ចំណេះដឹង​! ស្វែងយល់​ពី​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ Collective​ Investment Scheme ​គឺជា​ប្រភេទ​អាជីវកម្ម​មួយ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ត្រប់​ត្រង​មូលនិធិ​ បង្កើត​តម្រោ​ងវិនិយោគ​ដើម្បី​ប្រមូល​មូលនិធិ​ ឬសាច់ប្រាក់​ពី​វិ​និ​យោគិ​នយ​ទៅ​វិនិយោគ​ក្នុង​គម្រោង​ ដែល​បាន​កំណត់​និង​បែងចែក​ប្រាក់ចំណេញ​ ឬអត្ថ​ប្រយោជន៍​ត្រលប់​មក​វិនិយោគិន​វិញ​។

ដើម្បី​អាច​ដំណើរការ​អាជីវកម្ម​តម្រោ​ងវិនិយោគ​រួម​ ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​តួអង្គ​សំ​ខាន់​ៗមួយចំនួន​ដែល​រួមមាន​ជា​អាទ៍​

• ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ (Fund​ Management​)

• ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ (Trustee​)

•ក្រុមហ៊ុន​ចែកចាយ​លក់​ ទិញ​ត្រលប់​មកវិញ​ឬទូទាត់​សង ​(Distribution​ Company​)

• ក្រុមហ៊ុន​អភិបាល​មូលនិធិ​ (Fund​ Administrator​)

ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ជា​តួអង្គ​ចម្បង​ ដែល​មាន​តួនាទី​ក្នុង​ការបង្កើត​ គ្រប់គ្រង​ និង​ចាត់ចែង​គម្រោង​វិនិយោគ​ណាមួយ​ ដែល​ខ្លួន​យល់ថា​មាន​សក្តា​នុ​ពល​ មាន​កាលានុវត្ត​ភាព​ និង​អាច​រក​ប្រាក់ចំណេញ​បាន​ច្រើន​ក្នុង​ការ​វិ​និ​យោ​ត។ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​អាច​បោះផ្សាយ​លក់​ឯកតា​មូលនិធិ​របស់​ខ្លួន​ ទៅកាន់​វិនិយោគិន​ ដែល​ជា​សាធារណជន​ដើម្បី​ធ្វើ​កា​រប្រ​មួល​សាច់ប្រាក់​ មក​ធ្វើការ​វិនិយោគ​លើ​គម្រោង​ ដែល​បាន​ទទួលការ​អនុ​ ញ្ញា​ត។

ការ​លក់​ឯកតា​មូលនិធិ​ទៅកាន់​វិនិយោគិន​ អាច​ធ្វើឡើង​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​ផ្ទាល់​ ឬធ្វើឡើង​ដោយក្រុម​ហ៊ុន​ចែកចាយ​លក់​ ទិញ​ត្រលប់​មកវិញ​ឬទូទាត់​សង​។ ក្រៅពី​តួនាទី​ជា​អ្ន​កជួយ​លឯកតា​មូលនិធិ​ ក្រុមហ៊ុន​ចែកចាយ​លក់​ ទិញ​ត្រលប់​មកវិញ​ឬទូទាត់​សង​ ក៏​មាន​តួនាទី​ក្នុង​ការ​ទទួល​ទិញ​ត្រឡប់មកវិញ​ នូវ​ឯកតា​មូលនិធិ​ ដែល​អ្នក​វិនិយោគ​ចង់​លក់​ត្រឡប់ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ​ផង​ដែរ​។

តម្លៃ​ឯកតា​មូលនិធិ​ អាច​មានការ​ប្រែប្រួល​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដោយសារ​តម្លៃ​នៃ​ទ្រព្យសម្បត្តិ​បរ​ធន​វិនិយោគ​ ដោយសារ​តម្លៃ​នៃ​ទ្រព្យសម្បត្តិ​បរ​ធន​វិនិយោគ​ (Investment​ Trust​ Property​) ​អាច​មានការ​ប្រែប្រួល​។

រាល់​សាច់ប្រាក់​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ មូលនិធិ​ប្រមូល​បាន​ពី​វិនិយោគិន​តាមរយៈ​ការបោះផ្សាយ​លក់​ឯកតា​មូលនិធិ​នេះ​ នឹង​មិន​ត្រូវ​បាន​រក្សាទុក​ ដោយក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​ផ្ទាល់​នោះ​ទេ​ ពោល​គឺ​សាច់ប្រាក់​ទាំងនោះ​នឹង​ត្រូវ​រក្សាទុក​ ដោយក្រុម​ហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ ដែល​ជា​អ្នកតំណាង​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ នៃ​គម្រោង​វិនិយោគ​ ដោយ​អនុលោម​តាមច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​.)។

ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ ត្រូវតែ​ជា​ក្រុមហ៊ុន​ឯករាជ្យ​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ និង​ត្រូវ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ត្រួតពិនិត្យ​ និង​តាមដាន​យ៉ាងសកម្ម​ ព្រមទាំង​ធានា​ថា​ប្រតិបត្តិ​ការ​ និង​ការគ្រប់គ្រង​គម្រោង​វិនិយោគ​រួម​ របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ត្រូវ​ធ្វើឡើង​ដោយ​អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន​៕

អ្នកជំនាញ​៖ ខណ្ឌដូនពេញនៅតែ​ជា​តំបន់​ដែល​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេ​

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដោយសារតែ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ បាន​ជម្រុ​ញឱ្យ​តម្លៃ​ដី​មាន​កំណើន​ខ្ពស់​ ជាពិសេស​នៅក្នុង​ខណ្ឌដូនពេញ​ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ មានកម្រិត​ខ្ពស់​ជាងគេ​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ស្ថិត​ជាប់គ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌដូនពេញ​ គឺ​មានកម្រិត​ខ្ពស់​ ប៉ុន្តែ​មិនមែន​ស្មើគ្នា​គ្រប់តំបន់​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ពាណិជ្ជកម្ម​ពិសេស​ ទំហំ​ និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ថា​។លោក​ថា​ ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវ​ និង​មហាវិថី​សំ​ខាន់​ៗក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​តម្លៃ​ខុស​ៗពីគ្នា​ ហើយក៏​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ ដូច​ដី​នៅ​តំបន់​ផ្សេងទៀត​នោះ​ដែរ​ រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា​ ជា​តំបន់​ដី​កម្រ​។

ជាក់ស្ដែង​ដូចជា​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ដោយ​រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​ អាច​មានតម្លៃ​ចន្លោះ​ពី៥​,០០០​ ទៅ៦​,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ប្រសិនបើ​នៅ​កាន់​កៀ​គនឹង​តំបន់​ផ្សារ​ធំ​ថ្មី​ ឬជុំវិញ​ផ្សារថ្មី​កាន់តែ​មានតម្លៃ​ថ្លៃជាង​នេះ​។

ដោយឡែក​សម្រាប់​ដី​នៅក្នុង​ខណ្ឌដូនពេញ​រួមគ្នា​ ប៉ុន្តែ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​វិញ​ ត្រូវ​បាន​លោក​ ស៊ា​ ឆៃ​លីន​ នាយក​ក្រុម​ហ៊ុន​ឆៃ​លីន​ ស៊ា​ រៀល​ធី​ ខូ​អីល​ធី​ឌី​ប្រាប់​ឱ្យ​ដឹង​ថា​ ខ័ណ្ឌ​ដូនពេញ​តម្លៃ​ដី​ហាក់​មាន​ភាព​ខ្ពស់​ជាង​ នៅ​តាម​បណ្តា​ផ្លូវ​ធំ​មួយចំនួន​ទៀត​។ លោក​បាន​បញ្ជាក់​ថា​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ចាប់ពី​វិមានឯករាជ្យ​ ឆ្ពោះ​មកកាន់​តំបន់​វត្តភ្នំ​ពេញ​ គឺ​មិន​មាន​ដី​ទំនេរ​នោះ​ទេ​ ដែល​សូម្បី​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជា​អគារ​ពាណិជ្ជកម្ម​ត្រឹម​ទំហំ១ហិ​កតា​ ក៏​ស្ទើរតែ​រក​មិនបាន​ផង​។ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ មានកម្រិត​ខ្ពស់​ជាក់ស្ដែង​ត្រឹម​ដី​ទំហំ ២​,០០០​ ម៉ែត្រការ៉េ​ចុះក្រោម​ អាច​មានតម្លៃ​រហូតដល់៨០០០ដុល្លារ​ ឬអាច​ឈាន​ដល់១០​,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ តម្លៃ​ដីធ្លី​ខ្ពស់​ឬទាប​ វា​អាស្រ័យ​ទៅលើ​ទីតាំង​ ដែល​អាច​មាន​ភាព​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

ចំណែក​លោក​សន​ សៀ​ប នា​យក​ក្រុមហ៊ុន ​Key​ Real​ Estate​ Co​,.Ltd​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​ រុក្ខ​វិថិ​ក្រមួនស​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ធនាគារពាណិជ្ជ​ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។លោក​បន្ត​ថា​ ចាប់​គិត​ពី​ចំ​ណុច​ស្តុ​បធនាគារ​កា​ណា​ឌី​យ៉ា​ រហូត​ដល់​ស្តុ​បម​ន្ទីរ​ពេទ្យ​អង្គឌួង​ បច្ចុប្បន្ន​ ក៏​មានតម្លៃ​ខ្ពស់​ផង​ដែរ​ ពោល​គឺ​គិតជា​មធ្យម​មាន​ចន្លោះ​ចាប់ពី៦​,០០០​ ទៅ​ ៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយទៀត​នៅ​ខេត្តកំពត​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយទៀត​ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ នៅ​លើ​ផ្ទៃដី​ទំហំ​ជិត១៦ហិ​កតា​ ស្ថិតនៅ​ក្នុង​ខេត្តកំពត​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​អនុម័ត​ និង​គាំទ្រ​ឱ្យ​ចាប់​ដំណើរការ​ទៅតាម​ការ​ស្មើ​សុំ​បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​នា​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ ក្រោម​ការដឹកនាំ​ប្រជុំ​អន្តរក្រសួង​ ដោយ​លោក​ នេត​ ភក្ត្រា​ រដ្ឋ​លេខាធិ​កា​ក្រសួងបរិស្ថាន​ ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ លើ​ផ្ទៃដី​ទំហំ​ ១៥,៩០ហិ​កតា​ នៅក្នុង​ខេត្តកំពត​ ត្រូវ​បានសម្រេច​គាំទ្រ​ និង​អនុម័ត​ឱ្យ​ដំណើរការ​ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ និង​អនុវត្ត​ទៅតាមច្បាប់​។

ទីតាំង​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​មួយ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​ស្យា​ ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ត្រពាំងរាំង​ ឃុំ​តានី​ ស្រុក​អង្គរជ័យ​ ខេត្តកំពត​ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ CHH​ INVESTMENT​ CO​,. LTD​ (ម្ចាស់​គម្រោង​) សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ធី​ អិម​ ហ្រ្គីន​ ខន​សាល់​ធេ​នស៊ី​ ឯ.ក​ ។

កិច្ចប្រជុំ​នេះ​ មាន​សមាសភាព​ចូលរួម​ពី​តំណាង​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​ នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ តំណាង​អន្តរក្រសួង​ពាក់ព័ន្ធ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋបាល​ខេត្តកំពត​ មន្ទីរ​បរិស្ថាន​ខេត្តកំពត​ អង្គការ​ DPA​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ តំណាង​ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ សរុប​ប្រមាណ​ ៣៦នាក់​។

បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​ បានសម្រេច​គាំទ្រ​ក្រុមហ៊ុន​ឱ្យ​ចាប់​ដំណើរការ​អាជីវកម្ម​ ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ និង​អនុវត្ត​ទៅតាមច្បាប់​កំណត់​ ជាពិសេស​ ផ្នែក​បរិស្ថាន​ និង​សុខ​សុវត្ថិភាព​របស់​បុគ្គលិក​ កម្មករ​ ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​គម្រោង​អាជីវកម្ម​ផង​ដែរ​៕

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​៖ ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ត្រូវតែ​ឈរ​លើ​គោលការណ៍​ចំនួន៤​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​ការ​អភិវឌ្ឍ​ទីក្រុង​ ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ ហើយនឹង​ក្លាយជា​កម្លាំង​ចល​ចរ​ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​វែង​។

លោ​កវង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ វេទិកា​ស្តី​ពី​ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ (Forum​ on​ Urban​ Infrastructure​ Development​) កាលពី​ថ្ងៃទី១១​ ខែធ្នូ​ឆ្នាំ​ ២០១៩​ ម្ស​លមិ​ញនេះ​ឱ្យ​ដឹង​ថា​ ការ​គិតគូរ​ជា​យុទ្ធ​សាស្រ្ត​ ក្នុង​ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ ត្រូវតែ​ឈរ​លើ​គោលការណ៍​ចំនួន៤រួមមាន​ ទី១​៖ ការ​តភ្ជាប់​ និង​ច្រករបៀង​សេដ្ឋកិច្ច​ទីក្រុង​ ដោយ​ផ្អែកលើ​ខ្សែ​សង្វាក់​តម្លៃ​ នៃ​ផលិតកម្ម​ និង​សេវាកម្ម​។

ទី២​ ការបង្កើត​ការងារ​ ទី៣​ ការ​ធ្វើស​មា​ហរ​ណកម្ម​សង្គម​ និង​បរិ​យា​ប័ន្ន (Social​ Integration​ and​ Inclusiveness​) និង​ទី៤​ ការគ្រប់គ្រង​បរិស្ថាន​ និង​ការ​ទប់ទល់​បាន​ទៅ​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​ និង​ទី៥​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​ ក្នុង​ការគ្រប់គ្រង​ទីក្រុង​។

លោ​កវង្សី​ វិស្សុត​បាន​បន្ត​ថា​ “ជា​និន្នាការ​នៅក្នុង​រយៈពេល​វែង​ ការ​តភ្ជាប់​រវាង​ទីក្រុង​នឹង​ទីក្រុង​នឹង​ក្លាយ​ជា​កម្លំាង​ ចលករ​អូស​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​ ហើយ​នៅពេល​ដែល​ប្រទេស​កាន់តែ​រីកចម្រើន​ថែមទៀត​”។ លោក​បន្ត​ថា​“យើង​អាច​និ​បាយ​បាន​ថា​ ទីក្រុង​គឺជា​កម្លាំង​សេដ្ឋកិច្ច​ជាតិ​”។

តាម​ការ​សិក្សា​ថ្មី​ៗនេះ​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ កម្ពុជា​កំពុង​ប្រឈម​នូវ​បញ្ហា​ចំនួន៤ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​គឺ​ ១) បញ្ហា​ធនធានមនុស្ស​ និង​សមត្ថភាព​ស្ថាប័ន​ ដែល​នៅ​មិនទាន់​អាច​ឆ្លើយតប​នឹង​ទៅ​នឹង​កំណើន​ ដ៏​ឆាប់រហ័ស​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​។ ២) ការ​ខ្វះខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​ សម្រាប់​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ និង​តម្រូវការ​ធនធាន​វិនិយោគ​ដ៏​ធំធេង​ ខណៈ​ដែល​ប្រភព​ចំណូល​នៅ​មូលដ្ឋាន​មាន​ភាព​តិចតួច​នៅឡើយ​។ ៣) ការ​កើនឡើង​នៃ​ការតាំងទី​លំនៅ​ថ្មី​នៅក្នុង​ទីក្រុង​យ៉ាង​គំហុក​ អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​វិសមភាព​ផង​ដែរ​ ទាំង​នៅក្នុង​ទីក្រុង​ និង​ទាំង​រវាង​ទីក្រុង​ និង​ទី​ជនបទ​ និង៤)​ បញ្ហា​ភាព​ធន់​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​នឹង​ទៅ​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ ដូចជា​ការ​ជន់​លិចទឹក​ក្នុង​ក្រុង​ជាដើម​។

លោ​កវង្សី​ វិស្សុត​បាន​បន្ត​ទៀត​ថា​ «ការ​កសាង​ទីក្រុង​គួរ​ចង់​រស់នៅ​» ជា​និន្នាការ​មួយ​ដែល​បាន​ និង​កំពុង​រៀបចំ​ ហើយ​មានការ​អនុវត្ត​ពាសពេញ​ពិភពលោក​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដែល​មាន​ភាព​ធន់​ និង​ប្រកបដោយ​ចីរភាព​។

លោក​បាន​សង្កត់ធ្ងន់​ថា​ «ដើម្បី​អាច​សម្រេច​បាន​នូវ​ការ​កសាង​ទីក្រុង​ ដែល​ចង់​រស់នៅ​ ប្រកបដោយ​ជោគជ័យ​ យើង​ចាំបាច់​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របៀប​ចាស់​ ទាំង​ប្រជាពលរដ្ឋ​ទូទៅ​ និង​ទាំង​អ្នកដឹកនាំ​ ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ ហើយ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​ថ្មី​ ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង​”។ លោក​បន្ត​ថា​ “យើង​ត្រូវ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​នេះ​ ទាំង​តាមរយៈ​ការអប់រំ​នៅក្នុង​ថ្នាក់រៀន​ និង​នៅក្នុង​គ្រួសារ​ ក៏ដូចជា​តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផង​ដែរ​ ដើម្បី​សម្លឹង​មើល​ការរស់នៅ​របស់​យើង​ នៅក្នុង​រយៈពេល​ពី១០​ ទៅ២០​ឆ្នាំខាងមុខ​ នៅក្នុង​បរិការណ៍​នៃ​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ ការប្រែប្រួល​អាកាសធាតុ​ ការ​លេចឡើង​នូវ​ប្រភព​កំណើន​ថ្មី​ និង​បញ្ហា​ជំនាញ​ និង​ការងារ​ជាដើម​»។ល។”។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​ បាន​គូស​រំលេច​នូវ​មូលដ្ឋាន​ជា​យុទ្ធសាស្ត្រ​ចំនួន៣​ សម្រាប់ត្រី​វិស័យ​បង្ហាញផ្លូវ​ពាក់ព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ ដែល​រួមមាន​ ទី១​ ត្រូវតែ​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទីក្រុង​ ហើយ​ផ្អែកលើ​ផែនការមេ​នេះ​ ត្រូវ​រៀបចំ​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រទាក់ក្រឡា​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​រួមបញ្ចូល​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ អគ្គិសនី​ ទឹក​ស្អាត​ ប្រព័ន្ធ​បណ្តាញ​ឌីជីថល​ និង​ការគ្រប់គ្រង​កាកសំណល់​រឹង​ និង​ទឹក​កខ្វក់​ជាដើម​។ល។

ទី២​ ត្រូវ​មានការ​រៀបចំ​ស្ថាប័ន​ ដើម្បី​កំណត់​តួនាទី​ភារកិច្ច​របស់​ស្ថាប័ន​នី​មួយ​ៗ ឱ្យ​បាន​ច្បាស់លាស់​ ក្នុង​គោលដៅ​គ្រប់គ្រង​ ប្រតិបត្តិ​ការ​ និង​ថែទាំ​ សមិទ្ធផល​ទទួល​បាន​ពី​ការ​វិនិយោគ​ ព្រមទាំង​ការ​កសាង​សមត្ថភាព​មន្ត្រី​ទទួលបន្ទុក​ផង​ដែរ​។ ទី៣​ ការរៀបចំ​យន្តការ​ប្រមូល​ចំណូល​ (cost​ recovery​) ប្រកបដោយ​សមធម៌​និង​និរន្តរភាព​ សម្រាប់​ទូទាត់​លើ​ចំណាយ​វិនិយោគ​។

លោក​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កំពុង​គិ​គូរ​ រៀបចំ​យន្ត​កា​រហិញ្ញ​ប្ប​ទាន​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​រួមបញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ផង​ដែរ​ ដើម្បី​ធានា​ដល់​និរន្ត​ភាព​ នៃ​ប្រភព​ហិរញ្ញប្បទាន​ផង​ ហើយ​ធានា​បាន​នូវ​យុត្តិធម៌​សង្គម​ផង​។ ជា​ទស្សនទាន​រួម​ នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ គឺទី​ក្រុង​ត្រូវតែ​រ៉ាប់រង​ ការ​ចំណាយ​អភិវឌ្ឍន៍​នេះ​ដោយខ្លួនឯង​ ហើយ​យើង​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ នៅ​ទី​ជនបទ​ត្រូវ​រែក​ពន់​នូវ​អំ​រែក​ នៃ​ការ​ចំណាយ​នេះ​ដែរ​ឡើយ​។

ក្នុង​ន័យ​នេះ​ ទីក្រុង​គួរ​ខិតខំ​ធ្វើ​ស្វ័យ​ហិរញ្ញប្បទាន​ដោយខ្លួនឯង​ តាមរយៈ​ការស្វែងរក​ប្រភព​ចំណូល​ពី​ការគ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​ដីធ្លី​នៅក្នុង​តំបន់​របស់​ខ្លួន​ ការ​យកពន្ធ​នៅ​តាម​មូលដ្ឋាន​ ពិសេស​ពន្ធ​លើ​អចលនទ្រព្យ​ និង​ការ​បង់ថ្លៃ​ពី​អ្នកប្រើ​ប្រាស់​ ព្រមទាំង​ការផ្ទេរ​ធនធាន​ពី​ថ្នាក់​ជាតិ​ ក្នុងករណី​ចាំបាច់​។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ស្នើ​ដល់​ ADB​ ឱ្យ​ពន្លា​តការចូលរួម​ នៅក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​របស់​ខ្លួន​ ឱ្យ​បាន​ទៅដល់​ទី​ក្រុង​ផ្សេង​ៗទៀត​ ដោយ​ពុំគួរ​ផ្តោត​តែ​ទៅលើ​ទី​ក្រុង​ធំៗ​ ឬទីក្រុង​ថ្នាក់​ទី១​ (Metropolitan​ or​ First​ Tier​ City​)ទេ​ ពោល​គឺ​ត្រូវ​ផ្តោត​ទៅលើ​ទីក្រុង​ថ្នាក់​ទី២​ (Second​ Tier​ City​) និង​ ថ្នាក់​ទី៣​ (Third​ Tier​ City​) ផង​ដែរ​។ ការ​ធ្វើ​ដូចនេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​អត្រា​តាំងទីលំនៅ​ថ្មី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​បង្វែរ​ទិសដៅ​ឱ្យទៅ​កាន់​តំបន់​ ឬទី​ក្រុង​ផ្សេង​ៗទៀត​ តាមរយៈ​យុទ្ធសាស្ត្រ​បង្កើត​ការងារ​ និង​ការបង្កើត​លំនៅឋាន​គួរ​ឱ្យ​ចង់​រស់នៅ​៕

សម្ដេច​តេជោ​ ហ៊ុន​ សែន​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​នឹង​សាងសង់​បញ្ចប់​នៅ​ឆ្នាំ២០២២​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ហ៊ុន​ សែន ​បាន​បញ្ជាក់​ថា​ ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​កំពុង​ដំណើរ​កា​រយ៉ោ​ងសកម្ម​ ដែល​មកទល់​ខែធ្នូ២០១៩នេះ​ ដែល​បច្ចុប្បន្ន​សម្រេច​បាន​ជាង៧​% ហើយ​ ហើយ​ផ្លូវ​នេះ​គ្រោង​សាងសង់​អោយ​រួច​ជាស្ថាពរ​នៅ​ឆ្នាំ​ ២០២២​ មុ​នប្រារព្ឋ​បើក​កីឡា​ស៊ី​ហ្គេម​ (Sea​ Games​) ជា​ប្រវត្តិ​សាស្រ្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣​។

ចាប់តាំងពី​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​មក​ ល្បឿន​នៃ​ការ​កសាង​ប្រទេសជាតិ​ក៏​កាន់តែ​ដើរលឿន​ទៅមុខ​។ ក្នុង​មួយរយៈពេល​ដ៏​ខ្លី​ចុងក្រោយ​នេះ​ គឺ​កម្ពុជា​បាន​សាង​សង់​ហេ​ដ្ធា​រចនាសម្ព័ន្ឋ​ជាច្រើន​មានផ្លូវ​ ថ្នល់​តូច​ធំ​ និង​ស្ពាន​កាត់​ទន្លេ​ និង​ស្ពាន​អាកាស​ជាច្រើន​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ការ​ប្រកប​អាជីវកម្ម​តូច​ធំ​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​។

សម្ដេច​តេជោ​ហ៊ុន​ សែន​ ​បាន​សរសេរ​បណ្តាញ​សង្គម​ Facebook ​ផ្លូវការ​ថា​ “ទន្ទឹម​នឹង​នេះ​ដែរ​ ការសាងសង់​ “ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​” គឺ​កំពុង​ដំណើរ​កា​រយ៉ោ​ងសកម្ម​ ដែល​មកទល់​ខែធ្នូ២០១៩នេះ​”។

សម្តេច​បាន​បន្ត​ថា​ “ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​ (Expressway​) នេះ​គឺ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ ព្រោះ​ផ្លូវ​ល្បឿន​លឿន​អាច​បម្រើសេវា​កម្ម​ដឹកជញ្ជូន​បាន​ល្អ​លឿន​រហ័ស​ទាន់ពេល​ និង​ចំណេញពេលវេលា​ដឹកជញ្ជូន​ ជាង​ផ្លូវ​ធម្មតា​ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​ សម្រាប់​បម្រើ​អោយ​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ៗ និង​សកម្មភាព​ដឹកជញ្ជូន​ធន់​ធ្ងន់​ក្នុង​កម្រិត​អន្តរជាតិ​ផង​ដែរ​”។

ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​ (Expressway​) គឺ​ស្រប​ទៅ​នឹង​សមាហរណកម្ម​ក្នុង​តំបន់​ទាំង​ក្នុង​អាស៊ាន​ និង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ នឹង​ពិភពលោក​ទាំងមូល​ ដែល​នឹង​ជួយ​តភា្ជប់​បណ្តាញ​ដឹកជញ្ជូន​ ក្នុង​តំបន់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ និង​ជា​ការ​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​កម្ពុជា​ ឲ្យ​សមស្រប​ទៅតាម​ការ​អភិវឌ្ឍ​បែប​សាកល​ភាវូបនីយកម្ម​ ព្រមទាំង​ជួយ​បង្កើន​នូវ​តុល្យភាព​ នៃ​ការ​អភិវឌ្ឍ​ដែនដី​ ដោយ​ផ្សារភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយនឹង​ទីរួមខេត្ត​នានា​ និង​ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់​ពិភពលោក​ទៀតផង​។

ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​តេជោ​ហ៊ុន​ សែន​ នា​យក​រដ្ធ​មន្រ្តី​ នឹង​កាន់តែ​រីកចម្រើន​លឿនទៅមុខ​ ដែល​ផ្តល់​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើនឡើង​ដល់​បងប្អូន​ប្រជា​ពល​រដ្ធ​នៅ​ទូទាំង​ប្រទេស​៕

បុរី​ប៉េង​ ហួត​បើ​កសម្ភោ​ធគំរោង​ថ្មី​ជាមួយ​ផ្ទៃដី​ទំហំ​ធំជាង​ ១០០ហិ​កតា​

ដោយ ​រតនៈ​

ភ្នំ​ពេញៈ​ បុរី​ប៉េង​ ហួត​បាន​ប្រកាស​បើ​កសម្ភោ​ធគំរោង​ថ្មី​ ដែល​មាន​ទំហំ​ធំជាង១០០ហិ​កតា​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ និង​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ ពី​គម្រោ​ងធំ​ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី១​ នា​ពេល​កន្លងមក​។

គំរោង​ដ៏​ធំ​នេះ​ បាន​បើ​កសម្ភោ​ធនា​ព្រឹក​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ បុរី​ ប៉េង​ ហួត​ បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​គម្រោ​ងហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​ “អេកូ​ ខល​ឡិក​សិន​” ក្នុង​មហា​ព្រឹត្តិ​ការណ៍​ “ភាព​ឥត​ខ្ចោះ​នៃ​ជីវិត​រស់នៅ​ក្នុង​ដែន​បៃតង​” ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ការរស់នៅ​ក្នុង​បរិយាកាស​ធម្មជាតិ​ពិ​តៗ​ និង​ទំនើប​ទាន់សម័យ​។ មហា​ព្រឹត្តិ​ការណ៍​នេះ​ ប្រារព្ធ​ឡើង​នៅ​ទីតាំង​ទល់មុខ​ផ្ទះ​គំរូ​វីឡា​ King​ A ថ្មី​ស្ថិតនៅ​លើ​រុក្ខវិថី​ រ៉ូ​សា​តូ​ ក្នុង​គម្រោង​ បុរី​ ប៉េង​ ហួត​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ (បឹង​ស្នោ​) ចម្ងាយ​ត្រឹមតែ៥នាទី​ ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស ​(ច្បារអំពៅ​) ចាប់ពី​ថ្ងៃទី១២​ ដល់​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០១៩​ វេលា​ម៉ោង៩​:០០​ នាទី​ព្រឹក​ ដល់ម៉ោង៩​:០០​ នាទី​យប់​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ លោកជំទាវ​ហុង​ ដា​នី​ អគ្គ​នាយិកា​ ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ”ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ មាន​មោទនភាព​ក្រៃលែង​ ដែល​បាន​នាំមក​ជូន​លោកអ្នក​នូវ​គម្រោង​ថ្មី​ទាំងពីរ​នេះ​ គឺជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​ ក្នុងចំណោម​គម្រោង​ទាំង៦​ នៃ​គម្រោ​ងធំ​ហ្រ្គេន​ស្តា​ ផ្លា​ទី​នីម​ ដំណាក់កាល​ទី២​“អេកូ​ ខល​ឡិក​សិន​” និង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង១០០ហិ​កតា​។ ជាមួយ​គម្រោ​ងដឹស្តា​ ផ្លា​ទី​នីម​ អេកូ​មេ​ឡូ​ឌី​ និង​ដឹស្តា​ ផ្លា​ទី​នីម​អេ​កូ​ឌែ​លតា​ អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​រស់នៅ​បែប​ទំនើប​ អម​ជាមួយ​ធម្មជាតិ​ចំរុះ​ដ៏​ស្រស់បំព្រង​ និង​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែបជា​ច្រើន​។

​លោកជំទាវ​បាន​បន្ត​ទៀត​ថា​ “គម្រោង​ថ្មី​ទាំងពីរ​នេះ​ ជា​គម្រោង​ចុងក្រោយ​បំផុត​សម្រាប់​ឆ្នាំ២០១៩​ ដែល​ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០២០​ ក៏ដូចជា​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​វិស័យ​អចលនទ្រព្យ​ ​ដែល​ផ្តល់​ជូន​នូវ​ភាព​សម្បូរ​បែប​នៃ​ការរស់នៅ​បែប​ថ្មី​ កាន់តែ​ទំនើប​ និង​ឲ្យ​ស្រប​ទៅ​នឹង​ពាក្យស្លោក​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ “ប៉េង​ហួត​ ធ្វើឲ្យ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​ ”។

ក្នុង​មហា​ព្រឹត្តិ​ការណ៍​ដ៏​ពិសេស​នេះ​ផង​ដែរ​ អតិថិជន​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោ​ងហ្គ្រេន​ ស្តា​ផ្លា​ទី​នីម​ វគ្គ២​ “អេកូ​ ខល​ឡិក​សិន​” រឺ​ គម្រោង​ណាមួយ​របស់​បុរី​ ប៉េង​ ហួត​ លោកអ្នក​នឹង​ទទួល​បាន​សំណាង​យ៉ាង​សន្ធឹក​សន្ធាប់​ ដូចជា​: សំណាង​ទី១​ ពី​ស្លឹក​បព្ចា​លាភ​ នោះ​គឺ​ ការ​បញ្ចុះតម្លៃ​រហូតដល់២០ម៉ឺន​ដុល្លារ​ នេះ​ជា​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ដែល​លោកអ្នក​ នឹកស្មាន​មិនដល់​។

សំណាង​ទី២​ ពី​ស្លឹក​បព្ចា​លាភ​ គឺ​គ្រាន់តែ​ចូលរួម​ក្នុង​កម្មវិធី​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ ទូរសព្ទ​ដៃ ​iPhone​ 11​ Pro​ Max​ និង​ រង្វាន់​ជាច្រើន​ទៀត​។ លោក​ អ្នក​នឹងអាច​ទទួល​បាន​នៅ​ សំណាង​ពី​ស្លឹក​បព្ចា​លាភ៣ផ្សេងទៀត​ នៅក្នុង​មហា​ព្រឹត្ត​ការណ៍​នេះ​ផ្ទាល់​ផង​ដែរ​។ សូម​រួសរាន់​ឡើង​ ការ​ផ្តល់​ជូន​ពិសេស​នេះ​ មានកំណត់​ត្រឹមតែ​ថ្ងៃ​តែប៉ុណ្ណោះ​ គឺ​ចាប់ពី​ថ្ងៃទី១២​ ដល់​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​។

មហា​ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ បើក​ជូន​សាធារណជន​ ចូលរួម​ដោយសេរី​។

ស្រប​ពេល​ជាមួយគ្នា​ផង​ដែរ​ លោកអ្នក​នឹង​ទទួល​បាន​ សេវាកម្ម​ប្រាក់កម្ចី​ លំនៅឋាន​ពី​ធនាគារ​ ជាច្រើន​ជម្រើស​ជាមួយនឹង​អត្រា​ការប្រាក់​ដ៏​សមរម្យ​ ក្នុង​មហា​ព្រឹត្តិ​ការណ៍​ ដ៏​អស្ចារ្យ​នេះ​ផ្ទាល់​តែម្តង​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរសព្ទ​លេខ​ 015​ 90​ 6789​ Email​: sale​@penghuoth.com​ឬចូល​ទៅកាន់​គេហទំព័រ​ Facebook​: www.facebook.com​/boreypenghuoth​៕

រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា​ អនុលោម​តាម​នីតិវិធី​របស់​សហភាព​អឺរ៉ុប​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ភារកិច្ច​ប្រគល់​ជូន​គណៈកម្មការ​អឺរ៉ុប​ នៅ​ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៩​ ជា​ការ​ឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​រក​ឃើញ​ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​និង​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ជា​បណ្តោះអាសន្ន​ ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​ ក្រោម​កម្មវិធី​ “គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​”។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ សេចក្តី​ឆ្លើយតប​ចុងក្រោយ​នេះ​ គឺជា​របាយការណ៍​គ្រប់ជ្រុងជ្រោយ​អំពី​សកម្មភាព​ និង​វិធានការណ៍​នានា​ដែល​រាជរដ្ឋាភិបាល​ បាន​អនុវត្ត​ឆ្លើយតប​ ទៅ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការ​ព្រួយបារម្ភ​ របស់​គណៈកម្មការ​អឺរ៉ុប​ ជា​អា​ទី៍​ រួមមាន​ ការគោរព​សិទ្ធិ​ក្នុង​ការចូលរួម​នយោបាយ​ សិទ្ធិ​ដីធ្លី​ សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​បង្កើត​សមាគម​ជាដើម​។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា​ ក្នុង​ចន្លោះ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​ខ្លួន​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០២០ខាងមុខនេះ​ រាជរដ្ឋាភិបាល​សង្ឃឹមថា​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ប្រកបដោយ​សុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការអនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​” ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម​ដល់​កម្ម​ការីនី​ប្រមាណ​ជិត​មួយ​លាន​នាក់​ និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ឈ្នួល​របស់​ពួកគេ​ រួម​ទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព​ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​៕

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​កណ្តាល​ក្រុងភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​សិក្សា​ គម្រោង​ស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ កណ្តាល​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​ និង​បញ្ចៀស​ការ​កកស្ទះ​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​។

លោក​ទេស​រដ្ឋ​មន្ដ្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១​ ខែធ្នូ​ ម្សិលមិញ​នេះ​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​រថភ្លើង​ ចាប់ពី​ស្ថានីយ​រាជាយស្ម័យ​យាន​ ឆ្ពោះទៅ​ស្ថានីយ​ពោធិ៍​ចិន​តុង​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុ​លន​បាន​មានប្រសាសន៍​ថា​ ការ​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង​ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ សាងសង់​ផ្លូវ​បេតុង​អា​មេ​ អម​សងខាង​ផ្លូវ​រថភ្លើង​ ចាប់ពី​ចំណុច​មហា​វិ​ថី​គឹម​អ៊ី​លសុង​ ដល់​វិថី​ឈ្នះ​ឈ្នះ​ (ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​) តភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី​ ក៏ដូចជា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ និង​សម្រួល​ដល់​ការ​ដឹកទំនិញ​ឆ្លងកាត់​ចូល​ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បន្ត​ថា​ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​រាជាយស្ម័យ​យាន​កម្ពុជា​ ធ្វើការ​សិក្សា​លទ្ធភាព​ និង​ផល​ប៉ះពាល់​កំណាត់ផ្លូវ​នេះ​ ដើម្បើ​លើក​សំណើ​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​ និង​ស្វែងរក​ថវិកា​សាងសង់​ផង​ដែរ​”។

លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ដែរ​ថា​ គម្រោង​ស្ថាបនា​ផ្លូវ​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​រំដោះ​ការ​ធ្វើ​ចរាចរណ៍​ នៅ​តាម​បណ្តោយ​ផ្លូវ​វសហព័ន្ធ​រុស្សី​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ខណៈ​ផ្លូវ​សហព័ន្ធ​រុស្សី​បច្ចុប្បន្ន​ កំពុង​ប្រឈម​ការ​កកស្ទះ​យ៉ាង​ខ្លាំង​ស្ទើ​តែ​រៀងរាល់ថ្ងៃ​៕

ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ​មួយ​របស់​អាមេរិក​គ្រោង​នឹង​ឈានជើង​ចូល​ទី​ផ្សារកម្ពុជា

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សៀម​ Taco​ Co​ ដែល​ជា​ដៃគូ​អាជីវកម្ម​ផ្តាច់​មុខ​របស់​ភោជនីយ​ដ្ឋាន​ Taco​ Bell​ ដែល​ជា​ភោជនីយដ្ឋាន​​អាហារ​រហ័ស​របស់​អាមេរិក​ កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​សិទ្ធិ​អាជីវកម្ម​ ក្នុង​ការពង្រីក​ខ្សែ​សង្វាក់​អាជីវកម្ម​នៅក្នុង​តំបន់​។

លោក ​Chalermchai​ Mahagitsiri​ នាយក​ក្រុមហ៊ុន​ត្រូវ​បាន​រាយការណ៍​ ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ក្រុមហ៊ុន​ចង់បើ​កភោជនីយដ្ឋាន​ Taco​ Bell​ នៅក្នុង​តំបន់ ​CLMV​ ដែល​រួមមាន​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ដែល​ជា​តំបន់​មាន​សក្តា​នុ​ពល​ទីផ្សារ​ខ្លាំង​។ ក្រុមហ៊ុន​ Siam​ Taco​ គឺជា​ការ​បណ្តាក់​ទុន​រួមគ្នា​នៃ​ទីភ្នាក់ងារ​ថៃ​ Thoresen​ Thai​ Agencies​ និង​ស៊ី​ CM​ Capital​ ដែល​កាន់កាប់​ដោយ​គ្រួសារ​ Mahagitsiri​។

ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំមុន​ បាន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ដំណើរការ​ភោជនីយដ្ឋាន​ Taco​ Bell​ នៅ​ថៃ​ដោយ​បើកហាង​ដំបូង​ នៅ​ខែមករា​នៅ​ជាន់ទី១​ នៃ​ផ្សារ​ Mercury​ Ville​ ទល់មុខ​នឹង​មជ្ឈមណ្ឌល​កម្សាន្ ត​Central​ Chidlom​។

ថៃ​គឺជា​ប្រទេស​ទី​ ២ នៅ​អាស៊ាន​ដែល​បើក​ភោជនីយដ្ឋាន​ Taco​ Bell​ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន​។

លោក​ Ankush​ Tuli​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Taco​ Bell​ អាស៊ី​ និង​ប៉ាស៊ីហ្វិក​ និង​មជ្ឈឹ​មបូព៌ា​បាន​និយាយ​ថា​ កិច្ច​ពិភាក្សា​អំពី​ការពង្រីក​កំពុង​ដំណើរការ​ ហើយ​មិនទាន់​មានការ​សន្និដ្ឋាន​នៅឡើយ​ទេ​។

លោក​ Tuli​ បាន​និយាយ​ថា​ “វា​អាច​ទៅរួច​នា​ពេល​អនាគត​ ប៉ុន្តែ​បច្ចុប្បន្ន​យើង​គ្រាន់តែ​ចង់​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ លើ​ប្រទេស​ថៃ​ដែល​ជាទី​ផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ ដែល​ទទួល​បាន​ជោគជ័យ​បំផុត​របស់​យើង​”។ លោក​បន្ត​ថា​ “ថៃ​ និង​អាស៊ី​ប៉ាស៊ីហ្វិក​ នឹង​ក្លាយជា​អ្នកចូលរួម​ចំណែក​ ក្នុង​ការ​លក់​សំខាន់​ដល់ ​Taco​ Bell​ ទូទាំង​ពិភពលោក​នា​ពេល​អនាគត​ ហើយ​ Taco​ Bell​ ក៏​នឹង​ក្លាយជា​យីហោ​ដ៏​សំខាន់​”។

Taco​ Bell​ រួមចំណែក១៥ភាគរយ​ នៃ​ការ​លក់​របស់​ក្រុមហ៊ុន​ Yum​។ ការ​លក់​ខ្សែ​សង្វាក់​នេះ​ បាន​ឈាន​ដល់​ទឹកប្រាក់១១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨​ ។

ក្រុម​ Taco​ Bell​ មាន​ភោជនីយដ្ឋាន​ Taco​ Bell​ ជាង៧០០០​ កន្លែងនៅ​អាមេរិក​ និង​ ៥៨០កន្លែងនៅ៣០​ ប្រទេស​ផ្សេងទៀត​ ក្នុង​នោះ​មាន១១​ ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​៕

ADB​ ផ្តល់​កម្ចី​ចំនួន​ជាង​ ៣០០០​ លាន​ដុល្លារ​ដើម្បី​អភិ​ឌ្ឍ​ន៍​កម្ពុជា

​ដោយ វុត្ថា

​ភ្នំពេញ​៖ គិត​ចាប់ពី​ឆ្នាំ១៩៩២​ រហូតដល់​បច្ចុប្បន្ន​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ ការ​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​ គម្រោង​អភិវឌ្ឍន៍​នានា​ មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ ៣,៣៦៤​ លាន​ដុល្លារ​ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​ប្រមាណ​ ២,៨៦៦លាន​ដុល្លារ​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ​ ៤៩៨​ លាន​ដុល្លារ​អាមេរិក​។

លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ វេទិកា​ ស្តី​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ (Forum​ on​ Urban​ Infrastructure​ Development​) កាលពី​ថ្ងៃទី​ ១១​ ខែធ្នូ​ឆ្នាំ​ ២០១៩​ ម្ស​លមិ​ញនេះ​ ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​គម្រោង​ហិរញ្ញប្បទាន​ដោយ​ ADB​ លើ​ការ​អភិវឌ្ឍ​ក្រុង​ មាន​គម្រោង​ចំនួន​ ១១​ កំពុង​ដំណើរការ​ និង​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ ៤៨៥​ លាន​ដុល្លារ​អាមេរិក​។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​ វង្សី​ វិស្សុត​ បា​នន្លែង​ថា​ វេទិកា​នេះ​ពិតជា​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ផ្តល់​ជា​ធាតុ​ចូល​ ដល់​កិច្ច​អភិវឌ្ឍ​កម្ពុជា​ ហើយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ ២០១៩​-២០២៣​ (CPS​) រវាង​ ADB​ និង​កម្ពុជា​ ដែល​ទើបត្រូវ​បាន​អនុ​ម័ត​ថ្មី​ៗនេះ​ ក៏​នឹង​ផ្តោត​ទៅលើ​ការងារ​ «ការ​កសាង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​» (Building​ livable​ cities​) ដែល​ស្របគ្នា​ទៅ​នឹង​គោលដៅ​ជា​យុទ្ធ​សាស្រ្ត​ ក្នុង​ការ​ពង្រឹង​ការរៀបចំ​ដែនដី​ និង​នគរ​រូប​នី​យក​ម្ម​ ដែល​ជា​វិស័យ​អាទិភាព​មួយ​ ដូច​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ថ្មីនេះ​ នឹង​ចូលរួម​ចំណែក​ជួយ​កម្ពុជា​ ឱ្យ​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​៕