបរទេស ពិនិត្យលទ្ធភាពរៀបចំថវិកាសាងសង់អាគារ និងសម្រាប់ជួលបុគ្គលិកបំពេញការងារនៅទីនោះផងដែរ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងដែរថា ការបង្កើតទូតថ្មីនេះ គឺដើម្បីពង្រឹងទំនាក់ទំនងការទូតបន្ថែមទៀត តាមយុទ្ធសាស្ត្របង្កើនមិត្តខាងក្រៅ ដែលរដ្ឋាភិបាលបានដាក់ទិសដៅ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ កាលពីឆ្នាំ២០១៩ កម្ពុជាចាប់ផ្តើមស្តារទំនាក់ទំនងការទូតនិងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់យើងមានសាធារណរដ្ឋឆែក ប៊ុល ហ្គារី ហុងគ្រី រ៉ូម៉ានី ស៊ែប៊ី ហើយបានទិញអាគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូតយើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មីនៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រីផងដែរ។


ក្នុងរយៈពេលជិត៤ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ជាច្រើននៅក្នុងក្រសួង ដូចជា លក្ខខណ្ឌការងារសំរាប់មន្ត្រីត្រូវបានកែលំអ ដោយមានរបបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិក ក្នុងក្រសួងការតំឡើងប្រាក់ខែជូនមន្ត្រីការទូត នៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកាចំណាយទូទៅ សំរាប់ស្ថានតំណាងនៅបរទេសចំនួន១០ភាគរយ ការកែលម្អរកន្លែងធ្វើការ ការបង្កើតវិទ្យាស្ថាន ដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលមន្ត្រីការទូតជាដើម៕

ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មប្រចាំតំបន់អាស៊ានទទួលស្គាល់ថា ទីផ្សារនៅកម្ពុជាមានការអភិវឌ្ឍខ្ពស់ជាងគេនៅតំបន់អាស៊ាន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនលំដាប់ពិភពលោក យូនីលីវើ (Unilever) និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនក្នុងតំបន់អាស៊ាន បានកោតសរសើរ និងស្ញប់ស្ញែងចំពោះស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលដែលក្រុមហ៊ុនមួយនេះមានដំណើរការជិត ២ ទសវត្សរ៍កន្លងទៅនេះ។

យូនីលីវើ គឺជាក្រុមហ៊ុនលំដាប់ពិភពលោកដែលមានដំណើរការលើការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនចំរុះផ្តោតសំខាន់លើការគ្របគ្រង និងចែកចាយផលិតផលនានានៅលើទីផ្សារយ៉ាងទូលាយទូទាំងពិភព និងកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាមិនក្រោម១០ឆ្នាំនោះទេ។

នៅក្នុងកិច្ចចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ម្សិលមិញ នេះ លោក រ៉ូបឺត កាន់ឌីលីណូ (Robert Candelino) នាយប្រតិបត្តិនៃក្រុមហ៊ុន យូនីលីវើ (Unilever) និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនក្នុងតំបន់អាស៊ានបាន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងរឹងមាំ នូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះពាល់ខ្លាំងលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។

លោក រ៉ូបឺត កាន់ឌីលីណូ បានបន្តថា ទីផ្សារកម្ពុជា ជាទីផ្សារមួយដែលមានកំណើនខ្ពស់មួយក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមានប្រតិបត្តិការ។ កំណើនទីផ្សារដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងពីការរីកចំរើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូល ដែលបានប្រែក្លាយខ្លួនយ៉ាងលឿនក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាវិញ លោក កាន់ឌឺលីណូ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយបុគ្គលិករបស់ក្រុមហ៊ុន ដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្តចំពោះទេពកោសល្យនៃយុវជនកម្ពុជា ដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បង ហើយការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបែបនេះ ក៏បានជួយដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។ លោកបានស្នើសុំឱ្យក្រុមហ៊ុន យូនីលីវើ បន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយ ដូចជាក្លែងបន្លំផលិតផល និងធ្វើការរាយការណ៍ជូនអាជ្ញាធរឱ្យបានភ្លាមៗ ក្នុងករណីដែលដឹង។

ជាមួយនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គភាពកាំកុងត្រូលឱ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារ ការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក៏បានស្នើសុំឱ្យក្រុមហ៊ុន យូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍ពិសោធន៍ ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ឬផលិតផលលាយ៕

ក្រុមហ៊ុនជប៉ុនធំមួយបានឈានជើងចូលកម្ពុជា ក្នុងការផ្តល់សេវាកម្មរថយន្តជួល

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renet Japan Group Inc បានបើកដំណើរការសេវាកម្មរថយន្តជួលនៅកម្ពុជាក្នុងគោលបំណងដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលកំពុងរីកចម្រើននេះ។

ក្រុមហ៊ុន Renet Japan Group បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះថា ខ្លួនគឺជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណសម្រាប់សេវា រថយន្តជួលរបស់ក្រុមហ៊ុន Mobility Finance Cambodia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន SBI Holdings Inc ដែលចូលរួមក្នុងសេវាកម្មហិរញ្ញវត្ថុតាមអ៊ីនធឺណេត។

ក្រុមហ៊ុន Renet បានឱ្យដឹងថា ខ្លួនបានទទួលការយល់ព្រមពីក្រសួងពាណិជ្ជកម្មរួចហើយសម្រាប់ការធ្វើអាវីកម្ម។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា “ជាមួយនឹងការរីកចម្រើននៃទីផ្សារកម្ពុជាចំនួនអ្នកប្រើប្រាស់ដែលទិញរថយន្តដោយប្រាក់កម្ចី ឬការជួល កំពុងពង្រីកយ៉ាងឆាប់រហ័ស ហើយការផ្តល់សេវាកម្មថ្មីៗគឺចាំបាច់” ។

ក្រុមហ៊ុន Mobility Finance នៅប្រទេសកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺរណេត និងប្រព័ន្ធតាមដាន GPS ស្វ័យប្រវត្តិដើម្បីធ្វើការវាយតម្លៃឥណទាន និងកំណត់ទីតាំងយានយន្ត និងឧបករណ៍។

ក្រុមហ៊ុនមានគោលបំណងផ្តល់ជូនអត្រាការប្រាក់ទាបបំផុតក្នុងវិស័យនេះ ហើយទទួលបានការជួលយ៉ាងតិច ១ ៥០០ គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនមានកំណើនលក់ ៨៨,៩ ភាគរយដែលស្មើនឹង ៧៨,៥ លានដុល្លារ កាលពីឆ្នាំមុន៕

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ថ្ងៃទី១១ ខែកុម្ភៈ

ដោយវុត្ថា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនូផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។នេះ បើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ ។

ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។

គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាប្រមាណ៤៥ លានដុល្លារអាមេរិក។

ក្នុងនោះចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា ៤គន្លង៕

រដ្ឋាភិបាល កំពុងរៀបចំ ផែនការមេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយដូចទីក្រុងពាណិជ្ជកម្ម សិនជិន ប្រទេស ចិន

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រាជរដ្ឋាភិបាល កម្ពុជា កំពុងតែអោយក្រុមហ៊ុនជំនាញបរទេសធ្វើការសិក្សាលម្អិត និងរៀបចំផែនការមេសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុអោយក្លាយទៅជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចពិសេស ពហុបំណង ដូចគ្នាទៅនឹងទីក្រុងពាណិជ្ជកម្មពិសេស សិនជិន ប្រចាំនៅប្រទេសចិន។

រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៉ី វិស្សុត បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈសកដីពី ស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

លោកបន្ដថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍។

លោក វង្ស៉ី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឲ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាពោលសេដ្ឋកិច្ចមួយដ៏ខ្លាំង, ជាពោលសេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា»។

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានវិនិយោគនូវទឹកប្រាក់ជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីធ្វើយ៉ាងណាឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅទាក់ទាញនូវទេសចរណ៍ និងការវិនិយោគលើវិស័យឧស្សាហកម្ម។

លោករដ្ឋលេខាធិការបញ្ជាក់ថា តាមផែនការ Master Plan នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងរួចរាល់ហើយដាក់ឲ្យដំណើរការ នៅក្នុងអណត្តិនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា យ៉ាងយូរ៥ឆ្នាំទៀត កម្ពុជានឹងមានលទ្ធភាពសាងសង់ផ្លូវស្តង់ដារខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ យ៉ាងយូរបំផុតក្នុងត្រឹមរយៈពេល៥ឆ្នាំខាងមុខ ដែលស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលមានការកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពកម្រិតស្ដង់ដាដូចបណ្តាប្រទេសនានា។

នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកា ឆ្នាំ២០២០» កាលពីថ្ងៃទី៣០ ខែមករា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សិត រដ្ឋលេខាធិការប្រចាំការការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ជាឆ្លើយតបទៅនឹងការលើកឡើងរបស់មហាជនដែលតែងរិះគន់ថា ផ្លូវថ្នល់កម្ពុជាមានគុណភាព អន់ ចាក់មុខខូចក្រោយ ចាក់ក្រោយខូចមុខ ឬចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម រដ្ឋាភិបាលនឹងមានគម្រោងបង្កើតគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពកម្រិតស្ដង់ដាខ្ពស់។

លោក វង្សី វិស្សុត បានទទួលស្គាល់ថា ពិតជាមានបញ្ហាអវិជ្ជមានទាំងនេះមែន ក៏ប៉ុន្តែមិនមែនផ្លូវថ្នល់ទាំងអស់សុទ្ធតែខូច គ្រប់កន្លែងនោះដែរ។ លោកបានបញ្ជាក់ថា “ចាំមើលចុះ ៣ឆ្នាំ ទៅ ៥ឆ្នាំទៀត ផ្លូវជាតិលេខ១ទាំងអស់សុទ្ធតែផ្លូវដឹកដោយសេរី លេងស្តង់ដារខ្ពស់ហ្មង ធ្លាប់ធ្វើអាមួយគីឡូកន្លះលាន យើងនឹងធ្វើអាមួយគីឡូ២លានដុល្លារ ឥឡូវទៅបណ្តើរៗហើយ”។

បញ្ហាផ្លូវខូចកន្លងមក ត្រូវបានលោក វង្សី វិស្សុត បកស្រាយថា “មានកត្តាជាច្រើន ម្យ៉ាងមកពីមានអភិបាលកិច្ចមិនល្អក្នុងការស្ថាបនា និងម្យ៉ាងធំមួយទៀតនោះគឺ ប្រទេសយើងក្រមានលុយតិចហើយត្រូវធ្វើសមាហរណកម្មទាំងក្នុងនិងក្រៅប្រទេស ដូច្នេះ ដើម្បីបានការតភ្ជាប់បានវែងពីខេត្តមួយទៅខេត្តមួយពីក្រុងមួយទៅក្រុងមួយគោលនយោបាយយើងសម្រេចធ្វើផ្លូវគុណភាពទាប ប៉ុន្តែបានវែង”។

លោកបញ្ជាក់ថា “ចាក់មុខខូចក្រោយ ចាក់ក្រោយខូចមុខ ទី១. វាមានហេតុអីចឹងមែន ការគ្រប់គ្រងអភិបាលកិច្ចមិនបានល្អ មានកន្លែងអីចឹងមែន ប៉ុន្តែមិនមែនគ្រប់កន្លែងទេ។ ទី២. ពីមុនយើងមានគោលនយោបាយមួយលុយយើងប្រទេសវាក្រ យើងយកស្តង់ដារផ្លូវទាប បើធ្វើល្អបានខ្លី ហើយត្រូវការសមាហរណកម្មក្នុងប្រទេសផងក្រៅប្រទេសផង យើងត្រូវការអាវែងសិន បើអាវែងលុយតិចគុណភាពទាប ទើបវាបានវែង វាបានតភ្ជាប់គ្នា បើធ្វើខ្លីអត់ភ្ជាប់ដដែល ដូច្នេះចាយអាគុណភាពទាប … អាអន់ៗទាំងអស់ លុយវាតិច តែគុណភាពទាប វាឆាប់ខូចហើយ”។

សម្រាប់គោលការណ៍គន្លឹះក្នុងការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០២០នេះរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះមួយចំនួនដូចជា ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕