គម្រោ​ងធំៗ​ចំនួន៦ត្រៀម​ផ្លាស់​ប្តូរ​មាត់​ខេត្តកំពត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្តកំពត​បាន​និង​កំពុង​អនុវត្ត​នូវ​គម្រោ​ងធំៗ​ចំនួន៦​ ជាមួយ​ទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​ ដែល​នឹង​ធ្វើ​ឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ កាន់តែ​មាន​ភាព​ទាក់ទាញ​ទេសចរណ៍​បន្ថែម​ទៀត​ត ក្រោយ​គម្រោង​ទាំងនេះ​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាងមុខ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​ លោក​សយ​ ស៊ី​ណុ​លបា​នប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​ដឹង​ថា​ ខេត្តកំពត​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ ដែល​កំពុង​ដំណើរ​សាងសង់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មាន​៦គ​ម្រោ​ងធំៗ​ដែល​រួមមាន​គម្រោ​ងរ​ម្ម​ណី​ដ្ឋាន​ដូង​ទេ​ និង​គម្រោង​ River​ Park​ ​និង​ម្រោ​ងធំៗ៤ផ្សេងទៀត​ដែល​កំពុង​ដំណើរការ​សាងសង់​ នៅក្នុង​ក្រុង​កំពត​ រួមមាន​ គម្រោង​អគារ​សណ្ឋាគារ​ និង​អា​ផា​តអា​មិន​ ចំនួន៣​ និង​គម្រោ​ងរ​ម្ម​ណី​យដ្ឋាន​ដ៏​ធំ​ផ្សង​ទៀត​។

លោក​បន្ត​ថា​ ដោយឡែក​ក៏​មាន​គម្រោង​ ដែល​កំពុង​អនុវត្ត​នៅ​ខាងលិច​ក្រុង​កំពត​មួយទៀត​ ដែល​រដ្ឋបាល​ខេត្ត​កំពុង​ជំរុញ​ឱ្យ​មានការ​សាងសង់​នៅ​ឆ្នេរខ្សាច់​ ក្នុង​នោះ​ក៏​មាន​គម្រោង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ គឺ​កំពង់ផែ​ទឹកជ្រៅ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បន្ថែម​ទៀត​ថា​ គម្រោង​ទាំងនេះ​ បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ឆ្លើយ​កំណើន​ភ្ញៀវ​ទេសចរណ៍​ និង​តម្រូវការ​នៃ​សេវាកម្ម​ ក៏​មាន​កើនឡើង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ស្រប​ទៅ​កម្រិតមធ្យម​ លើ​មធ្យម​ និង​កម្រិតខ្ពស់​ ។ បន្ថែម​ពីនេះ​ គម្រោង​ទាំងនេះ​ ក៏​នឹង​ចូលរួម​ជួយ​ជំរុញ​លើកកម្ពស់​សេវាកម្ម​ទេសចរណ៍​ ក្នុង​ការប្រកួត​ប្រជែង​នៅក្នុង​កម្រិត​ជាតិ​ និង​តំបន់​។

លោក​បន្ថែម​ទៀត​ថា​ តាម​ផែនការ​សម្រាប់​គម្រោង​កំពង់ផែ​ទឹកជ្រៅ​ ដែល​បាន​នឹង​កំពុង​សាងសង់​នេះ​ មិន​ត្រឹមតែ​ជួយ​សម្រួល​លំហូ​ភ្ញៀវ​ទេសចរណ៍​ នៅក្នុង​ប្រទេស​ដឹក​ទៅកាន់​កោះ​នានា​នោះ​ទេ​ ថែមទាំង​តភ្ជាប់​ទៅកាន់​ប្រទេសជិតខាង​ផង​ដែរ​ ដែល​អាច​ជួយ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ថែមទៀត​សម្រាប់​ខេត្តកំពត​។

លោក​ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ បានឱ្យ​ដឹង​ដែរ​ថា​ នៅពេល​ដែល​មាន​គម្រោង​វិ​និ​យោ​គធំៗ​ បែប​ទេសចរណ៍​ច្រើនបែប​នេះ​ នៅក្នុង​ខេត្តកំពត​ ឬនៅ​ខេត្ត​កែប​ វា​គឺជា​ចំណុច​ល្អ​ដល់​វិស័យ​ទេសចរណ៍​ ​និង​បង្កើន​ដល់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្នែក​សេវា​កម្ម​ផ្សេង​ៗទៀត​។

លោក​បន្ត​ថា​ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​គួ​តែ​រៀនសូត្រ​ពី​ខេត្តសៀមរាប​ផង​ដែរ​ ជុំវិញ​ការសាងសង់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​លើស​ពី​តម្រូវការ​ ។ លោក​បន្ត​ថា​ “ឱ្យ​តែ​មាន​អ្នក​វិនិយោគ​មក​វិនិយោគ​ ហើយ​ចេះតែ​អូ​ខេៗ​នោះ​ទេ​ យើង​ត្រូវ​ពិនិត្យ​តើ​ពួកគាត់​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​បែប​ណា​? តើមាន​ការសិក្សា​ជាក់លាក់​ហើយ​ឬនៅ​? កុំឱ្យ​មានការ​សាងសង់​លើស​ពី​តម្រូវការ​” ។

លោក​ធួន​ ស៊ី​ណាន​ បញ្ជាក់​ទៀត​ថា​ ក្រោយពី​បញ្ចប់​គម្រោង​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ទាំងនេះ​ ខេត្តកំពត​នឹង​ប្រែ​មុខ​ប្រែ​មាត់​កាន់​ខ្លាំងក្លា​ មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ វា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ទូទៅ​នៅក្នុង​ខេត្ត​ ជាមួយនឹង​ប្រែ​មុខមាត់​ថ្មី​ តាមរយៈ​ការ​ផ្តល់​សេវាកម្ម​សំ​ខាន់​ផ្សេង​ៗ ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​។

បើ​តាម​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​ លោក​ សយ​ ស៊ី​ណុល​ បញ្ជាក់​ទៀត​ថា​ ក្រៅពី​គម្រោ​ងធំៗ​ទាំង​ ៦ នៅក្នុង​ក្រុង​កំពត​ ក៏​មាន​គម្រោ​ងតូច​ៗ ធម្យមៗ​ ផ្សេង​ៗជាច្រើន​ទៀត​បាន​នឹង​កំពុង​អនុវត្ត​នៅ​តាម​តំបន់​ទេសចរណ៍​ នៅក្នុង​ខេត្តកំពត​នេះ​ផង​ដែរ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ទេសចរណ៍​៕

ឆ្នាំ​ចាស់​ត្រៀមខ្លួន​ទៅកាន់​អតីតកាល​ ឆ្នាំ​ថ្មី​ត្រៀម​ក្លាយជា​អនាគត​ដែល​នាំមក​នូវ​ជោគជ័យ​ និង​ការ​ចងចាំ​មួយ​

ភ្នំ​ពេញៈ​ ឆ្នាំ​ចាស់​ចាប់ផ្តើម​រាប់​ថយក្រោយ​ហើយ​ រយៈពេល៣៦៤ថ្ងៃ​បាន​មកដល់​ យើង​កំពុង​រង់ចាំ​ដោយ​ក្តី​អន្ទះ​សារ​ ជាមួយនឹង​អំណរ​ឆ្នាំ​ថ្មី​ (ឆ្នាំ​សាកល​) ដែល​បច្ចុប្បន្ន​ប្រជាជាតិ​ដែល​មាន​អរិយ​ធ៌​មទាំ​ងឡាយ​ បា​នប្រារព​ពិធី​អបអរសាទរ​នៅ​គ្រប់​ទូទាំង​ទីក្រុង​នានា​នៅ​លើ​សាកលលោក​។

គេហទំព័រ​ Propertyarea.asia​ បាន​ធ្វើដំណើរ​យ៉ាង​ស្វាហាប់​ ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ និង​រីករាយ​ជាមួយនឹង​គុណ​តម្លៃ​ មនសិ​កា​វិជ្ជាជីវៈ​ ដែល​ផ្តល់​នូវ​គុណ​តម្លៃ​ដល់​សង្គម​ តាមរយៈ​ការ​ផ្តល់​ព៌​តមាន​ប្រកបដោយ​វិជ្ជាជីវៈ​ ក្រម​សីល​ធ៌ម​ និង​ពិត​ឥត​លំអៀង​ ហើយ​បដិសេធ​នូវ​ការ​ផ្សព្វ​ផ្សាយ​ព៌​តមាន​ ដែល​មាន​លក្ខណៈ​អុចអាល​ បំភ្លៃ​ បំ​ភ្លើ​ស និង​បំពុល​ដល់​សង្គម​។

ជាមួយនឹង​ការ​រក្សា​បាន​នូវ​គុណ​តម្លៃ​ ក្នុង​វិស័យ​សារ​គមនាគមន៍​ គេហទំព័រ​ទទួល​បានការ​គាំទ្រ​ពី​មិត្ត​អ្នកអាន​ជាតិ​ អន្តរជាតិ​ ដោយ​ចំនួន​អ្នក​អាច​របស់​យើង​បាន​ឈរ​លំដាប់​លេខ១​ ក្នុងចំណោម​គេហទំព័រ​ផ្សព្វ​ផ្សាយ​ព៌​តមាន​ ទាក់ទង​វិស័យ​សេដ្ឋកិច្ច​ អចលនទ្រព្យ​ បទ​វិភាគ​ស៊ីជម្រៅ​ ចំណេះដឹង​ និង​ទេសចរណ៍​ជាដើម​។ ​ការ​គាំទ្រ​ពី​ម្ចាស់ក្រុមហ៊ុន​នានា​ បាន​ធ្វើឲ្យ​យើង​មាន​កំលាំង​ចិត្ត​កាន់តែ​ខ្លាំង​ ដើម្បី​ឆ្ពោះទៅ​មុខ​ ដោយ​ឈរ​លើ​ស្មារតី​ជាតិនិយម​មួយ​ ព្រោះ​ប្រសិនជា​យើង​បំភ្លេច​ជាតិ​របស់​យើង​ តើ​យើង​មានគុណ​តម្លៃ​ឯណា​ មក​បង្ហាញ​ពី​មោទនភាព​ជាតិ​របស់​យើង​។ ហេតុនេះ​ការ​ថ្លែងអំណរគុណ​មិន​គ្រប់គ្រាន់​ទេ​ ប៉ុន្តែ​យើង​ចង់​តបស្នង​នូវ​តម្លៃ​មួយ​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​ តាមរយៈ​ការ​បន្ត​ផ្សព្វផ្សាយ​នូវ​ដំណឹង​ ប្រកបដោយ​វិជ្ជាជីវៈ​ ដោយ​យក​តម្លៃ​សីល​ធ៌ម​ជា​ស្នូល​ ពិសេស​ផ្សព្វផ្សាយ​ចំណេះដឹង​នានា​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​សង្គម​នេះ​កាន់តែ​មាន​ភាព​សុខដុម​។

គេហទំព័រ ​Propertyarea.asia​ បាន​ និង​កំពុង​ដើរតួ​នាទី​ជា​វេទិកា​មួយ​របស់​រដ្ឋាភិបាល​ ដើម្បី​ផ្តល់​មូលដ្ឋាន​ចំណេះដឹង​ ដល់​មិត្ត​អ្នកអាន​យក​មក​វិភាគ​ពិចារណា​ មុន​សម្រេចចិត្ត​វិនិយោគ​ និង​ជួយ​លើក​កំពស់​ និង​ជំរុញ​ការ​រីកចម្រើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

ជាមួយ​នេះ​ ក្នុងនាម​ថ្នាក់ដឹកនាំ​គេហទំព័រ​ Propertyarea.asia​ និង​ក្រុមការងារ​ សូម​គោរព​ថ្លែងអំណរគុណ​ ដល់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​មាន​គាំទ្រ​ជាគោល​នយោបាយ​ និង​ជាគោល​ការណ៍​ដោយ​អនុញ្ញាត្ត​ឲ្យ​គេហទំព័រ​យើងខ្ញុំ​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ឯកសារ​ប្រកាស​ អនុ​ក្រិត​ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​លោក​ លោកស្រី​មិត្ត​អ្នកអាន​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​របស់​ខ្លួន​។ ​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ខៀវ​ កា​ញារិទ្ឋ ​រដ្ឋមន្ត្រីក្រសួ​ងព៌​តមាន​ដែល​បាន​គាំទ្រ​ជាគោល​ការណ៍​ដល់​ការ​ផ្សព្វផ្សាយ​របស់​យើង​។ ឆ្នាំ​ចាស់​ត្រៀម​បញ្ចប់​ទៅជាមួយ​អតីតកាល​ដ៏​រីករាយ​ និង​ការ​ចងចាំ​មួយ​ ហើយ​ឆ្នាំ​ថ្មី​ ឆ្នាំ​សាកល២០២០​ ត្រៀមខ្លួន​ចូល​មក​ជាមួយនឹង​ពេលវេលា​ថ្មី​ ឳកាស​ថ្មី​ គុណ​តម្លៃ​ថ្មី​និង​តំណាង​ឲ្យ​ភាព​ជោគជ័យ​ថ្មី​។ សូម​គោរព​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងពីរ​ ដៃគូ​ពាណិជ្ជកម្ម​ និង​មិត្ត​អ្នកអាន​ទាំងអស់ជួប​ប្រទះ​នូវ​សុខភាព​ល្អ​ ជោគជ័យ​លើ​បេសក​កម្ម​ថ្មី​ៗ និង​ជោគជ័យ​គ្រប់មុខ​ជំនួញ​ ឬអាជីវកម្ម​ទាំងអស់​ ដែល​ជា​ការ​រួមចំណែក​ដល់​សង្គម​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ភាព​ស៊ីវិល័យ​ថែមទៀត​។ សូម​គោរព​ជូន​ពី​លោ​កយិន​ លាង​គង់​ ស្ថាបនិក​និង​អគ្គនាយក​គេហទំព័រ​និង​ថ្នាក់ដឹកនាំ​ ព្រមទាំង​ក្រុមការងារ​នៃ​គេហទំព័រ​Propertyarea.asia​៕

ក្រុង​កំពង់ចាម​ត្រៀម​រំលេច​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ២០២០​

ដោយៈ​ រ៉ា​ណេត​

កំពង់​ចា​មៈ​ ជា​ការ​ត្រៀមខ្លួន​នៅក្នុង​ឱកាស​អបអរសាទរ​ នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល២០១៩​-២០២០​ ដែល​នឹង​ឈាន​ចូល​មកដល់​នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ក្រុង​កំពង់ចាម​ នៅ​ឆ្នេរ​ខ្សា​ចតំ​បន់​កោះ​ប៉ែន​ បាន​រៀបចំ​យ៉ាង​អស្ចារ្យ​ ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ ជាពិសេស​ពន្លឺភ្លើង​ពណ៌​នៅពេល​រាត្រី​ ដែល​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ក្រុង​កំពង់ចាម​។

តំបន់ឆ្នេរ​កោះ​ប៉ែន​ ត្រូវ​បាន​សាយភាយ​កេរ្តិ៍ឈ្មោះ​ល្បាញ​រួច​ទៅ​ហើយ​ តាមរយៈ​ស្ពាន​ឫស្សី​ដ៏​អស្ចារ្យ​ ដែល​ខេត្ត​ដទៃទៀត​មិន​អាច​ធ្វើ​បាន​។ ដោយឡែក​នៅក្នុង​ឱកាស​នៃ​ការចូលរួម​អបអរសាទរ​នៃ​បុណ្យឆ្លង​ឆ្នាំ​សកល​ ២០១៩​-២០២០​ នេះ​ តំបន់ឆ្នេរ​កោះ​ប៉ែន​បាន​បង្កើន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ ជាមួយនឹង​ការរៀបចំ​តុប​តែង​លម្អ​រ ដោយ​ពន្លឺភ្លើង​ពណ៌​ចំរុះ​ព្រោងព្រាត​ពេញ​តំបន់ឆ្នេរ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ លោក​ស៊ាន​ សុ​គុន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ថា​ ស្ទើរតែ​ទូទាំង​ក្រុង​កំពង់ចាម​ សុទ្ធតែ​ត្រូវ​បាន​រៀបចំ​តុប​តែង​លម្អ​រ យ៉ាង​យកចិត្ត​ទុកដាក់​ឱ្យ​ស័ក្ដិសម​ ទៅ​នឹង​ទីក្រុង​ទេសចរណ៍​ដែល​មាន​ភាព​ស្រស់​ស្អាត​ និង​គួរ​ជាទី​ទាក់ទាញ​ ជាពិសេស​នៅ​តាម​តំបន់​កម្សាន្ត​ សួន​សាធារណៈ​ ជាមួយនឹង​ការ​បំពាក់​នូវ​ពន្លឺភ្លើង​ពណ៌​ ព្រោងព្រាត​គួរឲ្យ​ចង់​ទស្សនា​។

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រោម​ការ​ចង្អុលបង្ហាញ​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​ និង​រដ្ឋបាល​ខេត្ត​ មន្ទីរ​ទេសចរណ៍​បាន​យកចិត្ត​ទុក​ដា​ករៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុង​កំពង់ចាម​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ​ និង​ពេញ​និយម​បំផុត​”។ លោក​បន្ត​ថា​ “សម្រាប់​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ គឺ​ខេត្ត​បានសម្រេច​វិនិយោគ​ឱ្យទៅ​វិស័យ​ឯកជន​ក្នុង​ការរៀបចំ​បន្ត​ ដែល​ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ និង​មាន​សោភ័ណភាព​ ប្រកបដោយ​ភាព​ទាក់ទាញ​”។

ចាប់តាំងពី​ថ្ងៃទី៤​-៧ ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ​ រដ្ឋបាល​ខេត្ត​កំពង់ចាម​ តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​ នឹង​មានការ​រៀបចំ​ពិព័រណ៍​ពី​សមិទ្ធផល​ និង​ផលិតផល​នានា​ក្នុង​ខេត្ត​ចំនួន​ជាង២០០ស្តង់​ ដើម្បី​បង្ហាញ​ពី​ផលិតភាព​នៅ​ទូទាំង​ខេត្ត​ រួម​ជាមួយនឹង​គម្រោង​ប្រែក្លាយ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ឱ្យទៅ​ជា​សហគមន៍​ទេសចរណ៍​ ដោយ​សិក្សា​យក​ចំ​ណុ​ចល្អៗ​ពី​តំបន់​កោះទ្រង់​ខេត្តក្រចេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅលើ​ការរៀបចំ​ ដែល​ប្រែក្លាយ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ឱ្យទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក​ទាញ​។

​លោកស្រី​បាន​បន្ត​ថា​ “វិស័យ​ទេសចរណ៍​អាច​រីកចម្រើន​ទៅ​បាន​ ទាល់តែ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ជាចាំបាច់​ ដែល​រាល់​សកម្មភាព​នានា​ស្រប​ទៅ​នឹង​គោលដៅ​ដែល​បាន​កំណត់​ដោយ​ក្រសួង​”។

លោកស្រី​បាន​លើកឡើង​ថា​ “នៅពេល​ដែល​យើង​អាចប​ង្កើត​ នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ​ នឹង​ជួយ​ទប់ស្កាត់​ទេសចរ​ក្នុង​ស្រុក​ចាកចេញ​ទៅក្រៅ​ប្រទេស​ ហើយ​រឹតតែ​ប្រសើរ​បំផុត​នោះ​ គឺ​ប្រតិបត្តិ​ករ​អាច​ចាត់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ ដើម្បី​លក់​ចេញទៅ​ក្រៅប្រទេស​ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​នានា​ មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដែល​អាច​ជួយ​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង​ដែរ​”៕

ទីក្រុង​ប៉េកាំង​កំពុងធ្វើការ​យ៉ាងសកម្ម​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ រដ្ឋាភិបាល​ចិន​បាន​ដោះស្រាយ​យ៉ាងសកម្ម​ នូវ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្នុង​ឆ្នាំនេះ​ ខណៈ​ប្រទេស​ទាំងពីរ​ បាន​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដំណាក់កាល​។

ក្រសួង​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ ខ្លួន​បានការ​ពារ​ផលប្រយោជន៍​របស់​ប្រទេស​ និង​ប្រជាជន​។

កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ នឹង​តម្រូវ​ឱ្យ​អាមេរិក​ដក​ពន្ធ​លើ​ទំនិញ​ចិន​វិញ​ ហើយ​ជា​ថ្នូរ​ ទីក្រុង​ប៉េកាំង​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​បន្ថែម​ទៀត​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​មាន​បទប្បញ្ញត្តិ​ផ្សេងទៀត​ ដូចជា​ចិន​បើកចំហ​រវិ​ស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ សម្រាប់​ក្រុមហ៊ុន​អាមេរិក​។

លោក​ Cui​ Tiankai​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​ បាន​និយាយ​កាលពី​ថ្ងៃ​ សៅរ៍​ថា​ ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​តាម​ការសន្យា​ពាណិជ្ជកម្ម​របស់​ខ្លួន​ ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១បច្ចុប្បន្ន​ កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ផ្នែក​ច្បាប់​នៅក្នុង​ចិន​ និង​អាមេរិក​ដោយ​ប្រធានាធិបតី​Trump​ បាន​និយាយ​ថា​ លោក​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ នៅក្នុង​ពិធី​មួយ​ជាមួយ​មេដឹកនាំ​ចិន​លោក​ស៊ី​ ជិន​ពីង​នៅ​ខែ​ មករា​ខាងមុខ​។

កិច្ច​ព្រម​ព្រៀង​តំណា​ក់​កាល​ទី១​ នឹង​ផ្តល់​ផលប្រយោជន៍​ ដល់​វិស័យ​កសិកម្ម​របស់​អាមេរិក​ ដោយសារ​ពួកគេ​បាន​រងគ្រោះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

រដ្ឋបាល​របស់​លោក​ Trump​ បាន​អនុវត្ត​ថវិកា​សង្គ្រោះ​ចំនួន១៦ពាន់​ លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​ ដែល​ត្រូវ​បាន​រង​ការរិះគន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​កសិករ​ ដែល​រង​ផល​ប៉ះពាល់​អាក្រក់​បំផុត​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​។

អាមេរិក​ និង​ចិន​ នឹង​នៅតែ​ត្រូវការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ដ៏​ទូលំទូលាយ​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ អាមេរិក​បាន​ដាក់​ពន្ធ​លើ​ទំនិញ​ចិន​ ពីព្រោះ​រដ្ឋបាល​ Trump ​ជឿជាក់​ថា​ យុទ្ធសាស្ត្រ​នេះ​នឹង​ការពារ​ចិន​ ពី​ការ​គ្របដណ្ដប់​លើ​ទីផ្សារ​ពិភពលោក​ ជាមួយនឹង​ផលិតផល​ដែល​មាន​តំលៃ​ទាប​ ​ដែល​នឹង​ធ្វើ​ឱ្យ​ផលិតកម្ម​អាមេរិក​ងើបឡើង​វិញ​។ រដ្ឋបាល​ Trump​ ក៏​ចាត់ទុក​ចិន​ថា​ជា​អ្នក​រៀបចំ​រូបិយប័ណ្ណ​៕

សណ្ឋាគារ​ផ្កាយ៥ដំបូង​គេ​ ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិទទ្វារ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សណ្ឋាគារ​កម្រិត​ផ្កាយ៥​ ដែល​មាន​កំពស់​ខ្ពស់​ជាងគេ​លើកដំបូង​នៅ​ក្រុងភ្នំពេញ​ The​ Great​ Duke​ Phnom​ Penh​ បាន​ប្រកាស​បិទទ្វារ​ចាប់ពី​ថ្ងៃទី៣១​ ធ្នូ​ស្អែកនេះ​។

ជា​អតីត​សណ្ឋាគារ​ Inter​-Continental​ Hotel​ ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា​ The​ Great​ Duke​ Phnom​ Penh​ នៅដើម​ឆ្នាំ២០១៨​ នៅពេល​នេះ​បាន​ប្រកាស​បិទទ្វារ​សោក​ស្តាយ​ ខណៈព៌​តមាន​លំអិត​ពី​ការ​បិទទ្វារ​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់ឲ្យដឹង​លំអិត​នោះ​ទេ​។

គឺ​សណ្ឋាគារ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើកដំបូង​កាលពី​ឆ្នាំ២០០២​ ដែល​ទទួល​បដិសណ្ឋារ​កិច្ច​មេ​ដឹក​នាំ​ធំៗ​មួយចំនួន​។

យោង​តាម​សេចក្តី​ជូនដំណឹង​ផ្លូវការ​របស់​ The​ Great​ Duke​ Phnom​ Penh​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំឲ្យ​សណ្ឋាគារ​ផ្កាយ៥​ ដែល​មាន​អាយុ​ជាង២ទសវត្សរ៍​នេះ​បិទទ្វារ​ គឺ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​។

សេចក្តី​ជូនដំណឹង​បាន​លើកឡើង​ថា​ ជូនចំពោះ​បុគ្គលិក​ទាំងអស់​។ អាស្រ័យ​ដោយ​មូលហេតុ​សេដ្ឋកិច្ច​ យើង​មានការ​សោក​ស្តាយ​ សូមជម្រាប​ជូនដំណឹង​ថា​ សណ្ឋាគារ​នឹង​ ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​។ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ តទៅ​បុគ្គលិក​ទាំងអស់​ ត្រូវ​បាន​ស្នើ​ឲ្យ​សម្រាក​មិនបាច់​មក​ធ្វើការ​ទេ​។ ម្យ៉ាងវិញទៀត​ សណ្ឋាគារ​បាន​ចាត់តាំង​ការិយាល័យ​មេធាវី​ អេច​ប៊ី​អេស​ (HBS​) ឲ្យ​ទទួល​ដោះស្រាយ​នូវ​ដំណើរការ​នៃ​ការ​ បិទ​សណ្ឋាគារ​នេះ​ រួម​ទាំង​ការ​គិតគូរ​ដោះស្រាយ​ ពីអ​ត្ថ​ប្រយោជន៍​របស់​បុគ្គលិក​ទាំងអស់​ ទៅតាម​ផ្លូវច្បាប់​ជាធរមាន​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ លោក​ធួន​ ស៊ី​ណា​នបាន​សម្តែង​ការ​សោ​កស្កា​យ និង​បាន​មានប្រសាសន៍​ថា​ ការ​បិទទ្វារ​សណ្ឋាគារ​នេះ​សុ​ខៗ​ នឹង​ធ្វើឲ្យ​ប៉ះពាល់​ផង​ដែរ​ដល់​មុខមាត់​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លំអិត​នោះ​ទេ​៕

អ្នកជំនាញនិយាយពីចំណុចវិជ្ជមាន និងបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ក្នុងបន្តិចទៀតខាងមុខនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបង្ហាញពីស្ថានភាពប្រែប្រួលទៅលើផ្នែកមួយចំនួនដែលនឹងបន្តភាពល្អប្រសើរ ហើយផ្នែកមួយចំនួនទៀតអាចជួបឱនភាព និងអាស្រ័យទៅតាមតំបន់។

សម្រាប់ការសម្លឹងមើលពីស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២០ខាងមុខនេះ អ្នកជំនាញបានធ្វើការព្យាករណ៍ផ្សេងៗពីគ្នាទៅលើស្ថានភាពនៃការកើនឡើងនៃតម្រូវការ រួមជាមួយនឹងការធ្លាក់លើផ្នែកមួយចំនួន។

ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថា ឆ្នាំ២០២០ វិស័យអចលនទ្រព្យនឹងនៅតែបន្តរក្សាភាពល្អប្រសើរដដែល ហើយវាមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាជាចំណុចអវិជ្ជមាននៅឡើយនោះទេ។

លោកបានបញ្ជាក់ថា “ចំពោះគម្រោងសាងសង់សំណង់អគារនឹងនៅតែបន្តសកម្មភាព ខណៈដែលផ្នែកមួយនេះនៅមានជាច្រើនដែលបន្សល់ពីឆ្នាំចាស់ ដែលក្នុងនោះរាប់ទាំងសំណង់ពាណិជ្ជកម្ម សំណង់លំនៅដ្ឋានសហកម្មសិទ្ធិ ក៏ដូចជាគម្រោងលំនៅដ្ឋានលក្ខណៈបែបបុរី និងគម្រោងបុរី”។ ដោយឡែកពាក់ព័ន្ធទៅនឹងតម្រូវការដីធ្លីវិញ ត្រូវបានលោកអះអាងថា បើជាទោះមិនមានភាពពុះកញ្ជ្រោលដូចចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ប៉ុន្តែតម្លៃមិនមានការធ្លាក់ចុះនោះទេ ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានបង្ហាញពីការព្យាករណ៍របស់ខ្លួនថា នៅក្នុងឆ្នាំ២០២០ សម្រាប់វិស័យអចលនទ្រព្យ នឹងមានផ្នែកមួយចំនួនជួបសភាពទ្រឹង ឬអាចឱនភាព ដែលវាអាស្រ័យទៅតាមតំបន់ផ្សេងគ្នា។ លោកស្រីបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ផ្អែកតាមស្ថានភាព និងការមើលឃើញជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ បានធ្វើឱ្យអ្នកវិនិយោគមួយចំនួនមានការប្រុងប្រយ័ត្នមុនពេលបណ្តាក់ទុន ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជាបញ្ហានៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចដែលនៅមិនទាន់មានដំណោះស្រាយល្អ និងស្ថានភាពសេដ្ឋកិច្ច នយោបាយនៅក្នុងតំបន់”។

លោកស្រី អាន សុធីតា បានមានប្រសាសន៍បន្តទៀតថា “ឆ្នាំ២០២០ មានផ្នែកមួយចំនួននៅតែរក្សាភាពល្អប្រសើរ ដូចជា វិស័យលំនៅដ្ឋាន វិស័យសំណង់ (បន្សល់ពីឆ្នាំចាស់) និងតម្រូវការទីតាំងជួលសម្រាប់ការិយាល័យដែលនឹងមានតម្រូវការខ្ពស់។ ផ្ទុយទៅវិញ ដូចជាផ្នែកផ្សារទំនើប អាចនឹងជួបឱនភាព ដោយសារតែការផ្គត់ផ្គង់មានចំនួនច្រើន និងមានភាពប្រកួតប្រជែងខ្លាំង ធ្វើឱ្យតម្លៃជួលធ្លាក់ចុះ។ ដោយឡែកសម្រាប់ វិស័យដីធ្លីនៅតំបន់មួយចំនួនជួបសភាពទ្រឹង ឬធ្លាក់ចុះតម្លៃបន្តិចបន្តួច ដែលអាស្រ័យទៅតាមតំបន់”៕

រយៈពេល​ ៣ឆ្នាំ​ ខេត្ត​ព្រះសីហនុ​ទាក់​ទាញ​លំហូ​ទុន​វិយោគ​ក្នុង​វិស័យ​សំណង់​ជិត​ ៦ពាន់លាន​ដុល្លារ​

ដោយ ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ និង​ការ​បណ្តាក់​ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​លេខ១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

ក្នុងចំណោម​នេះ​វិស័យ​សំណង់​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​ គិត​ចាប់ពី​ឆ្នាំ២០១៧ដល់​ខែធ្នូ​ឆ្នាំ២០១៩​ មាន​ចំនួន១,១៣៧គម្រោង​ ​មានផ្ទៃ​ក្រឡា​សរុប ១០,៧៧១,៧២០.៩២ម៉ែត្រក្រឡា​ស្មើ​និង​ទុន​វិនិយោគ​សរុប​ ៥,៨៧១,៩៧៦,៩៨៥.៥០​ ដុល្លារ​ ។

លោក​ គួច​ចរើន​ អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិធី​ជួបជុំ​អ្នក​វិនិយោគិន​ចិន​ ដើម្បី​អភិវឌ្ឍន៍​កោះ​រ៉ុង​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ ឱ្យ​ដឹង​ថា​ អ្នក​វិនិយោគ​ជាតិ​-អន្តរជាតិ​ ដែល​មក​ធ្វើការ​បណ្តាក់​ទុន​វិនិយោគ​ ឬបាន​កំពុង​សិក្សា​អំពី​ផែន​ ការ​វិនិយោគ​នានា​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ខេត្ត​ប្រកបដោយ​ សក្តា​នុ​ពល​ គឺជា​ការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​។

លោក​បន្ត​ថា​ ខេត្ត​ព្រះ​សី​ហុត្រូ​វបាន​រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​ជា​ប៉ូល​អភិវឌ្ឍ​ ​ជាតិ​ប្រកបដោយ​ ចីរភាព​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ តាមរយៈ​ ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ និង​ជា​ តំបន់​ សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ​ ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ​ដែល​មាន​សុខដុម​នី​យក​ម្ម​ជាមួយនឹង​បរិស្ថាន​ រស់នៅ​ល្អ​ប្រសើរ​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទីតាំង​ភូមិ​ សាស្រ្ត​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ក្របខណ្ឌ​ជាតិ​ តំបន់​ និង​អន្តរជាតិ​ ព្រមទាំង​យុទ្ធ​សាស្រ្ត​ចតុ​កោ​ណតំណា​ក់​កាល​ទី៤​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ និង​ គោលនយោបាយ​តាម​វិស័យ​សំ​ខាន់​ៗជាច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​ ។

លោក​បន្ថែម​ថា​ ផ្អែកលើ​កត្តា​វិជ្ជមាន​ខាងលើ​ ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ តារា​រៈ​នា​ទិសនិរតី​ ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ និង​ប្រកបដោយ​ចីរភាព​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​រួម​ សណ្ឋាគារ​ ​មណ្ឌល​កំសាន្ត​ ។ ល។

ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវដែក​ ការ​កែ​លម្អ​ និង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដែល​ជា​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយគត់​របស់​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​បាន​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តុក​ ផ្ទេរ​ និង​ដឹកជញ្ជូន​ទំនិញ​ជា​កុង​តេន័​រចេញចូល​ទូទាំង​ប្រទេស​ប្រមាណ​ ៧៣​%និង​ ការពង្រីក​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយទៅជា​ច្រកចេញ​ចូល​អន្តរជាតិ​ដ៏​ទំនើប​ និង​មានប្រសិទ្ធភាព​សម្រាប់​ ផ្សារភ្ជាប់​សកម្មភាព​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វប្បធម៌​ ក្នុង​បរិបថ​នៃ​យុគ្គស​ម័យ​សកល​ភាវូបនីយកម្ម​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ និង​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​ ៕

ឥណ្ឌា​នឹង​ទម្លាក់​អាល្លឺម៉ង់​ដើម្បី​កា្លយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ ៤ លើ​ពិភពលោក​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឥណ្ឌា​ត្រូវ​បាន​រំពឹង​ថា​នឹង​វ៉ា​ដាច់​អាល្លឺម៉ង់​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​បួន​លើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០២៦​ និង​ជប៉ុន​ក្លាយជា​ប្រទេស​ធំ​លំដាប់​ទី​ ៣ ក្នុង​ឆ្នាំ​ ២០៣៤​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវ​ជា្រ​វធុ​រកិ​ច្ច​ និង​សេដ្ឋកិច្ច​ (CEBR​) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​។

របាយការណ៍​ បាន​បន្ថែម​ទៀត​ថា​ ឥណ្ឌា​ក៏​ត្រូវ​បាន​កំណត់​ដើម្បី​សម្រេច​បាន​នូវ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ចំនួន​ ៥ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៦​ ពោល​គឺ​ ២ ឆ្នាំក្រោយ​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ តារាង​សម្ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ២០២០​ បានឱ្យ​ដឹង​ថា​ “ឥណ្ឌា​បាន​វ៉ា​ដាច់​ប្រទេស​បារាំង​ និង​អង់គ្លេស​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ ៥ លើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៩ហើយ​រំពឹង​ថា​នឹង​វ៉ា​ដាច់​អាល្លឺម៉ង់​ក្លាយជា​ប្រទេស​ធំ​ទី​ ៤ ក្នុង​ឆ្នាំ​ ២០២៦​ និង​ជប៉ុន​ក្លាយជា​ប្រទេស​ធំ​ទី​ ៣ ក្នុង​ឆ្នាំ​ ២០៣៤​”។

យោង​តាម​ CEBR​ ជប៉ុន​ អាល្លឺម៉ង់​ និង​ឥណ្ឌា​នឹង​ប្រជែង​ដណ្តើម​តំណែង​ទី​ ៣ ក្នុងរយៈពេល​ ១៥​ ឆ្នាំខាងមុខ​។យោង​តាម​គោលដៅ​របស់​លោកនាយក​រដ្ឋមន្រ្តី​ Narendra​ Modi​ ដែល​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ការ​ដណ្តើម​ចំណែក​សេដ្ឋកិច្ច​ដែល​មានតម្លៃ​ដល់​ ៥ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៤​ បាន​និយាយ​ថា​ “ឥណ្ឌា​ក៏​ត្រូវ​បាន​កំណត់​ថា​នឹង​សម្រេច​បាន​នូវ​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​ ៥ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៦​ – ២ ឆ្នាំក្រោយ​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​”។

ប៉ុន្តែ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ប្រមូល​ផ្តុំ​ពាសពេញ​សេដ្ឋកិច្ច​កំពុង​នាំ​ឱ្យ​មាន​មនុស្សជា​ច្រើន​ចោទសួរ​ពី​ការដែល​អាច​រក្សា​បាន​នៃ​គោលដៅ​នេះ​។

ថ្មី​ៗនេះ​ អតីត​ទេសាភិបាល​ធនាគារ​កណ្តាល​លោក​ C Rangarajan​ បាន​និយាយ​ថា​ នៅក្នុង​អត្រាកំណើន​បច្ចុប្បន្ន​ការ​ឈាន​ដល់​គោលដៅ​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​មានតម្លៃ​ ៥ ទ្រី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២៤​-២៥​ គឺ​មិន​មាន​បញ្ហា​ទេ​។

ការ​កែប្រែ​ទិន្នន័យ​របស់​ឥណ្ឌា​មានន័យថា​ឆ្នាំ​ ២០១៩​ គឺជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឈាន​ដល់​ទំហំ​សេដ្ឋកិច្ច​អង់គ្លេស​ និង​បារាំង​៕

ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេស​ថៃ​គ្រោង​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Big​ C Supercenter​ គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦ កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​ ខណៈ​ខ្លួន​នឹង​ចំណាយ​ថវិកា​ចំនួន​ ៦,៥​ ពាន់​លាន​បាត​ (២១៥.៦​ លាន​ដុល្លារ​) នៅ​ឆ្នាំក្រោយ​សម្រាប់​ការពង្រីក​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

លោក​ Gary​ Hardy​ ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​សម្រាប់​ប្រតិបត្តិ​ការអន្តរជាតិ​បាន​បាន​ថ្លែង​ក្នុង​សេចក្តី​រាយការណ៍​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​កាល​ពី​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​ និង​បង្កើត​ការងារ​ចំនួន​ ១,២០០​ កន្លែង​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​។

លោក​ បាន​បន្ត​ថា​ “ក្រុមហ៊ុន​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦ នៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​”។ លោក​ បាន​មានប្រសាសន៍​ថា​ “ចាប់ពី​ឆ្នាំក្រោយ​យើង​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​លក់រាយ​របស់​យើង​នៅ​ក្រៅប្រទេស​ដោយ​ផ្តោត​លើ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ៧ ភាគរយ​ក្នុង​មួយឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល​ ៥ ឆ្នាំ​កន្លងមក​ ហើយ​អំណាច​នៃ​ការទិញ​ក្នុងចំណោម​ប្រជាជន​ក្នុង​ស្រុក​កំពុងតែ​កើនឡើង​។ ផ្សារ​ទំនើប​ Big​ C ប៉ោយប៉ែត​គឺជា​ផ្សារ​ដំបូង​គេ​របស់​យើង​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បាន​វិនិយោគ​ ៣០០​ លាន​បាត​ដើម្បី​សាងសង់​ Big​ C Poipet​ លើ​ផ្ទៃដី​ទំហំ​ ២០​ រ៉ៃ​។ ផ្សារ​ទំនើប​មាន​ទំហំ​ ៨,០០០​ ម៉ែត្រការ៉េ​ដែល​មានផ្ទៃ​ដី​លក់​ ៣,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំ​ជួល​ ៥,០០០​ ម៉ែត្រការ៉េ​។រាល់​ទីធ្លា​ទាំងអស់​ត្រូវ​បាន​ជួល​ដោយ​សហគ្រិន​ថៃ​ និង​ក្នុង​ស្រុក​មក​ពី​វិស័យ​ជាច្រើន​រួមមាន​រោងភាពយន្ត​ Major​ Cineplex​ ដែល​ជា​ប្រតិបត្តិ​ករ​រោងកុន​ធំ​បំផុត​របស់​ថៃ​។

លោក​ Hardy​ រំពឹង​ថា​នឹង​លក់​បាន​ ២៥០​ លាន​បាត​ពីសា​ខា​ Big​ C Poipet​ ក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិ​ការ​ ហើយ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ ៥ និង៦​ ភា​ករយ​នា​ពេល​អនាគត​។នៅ​ឆ្នាំ​ ២០១៩​ Big​ C ប្រតិបត្តិ​ការ​ផ្សារ​ទំនើប​ ១៥៣​ ផ្សារ​ធំ​ ផ្សារ​ Big​ C ៦៣​ កន្លែង​ និង​ហាង​ Big​ Mini​ C ចំនួន​ ១,០១៨​ ដែល​មានផ្ទៃ​ដី​ ៩០០,០០០​ ម៉ែត្រការ៉េ​។

ការ​លក់​របស់​ Big​ C មាន​ចំនួន​សរុប​ ១៤០​ ពាន់​លាន​បាត​ក្នុង​ឆ្នាំ​ ២០១៨​ ហើយ​រំពឹង​ថា​នឹង​កើនឡើង​ ៥ ភាគរយ​នៅ​ឆ្នាំនេះ​។អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ជាង​ ៤០​ ក្នុងរយៈ​ត្រឹមតែ២​ ទៅ៣​ ឆ្នាំខាងមុខ​នេះ​ ខណៈ​ផ្សារ​ទំនើប​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ជាង២០ផ្សារ​រួច​ទៅ​ហើយ​។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ ថា​ នេះ​គឺ​ចំណុច​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​មាន​ផ្សារ​ទំនើប​ច្រើនបែប​នេះ​ យ៉ាងណាក៏ដោយ​ផ្សារ​ទំនើប​មួយចំនួន​ មាន​លក្ខណៈ​ទ្រង់​ទ្រា​យតូចៗ​ ដែលគេ​ហៅថា​ផ្សារ​សហគមន៍​ (Community​ Malls​) ដែល​មាន​ទី​តាំង​ផ្សេង​ៗពីគ្នា​។

លោក​ ង៉ែ​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​យៈ​ពេល​ប៉ុន្មាន​កន្លងមក​នេះ​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​នឹង​បន្ត​កើនឡើង​ច្រើន​ទៅមុខ​ទៀត​ តែ​អំណាច​នៃ​ការ​ដើរ​ទិញទំនិញ​ រប​សប្រ​ជា​ពលរដ្ឋខ្មែរ​ហាក់​នៅ​មានកម្រិត​នៅឡើយ​ ។

លោក​បន្ត​ថា​ “បើ​ទោះបី​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ នៅ​មានកម្រិត​ក៏ដោយ​ ប៉ុន្តែ​ផ្សារ​ទំនើប​ទាំងនោះ​អាច​បន្ត​ឈរជើង​នឹង​បាន​”។ លោក​បន្ត​ថា​ “យ៉ាងណា​ចំពោះ​ចក្ខុវិស័យ​របស់​អ្នក​អភិវឌ្ឍន៍​ គឺ​គេ​សំឡឹង​មើលទៅ​មុខ​ ពោល​គឺ​មិន​សំដៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ហើយ​ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​ថែ​ទៀត​ គឺ​ស្ថិតនៅ​គ្រប់​ជាយ​នៃ​ទីក្រុង​ភ្នំពេញ​”៕

អ្នកឧកញ៉ា​គិត​ ម៉េ​ងសហការ​ជាមួយ​ចិន​បោះទុន​ជាង​ ២ ពាន់​លា​នយ័ន​អភិវឌ្ឍន៍​កោះ​រ៉ុង​

ដោយ​ វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រប់​របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​បាន​បោះទុន​ប្រមាណ២​ ពាល់​លា​នយ័ន​ ( ជាង​ ១៨​ លាន​ដុល្លារ​អាមេរិក​) ដើម្បី​អភិ​ឌ្ឍ​ន៍​កោះ​រ៉ុង​ ជា​ «រមណីយដ្ឋាន​លំហែកាយ​ឆ្នេរខ្សាច់​»។

លោក​ Zhou​ Shuagngli​ ប្រធាន​ក្រុមហ៊ុន​ Royal​ Galaxy​ Group​ បានឱ្យ​ដឹង​នៅក្នុង​ពិធី​ជួបជុំ​ដៃគូ​រវិ​និ​យោគ​ចិន​ ដើម្បី​អភិវឌ្ឍន៍​កោះ​រ៉ុង​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ឱ្យ​ដឹង​ថា​ កោះ​រ៉ុង​ គឺជា​កោះ​ដែល​មាន​ឆ្នេរខ្សាច់​ដែល​ស្រស់​ស្អា​តសចែងចាំង​និង​ទឹកសមុទ្រ​កែវ​ផ្កាថ្ម​ចម្រុះ​ពណ៌​និង​មេឃ​ពណ៌ខៀវ​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ដែល​វា​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ជា​ឆ្នេរ​មួយ​ក្នុងចំណោម​ឆ្នេរ​ស្អាត​បំផុត​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ដោយ​ទស្សនាវដ្តី​ភូមិសាស្ត្រ​អាមេរិកាំង​។

លោក​បន្ត​ថា​ កោះ​រ៉ុង​ ត្រូវ​បាន​ចាត់ទុកជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្ត​ធ្វើដំណើរ​ទូទាំង​ពិភពលោក​ ដោយ​នៅពេល​នេះ​ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ គ្រុប​ និង​ រ៉ូ​យ៉ា​ល់​ ហ្គា​ឡាក់​ស៊ី​ គ្រុប​ បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ២ ពាន់​លា​នយ័ន​ ដើម្បី​សាងសង់​«រមណីយដ្ឋាន​លំហែកាយ​ឆ្នេរខ្សាច់​» ដែល​ជា​ការ​អភិវឌ្ឍ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ទីផ្សារ​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ តាមរយៈ​ការសាងសង់​ សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ កន្លែង​កម្សាន្ត​និង​ការកម្សាន្ត​បែប​ក្នុងទឹក​និង​កម្សាន្ត​បែប​ចិន​និង​លោកខាងលិច​ ក្លិប​កម្សាន្ត​ទូក​ ក្លិប​សមុទ្រ​ ហាង​ដែល​មិន​បង់ពន្ធ​និង​ផ្សារ​ទំនើប​ធំ​ ៗ ជាពិសេស​ ផ្ទះ​ វីឡា​ទេសភាព​សមុទ្រ​ជាង​ ៦០០ខ្នង​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ៣.០០០នាក់​នៅ​លើ​កោះ​ក្នុង​ពេល​តែមួយ​។

អ្នកឧកញ៉ា​ គិ​តម៉េ​ង ប្រធាន​ក្រុមហ៊ុន​ រ៉ូ​យ៉ា​លគ្រុប​ ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ បាន​ទទួល​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ទាំងមូល​ឱ្យ​ក្លាយទៅជា​លំដាប់​តំបន់​ទេសចរណ៍​ពាណិជ្ជកម្ម​ធម្មជាតិ​លំដាប់​ពិភពលោក​។ ដោយ​ទទួល​បាន​សិទ្ធិប្រទាន​ពី​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​កិច្ច​ព្រមព្រៀង​សម្បទាន​កោះ​រ៉ុង​ត្រូវ​បាន​ចុះ​លេខា​កាលពី​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០០៨​ រវាង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បន្ត​ថា​ ផែនការមេ​អភិវឌ្ឍន៍​កោះ​រ៉ុង​បាន​ទទួលការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងនាម​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែតុលា​ ឆ្នាំ២០០៨​ ដោយ​បាន​ប្រគល់​ទីតាំង​កោះ​រ៉ុង​ជា​ផ្លូវការ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​នៅ​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​ ២០០៨​។ ​

អនុលោម​តាម​អនុក្រឹត្យ​លេខ​ ១១៤​ អន​ក្រប​កចុះ​ថ្ងៃទី​ ២៩​ ខែសីហា​ឆ្នាំ​ ២០០៧​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រុមហ៊ុន​បាន​ធ្វើការ​ចុះបញ្ជី​ដីធ្លី​នៅ​បាន​ទទួល​វិញ្ញាបនបត្រ​ជួល​រយៈពេល​វែង​ចំនួន៣០​ ប័ណ្ណ​ នៅ​ថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០១៩​ ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ជា​ប័ណ្ណ​រឹង​សម្រាប់​ធ្វើការ​អភិវឌ្ឍ​អនុលោម​តាម​ផែនការមេ​ដែល​បាន​ទទួលការ​អនុម័ត​រួចហើយ​។

លោក​បន្ត​ថា​ក្រុមហ៊ុន​បាន​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​គឺ​សណ្ឋាគារ​ The​ Royal​ Sand​ Koh​ Rong​ ជា​ប្រភេទ​ផ្ទះ​វីឡា​មាន​អាងហែលទឹក​ចំនួន៦៧ខ្នង​ មាន​ជាង​ ១០០បន្ទប់​ ត្រូវ​បាន​សម្ពោធ​ធដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់ពី​សាងសង់​អស់​រយៈពេល​ជាង៣ឆ្នាំ​ បើ​គិត​ចាប់តាំងពី​ការ​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៥​ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

អ្នកឧកញ៉ា​គិត​ ម៉េ​ង បន្ថែម​ថា​ នៅក្នុង​ដំណាក់​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ទៀត​នេះ​ ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​សណ្ឋាគារ​និង​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​ ព្រមទាំង​កាស៊ីណូ​ច្រើន​ទៀត​ដើម្បី​អភិវឌ្ឍ​កោះ​រ៉ុ​ងនេះ​ឱ្យ​ប្រែក្លាយ​ជា​កោះ​ប្រវត្តិសាស្ត្រ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​និង​ព្រះរាជាណាចក្រ​កម្ពុជាក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បាន​សង្កត់ធ្ងន់​ថា​ ក្នុងនាម​ជា​អ្នកជំនួញ​មួយ​រូប​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​វិនិយោគិន​និង​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​បន្ថែម​ទៀត​មកកាន់​ប្រទេស​កម្ពុជា​។

ជាមួយគ្នា​នេះ​ដែរ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​សារ​ក្រវាត់​និង​ផ្លូវ​ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​នៅ​ប្រធានាធិបតី​ស៊ី​ជីង​ពីង​របស់​ប្រទេស​ចិន​និង​ដោយសារ​ភាព​មាន​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ចិន​និង​កម្ពុជា​កោះ​រ៉ុង​គឺជា​កន្លែង​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ​សម្រាប់​មក​វិនិយោគ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បន្ថែម​ថា​ ក្នុង​ពេល​កន្លងមក​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មកលេង​ទីក្រុង​ភ្នំពេញ​នៅ​ខេត្តសៀមរាប​សម្រាប់​វិស្សមកាល​របស់​គេ​ គឺ​ត្រូវ​ទៅលេង​កម្សាន្ត​ឆ្នេរសមុទ្រ​នៅ​ប្រទេស​វៀតណាម​ឬ ប្រទេស​ថៃ​ ប៉ុន្តែ​នៅពេល​នេះ​ ពួកគេ​អាច​លេងកម្សាន្ត​ឆ្នេរខ្សាច់​នៅ​សណ្ឋាគារ​ផ្កាយ​ ៥ ដែល​មានស្រាប់​នៅ​លើ​កោះ​រ៉ុង​ ក៏​ដូច​តំបន់​វិ​សម្ស​កាល​ប្រណិត​ មានឈ្មោះ​ថា​ រមណីយដ្ឋាន​សណ្ឋាគារ​និង​កាស៊ីណូ​ Koh​ Rong​ Royal​ Silver​ Amusment​ Resorts​ and​ Casino​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​សាងសង់​ដោយក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ ហ្គា​ឡាក់​ស៊ី​ គ្រុប​ របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នៅ​លើ​កោះ​រ៉ុង​ ដោយ​នាំមក​នូវ​ផល​ចំណេញ​កាន់តែ​ច្រើន​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ការបង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ ឧ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​លើកទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​ជាតិ​-អន្តរជាតិ​ ដែល​បាន​ បណ្តាក់​ទុន​វិនិយោគ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកប​ ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។»។

លោក​បន្ត​ថា​ កោះ​រ៉ុង​ មានផ្ទៃ​ក្រឡា​ប្រមាណ​ ៧៨គីឡូម៉ែត្រ​ក្រឡា​ ជា​កោះ​ធម្មជាតិ​ដែល​មាន​ទំហំ​ធំជាង​គេ​លំដាប់​ទីពីរ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រ​ ពី​ក្រុង​ព្រះសីហនុ​។នៅ​ឆ្នំា២០១៦​ សង្កាត់​កោះ​រ៉ុង​ត្រូវ​បាន​រាជរដ្ឋាភិបាល​បំបែក​ជា​ពីរ​សង្កាត់​ គឺ​សង្កាត់​កោះ​រ៉ុង​ និង​សង្កាត់​កោះ​រ៉ុង​សន្លឹម​ ។

នៅ​ឆ្នាំ២០១៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុង​កោះ​រ៉ុង​ ដោយ​កាត់​យក​សង្កាត់​ចំនួន​ ០២​ ពី​ក្រុង​ព្រះសីហនុ​ គឺ​សង្កាត់​កោះ​រ៉ុង​ និង​សង្កាត់​កោះ​រ៉ុង​សន្លឹម​ តាមរយៈ​អនុក្រឹត្យ​លេខ​ ០២​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០៨​ ​ខែមករា​ ឆ្នាំ២០១៩​ ៕