លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដល់​សម្បទានិក​ នៅ​ខេត្ត​កំពង់ឆ្នាំង​

ដោយ​ ៖ រ៉ា​ណេត​

កំពង់ឆ្នាំង​ ៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​ ចំនួន៥ភូមិ​ ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​ នៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

នៅ​ព្រឹក​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ចំនួន​ ៩០៦​ គ្រួសារ​ ស្មើនឹង​ ១៥០៦​ បណ្ណ​។

នៅក្នុងចំណោម​អ្នក​ដែល​ទទួល​បា​នវ​ញ្ញា​បន​បត្រ​ត្រូវ​បាន​បែងចែក​ជា​សម្បទានិក​គម្រោង​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ (LASED​ II​) ចំនួន​ ៧៣២​ គ្រួសារ​ ស្មើ​ ១ ១៧៩​ បណ្ណ​ និង​ដី​រដ្ឋបាល​សាធារណៈ​ចំនួន​ ៤១​ បណ្ណ​ ស្ថិតនៅ​ភូមិ​សុខ​សែន​ជ័យ​ ឃុំ​ពាម​ ភូមិ​គីរី​អភិវឌ្ឍន៍​ ឃុំ​ឈានឡើង​ និង​ភូមិ​ខ្សាច់​ស និង​ភូមិ​សំបុក​ក្រៀល​ ឃុំ​ក្រាំងល្វា​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​។

ជាមួយគ្នា​នេះ​ក៏​មាន​សម្បទានិក​ដែល​ជា​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ចំនួន​ ១៧៤​ គ្រួសារ​ ស្មើ​ ២៧៤​ បណ្ណ​ និង​ដី​រដ្ឋបាល​សាធារណៈ​ ចំនួន​ ១២​ បណ្ណ​ស្ថិតនៅ​ភូមិ​ក្ដុល​អភិវឌ្ឍន៍​ ឃុំ​ស្វាយជុក​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​។

សម្បទានិក​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ក្នុង​ពិធី​នេះ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ​ ៣០​ ម៉ែត្រ​ គុណ​ ៤០​ ម៉ែត្រ​ និង​ដ៏​កសិកម្ម​ទំហំ​ ១ ហិ​កតា​ ស្មើ​ៗគ្នា​។គិត​ពី​ពេល​ចាប់ផ្ដើម​រហូតដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ គ្រួសារ​យោធិន​ និង​នគរបាល​នៅ​តាម​បណ្តោយ​ព្រំដែន​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​បាន​ចំនួន​ ១ ៣៨៤​ ៨៨៩​ ហិ​កតា​ ជូន​ ៤៨០​ ៨៦២​ គ្រួសារ​ និង​ចែក​ផ្ទះ​បាន​ចំនួន​ ៧២៣៦​ ខ្នង​ក្នុង​នោះ​តាមរយៈ​ ៖

១. គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អវិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ (LASH​ IT​) + បាន​ផ្តល់​សរុប​ទំ​ ១៦​ ១១៤​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​ ៥ ០១០​ សារ​ ស្ថិតនៅ​ខេត្ត​គោលដៅ​ចំនួន​ ៥ រួមមាន​ខេត្តក្រចេះ​ កំពង់ធំ​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ និង​ខេត្ត​ត្បូងឃ្មុំ​ ។

២. កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ បាន​ផ្តល់​ដីស​រុ​បទំ​ហំ​ ៤៦៤៤​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​ ៣៥០៤​ និង​សាងសង់​ផ្ទះ​បាន​ចំនួន១៦៨០ខ្នង​ ស្ថិត​ខេត្ត​គោលដៅ​ចំនួន​ ១២​ រួមមាន​ ខេត្ត​កំពង់ស្ពឺ​ ក្រចេះ​ បាត់ដំបង​ កំពត​ កំពង់​ឆ្នាំ​ ពោធិ៍សាត់​ សៀមរាប​ ព្រះសីហនុ​ ស្ទីង​ត្រែ​ រតនគីរី​ ​កោះកុង​ និង​ខេត្តស្វាយរៀង​។

៣. សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​៖ ផ្តល់​ដី​ជូន​តាមរយៈ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​ ការ​ធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ និយ័ត​កម្ម​ដី​រដ្ឋ​ សារាចរ​លេខ​ ០៣​ និង​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត​បាន​ចំនួន​ ១១១​ ៦១៦​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​ ១២៩​ គ្រួសារ​ និង​បាន​ប្រទានកម្ម​ដី​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ ជាង​ ១,២​ លាន​ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​ប្រមាណ៤០០​ ០០០​ គ្រួសារ​។

៤. ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​ ៖ ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទំហំ​ ១២៥១៥​ ហិ​កតា​ ជូន​គ្រួសារ​កងទ័ព​ និង​នគរបាល​ជាតិ​ចំ​នួនំ​ ១៤​ ២១៩​ គ្រួសារ​ និង​សាងសង់​ផ្ទះ​បាន​ចំនួន​ ៥៥៥៦​ ខ្នង​ ស្ថិតនៅ​ខេត្ត​គោលដៅ​ចំនួន​ ៤ រួមមាន​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្វាយរៀង​ និង​ខេត្ត​ស្ទឹងត្រែង​៕

នាយក​ប្រតិបត្តិ​កំ​ពូល​ៗរបស់​អា​មេ​រិក​ទទូចឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​សហរដ្ឋអាមេរិក​ជាច្រើន​បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​ពួកគេ​អំពី​តម្រូវការ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​ដល់​ឆ្នាំ​ ២០២០​ ខណៈ​ក្រុមហ៊ុន​នានា​បន្ថយ​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ពួកគេ​។

កិច្ចពិភាក្សា​តុមូល​អាជីវកម្ម​ដែល​មិន​រក​ប្រាក់ចំណេញ​តំណាង​ឱ្យ​នាយក​ប្រតិបត្តិ​ចំនួន​ ១៤០​ នាក់​បាន​ធ្វើការ​ស្ទង់មតិ​លើ​នាយក​ប្រតិបត្តិ​របស់​ខ្លួន​ ហើយ​បាន​រក​ឃើញថា​ ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ពួកគេ​សម្រាប់​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០២០​ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ បើ​ទោះបីជា​ពួកគេ​រំពឹង​ថា​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ពិភពលោក​នៅតែ​មាន​ប្រមាណ​ ២ ភាគរយ​ក៏ដោយ​។

លោក​ Lance​ Fritz​ ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នៃ​ភ័ស្តុភារ​ខ្នាត​យក្ស​ Union​ Pacific​ បាន​មាន​ប្រសាសន៍​ថា​ “ដោយសារតែ​កំណើន​ការងារ​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​មាន​កំណើន​ច្រើន​កំណើន​ការងារ​ទាំងមូល​ យើង​ជំរុញ​ឱ្យ​សមាជិកសភា​ចូលរួម​ក្នុង​កិច្ចចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ និង​អនុម័ត​គោលនយោបាយ​ពាណិជ្ជកម្ម​ដែ​លការពា​ រនិង​ពង្រឹង​សរសរ​គ្រឹះ​សំខាន់​នៃ​សេដ្ឋកិច្ច​អាមេរិក​”។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ JPMorgan​ Chase​ ដែល​ជា​ធនាគារ​យក្ស​បាន​ណែនាំ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ស្ថិត​លើ​មាគ៌ា​រីកចម្រើន​ប្រកបដោយ​ស្ថេរ​ភាព​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ JPMorgan​ Chase​ និង​ជា​ប្រធាន​តុមូល​ពាណិជ្ជកម្ម​លោក​ Jamie​ Dimon​ បាន​មាន​ប្រសាសន៍​ថា​ “មានការ​រីកចម្រើន​នៅក្នុង​វិស័យ​គោលនយោបាយ​មួយចំនួន​ដែល​បាន​ពង្រឹង​សេដ្ឋកិច្ច​របស់​អាមេរិក​ពី​ក្បាល​ទៅ​ចុងជើង​ ប៉ុន្តែ​ការ​រីកចម្រើន​បន្ថែម​ទៀត​ត្រូវ​ធ្វើ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​យុត្តិធម៌​”។

លោក​ Dimon​ បាន​និយាយ​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ដែល​មាន​អាយុ​ ១៧​ ខែ​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​ខ្លួន​រួច​ទៅ​ ហើយ​ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​មិន​ត្រូវ​បាន​គេ​ដឹង​ទេរ​ហូត​ដល់​ពីរបី​ឆ្នាំក្រោយ​។លោក​ បាន​បន្ត​ថា​ “បញ្ហា​ត្រូវតែ​ដោះស្រាយ​។

ដូច្នេះ​ឥឡូវនេះ​អ្នក​នឹង​ឃើញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការចរចា​។ យើង​មិនដឹង​លទ្ធផល​ចុងក្រោយ​ទេ​។ យើង​មិនទាន់​ទេ​។ វា​មិនទាន់​បាន​ធ្វើ​នៅឡើយ​ទេ​។ យើង​នឹង​ដឹង​ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ទៀត​”។

ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ទម្រង់​មួយចំនួន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បាន​ធ្វើជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​នេះ​ មុន​ពេល​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​មានតម្លៃ​ ១៦០​ ពាន់​លាន​ដុល្លារ​ចាប់ផ្តើម​នៅក្នុង​ថ្ងៃ​ អាទិត្យ​ខាងមុខនេះ​៕

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ថ្រាយ​អ៊ឹម​តម្លៃ១០០០លាន​ដុល្លារ​ នឹង​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋា​ភិ​បា​កម្ពុជា​ បានឱ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ថ្រាយ​អ៊ឹម​កម្ពុជា​តម្លៃ​វិនិយោគ​ ១០០០លាន​ដុល្លារ​អាមេរិក​ ដែល​វិនិយោគ​នៅ​លើ​ផ្ទៃដី​ ៩៣.៩៤៩ម៉ែត្រក្រឡា​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ៣៦​ ភូមិ​បឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ នឹង​រួមចំណែក​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ និង​បង្កើន​ចំនួន​អគារ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ។

លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) កាលពី​ថ្ងៃទី​ ១១​ ខែធ្នូ​ ម្សិលមិញ​ នេះ​ បានឱ្យ​ដឹង​ថា​ សម្រាប់​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ថ្រាយ​អ៊ឹម​កម្ពុជា​នេះ​ វិនិយោគ​ដោយក្រុម​ហ៊ុន​ យុ​នណា​ន សេង​ម៉ៅ​ អ៊ិ​នវេ​សមេន​ (ខេម​បូ​ឌា​) ឯ.ក​ ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ ស៊ី​គ្រោង​សាងសង់​ដំណាក់កាល​ទី១​ មានផ្ទៃ​ដី​ទំហំ​ ៤៤.៩០០ម៉ែត្រក្រឡា​។

លោក​បន្ត​ថា​ អន្តរក្រសួង​ បាន​គាំទ្រ​លើ​គម្រោង​វិនិយោគ​នេះ​ ព្រោះ​វា​បាន​រួមចំណែក​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​បង្កើន​ចំនួន​អគារ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ព្រមទាំង​កោតសរសើរ​ដល់​ម្ចាស់​គម្រោង​ដែល​បាន​ដាក់បញ្ចូល​រចនា​បទ​ខ្មែរ​ក្នុង​ប្លង់​អគារ​នេះ​។

លោក​បន្ថែ​ថា​ អន្តរក្រសួង​ក៏បាន​ ស្នើ​ឱ្យ​ម្ចាស់​គម្រោង​ សរសេរ​ឈ្មោះ​គម្រោង​ជា​ភាសាខ្មែរ​ឱ្យ​ធំជាង​ឈ្មោះ​ជា​ភាសាបរទេស​ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​ និង​ ឱ្យ​ម្ចាស់​គម្រោង​ពន្លឿន​ដំណើរការ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ ហើយ​ក្នុងករណី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ផ្តល់​ពិនិត្យ​មតិយោបល់​ ព្រមទាំង​ឱ្យ​ម្ចាស់​គម្រោង​រៀបចំ​ប្រព័ន្ធ​ទឹក​កខ្វក់​ ដាច់ដោយឡែក​ពី​ប្រព័ន្ធ​ទឹកភ្លៀង​។

លោក​បន្ត​ទៀត​ថា​ ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់រឹង​-រាវ​ អន្តរក្រសួង​ស្នើ​ឱ្យ​ម្ចាស់​គម្រោង​បែងចែក​សំណល់​ផ្ទះបាយ​តាម​ប្រភេទ​ឱ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​បង្ហូរ​សំណល់​ខ្លាញ់​ទៅ​ក្នុង​ប្រព័ន្ធ​លូ​។ ចំពោះ​ធុងសំរាម​វិញ​ ត្រូវ​រក្សាទុក​ដាក់​នៅកន្លែង​សមរម្យ​ ជៀសវាង​ការ​ទុកដាក់​នៅ​ទី​សាធារណៈ​ នាំ​ឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ទីប្រជុំ​ ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ដែល​បាន​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ប្រមូល​សំរាម​ឱ្យ​បាន​ទៀងទាត់​។

អន្តរក្រសួង​ក៏បាន​ស្នើ​ឱ្យ​ម្ចាស់​គម្រោង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​លើ​កិច្ចសន្យា​សាងសង់​ ជៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ទីតាំង​គម្រោង​ និង​ធានា​មិន​ឱ្យ​មានការ​បង្ហូរទឹក​កខ្វក់​ទៅលើ​ផ្ទះ​របស់​ពួកគេ​។

ក្នុងករណី​មាន​អគ្គីភ័យ​ ឬគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​បណ្តាល​មក​ពី​សកម្មភាព​គម្រោង​ ម្ចាស់​គម្រោង​ត្រូវ​ធានា​សំណង​ជូន​អ្នករងគ្រោះ​ទាំងអស់​។មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ថ្រាយ​អ៊ឹម​ (TCC​ TRIUMPH​ Commercial​ Center​) បាន​សហការ​វិនិយោគ​ដោយ​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​ និង​ក្រុ​មហ៊ុ​នយុ​នណា​ន សេង​ម៉ៅ​ អ៊ិ​នវេ​សមិន​ ដែល​មានតម្លៃ​វិនិយោគ​ ១០០០លាន​ដុល្លារ​អាមេរិក​។

ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​ប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ លោ​កហ៊ឺ​ បា​វី​ ធ្លាប់​បានឱ្យ​ដឹង​ថា​ គម្រោង​ពាណិជ្ជ​កម្ម​ថ្រាយ​អ៊ឹម​ ត្រូវ​បាន​វិនិយោគ​ឡើង​សមស្រប​ទៅតាម​នឹង​គោលនយោបាយ​ ផ្លូវ​មួយ​ខ្សែ​ក្រវ៉ា​តមួយ​ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​លើកឡើង​ ដែល​ជា​ស្ពាន​តភ្ជាប់​មិត្តភាព​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ “ក្រោយពេល​គម្រោង​នេះ​សាងសង់​រួចរាល់​ វា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បោះ​ដុំ​ទំនិញ​អន្តរជាតិ​ដ៏​ធំ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​ ព្រមទាំង​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​ និង​កម្សាន្ត​ជាតិ​ អន្តរជាតិ​”។

លោក​បន្ត​ថា​ “ទីនេះ​ក៏​នឹង​ក្លាយទៅជា​ទីក្រុង​ទេស​ចណ៍​វប្បធម៌​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”។លោ​កហ៊ឺ​ បា​វី​បាន​បន្ត​ថា​ តំណា​ក់​កាល​ដំបូង​នៃ​គម្រោង​នេះ​ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០១៩គម្រោង​នេះ​ នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ២០២០​ ដោយ​ចំណាយ​ដើមទុន​អស់​ចំនួន១ពាន់​លាន​ដុល្លា​អាមេរិក​ លើ​ផ្ទែ​ដី​ទំហំ​ជិត១០ហិ​កតា​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ម៉ា​កល្បី​ៗជាង៤០០បាន​សហការ​ជាមួយ​ ហើយ​កម្ពុជា​ នឹង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ ដើម្បី​ធ្វើ​អោយ​​គម្រោង​នេះ​ ក្លាយជា​ទីតាំង​ពាណិជ្ជកម្ម​ចំរុះ​ធំជាង​គេ​នៅ​ភ្នំពេញ​៕

ក្រុមហ៊ុន​សម្លៀកបំពាក់​ធំ​មួយ​បង្វែរ​ទិសដៅ​វិនិយោគ​ចេញពី​កម្ពុជា​ ដោយសារ​កង្វះខាត​បច្ចេកវិទ្យា​ទំនើប

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​អំពី​កន្លែង​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​បញ្ចប់​ ក្រុមហ៊ុន​ផលិត​ចិន​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការប៉ុនប៉ង​ផ្លាស់​ប្តូរ​ផលិតកម្ម​ទៅក្រៅ​ប្រទេស​។

ខណៈ​ពេល​ដែល​មានការ​ខ្នះខ្នែង​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ ក្រុមហ៊ុន​ផលិត​ជាច្រើន​មានការ​ប្រយ័ត្ន​ប្រយែង​អំពី​កង្វះ​បច្ចេកទេស​ទំនើប​ និង​ការ​ដាក់​ទុន​វិនិយោគ​នៅក្នុង​តំបន់​គោលដៅ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Nikkei​ របស់​ជប៉ុន​។

ការ​ខ្នះខ្នែង​នេះ​កើត​ចេញពី​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ និង​ពី​ផែនការ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ស្មា​តហ្វូ​ន ប្រដាប់​ប្រដា​ក្មេង​លេង​ និង​របស់​ផ្សេងទៀត​នៅ​ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​។

អ្នកតំណាង​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​អំបោះចាក់​មួយ​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង បាន​និយាយ​ថា​ ក្រុមហ៊ុន​កំពុង​បារម្ភ​ថា​ ផល​ប៉ះពាល់​នៃ​ពន្ធ​ថ្មី​នឹង​កើតមាន​។

ក្រុមហ៊ុន​បាន​ផ្លាស់​ប្តូរ​ការ​បញ្ជូន​ការ​បញ្ជាទិញ​ដល់​អតិថិជន​អាមេរិក​របស់​ខ្លួន​ដើម្បី​គេច​ពី​ពន្ធគយ​បន្ថែម​ យ៉ាងហោចណាស់​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​។ ក្រុមហ៊ុន​ដែល​ដឹកជញ្ជូន​សម្លៀកបំពាក់​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ទទួល​បាន​ ២០​ ភាគរយ​ នៃ​ការ​លក់​របស់​ខ្លួន​ពី​អាមេរិក​។

ប្រសិនបើ​ពន្ធគយ​បន្ថែម​ត្រូវ​បាន​ធ្វើឡើង​តាម​ការ​គ្រោងទុក​ ពន្ធ​នេះ​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​។អ្នក​ផលិត​សម្លៀកបំពាក់​អំបោះចាក់​បាន​ពិចារណា​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​មកកាន់​កម្ពុជា​ដែល​ជា​កន្លែង​ដែល​នាយក​ប្រតិបត្តិ​ម្នាក់​របស់​ខ្លួន​បាន​ទៅ​ទស្សនៈ​កិច្ច​សួន​ឧស្សាហកម្ម​មួយ​។ នាយក​ប្រតិបត្តិ​បាន​ខកចិត្ត​នឹង​បច្ចេកវិទ្យា​ចាស់​ដែល​ប្រើ​ដោយក្រុម​ហ៊ុន​ផលិត​ និង​ក្រុមហ៊ុន​នៅ​កម្ពុជា​ផ្សេងទៀត​។

ចាប់តាំងពី​ពេលនោះ​មក​ ថ្នាក់​គ្រប់គ្រង​បាន​បោះបង់ចោល​គម្រោង​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​បារម្ភ​ថា​ ក្រុមហ៊ុន​អាច​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​នៅ​កម្ពុជា​ជាង​នៅ​ស៊ីន​ជាំ​ង បើ​ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​ក៏ដោយ​។

នៅពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ដំឡើង​ពន្ធ​ក្នុង​ខែ​ ឧសភា​ អ្នក​ផលិត​ខោ​ខូវ​ប៊​យនៅ​ក្វាង​ចូវ​បាន​បាត់បង់​ការ​បញ្ជាទិញ​ភាគច្រើន​ដែល​ខ្លួន​បាន​ទទួល​ពី​អាមេរិក​ដែល​ជាទី​ផ្សារ​សំខាន់​របស់​ខ្លួន​។

គូប្រជែង​របស់​ខ្លួន​បាន​បង្ហាញ​កាន់តែ​ច្បាស់​ និង​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​វៀតណាម​ និង​ប៉ាគីស្ថាន​ ដូច្នេះ​ផលិតផល​របស់​ពួកគេ​អាច​រួចផុត​ពន្ធគយ​។ ជា​លទ្ធផល​ ពួកគេ​បាន​បន្ត​ទទួលការ​បញ្ជាទិញ​ពី​អាមេរិក​។ ក្រុមហ៊ុន​ក្វាង​ចូវ​ក៏បាន​ពិចារណា​ផលិតកម្ម​នៅ​ក្រៅប្រទេស​ផង​ដែរ​ ប៉ុន្តែ​ក្រុមហ៊ុន​ទំហំ​តូច​បាន​រារាំង​មិន​ឱ្យធ្វើ​តាម​គំនិត​នេះ​។

ផ្ទុយទៅវិញ​ អ្នក​ផលិត​ខោ​ខូវ​ប៊​យបាន​ផ្តោត​លើ​ការស្វែងរក​អតិថិជន​មិនមែន​អាមេរិក​។ជាមួយនឹង​អ្នក​ផលិត​ខោ​ខូវ​ប៊យ​ខ្នាត​មធ្យម​ និង​ខ្នាត​តូច​ជាច្រើន​ ឧស្សាហកម្ម​នេះ​កំពុង​ច្របាច់​ខ្លួន​ដើម្បី​ប្រាក់ចំណេញ​ មុន​ពេល​អាមេរិក​ចាប់ផ្តើម​ប្រើប្រាស់​ពន្ធគយ​ជា​ឧបករណ៍​ការចរចា​ពាណិជ្ជកម្ម​។

ការ​យកពន្ធ​ថ្មីនេះ​បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​លើ​អាមេរិក​ដែល​ជា​អតិថិជន​សំខាន់​។នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ផលិត​ខោ​ខូវ​ប៊​យក្វាង​ចូវ​អាច​និយាយ​បាន​ថា​ “ខ្ញុំ​ជឿជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់​ៗ”៕

អំពូលភ្លើង​វៃឆ្លាត​ផលិត​នៅ​កម្ពុជា​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ពិភពលោក

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ផលិតផល​អំពូល​អគ្គិសនី​វៃឆ្លាត​ (Smart​ Lamp​) ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជាក្រោម​ការ​វិនិយោគ​ និង​ប្រើប្រាស់​បច្ចេកទេស​របស់​ក្រុមហ៊ុន​មក​ពីជ​ប៉ុន​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ពិភពលោក​ ជាពិសេស​ប្រទេស​ជប៉ុន​ ដែល​យក​ទៅ​បំពាក់​នៅ​តាម​ទីក្រុង​សំ​ខាន់​ៗមួយចំនួន​។

ប្រធាន​ក្រុមហ៊ុន​ មីនី​បៀ​ លោក​ យូ​ស៊ី​ហ៊ី​ដសា​ កៃ​ណូ​ម៉ា​ (Yoshihisa​ Kainuma​) បាន​អះអាង​បញ្ជាក់​ប្រាប់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​នៅក្នុង​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ជាមួយនឹង​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ បច្ចុប្បន្ន​នេះ​ ផលិតផល​អំពូល​វៃឆ្លាត​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ជប៉ុន​ ដែល​មាន​តម្រូវ​ខ្ពស់​ និង​ប្រើប្រាស់​នៅក្នុង​ទីក្រុង​សំ​ខាន់​ៗមួយចំនួន​។

លោក​ យូ​ស៊ី​ហ៊ី​ដសា​ កៃ​ណូ​ម៉ា​ (Yoshihisa​ Kainuma​) បាន​បញ្ជាក់​ថា​ ក្រៅពី​ផលិត​អំពូល​អគ្គិសនី​វៃឆ្លាត​ និង​ផលិតផល​ម៉ូទ័រ​ ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សារ​យ៉ាង​ជោគជ័យ​នេះ​ ក្រុមហ៊ុន​នឹង​ផលិត​សម្ភារៈ​កម្សាន្ត​សម្រាប់​ក្មេង​ ដែល​អាច​ជួយ​បង្កើត​ភាព​វៃឆ្លាត​ ដោយ​បិត​ស្លាក​សញ្ញា​ថា​ ជា​ផលិតផល​ផលិត​នៅ​កម្ពុជា​ (Made​ in​ Cambodia​) ដែល​នឹង​ត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូចគ្នា​។

សម្រាប់​អំពូលភ្លើង​វៃឆ្លាត​នេះ​ បាន​បំពាក់​នៅ​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ ចំនួន​ ៦,៨៩២គ្រឿង​ រួម​ជាមួយនឹង​គម្រោង​បំពាក់​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗទៀត​ ជាពិសេស​ ខេត្ត​ព្រះសីហនុ​ ។

កាលពី​ឆ្នាំ២០១៨​ កន្លងទៅ​នេះ​ ក្រុមហ៊ុន​ មីនី​បៀ​ ​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ ៣៧២ លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ ហើយ​នៅ​ឆ្នាំ២០១៩នេះ​ នឹង​រីក​ឡើង​ទៅ​រហូតដល់៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​បច្ចុប្បន្ន​ ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន​ ៧០០០នាក់​ ហើយដែល​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​កម្មករ​នឹង​ឈានឡើង​រហូតដល់២ម៉ឺន​នាក់​ មក​ពី​បណ្តា​ខេត្ត​ចំនួន​ ១០​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មីនី​បៀរ​ ដែល​មានការ​រីកចម្រើន​ ដោយ​សម្ដេច​តេជោ​បាន​លើកឡើង​ថា​ មិនថា​ក្រុមហ៊ុន​តូច​ ក្រុមហ៊ុន​ធំ​នោះ​ទេ​ ឱ្យ​តែម​កដល់​កម្ពុជា​ គឺ​ដល់មុន​ ទទួល​បានផល​មុន​ ​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ មីនី​បៀ​ គឺជា​ក្រុមហ៊ុន​តូច​កាលពីមុន​ ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​មីនី​បៀ​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ ដែល​មានកម្ម​ករ​រហូតដល់​ ៧ពាន់​នាក់​ និង​ឈាន​រហូតដល់​ ២ ម៉ឺន​នាក់​ ហើយក៏​កំពុងតែ​ផលិត​នូវ​ផលិតផល​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប​ៗផង​ដែរ​។

ជាង​នេះ​ទៀត​ ការ​វិនិយោគ​បច្ចេកវិទ្យា​ក៏ដូចជា​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​កម្មករ​កម្មការិនី​កម្មការិនី​ គឺ​នាំឲ្យ​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​លំដាប់​ទី១​។

ពាក់ព័ន្ធ​ទៅ​នឹង​ការពិនិត្យ​ឧបករណ៍​ល្បែង​កម្សាន្ត​ ដែល​បិទ​ស្លាក​ថា​ផលិត​នៅ​កម្ពុជា​, សម្ដេច​បាន​មានប្រសាសន៍​ថា​ នេះ​ជា​មោទនភាព​ណាស់​ ដែល​កម្ពុជា​យើង​បាន​ឈាន​ដល់​ការផលិត​ឧបករណ៍​ ហើយ​ដាក់ឈ្មោះ​ថា​ផលិត​នៅ​កម្ពុជា​ ហើយ​នាំចេញ​ទៅ​ប្រើប្រាស់​ នៅ​ស្រុកក្រៅ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​កំពូល​ឆ្លាត​ សម្ដេច​តេជោ​ បាន​មានប្រសាសន៍​ថា​ វា​ជា​សំណាង​ណាស់​ដែល​រោងចក្រ​ នាំមក​នូវ​ការផលិត​កំពូល​វៃឆ្លាត​នៅ​កម្ពុជា​ ហើយ​កំពុងតែ​ប្រើប្រាស់​អំពូល​នេះ​នៅ​ខេត្ត​មួយចំនួន​ ហើយ​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ ។


សម្ដេច​តេជោ​ ក៏​មានប្រសាសន៍​ផង​ដែរ​ “ពាក់ព័ន្ធ​នឹង​អំពូល​នេះ​ កម្ពុជា​គឺ​មាន​ប៉ូល​ ៣ គឺ​ប៉ូល​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ ក្នុង​ន័យ​នេះ​យើង​គប្បី​ប្រើ​អំពូល​ឆ្លាត​នេះ​ នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ដើម្បី​ជា​កត្តា​ជួយ​កាត់បន្ថយ​ ការ​ចំណាយ​ថាមពល​អគ្គិសនី​ផង​ជួយ​បរិស្ថាន​ផង​ និង​លើកទឹកចិត្ត​ ក្រុមហ៊ុន​ដែល​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​”៕

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​នៅ​ឆ្នាំ២០២០​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​អនុវត្តន៍​ ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​និង​លើកកម្ពស់​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​ ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ ហង់​ ពៅ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី២៦​ នៃ​គណៈកម្មាធិការ​អន្ដរ​ជាតិ​ សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ ហៅ​កាត់​ថា​ អាយ​ស៊ី​ស៊ី​-អង្គរ​ កាលពី​ថ្ងៃ​ ទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ ឱ្យ​ដឹង​ថា​ ក្រៅតែ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​បណ្ដា​ដៃគូ​អន្តរជាតិ​ជាច្រើន​ ក្នុង​ការងារ​ជួសជុល​ អភិរក្ស​ និង​ថែរក្សា​ប្រាសាទបុរាណ​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា​ខ្លួនឯង​ ក៏​មាន​គម្រោង​ជាច្រើន​សម្រាប់​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ការងារ​លើកកម្ពស់​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែមទៀត​នៅ​ឆ្នាំ២០២០ខាងមុខ​។

លោក​បន្ត​ថា​ គម្រោង​ជួសជុល​ផ្លូវ​មួយចំនួន​មាន​ដូចជា​ ការ​កសាង​ផ្លូវ​ក្នុង​ទីក្រុង​អង្គរធំ​ ការ​ជួសជុល​ផ្លូវ​ពី​ផ្លូវជាតិ​លេខ៦​ ចូល​ប្រាសាទបាគង​និង​ព័ទ្ធជុំវិញ​ ប្រាសាទបាគង​ ការ​ជួសជុល​ផ្លូវ​មុខ​ប្រាសាទបន្ទាយ​ក្តី​ និង​ផ្នែក​ខាងជើង​ស្រះស្រង់​ ការ​ជួសជុល​ផ្លូវ​ពី​ចំណុច​ស្វាយធំ​ផ្លូវជាតិ​លេខ៦ទៅដល់​រង្វង់​មូល​កូន​ដំរី​ ការ​ជួសជុល​ផ្លូវ​ពី​វង់​ធំ​ក្នុង​ភូមិ​ព្រះដាក់​ឆ្លងកាត់​ប្រាសាទបន្ទាយសំរែ​ ភ្នំ​បូក​រហូតដល់​ចំណុច​ស្ពាន​ឆេះ​ផ្លូវជាតិ​លេខ៦៦​ ការ​ជួសជុល​ផ្លូវ​ពី​ប្រាសាទអង្គរវត្ត​ មក​ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​ ការ​ជួសជុល​ផ្លូវ​ពី​ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​ មក​ផ្លូវជាតិ​លេខ៦ត្រង់​ចំណុច​ភ្លើងស្តុប​ និង​ការ​កែ​លម្អ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា​សុខ​ អាន​ ចាប់ពី​ចំណុច​បំបែក​ផ្លូវ​ហ្សាល​ដឺ​ហ្គោល​រហូត​ទៅដល់​រង្វង់​មូល​អប្សរា​ និង​ពី​រង្វង់​មូល​អប្សរា​ទៅដល់​ផ្លូវជាតិ​លេខ៦​។

លោក​បន្ថែម​ថា​ ចំពោះ​គម្រោង​ពាក់ព័ន្ធ​ ការ​លើកកម្ពស់​សោភ័ណភាព​ប្រាសាទ​ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្តន៍​នៅក្នុង​ឆ្នាំ២០២០នោះ​ មាន​ដូចជា​គម្រោង​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ស្រោចស្រព​វាលស្មៅ​ក្នុង​បរិវេណ​ ប្រាសាទអង្គរវត្ត​ឱ្យ​មាន​ភាព​បៃតង​ជានិច្ច​។

លោក​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​សោភ័ណភាព​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​បន្ត​ពង្រីក​តំបន់​ទេសភាព​បៃតង​ ដើម្បី​ប្រែក្លាយ​ទីនោះ​ឱ្យ​កាន់តែ​ស្រស់​ស្អាត​ ព្រោះ​កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​អនុវត្ត​រួចហើយ​នូវ​ការ​ដាំ​ស្មៅ​ ដាំ​កូនឈើ​ ដាំ​ដើមផ្កា​ នៅ​ផ្នែក​ខាងត្បូង​មុខ​ប្រាសាទអង្គរវត្ត​ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​។ ដូច្នេះ​ ការងារ​ពង្រីក​តំបន់​ទេសភាព​បៃតង​នឹង​ត្រូវ​ពង្រីក​បន្ត​ទៀត​។

លោក​បន្ថែម​ទៀត​ថា​ រី​ឯផ្លូវ​កៅស៊ូ​មុខ​ប្រាសាទអង្គរវត្ត​ ប្រវែង៣៥០ម៉ែត្រ​ក៏​នឹង​ត្រូវ​ជួសជុល​កែ​លម្អ​ ដោយមាន​ការរៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ ដាំ​កូនឈើ​ ផ្លូវ​ដើរ​ ចញ្ចើម​ផ្លូវ​ និង​សួនច្បារ​៕

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​មួយ​គ្រោង​នឹង​កែប្រែ​ក្រុង​សៀមរាប​ទៅជា​ក្រុង​ដែល​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Urban​ Living​ Solutions​ គ្រោង​នឹង​កែប្រែ​ក្រុង​សៀមរាប​ទៅជា​ក្រុង​ ដែល​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ខណៈ​ក្រុមហ៊ុន​បាន​និង​កំពុង​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​មួយ​នៅ​ខេត្តសៀមរាប​។

គម្រោង​នេះ​ មានផ្ទៃ​ដី​រហូត​ទៅដល់២១៥ហិ​កតា​ ដោយ​ដាក់ឈ្មោះ​ថា​ “សៀមរាប​ខាងកើត​” មាន​ទីតាំង​ស្ថិតនៅ​ឃុំ​អំពិល​ ស្រុក​បាគង​ ខេត្តសៀមរាប​ ដែល​មាន​ចម្ងាយ​ប្រមាណ១០នាទី​ពី​ក្រុង​ និង៥នាទី​ពី​បុរីរដ្ឋ​បាល​។

ដំណាក់កាល​អភិវឌ្ឍន៍​ ផ្តោត​លើ​ការបង្កើត​តំបន់​ទេសចរណ៍​បន្ថែម​ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឡើងវិញ​ ដោយ​កែប្រែ​ក្រុង​សៀមរាប​ ទៅជា​ក្រុង​ដែល​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​និ​វន្ត​រភាព​ ក្រុមហ៊ុន​សម្រេច​ធ្វើ​វឌ្ឍ​កម្ម​លើក​ត្តា៤យ៉ាង​ ទី១​ វិស័យ​ធុរកិច្ច​ក្នុង​តំបន់​ផ្លូវ៦០ម៉ែត្រ​ ទី២​ ពង្រីក​វិស័យ​ទេសចរណ៍​បន្ថែម​លើស​ពី​តំបន់​គយគន់​ប្រាសាទ​ ទី៣​ វិស័យ​អប់រំ​អន្តរជាតិ​ និង​ទី៤​ បង្កើត​ឱ្យ​មាន​នូវ​ការរស់នៅ​បែប​សហគមន៍​ទំនើប​ និង​ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ​។

ជាក់ស្តែង​គម្រោង​បុរី​ភូមិ​បាគង​ ជាស​មិទ្ធ​ផល​ផ្តួចផ្តើម​មួយ​ក្នុង​ចំ​ណោមវ​ឌ្ឍ​កម្ម​ទាំង៤​ ក្នុងទឹក​ដី​ “សៀមរាប​ខាងកើត​” ដោយមាន​អតិថិជន​ជាច្រើន​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ទៅលើ​ប្លង់​មេ​គម្រោង​ដែល​កែច្នៃ​ផ្ទៃដី៤.៧ហិ​កតា​ ទៅជា​កន្លែង​ប្រមូល​ផ្តុំ​ការរស់នៅ​បែប​សហគមន៍​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​។

គោលដៅ​មិន​អនុញ្ញា​ត្តិ​យានជំនិះ​បើកបរ​ឆ្លងកាត់​ និង​ជំនួស​ដោយ​ការ​ដើរ​ថ្មើរជើង​ត្រូវ​បាន​អនុវត្តន៍​ សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​ភូមិ​បាគង​។ គម្រោង​នេះ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ខ្ពស់​ លើ​ការរៀបចំ​ប្រដូច​នឹង​ទីក្រុង​ថ្មី​ ដោយ​រស់នៅ​អម​ជាមួយ​បរិយាកាស​អំណោយផល​ពី​ធម្មជាតិ​ ទេសភាព​ភ្នំ​ដែល​មិន​ឆ្ងាយ​ពី​ក្រុង​ បណ្តុំ​នៃ​សួនច្បារ២ហិ​កតា​ សាលារៀន​ ផ្សារ​ ចំណត​យានយន្ត​រួម​ និង​ស្ពាន​អាកាស​ថ្មើរជើង​ដំបូង​គេ​បង្អស់​ក្នុង​ខេត្តសៀមរាប​។

លោ​កងួន​ ឆាយ​លាង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pointer​ Property​ បាន​មានប្រសាសន៍​ថា​ “គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ថ្មី​ ក្នុង​តំបន់​សៀមរាប​ខាងកើត​ ពិតជា​មានលទ្ធភាព​ និង​សក្តា​នុ​ពល​ខ្ពស់​ដោយ​ដំណាក់​ទីមួយ​”។លោក​បន្ថែម​ថា​ “ក្រុមហ៊ុន​មាន​ទុន​វិនិយោគ​ជាង៣៥លាន​ដុល្លារ​ និង​ការអនុវត្ត​ន៍​ផែនការ​ទាំងស្រុង​ ក្រោម​ក្រុម​រចនា​ប្លង់​ទីក្រុង​ Gehl​ មក​ពី​ប្រទេស​ដាណឺម៉ាក​ ដែល​ជា​ក្រុម​សិក្សា​ Master​ Plan​ ទីក្រុង​ដ៏​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​”។

លោក​ Esben​ Neander​ Kristensen​ នាយក​គ្រប់​គ្រង​ក្រុម​ស្ថា​បតេយ្យ​ Gehl​ បាន​បង្ហាញ​អំពី​ការ​គូរ​ប្លង់​ “សៀមរាប​ខាងកើត​” ​ទាំងមូល​ដោយ​សិក្សា​ ពី​តំណរ​ភ្ជាប់​លក្ខណៈ​រស់នៅ​ ប្រជាជន​ក្នុង​ទីក្រុង​ ទៅ​នឹង​តំបន់​ប្រាសាទ​បេ​តិ​កភ័​ណ្ឌ​ ពិភពលោក​ដ៏​អស្ចារ្យ​បំផុត​។

លោក​ថូ​នី​ សុ​ជាតិ​ សក្តិ​សុ​នលី​ ប្រធាន​គ្រប់គ្រង​គម្រោង​បុរី​ភូមិ​បាគង​ បាន​លើកឡើង​ថា​ “សៀមរាប​ខាងកើត​នឹង​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ខ្លាំង​ ដល់​អតិថិជន​ដែល​ទិញ​លំនៅ​ដ្ឋាន​ក្នុង​គម្រោង​បុរី​ភូមិ​បាគង​”។ លោក​បន្ត​ថា​“ទាំងនេះ​ជា​ការ​បោះជំហាន​វិនិយោគ​ដ៏​ត្រឹមត្រូវ​បំផុត​ លើ​វិស័យ​អចលនទ្រព្យ​ទាំង​ភាព​ច្នៃប្រឌិត​ គុណភាព​សំណង់​ ដ៏​ដូ​ជា​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​”៕

ការរៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​បាន​ត្រៀម​ចាប់់​ផ្តើម​ជាមួយ​ការរៀបចំ​កែ​លម្អ​សោភ័ណភាព​គ្រប់​សង្កាត់​ក្នុង​ក្រុង​កំពត​

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ ជា​ការ​ត្រៀប​ខ្លួន​ទទួលស្វាគមន៍​ បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​នានា​ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី២​ រដ្ឋបាល​ខេត្តកំពត​បាន​កំណត់​ថ្ងៃ​បញ្ចប់​ការស្ថាបនា​ និង​រៀបចំ​តុបតែង​លម្អ​ហេ​ដ្ឋា​រចនា​ស្ម​ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ជាកំហិត​។

ក្រោម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ រដ្ឋបាល​ខេត្តកំពត​ ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពីសំណាក់​លោក​ជាវ​ តាយ​ អភិបាលខេត្ត​កំពត​ បាន​ចុះ​ពិនិត្យមើល​ការ​កែ​លម្អ​សោភ័ណភាព​ នៅ​ទូទាំង​ក្រុង​កំពត​ និង​មាន​អមដំណើរ​ដោយ​អភិបាលក្រុង​ ចៅសង្កាត់​ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​ផង​ដែរ​កាលពី​រសៀល​ថ្ងៃទី១១ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​ ជា​ តាយ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ជំរុញ​ និង​តម្រូវ​ឱ្យ​កែ​លម្អ​ឡើងវិញ​លើ​ចំណុច​សំ​ខាន់​ៗមួយ​ចំនួន​ រួមមាន​ ទី១​ ការរៀបចំ​បំពាក់​អំពូលភ្លើង​បន្ថែម​តាម​បណ្តោយ​ផ្លូវ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ និង​មន្ទីរ​ធន​ធា​នន​ទឹក​ និងឧតុនិយម​ខេត្តកំពត​។

ទី២​ កាត់​ស្លាកយីហោ​ និង​កែសម្រួល​តាម​ដងផ្លូវ​ជាតិ​លេខ៣​ រហូតដល់​ចំណុច​ផ្លូវវាង​ក្រុង​។ ទី៣បន្ត​សម្អាត​បរិស្ថាន​ជុំវិញ​ក្រុង​ លើ​អគារ​ និង​ការដ្ឋាន​កំពុង​សាងសង់​។ ទី៤ប្តូរ​ ឬដកចេញ​នូវ​ប៉ាណូ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗរបស់​ម្ចាស់​ក្រុមហ៊ុន​ សហគ្រាស​ ក៏ដូចជា​ហាង​លក់​ទំ​និញ​ផ្សេង​ៗ។

ទី៥​.ជួល​ជុល​រ៉ឺហ្កា​ គម្រប​លូ​ឲ្យបាន​ប្រសើរ​ឡើងវិញ​។ ទី៦​ រៀបចំ​បន្ត​ចាក់​បេតុង​លើ​ចំណុច​ទីលាន​ស្តូប​ព្រះបាទអង្គឌួង​ និង​បូម​ខ្សាច់​ចាក់​ទប់​ច្រាំង១០ម៉ែត្រ​ ឲ្យបាន​រួចរាល់​។

ទី៧​ រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ស្តង់​ វិថី​ម្ហូបអាហារ​ឲ្យបាន​មុន​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩ជាកំហិត​។ ទី៨រៀបចំ​ចាត់​ចែង​លាប​បពណ៌​បង្គោល​ភ្លើង​ចាស់​ទាំង១២​ ស្ថិតនៅ​តាម​បណ្តោយ​ដងព្រែក​ពី​គល់​ស្ពាន​ថ្មី​មកដល់​មុខ​សាលាខេត្ត​ជាដើម​។

លោក​ជាវ​ តាយ​ ក៏បាន​ណែនាំ​ដល់​អាជ្ញា​ធរ​រក្រុង​ និង​សង្កាត់​ត្រូវ​ចុះ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ បន្ត​សហការ​កែ​លម្អ​ឲ្យបាន​ចប់​សព្វគ្រប់​ មុន​ពិធីបុណ្យ​សមុទ្រ​ នា​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៩​ ចូល​មកដល់​៕

ហ្វីលីពីន​នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២នៅ​ឆ្នាំ២០៣៤​ ដោយ​រុញ​ទំលាក់​ប្រទេស​ថៃ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការព្យាករណ៍​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី​ ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បានឱ្យ​ដឹង​ថា​ ហ្វីលីពីន​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ក្លាយ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២​ នៅក្នុង​តំបន់​អាស៊ាន​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​នៃ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ នឹង​ជំរុញ​ដល់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហ្វីលីពីន​។

របាយការណ៍​របស់​ JCER​ បានឱ្យ​ដឹង​ថា​ ហ្វីលីពីន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ក្លាយជា​ប្រទេស​អាស៊ាន​ធំ​ទី២​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​។

របាយការណ៍​បាន​បន្ថែម​ថា​ “ហ្វីលីពីន​នឹង​វ៉ា​ផុត​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ម៉ាឡេស៊ី​នៅ​ឆ្នាំ២០២០​ តៃវ៉ាន់​នៅ​ឆ្នាំ២០៣៣​ និង​ថៃ​នៅ​ឆ្នាំ២០៣៤​”។

សេដ្ឋកិច្ច​ហ្វីលីពីន​បាន​បន្ត​រីក​ដុះដាល​នៅ​ឆ្នាំនេះ​ ហើយ​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​បំផុត​នៅ​អាស៊ី​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដទៃទៀត​ នៅក្នុង​តំបន់​នេះ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​ ដោយ​តំបន់​អាស៊ី​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

សេដ្ឋកិច្ច​ហ្វីលីពីន​ទទួល​បាន​អត្រាកំណើន៦​,២ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣​ ហើយ​ទំនងជា​ឈាន​ដល់​កំណើន​ចន្លោះ​ពី៦​ ទៅ​ ៧ ភាគរយ​សម្រាប់​ឆ្នាំ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ស្ថិតិ​ហ្វីលីពីន​ (PSA​) ។

របាយការណ៍​ប្រចាំត្រីមាស​ចុងក្រោយ​បង្អស់​របស់​ PSA​ បានឱ្យ​ដឹង​ថា​ “ក្នុងចំណោម​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗសេវាកម្ម​ បាន​កើនឡើង​យ៉ាង​លឿន​បំផុត​ជាមួយនឹង៦​,៩ ភាគរយ​។ ឧស្សាហកម្ម​បាន​កើនឡើង៥​,៦ភាគរយ​។ កសិកម្ម​ការ​ប្រមាញ់​ ព្រៃឈើ​ និង​នេសាទ​បាន​កើនឡើង​ ៣,១ ភាគរយ​”។

អង្គភាព ​PSA ​បាន​បន្ថែម​ថា​ “ជាមួយនឹង​ចំនួន​ប្រជាជន​ ដែល​បាន​ព្យាករ​នៅក្នុង​ប្រទេស​ឈាន​ដល់១០៨​,៣ លាន​នាក់​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង៤.៥​ ភាគរយ​”៕

ជប៉ុន​គ្រោង​ផ្តល់​ឥណ​ទា​ប្រមាណ១០៦លាន​ដុល្លា​សាងសង់​រោងចក្រទឹក​ស្អាត​ថ្មី​មួយទៀត​នៅ​ក្រុង​សៀមរាប​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) គ្រោង​ផ្តល់​ឥណទាន​ប្រមាណ ១០៦លាន​ដុល្លា​អាមេរិក​ សម្រាប់​ការសាងសង់​រោងចក្រទឹក​ស្អាត​ថ្មី​មួយទៀត​ ដែល​មាន​សមត្ថភាព​ផលិត ៦០ ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង​មួយថ្ងៃ​ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។

លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​មានប្រសាសន៍​ នៅក្នុង​ពិធី​នៅក្នុង​ពិធី សម្ពោធ​ឱ្យ​ដំណើរការ​រោងចក្រ​ ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សម្រាប់​ក្រុង​សៀមរាប​ ត្រូវ​មានការ​គិតគូរ​ទុកជាមុន​ ក្នុង​រយៈពេល​វែង​ពី១០​ ទៅ២០ឆ្នាំខាងមុខ​ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ដែល​នឹង​មានការ​រីកចម្រើន​កាន់តែ​ខ្លាំង​ថែមទៀត​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ។

លោក​បន្ត​ថា​ ក្នុង​ទិសដៅ​ឈាន​ឆ្ពោះទៅ​កាន់ការ​ផ្តល់​សេវា​គ្រប​ដណ្តប់​ ១០០​% លើ​ក្រុង​សៀមរាប​ ឆ្លើយតប​និង​គោលនយោបាយ​ទឹក​ស្អាត​ របស់​សម្តេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​គម្រោង​វិនិយោគ​មួយផ្សេងទៀត​ ក្រោម​ក្របខណ្ឌ​ឥណទាន​ ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ (JICA​) ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ១០៦លាន​ដុល្លា​អាមេរិក​ សម្រាប់​ការសាងសង់​រោងចក្រទឹក​ស្អាត​ថ្មី​មួយទៀត​ សមត្ថភាព​ផលិត៦០ពាន់​ម៉ែត្រ​ត្រីគុណ​ ក្នុង​មួយថ្ងៃ​ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ដោយ​យក​ប្រភព​ទឹក​ពី​បឹងទន្លេសាប​ និង​ការដំឡើង​បំពង់​មេ​នាំ​ទឹក​ និង​បំពង់​ចែកចាយ​ទឹក​ស្អាត​ប្រវែង​សរុប២២០គីឡូម៉ែត្រ​ ។

លោក​បន្ថែម​ថា​ “រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ បាន​ចុះ​ហត្ត​លេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​រួចហើយ​ ហើយ​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​ការងារ​ជំហាន​ដំបូង​ និង​ផ្គត់ផ្គង់​សម្ភារៈ​ពីក្រៅ​ប្រទេស​ជាបន្តបន្ទាប់​ និង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ក្នុង​ឆ្នាំ២០២៣​”។

លោក​ទៀ​ សីហា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​សៀមរាប​ ជាមធ្យម​ប្រមាណ៦០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ក្នុង​ពេល​ដែល​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​មានត្រឹមតែ៣០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ រួម​ទាំង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ ដែល​កំពុង​បើក​សម្ពោធ​នេះ​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន១៥ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ។

បើ​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​បារាំង​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​)នៅក្នុង​ឆ្នាំ២០៣០ខាងមុខ​ តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​នឹង​កើនឡើង​ដល់​ ៩០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​។

លោក​បញ្ជាក់​ថា​ “តម្រូវការ​ទឹក​ស្អាត​ ដែល​ចេះតែ​កើនឡើង​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​នោះ​ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ លើ​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ តាមរយៈ​នៃ​ការ​គៀង​គរ​ប្រភព​ទុន​ពី​ដៃគូ​អភិវឌ្ឍ​នានា​ផង​ដែរ​”៕