កិច្ច​ព្រមព្រៀង​ពន្ធ​ថ្មី​រវាង​កម្ពុជា​ និង​ហុងកុង​ត្រូវ​បាន​ប្រកាស​ឱ្យ​ចូល​ធរមាន​ជា​ផ្លូវការ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ រដ្ឋបាល​ហុងកុង​នៅ​ថ្ងៃទី២៧​ ខែធ្នូ​កន្លងមក​បាន​ប្រកាស​ថា​ កិច្ច​ព្រមព្រៀង​ពន្ធ​ថ្មី​ជាមួយ​កម្ពុជា​ បាន​ចូលជាធរមាន​នៅ​ថ្ងៃទី២៧​ និង​ និង​អេស្តូនី១៨​ ខែធ្នូ​ឆ្នាំ​ ២០១៩​។

កិច្ច​ព្រមព្រៀង​ពន្ធ​ហុងកុង​ និង​កម្ពុជា​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែ​ មិថុនា​។ កិច្ច​ព្រមព្រៀង​នេះ​ កាត់បន្ថយ​ការ​កាត់​ពន្ធ​លើ​អត្រា​ការប្រាក់​ សួយសារ​ និង​ថ្លៃ​សេវា​បច្ចេកទេស​ពី១៤​ ភាគរយ​ទៅ១០ភាគរយ​។ រដ្ឋបាល​ហុងកុង​បាន​និយាយ​ថា​ ខ្លួន​ក៏​មានច្បាប់​ សម្រាប់​ការ​យកពន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ និង​អ្នក​ដឹកជញ្ជូន​ដែល​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

កិ​ច្ច​ព្រម​ព្រៀ​នេះ​ងពន្ធ​ហុងកុង​ និង​អេស្តូនី​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ខែកញ្ញា​។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ ពន្ធ​លើ​អេស្តូនី​ដែល​បង់​ ដោយ​អ្នក​រស់នៅ​ហុងកុង​ទាក់ទង​នឹង​ប្រាក់ចំណូល​ ដែល​ទទួល​បាន​ពី​ប្រភព​នៅក្នុង​ប្រទេស​អេស្តូនី​ នឹង​ត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ចំពោះ​ពន្ធ​ហុងកុង​ ដែល​ត្រូវ​បង់​លើ​ប្រាក់ចំណូល​ដូចគ្នា​ យោង​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ពន្ធ​របស់​ហុងកុង​។

ស្រដៀងគ្នា​នេះ​ដែរ​ សម្រាប់​អ្នក​រស់នៅ​អេស្តូនី​ ពន្ធ​ទ្វេដង​នឹង​ត្រូវ​បាន​ជៀសវាង​ដោយ​ការលើកលែង​ប្រាក់ចំណូល​ ដែល​បាន​ជាប់ពន្ធ​នៅ​ហុងកុង​ពី​ពន្ធ​អេស្តូនី​ ឬកាត់​ពន្ធ​ហុងកុង​ដែល​បង់​ពី​ពន្ធ​អេស្តូនី​ទាក់ទង​នឹង​ប្រាក់ចំណូល​ដូចគ្នា​។

កិច្ច​ព្រមព្រៀង​នេះ​ ក៏​ផ្តោត​លើ​អត្រាពន្ធ​កាត់​ទុក​របស់​អេ​ស្តូ​នៀ​ សម្រាប់​ប្រជាជន​ហុងកុង​លើ​ប្រាក់​សួយសារ៥ភាគរយ​។ អត្រាពន្ធ​កាត់​ទុក​បច្ចុប្បន្ន​គឺ១០ភាគរយ​៕ (mnetax​)

គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២០​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​សាងសង់​ លើ​ផ្ទៃដី​ទំហំ​ជាង​ ៨៥​ហិ​កតា​ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​បច្ចុប្បន្ន​បាន​បញ្ចប់​បង្គុំ​សំណង់​ ១០០​ % ហើយ​កំពុង​ តម្លើង​តំបូល​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សបុ​កផ្លូវការ​ Morodok​ Techo​ National​ Stadium​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​។

សំណង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ត្រូវ​បាន​សាងសង់​ជា៣​ ដំណាក់កាល​ ​ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំ​ខាន់​ៗដូចជា​ មណ្ឌលកីឡា​ក្នុង​សាល​ មណ្ឌលកីឡា​ហែលទឹក​ សាល​ហាត់​កីឡា​ប្រយុទ្ធ​ អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ ទីលាន​ហ្វឹកហាត់​ក្រៅ​អាគារ​ សាល​វេជ្ជសាស្ត្រ​វិទ្យាសាស្ត្រ​កីឡា​ សាល​ហាត់​សាច់ដុំ​ សាល​កាយសម្ព័ន្ធ​ សាល​កីឡា​បាញ់កាំភ្លើង​ មជ្ឈមណ្ឌល​កីឡា​ហុក​គី​ និង​សាល​កីឡា​ប្រពៃណី​ផង​ដែរ​។

ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ បាន​ស្ថាបនា​ឡើង​ក្រោម​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​ជិត​១៦០លាន​ដុល្លារ​អាម៉េរិក​ ដែល​មកដល់ពេលនេះ​សម្រេច​ បាន ៦០ភាគរយ​ហើយ​ ​ដោយ​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​តាំងពី​ឆ្នាំ២០១៣​ និង​បែងចែក​ជា​ ៣ដំណាក់កាល​ ដោយ​គ្រោង​នឹង​ចំណាយពេល​ប្រមាណ៧ឆ្នាំ​ ដើម្បី​បញ្ចប់​ការសាងសង់​រហូតដល់​ឆ្នាំ២០២០ ជា​បញ្ចប់​ជាស្ថាពរ​។

នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​នេះ​ មាន​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​ ទីលាន​បាល់ទាត់​ ទីលាន​អត្តពលកម្ម​ សាល​បាល់បោះ​ សាល​បាល់ទះ​ សាល​ហាត់​សាច់ដុំ​ មណ្ឌលកីឡា​ហែលទឹក​ កន្លែង​បាញ់កាំភ្លើង​ និង​បាញ់​ធ្នូ​ជាដើម​។

លើស​ពីនេះ​ទៅទៀត​ ពហុកីឡាដ្ឋាន​មរតក​តេជោ​ ក៏​មាន​ទីធ្លា​សម្រាប់​កម្មវិធី​ជាតិ​ដូចជា​ ការ​តាំង​ពិ​ព័រ​ណ៍​ផ្សេង​ៗ ការ​ប្រគុំ​តន្រ្តី​ ការិយាល័យ​ ហើយ​ហ៊ុ​ព័ទ្ធ​ដោយ​អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ សណ្ឋាគារ​ខ្នាត​យក្ស​ សួន​ទឹក​កម្សាន្ត​។

គម្រោង​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ ស្ថិតនៅ​សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ដែល​កំពុង​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៨៥ហិ​កតា​នេះ​ គឺ​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA​ Games​) លើក​ទី៣២​ នៅ​ឆ្នាំ​ ២០២៣ខាងមុខនេះ​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ហើយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ​ ក៏អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ប្រមាណ​ជា ៧ម៉ឺន​នាក់​៕

ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​កម្ពុជា​ ឆ្នាំ២០២០​ ជិត​មកដល់​ហើយ​!

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ កម្ពុជា​បាន​ទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ចាប់ពី​ថ្ងៃទី០៤​-០៦​ ខែមករា​ ឆ្នាំ២០២០​ ដោយ​ត្រូវ​ប្រណាំង​កាត់​ខេ​ត្ដ​ចំនួន​ ៤ រួមមាន​៖ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​ខេត្ត​កែប​ ហើយក៏​កំពុង​ខិតខំ​សហការ​យ៉ាង​សស្រាក់​សស្រាំ​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិភពលោក​នេះ​ផង​ដែរ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​លើកឡើង​ថា​ ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១នេះ​ នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់ឆ្នេរ​កម្ពុជា​ និង​រួមចំណែក​ផលិត​ធនធានមនុស្ស​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ ឆ្នាំ២០២៣​ នៅ​កម្ពុជា​ទៀតផង​។

ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ រៀបចំ​វគ្គ​បណ្ដុះ​បណ្ដា​លម​ន្ដ្រី​បច្ចេកទេស​កម្ពុជា​ ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ទទួលស្គាល់​ដោយ​ UCI​ ដែល​វគ្គ​នេះ​រៀន​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ផ្ទាល់​ ហើយ​ការអនុវត្ត​នឹង​យក​ព្រឹត្តិ​ការណ៍​នេះ​ជា​ពេលវេលា​សម្រាប់​អនុវត្ដ​។

លោក​ ថោង​ ខុន​ បាន​សង្កត់ធ្ងន់​ថា​ ក្រៅពី​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​របស់​តំបន់ឆ្នេរ​កម្ពុជា​ ក្រៅពី​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​ ក៏បាន​ជួយ​បំប៉ន​សមត្ថភាព​កីឡាករ​ជាតិ​កាន់តែ​ច្រើន​ផង​ដែរ​ ធនធានមនុស្ស​ក្នុង​ផ្នែក​ជំនាញ​ ធនធានមនុស្ស​ក្នុង​ផ្នែក​ទទួល​បដិសណ្ឋារ​កិច្ច​ និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​កម្រិត​ពិភពលោក​ ដែល​នឹង​ទទួល​បាន​ពី​ការរៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​លើកដំបូង​នេះ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត​ ស្រុក​ ក្រុង​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ជំរុញ​ និង​រៀបចំ​កិច្ចការ​ងារ​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ ក្រុមកីឡា​ករ​ជាតិ​-អន្តរជាតិ​ ពី​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ពួកគេ​ និង​ផ្សព្វផ្សាយ​ពីមុខ​មាត់​ប្រទេសជាតិ​ផង​ដែរ​។

មកដល់ពេលនេះ​មាន​ក្រុមកីឡា​ករ​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ ២០​ក្រុម​ហើយ​ ក្នុង​នោះ​ក្រុមកីឡា​ករ​កម្ពុជា​មាន​ចំនួន​ ២ក្រុម​ ហើយ​មាន​ក្រុមកីឡា​ករ​បរទេស​មក​ពី១៦ប្រទេស​ចូលរួម​ផង​ដែរ​។

ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ដែល​ធ្វើឡើង​នា​ដើមឆ្នាំ២០២០​ នឹង​បែងចែក​ជា៣ដំណាក់កាល​ ទី១​៖ ប្រណាំង​ថ្ងៃទី០៤​ ចេញពី​តារា​សាគរ​ ឆ្ពោះទៅ​ទីរួមខេត្ត​កោះកុង​ ទី២​៖ ប្រណាំង​ថ្ងៃទី០៥​ ចេញពី​រង្វង់​មូល​សាយ​ភូ​ថង​ ឆ្ពោះទៅ​ភ្នំបូកគោ​ ដោយ​ឆ្លងកាត់​ស្រុក​ព្រៃនប់​ និង​ទី៣​៖ ប្រណាំង​ថ្ងៃទី០៦​ ចេញពី​ជើងភ្នំ​បូកគោ​ក ឆ្ពោះទៅ​ខេត្ត​កែប​៕

ទូរទស្សន៍​អាមេរិក​ដ៏​ល្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​កំសាន្ត​តាម​ដងទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ​ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ (CNBC​) បាន​លើក​សរសើរ​ពី​ដំណើរ​កំសាន្ត​តាម​ដងទន្លេ​មេគង្គ​ ប្រទេស​លក​ម្ពុ​ជា​ ដែល​កំពុង​មានការ​រីកចម្រើន​ ជាពិសេស​នៅ​ប្រទេស​កម្ពុជា​ និង​វៀតណាម​។

នៅ​ឆ្នាំ២០២០​ យ៉ាងហោចណាស់​មាន​នាវា​ចំនួន១០​ ដែល​នាវា​ខ្លះ​មាន​លក្ខណៈ​ប្រណីត​ នឹង​ធ្វើដំណើរ​តាម​ដងទន្លេ​មេគង្គ​ក្រោម​សម្រាប់​ដំណើរ​កម្សាន្ត​។ ភាគច្រើន​ស្រដៀងនឹង​នាវា​ មក​ពី​ទ្វីបអឺរ៉ុប​ដែល​មាន​បុគ្គលិក​ជាមួយ​មេ​ចុងភៅ​ ដែល​រៀបចំ​ម្ហូប​តំបន់​ និង​មគ្គុទេ្ទសក៍​ក្នុង​ស្រុក​ ដែល​ចែករំលែក​ប្រវត្តិសាស្ត្រ​វប្បធម៌​ ក៏ដូចជា​រឿង​ផ្ទាល់ខ្លួន​។

ហេតុអ្វី​ត្រូវ​ធ្វើដំណើរ​តាម​ទឹក​?

ការ​ធ្វើដំណើរ​តាម​ទន្លេមេគង្គ​ ដែល​ជា​ទន្លេ​មួយ​ក្នុងចំណោម​ទន្លេ​ ដែល​វែង​ជាងគេ​នៅ​អាស៊ី​ គឺជា​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ក្នុង​ការ​ស្វែងយល់​ពី​តំបន់​នេះ​។

អ្នកធ្វើ​ដំណើរ​ម្នាក់​ឈ្មោះ​ Julia​ Steinmetz​ ដែល​ធ្វើដំណើរ​កំសាន្ត​ជាមួយ​ Scenic​ Luxury​ Cruises​ &​ Tours​ កាលពី​ចុងឆ្នាំ២០១៨​ បាន​និយាយ​ថា​ “ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​ដំណើរ​កម្សាន្ត​តាម​ដងទន្លេ​មេគង្គ​ ដោយសារ​មិន​មាន​ភាព​ស្រដៀងគ្នា​ នៅ​អាស៊ី​អាគ្នេយ៍​ទេ​ ហើយ​ខ្ញុំ​មិន​ស្ទាក់​ស្ទើ​ក្នុង​ការ​ធ្វើដំណើរ​លើ​នាវា​ទេ​”។

ការ​ជិះ​នាវា​តាម​ដងទន្លេ​ជា​ធម្មតា​ ផ្តល់​នូវ​ដំណើរ​កំសាន្ត​ប្រចាំថ្ងៃ​ចំនួន​មួយ​ឬពីរ​ដូចជា​ការ​ដើរលេង​តាម​ភូមិ​ ការ​ទៅលេង​ប្រាសាទ​ និង​វត្ត​ និង​សិក្ខាសាលា​ ដើម្បី​មើល​ពី​របៀប​ដែល​ការ​ធ្វើជំនួញ​ តាម​បែប​ប្រពៃណី​ត្រូវ​បាន​ធ្វើឡើង​។ ការ​ដឹក​ជញ្ចូន​ជា​ញឹកញាប់​គឺ​តាម​រ៉ឺម៉ក​ក្នុង​ស្រុក​ ដែល​ដំណើរ​ទៅតាម​ជនបទ​នៅ​តាម​ដងទន្លេ​មេគង្គ​។

លោក​ Kristin​ Karst​ ជា​សហ​ម្ចាស់​នៃ​ក្រុមហ៊ុន​ AmaWaterways​ មានប្រសាសន៍​ថា​ “ វត្ថុ​អនុស្សាវរីយ៍​ល្អ​ៗ របស់​ភ្ញៀវ​ គឺ​មក​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សហគមន៍​មូលដ្ឋាន​ ឧទាហរណ៍​ ការ​ដើរលេង​តាម​រទេះគោ​ និង​ទស្សនា​កន្លែង​ផលិត​សូត្រ​ក្នុង​ស្រុក​ ឬផ្សារត្រី​ និង​សត្វល្អិត​”៕ (CNBC​)

គម្រោង​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ផ្តល់​ជូន​កាដូ​ពិសេស​ដល់​អតិថិជន​ចំនួន​ ៥០០០ដុល្លារ​ ភ្លាម​ៗ នៅដើម​ឆ្នាំ​ ២០២០​ នេះ

ដោយ​ ៖ រ៉ា​ណេត

កំពង់ស្ពឺ​ ៖ គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ជា​គម្រោង​ទី២​ និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Thy​ Mean​ Heng​ Co​.,Ltd​ បាន​ប្រកាស​ផ្តល់​ជូន​កាដូ​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លូន​ចំនួន​ ៥ ០០០​ ដុល្លារ​ភ្លាម​ៗ នៅ​ត្រឹម​ដើមឆ្នាំ២០២០ខាងមុខនេះ​។

កម្មវិធី​ពិសេស​នៃ​ការ​ផ្តល់​ជូន​អត​ថិ​ជន​ចំនួន​ ៥០០០ដុល្លារ​ ភ្លាម​ៗ បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ពី​គម្រោង​លំនៅ​ដ្ឋាន​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ នេះ​ ត្រូវ​បាន​ប្រកាស​នៅក្នុង​ពិធីជប់លៀង​ទទួលទាន​អាហារ​ប្រចាំឆ្នាំ​នៃ​មហា​គ្រួសារ​ Thy​ Mean​ Heng​ Co​.,Ltd​ កាលពី​រាត្រី​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោម​ការចូលរួម​ពីសំណាក់​លោក​អគ្គនាយក​ក្រុមហ៊ុន​ ប្រធាន​ផ្នែក​គ្រប់គ្រង​ បុគ្គលិក​ផ្នែក​លក់​ និង​អតិថិជន​ដែល​ជា​ភ្ញៀវ​កិត្តិយស​សរុប​ជាង​ ១០០០នាក់​។

មានប្រសាសន៍​នៅក្នុង​ឱកាស​នៃ​ការ​បើក​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ លោក​ ចាន់​ គី​មរិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ ធី​ មាន​ ហេង​ (Thy​ Mean​ Heng​ Co​.,Ltd​) បាន​លើកឡើង​ពី​មោទនភាព​នៃ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ ជាពិសេស​ផ្នែក​ចែកចាយ​ និង​ការ​លក់​ ដែល​ជា​កម្លាំង​ពិសេស​អាច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​។

នៅក្នុង​ឱកាស​នោះ​ លោក​អគ្គនាយក​ក៏បាន​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមការងារ​ ក៏ដូចជា​អតិថិជន​ បន្តសកម្មភាព​គាំទ្រ​ដល់​ក្រុមហ៊ុន​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ភាពត្រចះ​ត្រចង់​ទាំងអស់គ្នា​នៅ​ថ្ងៃ​អនាគត​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ត្រូវ​បាន​លោក​ ឃិន​ សា​រ៉ាត់​ ប្រធាន​គ្រប់គ្រង​គម្រោង​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ គម្រោង​អភិវឌ្ឍន៍​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១​ ភូមិ​ក្បាល​អូរ​ ឃុំ​ព្រះស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ គឺជា​គម្រោង​ទី២​ ខណៈ​ដែល​គម្រោង​ទី១ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​រលូន​នៅក្នុង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ចំនួន​ ៦២​ ល្វែង​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង៨០០០ ម៉ែត្រការ៉េ​ ដែល​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​គួរ​ជា​ទី​មោទន​ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​ ដំណើរការ​នៃ​ការ​លក់​ទើបតែ​បាន​ប្រមាណ៣ខែ​តែប៉ុណ្ណោះ​ ក្រុមហ៊ុន​លក់​សម្រេច​បាន​ប្រមាណ​ ៧០ភាគរយ​រួច​ទៅ​ហើយ​ ទន្ទឹម​នឹង​ដំណើរការ​សា​សង់ផ្ទះ​យ៉ាងសកម្ម​សម្រេច​បាន​ប្រមាណ​ជាង​ 30​%។

ភាព​ជោគជ័យ​ទាំងអស់​នេះ​ ក៏​ព្រោះតែ​ក្រុមហ៊ុន​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​ទៅលើ​គុណ​តម្លៃ​នៃ​គុណភាព​ ការរចនា​ម៉ូដ​ប្រកបដោយ​ភាព​ទាក់ទាញ​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំ​ទូលាយ​ រឹងមាំ​ ជាពិសេស​ក្រុមហ៊ុន​បាន​គិតគូរ​ពី​ផលប្រយោជន៍​របស់​អតិថិជន​ ទាំង​ផាសុ​ខភាព​ក្នុង​ពេល​រស់នៅ​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ល្អ​ និង​មានឱកាស​ទទួល​បាន​ចំណេញ​ពី​ការ​លក់​ ឬវិនិយោគ​បន្ត​។

លោក​ ឃិន​ សា​រ៉ាត់​ បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​គម្រោង​ទី១​ យើង​ទទួល​បាន​ជោគជ័យ​ខ្ពស់​ ទើប​ក្រុមហ៊ុន​សម្រេច​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍន៍​គម្រោង​ទី២​ គឺ​គម្រោង​ ​; អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​យ៉ាង​ប្រសើរ​។

នៅ​ទីនេះ​ ជា​តំបន់​មានការ​អភិវឌ្ឍ​ស្រាប់​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទីប្រជុំជន​ ជាពិសេស​មាន​បណ្តា​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ធំៗ​នៅ​ព័ទ្ធជុំវិញ​ មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែងខ្វាត់​ ជាពិសេស​ផ្លូវជាតិ​លេខ៥១​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៣​ និង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​”។

គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​សរុប​ទំហំ​ ៣ហិ​កតា​ ដែល​អាច​សង​សង់ផ្ទះ​បាន​ជាង​ ២០០ល្វែង​ ចែកចេញជា២ប្រភេទ​ និង៣ប្លុក​ ដោយមាន​ផ្លូវ​ក្នុង​ទទឹង១២ម៉ែត្រ​សម្រាប់​ចរាចរណ៍​។

លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជួរ​ខាងមុខ​ជាប់​ផ្លូវជាតិ​លេខ៥១​ ជា​ប្រភេទ​ Shop​ House​ (គម្រោង A​) ត្រូវ​បាន​សាងសង់​យ៉ាង​ប្រណីត​ ទាន់សម័យ​បែប​អូស្រ្តាលី​ មាន​កម្ពស់២ជាន់​កន្លះ​ មាន​បន្ទប់គេង​ចំនួន៣​ ដែល​ផ្តល់​ផាសុ​ខភាព​ដល់​ការរស់នៅ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ និង​មានការ​រៀបចំ​ជា​សួនច្បារ​ រួម​ជាមួយនឹង​ទី​ចំណត​នៅ​ផ្នែក​ខាងមុខ​ផង​ដែរ​។

ដោយឡែក​លំនៅ​ដ្ឋាន​នៅ​ជួរ​ខាងក្នុង​ (គម្រោង B​) ក៏​ជា​ប្រភេទ​ Shop​ House​ ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ដូចគ្នា​ និង​មាន​កម្ពស់២ជាន់​ មាន​បន្ទប់គេង​ចំនួន២​ ដោយ​នៅ​ពីក្រោយ​គម្រោង​មាន​រោងចក្រ​ផលិត​ចំណីសត្វ​ដ៏​ធំ​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤,៥០ហិ​កតា​ រួម​ជាមួយនឹង​រោងចក្រ​ផលិត​អង្ករ​ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ និង​សំណង់​រោងចក្រ​ដទៃទៀត​ស្ថិតនៅ​ក្បែរ​គម្រោង​លំនៅ​ដ្ឋាន​ផង​ដែរ​។

គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ មាន​ផ្ដល់​ជូន​កម្មវិធី​ពិសេស​ ដោយ​គ្រប់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កក់​ចាប់ពី​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ រហូតដល់​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ នឹង​ទទួល​បានការ​ដូ​ចំនួន៥០០០ដុល្លារ​ត្រឡប់​មក​វិញ​ភ្លាម​ៗ បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ផ្សេងទៀត​។ រាល់​ព័ត៌មាន​បន្ថែម​អាច​សាកសួរ​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១៧​ ២២២​ ០៩៩​ / ០៨៦​ ៦៦៦​ ៣៧៥​៕

គម្រោង​វិ​យោ​គធំៗ​ចំនួន៥​ បាន​កំពុង​ប្រែ​មុខមាត់​នៅ​ខេត្ត​ត្បូងឃ្មុំ​

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គំរោង​វិ​និ​យោ​គធំៗ​ចំនួន៥បាន​និង​កំពុង​ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​ខេត្ត​កូនពៅ​គេ​នៅ​កម្ពុជា​ ក្នុងចំណោម​រាជធានី​ ខេត្ត​ចំនួន២៥​។

ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​ខេត្ត​កូនពៅ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ​ នស​/រកត​/១២១៣​/១៤៤៥​ ដែល​ធ្វើ​នៅ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៣​ ហើយ​ត្រូវ​បាន​ចេញប្រកាស​នៅដើម​ខែមករា​ ឆ្នាំ២០១៤​។

ខេត្ត​ថ្មី​មួយ​នេះ​ បាន​នឹង​កំពុងតែ​ទាក់ទាញ​ប្រជាពលរដ្ឋ​ និង​អ្នក​វិ​និ​យោ​គិន​ថ្មី​ៗជាច្រើន​ ចាប់អារម្មណ៍​មក​រស់នៅ​ និង​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​។

ខេត្ត​នេះ​ជា​តំបន់​អភិវឌ្ឍ​ថ្មី​ ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​សំណង់​ អគារ​ ផ្សារ​ទំនើប​ លំនៅឋាន​ ដើម្បី​ឆ្លើយតប​កំណើន​ប្រជាពលរដ្ឋ​ចេះតែ​កើនឡើង​ និង​តម្រូវការ​វិនិយោគ​ជាក់ស្តែង​ ដោយ​ក្នុង​នោះ​មាន​គម្រោង​វិ​និ​យោ​គធំៗ​ចំនួន៥​ បាន​កំពុង​ដំណើរការ​សាងសង់​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​ កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ប្រែ​មុខមាត់​ថ្មី​។

១.មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ត្បូងឃ្មុំ​

គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ត្បូងឃ្មុំ​ មានតម្លៃ​ប្រមាណ៥០លាន​ដុល្លារ​ ស្ថិតនៅ​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ ចាប់​ផ្តើម​សាង់​សង់​នៅ​ថ្ងៃទី១​ មីនា​ ២០១៩​ គ្រោង​នឹង​បញ្ចប់​ក្នុងរយៈពេល៣២ខែ​។ គម្រោង​នេះ​ សាងសង់​លើ​ផ្ទៃដី៥៥.៨១៥​ ម៉ែត្រការ៉េ​ និង​បញ្ចប់​នៅ​ឆ្នាំ២០២១​ មាន​រយៈពេល៤០ខែ​។

មន្ទីរពេទ្យ​នេះ​ នឹង​ក្លាយជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់​ ដែល​អាច​បំរើ​ដល់​ប្រជាជន​ក្នុង​ខេត្តក្រចេះ​ រតនគិរី​ ស្ទឹងត្រែង​ និង​មណ្ឌលគិរី​។

២.ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ និង​ផ្លូវ​តភ្ជាប់​ពី​គល់​ស្ពាន​មក​ទីរួមខេត្ត​ត្បូងឃ្មុំ​

ស្ពាន​ស្ទឹងត្រង់​ ក្រូចឆ្មារ​ ប្រវែង១១៣១ម៉ែត្រ​ ទទឺង១៣​,៥ ម៉ែត្រ​ ចាប់ផ្តើម​សាង​នៅ​ខែវិច្ឆិកា២០១៧​ គ្រោង​បញ្ចប់​ ខែឧសភា២០២០​ ។ស្ពាន​តភ្ជាប់​ពី​ ស្រុក​ស្ទឹងត្រង់​ (ខេត្ត​កំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ​ (ខេ​ត្ត​ត្បួង​ឃ្មុំ​) ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ហើយ​គិត​មកដល់​ពេល​បច្ចុប្បន្ន​ ការសាងសង់​សម្រេច​បាន​ ប្រមាណ៧៥​,៧% ហើយ​។

ស្ពាន​នេះ​ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត៥៧លាន​ដុល្លារ​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​និង​បោស​សម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។

៣.គំរោង​ផ្សារ​ធំ​តំបន់​ពាណិជ្ជកម្ម​ ខេត្ត​ត្បូងឃ្មុំ​ (ផ្នែកឯកជន​)

ចាប់ផ្តើម​សាងសង់​នៅ​ខែឧសភា​ ២០១៩​ មាន​រយៈពេល​ ២៤​ ខែ​ ។វា​ជា​កត្តា​ជុំ​រុញ​ និង​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​ និង​អន្តរជាតិ​ ឲ្យ​ចូលមកធ្វើការ​បោះទុន​វិនិយោគ​ សាងសង់​ជា​រោងចក្រ​ សហគ្រាស​ ក្រុមហ៊ុន​ ដើម្បី​ផលិត​ និង​នាំចេញ​ទៅលើ​ទីផ្សារ​ និង​ការ​រំពឹង​ទុក​ ការ​រីក​ចំរើន​កាន់តែ​ច្រើនឡើង​ថែមទៀត​នៅពេលអនាគត​៕

៤.គម្រោង​ផ្សារ​ចំការ​ថ្ម​ (ផ្នែកឯកជន​)

ចាប់ផ្តើម​សាងសង់​ខែវិច្ឆិកា​ ឆ្នាំ២០១៨​ មាន​រយៈពេល១៨ខែ​ ។ ផ្សារ​មួយ​នេះ​ នឹង​កាន់តែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ នៅក្នុង​ខេត្ត​ ក៏ដូចជា​បណ្តាល​ខេត្ត​នានា​ ក្នុង​ការដោះដូរ​ទំនិញ​ ដើម្បី​លើកស្ទួយ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

៥.គម្រោង​ផ្សារ​គំរូ​ព្រំដែន​ ផ្សារ​ដា​ (វិនិយោគ​របស់​រដ្ឋ​)

គម្រោង​ផ្សារ​ដារ​ ស្ថិតនៅ​ច្រកព្រំដែន​ដារ​ ស្រុក​មេមត់​ ជា​ផ្សារ​ផ្លាស់​ប្តូរ​កសិផល​ ផលិតផល​មានតម្លៃ២លាន​ដុល្លារ​អាមេរិក​។ ផ្សារ​គំរូ​ព្រំដែន​នេះ​ បាន​បើក​ឱ្យ​ដំណើរ​កាលពី​ពេល​ថ្មី​ៗនេះ​ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-វៀតណាម​៕

ចំណេះដឹង​! តើ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ម៉ាក្រូ​សេដ្ឋកិច្ច​ គឺជា​ការសិក្សា​ដែល​ផ្តោត​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​ ខុសពី​មីក្រូ​សេដ្ឋកិច្ច​ ផ្តោត​សំខាន់​ទៅលើ​បុគ្គល​ គ្រួសារ​ រឹ​ក្រុមហ៊ុន​នី​មួយ​ៗ។

អ្នក​ម៉ាក្រូ​សេដ្ឋកិច្ច​ បាន​បង្កើត​ម៉ូដែល​សំរាប់​ពន្យល់​ពី​អំពី​ចំណូលជាតិ​ ផលិតផល​ ការ​ចំណាយ​ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ អតិផរណា​ ការ​សន្សំ​ ការ​វិនិយោគ​ ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​។

គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​នៃ​ប្រទេស​នី​មួយ​ៗ ក្នុង​ពិភពលោក​មានខ្លឹមសារ​ និង​អត្ថ​ប្រយោជន៍​ដូចជា៖

• ​កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ​ ឲ្យ​នៅ​កម្រិតទាប​បំផុត​គឺ​នៅ​ត្រឹម​ “អត្រា​និកម្មភាព​ធម្មជាតិ​”។

• ​រក្សា​អត្រា​អតិផរណា​ឲ្យ​នៅនឹង​ឬក្រោម​ពីរ​ខ្ទង់​ ( ក្រោម១០​% )

• ​កាត់បន្ថយ​អតុល្យភាព​ជញ្ជីងទូទាត់​ នៅ​ទាប​បំផុត​ឬសម្រេច​ឲ្យបាន​ជញ្ជីងទូទាត់​មួយ​ ដែល​មាន​លំនឹង​ប្រកបដោយ​ចីរភាព​។

• ​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​បរទេស​ ឲ្យ​មាន​លក្ខណៈ​តាម​ទីផ្សារសេរី​

• ​កាត់បន្ថយ​ការធ្វើអន្តរាគមន៍​របស់​រដ្ឋ​ ឲ្យ​នៅ​តិច​បំផុត​ក្នុង​ការបែងចែក​ធនធាន​ និង​ជំរុញ​ឲ្យថ្លៃ​ទំនិញ​ និង​សេ​វា​ផ្សេង​ៗកំណត់​ដោយ​ទីផ្សារ​។

• ​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ធនធាន​ឲ្យ​មាន​សមធម៌​ក្នុង​ការបែងចែក​ប្រាក់ចំណូល​

• ​សម្រេច​ឲ្យបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​ប្រកបដោយ​ចរី​ភាព​ ។

ជាទូទៅ​គោ​លល​បំណង​ ជាអាទិភាព​នៃ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ គឺ​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ភាព​រុងរឿង​ប្រកបដោយ​ចរី​ភាព​ និង​ឲ្យ​មានការ​ងារ​ធ្វើ​ពេញលេញ​។ គោលបំណង​នៃ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ ដោយ​ផ្អែកលើ​ដំណើរការ​ផលិតកម្ម​ ភាព​មានការ​ងារ​ធ្វើ​ពេញលេញ​ និង​ធ្វើឲ្យ​អត្រា​អតិផរណា​ស្ថិត​ក្នុង​កម្រិតទាប​៕

រដ្ឋាភិបាលបារាំង ផ្តល់ឥណទានសម្បទានជាង១២១លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសង់រោងចក្រផលិតទឹកស្អាត

ដោយ រ៉ាណេត

ភ្នំពេញ រដ្ឋាភិបាលប្រទេសបារាំងបានព្រមព្រៀងផ្តល់ឥណទានសម្បទានដល់រដ្ឋាភិបាលកម្ពុជាកម្ពុជា ចំនួន១១៨លានអឺរ៉ូ ស្មើនឹងប្រមណជាង១២១លានដុល្លារដើម្បីអនុវត្តគម្រោងសាងសង់រោងចក្រផលិតទឹកស្អាត និងសិក្សាជំនាញបន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា នាពេលថ្មីៗនេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួន ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១.៣២លានដុល្លារអាមេរិក)

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គឺជាការចុះហត្ថលេខាផ្លាស់ប្តូរអត្ថបទនៃកិច្ចព្រមព្រៀង (Cross Signing) គ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងទាំង២នេះ មានដូចខាងក្រោម៖

១៖ ឥណទានសម្បទានចំនួន១០០លានអឺរ៉ូ (ប្រមាណជា១០១.៤លានដុល្លារអាមេរិក) សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាល់កាលទី២៖

តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានសម្បទានបន្ថែមចំនួន១០០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះបន្តពីគម្រោងជំហានទី១។

គម្រោងនេះមានទិសដៅ៖ . សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥០០០ ម៣/ថ្ងៃ, . បំពាក់បំពង់មេនាំទឹកស្អាត, បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់និង .ត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយទឹក

២៖ ឥណទានសម្បទានចំនួន១៨លានអឺរ៉ូ (ប្រមាណជា ១៩.៩២ លានដុល្លារអាមេរិក) សម្រាប់គម្រោងអភិវឌ្ឍន៍ជំនាញ សម្រាប់ការប្រកួតប្រជែង៖

តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានចំនួន១៨លានអឺរ៉ូ សម្រាប់ធ្វើសហហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ សម្រាប់ការប្រកួតប្រជែង ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាភ្នាក់ងារប្រតិបត្តិគម្រោង ហើយក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាភ្នាក់ងារអនុវត្តគម្រោង។

គម្រោងនេះមានទិសដៅ៖ .កែលម្អ និងលើកកម្ពស់គុណភាពនៃ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា, . លើកកម្ពស់ការសិក្សាផង និងធ្វើការផង តាមបណ្តាឧស្សាហកម្មនានា និង . ពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យប្រកបដោយនវានុវត្តន៍

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោងទាំងពីរខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅ នឹងសេចក្តីត្រូវការជាអាទិភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព និងសហគ្រិនភាព និងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនតាមរយៈការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត។ ហិរញ្ញប្បទានដ៏ថ្លៃថ្លាពីរដ្ឋាភិបាលសាធារណរដ្ឋបារាំងនេះ នឹង រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង បង្កើតការងារ បែងចែកផ្លែផ្កានៃកំណើនប្រកប ដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន និងបង្កើនប្រសិទ្ធិភាពនៃការវិនិយោគដែលជា មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់

សូមគូសបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ផ្តោតទៅលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ អភិវឌ្ឍន៍កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ, បណ្តុះបណ្តាលជំនាញ, គាំទ្រវិស័យផលិតកម្ម,ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ខែ ធ្នូ ឆ្នាំ ២០១៩ សាធារណរដ្ឋបារាំងបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួនប្រមាណ ៨០២ លានអឺរ៉ូ ក្នុងនោះមាន៖ ហិរញ្ញប្បទានឥតសំណងចំនួន ២០១ លានអឺរ៉ូ, ឥណទានសម្បទាន«Sovereign Loan» ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការធានាពីរដ្ឋ «Non Sovereign loan» ចំនួន១៦៧លានអឺរ៉ូ៕

តម្លៃ​លំនៅ​ដ្ឋាន​នៅ​តាម​ទីក្រុង​មួយចំនួន​នៅ​លើ​ពិភពលោក​នឹង​ងើបឡើង​វិញ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ចំនួន​អ្នកទិញ​លំនៅ​ដ្ឋាន​ ដែល​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​ទាប​ក្នុង​ឆ្នាំ២០១៩​ ដោយសារ​ភាព​មិន​ប្រាកដប្រជា​ ផ្នែក​សេដ្ឋកិច្ច​បាន​បង្វែរ​ទីក្រុង​ពិភពលោក​ទៅជា​កន្លែង​ប្រថុយប្រថាន​។

ប៉ុន្តែ​កុំ​មានការ​ភ្ញាក់ផ្អើល​នៅ​ឆ្នាំក្រោយ​ នឹង​មើលឃើញ​ការ​ចាប់ផ្តើម​សម្បូរ​បែប​ក្នុង​ការ​បោះទុន​វិនិយោគ​ឡើងវិញ​ម្តង​ទៀត​ ខណៈ​តម្លៃ​លំនៅ​ដ្ឋាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​មាន​ស្ថេរ​ភាព​បន្ត​ធ្លាក់ចុះ​ទៅ​ក្នុង​តំបន់​ដែល​តម្លៃ​អាច​ចរចា​បាន​។

យោង​តាម​អ្នក​ពិគ្រោះ​យោបល់​ ផ្នែក​អចលនទ្រព្យ​ពិភពលោក​ Knight​ Frank​ បាន​ឲ្យដឹង​ថា​ តម្លៃ​លំនៅ​ដ្ឋាន​នៅ​តាម​ទីក្រុង​មួយចំនួន​តម្លៃ​នៅតែ​មានការ​ឡើងថ្លៃ​។

ទីក្រុង​ប៉ារីស​ តាមរយៈ​ការព្យាករណ៍​របស់​ទីភ្នាក់ងារ​នេះ​ នៅ​ឆ្នាំ២០២០​ នឹង​ឡើងថ្លៃ៧ភាគរយ​ បន្ទាប់មក​គឺទី​ក្រុង​ម៉ៃ​អា​មី​ និង​ប៊ែរឡាំង​ ដែល​មាន​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​។

សញ្ញា​សំណួរ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ នៅតែ​មាន​ច្រើន​រាប់​ចាប់​តាំង​ពីសង្គ្រាម​ពាណិជ្ជកម្ម​ រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ខែវិច្ឆិកា​ ខាងមុខ​។

លោកស្រី​ Kate​ Everett​-Allen​ ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ Knight​ Frank​ នៅ​ទី​ក្រុង​ឡុង​ដ៏​បាន​និយាយ​ថា​ ការ​យកពន្ធ​លើ​តម្លៃ​លំនៅ​ដ្ឋាន​ លើ​ក្រុម​អ្នកមាន​ ដែល​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​នានា​ ដូចជា​ ទីក្រុង​ Vancouver​ ទី​ក្រុង​ឡុងដ៍​ និង​ញូ​វយ៉​ក នឹង​បន្ត​ទាញ​ទម្លាក់​លើ​ការ​លក់​។

លោកស្រី​បន្ត​ថា​ “ទីផ្សារ​ភាគច្រើន​ នៅតែ​មើលឃើញ​ថា​តម្លៃ​ទំនិញ​ឡើងថ្លៃ​ ប៉ុន្តែ​នៅតែ​មានកម្រិត​តូចជាង​ពេលមុន​”៕ (Bloomberg​)៕

រដ្ឋាភិបាល​កំណត់​បញ្ចប់​សករាជ​ Game​ Online​ ទាំងស្រុង​នៅ​ត្រឹម​ម៉ោង០០ថ្ងៃ​ទី៣១​ ធ្នូ​ខាងមុខនេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​បិទ​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ ចាប់ពី​ថ្ងៃទី៣១ខែធ្នូ​ ឆ្នាំ២០១៩​ ដោយ​កំណត់​យ៉ាង​យូរ​ត្រឹម​ម៉ោង ២៤រំលង​អធ្រាត្រ​ មិន​ឱ្យ​មាន​ទៀត​នោះ​ឡើយ​ ហើយ​ប្រសិនបើ​បុគ្គល​ណា​ ឬក្រុមហ៊ុន​នៅ​បន្ត​បើក​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជាធរមាន​។

នេះ​បើ​តាម​ឧត្តមសេនីយ៍​ នេត​ សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​មានប្រសាសន៍​ក្នុង​ពិធី​ បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​កាស៊ីណូ​ និង​ម្ចាស់​អាជីវកម្ម​ អន​ឡាញ​ទូទាំង​ប្រទេស​ ដើម្បី​ផ្សព្វផ្សាយ​សារាចរណែនាំ​ស្ដីពី​ ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​តាម​ រយៈ​អ៊ី​នធឺ​ណេត​អន​ឡា​ញក្នុង​ និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ នា​រសៀល​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩មុន​នេះ​បន្តិច​។

លោក​នេត​ សាវឿ​ន បាន​បន្ត​ថា​ “រាល់​ល្បែង​អន​ឡាញ​ទាំងអស់​មិនថា​ឆ្នោត​ឡូតូ​ ឬល្បែងកាស៊ីណូ​អ្វី​នោះ​ទេ​ ឱ្យ​តែ​តាម​ប្រព័ន្ធ​អន​ឡាញ​ គឺ​ត្រូវតែ​បិទ​ជាបន្ទាន់​ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ក៏​ត្រូវ​តាមដានមើល​ជានិច្ច​”។

តំបន់​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ ត្រូវ​បាន​គេ​លើកឡើង​ថា​ ក្រុង​ព្រះសីហនុ​ គឺជា​គោលដៅ​សំខាន់​ ដែល​មាន​ច្រើនជាង​គេ​ ដែល​ធ្វើការ​វិនិយោគ​ និង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ ព្រះសីហនុ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការ​ធ្វើអាជីវកម្ម​កាស៊ីណូ​អន​ឡាញ​ ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​សប្ដាហ៍​កន្លងមក​នេះ​ថា​ ដោយ​អនុវត្ត​តាម​ចរាចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡាញ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ គិត​ត្រឹម​ម៉ោង​ ០ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ ខាងមុខនេះ​។

លោក​បន្ត​ថា​ “ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ ដើម្បី​ត្រួតពិនិត្យ​តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ នៅតែ​បន្ត​បើក​ល្បែង​អន​ឡាញ​ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង​ ស្រុក​ ទាំងអស់​ដែល​មាន​ល្បែង​អន​ឡា​ញ ត្រូវ​បិទ​ មិន​អនុញ្ញាតិ​បើក​បន្ត​ទៀត​ទេ​”។ លោក​បន្ត​ថា​ “ប្រសិនបើ​កាស៊ីណូ​ ឬកន្លែងណា​នៅតែ​បើក​ល្បែង​អន​ឡាញ​ និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​”។

លោក​ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ ពាណិជ​កម្ម​មានប្រសាសន៍​ថា​ ដើម្បី​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​មានប្រសិទ្ធភាព​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ យើង​ត្រូវ​ប្រើប្រាស់​វិធានការ២​ ក្នុង​នោះ​ វិធានការ​រដ្ឋបាល​ ទាមទារ​យើង​មាន​ទិន្នន័យ​ទីតាំង​ល្បែង​អន​ឡាញ​ ក្នុង​សង្កាត់​ ក្រុង​ ស្រុក​និ​មួយ​ៗ និង​ផ្អែកលើ​សេចក្តី​សម្រេច​បិទ​របស់​រាជរដ្ឋាភិបាល​ ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​សាធារណៈ​គ្រប់​ទីតាំង​កាស៊ីណូ​ ដើម្បី​បិទ​បញ្ចប់​ជាស្ថាពរ​ល្បែង​អន​ឡា​ញនៅ​ត្រឹម​ម៉ោង០០​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ​ ក្រោយពី​សេចក្តី​ជូនដំណឹង​មន្ត្រី​យើង​នឹង​ចុះ​ត្រួតពិនិត្យ​ទីតាំងនៅ​ក្នុង​ក្រុង​ស្រុក​ ក្នុង​ខេត្ត​ព្រះសីហនុ​៕