វិនិយោគអចលនទ្រព្យចំពេលទីផ្សារជាប់គាំង ហើយចង់លក់ចេញមិនឱ្យខាត តើគួរធ្វើយ៉ាងណា ?

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្រាប់ទីផ្សារអចលនទ្រព្យ នៅពេលមានការកើនឡើងនូវតម្រូវការ ឬអំណាចបញ្ជាទិញ មិនមែនកើតមានជានិរន្តនោះទេ មានន័យថា វាអាចនឹងរាំងស្ទះនៅក្នុងដំណាក់កាលណាមួយនៅពេលដែលឡើងដល់ចំណុចឆ្អែត។

ដូច្នេះ ប្រសិនបើទីផ្សារអចលនទ្រព្យទាំងមូល ត្រូវជួបឱនភាព តើអ្នកដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាល វិនិយោគមិនទាន់លក់ចេញ គួរធ្វើដូចម្ដេចដើម្បីកាត់បន្ថយការខាតបង់បង់?

ជាការចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យក្រោមប្រធានបទខាងលើនេះ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានសរសេរនៅលើគណនីផ្ទាល់ខ្លួននៃបណ្តាញទំនាក់ទំនងសង្គមថា ទោះស្ថិតក្នុងកាលទេសៈណាក៏ដោយ ដំណោះស្រាយនៅតែមាន ប៉ុន្តែទាមទារឱ្យមានការអត់ធ្មត់ និងចេះសង្កេតពីស្ថានការណ៍។

នៅក្នុងសំណេរដដែល លោក ង៉ែត ជូ បានលើកឡើងថា ប្រសិនលោកអ្នកបានជួបនឹងស្ថានការណ៍បែបអវិជ្ជមានក្នុងវិស័យនេះគម្បី ដោះស្រាយដោយវិធីសាស្ត្រចំនួន៣រួមមាន

ទី១កុំបង្ខំលក់ចេញ ភាពភ័យស្លន់ស្លោ ហើយបង្ខំលក់អចលនទ្រព្យ ឬហ៊ុនដែលអ្នកកាន់កាប់ធ្វើឱ្យអ្នកខាតបង់ខ្លាំង។ ដូច្នេះត្រូវមានចិត្តអំណត់ និងរស់នៅដោយសាមញ្ញ (ចំណាយតិច) បំផុតតាមដែលអាចធ្វើបាន។

ទី២កុំតាមដានព័ត៌មានទីផ្សារស្អិតពេក ការទទួលបានព័ត៌មានអវិជ្ជមានជាប់ជាប្រចាំក្នុងកំឡុងពេលទីផ្សារមានវិបត្តិ អាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងហាមចិត្តមិនបាន ឈានដល់ដំណាក់កាលលក់ឡៃឡុង។ ទី៣ កុំគិតខ្លី មនុស្សដែលគិតវែងឆ្ងាយរមែងត្រៀមខ្លួនជានិច្ចសម្រាប់ទប់ទល់ទៅនឹងកាលៈទេសៈដែលមានវិបត្តិ។

លោកង៉ែត ជូបានបញ្ជាក់ថា នៅក្នុងការចូលប្រឡូក នៅក្នុងវិស័យជំនួញគេជឿថា ការកើតមានវិបត្តិអ្វីមួយ វាគ្រាន់តែជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ហើយវិបត្តិទាំងនេះវានឹងរលត់បាត់ទៅវិញ ហើយជំនួសមកដោយស្ថានភាពល្អ ដែលនាំមកនូវឱកាសល្អអនុគ្រោះដល់ការធ្វើជំនួញដដែល

យុទ្ធនាការ “ផ្ទះ១ អំពូល១”ដំណាក់កាលទី២នឹងបន្តធ្វើឡើងនៅទូទាំងឃុំរំចេក បន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញៈ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងបន្តអនុវត្តយុទ្ធនាការ ផ្ទះ១ អំពូល១ ដំណាក់កាលទី២ខាងមុខនេះ បន្ទាប់ពីបញ្ចប់ដំណាក់កាលសាកល្បង នៅក្នុងភូមិព្រះដាក់ ទទួលបានជោគជ័យ១០០ភាគរយហើយ

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០កន្លងមកថា យុទ្ធនាការ ផ្ទះ១ អំពូល១ ដំណាក់កាលទី២នេះ គ្រោងរៀបចំធ្វើឡើងនៅទូទាំងឃុំរំចេក ដែលមានចំនួន៣ភូមិ និងមានផ្ទះប្រជាពលរដ្ឋចំនួនជាង៧០០ខ្នង។

លោកបន្តថា ក្នុងមួយផ្ទះទទួលបានអំពូលសូឡាស្វ័យប្រវត្តិ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាមួយការធានាគុណភាពរយៈពេល២ឆ្នាំ រួមទំាងមានបង្គោលដែក និងការតម្លើងចាក់ស៊ីម៉ង់ត៍ ជូនដល់ផ្ទះនីមួយៗ

លោកបានបន្តថា រដ្ឋបាលស្រុក បានសហការជាមួយវត្តមួយនៅក្នុងឃុំ ដើម្បីបង្កើតជាបុណ្យផ្កានៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខ ក្នុងគោលបំណងចូលរួមប្រមូលថវិកាសំរាប់ទិញអំពូលបន្ថែមដាក់នៅឃុំបន្តបន្ទាប់ សំដៅធ្វើឲ្យភូមិដ្ឋានមានភ្លើងបំភ្លឺនៅតាមមុខផ្ទះនាពេលរាត្រី ដែលបង្កើនសុវត្ថិភាពក្នុងភូមិ

លោកបន្តថា ជំហានបន្ទាប់នេះ យើងមានផែនការដែលយើង គ្រោងនឹងយកមកធ្វើនេះគឺឃុំរំចេក ក្នុងនោះយើងគ្រោងធ្វើជាបុណ្យផ្កាមួយ ដែលក្នុងនោះគឺព្រះចៅអធិការវត្តទេវៈ គាត់ជាអ្នកចេញមុខជួយរ៉ាប់រងក្នុងការធ្វើបុណ្យផ្កានេះ

លោកបន្តថា បុណ្យនេះនឹងរៃអង្គាសយកថវិកាទាំងអស់ ដែលប្រមូលពីបានសប្បុរសជនទាំងអស់នេះ យកទៅជូនវត្តទេវៈ ហើយវត្តទេវៈ គាត់នឹងធ្វើការប្រគល់ជូនមកឃុំរំចេក ដើម្បីយកទិញអំពូល បំពាក់។ ចឹងយើងរៀបចំបុណ្យផ្កានេះ ដើម្បីឲ្យអ្នកស្រុកទាំងអស់ចូលរួម ទោះបីចូល១ដុល្លារក៏ដោយ ក៏វាជាការចូលរួមដែរ

លោកអភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឧបត្ថម្ភទៅតាមលទ្ធភាព ដូចជាការផ្តល់ជូនជាអំពូលទៅដល់ផ្ទះជិតខាង ឬក៏អាចទិញដាក់ផ្ទះដោយរៀងៗខ្លួន និងចូលរូមថែរក្សាឲ្យបានយូរអង្វែង ដើម្បីចូលរួមអនុវត្តយុទ្ធនាការនេះ ដែលនឹងពង្រីកយុទ្ធនាការនេះ ឲ្យបានទូទំាងស្រុកនៅក្នុងឆ្នាំ២០២០នេះ ដែលមានផ្ទះសរុបចំនួនប្រហែល ១ម៉ឺនខ្នង។

យុទ្ធនាការ «ផ្ទះ១អំពូល១» ផ្តើមចេញពីការបំភ្លឺអំពូល នៅតាមផ្ទះនីមួយៗនៅទូទាំងស្រុកបន្ទាយស្រី ខេត្តសៀមរាបចំនួន១ម៉ឺនខ្នង ត្រូវបានចាប់ផ្តើមអនុវត្តជាជំហានដំបូងនៅក្នុងភូមិព្រះដាក់ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២០កន្លងមកនេះ

យុទ្ធនាការ «ផ្ទះ១អំពូល១» ដែលជាដំណាក់កាលសាកល្បងរបស់អភិបាលស្រុកបន្ទាយស្រី នេះ  បានប្រែក្លាយភូមិជនបទជាភូមិគំរូ និងទទួលបានការស្វាគមន៍ច្រើនពីអ្នកភូមិ។ ការស្វាគមន៍ពីអ្នកភូមិ ព្រោះពួកគាត់យល់ថាយុទ្ធនាការនេះ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ព្រមទាំងមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនទៀតផង៕

ចំណេះដឹង! តើអ្នកអភិវឌ្ឍ និងអ្នកទិញអចលនវត្ថុមានកាតព្វកិច្ចអ្វីខ្លះ?

ដោយវុត្ថា

ភ្នំពេញ៖ នៅក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទិញអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេបែងចែកកាតព្វកិច្ចផ្សេងៗគ្នា ក្នុងការធ្វើឱ្យមានគុណភាព ប្រសិទ្ធិភាព និងភាពជឿទុកចិត្តរវាងអ្នកទិញ និងអ្នកអភិវឌ្ឍ។

) សម្រាប់អ្នកអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្តអាជីវកម្មមានកាតព្វកិច្ច ដូចខាងក្រោម៖ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតមាខ្លឹមសារ ដូចមានចែងក្នុងប្រការនេះ ត្រូវបង្ហាញព័ត៌មានអប្បបរមាដូចមានចែងក្នុងប្រការ១៧ ដល់អ្នកខិញ ក្នុងពេលចុះកិច្ចសន្យាលក់ទិញ។ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេសនៃការរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។ត្រូវចុះបញ្ជីពន្ធដារ។

ត្រូវអនុវត្តទៅតាមកាលវិភាគបង់ប្រាក់ ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃរកាសនេះ។ត្រូវអនុវត្តកាតព្វកិច្ចឱ្យបានចប់សព្វគ្រប់ដូចមានចែងក្នុងកិច្ចសន្យាលក់ទិញ។ត្រូវបំបែកក្បាលដ៏ទៅតាមខ្លួនទៅឋាន ឬដីឡូត៍ដែលត្រូវអភិវឌ្ឍ។ត្រូវលើកស្លាក សញ្ញាអំពីគម្រោងអភិវឌ្ឍរបស់ខ្លួន ដោយបង្ហាញនូរប្លង់នៃគម្រោងអភិវឌ្ឍ ទីតាំងដែលគម្រោងអភិវឌ្ឍនោះស្ថិតនៅ។ត្រូវផ្ទេរឈ្មោះលើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬចំណែកឯកជននៃអគារសហកម្មសិទ្ធិ ជូនអ្នកទិញក្រោយពេលបានបង់ប្រាប់ចំនួន។

ត្រូវផ្តល់របាយការណ៍មកក្រសួង ឬមន្ទីរឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដូចបានកំណត់ក្នុងប្រកាសនេះ។


ម្យ៉ាទៀត ត្រូវចៀសវាងការចូលរួម ឬពាក់ព័ន្ធទៅនឹងការប្រព្រឹតួបទថ្មើរហិរញ្ញប្បទានភេរវកម្ម និងការលាងសម្អាតប្រាក់ ឬអំពើមិនស្របច្បាប់ណាមួយ ដែលច្បាប់ហាមឃាត់។ ក្នុងករណីដែលសង្កេតឃើញមានសកម្មភាពនេះ អ្នកអភិវឌ្ឍអចនវត្ថុត្រូវរាយការណ៍ជាបន្ទាន់ ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ឬអាជ្ញាធរមានសមត្តកិច្ចពាក់ព័ន្ធ និងត្រូវចម្តងជួនជាលាយលក្ខណ៍អក្សរមកក្រសួង ឬមន្ទីរ។

ចំណែកអ្នកទិញអចលនវត្ថុពីអ្នកអភិវឌ្ឍមានកាតព្វកិច្ច ដូចជាត្រូវពិដ៏ត្យខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់ទិញមុខ សម្រេចចិត្តចុះហត្ថលេខា ផ្តិតមេដៃ។ត្រូវពិនិត្យអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុដែលចេញដោយក្រសួង ឬមន្ទីរ

ត្រូវពិនីត្យវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុឱ្យបានច្បាស់លាស់។ត្រូវពិនិត្យមើលទិន្នន័យ ឬឯកសារបំបែកក្បាលដី។ត្រូវពិនិត្យកិច្ចសន្យាលក់ទិញអចលនវត្ថុពីម្ចាស់ដើម (ករណី ដីទិញពីគេ)ត្រូវពិនិត្យឯកសារចុះបញ្ជីពន្ធដារ និងត្រូវពិនិត្យឈ្មោះអត្តសញ្ញាណបណ្ណ និងអាសយដ្ឋានម្ចាស់គម្រោងពិតប្រាកដ៕

សាកល្បងស្វែងយល់ពីស្ថាបត្យកម្មដ៏អស្ចារ្យរបស់រុស្ស៊ីអាយុកាលជាង៤០០ឆ្នាំ

ដោយវុត្ថា

ភ្នំពេញៈ ប្រទេសរុស្សី មានស្ថាបត្យកម្មល្បីល្បាញជាច្រើន ដែលអាចទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ តែក្នុងចំណោមនោះស្ថាបត្យកម្មទាំងនោះ ព្រះវិហារ Saint Basil ជាស្ថាបត្យកម្មល្បីល្បាញជាងគេ នៅប្រទេសរុស្ស៊ី ក៏ដូចជាទូទាំងសកលលោក។

ព្រះវិហារSaint Basil នេះ គឺជាព្រះវិហារនៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី និងត្រូវបានគេចាត់ទុកថាជានិមិត្តរូបរបស់ប្រទេសរុស្សី។ អគារនេះត្រូវបានប្រែក្លាយជាសារមន្ទីរ ដែលគេស្គាល់ជាផ្លូវការថា ជាវិហារបន់ស្រន់ដ៏ស័ក្តិសិទ្ធិ និងបរិសុទ្ធបំផុត។

អគារដែលជាសារមន្ទីរនេះ ត្រូវបានសាងសង់ចាប់ពីឆ្នាំ១៥៥៥ ដល់១៥៦១ តាមការបញ្ជាពីព្រះអង្គម្ចាស់ Ivan IV Vasilyevich  ។ អគារនេះ ជាអគារខ្ពស់បំផុតរបស់ទីក្រុងមូស្គូរហូតដល់ការបញ្ចប់នៃអគារIvan the Great Tower នៅឆ្នាំ១៦០០។

អគារនេះ មានឈ្មោះដើមTrinity Church  និង ក្រោយមកទៀត ត្រូវបានគេប្តូរមកជា Trinity Cathedral  ដែលមានកំពូលប្រសាទ ដែលហ៊ុព័ទ្ធជុំវិញកំពូលប្រសាទទី៩នៅចំកណ្តាល។ កំពូលប្រាសាទទី១០ ត្រូវបានគេសង់ឡើងនៅឆ្នាំ១៥៨៨ លើផ្នូររបស់បូជាចារ្យក្នុងស្រុក Vasily (Basil)

នៅសតវត្សរ៍ទី១៦ និង១៧ វិមានដ៏អស្ចារ្យនេះ ត្រូវបានក្រុមជំនុំគ្រឹស្តចាត់ទុកនិមិត្តរូបទីក្រុងសួគ៌ា នៅឋានកណ្តាលដែលគេហៅថា ក្រុងយេរូសាឡិម ស្របតាមនិទានកថា នៃព្រះវិហារយេរូសាឡិម។ អគារនេះ មានរាងដូចអណ្តាតភ្លើងផុសឡើងលើមេឃ  និងមានរចនាបថ ដែលមិនមានលក្ខណៈស្របគ្នានៅក្នុងស្ថាបត្យកម្មរុស្ស៊ី។

លោក Dmitry Shvidkovsky  បានសេរសេរនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ ស្ថាបត្យកម្មរុស្ស៊ី និងបស្ចិមប្រទេស បាននិយាយថា វាមិនដូចអគាររុស្ស៊ីដទៃទៀតទេ។ គ្មានអ្វីស្រដៀងនឹងនេះទេ ដែលលោក អ្នកអាចរកឃើញនៅក្នុងសហវត្សរ៍ទាំងមូល នៃប្រពៃណីបៃហ្សង់ទីន ចាប់ពីសតវត្សរ៍ទី៥ ដល់ទី១៥។ លោកបន្តថា ភាពចម្លែកដែលធ្វើឱ្យភ្ញាក់ផ្អើល ភាពមិននឹកស្មានដល់ ភាពស្មុគស្មាញ និងការឆ្លុះបញ្ជាំងនៃពត៌មានលំអិតនៃការរចនារបស់វា

ព្រះវិហារនេះ គឺជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោក របស់ទីក្រុងមូស្គូ  វិ មានក្រឹមឡាំង និងយូណេស្កូក្រហមចាប់តាំងពីឆ្នាំ១៩៩០

វាមិនមែនជាការពិតនៅក្នុងវិមានក្រឹមឡាំងទេ ប៉ុន្តែជាញឹកញាប់ត្រូវបានគេប្រើជានិមិត្តរូប ដែលមើលឃើញសម្រាប់ប្រទេសរុស្ស៊ី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចពេញមួយសង្រ្គាមត្រជាក់ និងរហូតមកដល់សម័យទំនើប រហូតដល់មានការភាន់ច្រឡំជាមួយវិមានក្រឹមឡាំងខ្លួនវាផ្ទាល់ដោយជនបរទេស។

ចាប់តាំងពីឆ្នាំ១៩៩៧ សេវាកម្មគ្រិស្តអូស្សូដក់ប្រចាំសប្តាហ៍ជាមួយនឹងការបន់ស្រន់នៅSt. Basil ត្រូវបានស្តារឡើងវិញ។

ទីតាំងព្រះវិហារនេះគឺជាតំបន់ប្រវត្តិសាស្ត្រ និងទីកន្លែមមាញឹករវាងច្រកទ្វារ របស់វិមានក្រឹមឡាំង និងកន្លែងឈរជើងរបស់អាណាចក្រភពរុស្សី។

ទីតាំងនេះ ត្រូវបានសម្គាល់ដោយព្រះត្រៃឯកព្រះវិហារដែលបានកសាងឡើងដោយថ្មស ដូចវិមានក្រឹមឡាំង នៃរាជកាលស្តេច Dmitry Donskoy (១៣៦៦-៦៨)៕

សម្ដេចតេជោ ហ៊ុន សែនៈ សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឱ្យបានខ្លាំងរឹងមាំ ជាជាងបន្ទុចបង្អាក់ឱ្យចុះខ្សោយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិគម្បីជួយជំរុញកម្ពុជាឱ្យបានខ្លាំងក្លា និងរឹងមាំ ជាជាងការបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការ ដែលវាអាចនឹងក្លាយទៅជាកំហុសលើកទី៣របស់ពួកគេ សម្រាប់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា នយោបាយដាក់ទណ្ឌកម្ម ជានយោបាយប្រទេសធំ សង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ។ ជាពិសេសពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់រងគ្រោះ ដោយសារភ្លើងសង្គ្រាមជិត៣០ឆ្នាំ ហើយបានស្រោចស្រង់មកដល់ស្ថានភាព ដូចពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ គប្បីជួយឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការរបស់ពួកគេ

សម្តេចបន្ថែមថា គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ចនិងសង្គមរបស់យើង ពីព្រោះតាំងពីរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះ តែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រទេសនិងប្រជាជន។ នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញ នូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាង គឺសិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសំបែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព

ការលើកឡើងរបស់សម្ដេចតេជោ ខាងលើនេះ ស្របពេលដែលកម្ពុជាកំពុងប្រមមុខ នឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក្រោមហេតុផលថាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានឱនភាព ខណៈដែលការសម្រេចចុងក្រោយរបស់គណៈកម្មការអឺរ៉ុប នឹងប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ៕

អាជ្ញាធរខេត្តកំពង់ធំស្នើក្រុមហ៊ុនអាមេរិកមកវិនិយោគនៅក្នុងខេត្តរបស់ខ្លួន

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តកំពង់ធំ បានស្នើឯកអគ្គរដ្ឋទូតអាមេរិក បន្តជួយដល់គាំទ្រដល់សកម្មភាព អនុវត្តន៍គម្រោងនានា របស់អង្គការដៃគូ ក្នុងខេត្តកំពង់ធំ និងស្នើសុំជួយដល់ការគាំទ្រលើវិស័យទឹកស្អាត ព្រមទាំង វិស័យអាទិភាពនានាមួយចំនួនទៀត ជាពិសេស គឺស្នើសុំជួយទាក់ទាញក្រុមហ៊ុនវិនិយោគនានា របស់សហរដ្ឋអាមេរិកមកធ្វើការវិនិយោគក្នុងខេត្តកំពង់ធំផងដែរ។


លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅក្នុងជំនួបជាមួយW.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជានៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០នេះបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកបានឯកភាពបន្តជួយគាំទ្រ ដល់សកម្មភាពដៃគូនានា ដែលបានអនុវត្តន៍កន្លងមក។ ដោយឡែកសំណូមពរក្រៅពីនោះ នឹងយកទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត។

លោកអភិបាលខេត្តរូបនេះបន្តថា ឯកអគ្គរដ្ឋទូតក៏អញ្ជើញរូបខ្ញុំបាទ ចូលរួមក្នុងវេទិកាប្រជុំពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន១៧ មកពីសហរដ្ឋអាមេរិក ដែលវិនិយោគលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនា ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២០ ខាងមុខនេះ

លោក  W.Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានឱ្យដឹងថាគោលបំណងនៃដំណើរទស្សនកិច្ច ក្នុងខេត្តកំពង់ធំ ផ្តោតសំខាន់ទៅលើកាពង្រឹងទំនាក់ទំនងចំណង មេត្រីភាព រវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់ពីសកម្មភាពនានា របស់អង្គការដៃគូ ដែលបានគាំទ្រជំនួយដោយសហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបង្កលក្ខណៈ និងសហការល្អ ជាមួយអង្គការនានា ដែលបានធ្វើសកម្មភាព ក្នុងខេត្តកំពង់ធំ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក

លោកឯកអគ្គរដ្ឋទូតបានសម្តែងការពេញចិត្ត និងបានធ្វើការកោតសរសើរដល់ដៃគូ អនុវត្តន៍គម្រោងនានា ដូចជា គម្រោងការការពារធនធានធម្មជាតិ ការផ្តល់អាហារូបត្ថម្ភតាមសាលារៀន ការអនុវត្តន៍សួនបន្លែកសិកម្ម…….ជាដើម៕


ក្រុមហ៊ុនស៊ីម៉ងត៍របស់ថៃទទួលបានចំណូលប្រមាណ៤៥១លានដុល្លារនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន SCG ទទួលបានចំណូល ពីការលក់នៅទីផ្សារកម្ពុជាមានចំនួន  ៤៥១លានដុល្លារក្នុងឆ្នាំ២០១៩ ខណៈក្រុមហ៊ុននេះសម្រេចការលក់បានប្រហែល១១៤ លានដុល្លារក្នុងត្រីមាសទី៤ ឆ្នាំ ២០១៩។


គិតត្រឹមថ្ងៃទី ២៩ ខែមករាឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន SCG មានចំនួនជាង២១ពាន់លានដុល្លារ ខណៈពេលដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG នៅអាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) មានចំនួន៧,៥៨៤លានដុល្លារ ដែលស្មើនឹង ៣៦ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន SCG

ក្រុមហ៊ុន SCG គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលវិនិយោគនៅក្នុងការផលិតស៊ីម៉ងត៍នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនស៊ីម៉ងត៍កំពត ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ២០០៨ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនSCGរបស់ថៃ ដោយកាន់ភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុនក្នុងស្រុកខូវ ជូលីគ្រុប។

ក្នុងរយៈពេលដំបូង ក្រុមហ៊ុននេះសមត្ថភាពផលិតប្រចាំឆ្នាំរបស់ខ្លួន មានចំនួនប្រហែល ,១លានតោន។ ក្រុមហ៊ុន SCG បានវិនិយោគទំហំទឹកប្រាក់ចំនួន១២០លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងខ្សែសង្វាក់ផលិតកម្មលើកទី២ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំបានចំនួន ៩០០.០០០តោន ជាចំនួនដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំ ២០១៦។

ក្រុមហ៊ុនSCG ដែលជាម្ចាស់ភាគហ៊ុនដ៏ធំ របស់ក្រុមហ៊ុនស៊ីម៉ងត៍កំពត បានបើកដំណើរការរោងចក្រទី៣ របស់ខ្លួនដែលមានទីតាំង ស្ថិតនៅក្នុងខេត្តបាត់ដំបងនៅឆ្នាំ ២០១៨៕


រដ្ឋាភិបាលបានតភ្ជាប់បណ្តាញអគ្គិសនីជាង២,៨លានទីតាំងនៅទូទាំងប្រទេស

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលគិតត្រឹមចុងឆ្នាំ២០១៩ និងដើមខែមករា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់បណ្តាញ ឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅទូទាំងប្រទេសបានជិត៣លានទីតាំង ដែលរាប់ទាំងលំនៅដ្ឋាន ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាលភ្ជាប់បណ្តាញសាធារណៈ។


យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ របស់អជ្ញាធរអគ្គិសនីកម្ពុជាកាលពីដើមសប្តាហ៍នេះបានបង្ហាញថា នៅត្រឹមចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០ ការភ្ជាប់បណ្តាញអគ្គិសនី ឲ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី២, ៦៤៥,៦៣០ទីតាំង នៅចុងឆ្នាំ២០១៨ មកដល់២,៨៣២,១២៥ទីតាំង នៅចុងឆ្នាំ ២០១៩។

ក្នុងចំណោមទីតាំង ដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ មានលំនៅដ្ឋានចំនួន២ ៦៧៥ ៧៦៨កន្លែង. ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈសរុបចំនួន១៤២ ៧៤៤កន្លែង។ ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ធុនធំ និងធុនមធ្យមសរុបចំនួន៣៦០៥កន្លែង។ ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនី តាមពេលវេលាសរុបចំនួន៣៨ កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន៤ ៤៩៣ កន្លែង

បើយោងតាមស្ថិតិនេះ គឺគិតត្រឹមចុងឆ្នាំ២០១៩ លំនៅដ្ឋានដែលបានភ្ជាប់ចរន្តអគ្គិសន៍រួច មានចំនួន៧៤,៧៨ភាគរយនៃលំនៅដ្ឋានសរុប

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០១៩មក អាជ្ញាធរអគ្គិសនីកម្ពុជា បានសហការជាមួយអគ្គិសនីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកកាន់អាជ្ញាបណ្ណឯកជន ដើម្បីកំណត់យន្តការក្នុងការអនុវត្តការងារទាំង២នេះ គឺការភ្ជាប់ចរន្តឱ្យបន្ទប់ឬផ្ទះជួល និងការភ្ជាប់ចរន្តឱ្យតូបលក់ដូរក្នុងផ្សារផ្ទាល់ពីអ្នកកាន់អាជ្ញាបណ្ណ ដើម្បីឱ្យកម្មករ កម្មការិនី សិស្ស និស្សិត និងអ្នកលក់ដូរតាមតូបក្នុងផ្សារ អាចទទួលបានថ្លៃអគ្គិសនី តាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។


គិតមកដល់ចុងឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជាភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួលបាចំនួន១៨ ១៤១ ទីតាំង នៃទីតាំងសរុប១៨ ១៤១ ស្មើ១០០ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៣១២ ៦៦១ នៃចំនួនបន្ទប់ជួល ឬផ្ទះជួលសរុប ៣១២ ៦៦១ ស្មើ ១០០ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ៤៩ ផ្សារ នៃចំនួនផ្សារសរុប ៤៩ ស្មើ ១០០ភាគរយ គិតជាចំនួនតូបលក់ដូរ បានចំនួន ៤០ ៥១២ តូប នៃចំនួនតូបលក់ដូរសរុប ៤០ ៥១២ ស្មើ ១០០ភាគរយ

ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួលក្នុងតំបន់របស់អគ្គិសនីកម្ពុជា ទើបតែអនុវត្តន៍នៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែការភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានអនុវត្តនៅទូទាំងប្រទេស។

តំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន៧៦៥ទីតាំង នៃចំនួនទីតាំងសរុប២០៦៣ ស្មើ៣៧,០៨ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួលបានចំនួន១១,៣៦៧ នៃចំនួនបន្ទប់ជួល ឬផ្ទះជួលសរុប២៣,២៥៩ ស្មើ ៤៨,៨៧ ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារបានចំនួន២៣៤ផ្សារ នៃចំនួនផ្សារសរុប២៦២ ស្មើ៨៩,៣១ ភាគរយ គិតជាចំនួនតូបលក់ដូរបានចំនួន២១,២៣៦តូប នៃចំនួនតូបលក់ដូរសរុប២៣,៥១៥ ស្មើនឹង៩០,៣១ភាគរយ


សម្តេចតេជោប្រកាសពីកាលបរិច្ឆេទជាផ្លូវការនៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ី អឺរ៉ុប

ដោយស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី អឺរ៉ុប ដែលកម្ពុជាមានកិត្តយសធ្វើម្ចាស់ផ្ទះជាលើកដំបូង។


សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពិធីបិទសន្និបាតការងារក្រសួងការបរទេសឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០នាព្រឹកថ្ងៃទី៣១ មករានេះថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលនឹងប្រមូលផ្តុំមេដឹកនាំពី៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំងរៀបចំ ព្រឹត្តិការណ៍ចំនួន៧ទៀតនោះ ទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។

សម្តេចបានថ្លែងបញ្ជាក់ថា កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះ ប្រកបដោយកិត្តិយស និងជោគជ័យ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ជាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ៕


កម្ពុជាមានក្រុមហ៊ុន៣០កំពុងធ្វើអាជីវកម្មក្នុងវិស័យ E-Commerce

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជានាពេលបច្ចុប្បន្ន ក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន៣០ កំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce លើវិស័យការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ ។ល។


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយ នឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់ តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយ។

លោកបន្តថា ការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវកម្មមួយ ដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវកម្មបែបនេះ ជាចំណុចចាប់ផ្ដើម សម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពាណិជ្ជកម្មតាម E-Commerce ផងដែរ។លោកថា ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈមព្រមៗគ្នាក្នុងពេលតែមួយ

លោកប៉ាន សូរស័ក្តិបានបន្តថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែទាមទារឱ្យ ក្រសួងស្ថាប័នទាំងអស់ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល។

លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុ វិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។


ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាស  ឱ្យប្រើប្រាស់ ក្រោមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទមួយដ៏សំខាន់ នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ាន។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀង ក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕