ចំណេះដឹង​! តើ​ឥណទាន​គេហដ្ឋាន​ផ្តល់​ផលប្រយោជន៍​ដូចម្តេច​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ឥណទាន​គេហដ្ឋាន​ គឺជា​ប្រភេទ​ផលិតផល​ឥណទាន​ មាន​រយៈពេល​វែង​ ដែល​បាន​បង្កើត​ឡើង​ ដើម្បី​ផ្តល់​ជូន​សាធារណជន​ ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់​ ឬសាងសង់​រួច​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ ឬក៏​សម្រាប់​យក​ទៅ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មានស្រាប់​។

១) ប្រភេទ​ប្រាក់​ ទំហំ​ឥណទាន​ និង​រយៈពេល​ឥណទាន​

• ​ឥណទាន​គេហដ្ឋាន​ ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក​ និង​មិន​ត្រូវ​លើស​ពី៧០ភាគរយ​ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ​ ឬសាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មានស្រាប់​នោះ​ឡើយ​។

• ​រយៈពេល​ខ្ចី​អតិបរមា១០ឆ្នាំ​ ចំពោះ​ ៖

អតិថិជន​ជា​កម្មករ​ និយោជិត​កំពុង​បម្រើការ​ងារ​ ក្នុង​ស្ថាប័ន​សាធារណៈ​ និង​ទីភ្នាក់ងារ​ជាតិ​-អន្តរជាតិ​ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូលនិវត្តន៍​ឡើយ​។

អតិថិជន​ផ្សេងទៀត​ ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ និង​មាន​អាយុ​ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​ កា​លាវ​សាន​នៃ​រយៈពេល​ខ្ចីប្រាក់​ មិន​ត្រូវ​លើស​ពី​អាយុ៦០ឆ្នាំ​ឡើយ​ ។

​២) លក្ខណ​សម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន​

• ​ជន​កម្ពុជា​គ្រប់រូប​ដែល​ជា​ពលរដ្ឋ​សកម្ម​ ឬជា​នីតិជន​

• ​មានមុខ​របរ​ ប្រាក់បៀវត្សរ៍​ ឬប្រភព​ចំណូល​ដែល​មាន​និរន្តរភាព​ និង​មានលទ្ធភាព​អាច​សងបំណុល​បាន​។

• ​មាន​ប្រវត្តិ​ កេរ្តិ៍ឈ្មោះ​ អត្តចរិត​ល្អ​ និង​មាន​ចេតនា​សងបំណុល​

• ​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ ដោយមាន​ការ​បញ្ជាក់​ដឹងឮ​ ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន​រស់នៅ​។

• ​ធានា​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ ច្បាស់លាស់​ គ្រប់គ្រាន់​ និង​ទាន់ពេល​វេលា​ជូន​ធនាគារ​។

• ​គេហដ្ឋាន​ដែល​ទិញ​ ត្រូវ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិ​ការ​របស់​ធនាគារ​ ដោយមាន​ការ​បញ្ជាក់​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាមផ្លូវ​ច្បាប់​។

• ​មិន​មានបំណង​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅក្រៅ​ ពី​តំបន់​ប្រតិបត្តិ​ការ​របស់​សាខា​ធនាគារ​ ដែល​ខ្លួន​បាន​ជំពាក់បំណុល​រហូតដល់​ពេល​សង​រួច​៕

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ទម្រង់​មួយចំនួន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ធ្វើជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​នេះ​ មុន​ពេល​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ១៦០​ ពាន់​លាន​ដុល្លារ​ចាប់ផ្តើម​នៅក្នុង​ថ្ងៃ​ អាទិត្យ​។

ភាគី​ទាំងពីរ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​ ១ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​នេះ​ទេ​។អ្នកចរចា​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុងធ្វើការ​គ្រប់ពេលវេលា​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ មុន​ពេល​ពន្ធគយ​នេះ​ចាប់ផ្តើម​។ នេះ​បើ​យោង​តាម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​លោក​ Larry​ Kudlow​។

លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បា​នព​ន្យា​ពេល​ការ​តម្លើង​ពន្ធគយ​ជុំ​នេះ​លើ​ទំនិញ​ចិន​ដែល​រួមមាន​ទូរស័ព្ទ​ស្មា​តហ្វូ​នដ​ល់​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ក្នុង​កាលបរិច្ឆេទ​នៅ​ឆ្នាំនេះ​។

លោក​ Kenny​ Polcari​ អ្នក​យុទ្ធ​សាស្រ្ត​ទីផ្សារ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ Slatestone​ Wealth​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​លើ​ទូរទស្សន៍​អាមេរិក​ថា​ “ពួកគេ​នឹង​ចេញ​មក​ ហើយ​និយាយ​ថា​ យើង​មាន​កិច្ច​ព្រមព្រៀង​…យើង​កំពុងធ្វើការ​កែ​សំរួល​វា​។ ប៉ុន្តែ​ ដើម្បី​បង្ហាញ​ជំនឿ​ចិត្ត​ យើង​នឹង​មិន​ដាក់​ពន្ធគយ​ទាំងនេះ​ទេ​ ហើយ​បន្ទាប់មក​ទីផ្សារ​នឹង​ប្រមូល​ផ្តុំគ្នា​”។

ក្រុម​អ្នកវិភាគ​បារម្ភ​ថា​ លោក​ Trump​ នឹង​គំរាម​ថា​ លោក​សុខចិត្ត​រង់ចាំ​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។ ទោះ​យ៉ាងណា​ មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​រដ្ឋបាល​ Trump​ បាន​បញ្ជាក់​ថា​ វា​មិនទំនង​ទេ​ដែល​ថា​ លោក​ Trump​ នឹង​អនុញ្ញាតិ​ឱ្យ​ពន្ធ​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​អាមេរិក​លោក​ Sonny​ Perdue​ បាន​និយាយ​កាលពី​ថ្ងៃ​ ច័ន្ទ​ នៅ​ឯសន្និសីទ​មួយ​នៅ​រដ្ឋ​ Indiana​ ថា​ “យើង​មាន​ឱសានវាទ​មួយ​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ សម្រាប់​ពន្ធគយ​ផ្សេងទៀត​។ ខ្ញុំ​មិន​ជឿ​ថា​ គោលការណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​អនុវត្ត​ទេ​ ហើយ​ខ្ញុំ​គិតថា​ យើង​អាច​នឹង​មើលឃើញ​ការ​គាំ​ទ្រ​ខ្លះ​ៗ ។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​៕

ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​គម្រោង​ដី​ឡូ​តិ៍​ និង​រមណីយដ្ឋាន​ធម្មជាតិ​

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ ស្ថិតនៅ​ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ និង​រីកចម្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​វិស័យ​ដីធ្លី​ ដែល​ស្ថិតនៅ​ក្នុង​តាម​តំបន់​ជាយក្រុង​នោះ​ គម្រោង​ដី​ឡូ​តិ៍​ដ៏​ធំមិន​ធ្លាប់​មានពីមុន​មក​នោះ​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ រួម​ជាមួយនឹង​គម្រោង​បង្កើត​រមណីយដ្ឋាន​ ឋានសួគ៌​ធម្មជាតិ​ សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ផង​ដែរ​។

ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ នៃ​ការ​បើក​សម្ពោធ​លក់​គម្រោង​ដី​ឡូ​តិ៍​ យូ​ត្រាស់​លែន​ (U trust​ Land​ ) និង​រមណីយដ្ឋាន​ឋានសួគ៌​ធម្មជាតិ​ លើកដំបូង​គេ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ ទាំង​បណ្តា​ភ្ញៀវ​កិត្តិយស​ អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ​ បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ទៅលើ​គម្រោង​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ដ៏​មាន​សក្តា​នុ​ពល​ និង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

លោក​ ម៉ន​ សុខា​ ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​U Trust​ Investment​ ដែល​កំពុងធ្វើការ​អភិវឌ្ឍ​ទៅលើ​គម្រោង​ខាងលើ​នេះ​ បាន​មានប្រសាសន៍​ថា​ គម្រោង​ដី​ឡូ​តិ៍​ យូ​ត្រាស់​លែន​ ដែល​ទើបតែ​បាន​បើក​សម្ពោធ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​ ខណៈ​ដែល​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ដែល​កំពុង​ត្រៀម​បង្ហាញ ខ្លួន​ នៅក្នុង​តំបន់​ដ៏​មាន​សក្តា​នុ​ពល​នៅ​តាម​តំបន់​ជាយក្រុង​។

លោក​ ម៉ន​ សុខា​ បាន​បន្ត​ទៀត​ថា​ “ការ​បើក​សម្ពោធ​ថ្ងៃនេះ​ រួមមាន២គម្រោង​ ស្ថិតនៅ​លើ​ផ្ទៃដី​រួម​ទំហំ៦៤ហិ​កតា​ រួមមាន​គម្រោង​រមណីយដ្ឋាន​ ឋានសួគ៌​ធម្មជាតិ​ និង​គម្រោង​ដី​ឡូ​តិ៍​U Trust​ Land​ ដែល​មាន​ប្រមាណ៥០០០ឡូ​តិ៍​”។ លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​នេះ​ផង​ដែរ​ ក្រុមហ៊ុន​បាន​រៀបចំ​យ៉ាង​ពិសេស​ ស្របតាម​បទដ្ឋាន​ដែល​បាន​កំណត់ដោយច្បាប់​ និង​ទទួលស្គាល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​យ៉ាង​ត្រឹមត្រូវ​ ដែល​ក្រៅពី​ការស្ថាបនា​ផ្លូវ​បេតុង​នៅក្នុង​គម្រោង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ពាក់ព័ន្ធ​ ការ​ដាក់​ប្រព័ន្ធ​លូ​ ការរៀបចំ​បណ្តាញ​ និង​បោះបង្គោល​អគ្គិសនី​ ថែមទាំង​មានការ​អភិវឌ្ឍ​រមណីយដ្ឋាន​ សម្រាប់​កម្សាន្ត​លក្ខណៈ​ធម្មជាតិ​ទៀតផង​”។

តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​ទំនប់​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ គឺ​មាន​លក្ខណៈ​ពិសេស​ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោ​កម៉ន​ សុខា​បាន​បន្ត​ទៀត​ថា​ “សម្រាប់​គម្រោង​ដី​ឡូ​តិ៍​យូ​ត្រាស់​លែន​ បាន​ផ្តល់​ជម្រើស​ និង​ភាពល្អ​ប្រសើរ​ប្រសើរ​ដល់​អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នានា​ ជាមួយនឹង​ឱកាស​អាច​ទទួល​បាន​ចំណេញ​លើ​ការ​វិនិយោគ​បន្ត​”។ លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្នេះ​ស្ទើរតែ​គ្មាន​ដី​ឡូ​តិ៍​ជាយក្រុង​ មានតម្លៃ​ទាប​ទៀត​នោះ​ទេ​ ដែល​យ៉ាងហោចណាស់​ក្នុង​មួយ​ឡូ​តិ៍​ ក៏​មានតម្លៃ​ជាង៥ពាន់​ដុល្លារ​ដែរ​ ប៉ុន្តែ​សម្រាប់​គម្រោង​ដី​ឡូ​តិ៍​ យូ​ត្រាស់​ លែន​ គឺ​មានតម្លៃ​ចាប់ពី៣៧៩៩ដុល្លារ​ឡើង​ទៅ​តែប៉ុណ្ណោះ​ ដែល​ការ​លក់​ក្នុង​តម្លៃ​ទាប​បែបនេះ​មាន​មិន​ច្រើន​នោះ​ទេ​”។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ជាមួយ​គម្រោង​នេះ​ អាច​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ ៖ ០៨៦​ ៥៩​ ១០​ ១០​ / ០៧៧​ ៣៧​ ៣៧​ ៩៣​ ។

អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​វ៉ី​ សំណាង​ បាន​ទទួលស្គាល់​ពី​ភាពល្អ​ប្រសើរ​ និង​ភាព​រីកចម្រើន​ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ទាំងមូល​ ខណៈ​ដែល​ទំហំ​នៃ​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ជាពិសេស​ក្រុមហ៊ុន​ចិន​តែម្ដង​ កាន់តែ​មានការ​កើនឡើង​ឥត​ឈប់ឈរ​។

លោក​បន្ត​ថា​ វា​មានក​ត្តា​ជាច្រើន​ដែល​ជំរុញ​ ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​មានការ​កើនឡើង​ ដែល​ក្នុង​នោះ​ចំពោះ​តម្រូវការ​នៃ​ការប្រើ​ប្រាស​ដីធ្លី​ក៏​មាន​ខ្ពស់​”។

លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ និង​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ ដោយឡែក​គ្រាន់តែ​រោងចក្រ​ មាន​រហូតដល់​ទៅ​ជាង ២០០រោងចក្រ​ ហើយ​ចំពោះ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ មាន​រហូតដល់៦៤០០មូលដ្ឋាន​ ដែល​ផ្តល់​ការងារ​ដល់​កម្លាំង​ជំនាញ​រហូតដល់​ជាង១២ម៉ឺន​នាក់​ ស្មើនឹង​ចំណូល​ប្រមាណ១២ម៉ឺន​លាន​រៀល​ក្នុង​មួយ​ខែ​។

​លោក​បន្ត​ថា​ “កត្តា​ទាំងអស់​នេះ​ហើយ​ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ហើយ​កា​រកើនម​ឡើង​នេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ទៀត​”៕

កម្ពុជា​-គូ​វ៉ែត​ជំរុញ​ឱ្យ​មានការ​ចាប់ផ្តើម​តភ្ជាប់​ជើង​ហោះ​ហើរ​រវា​ប្រទេស​ទាំងពីរ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​-គូ​វ៉ែត​ បាន​ជំរុញ​ឱ្យ​មានការ​ចាប់ផ្តើម​តភ្ជាប់​ជើង​ហោះ​ Connection​ Flight​ រវាង​ប្រទេស​ទាំងពីរ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំនើ​ននៃ​ការ​ដឹកជញ្ជូន​ ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​។

លោក​ ហ៊ុន​ ហាន​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​រដ្ឋ​គូ​វ៉ែត​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ​Sheikh​ Salman​ Sabah​ Al​ Salem​ Al​ Hamoud​ Al​ Sabah​ ប្រធាន​អាកាសចរ​ស៊ីវិល​គូ​វ៉ែត​ កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ភា​គី​ទាំង​ងពីរ​បាន​បើក​កិច្ច​ព្រមព្រៀង​ និង​ MoU​ ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​រួមគ្នា​ ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​ នៃ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​នៅ​កម្ពុជា​ និង​គូ​វ៉ែត​ឡើងវិញ​។

លោក​បន្ត​ថា​ “ភាគី​ទាំងពីរ​ក៏​នឹង​ខិតខំ​ និង​រក​វិធី​ដើម្បី​ជម្រុ​ញ ឲ្យ​មានការ​ចាប់ផ្តើម​ Connection​ Flight​ ពី​គូ​វ៉ែត​ទៅ​កម្ពុជា​ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ អ្នកដំណើរ​ទេសចរ​ និង​ទំ​និញ​ផ្សេង​ៗ”។

លោក​បន្ថែម​ថា​ ​កម្ពុជា​មាន​ទីកន្លែង​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​ ជាច្រើន​កន្លែង​ (ប្រា​សា​ទល្បីៗ​ ទេសចរ​តាម​បែប​ធម្មជាតិ​ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​) ពី​បណ្តា​ប្រទេស​នៅក្នុង​ប្លុក​អារ៉ាប់​ទាំងអស់​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណាន​ ​ធ្លាប់​បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ ថា​ ការ​តភ្ជាប់​អោយ​មាន​ជើង​ហោះ​ពី​បណ្តា​នានា​ មក​ពី​តំបន់​ និង​មក​ពី​ពិភពលោក​មកកាន់​កាន់​កម្ពុជា​ ពិតជា​មាន​សារៈសំខាន់​ ក្នុង​ការ​បង្កើន​ទេសចរណ៍​ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​វិនិយោគ​នៅក្នុង​ប្រទេស​ឱ្យ​មានការ​រីក​ចំរើន​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ “ការ​តភ្ជាប់​ត្រង់​នា​ពេល​ខាងមុខនេះ​ មិន​ត្រឹមតែ​ជំរុញ​អោយ​មាន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​ មានការ​កើន​ឡើង​​នោះ​ទេ​ វា​ថែមទាំង​នាំមក​ពាណិជ្ជ​និង​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា​ផង​ដែរ​”។

លោក​បន្ត​ថា​ “ការហោះហើរ​ត្រង់​ពី​ប្រទេស​គូ​វ៉ែត​នេះ​នឹង​ ផ្ដល់​ផល​ចំណេញ​ជាច្រើន​ដល់​កម្ពុជា​ ជាពិសេស​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ ដោយ​ពួកគេ​មិនបាន​ចំណាយ​ថវិកា​នៅ​ប្រទេស​ណាមួយ​នៅពេល​មានការ​ឈប់ចត​នោះ​ទេ​ ដោយ​ថវិកា​រទាំង​អស់​នឹង​ត្រូវ​ចំណាយ​ នៅ​ប្រទេស​កម្ពុជា​ទាំងអស់​”។

គណៈប្រតិភូ​នៃ​រដ្ឋ​គូ​វ៉ែត​កាលពី​កន្លងមក​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដែល​មន្ត្រី​កម្ពុជា​បាន​ចាត់ទុកថា​ បាន​នាំមក​នូវ​កាលានុវត្ត​ភាព​ថ្មី​ នៃ​ការ​បន្ត​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-គូ​វ៉ែត​ ដែល​មាន​ជាង២០ឆ្នាំ​មកនេះ​ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ ។

កន្លងមក​រដ្ឋសភា​កម្ពុជា​ ក៏បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​អនុម័ត​ យល់ព្រម​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ហត្ថពល​កម្ម​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋ​គូ​វ៉ែត​ ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ ព្រោះថា​រដ្ឋ​គូ​វ៉ែត​ត្រូវការ​កំលាំង​ ពលកម្ម​ ហើយ​ពលករ​កម្ពុជា​ក៏​ត្រូវការ​ប្រាក់ចំណូល​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទាំងអស់​គ្នា​។

នៅ​ឆ្នាំ២០១៩នេះ​ កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ នៅ​ប្រទេស​គូ​វ៉ែត​ និង​បាន​សន្យា​ថា​ នៅពេល​ត្រឡប់ទៅ​កាន់​ប្រទេស​វិញ​ លោកជំទាវ​នឹង​បង្កើត​ក្រុម​ ការងារ​មួយ​ ដើម្បី​ជួយ​សម្រួល​ និង​ដោះស្រាយ​បញ្ហា​ពលករ​កម្ពុជា​នៅ​គូ​វ៉ែត​ ជាមួយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​៕

រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំផែនការ​មេ​អភិវឌ្ឍ​ខេត្ត​កែប​អោយ​ទៅជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិតខ្ពស់​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ បា​នឹង​កំពុង​ពិភាក្សា​លើ​”ប្លង់​គោលគំនិត​ និង​វិធី​សាស្រ្ត​នៃ​ការរៀបចំ​បង្កើត​ផែនការមេ​ អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​អោយ​ទៅជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិតខ្ពស់​ នៅ​ឆ្នាំ២០២០​-២០៣០​។

លោក​នី​ ផល្លី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ ព្រុំ​ គន្ធិ​ អភិបាលរងខេត្ត​កែប​ នៅ​ថ្ងៃទី១១ខែធ្នូ​ ឆ្នាំ២០១៩នេះ​ឱ្យ​ដឹង​ថា​ ក្រសួងទេសចរណ៍​ បាន​និង​កំពុង​រៀបចំ​សិក្សា​ផែនការមេ​ពិសេស​មួយ​ សម្រាប់​ខេត្ត​កែប​ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ទាំង៤នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ខេត្ត​កែប​មាន​សក្តា​នុ​ពល​ខុសពី​ខេ​ត្ត​ផ្សេង​ៗ ក្រសួងទេសចរណ៍​មាន​គម្រោង​សិក្សា​ រៀបចំផែនការ​មេ​ទុក​ខេត្ត​កែប​នេះ​ សម្រាប់​ជារ​មណី​ដ្ឋាន​បែប​ប្រណិត​កម្រិតខ្ពស់​ ជា​ទេសចរណ៍​បែប​ធម្មជាតិ​ពិ​តៗ​”។

លោក​នី​ ផល្លី​បាន​បន្ថែម​ថា​ ជា​ចក្ខុវិស័យ​នៃ​ផែនការមេ​នេះ​ ក្រុមការងារ​នឹង​សិក្សា​គ្រប់​ទិដ្ឋភាព​ទាំងអស់​រួម​ទាំង​បរិស្ថាន​ ទេសចរណ៍​ សេដ្ឋកិច្ច​ជាង​នេះ​ទៅទៀត​ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កែប​នេះ​ មិនមែន​សំដៅ​ដល់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នោះ​ទេ​ តែ​ជា​កន្លែង​សម្រាប់​អ្នក​ដែល​ស្វែងរក​ភាព​ស្ងប់ស្ងាត់​។

តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ​នៅ​កម្ពុជា​ទាំង៤​ មាន​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​ន៍​ខុស​ៗគ្នា​ ដូចជា​ តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ពហុ​បំណង​ សម្រាប់​ឧស្សាហកម្ម​ និង​ពា​ណិ្ជ​កម្ម​ តំបន់​អភិវឌ្ឍ​សម្រាប់​គោលដៅ​អេកូ​ទេសចរណ៍​ ​តំបន់​អភិវឌ្ឍ​បែ​បក​សិ​ទេសចរណ៍​ ទេសចរណ៍​បែប​ស្រាវជ្រាវ​ ចំពោះ​ខេត្ត​កែប​ក៏​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ បែប​ប្រណិត​នា​ពេល​អនាគត​។

ខេត្ត​កែប​ជា​កន្លែង​ទាក់ទាញ​វិនិយោគិន​ខ្លាំង​ ក្នុង​ពេល​បច្ចុប្បន្ន​ដោយសារ​តម្លៃ​ដី​នៅ​ក្រុង​ព្រះសីហនុ​ កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ ដែល​ជម្រុ​ញដោយ​វិនិយោគិន​ចិន​ និង​បាន​កំ​ពុង​តំ​លើង​តម្លៃ​ខ្ពស់​ជាង​ វិនិយោគិន​ក្នុង​ស្រុក​ និង​វិនិយោគិន​បរទេស​ផ្សេងទៀត​។

លោក​ សន​ សៀប​ ស្ថាបនិក​ និង​នាយក​នៃ​ ក្រុមហ៊ុន​ Key​ Real​ Estate​ Co​., Ltd​ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ឱ្យ​ដឹង​ថា​ ខេត្ត​កែប​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ ជាពិសេស​ពី​ក្រុងភ្នំពេញ​ ដែល​ជា​នក​ត្តា​ធ្វើអោយ​កើនឡើង​នូវ​តម្រូវការ​ផ្នែក​ទីកន្លែង​ស្នាក់នៅ​ ម្យ៉ាងវិញទៀត​វា​ជា​ការ​បើកផ្លូវ​ សម្រាប់​នាក់​វិនិយោគ​ក្នុង​ការ​មក​បណ្តាក់​ទុន​លើ​ទីផ្សារ​អចល​ទ្រព្យ​ដូចជា​ សណ្ឋាគារ​ ខុន​ដូ​ និង​អា​ផា​តមិន​ផ្សេង​ៗ។

លោក​បន្ថែម​ថា​ការ​លើក​កំពស់​ និង​ពង្រីក​ផ្លូវជាតិ​លេខ៣​ ដែល​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​កំពត​របស់​រដ្ឋាភិបាល​ក៏​ជា​កត្តា​ជំរុញ​មួយ​ផង​ដែរ​។ សក្តា​នុ​ពល​ទីផ្សារ​អចល​ទ្រព្យ​នេះ​ មិន​ត្រឹមតែ​ជា​ផលប្រយោជន៍​ សំរាប់​តែ​អ្នក​អភិវឌ្ឍន៍​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ផល​ល្អ​សំរាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ ព្រមទាំង​ជួយ​ពង្រឹង​ចរន្ត​សេដ្ឋកិច្ច​ផង​ដែរ​៕

ខេត្តសៀមរាប​ពង្រីក​ការចែកចាយ​ទឹក​ស្អាត​ដោយ​រោងចក្រ​តម្លៃ​ ១៣លាន​ដុល្លារ​បើក​ដំណើរការ​

ដោយ ​វុត្ថា​

ខេត្ត​សៀម​រា​បៈ​ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ និង​បំពង់​មេ​នាំ​ទឹក​ស្អាត​ទំហំ៧០០មម​ ប្រវែង​ជាង៦ពាន់​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​សណ្តាន់​ សង្កាត់​ទឹកវិល​ ក្រុង​សៀមរាប​ខេត្តសៀមរាប​ ស្ថិត​ក្រោម​ក្របខណ្ឌ​ឥណទាន​ពីទី​ភ្នាក់ងារ​បារាំង​ សម្រាប់​កាត​អភិវឌ្ឍ​ ( AFD​ ) ក្នុង​ទំហំ​ទឹកប្រាក់​វិ​និយោជិត១៣លាន​ដុល្លា​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​។

លោក​ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ កាលពី​ថ្ងៃទី១០​ ខែធ្នូ​ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​សៀមរាប​ ជាមធ្យម​ប្រមាណ៦០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ក្នុង​ពេល​ដែល​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ មានត្រឹមតែ៣០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ រួម​ទាំង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ ដែល​កំពុង​បើក​សម្ពោធ​នេះ​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ ១៥ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ។

បើ​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​បារាំង​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) នៅក្នុង​ឆ្នាំ២០៣០ខាងមុខ​ តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​នឹង​កើនឡើង​ដល់៩០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​។ ពាក់ព័ន្ធ​នឹង​តម្រូវការ​ទឹក​ស្អាត​ ដែល​ចេះតែ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នោះ​ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ លើ​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ តាមរយៈ​នៃ​ការ​គៀង​គរ​ប្រភព​ទុន​ពី​ដៃគូ​អភិវឌ្ឍ​នានា​ផង​ដែរ​។

លោក​ទៀ​ សីហា​បាន​បន្ថែម​ថា​ គម្រោង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ ប្រវែង១០០គីឡូម៉ែត្រ​ ក្រោម​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ( ADB​ ) មាន​ទំហំ​ទឹកប្រាក់​សរុប៥លាន​ដុល្លារ​ និង​ថវិកា​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ ផ្ទាល់​សរុប​ប្រមាណ២លាន​ដុល្លា​អាមេរិក​ ដែល​ចាប់​ដំណើរការ​សាងសង់​ កាលពី​ឆ្នាំ២០១៨នោះ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ ។

លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ក្រុង​សៀមរាប​ ត្រូវ​មានការ​គិតគូរ​ទុកជាមុន​ ក្នុងរយៈពេល​វែង​ពី១០ទៅ២០ឆ្នាំខាងមុខ​ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ ជូន​ប្រជាពលរដ្ឋ​ និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ដែល​នឹង​មានការ​រីកចម្រើន​កាន់តែ​ខ្លាំង​ថែមទៀត​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ។

លោក​បន្ថែម​ថា​ គម្រោង​នេះ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ បាន​ចុះ​ហត្ត​លេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​រួចហើយ​ ហើយ​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​ការងារ​ជំហាន​ដំបូង​ និង​ផ្គត់ផ្គង់​សម្ភារៈ​ពីក្រៅ​ប្រទេស​ជាបន្តបន្ទាប់​ និង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ក្នុង​ឆ្នាំ២០២៣​៕

ខេត្តកំពត​បាន​ដាក់​ផែនការ​លើកកម្ពស់​សម្រស់​ទីក្រុង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ដោយ​ ប៊ី​

កំពត​៖ ខេត្តកំពត​បាន​ដាក់​ផែនការ​ជំរុញ​ឱ្យ​ស្ថាប័ន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បង្កើន​ថែមទៀត​ ពាក់ព័ន្ធ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​ សោភ័ណភាព​ និង​អនាម័យ​ នៅក្នុង​ក្រុង​កំពត​សម្រាប់​ត្រៀម​រៀបចំខ្លួន​បម្រើ​ដល់​សកម្មភាព​នូវ​ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​ និង​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ ប្រចាំឆ្នាំ​មួយចំនួន​ទៀត​ ប្រកបដោយ​ភាព​ជោគជ័យ​។

ការ​ដាក់​ផែនការ​ និង​ជំរុញ​បែបនេះ​ធ្វើឡើង​នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ ខណៈ​ឯកឧត្តម​ អភិបាលខេត្ត​ ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​ការ​ពាក់ព័ន្ធ​ បញ្ហា​សណ្ដាប់ធ្នាប់​ សោភ័ណភាព​ និង​អនាម័យ​តាម​ដងផ្លូវ​ នៅ​ជុំវិញ​ក្នុង​ក្រុង​កំពត​។ ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​នឹង​ចាប់ពី​ថ្ងៃទី២០​ ដល់​ ២២​ ខែធ្នូ​ ឆ្នាំ២០១៩​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ ក៏បាន​បញ្ជាក់​ថា​ ពេលវេលា​នៃ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិធីបុណ្យ​សមុទ្រ​ លើក​ទី៨​ ជុំ​ទី២​ ដែល​ខេត្តកំពត​ ត្រូវ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ឆាប់​ៗខាងមុខនេះ​ហើយ​ បើ​គិត​ត្រឹម​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ពេលវេលា​មានត្រឹមតែ​ រយៈពេល​ប្រមាណ​ ៩ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

ទន្ទឹម​នេះ​ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​ចៅសង្កាត់​ និង​អភិបាលក្រុង​ រួម​និង​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវតែ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​ អំពី​តួនាទី​ភារកិច្ច​ របស់​ខ្លួន​តាម​មុខសញ្ញា​បន្ថែម​ទៀត​។

ពិសេស​អាជ្ញាធរ​ក្រុង​ សង្កាត់​ ទាំង​ប្រាំ​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ សហការ​គ្នា​ដោយ​ទទួលខុសត្រូវ​ឱ្យ​បាន​សស្រាក់​សស្រាំ​ទាំងអស់គ្នា​ បន្ថែម​ទៀត​ លើ​ការងារ​កែ​លម្អ​សោភ័ណ្ឌភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​អនាម័យ​បរិស្ថាន​ក្រុង​។

ការងារ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​សំខាន់​ថែមទៀត​ដែរ​នោះ​ គឺ​អាជ្ញាធរ​ក្រុង​ សង្កាត់​ ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ ក្នុង​ចលនា​បំផុស​ផ្សព្វផ្សាយ​ប្រកាស​ តាមរយៈ​មធ្យោបាយ​ផ្សេង​ៗ ដល់​មហាជន​ ប្រជាជន​ ក៏​ដូច​សាធារណៈ​ជន​ទូទៅ​ ឱ្យ​បាន​យល់​ជ្រួតជ្រាប​ទទួលដឹង​ ដើម្បី​ចូលរួម​អនុវត្ត​ និង​លើកកម្ពស់​ទាំងអស់គ្នា​ ពី​បញ្ហា​សោភ័ណភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​អនាម័យ​បរិស្ថាន​ ក្នុង​ក្រុង​កំពត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ព្រោះថា​ការងារ​ជោគជ័យ​ ត្រូវតែ​មានការ​ចូលរួម​ឱ្យ​បាន​ព្រមគ្នា​ មិនថា​ឡើយ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ ឬប្រជាពលរដ្ឋ​ឡើយ​ ទើប​ការងារ​ទាំងអស់​នោះ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ល្អ​ប្រសើរ​៕

សម្តេច​តេជោ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ វេច​ខ្ចប់​សំរាម​ ឱ្យ​បាន​ត្រឹមត្រូវ​ ខណៈ​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​កើន​ដល់​ ៣ ពាន់​តោន​ ក្នុង​មួយ​ថ្ងៃ​ៗ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS​) សរុប​ចំនួន​ ៦,៧៦២នាក់​ ក្នុង​នោះ​នារី​ ២,៧៦១​ នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជា​ឱ្យ​លោក​ ឃួង​ ស្រេង​ អភិបាលក្រុង​ភ្នំពេញ​សម្របសម្រួល​ បែងចែក​ទីលាន​ចាក់សំរាម​ឱ្យ​បាន​យ៉ាងហោចណាស់៤ទីតាំង​តាម​ការ​ស្នើសុំ​របស់​អ្នកជំនួញ​ម្នាក់​ ដើម្បី​ដឹកជញ្ជូន​សម្រាម​ពីទី​ក្រុងភ្នំពេញ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។

សម្តេច​តេជោ​ថា​ “ មាន​អ្នកជំនួញ​ម្នាក់​ បាន​យក​ដី​ចំនួន៤កន្លែង​ សម្រាប់​ធ្វើ​កន្លែង​ចាក់សំរាម​ ដោយ​ដោះដូរ​ជាមួយ​ទីលាន​ចាក់សំរាម​ពេល​បច្ចុប្បន្ន​”។ សម្តេច​បន្ត​ថា​ “ការ​កើនឡើង​សំរាម​ច្រើនបែប​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​របស់​ញាំ​ច្រើន​”។

សម្តេច​បន្ត​ថា​ “យើង​គួរតែ​លេង​ ដែរ​ ព្រោះ​យើង​បាន​បែងចែក​តំបន់​ ៤ ដើម្បី​ចាក់សំរាម​ កុំ​យក​តែ​ទៅ​ចាក់​នៅ​ស្ទឹងមានជ័យ​ ។ ចឹង​ទេ​ យើង​អោយ​គាត់​ដី​ ៤ កន្លែងនៅ​ខាងក្រៅ​ក្រុង​ទៅ​ ហើយ​ឱ្យ​គេ​ដឹក​សំរាម​ទៅ​ចាក់​នៅ​ហ្នឹង​ ហើយ​ដី​គំនរសំរាម​បច្ចុប្បន្ន​នេះ​ ប្រគល់​ឱ្យ​គាត់​ទៅ​”។

សម្តេច​តេជោ​បន្ថែម​ថា​“អានោះ​អាច​ ១០០​ ឬ ១០០ជាង​ហិ​កតា​ ព្រោះ​ ៤ កន្លែង​វា​ច្រើន​ដែរ​។ ចឹង​អាច​ពិនិត្យមើល​អាហ្នឹង​ ខ្ញុំ​កំពុង​ប្រាប់​គាត់​ដាក់​សំណើ​រម​កឱ្យ​ខ្ញុំ​ចា​ទៅ​អោយ​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ដែល​កំពុងតែ​ ធ្វើការ​សម្របសម្រួល​ចំពោះរឿងនេះ​ ​ព្រោះ​សុំ​សិទ្ធិ​ចាក់​ ២ ឆ្នាំ​ ទៀត​ អា​កន្លែង​ហ្នឹង២​ ឆ្នាំ​ទៀត​ វា​នឹងអាច​ជា​ភ្នំ​សំរាម​ ។ ចឹង​ទេ​ ត្រូវ​បែងចែក​អា​តំបន់​ចាក់​ហ្នឹង​” ។

សម្តេច​បន្ថែម​ថា​ “ដឹក​សំរាម​ពី​ ខាង​ពញ្ញា​លឺ​ រួច​កាត់​ក្រុងភ្នំពេញ​ទៅ​ចាក់​នៅ​គំនរសំរាម​បឹង​ជើងឯក​។ ចឹង​ទេ​ អា​ក្លិន​សំរាម​វា​រត់​កាត់​ក្រុង​រហូត​ ​ចុះបើ​យើង​មាន​តំបន់​ ៤ នៅ​តាម​ជាយក្រុង​វា​នឹង​មាន​ភាព​ងាយស្រួល​” ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​សម្រាប់​ថ្លៃ​សំរាម​នៅក្នុង​វិ​ក័យ​បត្រ​នៅ​ភ្លើង​នឹង​ត្រូវ​ដកចេញ​នៅក្នុង​ខែមករា​ឆ្នាំ​ ២០២០​ ខាងមុខនេះ​៕

សម្តេច​តេជោ​ចុះហត្ថលេខា​បង្កើត​ធនាគារ​ SME​ ដែល​មាន​ទឹកប្រាក់១០០លាន​ដុល្លារ​អាមេរិក​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ចុះហត្ថលេខា​ទំលាក់​ថវិកាជាតិ​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​ ក្នុង​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​ធម្យម​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ និង​ជួយ​សម្រួល​ដល់​កសិករ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​សរុប​ចំនួន៦​,៧៦២នាក់​ ដែល​ធ្វើ​ឡើ​ងនៅម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ ការ​ចុះហត្ថលេខា​នេះ​ គឺ​ដើម្បី​លើ​កម្ពស់ជីវភាព​អ្នក​ ដែល​មាន​អាជីវកម្ម​ធុន​តូច​ និង​ធម្យម​ ជាពិសេស​លើកស្ទួយ​កសិករ​កម្ពុជា​។

សម្ត​ចតេ​ជោ​ថា​ “បីឬ៤​ ថ្ងៃនេះ​ ខ្ញុំ​ក៏បាន​ចុះហត្ថលេខា​ប្រមាណ ១០០ពាន់​លាន​រៀល​ ស្មើ១០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​ធនាគា​រហ​គ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ជាផ្នែក​មួយ​ក្នុង​ជួយ​ដល់​សហគ្រាស​ធុន​តូន​ និង​ធម្យ​មក្នុង​ការ​មានលទ្ធភាព​ទិញ​ស្រូវ​អង្ករ​របស់​ករសិក​រ”។ សម្តេច​បន្ត​ថា​ “ចឹង​ទេ​ យើង​ត្រូវតែ​មើល​អោយ​ឃើញ​ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ ​តែ​បណ្តាញ​វិស័យ​ឯកជន​ត្រូវតែ​ចូលរួម​ ដើម្បី​គាំទ្រ​ដល់​តម្លៃ​ស្រូវ​របស់​កសិករ​របស់​យើង​ ​និង​កសិផល​ដទៃទៀត​របស់​ប្រជាជន​” ។

សម្តេច​តេជោ​បន្ថែម​ថា​ កាលពី​កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ផ្តល់​ដើមទុន​បន្ថែមចំនួន៥០លាន​ដុល្លារ​អាមេរិក​ ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ប្រែក្លាយ​ “ធនា​ការអភិវឌ្ឍន៍​ជនបទ​” ទៅជា​ “ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​” ដែល​មាន​ចំណាត់ថ្នាក់​ជា​ធនាគារពាណិជ្ជ​ សម្រាប់​បម្រើ​វិស័យ​កសិកម្ម​ ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ​ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ហើយ​ស្តុក​ទុក​ កិន​កែច្នៃ​ និ​នាំចេញ​។

លោក​ ឡាំ​ គឹម​ឡេង​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហគ្រាស​ធុន​តូច​មធ្យម​ និង​សិប្បកម្ម​ នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ធ្លាប់​បាន​សារព័ត៌មាន​នៅក្នុង​ស្រុក​ឱ្យ​ដឹង​ថា​ មាន​ឧបសគ្គ៣យ៉ាង​ ដែល​សហគ្រាស​ធុន​តូច​ និង​ធម្យ​មនៅ​កម្ពុជា​ (SMEs​) មានការ​ប្រឈម​ និង​ពិបាក​ទទួល​បាន​ឥណទាន​ពី​ធនាគារ​ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​។

ទី១​ SMEs​ ខ្លួនឯង​មិនទាន់​មាន​សមត្ថភាព​ទទួល​បាន​ឥណទាន​ ដោយសារតែ​មាន​លក្ខណៈ​ជាគ្រួសារ​នៅឡើយ​ ដែល​ធ្វើតាម​ទម្លាប់​តពី​ឪពុក​ម្តាយ​ ការគ្រប់គ្រង​មិនទាន់​មាន​លក្ខណៈ​ស្តង់ដារ​ ការរៀបចំ​បញ្ជី​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​មានក​ម្រ​តិ​ ខ្វះខាត​ទ្រព្យ​ធានា​ និង​មិន​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​។

ទី២​ ធនាគារ​ មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ សម្រាប់​កំណត់​ការ​ផ្តល់​ឥណទាន​ ដោយ​ត្រូវ​ពិនិត្យមើល​ឲ្យបាន​ច្បាស់លាស់​ថា​ តើ​នៅពេល​ផ្តល់​ឥណទាន​ដល់​ SMEs​ អាច​មាន​ប្រាក់​សង​ត្រឡប់​ដល់​ធនាគារ​វិញ​ដែរ​ទេ​?។ ចំពោះ​អត្រា​ការប្រាក់​វិញ​ អាច​មានកម្រិត​ខ្ពស់​ និង​រយៈពេល​នៃ​ការ​ស្នើសុំ​អាច​មាន​រយៈពេល​យូរ​ ដោយសារតែ​ត្រូវ​ពិនិត្យ​បច្ច័យ​ច្រើន​ មុននឹង​ផ្តល់​ឥណទាន​ និង​ទី៣​ យន្តការ​ដើម្បី​អនុវត្តន៍​ការ​គាំទ្រ​ដល់​ SMEs​ នៅ​មានកម្រិត​នៅឡើយ​ ពីសំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ បើ​ទោះ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​គ្រប់គ្រាន់​រួចហើយ​ក្តី​។

លោក​ ឡាំ​ គឹម​ឡេង​បាន​បន្ត​ថា​ នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន៥២ម៉ឺន​មូលដ្ឋាន​ (សហគ្រាស​) ចែកចេញជា៤ផ្អែក​៖ទី១​ ផ្នែក​កសិ​កកម្ម​មាន​ ២១ភាគរយ​ នៃ​ចំនួន​សហគ្រាស​ទាំងអស់​ ទី២​៖ ផ្នែក​ឧស្សាហកម្ម​ ឬកម្មន្តសាល​ មាន៣០ភាគរយ​ ទី៣​៖ ផ្នែក​ធុរកិច្ច​ ឬពាណិជ្ជកម្ម​ មាន៤៣ភាគរយ​ និង​ទី៤​៖ ផ្នែក​សេវាកម្ម​ និង​ទេសចរណ៍​ ដែល​មាន​ប្រហែល៧ភាគរយ​។ សហគ្រាស​ធុន​តូច​ និង​មធ្យម​នេះ​បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋខ្មែរ​ពី៧០ទៅ​ ៧២ភាគរយ​នៃ​ការងារ​ដែល​មាននៅ​កម្ពុជា​ ដែល​ស្មើនឹង​ប្រមាណ៣​ ទៅ៣.៥លាន​នាក់​៕

ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី៣ជំនួស​ជប៉ុន​នៅ​ទសវត្សរ៍​ខាងមុខ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការព្យាករណ៍​ថ្មី​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ឥណ្ឌា​នឹង​មាន​កំណើន​ធំ​លំដាប់​ទី៣នៅក្នុង​ពិភពលោក​ ដែល​នឹង​ទាញ​ទម្លាក់់​តំណែង​ប្រទេស​ជប៉ុន​ នៅ​លើ​ពិភពលោក​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​កើនឡើង​របស់​ឥណ្ឌា​នឹង​កើតឡើង​ ស្រប​ពេល​ដែល​ចិន​ជំរុញ​កំណើន​ ប្រជាជន​ខ្ពស់​ និង​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​។

របាយការណ៍​របស់​ JCER​ បានឱ្យ​ដឹង​ថា​ “ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ឥណ្ឌា​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ពាក់កណ្តាល​ នៃ​ប្រទេស​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ឈានមុខ​ជប៉ុន​ក្នុង​ឆ្នាំ២០២៩​ និង​ឈាន​ដល់១​,៤ ដង​ក្នុង​ឆ្នាំ២០៣៥​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​ត្រូវ​ជាប់​គាំង​នៅក្នុង​ឆ្នាំ២០២០​ ខណៈ​សេដ្ឋកិច្ច​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ពី០​,៩ភាគរយ​ មក​នៅ​ត្រឹម០​,៨ ភាគរយ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី​ ៣ នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។

លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជប៉ុន​ ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ប្រទេស​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ត្រូវការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

IMF​ បាន​ណែនាំ​ជប៉ុន​ឱ្យ​កាត់បន្ថយ​ ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​ អាច​កាត់បន្ថយ​ការនាំចេញ​ ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”។

ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជាស​កល​ កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​ពិភពលោក​មាន​សភាព​មិនធម្មតា​ និង​កំពុង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​៕