តម្លៃ​អចលនទ្រព្យ​នឹង​កាន់តែ​មាន​ភាព​ប្រសើរ​ក្រោយ​រដ្ឋាភិបាល​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​កំណត់​ និង​ជំរុញ​ឱ្យ​មានការ​អនុវត្តន៍​នូវ​គោលនយោបាយ​ព្រំដែន​ តាមរយៈ​ការបង្កើត​ឱ្យ​មាន​ផ្សារ​ដោះដូរ​ផលិតផល​គំរូ​ នៅ​តាម​តំបន់​ព្រំដែន​នានា​ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​ល្អ​ប្រសើរ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​។

ជាមួយនឹង​ការអនុវត្ត​នូវ​គោលនយោបាយ​នេះ​ ក៏​ជា​ការ​អនុគ្រោះ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បន្ត​មាន​ភាព​រីកចម្រើន​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ គោលនយោបាយ​ព្រំដែន​របស់​រដ្ឋាភិបាល​ គឺជា​ការ​បង្កើន​ឱកាស​វិនិយោគ​ និង​ជួយ​ជម្រុ​ញឱ្យវិស័យ​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរ​ ខណៈ​ដែល​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​កើនឡើង​។

លោក​បាន​បន្ត​ទៀត​ថា​ “ការអនុវត្ត​នូវ​គោលនយោបាយ​ព្រំដែន​របស់​រដ្ឋាភិបាល​ គឺ​បាន​ជំរុញ​ឱ្យ​ការរស់នៅ​តាម​តំបន់​ព្រំដែន​ មាន​ភាពល្អ​ប្រសើរ​ ដែល​ក្រៅពី​ជាច​លក​រប​ង្កើត​ឱ្យ​មានការ​ធ្វើជំនួញ​ និង​ពាណិជ្ជកម្ម​នៅ​តាម​តំបន់​ព្រំដែន​ ថែមទាំង​អាច​ធ្វើ​ឱ្យ​ព្រំដែន​រវាង​ប្រទេស​មាន​ភាព​ជាក់លាក់​កាន់តែ​ល្អ​”។ លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​រដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​តាម​តំបន់​ព្រំដែន​កាន់តែ​ច្រើន​ពេលណា​ វិស័យ​អចលនទ្រព្យ​ នៅ​តាន​តំបន់​ព្រំដែន​គឺ​កាន់តែ​ល្អ​ទៅតាម​ហ្នឹង​ដែរ​”។

​ជាក់ស្ដែង​ដូចជា​បច្ចុប្បន្ន​នេះ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​ទើបតែ​បង្កើត​ថ្មី​ៗតាមរយៈ​ផ្សារ​ដោះដូរ​ផលិតផល​គំរូ​កម្ពុជា​-វៀតណាម​ ដែល​ស្ថិតនៅ​ឃុំ​ដារ​ ស្រុក​មេ​ម៉ត់​ ខេត្ត​ត្បូងឃ្មុំ​ ដែល​កំពុងតែ​មាន​តម្រូវការ​ប្រើប្រាស់​ដីធ្លី​យ៉ាងច្រើន​។

លោក​ច្រឹក​ សុ​ខនី​មបាន​បញ្ជាក់​ទៀត​ថា​ “អ្វី​ដែល​សំខាន់​ គឺ​ពេលនេះ​ ការអនុវត្ត​នៅ​មានកម្រិត​តិចតួច​នៅឡើយ​ ដូច្នេះ​លោក​គាំទ្រ​ និង​ស្នើ​ឱ្យ​មានការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ព្រំដែន​របស់​រដ្ឋាភិបាល​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​ឆាប់រហ័ស​”។

នៅក្នុង​ឱកាស​ប្រកាស​បើក​ឱ្យ​ប្រើប្រាស់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ ដែល​ជាទី​តាំង​ដោះដូរ​ផលិតផល​រវាង​កម្ពុជា​ និង​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចង់ឱ្យ​មានការ​កសាង​ផ្សារ​គំរូ​តាម​បណ្តា​ព្រំដែន​ កម្ពុជា​-វៀតណាម​ ឱ្យ​បាន​ច្រើន​ថែមទៀត​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើជំនួញ​ និង​ពាណិជ្ជកម្ម​តូច​ធំ​ និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​ទីផ្សារ​សមរម្យ​លក់ដូរ​ទំនិញ​ដើម្បី​បង្កើន​ជីវភាពរស់នៅ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

សម្ដេច​តេជោ​ហ៊ុន​ សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ដាក់ចេញ​គោលនយោបាយ​ប្រែក្លាយ​តំបន់​ព្រំដែន​ ជាមួយ​ប្រទេសជិតខាង​ទាំងអស់​ និង​អតីត​តំបន់​សមរភូមិ​ឱ្យទៅ​ជា​តំបន់​សន្តិភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

សម្តេច​តេជោ​សង្ឃឹមថា​ “នៅពេល​កម្ពុជា​មាន​ផ្សារ​សហគមន៍​គំរូ​កាន់តែ​ច្រើន​ គឺ​នឹង​ជួយ​បង្កើន​ទំនិញ​ នាំចេញ​ ទៅ​ប្រទេស​ វៀតណាម​កាន់តែ​ច្រើន​ ដែល​នឹង​កាន់តែ​ធ្វើអោយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​កាន់តែ​ធូរធារ​ ហើយ​ទន្ទឹម​នឹង​នោះ​ គឺ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​អោយ​កាន់តែ​រឹងមាំ​ថែមទៀត​”៕

ក្រុមហ៊ុន​ CHIP​ MONG​ បោះទុន​ជាង៤១លាន​ដុល្លារ​សាងសង់​ផ្សារ​ទំនើប​ថ្មី​មួយទៀត​ នៅ​ខណ្ឌ​សែនសុខ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ “CHIP​ MONG​ RETAIL​ CO​., LTD​” បោះ​ទុ​បោះទុន​ជាង៤១លាន​ដុល្លារ​សាងសង់​ផ្សារ​ទំនើប​ថ្មី​មួយទៀត​ ស្ថិតនៅ​ភូមិ​បា​យ៉ា​ប សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​ចុះ​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ “CHIP​ MONG​ RETAIL​ CO​., LTD​” គម្រោង​សាងសង់​ផ្សារ​ទំនើប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បា​យ៉ា​ប សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ៤១​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៣៣៨កន្លែង​។

ក្រុមហ៊ុន​មួយ​នេះ​ កាលពី​ថ្ងៃទី​ ទី១៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ទើបតែ​បាន​បើក​សម្ពោធ​ផ្សារ​ទំនើប​ខ្នាត​ធំ​បែប​សហគមន៍​ ជីប​ ម៉ុង​ ណូ​រ៉ូ​ ម៉ល​ ផ្ទៃ​សរុប​ទំហំ១៧​,៩០០ម៉ែត្រការ៉េ​ មាន​កម្ពស់៥ជាន់​ ក្នុង​នោះ​ផ្ទៃ​សរុប​ដែល​យើង​អាច​ជួល​បាន​ មាន​ទំហំ ៧៥០០ម៉ែត្រការ៉េ​ ហើយ​បាន​ជ្រើសរើស​ដៃគូ​ពាណិជ្ជកម្ម​ ដូចជា​ភោជនីយដ្ឋាន​ រោងភាពយន្ត​ប្រណិត​ ផ្សារ​ទំនើប​ ជីប​ ម៉ុង​ និង​ហាង​លក់រាយ​ជាច្រើន​ទៀត​ដោយ​ការ​សម្រិតសម្រាំង​បំផុត​។

ខណ្ឌ​សែនសុខ​ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​ កំពុង​ទាក់ទាញ​ចំណា​ ប់​អារម្មណ៍​វិនិយោគិន​ ជាមួយ​និង​គម្រោង​ជាច្រើន​ ដែល​កំពុងតែ​លេច​រូបរាង​ជា​បណ្តើរ​ៗ។គម្រោង​ទាំងអស់​មាន​ដូចជា​ ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ និង​មាន​ផ្សារ​បោះ​ដុំ​ និង​លក់រាយ​ (ផ្សារ​ម៉ាក្រូ​) មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​សែនសុខ​ និង​គម្រោង​ប្រភេទ​ផ្ទះ​អាជីវកម្ម​ (Shop​ House​) ដែល​មានតម្លៃ​ខ្ទង់សែន​ដុល្លារ​ក្នុង​មួយ​ល្វែង​ជាដើម​៕

រដ្ឋាភិបាល​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន១០​ មាន​ទំហំ​ទឹកប្រាក់​ជិត ១០០​លាន​ដុល្លារ​អាមេរិក​

ដោយៈ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​អនុម័ត​គំរោង​វិនិយោគ​ចំនួន១០​ មាន​ទំហំ​ទឹកប្រាក់​ជាង៩៦លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៧​ ធ្នូ​នេះ​បាន​ឲ្យដឹង​ថា​ តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ចំនួន១០រួមមាន​ ទី១​-ក្រុមហ៊ុន​ ​“FUJIAN​ MEILIDA​ SHOES​ DEVELOPMENT​ ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ២៧៨៧​ ភូមិ​ទួល​ក្រសាំង​ សង្កាត់​រកាខ្ពស់​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៨,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.៥២៥កន្លែង​។

ទី២ក្រុមហ៊ុន​- ​“SHENG​ RONG​ ZHI​ YI​ (CAMBODIA​) ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​ចុង​យ៉ា​ ​ភូមិ​ចុង​ថ្នល់​ខាងកើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៧៧៧កន្លែង​។

ទី៣​-ក្រុមហ៊ុន​ ​“CENTURY​ CREATION​ LIGHTING​ (CAMBODIA​) ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ និង​ផ្គុំ​ដំឡើង​អំពូលភ្លើង​ពណ៌​លម្អ​គ្រប​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ធ្នង់​ ឃុំ​ព្រះ​និ​ព្វា​ន្ត​ ស្រុង​គងពិសី​ ខេត្ត​កំ​ពង់​ស្ពឹ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥១០កន្លែង​

ទី៤​-ក្រុមហ៊ុន​ ​“NINGBO​ DONGXING​ (CAMBODIA​) ELECTRIC​ ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ ផ្គុំ​ដំឡើង​អំពូលភ្លើង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២៩៤កន្លែង​។

ទី៥​-ក្រុមហ៊ុន​ ​“KAMYUM​ FOOD​ (CAMBODIA​) ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​នំ​កញ្ចប់​ និង​ស្ករគ្រាប់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ពៅ​ ឃុំ​តា​នៃ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៧២កន្លែង​។

ទី៦​-ក្រុមហ៊ុន ​“JIN​ THAI​ FONG​ (CAMBODIA​) NEW​ BUILDING​ MATERIALS​ ​CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៦​A ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ឫស្សីជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៨៤កន្លែង​។

ទី៧​-ក្រុមហ៊ុន​ “ET​ SOLAR​ TECHNOLOGY​ (CAMBODIA​) CO​., LTD​”គម្រោង​បង្កើត​រោងចក្រ​ផលិត​ និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ៥១​ ភូមិ​ដំណាក់​ព្រីង​ ឃុំ​ទំនប់ធំ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៣០៨កន្លែង​។

ទី៨​-ក្រុមហ៊ុន​ “JINTEK​ PHOTOVOLTAIC​ TECHNOLOGY​ CO​., LTD​”គម្រោង​បង្កើត​រោងចក្រ​ផលិត​ និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា​ សង្កាត់​កាកាប​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១២​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៨៨កន្លែង​។

ទី៩​-ក្រុមហ៊ុន​ ​“CHIP​ MONG​ RETAIL​ ​CO​., LTD​” គម្រោង​សាងសង់​ផ្សារ​ទំនើប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បា​យ៉ា​ប សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤១​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៣៨កន្លែង​។

ទី១០​-ក្រុមហ៊ុន​ “OUTDOOR​ GEAR​ (CAMBODIA​) CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ និង​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រង៉ែ​ ឃុំ​ឧត្តម​សុរិយា​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ៧​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.០០៩កន្លែង​៕

ទំហំ​វិនិយោគ​អចលនទ្រព្យ​នៅ​សឹង្ហ​បូរី​ដាំ​ក្បាល​ចុះ ៣១​,៨ភាគរយ​នៅ​ឆ្នាំនេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ដោយ​មើលឃើញ​ពីទី​ផ្សារ​លក់​ធ្លាក់ចុះ​ ទំហំ​វិនិយោគ​អចលនទ្រព្យ​សរុប​នៅ​សឹង្ហ​បូរី​ធ្លាក់ចុះ៣១​,៨ភាគរយ​ និង​មានតម្លៃ២២​,៨៣​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​ ១៣​ ធ្នូ​ ដែល​ជា​កម្រិតទាប​បំផុត​ចាប់តាំងពី​ឆ្នាំ២០១៦​។

ទោះបី​មានការ​ធ្លាក់ចុះ​ក៏ដោយ​ ក៏​ CBRE​ នៅតែ​ចាត់ទុក​ប្រតិបត្តិ​ការ​អចលនទ្រព្យ​របស់​ប្រទេស​សឹង្ហ​បុរី​នៅ​ឆ្នាំនេះ​ថា​ គួរ​អោយ​គោរព​ ដោយសារ​ប្រតិបត្តិ​ការដែល​មាន​ទំហំ​ធំ​ដែល​បាន​ដាក់បញ្ចូល​ ដូចជា​គម្រោង​ Mapletree​ Business​ City​ II​, Duo​ និង ៣០​ Raffles​ Place​ (ពីមុន​ហៅថា​ Chevron​ House​)។

លំនៅ​ដ្ឋាន​ជា​វិស័យ​នាំមុខ​គេ​ ដែល​បាន​ជំរុញ​ទំហំ​វិនិយោគ​នៅ​ឆ្នាំនេះ​ ដែល​ស្មើនឹង ៣២​,១ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​។ នេះ​បណ្តាល​មក​ពី​ការ​លក់​ជា​សាធារណៈ​ នៃ​តំបន់​ដី​លក់​របស់​រដ្ឋ​ភិបាល​ចំនួន៩ ​(GLS​) ។

ទោះ​យ៉ាងណា​ក្រុមហ៊ុន​ CBRE​ មិន​រំពឹង​ថា​ និន្នាការ​នេះ​នឹង​បន្ត​ ដោយ​ពិចារណា​លើ​ការបង្កើត​ស្តុក​លំនៅ​ដ្ឋាន​ដែល​មិនទាន់​លក់​នោះ​ទេ​។ រដ្ឋាភិបាល​ក៏បាន​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ដី​ សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ក្រោម​ឆមាស​ទី១​ នៃ​កម្មវិធី​តំបន់​លក់​របស់​រដ្ឋ​ភិបាល​ឆ្នាំ២០២០​៕

CVEA​ ជំរុញ​ភាព​លូតលាស់​ដល់​ក្រុមហ៊ុន​ជាស​មា​ជិ​កតាមរយៈ​កម្មវិធី​ Real​ Estate​ Business​ Support​ Program​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ និង​ចែករំលែក​បទពិសោធន៍​ជាក់ស្ដែង​ ទៅដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជា​ភ្នាក់ងារ​ ដែល​ជាស​មា​ជិ​ករបស់​សមាគម​ តាមរយៈ​កម្មវិធី​Real​ Estate​ Business​ Support​ Program​។

កាលពី​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ ចំណេះដឹង​ និង​ចែករំលែក​បទពិសោធន៍​ជាក់ស្ដែង​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ទៅដល់​បណ្តា​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​ដែល​ជាស​មា​ជិ​ករបស់​សមាគម​ ក្នុង​គោលបំណង​ជំរុញ​ភាព​រីកចម្រើន​ និង​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ក្នុង​វិស័យ​នេះ​រួមគ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ តាមរយៈ​កម្មវិធី​ Real​ Estate​ Business​ Support​ Program​ មួយ​នេះ​បាន​ចូលរួម​ផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​អ្នកចូលរួម​ស្ដាប់​ និង​សិក្សា​ស្វែងយល់​។

​លោក​បាន​បន្ត​ថា​ “នេះ​ជា​លើក​ទី៩ហើយ​ ដែល​សមាគម​បាន​អនុវត្ត​នូវ​កម្មវិធី​មួយ​នេះ​ជា​បណ្តា​សមាជិក​របស់​សមាគម​ក”។ លោក​បន្ត​ថា​ “វា​ជា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ការចែក​រំលែក​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ជំនាន់​មុន​ និង​ធ្លាប់​ទទួល​បាន​ជោគជ័យ​”។

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “យើង​ចង់​ចែករំលែក​ពី​បទពិសោធន៍​ជាក់ស្ដែង​ទៅដល់​ពួកគាត់​ ដែល​វា​មិនមែន​ត្រឹមតែ​ជា​មេរៀន​ ដូច​រៀន​នៅ​សាលា​ត្រឹមតែ​ជា​ទ្រឹស្ដី​នោះ​ទេ​ ប៉ុន្តែ​ពួកគាត់​បានដឹង​ពី​អ្វី​ ដែល​ជា​បញ្ហា​នៃ​ការ​រាំងស្ទះ​ អ្វី​ដែល​ជា​ឧបសគ្គ​ពិតប្រាកដ​នៅក្នុង​មុខ​ជំនួញ​ នោះ​ពួកគាត់​អាច​សិក្សា​ពី​ដំណោះស្រាយ​ ដើម្បី​ត្រៀម​ទុកជាមុន​ ដែល​វា​ប្រសើរ​ជាង​ការ​ធ្វើជំនួញ​ ឬដឹកនាំ​ក្រុមហ៊ុន​ និង​គ្រប់គ្រង​ភ្នាក់ងារ​ដោយ​ភាព​ប្រថុយប្រថាន​នោះ​ទេ​”។

កម្មវិធី​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ និង​ចែករំលែក​បទពិសោធន៍​ Real​ Estate​ Business​ Support​ Program​ រួមមាន​ការ​ធ្វើ​បទ​បង្ហាញ​ដូចជា​ ១. ការរៀបចំ​ធ្វើ​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​ក្រុមហ៊ុន​។ ២. ការ​គ្រប់​គ្រង​ភា្ន​ក់​ងារ​អចលនវត្ថុ​។ ៣. ការរៀបចំ​ធ្វើការងារ​ប្រចាំថ្ងៃ​ និង៤​ ការ​ប្រឹក្សា​យោបល់​នានា​ ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សមាជិក​ ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​ CVEA​ លោកស្រី​តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ “យើង​យកចិត្ត​ដាក់​ និង​ជួយ​ជ្រោមជ្រែង​ដល់​បណ្តា​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​ដែល​ជាស​មា​ជិ​កថ្មី​ៗទើបតែ​បង្កើត​ និង​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចល​ នទ្រព្យ​។

លោកស្រី​បាន​បញ្ជាក់​ថា​ នៅក្នុង​កម្មវិធី​នេះ​ គឺ​មានការ​ចែក​រំ​លែង​បទ​ពិសោធ​ន៍​ផ្សេង​ៗគ្នា​ជាច្រើន​ រួមមាន​ការគ្រប់គ្រង​ក្រុមហ៊ុន​ ការដឹកនាំ​ភ្នាក់ងារ​ វិធីសាស្ត្រ​នៃ​ការ​លក់​អចលនទ្រព្យ​ ខុន​ដូ​ អា​ផា​តមិន​ ការ​លក់​ដីធ្លី​ លក់​ផ្ទះ​ ក៏ដូចជា​ការវាយតម្លៃ​ទៅលើ​អចលនវត្ថុ​ជាដើម​។

លោកស្រី​បាន​បញ្ជាក់​ថា​ “សម្រាប់​ដែល​មានឱកាស​ចូល​សិក្សា​ និង​ស្វែងយល់​នៅក្នុង​កម្មវិធី​នេះ​ គឺ​ផ្តល់​អាទិភាព​ចំពោះ​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​ដែល​មាន​អជ្ញា​បណ្ណ​ស្របច្បាប់​ ជាពិសេស​ជាស​មា​ជិ​ករបស់​សមាគម​ CVEA​ តែប៉ុណ្ណោះ​”៕

សម្តេច​តេជោ​៖ ក្រុមហ៊ុន​តម្លើង​រថយន្ត​ជាច្រើន​បាន​នឹង​កំពុង​មក​បោះទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្រុមហ៊ុន​តម្លើង​រថយន្ត​ជាច្រើន​បាន​ និង​កំពុង​មក​បោះទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​ និង​ពិភពលោក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ កាលពី​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​ បាន​នឹង​កំពុង​មក​កម្ពុជា​។

សម្តេច​តេជោ​បន្ត​ថា​ “ក្រៅពី​នេះ​ ក៏​មាន​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ក៏​មក​ស្រុកខ្មែរ​ ។ ឡាន​ក៏​មក​ផ្គុំ​នៅក្នុង​ស្រុកខ្មែរ​ រួចហើយ​ក៏​នាំចេញ​ទៅវិញ​ ឬក៏​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​”។ សម្តេច​បន្ថែម​ថា​ “យើង​មិនទាន់​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​បើ​ទោះបី​យើ​មាន​ក៏​គ្មាន​អ្នកទិញ​ដែរ​ដោយសារតែ​ខ្មែរយើង​ពិបាក​ ដែល​មាន​ផលិតផល​ហើយ​ យើង​មិន​ទិញ​ប្រើប្រាស់​”។

សម្តេច​តេជោ​ធ្លាប់​បាន​លើ​ឡើង​កាលពី​កន្លងមក​នេះ​ដែរ​ថា​ ការ​វិនិយោគ​លើ​រោងចក្រ​តម្លើង​រថយន្ត​ និង​ផលិត​គ្រឿង​បំណែក​រថយន្ត​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ វា​ជា​ជោគ​ ជ័យ​មួយទៀត​ស្រប​ទៅ​នឹង​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​-២០២៥​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កម្ពុជា​ពិតជា​មោទនភាព​ណាស់​ ដែល​មាន​រោងចក្រ​តម្លើង​រថយន្ត​នៅក្នុង​ស្រុក​បែបនេះ​ ក្នុង​ការ​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​ និង​ជា​ការ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​យើង​ផង​ដែរ​៕

IMF​៖ សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​រឹងមាំ​ដោយ​រក្សា​បាន​កំណើន៧នៅ​ឆ្នាំនេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នៅតែ​រឹងមាំ​នៅ​ឆ្នាំនេះ​ (២០១៩​) ជាមួយនឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP​) ដែល​រំពឹង​ថា​នឹង​មាន​ជុំវិញ៧ភាគរយ​ ដោយសារ​កំណើន​នៃ​ការនាំចេញ​ និង​សកម្មភាព​សំណង់​រឹងមាំ​ ខណៈ​អតិផរណា​នៅតែ​មាន​ស្ថេរ​ភាព​ប្រហែល២​,៥ ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចុះ​កាលពី​ម្សិលមិញ​នេះ​។

ឱនភាព​គណនីចរន្ត​បាន​កើនឡើង​ដល់​ប្រហែល១២ភាគរយ​ នៃ​ផលិតផល​សរុប​ក្នុង​ស្រុកក្នុង​ឆ្នាំ​ ២០១៨​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ពង្រីក​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ​។ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​រឹងមាំ​ ក៏ដូចជា​ការ​កើនឡើង​នៃ​លំហូរ​ចូលក្នុង​រយៈពេល​ខ្លី​ដទៃទៀត​ បាន​រួមចំណែក​ដល់​ការ​ប្រមូល​ផ្តុំ​ ទុនបម្រុង​អន្តរជាតិ​សរុប​ប្រមាណ៧ខែ​ នៃ​ការនាំចូល​នា​ពេល​អនាគត​ក្នុង​ខែ​ សីហា​ ឆ្នាំ​ ២០១៩​។

ស្ថានភាព​ហិរញ្ញវត្ថុ​មាន​ភាព​ងាយស្រួល​។ ឥណទាន​វិស័យ​ឯកជន​ដែល​ប្រមូល​ផ្តុំ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​សំណង់​បាន​ពន្លឿន​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ប្រហែល២៨ភាគរយ​នៅ​ឆ្នាំ២០១៩​ ។

លទ្ធផល​នៃ​ប្រាក់ចំណូល​នៅតែ​បន្ត​រឹងមាំ​ ហើយដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​រដ្ឋបាល​មាន​ តុល្យភាព​សារពើពន្ធ​ឆ្នាំ​ ២០១៨​ (យោង​តាម​ទម្រង់​ស្ថិតិ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ឆ្នាំ​ ២០១៤​) បង្ហាញ​ពីអ​តិ​រេ​កជិត១ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០១៨​។ ជំហរ​សារពើពន្ធ​ត្រូវ​បាន​ព្យាករ​ថា​នឹង​នៅតែ​មាន​អតិរេក​នៅ​ឆ្នាំនេះ​។

ការព្យាករណ៍​ដដែល​បាន​បញ្ជាក់​ថា​ ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​ខាងក្រៅ​ត្រូវ​បាន​រំពឹង​ថា​ នឹង​នាំ​ឱ្យ​មាន​កំណើន​យឺតយ៉ាវ​ក្រោម៧ភាគរយ​នៅ​ឆ្នាំ២០២០​។ ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ គឺ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់ចុះ​។ ការពិនិត្យ​ឡើងវិញ​នូវ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​) របស់​សហគមន៍​អឺរ៉ុប​ ដែល​ជា​ដៃគូ​នាំចេញ​ចម្បង​របស់​កម្ពុជា​ អាច​នាំ​ឱ្យ​មានការ​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ អនុគ្រោះ​នៅ​ឆ្នាំក្រោយ​ ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​៕

តំបន់​ជាប់​ផ្លូវជាតិ​លេខ៥​ កំពុង​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​ទាក់ទាញ​លើ​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ចាកចេញ​ពី​តំបន់​ជាយក្រុង​បន្តិច​ នៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​តំបន់​សងខាង​ផ្លូវជាតិ​លេខ៥​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុងតែ​ចាប់ផ្តើម​បង្ហាញ​ពី​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ជាមួយនឹង​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​ ដែល​នឹង​ប្រែក្លាយ​ទៅជា​តំបន់ឧស្សាហកម្ម​ និង​ទេសចរណ៍​ ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗត្រូវ​បាន​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ស្ថាបនា​សាងសង់​។

បន្ទាប់ពី​តំបន់​ជាយក្រុង​មួយចំនួន​ ដែល​ស្ថិតនៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ១​ លេខ២​ លេខ៣​ លេខ៤​ និង​ផ្លូវជាតិ​លេខ៦​ ដែល​កំពុង​មាន​សកម្មភាព​ទិញ​ លក់​ និង​អភិវឌ្ឍ​លើ​គម្រោង​ជាច្រើន​នោះ​ ពេលនេះ​បាន​បន្ត​ជំរុញ​ដល់​ផ្លូវជាតិ​លេខ៥​ ដែល​ស្ថិតនៅ​សង់​ខាង​ផ្លូវ​ចាប់ពី​តំបន់​ទីប្រជុំជន​ផ្សារ​ឧដុង្គ​ ឆ្ពោះទៅ​កាន់​ផ្សារ​លង្វែក​ ។

អគ្គនាយក​ក្រុមហ៊ុន​ អចលនទ្រព្យ​ Hin​ Ruos​ Real​ Estate​ Co​ Ltd​ លោក​ ហ៊ិ​ន រស់​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​មិនថា​ចំពោះតែ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៥​ ដែល​ជា​តំបន់​ជាយក្រុង​នោះ​ទេ​ នៅ​តាម​ចម្ងាយ​រហូតដល់​ប្រមាណ​ជាង ៤០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ក៏​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ផង​ដែរ​ ដែល​ភាគច្រើន​មាន​សក្ដានុពល​ទៅលើ​វិស័យ​ឧស្សាហកម្ម​ រួមមាន​ដូចជា​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ និង​តំបន់​កម្សាន្ត​ ខណៈ​ដែល​រដ្ឋាភិបាល​ កំពុងតែ​ជំរុញ​ និង​ពន្លឿន​ការស្ថាបនា​ និង​ពង្រីក​ផ្លូវជាតិ៥ឱ្យ​កាន់តែ​ធំ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​បម្រើ​វិស័យ​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ច្រកព្រំដែន​កម្ពុជា​-ថៃ​”។

ជាមួយនឹង​គម្រោង​ប្រែក្លាយ​ពី​តំបន់​វាលស្រែ​ល្វឹងល្វើយ​ឱ្យទៅ​ជា​សួន​ឧស្សា​កម្ម​ចំរុះ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ លោក​ ហ៊ិ​ន រស់​ បាន​បញ្ជាក់​ប្រាប់​ថា​ ដោយសារតែ​ការ​វិវត្ត​យ៉ាង​លឿន​ទៅលើ​តម្រូវការ​ទីផ្សារ​ដីធ្លី​សម្រាប់​អភិវឌ្ឍ​ បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​គម្រោ​ងធំៗ​ជាច្រើន​ចាប់អារម្មណ៍​ទៅ​នឹង​ទីតាំង​ដែល​ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​លេខ៥​ ជាពិសេស​ទីតាំង​ដែល​មាន​ចម្ងាយ​ចាប់ពី​ប្រមាណ​ ៣-៥ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​ ដោយសារតែ​តម្លៃ​ដី​នៅ​មានកម្រិត​ និង​មានឱកាស​ចំណេញ​ច្រើន​ក្នុង​ពេល​ខ្លី​។

ដូច​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ បច្ចុប្បន្ន​គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​កំពុង​បង្ហាញ​វត្តមាន​ជាបន្តបន្ទាប់​។ នៅក្នុងចំណោម​គម្រោង​ទាំងនោះ​ គម្រោង​ដី​ឡូ​តិ៍​លំនៅ​ដ្ឋាន​ និង​កសិកម្ម​ ចំការ​ដូងក្រអូប​ ត្រូវ​បាន​គេស​ម្លឹង​ឃើញថា​កំពុងតែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ពីសំណាក់​អតិថិជន​ ជាពិសេស​អ្នក​ដែល​ចង់​មាន​លំនៅ​ដ្ឋាន​បែប​កម្សាន្ត​លក្ខណៈ​ធម្មជាតិ​។

សម្រាប់​ដី​ឡូ​តិ៍​នៅក្នុង​គម្រោង​ចំការ​ដូងក្រអូប​ មាន​ទំហំ​ ៤០​ x៤០​ ម៉ែត្រ​ លក់​ក្នុង​ម្លៃ​ត្រឹម​ ១៧,០០០​ ដុល្លារ​ ដោយ​នៅក្នុង​បរិវេណ​ដី​មាន​ដាំដំណាំ​ដូងក្រអូប​ចំនួន៨០ដើម​ រួម​នឹង​ដំ​ណាំ​ផ្សេង​ៗទៀត​ អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​សរុប​ជិត​ ៣០ហិ​កតា​។

គម្រោង​នេះ​ស្ថិតនៅ​ភូមិ​ស្ពានដែក​ ឃុំ​ធ្លកវៀន​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ ចម្ងាយ​ជាង៤០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ មាន​ផ្សារ​ចំនួន៤ស្ថិតនៅ​ក្បែរ​ ដូចជា​ ផ្សារ​ឧដុង្គ​ ផ្សារ​ត្រាច​ ផ្សារ​លង្វែក​ និង​ផ្សារ​សាលា​លេខ៥​ និង​ស្ថិតនៅ​ជិ​តព្រលា​នយន្តហោះ​ឧដុង្គ​ ចុះពី​ផ្លូវជាតិ​លេខ៥​ ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ ដែល​គ្រោង​នឹង​ចាក់កៅស៊ូ​នៅ​ឆ្នាំ២០២០ ខាងមុខ​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ដោយឡែក​សម្រាប់​ពត៌មាន​លម្អិត​ពី​គម្រោង​នេះ​ អាច​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​ ០១៥​ ៧៨០​ ៨៨៨​/ ០៧៧​ ៣៣៣​ ៧៤៤​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ បាន​មានប្រសាសន៍​ថា​ តម្រូវការ​ទីផ្សារ​ដីធ្លី​នៅ​តាម​តំបន់​ផ្លូវជាតិ​លេខ៥​ គឺ​អាស្រ័យ​ទៅតាម​តំបន់​។

លោក​បាន​បញ្ជាក់​ថា​ “ជាក់ស្ដែង​នៅ​ពេនេះ​ ចាប់ពី​ព្រែកព្នៅ​រហូតដល់​ជិត​ភ្នំ​ឧដុង្គ​ ដែល​ជា​តំបន់​ជាយក្រុង​នៅ​មិនទាន់​មាន​តម្រូវ​ខ្លាំង​នោះ​ទេ​ ដោយសារតែ​ស្ថានភាព​ដី​មាន​ជម្រៅ​ជ្រៅ​ ដែល​ត្រូវ​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​។ ប៉ុន្តែ​ចាប់ពី​តំបន់​ផ្សារ​ឧដុង្គ​ឆ្ពោះទៅ​កាន់​ផ្សារ​លង្វែក​ យើង​ឃើញ​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម​ និង​ឃ្លាំង​ ដែល​បច្ចុប្បន្ន​ក៏​កំពុង​មានដំណើរ​ការ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​ផ្លូវជាតិ​លេខ៥​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​រួចរាល់​ តម្រូវ ការ​ដីធ្លី​សម្រាប់​វិស័យ​ឧស្សាហកម្ម​នឹង​កើនឡើង​ខ្ពស់​ជាក់ជា​មិនខាន​ ដែល​ជា​ការ​អនុគ្រោះ​ដល់​អ្នក​ដែល​មានបំណង​ចង់​ទិញ​ដី​ទុក​វិនិយោគ​ដើម្បី​ទទួល​ចំណេញ​នៅ​ថ្ងៃ​អនាគត​”៕

ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ​ចែករំលែក​ក្ដី​ស្រឡាញ់​ ដោយ​ផ្តល់​អំណោយ​ដល់​កុមារ​ជាង​ ៥០០នាក់​ ក្នុង​ថ្ងៃបុណ្យ​ណូអែល​

ដោយ វល័ក្ខ

ភ្នំពេញ៖ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​រៀបចំ​ និង​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​ដ៏​ពិសេស​មួយ​សម្រាប់​កុមារ​ក្រខ្សត់​ជាង៥០០នាក់​ នៅ​ភោជនីយដ្ឋាន​ និង​ផ្ទះបាយ​កុមារ​ LRDE​។

លោក​បណ្ឌិត​ Raymond​ Choi​ ជា​ប្រធាន​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​មានប្រសាសន៍​ថា​ “ទោះបីជា​ពួក​យើង​មាន​ភាព​មមាញឹក​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​របស់​ក្រុមហ៊ុន​យ៉ាងណាក៏ដោយ​ ​ក៏​ពួក​យើង​នៅតែ​បំពេញបេសកកម្ម​របស់​ពួក​យើង​ក្នុង​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​ ដើម្បី​ជួយ​ដល់​កុមារ​ជាច្រើន​រយ​នាក់​ដែល​កំពុងតែ​ជួប​ភាព​ខ្វះខាត​ ហើយ​ម្យ៉ាងទៀត​ ក៏ដូចជា​លើកទឹកចិត្ត​ក្រុមហ៊ុន​ដទៃទៀត​ឲ្យ​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជាមួយគ្នា​ ដែល​ទង្វើ​ដ៏​ល្អ​មួយ​នេះ​ គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការចែក​រំលែក​ក្តី​ស្រលាញ់​ទៅកាន់​មនុស្ស​គ្រប់រូប​ និង​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នៅក្នុង​សង្គម​ដែល​យើង​កំពុង​រស់នៅ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ” ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​ផ្តោត​សំខាន់​យ៉ាង​ខ្លាំង​ទៅលើ​ការងារ​ក្នុង​សង្គម​ ហើយក៏​តែងតែ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​ឱ្យ​ចូលរួម​គ្រប់​កម្មវិធី​សប្បុរសធម៌​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ វា​គឺជា​ច្បាប់​របស់​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងអស់​អាច​ចូលរួម​គ្រប់​កម្មវិធី​សប្បុរសធម៌​បាន​ទាំងអស់​ក្នុង​កំឡុង​ម៉ោង​ធ្វើការ​។

គោលបំណង​ដ៏​ចម្បង​របស់​ពួក​យើង​នោះ​គឺ​ ចង់ឱ្យ​ប្រជាជន​គ្រប់រូប​មានទម្លាប់​ល្អ​ក្នុង​ការ​ជួយ​សហគមន៍​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ឱ្យ​បាន​កាន់តែ​ច្រើន​។ “អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ នៅក្នុង​ឆ្នាំនេះ​ គឺជា​ឆ្នាំទី២ហើយ​ ដែល​លោក​បណ្ឌិត​ Raymond​ Choi​ បាន​តុបតែង​ខ្លួន​ជា​លោកតា​ណូអែល​(Santa​ Claus​) ហើយ​បាន​ផ្តល់​នូវ​កាដូ​ជាច្រើន​ទៅកាន់​កុមារ​ទាំងនោះ​ ដែល​មាន​ដូចជា​ អាហារ​ សម្លៀកបំពាក់​ ប្រដាប់​ប្រដា​ក្មេង​លេង​ និង​អនុស្សាវរីយ​ជាច្រើន​ ជាមួយនឹង​ក្រុម​គ្រួសារ​របស់​គាត់​ និង​ បុគ្គលិក​ដែល​ធ្វើការ​រួមគ្នា​ទាំងអស់​នៅផ្ទះ​បាយ​កុមារ​ LRDE​ ។

ជា​ការពិត​ណាស់​ Les​ Restaurant​ des​ Enfants​ (LRDE​) ឬក៏​ផ្ទះបាយ​កុមារ​ LRDE​ គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​ក្នុង​ស្រុក​មួយ​ ដែល​តែងតែ​ផ្តល់​អាហារ​ជាប្រចាំ​ថ្ងៃ​ដល់​កុមារ​ដែល​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​។

សម្រាប់​ពិធីបុណ្យ​ណូអែល​ក្នុង​ឆ្នាំ២០១៩​ នេះ​ផង​ដែរ​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​ចូលរួម​ជាមួយនឹង​ក្រុម​សប្បុរសធម៌​ជាច្រើន​ ក្នុង​ការ​ផ្តល់​នូវ​សេចក្តី​ស្រលាញ់​ និង​ ការ​យកចិត្ត​ទុកដាក់​ទៅកាន់​កុមារ​ដែល​រស់នៅ​ផ្ទះបាយ​កុមារ​ LRDE​ ទាំងអស់​ជាមួយនឹង​ស្នាម​ញញឹម​គ្រប់​ៗគ្នា​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ Urban​ Village​ ក៏បាន​បរិច្ចាគ​សម្លៀក​បំពាក់​ថ្មី​ៗជាង​ ៥០០​ កំប្លេ​ទៅដល់​កុមារ​ដែល​រស់នៅ​ផ្ទះបាយ​កុមារ​ LRDE​ ទាំងអស់​ផង​ដែរ​។

លោក​ Russel​ Tizon​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ បាន​និយាយ​ថា​ ” រាល់ពេល​ដែល​ខ្ញុំ​ឲ្យ​កាដូ​ទៅ​កាន់​ក្មេង​ៗទាំងអស់​នោះ​ ដែល​ពិតជា​ត្រូវការ​ក្តី​ស្រលាញ់​ និង​ការ​យកចិត្ត​ទុកដាក់​មនុស្ស​ជុំវិញ​ខ្លួន​ គឺ​ខ្ញុំ​តែងតែ​ប្រាថ្នា​នូវ​អ្វី​ដែល​ពួកគេ​ចង់បាន​នោះ​ឲ្យ​ក្លាយជា​ការពិត​ខ្លាំង​ណាស់​”។

សម្រាប់​ក្រុមការងារ​របស់​ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ម្នាក់​ក៏បាន​បញ្ចេញ​ពី​អារម្មណ៍​ពិត​ក្នុង​ការ​តាំងចិត្ត​ថា​ គាត់​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នៅ​លើ​កក្រោយ​ៗទៀត​។

គាត់​បាន​និយាយ​ថា​ ” នេះ​គឺជា​លើក​ទី១របស់​នាងខ្ញុំ​ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​បែបនេះ​ ហើយ​នាងខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែល​ខ្ញុំ​បាន​ក្លាយជា​ធនធានមនុស្ស​ម្នាក់​ដែល​អាច​ផ្តល់​នូវ​សុភមង្គល​ទៅ​កាន់​ក្មេង​ៗទាំងអស់​នោះ​បាន​។

“នាងខ្ញុំ​នឹង​ធ្វើ​ស្ម័គ្រចិត្ត​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរសធម៌​បែបនេះ​នៅ​លើ​កក្រោយ​ៗទៀត​” បើ​តាម​សម្តី​របស់​កញ្ញា​ ចាន់​ធា​ អ្នក​ប្រឹក្សា​ផ្នែក​លក់​ និង​ជួល​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ Prestige​ Home​ Cambodia​។

គួរ​ឱ្យ​រំលឹក​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​, ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ ” ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​” នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ Squarefoot​ Best​ of​ the​ Best​ លើក​ទី១០​ ក្នុង​ឆ្នាំ២០១៩​ ផង​ដែរ​៕

ចំណេះដឹង​! ៣ចំណុច​ដែល​អ្នក​ត្រូវ​ដឹងមុន​ពេល​បង្កើត​គម្រោង​វិនិយោគ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការបង្កើត​គម្រោង​វិនិយោគ​ចាំបាច់​ ត្រូវតែ​ប្រកាស​អំពី​គម្រោង​វិនិយោគ​ ដល់​ អាជ្ញាធរ​មានសមត្ថកិច្ច​របស់​រដ្ឋាភិបាល​បានដឹង​ជាមុន​ផង​ដែរ​ ដើម្បី​ធ្វើការ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ លើ​គម្រោង​វិនិយោគ​នោះ​ឲ្យបាន​ត្រឹមត្រូវ​ថា​ តើ​តំបន់​វិនិយោគ​នោះ​មានការ​អនុញ្ញា​ត្តិ​ឲ្យ​វិនិយោគ​ ឬមិន​អនុញ្ញា​ត្តិ​នៅ​លើ​ដែនដី​កាន់កាប់​របស់​ខ្លួន​។

ដើម្បី​អាចប​ង្កើត​គម្រោង​វិនិយោគ​បាន​ អ្នក​វិនិយោគ​ ឬវិនិយោគិន​ ត្រូវ​អនុវត្ត​វិធាន​វិធាន​ទូទៅ​ (ក) វិធាន​ពិសេស​ (ខ) និង​បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​(គ)។

ក. វិធាន​ទូទៅ​

ជាទូទៅ​ដើម្បី​បង្កើត​ និង​ចុះបញ្ជី​វិនិយោគ​ ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​ អនុញ្ញាត​ និង​ប្រកាស​ជាមុន​។ អ្នកស្នើ​សុំ​ត្រូវ​ធ្វើការ​សុំ​ចុះបញ្ជី​ នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​នីតិបុគ្គល​ជាមុន​សិន​ តាមច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម​ និង​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​។

​វិនិយោគិន​ត្រូវ​រង​ចាំ​ការ​ចេញ​អាជ្ញាប័ណ្ណ​ ដើម្បី​ស្របតាម​គតិ​យិ​ត្ត​បាន​ត្រឹមត្រូវ​។ វិធាន​ទូទៅ​នេះ​ អនុវត្ត​ចំពោះ​ការ​វិនិយោគ​ ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។

ខ.វិធាន​ពិសេស​

វិធាន​នេះ​ សម្រាប់​អនុញ្ញាត​ទៅលើ​គម្រោង​វិនិយោគទុន​ណា​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដែល​អាច​ចុះបញ្ជី​ លើ​គម្រោង​វិនិយោគ​បាន​ តាមរយៈ​ច្រកចេញ​ចូល​តែមួយ​ នៃ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​ (CDC​) ឬអនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ សម្រេច​ចុះបញ្ជី​លើ​គម្រោង​វិនិយោគ​ ដែល​មាន​ទុន​វិនិយោគ​ចាប់ពី២លាន​ដុល្លា​អាមេរិក​ ចុះក្រោម​ បាន​ត្រឹមត្រូវ​តាមច្បាប់​វិនិយោគ​ឆ្នាំ១៩៩៤​។

គ.បែបបទ​នៃ​ការប្រកាស​សុំ​ និង​ការសម្រេច​ជាមុន​

ការ​ដាក់ពាក្យសុំ​ និង​ការ​បង់ថ្លៃ​ត្រូវ​អនុវត្ត​តាម​គំរូ​ ដូច​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ២​ នៃ​អនុក្រឹត្យ​ស្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​ និង​ត្រូវ​បង់ថ្លៃ​ចុះបញ្ជី​និង​សេវា​ចំនួន៧លាន​រៀល​។

ត្រូវ​បញ្ជាក់​ពី​សកម្មភាព​អនុវត្ត​គម្រោង​វិនិយោគ​ ដូចជា​ ការលើកលែង​ពន្ធលើប្រាក់ចំណេញ​ និង​ការ​ស្នើសុំ​លើកទឹកចិត្ត​ផង​ដែរ​៕