CDC បើកកិច្ចប្រជុំដើម្បីអនុម័តគម្រោងវិនិយោគមានទឹកប្រាក់ជិត១ពាន់លានដុល្លារ

ដោយ​៖ រ៉ាណេត​

ភ្នំ​ពេញ​៖ រាជរដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» ដើម្បីត្រួតពិនិត្យ និងពិភាក្សាទៅលើសំណើស្នើសុំវិនិយោគ ចំនួន១៦គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៩៣២លានដុល្លារ ដែលអាចបង្កើតឱកាសការងារបានប្រមាណ៨​០០០​កន្លែង។

កិច្ច​ប្រជុំត្រួតពិនិត្យ​ និងពិភាក្សាទៅលើការស្នើសុំវិនិយោគទាំង១៦គម្រោងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២០​កន្លងទៅនេះ ដោយគម្រោងវិនិយោគទាំងអស់នោះ រួមមានដូចខាងក្រោម៖

– គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦១លានដុល្លារអាមេរិក

– គម្រោងវិនិយោគសាងសង់កំពង់ផែអន្តរជាតិ នៅខេត្តកំពត ក្នុងទុនវិនិយោគប្រមាណ ៣៤លានដុល្លារអាមេរិក

– គម្រោងវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិ ១,៥០០គ្រែ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក

– គម្រោងវិនិយោគសាងសង់ផ្សារទំនើប នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១១៤លានដុល្លារអាមេរិក

– គម្រោងវិនិយោគរមណីយដ្ឋានចម្រុះ នៅខេត្តសៀមរាប ក្នុងទុនវិនិយោគប្រមាណ ៧២លានដុល្លារអាមេរិក

– គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០២លានដុល្លារអាមេរិក

-​ គម្រោងវិនិយោគផលិត និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនីចំនួន ៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារអាមេរិក

  គម្រោងវិនិយោគរោងចក្រផលិតទឹកបរិសុទ្ធ រោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង រោងចក្រផលិតឥដ្ឋ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងត្បាញក្រណាត់ រោងចក្រខារអំបោះនិងជ្រលក់ះសរុបប្រមាណ ៥៨លានដុល្លារអាមេរិក៕

សេដ្ឋកិច្ចបារាំងស្ថិតក្នុងហានិភ័យខណៈផលទុនជាតិសរុបរបស់ខ្លួនធ្លាក់ចុះនៅចុងឆ្នាំមុន

ដោយ Donald Lee

ភ្នំពេញៈ ប្រធានាធិបតីបារាំង Emmanuel Macron កំពុងអង្គុយលើកៅអីក្តៅ ខណៈដែលកំណើនផលិតផលសរុបក្នុងស្រុករបស់បារាំង បានធ្លាក់ចុះនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ស្របដែលអ្នកវិភាគសេដ្ឋកិច្ចភាគច្រើនបានព្យាករណ៍ថា នឹងមានការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារអឺរ៉ុបដ៏ធំមួយ។

 

កំណើនផលិតផលសរុបក្នុងស្រុករបស់ បារាំងបានធ្លាក់ចុះ០,១ភាគរយ នៅត្រីមាសទី៤ នៃឆ្នាំ ២០១៩ ដែលជានិន្នាការគួរឱ្យព្រួយបារម្ភ ព្រោះកំណើនផលិតផលសរុបក្នុងស្រុកបានកើនឡើង០, ភាគរយកាលពីត្រីមាសមុន។

ទិន្នន័យចុងក្រោយបានបង្ហាញថា សេដ្ឋកិច្ចបារាំង ត្រូវបានជាប់គាំងជិតនឹងកំនើន ,២ភាគរយ នៅក្នុងឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះពីកំណើន១,៧ភាគរយ របស់ខ្លួនកាលពីឆ្នាំមុន។

សេដ្ឋកិច្ចរបស់ប្រទេសបារាំង ត្រូវបានរញ្ជួយដោយកម្មកររាប់ពាន់នាក់ ដែលធ្វើបាតុកម្ម ប្រឆាំងនឹងកម្មវិធីប្រាក់សោធនរបស់លោក Macron ការធ្វើឱ្យការនាំចេញនិងការនាំចូលកាន់តែយ៉ាប់យ៉ឺនរហូតដល់ចុងឆ្នាំ។

លើសពីនេះទៀត មានសញ្ញាគួរឱ្យព្រួយបារម្ភ ដែលប្រធានាធិបតីអាមេរិក Donald Trump មានឆន្ទៈធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយបារាំងនៅចុងឆ្នាំ២០២០ ប្រសិនបើការចរចាលើពន្ធឌីជីថលរបស់បារាំង លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធ្លាក់ចុះ។

អាមេរិកបានយល់ព្រមពន្យាពេលកិច្ចចរចាពាណិជ្ជកម្ម ជាមួយបារាំងជៀសវាងសង្គ្រាមពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក បន្ទាប់ពីលោក Donald Trump បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មដ៏ធំធេង លើទំនិញបារាំងដែលចូលមកអាមេរិក ចាប់ផ្តើមនៅខែនេះ។

រដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនគ្រោងនឹងដាក់ពន្ធ១០០ភាគរយ លើទំនិញបារាំង ដែលមានតម្លៃ២, ពាន់លានដុល្លារ និងរួមបញ្ចូលស្រាសំប៉ាញ កាបូបដៃ និងឈីស ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនត្រូវបានធ្វើឡើងនៅសប្តាហ៍នេះ។

អាវុធពន្ធលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មី នៃសេវាកម្មឌីជីថលបារាំង ដែលនឹងដាក់ពន្ធ៣ភាគរយលើក្រុមហ៊ុនឌីជីថល ដែលរកចំណូលបានជាង២៧,៨៦លានដុល្លារនៅបារាំង និង៨៣០ លានដុល្លារនៅទូទាំងពិភពលោក។

ក្រុមអ្នកវិភាគជឿជាក់ថា ការយកពន្ធថ្មីនេះ គឺសំដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជាហ្វេសប៊ុក អេបផល និងអាម៉ាហ្សូន។


បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដំឡើងពន្ធលើអឺរ៉ុបកាលពីឆ្នាំមុន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងបានប្តេជ្ញាសងសឹក ចំពោះអ្វីដែលលោកចាត់ទុកថាជា ទណ្ឌកម្មពាណិជ្ជកម្ម។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោក Bruno Le Maire បាននិយាយកាលពីខែ តុលាថា យើង អឺរ៉ុប នឹងធ្វើការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ នៅក្នុងប៉ុន្មានខែទៀត ប្រហែលជារឹតតែពិបាកថែមទៀត ក្នុងក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់អាមេរិកទាំងនេះ

ប្រទេសថៃឈានមុខគេក្នុងការបង្កើតទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន

ដោយ ប៊ី

ភ្នំពេញៈ ប្រទេសថៃបានណែនាំគំនិតផ្តួចផ្តើម ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដើម្បីប្រែក្លាយខេត្តថៃចំនួន៣ ទៅជាទីក្រុងឆ្លាតវៃដែលបានក្លាយជាជោគជ័យ។ ដោយមានគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មវិនិយោគ ការដឹកជញ្ជូនក្នុងតំបន់ និងជាច្រកយុទ្ធសាស្ត្រមួយទៅកាន់អាស៊ី ដែលថៃមានទំនុកចិត្តថា ខ្លួននឹងជំរុញអាស៊ានឱ្យមានភាពរលូន។


យោងតាមគោលនយោបាយប្រទេសថៃ៤. ប្រទេសនេះមានគោលដៅ សម្រេចឱ្យបានទីក្រុងឆ្លាត១០០ នៅឆ្នាំ២០២២ ហើយឥឡូវគោលដៅនេះ កាន់តែខិតទៅជិតភាពជាដៃគូរវាងបណ្តាញសកល និងទីភ្នាក់ងាររដ្ឋាភិបាលថៃ ដែលជាភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល (depa)

បង្កើតឡើងដោយម៉ាស្ទ័រកាត ទីក្រុងឆ្លាតវៃចំនួន២៧របស់ថៃ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី City Possible ដែលអាចធ្វើទៅបានដើម្បីបង្កើតការងារបច្ចេកវិទ្យា សម្រាប់ប្រជាជនដោយផ្សារភ្ជាប់ ជាមួយនឹងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាទីក្រុង

កម្មវិធី City Possible បានផ្តល់ជូនសមាជិក នូវការចូលទៅកាន់សហគមន៍សហគមន៍ពិភពលោក នៃអ្នកដឹកនាំទីក្រុងអាជីវកម្មអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកសិក្សាសភាជាទៀងទាត់ ហើយត្រូវបានគេអញ្ជើញឱ្យចូលរួមវេទិកា ផ្លាស់ប្តូរចំណេះដឹងជាបន្តបន្ទាប់ ដែលអ្នកចូលរួមកំណត់ពីបញ្ហាប្រឈម ទូទៅការផ្លាស់ប្តូរការសិក្សា និងបង្កើតដំណោះស្រាយនៅក្នុងទីក្រុង។

លោក Miguel Gamiño Jr ប្រធានប្រតិបត្តិរងក្រុមហ៊ុន Mastercards បានឱ្យដឹងថា ទីក្រុងនានានៅជុំវិញពិភពលោក ប្រឈមនឹងបញ្ហាស្រដៀងគ្នា ប៉ុន្តែពួកគេច្រើនតែដោះស្រាយដោយឡែក។ កម្មវិធីCity Possible អាចធ្វើទៅបានភ្ជាប់ទីក្រុងជាមួយការយល់ដឹង និងធនធានពីទីក្រុងនានាជុំវិញពិភពលោក ដែលបង្កើនល្បឿនវឌ្ឍនភាព និងធ្វើឱ្យមានអភិបាលកិច្ចឆ្លាតវៃ

ការផ្តោតលើទីក្រុងឆ្លាត គឺជាសសរស្តម្ភស្នូលនៃគំនិតផ្តួចផ្តើម៤. របស់រដ្ឋាភិបាលថៃ ដែលមានគោលបំណងប្រែក្លាយប្រទេសថៃ ទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងគុណភាពជីវិតយ៉ាងប្រសើរនៅតាមទីប្រជុំជន៕


រដ្ឋបាលរាជធានីភ្នំពេញឱ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈនេះ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈនេះតទៅ តាមរយៈប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។


លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដា ធនាគារឯកទេសវីង emoney  លីហួរវេលុយ pipay  tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។ 

លោកអភិបាលរងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃ សេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តន៍តាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ដែរថា  ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ  ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។ សូមបញ្ជាក់ថា ការអនុវត្តន៍ប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិ ក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាល នៃការប្រមូលសំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី។


អនុលោមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញដែលមានភារកិច្ចទទួលបន្ទុក លើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។

ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអាសន្នសិន និងឱ្យប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹងដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ៕

តម្លៃដីធ្លីក្នុងខេត្តបន្ទាយមានជ័យអាចស្ថិតក្នុងសភាពទ្រឹងនៅឆ្នាំនេះ

ដោយៈ រ៉ាណេត

បន្ទាយមានជ័យៈ ខុសពីការលើកឡើងដោយគ្មានប្រភពច្បាស់លាស់ ដែលនិយាយពីឱនភាពទីផ្សារអចលនទ្រព្យ ក្នុងខេត្តបន្ទាយមានជ័យ មានការធ្លាក់ចុះអ្នកជំនាញនៅក្នុងវិស័យនេះបានអះអាងថា តំបន់សំខាន់ៗនៅក្នុងខេត្តបន្ទាយមានជ័យ នៅតែមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយតម្លៃដីធ្លី នៅតែបន្តឡើងថ្លៃផងដែរ។


តាមការអះអាងរបស់អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យប្រចាំ នៅក្នុងខេត្តជាប់ព្រំដែនមួយនេះបានបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាសកម្មភាពអភិវឌ្ឍន៍សំណង់អគារនានានៅតែមាន ជាពិសេសលើវិស័យលំនៅដ្ឋាន។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងមកថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ជាពិសេសនៅតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗដូចជាតំបន់ក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត គឺនៅតែមានតម្រូវការខ្ពស់ដដែល។

លោកបន្តថា សម្រាប់តែក្រុងសិរីសោភ័ណ្ឌ ក៏ដូចជាតំបន់ដែលស្ថិតនៅជាប់ជាយក្រុង សកម្មភាពទិញលក់ គម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន នៅតែមានហើយក្នុងនោះរាប់ទាំងការពុះដីឡូតិ៍ផងដែរ លោកបន្តថា ការទិញលក់ដីធ្លី នៅតំបន់នេះគឺគិតជាម៉ែត្រដើរ ដោយក្នុងមួយម៉ែត្រមានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងទៅ (នៅក្នុងក្រុង) ដោយឡែកសម្រាប់ផ្ទះល្វែងនៅកណ្តាលក្រុង ដែលជាតំបន់ពាណិជ្ជកម្មមានតម្លៃចាប់ពី ២០២៥ ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង

លោកបានអះអាងថា តម្លៃដីធ្លី ក៏ដូចជាអចលនទ្រព្យ នៅក្នុងតំបន់នេះនៅតែរក្សាបាននូវភាពល្អប្រសើរដដែល មិនមានធ្លាក់ចុះដូចការនិយាយតគ្នា ដោយគ្មានប្រភពនោះទេ។


ងាកទៅមើលពីតម្រូវការ និងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែត ដែលស្ថិតនៅជាប់ច្រកព្រំដែនកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ប្រចាំ ប្រទេសកម្ពុជាក៏ត្រូវបានអ្នកជំនាញអះអាងថា មានស្ថានភាពល្អប្រសើរផងដែរ ខណៈដែលគម្រោងសំណង់អគារពាណិជ្ជកម្មធំៗ ដែលមានតម្លៃរាប់សិបលានដុល្លារ កំពុងតែបន្តដំណើរការសាងសង់យ៉ាងសកម្ម ដែលក្នុងនោះក៏មានគម្រោងសំណង់ផ្សារទំនើប លំដាប់អន្តរជាតិផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា ធម្មតានៅតំបន់ច្រកព្រំដែន គឺតែងមានសកម្មភាពពាណិជ្ជកម្មរស់រវើកជាងតំបន់ផ្សេងៗ ដោយសារមានតំបន់សេដ្ឋកិច្ចពិសេស មានសួនឧស្សាហកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាពិសេសបណ្តុំនៃមណ្ឌលកម្សាន្ត កាស៊ី ជាដើម។

លោកបានបន្តទៀតថា វត្តមាននៃវិស័យសំខាន់ៗទាំងអស់នេះ បានជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដីមានអត្រាខ្ពស់ ដែលធ្វើឱ្យតម្លៃមានការឡើងថ្លៃ លោកឧកញ៉ាបញ្ជាក់ថា មិនថាឆ្នាំនេះឬឆ្នាំក្រោយនោះទេ ប៉ោយប៉ែតនៅតែអាចរក្សាបាននូវស្ថានភាពអចលនទ្រព្យល្អប្រសើរជាងបណ្តាខេត្តដទៃទៀត


រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២២ ម៉ឺននាក់ក្នុងខែដំបូងឆ្នាំនេះ

ដោយ ប៊ី

សៀមរាប៖ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ២២២,៥៦១នាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០.៥៤ ដុល្លារអាមេរិកនៅខែមករា ឆ្នាំ២០២០។ នេះបើយោងតាមរយបាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរ។

ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំសម្រាប់ខែ មករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។ នេះបើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។

កាលពីឆ្នាំ ២០១៨ គេហទំព័រទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក Trip advisor បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាគោលទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។

យោងតាមគេហទំព័រនេះ ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតជាងបួនម៉ឺននាក់ ដែលបានចូលបោះឆ្នោតក្នុងគេហទំព័រនេះ បានជ្រើសរើសរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញជាងគេនៅក្នុងឆ្នាំនេះ ក្នុងចំណោមរមណីដ្ឋានទេសចរណ៍នៅលើពិភពលោកដទៃទៀត។

គេហំទំព័រនេះបានជ្រើសរើសប្រាសាទមួយ នៅប្រទេសអ៊ីតាលីជាប់ចំណាត់ថ្នាក់លេខ២ និងប្រាសាទតាច ម៉ាហាល់ក្នុងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាគោលដៅទេសចរណ៍ទាក់ទាញក្នុងពិភពលោកផងដែរ៕

ខណ្ឌកំប៉ូលកំពុងទាក់ទាញការវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យ

ដោយវុត្ថា

ភ្នំពេញ៖ ខណ្ឌកំបូល គឺជាខណ្ឌជាយក្រុងមួយ ដែលទើបបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងមានការ រីកចម្រើន លើវិស័យសំណង់លំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងការរីកចំរើននេះ ក៏បានលេចចេញនូវបញ្ហាប្រឈម ជាច្រើនផងដែរ ទាក់ទង និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវលូបរិស្ថាន ដែលទាមទាមឱ្យអាជ្ញាធរពាក់ព័ន្ធគិតគូ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ជាយក្រុងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភាគខាងលិចនៃទីក្រុងភ្នំពេញ គឺមានភាពទាក់ទាញលើការវិនិយោគវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមជាងតំបន់ជាយក្រុងផ្សេងទៀត ព្រោះកត្តាភូមិសាស្ត្រនៅតំបន់នេះមានភាពល្អប្រសើរច្រើន។

លោកស្រីបន្តថា “នៅតំបន់ខាងលើនេះ មានភាពល្អប្រសើរច្រើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងគម្រោងអភិវឌ្ឍ ក៏ដូចជាចំនួនប្រជាជនផងដែរ”។ លោកស្រីបានបន្តទៀតថា “គម្រោងអភិវឌ្ឍភាគច្រើន សុទ្ធតែបានសម្លឹងឆ្ពោះ ទៅកាន់តំបន់ជាយក្រុងដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាពិសេសវិស័យរោងចក្រ សហគ្រាស សំណង់លំនៅឋាននិងឃ្លាំង ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោកស្រីថា នៅពេលដែលតំបន់ណាមួយមានសកម្មភាពអភិវឌ្ឍ កំណើនមនុស្សនឹងកើនឡើងដោយស្វ័យប្រវត្តិ ដែលជំរុញឱ្យមានតម្រូវការស្នាក់នៅច្រើន ដូច្នេះហើយបានជាអ្នកអភិវឌ្ឍចាប់អារម្មណ៍វិនិយោគ និងធ្វើការអភិវឌ្ឍន៍នៅតំបន់នេះច្រើន។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បានប្រាប់គេហទំព័រpropertyarea.asia ឱ្យដឹងថា ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ គឺមានសក្តានុពលក្នុងការប្រើប្រាស់ ការរីកចំរើនលើវិស័យអចលនទ្រព្យ និងមានតម្រូវការខុសៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង។

លោកស្រីបន្តថា បច្ចុប្បន្ននេះ ខណ្ឌដែលជាចំណុះរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានបង្កើនឡើងរហូតដល់ចំនួន១៤ ដោយបំបែកខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង (ចេញពីខណ្ឌចំការមន) និងខណ្ឌកំបូល (ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ) ដែលកំពុងតែមានសក្ដានុពលលើវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។

លោកស្រីបន្តថា ខណ្ឌកំបូល ដែលស្ថិតនៅតំបន់ជាយក្រុង កំពុងតែមានសក្ដានុពល និងទាក់ទាញខ្លាំងលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម រួមជាមួយនឹងសកម្មភាពពុះដីឡូតិ៍។

ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាមអនុ ក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់ កំបូល កន្ទោក ស្នោភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និងសង្កាត់បឹងធំ ៕

អគារទីស្ដីការក្រសួងសាធារណៈការថ្មី នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០តាមកាលកំណត់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ អគារទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មី ស្ថិតនៅតាមផ្លូវឯកឧត្តម ជា សុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

អគារទីស្ដីការក្រសួងសាធារណៈការថ្មី ដែលមានកម្ពស់១០ជាន់ ស្ថិតនៅលើទំហំដីជិត៤ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុង២០២០ឆាប់ៗខាងមុខនេះ។

នៅក្នុងដំណើរចុះត្រួតពិនិត្យពីវឌ្ឍនភាពនៃការសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថាស្ថិតនៅក្នុងគម្រោងសំណង់អាគារទីស្ដីការថ្មីនេះ មានការសាងសង់ជាអគារ A,B,C,D,E,F,G,H,I,J សម្រាប់ធ្វើការបែងចែកទៅតាមផ្នែកនីមួយៗដើម្បីធានាបាននូវភាពងាយស្រួលក្នុងការបំពេញការងារ។

បច្ចុប្បន្ននេះ ជាលទ្ធផលនៃការសាងសង់សម្រេចបានអគាររដ្ឋបាល A,B,C ត្រូវបានឡើងប្លង់សេរួច ៨/៩សន្លឹក អគារសាលប្រជុំធំ D បានឡើងប្លង់សេរួច ២/២សន្លឹក អគារចាស់ E,F,G,H,I,J ត្រូវបានជួសជុលរួចរាល់។

ដោយឡែកសម្រាប់ទីតាំងរត់ខ្សែកាបអុកទិច បណ្តាញប្រព័ន្ធបច្ចេកវិទ្យា មជ្ឈមណ្ឌលទិន្នន័យក្រសួង និងមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមការងារបច្ចេកទេសផ្នែកសេវាសាធារណៈ និងបច្ចេកវិទ្យា នឹងចូលទៅធ្វើការរៀបចំផ្នែកខាងក្នុង ដើម្បីដាក់ឱ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២០ ក៏ដូចជាដើម្បីត្រៀមតម្លើងប្រព័ន្ធទិន្នន័យ គម្រោង PORT EDI ដែលដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅត្រឹមខែកក្កដា ឆ្នាំ២០២០ ផងដែរ។

សម្រាប់ទីតាំងមន្ទីរពិសោធន៍សាធារណការ និងដឹកជញ្ជូន ត្រូវបានជួសជុលកែលម្អសោភណ្ឌភាពឡើងវិញ។ មន្ទីរពិសោធន៍នេះនឹងត្រូវរៀបចំឱ្យមានលក្ខណៈស្តង់ដារ និងមានសោភណភាព ដែលអាចទាក់ទាញនូវការទុកចិត្តពីក្រុមហ៊ុន សហគ្រាស ដែលជាអតិថិជន មកទទួលសេវាកម្ម ដោយការរចនាប្លង់ ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ គ្រោងអាចដំណើរការឡើងវិញបានក្នុងរយៈពេល៣ខែស្របតាមផែនការដែលបានកំណត់៕

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាចាក់ទឹកប្រាក់៧ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចជាតិ

ដោយ ប៊ី

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) បានដាក់ចេញសម្ពោធគម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ខណៈការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនដល់ចំនួនប្រហែល៧ពាន់លានដុល្លារ។

គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបការព្រួយបារម្ភនានា និងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើអោយប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ ផ្លូវការប្រកបដោយការទទួលខុសត្រូវ។

គម្រោង៣ឆ្នាំនេះ ទទួលបានវិភាគទានពីសមាជិករបស់ (សមក) នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩២០២៥ របស់ធនាគារជាតិនៃកម្ពុជា។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងអោយស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ នឹងអនុវត្តនៅគម្រោងតម្លៃជិត១លានដុល្លារ ដោយសហការយ៉ាងជិតស្និតជាមួយសមាជិករបស់ខ្លួន ព្រមទាំងដៃគូរសំខាន់ៗដូចជា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាតិនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និងដៃគូអភិវឌ្ឍនានា។

គិតត្រឹមខែកញ្ញាឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានចំនួនប្រហែល៧ពាន់លានដុល្លារ ដល់អតិថិជនប្រហែល២លាននាក់ ខណៈអ្នកសន្សំមានចំនួន ជិត៣លាននាក់។ ដោយមានទឹកប្រាក់ជិត៤ពាន់លានដុល្លារ នៅតាមការិយាល័យចំនួន១៤០០ ដែលមានបុគ្គលិកចំនួន៣៤០០០នាក់នៅទូទាំងប្រទេស។

វិស័យហិរញ្ញវត្ថុ មានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជាបឋមផលប័ត្រឥណទានបានកើនជាងមុន១៨ដង នៅពេលដែលចំនួនអតិថិជនកើនជាងមុខ២ដង។ ជាងនេះទៀតវិស័យនេះ ប្រែប្រួលខ្លាំងពីវិស័យអង្គកាអភិ  វឌ្ឍន៍ ទៅជាស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយម្ចាស់ទុនឯកជន។

វិស័យនេះបានការផ្តោតខ្លាំងទៅលើ សហគ្រាសធុនតូច និងមធ្យម ទន្ទឹមនឹង ធនាគារមួយចំនួនតូចក៏បានហក់ចូលក្នុងទីផ្សារនេះដែរ។ ការដាក់ពិដានអត្រាការប្រាក់របស់រដ្ឋនៅខែមេសា ឆ្នាំ២០១៧ បានធ្វើអោយចំនួនអតិថិជននៅតែថេរ តែទំហំឥណទានមធ្យមកាន់តែកើនឡើងគួរអោយកត់សំគាល់។ កំណើននេះ បានជម្រុញអោយមានការកោតសរសើរ ក៏ដូចជាក្តីបារម្ភថាអាចនឹងមានបញ្ហាប្រឈម ដូចជាបំណុលវ័ណ្ឌករ ដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យនេះ។

លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា គម្រោងបរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបបន្ថែមទៀតទៅនឹងការព្រួយបារម្ភនានា ព្រមទាំងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ដែលធ្វើអោយប្រជាជនកម្ពុជា មានសិទ្ធិទទួលសេវាហិរញ្ញវត្ថុផ្លូវការបន្ថែម ក្នុងពេលដែល សមក បាននិងកំពុងធ្វើការងារនេះ ជាមួយសមាជិករបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៧

គេរំពឹងថាគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ ទី១.ជួយលើកម្ពស់បរិយាបន្នមីក្រូហិរញ្ញវត្ថុ ដោយប្រើប្រាស់ស្ដង់អន្តរជាតិប្រកប ដោយក្រមសីលធម៌ មានដូចជាគោលការណ៍ការពារអតិថិជន ឥណទានភ្ជាប់ជាមួយកិច្ចការសង្គម គោលការណ៍ផ្តល់ប្រាក់កម្ចី ព្រមទាំងយន្តការណ៍ដោះស្រាយណ្តឹងអតិថិជន។

ទី២ លើកកម្ពស់វិស័យអប់រំហិរញ្ញវត្ថុ ដល់អតិថិជន និងសាធារណជន ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងដៃគូរផ្សេងៗ ទី៣ លើកកម្ពស់ដល់ការយល់ដឹងពីតួនាទីមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចតាមទីជនបទ ក៏ដូចជា ទី៤ ស្រាវជ្រាវនិងអភិវឌ្ឍបន្ថែមវិស័យមីក្រូហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈដែលជួយធ្វើឲ្យមានវិបុលភាព និងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយជម្រុញអោយមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។ (សមក) មានសមាជិកចំនួន១០១ស្ថាប័ន សុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យា (បង់រំលួស)

ក្រុមហ៊ុនFacebookនឹងបោសសម្អាតមាតិកាក្លែងក្លាយដែលផ្សព្វផ្សាយពីវីរុសកូរ៉ូណា

ដោយ Donald Lee

ភ្នំពេញៈ ក្រុមហ៊ុន Facebookបានប្រកាសថា ខ្លួននឹងលុបឬដកចេញមាតិកាក្លែងក្លាយ ដែលផ្សព្វផ្សាយអំពីវីរុសកូរ៉ូណា ខណៈអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាព កាលពីថ្ងៃព្រហស្បតិ៍។


លោកKang-Xing Jin ប្រធានផ្នែកសុខភាពនៅក្រុមហ៊ុន Facebook បានប្រកាសថា យើងកំពុងធ្វើនេះ ជាផ្នែកបន្ថែមនៃគោលនយោបាយ ដែលមានស្រាប់របស់យើង ដើម្បីលុបមាតិកាដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ

លោក Kang-Xing បាននិយាយថា ក្រុមហ៊ុនយក្សប្រព័ន្ធផ្សព្វផ្សាយសង្គមនេះនឹងលុបចោលនូវដំបូន្មាន ដែលអាចបង្កគ្រោះថ្នាក់ ក្នុងការទទួលបានការព្យាបាលវីរុសនេះជំនួសឱ្យការព្យាបាលដែលសមស្រប។

លោកKang-Xingបានបន្ថែមថា នេះរួមបញ្ចូលទាំងការអះអាងទាក់ទង នឹងការព្យាបាលមិនត្រឹមត្រូវ ឬវិធីសាស្រ្តបង្ការ ដូចជា ការផឹកថ្នាំធ្វើឱ្យសះស្បើយពីវីរុសកូរ៉ូណា ឬការអះអាង ដែលបង្កើតឱ្យមានការភាន់ច្រឡំអំពីវិធានសុខភាពដែលមាន

ក្រុមហ៊ុនFacebook បានបញ្ជាក់ថា ខ្លួនបានប្រមូលកម្លាំងការងារយ៉ាងច្រើននៃអ្នកត្រួតពិនិត្យការពិតរបស់ភាគីទីបី ដើម្បីពិនិត្យមើលខ្លឹមសារ២៤ម៉ោងក្នុងមួយថ្ងៃ។

លោកKang-Xing បានមានប្រសាសន៍ថា នៅពេលពួកគេវាយតម្លៃព័ត៌មានថាមិនពិត យើងរឹតត្បិតការផ្សព្វផ្សាយរបស់ខ្លួន នៅលើហ្វេសប៊ុក និងInstagram ហើយបង្ហាញប្រជាជននូវព័ត៌មានត្រឹមត្រូវពីដៃគូទាំងនេះ

Mark Zuckerberg, chief executive officer and founder of Facebook Inc., speaks during an event at the company’s headquarters in Menlo Park, California, U.S., on Thursday, March 7, 2013. Zuckerberg discussed the social-network site’s upgraded News Feed which includes bigger photos, information sorted into topics and a more consistent design across devices. Photographer: David Paul Morris/Bloomberg via Getty Images

 

ក្រុមហ៊ុន Facebook បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង នៅដើមឆ្នាំ២០២០ ដោយបានខាតបង់៣០ពាន់លានដុល្លារ កាលពីម្សិលមិញ ខណៈភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញសង្គមនេះ ធ្លាក់ចុះ៦,១ភាគរយ។ ការបាត់បង់នេះ បណ្តាលមកពីការប្រកាសរបស់Facebookថា ចំណូលរបស់ខ្លួនបានធ្លាក់ចុះ នៅត្រីមាសទី៤នៃឆ្នាំ ២០១៩ ហើយការចំណាយរបស់វា បានកើនឡើង៥១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

ព័ត៌មានក្លែងក្លាយ បញ្ហាតម្លាភាព និងគណនីក្លែងក្លាយ គឺជាបញ្ហាធំមួយរបស់Facebook ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg បានប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុង នៅឯក្រុមហ៊ុនរបស់លោក ខណៈដែលបុគ្គលិករាប់រយនាក់ បានចុះហត្ថលេខាលើលិខិតថ្កោលទោស ចំពោះជំហររបស់ស្ថាបនិករូបនេះ ក្នុងការមិនហាមឃាត់ការផ្សាយពាណិជ្ជកម្មនយោបាយ មិនស្មោះត្រង់កាលពីឆ្នាំមុន។

ការរុញច្រានដ៏មានឥទ្ធិពលរបស់និយោជិកបានកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ប្រតិបតិ្តរបស់រុស្ស៊ីបានបើកគណនីក្លែងក្លាយ និងប្រើប្រាស់វេទិកាយ៉ាងទូលំទូលាយ ដើម្បីផ្សព្វផ្សាយរឿងមិនពិត នៅក្នុងយុទ្ធនាការផ្តល់ព័ត៌មានមិនត្រឹមត្រូវ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដើម្បីជ្រើសរើសលោក Donald Trump

Facebook បានផ្សព្វផ្សាយទិន្នន័យថា ខ្លួនបានលុបគណនីក្លែងក្លាយជាង៥, ពាន់លានគណនីកាលពីឆ្នាំមុន៕