ការ​វិនិយោគ​លើ​គំរោង​លំនៅ​ដ្ឋាន​បែប​លំហែ​រកា​យកើន​ឡើង​នៅ​កម្ពុជា​

ដោយ ​ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ការ​វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​ បែប​លំហែ​រកា​យកំ​ពុង​កើនឡើង​នៅ​កម្ពុជា​ ខណៈ​ដែល​ការស្វែងរក​កន្លែង​លំ​ហែរ​ និង​សម្រាក​កំសាន្ត​ពី​ប្រជាជន​ក្នុង​ស្រុក​ និង​ភ្ញៀវ​ទេសចរណ៍​កើនឡើង​។

ជាក់ស្តែង​គំរោង​ជាច្រើន​បាន​លេចឡើង​ ដូចជា​ គំរោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្ម​ជាតិ​ស្រះ​ខ្វាវ​ និង​ដី​ឡូត៍​ សម្រាប់​សាងសង់​ផ្ទះ​លំ​ហែរ​កាយ​ ភូមិឋាន​សំណាង​ គំរោង​វិ​និ​យោក​គ Relax​ Resort​ វិនិយោគ​របស់​ក្រុមហ៊ុន​ Macau​ Legend​ Development​ Limited​ ដែល​មាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ក្រុង​ហុងកុង​ ដែល​ក្រុមហ៊ុន​នេះ​បាន​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន ​Howing​ Enterprises​ នៅ​កម្ពុជា​ក្នុង​តម្លៃ៩០លាន​ដុល្លារ​ ក្នុង​គោលបំណង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណកម្ម​ (IR​) នៅ​ខេត្តសៀមរាប​។

ប្រធាន​នាយក​ប្រតិបត្តិ​ Macau​ Legend​ Development​ លោក​ Chow​ Kam​ Fai​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការទិញ​ដី​នេះ​មានបំណង​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណកម្ម​នៅ​ខេត្តសៀមរាប​ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ និង​ទទួល​នូវ​អត្ថ​ប្រយោជន៍​ពី​ឧស្សាហកម្ម​ទេសចរណ៍​ដែល​កំពុង​រីក​ ចម្រើន​របស់​កម្ពុជា​។

លោក​ឲ្យដឹង​បន្ត​ថា​ “ក្រុមប្រឹក្សា​ភិបាល​ចាត់ទុកថា​ លក្ខខណ្ឌ​នៃ​ការទិញ​លក់​នេះ​ត្រឹមត្រូវ​ និង​សម​ហេតុផល​ ហើយ​ការទិញ​នេះ​ស្ថិត​ក្នុង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគ​ទុ​និក​ទាំងអស់​របស់​ខ្លួន​”។ មក​ពីទី​ក្រុង​ម៉ាកាវ​ ដែល​គ្រោង​វិនិយោគ​រមណីយដ្ឋាន​ សមាហរណកម្ម​បែប​វិស្សមកាល​លើ​ផ្ទៃដី១២០០ហិ​កតា​ នៅ​ខេត្តសៀមរាប​ និង​គំរោង​ជាច្រើន​ទៀត​នៅ​ជាយក្រុង​ភ្នំពេញ​។

ទោះជាយ៉ាងណា​គំរោង​នេះ​ បា​នព​ន្យា​ពេល​រហូត​មកទល់​ពេលនេះ​ ដោយសារ​បញ្ហា​ការិយាធិបតេយ្យ​ ដែល​បាន​និង​កំពុង​ចាក់ស្រេះ​នៅ​តាម​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​។

ជាមួយគ្នា​នេះ​ លោក​ម៉ោង​ ម៉ា​តាំង​សហ​ស្ថាបនិក​ និង​ក្រុម​ភា​គហ៊ុនិ​កនៃ​គំរោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ធម្មជាតិ​ស្រះ​ខ្វាវ​ និង​ដី​ឡូត៍​ សម្រាប់​សាងសង់​ផ្ទះ​លំ​ហែរ​កាយ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គំរោង​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ជាង២៣ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ជាង៤ហិ​កតា​ នឹង​ត្រូវ​រៀបចំ​ជា​រំ​ណី​យដ្ឋាន​ធម្មជាតិ​ ដោយមាន​អាងហែលទឹក​ ផ្ទះ​លំ​ហែរ​ កន្លែង​បោះតង់​ សួនច្បារ​ ស្ពាន​សម្រាប់​ទស្សនា​ព្រៃ​សហគមន៍​ជាដើម​។

លោក​បន្ត​ថា​ “ដោយសារ​យើង​មើលឃើញ​ប្រជាពលរដ្ឋ​ កាន់តែ​ច្រើន​បាន​ចាកចេញ​ពីទី​ក្រុង​នៅ​ចុង​សប្តាហ៍​ ដើម្បី​ស្វែងរក​កន្លែង​សំរាក​កាយ​ និង​លំ​ហែរ​ចុង​សប្តាហ៍​ ទើប​យើង​វិនិយោគ​គម្រោង​នេះ​ឡើង​”។ លោក​បន្ត​ថា​ “គំរោង​នេះ​មាន​ទីតាំង​ជាប់​ផ្ទះសំណាក់​បៃតង​ និង​គំរោង​រមណីយដ្ឋាន​ធម្មជាតិ​ស្រះ​ដូន​រីក​ ដែល​អភិវឌ្ឍន៍​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP​)”។

ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ក៏បាន​វិនិយោគ​រមណីយដ្ឋាន​និង​ផ្ទះ​លំ​ហែរ​កាយ​ចុង​សប្តាហ៍​នៅ​រមណីយដ្ឋាន​គិរីរម្យ​ផង​ដែរ​ ដែល​គម្រោង​នេះ​រួមមាន​ផ្ទះ​ស្នាក់នៅ​ច្រើន​ប្រភេទ​ ទីលាន​បោះតង់​ដែល​អាច​ផ្ទុក​មនុស្ស​បាន២០០០នាក់​ និង​គំរោង​ទីលាន​វា​យកូនហ្គោល​ជាដើម​។

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ A2A​ Town​ Cambodia ​លោ​កហ៊ិ​ន សុ​ជាតិ​ បាន​មានប្រសាសន៍​ថា​ វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បីឲ្យ​គំរោង​នេះ​ដំណើរការ​ ខណៈ​ការសាងសង់​ផ្ទះ​សម្រាប់​លំ​ហែរ​កាយ​លក់​ ទទួល​បាន​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​ ច្រើនជាង​អ្នក​វិនិយោគ​ក្នុង​ស្រុក​។លោក​បន្ត​ថា​ ក្នុងចំណោម​ផ្ទះ​លំ​ហែរ​កាយ​ ដែល​សាងសង់​សម្រាប់​លក់​ប្រមាណ៨០ផ្ទះ​ រហូត​មកទល់​ពេលនេះ​លក់​អស់​បាន​ប្រមាណ៦០ទៅ៧០ភាគរយ​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ ការ​វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​បែប​រមណីយដ្ឋាន​ ពិតជា​បាន​និង​កំពុង​កើនឡើង​ ដោយសារ​ប្រជាជន​ចាប់ផ្តើម​ស្វែងរក​ពេលវេលា​លំ​ហែរ​ ព្រោះ​ប្រាក់ចំណូល​ពួកគេ​កើនឡើង​។លោក​បន្ត​ថា​ យើង​អាច​ចាត់ទុកជា​ផលិតផល​ថ្មី​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​ តែ​មិនមែន​ជា​រឿង​ថ្មី​នៅ​បណ្តា​ប្រទេស​នានា​នោះ​ទេ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​បែបនេះ​ក៏​ជាផ្នែក​មួយ​ ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ផង​ដែរ​ ហើយ​ជា​ការ​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​”៕

រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ចេញ​អាជ្ញាប័ណ្ណ​បង្កើត​ធនាគារ​ឌីជីថល​ដល់​ក្រុមហ៊ុន​ចំនួន៥​

ដោយ​ វុត្ថា​

ម៉ា​ឡេ​ស៊ីៈ​ ធនាគារ​កណ្តាល​ម៉ាឡេស៊ី​ នឹង​ចេញ​អាជ្ញាប័ណ្ណ​រហូត​ទៅដល់​ចំនួន៥​ ដល់​ក្រុមហ៊ុន​វិយោគ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​បង្កើត​ធនាគារ​ឌីជីថល​ដើម្បី​ធ្វើជំនួញ​ធនាគា​ធម្មតា​ រឺ​ក៏​ជា​ធនាគារ​អ៊ិស្លាម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ធនាគារ​Negara​ Malaysia​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ​ថា​ ខ្លួន​បាន​ចេញ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ធនាគារ​ឌីជីថល​ ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​ឌីជីថល​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ ដើម្បី​ដោះស្រាយ​គម្លាត​ទីផ្សារ​នៅក្នុង​ផ្នែក​ ដែល​មិន​មានការ​គាំទ្រ​ និង​មិន​មានការ​អភិរក្ស​។

ធនាគារ​កណ្តាល​បាន​និយាយ​ថា​ “ធនាគារ​ឌីជីថល​បែបនេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​ជូន​នូវ​ការ​ចូល​ដំណើរការ​ប្រកបដោយ​អត្ថន័យ​ និង​លើកកម្ពស់​ការទទួលខុសត្រូវ​នៃ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ដែល​សមរម្យ​ និង​មាន​តំលៃ​សមរម្យ​ សម្រាប់​អ្នកប្រើ​ប្រាស់​ហិរញ្ញវត្ថុ​” ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹង​ថា​ ក្របខ័ណ្ឌ​នេះ​បាន​បង្កើត​ឡើងជា​ផ្នែក​នៃ​វិធានការណ៍​ជាបន្តបន្ទាប់​ ដែល​បាន​អនុម័ត​ដោយ​ធនាគារ​កណ្តាល​ ដើម្បី​ឱ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

ធនាគារ​កណ្តាល​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ខ្លួន​បាន​ប្រកាន់យក​នូវ​វិធី​សាស្រ្ត​ប្រកបដោយ​តុល្យភាព​ ដើម្បី​ធ្វើ​ឱ្យ​ធនាគារ​ឌីជីថល​ ទទួល​បានការ​ស្នើសុំ​មានតម្លៃ​ខ្ពស់​ស្រប​ពេល​ដែល​ការ​ការពារ​ភាព​សុចរិត​ និង​ស្ថេរ​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ក៏ដូចជា​ផលប្រយោជន៍​របស់​អ្នក​ដាក់​ប្រាក់បញ្ញើ​។

ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ទាំងនេះ​ គឺ​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ២ពាន់​លា​នរីងហ្គីដ​ (ប្រហែល៤៨៤.៥៦​ លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ប្រតិបត្តិ​ការ​រយៈពេល៣ទៅ​ ៥ ឆ្នាំ​ដំបូង​៕

ទុន​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​មាន​ទំហំ​ទឹកប្រាក់​ជាង៥៨៦លាន​ដុល្លារ​អាមេរិក​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ដោយសារ​ការ​រីកចម្រើន​ផ្នែក​បដិសណ្ឋារ​កិច្ច​ កម្ពុជា​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ផ្នែក​សណ្ឋាគារ​រហូតដល់​ទឹកប្រាក់​ជាង៥៨៦លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​គំរោង​សរុប​ចំនួន៦៦នៅ​ទូទាំង​ប្រទេស​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំ​ណង់់​ដែល​បាន​បង្ហាញ​ក្នុង​សន្និបាត​របស់​ខ្លួន​ កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ សំណង់​សណ្ឋាគារ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន៦៦គម្រោង​ ស្មើនឹង៩៧៧​,៨៦៧ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ៥៨៦​,៣៩១​,៦៧៦ដុល្លារ​។ សំណង់​អគារ​ ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន៣១២គម្រោង​ ស្មើនឹង​ជិត៦លាន​ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ៣​,៥១៨​,០៥៣​,០៤៣ដុល្លារ​។

របាយការណ៍​ដដែល​បាន​បន្ត​ទៀត​ថា​ គិត​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩​ បាន​ចេញ​លិខិត​អនុញ្ញាតិ​ សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន៤៨​,០០៤គម្រោង​ ផ្ទៃក្រឡា​ កម្រាល​សំណង់​សរុប​ចំនួន១៣១លាន​ម៉ែត្រការ៉េ​ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ៥១​,០៣៥​,១២៤​,៤៥១ដុល្លារ​។

គម្រោង​អគារ​ខ្ពស់​ៗចាប់ពី៥ជាន់​ ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១​,៦២៤អគារ​ (ក្នុង​នោះ​អគារ​ខ្ពស់​ៗចាប់ពី៥ជាន់​ ទៅ៩ជាន់​មាន​ចំនួន៨៧២អគារ​ អគារ​ចាប់ពី១០ជាន់​ទៅ១៩ជាន់​ មាន​ចំនួន៤៦១អគារ​ អគារ​ចាប់ពី​ ២០ជាន់​ ទៅ២៩ជាន់​ មាន​ចំនួន១៥៦អគារ​ អគារ​ចាប់ពី៣០ជាន់​ទៅ៣៩ជាន់​ មាន​ចំនួន៩៥អគារ​។ អគារ​ចាប់ពី៤០ជាន់ឡើង​មាន​ចំនួន៤០អគារ​។

ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​ មាន​អគារ​ចាប់ពី៥ជាន់ឡើង​ទៅ​ មាន​ចំនួន២៣៨អគារ​ គម្រោង​បុរី​លំនៅឋាន​ និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ មាន​ចំនួន២៩៨គម្រោង​ និង​លំនៅឋាន​ មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ​ ក្នុង​រាជធានី​ភ្នំពេញ​ គិត​ចាប់ពី​ឆ្នាំ២០១១​ រហូតដល់​ឆ្នាំ២០១៩​ មាន​ចំនួន២២​,២៦៩ចំណែក​ឯកជន​៕

ការ​តាំង​បង្ហាញ​ពី​សក្ដានុពល​នៃ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​សំរោងលើ​” របស់​ក្រុមហ៊ុន​ KH​ Land​ ទទួល​បាន​ជោគជ័យ​ខ្លាំង​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ នៃ​ការ​តាំង​បង្ហាញ​ពី​សក្ដានុពល​នៃ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​សំរោងលើ​” ស្ថិតនៅ​លើ​ទីតាំង​គម្រោង​ផ្ទាល់​ដែល​មានផ្ទៃ​ដី​សរុប៥០ហិ​កតា​ រយៈពេល២ថ្ងៃ​ជាប់គ្នា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នោះ​ ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង​ ក្រោម​ការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ​ អតិថិជន​គាំទ្រ​គម្រោង​ ក៏​ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​ ខេ​អេច​ លេន​ ឯ.ក​ លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ឲ្យដឹង​ ក្នុង​ពិធី​បើក​កម្មវិធី​តាំង​បង្ហាញ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ក្រុមហ៊ុន​ ខេ​អេច​ លេន​ តែងតែ​យកចិត្ត​ទុកដាក់​លើ​គុណភាព​ ការ​អភិវឌ្ឍ​ ដើម្បី​ឱ្យ​អតិថិជន​ជោគជ័យ​ ដៃគូ​វិនិយោគ​ជោគជ័យ​ និង​ខេ​អេ​ចលែន​ជោគជ័យ​ ម្លោះ​ហើយ​ទើបបាន​ជា​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​ក្រង​ថ្មី​ដ៏​មាស​សំរោងលើ​នេះ​ឡើង​។

លោក​បាន​បន្ត​ថា​ “គម្រោង​ក្រុង​ថ្មី​ដ៏​អស្ចារ្យ​នេះ​ មានការ​បែងចែក​ជា​ តំបន់​លំនៅ​ដ្ឋាន​តំបន់​លំហែកាយ​ និង​តំបន់​អាជីវកម្ម​ រួមមាន​ ផ្ទះល្វែង​បែប​ទំនើប​ រី​សត​ទំហំ៣ហិ​កតា​ ហាង​កាហ្វេ​ ជាប់​ ភោជនីយដ្ឋាន​ ម៉ាត​ ឱសថដ្ឋាន​ សា​ឡន​ ហាង​លក់ទំនិញ​ ហាង​លក់​សម្លៀកបំពាក់​ និង​សួនច្បារ​សាធារណៈ​ រួម​ទាំង​ហេ​ដ្ឋា​រច​សម្ព័ន្ធ​ជាច្រើន​ទៀត​ប្រកបដោយ​គុណភាព​និង​ស្តង់​ដា​ខ្ពស់​”។

គម្រោង​ក្រុង​ថ្មី​ដែល​កំពុង​លេច​រូបរាង​ឡើង​នេះ​ ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ឧស្សាហ​កម្ម​ធំៗ​ ជា​តំបន់ត្រីកោណ​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ មុំ​សេដ្ឋកិច្ច​ ៣ធំៗ​ ៖ មុំ​សេដ្ឋកិច្ច​ទីមួយ​ គឺ​ផ្លូវជាតិ​លេខ៤​ មុំ​សេដ្ឋកិច្ច​ទីពីរ​ ផ្លូវជាតិ​លេខ៥១​ និង​ម៉ុំ​សេដ្ឋកិច្ច​ទី៣​ គឺ​ផ្លូវ​ល្បឿន​លឿន៦០ម៉ែត្រ​ និង​គម្រោង​ផ្លូវរដ្ឋ​ផ្សេងទៀត​ ដែល​មាន​ទំហំ២០ម៉ែត្រ៣០ម៉ែត្រ​ និង៤៥ម៉ែត្រ​។ បច្ចុប្បន្ន​ ទីតាំង​នេះ​ មាន​ប្រជាជន​កំពុង​រស់នៅ​ច្រើន​កុះករ​ មាន​មន្ទីរពេទ្យ​ សាលារៀន​ វត្តអារាម​ ព្រមទាំង​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ​ ដែល​នឹង​ត្រូវ​កាត់​ចូល​ក្រុង​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ទៀតផង​។

លោក​ ថុន​ បូរ៉ា​ បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ខេ​អេច​ លែន​ មាន​ចក្ខុវិស័យ​ច្បាស់លាស់​ ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​ ឱ្យ​ក្លាយជា​ក្រុង​ថ្មី​មួយ​ ដែល​មាន​ប្រជាជន​រស់នៅ​កាន់តែ​ច្រើន​កុះករ​បន្ថែម​ទៀត​។ ប្រជាជន​មាន​កន្លែង​រស់នៅ​ស្អាត​ សមរម្យ​ មាន​ផាសុកភាព​ ប្រកបដោយ​សុភមង្គល​ និង​សេចក្តី​ថ្លៃថ្នូរ​ អតិថិជន​មានឱកាស​វិនិយោគ​ មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ និង​មាន​ឱកាស​​ចំណេញ​ខ្ពស់​ ដែល​ជា​ការចូលរួម​ចំណែក​លើកស្ទួយ​ជីវភាព​ ប្រជាពលរដ្ឋ​ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ ឱ្យ​កាន់តែ​រីក​ចំរើន​ជាបន្តបន្ទាប់​ ស្របតាម​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​”។

លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ខាងលើ​នេះ​ ក៏បាន​បង្ហាញ​ពី​កាត​យល់ឃើញ​ផ្ទាល់ខ្លួន​ផង​ដែរ​ថា​ “គម្រោង​ក្រុង​ថ្មី​ដី​មាស​សំរោងលើ​នេះ​ ពិតជា​មាន​ភាពល្អ​ប្រសើរ​ និង​អំណោយផល​ដល់​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​វា​មិន​អាច​រង​ឥទ្ធិពល​អាក្រក់​ ឬឱនភាព​ដូចជា​គម្រោង​អភិវឌ្ឍ​ដែល​មាន​ទំ​ហំ​ធំៗ​នោះ​ទេ​។

​លោក​បន្ត​ថា​ “គម្រោង​មួយ​នេះ​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ ដែល​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ ចង់បាន​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​ ប៉ុន្តែ​មិន​មានលទ្ធភាព​គ្រប់គ្រាន់​”។

កម្មវិធី​ “ការ​តាំង​បង្ហាញ​ពី​សក្ដានុពល​នៃ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​សំរោងលើ​” ធ្វើឡើង​ដើម្បី​ឱ្យ​អតិថិជន​ចាស់​ អតិថិជន​ថ្មី​ និង​ដៃគូ​រស​ហកា​រណ៍​ទាំងអស់​បាន​យល់​កាន់តែ​ច្បាស់​ពី​ផែនការ​អភិវឌ្ឍន៍​គម្រោង​ ព្រមទាំង​សិក្សា​ស្វែងយល់​ពី​ការ​រីក​ចំរើន​នៅក្នុង​តំបន់​នេះ​នា​ពេល​អនាគត​ដ៏​ខ្លី​។

នៅក្នុង​កម្មវិធី​មួយ​នេះ​ ក៏​មានការ​ចាប់ឆ្នោត​ផ្សងសំណាង​យក​ចិញ្ចៀនពេជ្រ​ ខ្សែក​មាស​ នឹង​ខ្សែដៃ​មាស​ សំរាប់​អតិថិជន​ដែល​បាន​ទិញ​ដី​ ផ្ទះ​ រឺ​គម្រោង​អាជីវកម្ម​នៅ​លើ​គម្រោង​ក្រុង​ថ្មី​ដី​មាស​សំរោងលើ​ផង​ដែរ​។ ដោយឡែក​នៅពេល​រាត្រី​ ក៏​មានការ​ប្រគំតន្ត្រី​សម័យ​យ៉ាង​កក្រើក​ ក្រោម​វត្តមាន​របស់​តារាចម្រៀង​ប្រុស​ ស្រី​ ល្បីឈ្មោះ​ជាច្រើន​នាក់​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ដូចជា​ លោក​ ហ្សូ​ណូ​ លោក​ វង្ស​ តារា​រតនា​ លោក​ ប៉ាវី​ កញ្ញា​ សុ​វត្ថិ​ឌី​ ធី​រិកា​ កញ្ញា​ សីហា​ កញ្ញា​ ជេរី​ រួម​នឹង​តា​រា​ល្បី​ៗផ្សេង​ជាច្រើន​រូប​ទៀត​៕

ចំណេះដឹង​! តើ​អ្វី​ជា​ «យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ២០១៩​-២០២៥​»?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​ «យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ២០១៩​-២០២៥​» កាលពី​ថ្ងៃទី២២ខែតុលា​ ឆ្នាំ២០១៩​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​។

យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ២០១៩​-២០២៥​ គឺជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៃ​ យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ២០១៨​-២០២៥​ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

ឯកសារ​យុទ្ធ​សាស្រ្ត​នេះ​ បាន​កំណត់​ក្របខ័ណ្ឌ​រួម​មួយ​ ក្នុង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ពី​គ្រប់​ប្រភព​ហិរញ្ញប្បទាន​ (ទាំង​ពី​ថវិកាជាតិ​, ថវិកា​ហិរញ្ញប្បទាន​ដោយដៃ​គូ​អភិវឌ្ឍន៍​ និង​ទុន​វិនិយោគឯកជន​ តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​) និង​នៅ​គ្រប់​កម្រិត​រដ្ឋបាល​ (ទាំង​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ សហគ្រាស​សាធារណៈ​ និង​អង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​)។

ការអនុវត្ត​នូវ​យុទ្ធ​សាស្រ្ត​នេះ​ ចែក​ចែក​ជា២ដំណាក់កាល​ តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​សំ​ខាន់​ៗមួយចំនួន​ ទាំង​នៅក្នុង​រយៈពេល​ខ្លី​បន្ទាន់​ចំពោះមុខ​ និង​រយៈពេល​មធ្យម​ ដោយ​ក្នុង​នោះ​ ក៏​មាន​ទាំង​ការរៀបចំ​សេចក្តី​ព្រាង​ «អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​» ផង​ដែរ​។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ គោលបំណង​ធានា​ប្រសិទ្ធភាព​ ស័ក្តិសិទ្ធ​ភាព​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ចីរភាព​នៃ​ការ គ្រប់គ្រង​ គម្រោង​វិនិយោគ​សាធារណៈ​ នៅ​តាម​ដំណាក់កាល​ នៃ​វដ្ដ​គម្រោង​ និង​មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​ការ​ គ្រប់គ្រង​គម្រោង​ វិនិយោគ​សាធារណៈ​ ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​ ហិរញ្ញប្បទាន​ដោយដៃ​គូរ​អភិវឌ្ឍន៍​ហិរញ្ញប្បទាន​ដោយ​វិស័យ​ឯកជន​ តាម​យន្តការ​PPP​ និង​យន្តការ​ផ្សេងទៀត​ ហិរញ្ញប្បទាន​ ដោយ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ទ្រព្យសម្បត្តិ​រដ្ឋ​ ដោយ​ប្រភព​ហិរញ្ញប្បទាន​ចម្រុះ​ ព្រមទាំង​ដោយ​សហគ្រាស​សាធារណៈ​ គ្រឹះស្ថាន​សាធារណៈ​ និង​អង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​ដទៃទៀត​។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​ នៃ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​បច្ចុប្បន្ន​ ពិសេស​ការប្រើ​ប្រាស់​ ធនធាន​វិនិយោគ​ របស់​ប្រទេស​ទាំងមូល​ ដែល​មាន​លក្ខណៈ​រាយប៉ាយ​ ឱ្យ​ក្លាយ​ទៅ​លក្ខណៈ​ជា​ប្រព័ន្ធ​ ស្រប​ទៅតាម​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ ដោយមាន​ភ្ជាប់​នូវ​ការទទួលខុសត្រូវ​ច្បាស់លាស់​ ទាំង​សម្រាប់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​នឹង​បំពេញមុខ​ងារ​ជា​ទ្វារបាល​នៃ​ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ និង​ទាំង​សម្រាប់​ក្រសួង​-ស្ថាប័ន​នានា​ ដែល​ជា​ប្រតិបត្តិ​ករ​អនុវត្ត​ផ្ទាល់​៕

ផ្សារ​ទំនើប​នឹង​កើន​ដល់​ជាង៤០​ ក្នុងរយៈពេល​ត្រឹម២​ ទៅ៣ឆ្នាំខាងមុខ​នេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ជាង​ ៤០​ ក្នុងរយៈ​ត្រឹមតែ២​ ទៅ៣ឆ្ នាំខាងមុខ​នេះ​ ខណៈ​ផ្សារ​ទំនើប​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ជាង២០ផ្សារ​រួច​ទៅ​ហើយ​។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​ដឹង​ថា​ នេះ​គឺ​ចំណុច​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​មាន​ផ្សារ​ទំនើប​ច្រើនបែប​នេះ​ យ៉ាងណាក៏ដោយ​ផ្សារ​ទំនើប​មួយចំនួន​ មាន​លក្ខណៈ​ទ្រង់​ទ្រា​យតូចៗ​ ដែលគេ​ហៅថា​ផ្សារ​សហគមន៍​ (Community​ Malls​) ដែល​មាន​ទី​តាំង​ផ្សេង​ៗពីគ្នា​។

កញ្ញា​បន្ត​ថា​ “អ្នក​អភិវឌ្ឍន៍​ដែល​មានការ​ការ​សង​សង់​ផ្សារ​ទំនើប​ ដែល​មាន​ទី​តាំង​ផ្សេង​ៗបែបនេះ​ វា​នឹង​កាន់តែ​ជួយ​សម្រួល​ដល់​អ្នកប្រើ​ប្រាស់​ និង​ឆ្លើយតបទៅនឹង​តម្រូវការ​ផលិតផល​ម៉ា​កល្បី​ៗ ចូល​មកកាន់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ជាបន្តបន្ទាប់​”។

កញ្ញា​បន្ថែម​ថា​ សម្រាប់​គម្រោង​ផ្សារ​ទំនើប​ ដែល​រាជរដ្ឋាភិបាល​ទើបតែ​អនុម័ត​កាលពី​ពេល​ថ្មី​ៗនេះ​ គឺ​ គម្រោង​អេ​អន​ម៉ល៣​ និង​ផ្សារ​ទំនើប​ Chip​ Mong​ គឺជា​ចំណុច​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​អាច​ទទួលការ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ម៉ា​កល្បី​ៗ នៅ​លើ​ពិភពលោក​មក​ធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

កញ្ញា​គឹម​ គិ​នកេ​សាបាន​បន្ថែម​ថា​ កាលណា​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ នៅក្នុង​ប្រទេស​កម្ពុជា​ វា​នឹង​បង្ហាញ​ជំនឿ​ចិត្ត​ទៅកាន់​វិនិយោគិន​តែ​ខ្លាំង​ផង​ដែរ​ ទាក់​ទៅ​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​ និង​ផ្សារ​របស់​ប្រទេស​កម្ពុជា​។

កញ្ញា​បញ្ជាក់​ទៀត​ថា​ ម្យ៉ាងទៀត​ កាលណា​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ នឹង​ផុ្តល់​ឱ្យ​មានការ​ប្រកួតប្រជែង​ លើ​ការជួល​កាន់តែ​មានតម្លៃ​សមរម្យ​ សម្រាប់​អ្ន​វិនិយោគិន​ដែល​ចង់​ជួល​ហាង​ ឬ តូច​សម្រាប់​រកស៊ី​។

លោក​ ង៉ែ​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​យៈ​ពេល​ប៉ុន្មាន​កន្លងមក​នេះ​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​នឹង​បន្ត​កើនឡើង​ច្រើន​ទៅមុខ​ទៀត​ តែ​អំណាច​នៃ​ការ​ដើរ​ទិញទំនិញ​ រប​សប្រ​ជា​ពលរដ្ឋខ្មែរ​ហាក់​នៅ​មានកម្រិត​នៅឡើយ​ ។

លោក​បន្ត​ថា​ “បើ​ទោះបី​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ នៅ​មានកម្រិត​ក៏ដោយ​ ប៉ុន្តែ​ផ្សារ​ទំនើប​ទាំងនោះ​អាច​បន្ត​ឈរជើង​នឹង​បាន​”។ លោក​បន្ត​ថា​ “យ៉ាងណា​ចំពោះ​ចក្ខុវិស័យ​របស់​អ្នក​អភិវឌ្ឍន៍​ គឺ​គេ​សំឡឹង​មើលទៅ​មុខ​ ​ពោល​គឺ​មិន​សំដៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ហើយ​ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​ថែ​ទៀត​ គឺ​ស្ថិតនៅ​គ្រប់​ជាយ​នៃ​ទីក្រុង​ភ្នំពេញ​”។

លោក​រំពឹង​ថា​ នា​ពេល​អនាគត​ នៅពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​កាន់តែ​ខ្លាំង​ និង​ប្រាក់ ចំណូល​របស់​ប្រជាពលរដ្ឋ​ កាន់តែ​បាន​ច្រើន​នោះ​ នឹង​ធ្វើ​ឱ្យ​មានការ​ដើរ​ទំនិញ​ នៅក្នុង​ផ្សារ​ទើប​កាន់តែ​មាន​ភាព​ទាក់ទាញ​ ហើយ​ការ​វិយោគ​កាន់​លើ​ផ្សារ​ទំនើប​កាន់តែ​មាន​ច្រើ​ថែមទៀត​។

រាជរដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​អេ​អន៣​ ​ និង​ផ្សារ​ទំនើប​ជីប​ម៉ុង​ថ្មី​បន្ថែម​ទៀត​ ក្នុងទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មានការ​ទាក់ទាញ​ និង​ជំនឿ​ទុកចិត្ត​ពីសំណាក់​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ថែមទៀត​៕

ក្រុមហ៊ុន​អាមេរិក​ចង់​វិនិយោគ​បង្កើត​រោងចក្រ​យានយន្ត​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោក​ W.Patric​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​ បាន​សិក្សា​ស្វែងយល់​ពី​គោលនយោបាយ​អភិ​វឌ្ឍន៌​ វិ​ស័យ​ឧស្សា​ ហក​ម្ម​របស់​កម្ពុជា​ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​នីតិវិធី​ពាក់ព័ន្ធ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​យានយន្ត​របស់​សហរដ្ឋអាមេរិក​ នៅ​កម្ពុជា​ តាមរយៈ​ការ​ទទួលយក​ស្តង់ដារ​យានយន្ត​សហរដ្ឋអាមេរិក​លើ​ទីផ្សារ​កម្ពុជា​។

លោក​ Patric​ Murphy​ នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ ជាមួយ​ លោក​ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ ចំពោះ​ការ​បំពេញបេសកកម្ម​ទូត​នៅ​កម្ពុជា​ ដើម្បី​បន្តសកម្មភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​ដៃគូ​កម្ពុជា​ ក្នុងនាម​ជា​ប្រទេស​ធ្លាប់​មាន​ទំ​នា​ ក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ជា​យូរលង់​មក​ហើយ​ ។

លោក​ ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ទំនាក់ទំនង​ នៃ​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ ក្នុង​កំរិត​ផលប្រ​យោ​ជន៌​រួម​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទូលំទូលាយ​។

ទាក់ទង​និង​វិស័យ​ឧស្សាហកម្ម​ លោក​ចម​ ប្រសិទ្ធ​ បាន​លើកឡើង​ពី​ភាព​រីកចម្រើន​លើ​វិស័យ​នេះ​ បន្ទាប់ពី​កម្ពុជា​បាន​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ ក្នុង​ប្រព័ន្ធ​ពិភពលោក​ និង​មាន​កិច្ច​ព្រមព្រៀង​ទ្វេភាគី​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ក៏ដូចជា​ជាមួយ​ប្រទេស​នានា​ជា​ដៃគូ​លើ​ពិភពលោក​ ។

លោក​បន្ត​ថា​ គោលនយោបាយ​អភិ​វឌ្ឍន៌​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០១៥​-២០២៥​ បាន​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​អភិ​វឌ្ឍន៌​បដិវត្ត​ឧស្សាហកម្ម៤​.0 ជា​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​មួយ​ ហើយ​យក​ខេត្ត​ព្រះសីហនុ​ទាំងមូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ ។

មួយវិញទៀត​ ភាព​រីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ក៏ដូចជា​ស្បែកជើង​ រហូតដល់​បច្ចុប្បន្ន​នេះ​ ដោយសារ​កម្ពុជា​អនុវត្ត​នូវ​រូបមន្ត​ជា​គំរូ​ ក្នុងចំណោម​ប្រទេស​អភិ​វឌ្ឍន៌​តិចតួច​លើ​ពិភពលោក​ គឺ​“ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​ និង​ស្តង់ដារ​ការងារ​” (Link​ Trade​ with​ Labour​ Standard​) ជាមួយ​និង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) ស្ថិត​ក្រោម​យន្តការ​ត្រួតពិនិត្យ​របស់​អង្គការ​អន្តរជាតិ​ផ្នែកការ​ងារ​ (ILO​) ដែល​ជា​លក្ខ័​ណ្ឌ​ចាំបាច់​មួយ​ ក្នុង​ការ​ជម្រុ​ញឲ្យ​មានការ​ការគោរព​សិទ្ធិ​កម្មករ​ និង​ច្បាប់​ការងារ​ជាធរមាន​នៅ​កម្ពុជា​។

ទាក់ទង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME​) លោ​កចម​ប្រ​ សិទ្ធ​ ថា​វិស័យ​នេះ​នៅ​កម្ពុជា​ មាន​ចំនួន​ជាង៥សែន​មូលដ្ឋាន​ សម្រាប់​គាំទ្រ​ដល់​កំនើន​សេដ្ឋកិច្ច​ជាតិ​ ។ ប៉ុន្តែ​ការចុះបញ្ជី​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​បាន​ត្រឹម៥​% ប៉ុណ្ណោះ​ ដែល​យើង​កំពុង​ខិតខំ​ជុំ​រុញ​បន្ថែម​ទៀត​លើ​ការងារ​នេះ​ ។

ដោយឡែក​ចំពោះ​ នីតិវិធី​ពាក់ព័ន្ធ​និង​ការ​ជុំ​រុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​យានយន្ត​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ លោក​ចម​ ប្រសិទ្ធ​បញ្ជាក់​ថា​ ជា​រួម​ភាគី​កម្ពុជា​បាន​ឯកភាព​ទទួលស្គាល់​ស្តង់ដារ​សុវត្ថិភាព​ យានយន្ត​របស់​សហរដ្ឋអាមេរិក​ សម្រាប់​ទីផ្សារ​កម្ពុជា​ ហើយក៏​បាន​ឯកភាព​គ្នា​ ឲ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​ រៀបចំ​ឯកសារ​គតិយុត្តិ​ ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជាមួយគ្នា​នា​ពេល​ខាងមុខ​ ៕

គំរោង​ដី​ឡូត៍​ឋានសួគ៌​ត្រពាំងរូង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ ខណៈ​រមណីយដ្ឋាន​បណ្តែត​ទឹកនឹង​សាងសង់​នៅ​ឆ្នាំក្រោយ​

ដោយ​គង់​ សូ​រិយា

ភ្នំ​ពេញៈ​ តំបន់​ត្រពាំងរូង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង​ ខេត្តកោះកុង​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ តាមរយៈ​គំរោង​វិនិយោគ​រមណីយដ្ឋាន​ថ្មី​មួយ​ ដែល​នឹង​សាងសង់​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ ជាមួយនឹង​ទេសភាព​ស្រស់​ត្រកាល​ មាន​ព្រែក​អម​សងខាង​ ទឹកព្រែក ៦ខែ​សាប​ និង៦ខែ​ប្រែជា​ទឹកប្រៃ​ បាន​ធ្វើឲ្យ​តំបន់​ត្រពាំងរូង​ ខេត្តកោះកុង​ កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd​ លោក​ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី២៨​ ធ្នូ​នេះ​ថា​ ដោយ​បាន​សិក្សា​យ៉ាង​ច្បាស់​ ពី​សក្តា​នុ​ពល​ទីតាំងនៅ​តំបន់​ខាងលើ​នេះ​ ទើប​ក្រុមហ៊ុន​លោក​បាន​ទទួលយក​គំរោង​រមណីយដ្ឋាន​នេះ​ ពី​ក្រុមហ៊ុន​ Golden​ Pig​ Investment​ Co​, Ltd​ មក​លក់​។

លោក​បន្ត​ថា​ “តំបន់​ត្រាំ​ពាំង​រូង​មាន​លក្ខណៈ​ពិសេស​ បើ​ធៀប​នឹង​តំបន់​ដទៃទៀត​ក្នុង​ខេត្តកោះកុង​ ដោយ​តំបន់​នេះ​មាន​ព្រែក​ទាំងសងខាង​ ជាមួយនឹង​ទឹកថ្លា​ឆ្វង់​ និង​អាច​អុំទូក​កំសាន្ត​បាន​យ៉ាង​រីករាយ​”។ លោក​បន្ត​ថា​ “អ្វី​កាន់តែ​ពិសេស​តំបន់​នេះ​ ក៏​មាន​រមណីយដ្ឋាន​ បឹង​ហ្កា​ឡូត៍​លំ​ហែរ​កាយ​ និង​គំរោង​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ផង​ដែរ​”។

លោក​ម៉ម​ សិរី​បញ្ញា​បាន​បន្ត​ទៀត​ថា​ ជាមួយ​លក្ខខ័ណ្ឌ​បង់ប្រាក់​សមរម្យ​ តម្លៃ​ដី​មាន​ភាពសមរម្យ​ ខេត្តកោះកុង​នឹង​មានការ​រីកចម្រើន​កាន់តែ​លឿន​ ពិសេស​ក្រោយ​ពេល​ព្រលា​នយន្តហោះ​តារា​សាគរ​បើក​ដំណើរការ​នា​ចុងឆ្នាំ​នេះ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​ថ្លែង​ផង​ដែរ​ថា​ ខេត្តកោះកុង​ ពិសេស​តំបន់​ត្រពាំងរូង​ស័ក្តិសម​ជាទី​តាំង​ ដែល​សមស្រប​សំរាប់​អភិវឌ្ឍ​រមណីយដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ​ ដោយសារ​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​តំបន់​នេះ​ ពិសេស​ជា​តំបន់​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពីទី​រួម​ខេត្ត​ និង​ព្រលា​នយន្តហោះ​តារា​សាគរ​នោះ​ឡើយ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ទៅ​វិនិយោគ​នៅក្នុង​ខេត្តកោះកុង​កាន់តែ​ច្រើន​នា​ពេល​អនាគត​”។

ជាមួយគ្នា​នេះ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​សរសើរ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​គំរោង​បែបនេះ​ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ជំ​រុញ​សក្តា​នុ​ពល​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រួមចំណែក​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​ដី​ដែល​មានតម្លៃ​សមរម្យ​ មិន​បង្ក​ហានិភ័យ​ណាមួយ​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​”។ លោក​បន្ត​ថា​ “គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ ជា​គំរោង​ល្អ​ ព្រោះ​ជា​គំរោង​ដែល​មានការ​រៀបចំ​នូវ​Master​ Plan​ បាន​ត្រឹមត្រូវ​ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​”។

លោក​ឃាង​ ពុទ្ឋី​ បាន​បន្ត​ថា​ ការទិញ​ដី​ឬវិនិយោគ​លើ​ដីធ្លី​មានតម្លៃ​ទាប​បែបនេះ​ មិន​មាន​ហានិភ័យ​ដល់​អ្នក​វិនិយោគ​នោះ​ទេ​ ព្រោះ​ទោះបីជា​មាន​វិបត្តិ​អ្វី​កើតឡើង​ ក៏​តម្លៃ​ដី​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​មិន​ជាប់​គាំង​នោះ​ទេ​ ពិសេស​គំរោង​មាន​លក្ខណៈ​បែប​រមណីយដ្ឋាន​បែបនេះ​ នៅតែ​ល្អ​សំរាប់​វិ​និ​យោ​ ដោយសារ​វា​ជា​គំរោង​បែប​អេកូ​ទេសចរណ៍​ ដែល​ធម្មតា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នៅតែ​បន្ត​ដើរ​កំសាន្ត​ នៅ​តាម​តំបន់​ធម្មជាតិ​បែបនេះ​។

អតិថិជន​ចាប់អារម្មណ៍​ទិញ​ដី​ រមណីយដ្ឋាន​នេះ​ អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០៩៦​ ៤៩២​ ៨៨៨៨​, ០៨៦​ ៤៨​ ៥៥​ ៦៦​, ០៧៧​ ៧៧​ ៥៧​ ៧៧​៕

ទីផ្សារ​ភាគហ៊ុន​អាស៊ាន​ហក់​ឡើង​ បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុងតែ​កើនឡើង​ខ្ពស់​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដំណាក់កាល​ទី​ ១ ត្រូវ​បាន​បញ្ចប់​ និង​បញ្ចប់​សង្គ្រាម​ពន្ធគយ​អស់​រយៈពេល​ជាង​មួយឆ្នាំ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​។

ទីផ្សារ​ភាគហ៊ុន​អាស៊ាន​នៅតែ​មានសន្ទុះ​កើនឡើង​នៅ​ថ្ងៃ​ សុក្រ​ នេះ​ ដោយ​ទី​ផ្សារ​ឥណ្ឌូ​នេ​ស៊ី​ ថៃ​ និង​ហ្វីលីពីន​កំពុង​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​។

ទីផ្សារ​ហ្វីលីពីន​បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​ ចាប់តាំងពី​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ ប្រទេស​នេះ​ទទួល​បាន​កំណើន​ខ្ពស់​បំផុត​ ០,៦​ ភាគរយ​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​។

រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​សង្គម​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ៧,៥​ ភាគរយ​រហូតដល់​ឆ្នាំ​ ២០២២​ ទោះបី​មានការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

ភាគហ៊ុន​ថៃ​បាន​ឈាន​ដល់​កម្រិ​ខ្ពស់​បំផុត​ក្នុងរយៈពេល​មួយ​ខែ​ ហើយ​ទី​ផ្សារ​ឥណ្ឌូ​នេ​ស៊ី​បាន​កើនឡើង​ជាលំដាប់​កន្លងមក​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​បញ្ចប់​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដំណាក់កាល​ទី​ ១ បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​ថ្លៃជាង​គេ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​តម្រៀប​ឡើងវិញ​នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក​ Robert​ Lighthizer​ ពិធី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ​ថ្មីនេះ​៕

រដ្ឋាភិបាល​គ្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ពន្ធ​អា​កទាក់ទិន​នឹង​វិស័យ​វាយនភណ្ឌ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់ចំណូល​និង​ពន្ធ​អា​កនានា​ ទាក់ទិន​នឹង​សកម្មភាព​ កាត់ដេរ​ និង​តម្រឹម​” របស់​គម្រោង​វិនិយោគ​មាន​ លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​។

លោក​ ឆាយ​ ជា​ហេង​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានឱ្យ​ដឹង​នៅក្នុង​ វេទិកា​ពន្ធដារ​កាលពី​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ថា​ ការរៀបចំ​វេទិកា​ពន្ធដារ​នៅពេល​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ និង​ពង្រឹង​កាតព្វកិច្ច​សារពើពន្ធ​ សម្រាប់​សហគ្រាស​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ ឱ្យ​បំពេញ​កាតព្វកិច្ច​ សារពើពន្ធ​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ និង​ បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ចៀសវាង​នូវ​កំហុសឆ្គង​ដោយ​ប្រការ​ ណាមួយ​ ដែល​អាច​រង​នូវ​ការ​ផាកពិន័យ​ឬទោសទណ្ឌ​នានា​។

លោក​បន្ត​ថា​ វេទិកា​នា​ព្រឹក​នេះ​ ត្រូវ​បាន​រៀបចំឡើង​នៅក្នុង​បរិបទ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជាពិសេស​ឆ្លើយតបទៅនឹង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ២០១៥២០២៣​ ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មិន​បង្កើន​អត្រាពន្ធ​ ឬបង្កើត​ពន្ធ​ថ្មី​ដោយ​ត្រូវ​ពង្រឹង​ច្បាប់​និង​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​មានស្រាប់​ និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​អស់​សក្តា​នុ​ពល​។

លោក​អនុប្រធាន​បាន​បញ្ជាក់​បន្ថែម​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​ជាច្រើន​ដែល​មាន​ដូចជា​ ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​តាម​អន​ឡាញ​ (E-VAT​ System​) ដែល​ទើប​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​ និង​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​ពន្ធ​ តាម​អន​ឡាញ​ (E-Filing​) នៅ​ឆ្នាំ២០២០​ ក្នុង​គោលបំណង​សម្រួល​ដល់​អ្នកជាប់ពន្ធ​ក្នុង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ កាត់បន្ថយ​ពេលវេលា​ និង​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ថែម​ថា​ ជាក់ស្តែង​ នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​បាន​សហការ​រៀបចំ​វេទិកា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​-សហគ្រាស​ដែល​ជាស​មា​ជិ​កស​មា​គម​ស្បែកជើង​កម្ពុជា​ (CFA​) ឱ្យ​អនុវត្ត​មាន​តម្លាភាព​ប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព​ ស្របតាម​ច្បាប់​និង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​ ក្នុង​គោលដៅ​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​គ្រប់​ និង​លើស​ផែនការ​ដែល​កំណត់ដោយច្បាប់​៕