រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ដើម្បី​គ្រប់គ្រង​ស្ថានីយ​ប្រេងឥន្ធនៈ​ និង​ឧស្ម័ន

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ បាន​ នឹង​កំពុង​កសាង​ និង​ដាក់ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​មួយចំនួន​ដើម្បី​ធានា​សុវត្ថិភាព​ និង​គ្រប់គ្រង​វិស័យ​ប្រេងកាត​ឱ្យ​មានប្រសិទ្ធភាព​។

ការ​ដាក់ចេញ​នូវ​យុទ្ធនាការ​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​រួមមាន​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​មួួយ​ចំនួន​ដូចជា​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ សារាចរ​ស្តី​ពី​សុវត្ថិភាព​ សម្រាប់​រៀបចំ​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ ប្រកាស​ស្តី​ពី​នីតិវិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​ សុវត្ថិភាព​ បង្កើត​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​។

ការសម្រេច​កំណត់​ឱ្យ​អនុវត្ត​នេះ​ ដើម្បី​ជា​មូលដ្ឋាន​គតិ​យុត្ត​ក្នុង​ការគ្រប់គ្រង​ និង​ជា​មូលដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​សម្រាប់​ការបង្កើត​ស្ថានីយ​ថ្មី​ និង​ការ​កែសម្រួល​សំណង់​ស្ថានីយ​ចាស់​ឱ្យ​មាន​សុវត្ថិភាព​ ក្នុង​គោលដៅ​កាត់បន្ថយ​ឧបទ្ទវហេតុ​ គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ពិនិត្យ​ឃើញថា​ មាន​ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​មួយចំនួន​នៅ​តាម​បណ្តា​រាជធានី​ / ខេត្ត​ កំពុងធ្វើការ​សាងសង់​ និង​ដំណើរការ​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​របស់​ខ្លួន​ ដោយ​ខុស​បទដ្ឋាន​បច្ចេកទេស​ និង​ពុំ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​នៅឡើយ​។

ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំងនោះ​ពី​បទដ្ឋាន​សុវត្ថិភាព​នីតិវិធី​ច្បាប់​រួចហើយ​។ ជា​លទ្ធផល​ ក្រសួង​រ៉ែ​ និង​ថាមពល​សង្កេតឃើញ​ថា​ មាន​ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ជាច្រើន​ ចាប់ផ្តើម​មក​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ជាបន្តបន្ទាប់​ នៅ​តាម​បណ្តា​មន្ទីរ​រ៉ែ​ និង​ថាមពល​រាជធានី​ / ខេត្ត​ និង​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​។

ជំហាន​បន្ត​ ក្រសួង​រ៉ែ​និង​ថាមពល​ តាមរយៈ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ និង​អធិការកិច្ច​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​ នឹង​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​តាមច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​នានា​ជាធរមាន​។

វិធានការ​ច្បាប់​ ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ និង​បទល្មើស​នានា​ក្នុង​វិស័យ​ប្រេងកាត​ និង​ត្រូវ​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​ ដោយ​មន្ត្រី​អធិការកិច្ច​ដែល​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​។

ក្រសួង​រ៉ែ​ និង​ថាមពល​ សូម​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ និង​អាជីវករ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់​ សហការ​អនុវត្ត​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​ និង​គោរពច្បាប់​ទាំងអស់គ្នា​ សំដៅ​រក្សា​បាន​នូវ​និរន្ត​ភាព​នៃ​អាជីវកម្ម​របស់​បងប្អូន​អាជីវករ​ និង​រក្សា​បាន​នូវ​និរន្ត​ភាព​នៃ​បែបផែន​បច្ចេកទេស​សុវត្ថិភាព​ទាំងអស់គ្នា​ ដើម្បី​ឱ្យ​មាន​សុខដុម​នី​យក​ម្ម​ក្នុង​មុខរបរ​ផង​ និង​សង្គតិភាព​នៃ​ការអនុវត្ត​ច្បាប់​ ប្រកបដោយ​សុវត្ថិភាព​ទាំងអស់គ្នា​៕

សម្តេច​តេជោ​ជំរុញ​ឱ្យ​មានការ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ ជាពិសេស​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​ លោក​ ជឿង​ ហ័​រប៊ិញ​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ថ្ងៃទី​ ១៣​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​ មានការ​រីក​ចំរើន​ និង​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​។

សម្តេច​បន្ត​ថា​ ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​គឺ​ជួយ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​ផង​ដែរ​ ដែល​ក្នុង​ន័យ​នេះ​សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​យ៉ាងណា​ សម្ដេច​តេជោ​បន្ត​ថា​ វិស័យ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កំណត់​ឱ្យ​ដល់កម្រិត៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០នេះ​ តែ​ការពិត​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺ​អាច​ធំជាង​ ៥ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​ ព្រោះថា​ទំហំ​ពាណិជ្ជកម្ម​ដែល​មាននៅ​ក្នុង​បញ្ជី​មាន​តួលេខ​ផ្សេង​យើង​ក៏​មាន​ទំហំ​ពាណិជ្ជកម្ម​ដែល​មិន​មាន​ចុះ​នៅក្នុង​បញ្ជី​ផង​ដែរ​ ដូចជា​ការ​នាំ​ស្រូវ​ទៅ​វៀតណាម​ជាដើម​ ដែល​ពុំ​មានការ​កត់ត្រា​នៅក្នុង​បញ្ជី​។

សម្ដេច​តេជោ​ថា​ កម្ពុជា​នៅ​ឆ្នាំក្រោយ​នេះ​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ក្នុង​នៅ​នេះ​គប្បី​ណា​ប្រទេស​យើង​ទាំងពីរ​សហការ​គ្នា​រួមគ្នា​គាំទ្រ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​នៅ​កិច្ចប្រជុំ​នៅ​វៀតណាម​និង​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំងពីរ​នេះ​បាន​រីកចម្រើន​ឡើង​ថែមទៀត​។

លោក​ ជឿង​ ហ័​រប៊ិញ​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នៅ​ប្រទេស​វៀតណាម​មានការ​អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​គោលដៅ​ទាំង១២​ របស់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​ដាក់ចេញ​មក​ត្រូវ​បានសម្រេច​ហើយ​កំពុងតែ​ជំរុញ​ការអនុវត្ត​ឲ្យបាន​សម្រេច​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។

លោក​បន្ត​ថា​ សេដ្ឋកិច្ច​វៀតណាម​នៅពេល​នេះ​ មានការ​កើនឡើង​ប្រមាណ​ ៧ភាគរយ​ ហើយ​អតិផរណា​ទាប​មាន​ប្រមាណ​តែ​ ២ភាគរយ​ប៉ុណ្ណោះ​។ លោក​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ជាមួយនឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​លើ​គ្រប់​វិស័យ​ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​ លើ​វិស័យ​សន្តិសុខ​សណ្តាប់​ធ្នាប់​តាម​ព្រំដែន​ វិស័យ​សេដ្ឋកិច្ច​ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​៕

ពានរង្វាន់​ទាំង២៦ត្រូវ​បាន​ប្រគល់​ជូន​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ភ្នាក់ងារ​ឆ្នើម​ប្រចាំឆ្នាំ២០១៩​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ ​មហា​ព្រឹត្តិ​ការណ៍​លើក​ទី២នៃ​ការស្វែងរក​ និង​ប្រគល់​ពានរង្វាន់​ដល់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ភ្នាក់ងារ​ ក៏ដូចជា​ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ២០១៩​ ដែ​លប្រារ​ព្វ​ឡើង​កាលពី​រាត្រី​ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​រួម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​ជុំគ្នា​ផង​ដែរ​។

លោ​កនង​ ពិសិដ្ឋ​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ពការ​គាំទ្រ​ ចំពោះ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​ដល់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ដែល​មាន​ភាព​លេចធ្លោ​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ខ្ពស់​។

លោ​កនង​ ពិសិដ្ឋ​បាន​មានប្រសាសន៍​ថា​ “ការ​ខិតខំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រគល់​បាន​រង្វាន់​នៅពេល​នេះ​ ជា​ការចូលរួម​វិភាគទាន​ ដ៏​មានតម្លៃ​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ពង្រឹង​ និង​ពង្រីក​សក្ដានុពល​ គុណភាព​លើ​ការ​សេវាកម្ម​វាយតម្លៃ​ ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​”។

លោក​បន្ត​ទៀត​ថា​“ក្នុងនាម​ជា​បញ្ញត្តិ​ករ​ ខ្ញុំបាទ​យល់ឃើញ​ថា​ ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ២០១៩​ ដែល​រៀបចំ ឡើង​ដោយក្រុម​ហ៊ុន​គេហទំព័រ​អចលនទ្រព្យ​ Realestate.com.kh​ នៅពេល​នេះ​ គឺ​មាន​សារសំខាន់​នូវ​ការ​ប្រមូល​ផ្តុំ​ នូវ​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ឱ្យ​ស្ថិតនៅ​ក្នុង​ក្រម​ខ័ណ្ឌ​មួយ​ មាន​ភាព​ងាយស្រួល​ក្នុង​ប្រមូល​ផ្តុំ​ និង​ចងក្រង​នូវ​មូលដ្ឋាន​គ្រឹះ​ កសាង​សម​ត្ថិ​ភាព​ វិជ្ជាជីវៈ​លើកកម្ពស់​គុណភាព​ លើ​ការ​ផ្តល់​សេវាកម្ម​នៅក្នុង​វិស័យ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​”។

គ្រប់​ក្រុមហ៊ុន​ដែល​បាន​ដាក់ពាក្យ​ស្នើ​ សុំ​ចូល​រួម​ប្រ​គួត​នៅក្នុង​កម្មវិធី​នេះ​ មាន​ជាង ១០០ក្រុមហ៊ុន​ ដែល​សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ ស្របតាម​គោលការណ៍​របស់ក្រ​សួង​ដែល​បាន​ដាក់ចេញ​ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​មួយចំនួន​តូច​ ដែល​មិន​មាន​ចុះបញ្ជី​គ្រប់គ្រាន់​ និង​ត្រឹមត្រូវ​ត្រូវ​បាន​ក្រសួង​ជម្រុះ​ចេញពី​បេក្ខភាព​ប្រកួតប្រជែង​។

លោក​ Tom​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​ Realestate.com.kh​ បាន​មានប្រសាសន៍​ថា​ ការបង្កើត​ឱ្យ​មានកម្ម​វិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​នេះ​ ក្នុង​គោលបំណង​កំណត់​អំពី​ស្តង់ដារ​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ ភ្នាក់ងារ​អចលនវត្ថុ​ និង​ក្រុមហ៊ុន​វាយតម្លៃ​ និង​គ្រប់គ្រង​អចលនវត្ថុ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ព្រឹត្តិ​ការណ៍​នេះ​គឺជា​លើក​ទី២ហើយ​ ក្រោម​ការ​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ប្រកួត​យ៉ាងសកម្ម​ ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ដែល​កំពុង​អាស្រ័យផល​ និង​ដំណើរការ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​បាន​បញ្ជាក់​ថា​ ជាមួយនឹង​សមិទ្ធិ​ផល​ដែល​ទទួល​បាន​នៅពេល​នេះ​ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ជោគជ័យ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ហើយនឹង​បន្ត​រៀបចំ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​បណ្តា​ក្រុមហ៊ុន​នានា​ ឱ្យ​បង្កើន​សមត្ថភាព​ ក្នុង​ប្រកួតប្រជែង​ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ KH​ Land​ លោក​ ថន​ បូរ៉ា​ ដែល​បាន​ចូលរួម​ និង​ជា​អ្នកគាំទ្រ​ឧបត្ថម្ភ​ធំ​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំ​មួយ​នេះ​ បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​យល់ថា​ ការរៀបចំ​ឱ្យ​ព្រឹត្តិ​ការណ៍​នេះ​ គឺ​មាន​សារសំខាន់​បំផុត​ចំពោះ​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផង​ដែរ​ ដែល​ពួកគាត់​អាច​បង្ហាញ​ពី​ភាព​រីកចម្រើន​ ការ​អភិវឌ្ឍ​ និង​មាន​ភាព​លេចធ្លោ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ រហូត​បាន​ទទួល​ពានរង្វាន់​ប្រចាំឆ្នាំ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ប្រគល់​ពានរង្វាន់​ដល់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​ប្រចាំឆ្នាំ២០១៩នេះ​ វា​ជា​កម្មវិធី​ដ៏​ធំ​ ដែល​មាន​សារសំខាន់​សម្រាប់​ក្រុមហ៊ុន​ទាំងអស់​។ ការចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ KH​ Land​ នៅពេល​នេះ​ គឺ​ចង់​ចូលរួម​ជម្រុ​ញវិស័យ​នេះ​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​រីកចម្រើន​បន្ថែម​ទៀត​តទៅ​ថ្ងៃ​អនាគត​”៕



កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ដោយ​ជោគជ័យ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ និង​មេដឹកនាំ​ចិន​លោក​ស៊ី​ ជី​នពីង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដោយ​ជោគជ័យ​។ នេះ​បើ​យោង​តាម​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។

កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ នឹង​ត្រូវ​ពន្យា​ពេល​លើ​ការ​តំឡើង​ពន្ធគយ​ដែល​បាន​គ្រោងទុក​នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ លើ​ទំនិញ​ចិន​ដែល​មានតម្លៃ១៦០​ ពាន់​លាន​ដុល្លារ​ និង​ពន្ធ​ទាប​ដែល​បាន​ដាក់​រួចហើយ​។ ចំពោះ​ភាគី​ខាង​កិច្ច​ព្រមព្រៀង​របស់​ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​បង្កើន​ទំនិញ​កសិកម្ម​របស់​អាមេរិក​។

លោក​ Trump​ បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជិត​មកដល់​ហើយ​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ “ការ​ទទួល​បានការ​ជិត​មកដល់​ នៃ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​ជាមួយ​ចិន​។ពួកគេ​ចង់បាន​វា​ ហើយ​យើង​ក៏​ដូច្នេះ​ដែរ​!”។

សំណុំ​បែបបទ​មួយចំនួន​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ត្រូវ​បាន​បង្កើត​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​នេះ​។ ភាគី​ទាំងពីរ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពី​ កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​នេះ​ទេ​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ទន្ទឹម​នឹង​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ បាន​ចេញផ្សាយ​របាយការណ៍​ដែល​ហាក់ដូចជា​ បង្ហាញ​ពី​ការរៀបចំ​នៃ​ការ​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឬការ​សង្កត់ធ្ងន់​ លើ​ការ​ផ្តោត​លើ​តម្រូវការ​ក្នុង​ស្រុក​ និង​ពឹងផ្អែក​តិច​លើ​ពាណិជ្ជកម្ម​។

របាយការណ៍​មួយ​ក្នុង​កាសែត​ Global​ Times​ របស់​ចិន​បានឱ្យ​ដឹង​ថា​ “ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បច្ចុប្បន្ន​គឺជា​បញ្ហា​នយោបាយ​កំពូល​របស់​ប្រទេស​។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា ​“ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​ធ្វើ​ឱ្យ​សង្គម​សកម្មភាព​នៅក្នុង​គ្រប់​វិស័យ​គឺ​ចាំបាច់​។ គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​គឺ​មាន​សារៈសំខាន់​ណាស់​”។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុង​ប៉េកាំង​ ក៏បាន​ផ្តល់​យោបល់​ផង​ដែរ​ថា​ ការ​កើនឡើង​របស់​ចិន​គឺ​ជិត​មកដល់​ហើយ​ ហើយនឹង​ក្លាយជា​អ្នកដើរតួ​យ៉ាង​សំខាន់​ លើ​ពិភពលោក​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​។

អត្ថា​ធិប្បាយ​មួយ​នៅ​លើ​កាសែត ​Global​ Times​ ដែល​គ្រប់គ្រង​ដោយ​ចិន​បានឱ្យ​ថា​ “ចិន​គឺជា​ប្រទេស​សំខាន់​ និង​ជា​ប្រទេស​ ដែល​មានការ​រីកចម្រើន​លឿន​បំផុត​ នៅ​អាស៊ី​។ ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២នៅ​លើ​ពិភពលោក​ ចិន​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​កសាង​សណ្តាប់​ធ្នាប់​អាស៊ី​ថ្មី​ និង​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​នា​ពេល​អនាគត​”។

អត្ថា​ធិប្បាយ​នេះ​បាន​បន្ថែម​ថា​ “ចិន​ និង​បណ្តា​ប្រទេស​អាស៊ីដ​ទៃ​ទៀត​ គួរតែ​ចាប់​យក​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ ផ្តោត​លើ​ការអភិវឌ្ឍន៍​របស់​ខ្លួន​ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី​ មានការ​សម្រេចចិត្ត​កាន់តែ​ធំ​នៅក្នុង​ពិភពលោក​។ នៅពេល​ដែ​លប​ ណ្តា​ប្រទេស​អាស៊ី​ ឈប់​ដើរតាម​បស្ចិមប្រទេស​សតវត្សរ៍​អាស៊ី​ពិតប្រាកដ​នឹង​ចាប់ផ្តើម​”៕

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​វិនិយោគ​លើ​វិស័យ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ Rafulin​ Holdings​ Sdn​ Bhd​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ ចូលរួម​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​ជំនួប​ពិភាក្សា​ពី​ឱកាស​វិនិយោគ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ និង​តំណាង​ក្រុមហ៊ុន​ Rafulin​ Holdings​ Sdn​ Bhd​ កាលពី​ថ្ងៃទី​ ១២​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ បាន​លើកឡើង​អំពី​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​នៅ​កម្ពុជា​ ជាពិសេស​ការសាងសង់​ផ្លូវថ្នល់​ ស្ពាន​ ផ្លូវដែក​ជាដើម​។

លោក​បន្ត​ថា​ “ការ​រីក​ចំរើន​នេះ​ សំដៅ​ជំរុញ​នូវ​ការ​តភ្ជាប់​នៅ​ទូទាំង​ប្រទេស​ ដែល​មាន​លក្ខណៈ​ពហុ​មធ្យោបាយ​ និង​បណ្តា​គម្រោង​សាង​សង់​ធំៗ​ជាច្រើន​ទៀត​ រួមមាន​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ខេត្ត​ព្រះ​សហីនុ​ និង​ភ្នំពេញ​-បាវិត​ ជាដើម​”។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ បាន​បន្ត​ថា​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កកស្ទះ​ចរាចរណ៍​ ដោយសារ​កំណើន​នៃ​យានយន្ត​ និង​តម្រូវការ​នៃ​ដឹកជញ្ជូន​ ក្រសួង​បាន​ពិនិត្យ​អំពី​លទ្ធភាព​ នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ Automated​ Guideway​ Transit​ (AGT​) កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ Monorail​ ឬ ផ្លូវ​ក្រោម​ដី​ជាដើម​។

លោក​ទេស​រដ្ឋមន្ត្រី​ ក៏បាន​ឱ្យ​ដឹង​អំពី​ការ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ តាមរយៈ​ច្បាប់​វិនិយោគ​ ដែល​អនុញ្ញាត​ឱ្យ​មាន​កិច្ចសន្យា​រយៈពេល​វែង​ ការ​កាន់កាប់​នូវ​ទុន១០០ភាគរយ​ ការ​បើកចំហ​រកា​រវិ​និ​យោគ​លើ​គ្រប់​វិស័យ​ ការ​អនុគ្រោះ​ពន្ធ​។ល។ ជាង​នេះ​ទៅទៀត​ លោក​ទេស​រដ្ឋមន្ត្រី​ ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ ក្នុង​ការចូលរួម​ដាក់​ទុន​វិនិយោគ​ ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

តំណាង​ក្រុមហ៊ុន​ក៏បាន​ថ្លែងអំណរគុណ​ ដល់​លោក​ទេស​រដ្ឋមន្ត្រី​ ចំពោះ​ទស្សនវិស័យ​ទៅលើ​ការ​អភិវឌ្ឍ​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ក្នុង​ការចូលរួម​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ Rafulin​ Holdings​ Sdn​ Bhd​ គឺជា​សហគ្រាស​ និង​មាន​ការ​រិយា​ល័យ​នៅ​មូលដ្ឋាន​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​។ សហគ្រាស​នេះ​ បាន​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ការគ្រប់គ្រង​លើ​ឧស្សាហកម្ម​ក្រុមហ៊ុន​ និង​សហគ្រាស​៕

រដ្ឋាភិបាល​ប្រកាស​ថា​ ការ​ប្រមូល​ពន្ធ​ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​លើស​ពី​ផែនការ​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​នៅ​បណ្តា​សង្គម​ Facebook​ ផ្លូវការ​របស់​សម្ដេច​ថា​ ការ​ប្រមូល​ពន្ធ​ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​បាន​ប្រមាណ​ ៥,៦៥២​ លាន​ដុល្លារ​ ដែល​ប្រមូល​បាន​លើស​ពី​ផែនការ​បាន​កំណត់​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ គិត​មកទល់​ខែធ្នូ​ ២០១៩​ នេះ​ ចំណូល​ដែល​បាន​មក​ពីរ​ដ្ឋ​ករ​គយ​ បើ​តាម​គម្រោង​ផែនការ​កំណត់​ត្រូវ​ប្រមូល​ឲ្យបាន​ ២,២៦០​ លាន​ដុល្លារ​ ។ ប៉ុន្តែ​មកដល់​ត្រឹម​ថ្ងៃទី៩​ ខែធ្នូ​ ២០១៩​ គឺ​យើង​ប្រមូល​បាន​ ៣,០១៣​ លាន​ដុល្លារ​ លើស​ផែនការ​ប្រមាណ​ ៧៥៨​ លាន​ដុល្លារ​ (ស្មើនឹង៣៣.៥​% )។

បើ​គិតជា​មធ្យម​ចំណូល​ដែល​មក​ពីរ​ដ្ឋ​ករ​គយ​ គឺ​ប្រមូល​បាន​ប្រមាណ១០លាន​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ៗ។ សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “យើង​នៅសល់​ជិត២០ថ្ងៃ​ទៀត​ ដែល​មិនទាន់​បាន​គិត​បូក​ថែម​ ហើយដែល​យើង​រំពឹង​ថា​ចំណូល​គយ​គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង​ ៨០០លាន​ដុល្លារ​”។

ចំពោះ​ចំណូល​ពីអ​គ្គ​ពន្ធ​ដា​វិញ​គឺ​មាន​ផែនការ​ប្រមូល​អោយ​បាន​ប្រមាណ​ ២,២៨៨​ លាន​ដុល្លារ​។ ប៉ុន្តែ​មកទល់​ពេលនេះ​ គឺ​ប្រមូល​ចំណូល​បាន​ ២,៦៣៤​ លាន​ដុល្លារ​រួចហើយ​ ដែល​ពេលនេះ​បាន​លើស​ផែនការ​ប្រមាណ​ ៣៤៥​ លាន​ដុល្លារ​។

សរុប​ក្នុង​ច្បាប់​ផែនការ​ថវិកា​ ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​ដា​ដែល​បាន​ដាក់ចេញ​គឺ​មាន​គម្រោង​ប្រមូល​ចំណូល​ប្រមាណ​ ៤,៥៤៨លាន​ដុល្លារ​ ។ ប៉ុន្តែ​រហូតដល់​ពេលនេះ​គឺ​ប្រមូល​បាន​ប្រមាណ​ ៥,៦៥២​ លាន​ដុល្លារ​ ដែល​ប្រមូល​បាន​លើស​ពី​ផែនការ​ដែល​បាន​កំណត់​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ “បើ​យើង​បូករួម​ទាំង២ខែមុន​យើង​អាច​ប៉ាន់ស្មាន​បាន​ថា​នឹង​ចំណូល​លើស​ផែនការ​គឺ​នឹង​ឈាន​ដល់​ ១,៣០០លាន​ដុល្លារ​ ដែល​ជា​ថវិកា​ដ៏​ល្អ​បាន​មក​ពី​ចំណូល​សារពើពន្ធ​ ហើយដែល​មិនទាន់​បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មាន​ដូចជា​ចំណូល​បាន​មក​ពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍​ អាការ​យានដ្ឋាន​ អាកាសចរណ៍​ ប័ណ្ណចូល​ទស្សនា​អង្គ​វត្ត​ និង​ពី​ដី​កសិកម្ម​(ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅ​អោយ​ឯកជន​វិនិយោគ​)… ។ល។”។

សម្តេច​បាន​បន្ត​ថា​ “នៅពេល​នេះ​ រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ​ ៣,៥០០លាន​ដុល្លារ​ ដែល​អាច​ប្រើប្រាស់​បា​នភ្លាមៗ​ ដែល​មិនបាន​រួមបញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​ ១៥ពាន់​លាន​ដុល្លារ​ និង​ មាស​ប្រមាណ ៣០តោន​ ទៀតផង​”។

លោក​ បាន​មានប្រសាសន៍​ថា​ “ច្បាស់​ណាស់​ កត្តា​សន្តិភាព​ គឺ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ឆ្លងកាត់​សង្រ្គាម​ និង​វិនាសកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ និង​បាន​ធ្វើអោយ​ប្រទេសជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ​។

ពិតប្រាកដ​ណាស់​ “ មាន​សន្តិភាព​ ទើប​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​, មាន​សន្តិភាព​ ទើប​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ទៅ​បាន​”។ សន្តិភាព​ពេញលេញ​ជាង២០ឆ្នាំ​មកនេះ​ គឺ​បាន​ផ្តល់​ឱកាស​អោយ​កម្ពុជា​បាន​កសាង​អភិវឌ្ឍន៍​សង្គមជាតិ​រីកចម្រើន​ដល់​សព្វថ្ងៃ​ ដែល​បាន​ធ្វើអោយ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​លូតលាស់​ជាមួយ​កំណើន​ក្នុងរង្វង់​ប្រមាណ​ ៧.១​% ដែល​មាន​អត្រា​អតិផរណា​ត្រឹមតែ​ ២.៥​%ប៉ុណ្ណោះ​។

ក្រោម​ការដឹកនាំ​លើ​មា​គា៍​ និង​ទស្សនៈ​វិស័យ​ច្បាស់លាស់​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ ដែល​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ “ចុង​ខ្សែ​ពីរ​នៃ​ចំណង​ខ្សែ​មួយ​” ដែល​សំដៅលើ​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ​អោយ​មាន​ស្ថិរភាព​ល្អ​ និង​ គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​អោយ​មាន​ស្ថិរភាព​រឹងមាំ​ល្អ​កើនឡើង​ថែមទៀត​។

កម្ពុជា​ដែល​បាន​ដើរមក​ដល់​ដំណាក់កាល​នេះ​ គឺ​ដោយសារ​មានការ​ចូលរួម​ពី​ប្រទេស​ជា​ដៃគូ​ ដៃគូ​វិនិយោគឯកជន​ និង​ពី​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា​ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ និង​ចូលរួម​ទទួលខុសត្រូវ​បង់ពន្ធ​ទាំងអស់គ្នា​ ដើម្បី​កម្ពុជា​កាន់តែ​រីក​លូតលាស់​ឆាប់រហ័ស​លឿនទៅមុខ​៕

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​នៅ​ខេត្តសៀមរាប​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Beijing​ Jingneng​ Power​ Co​.,Ltd​ ដែល​ជា​ក្រុមហ៊ុន​របស់​ចិន​ បាន​បង្ហាញ​មហិច្ឆតា​ គ្រោង​បោះទុន​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ នៅក្នុង​ខេត្តសៀមរាប​។

បើ​តាម​តំណាង​ក្រុមហ៊ុន​ Beijing​ Jingneng​ Power​ Co​.,Ltd​ នៅក្នុង​ជំនួប​ជាមួយ​ លោក​ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ១២​ ម្សិលមិញ​នេះ​ បាន​បាន​ស្នើសុំ​អោយ​រដ្ឋបាល​ខេត្ត​ ជួយ​រក​ដី​ ឬ ជួល​ដី​ ដែល​មានតម្លៃ​ទាប​ដើម្បី​ឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុង​ការ​វិនិយោគ​។

តំណាង​ក្រុម​ដដែល​បន្ត​ថា​ “ប្រសិនបើ​ក្រុមហ៊ុន​ទិញ​ ឬ ជួល​ដី​ ដែល​មានតម្លៃ​ថ្លៃ​ពេក​ ក្រុមហ៊ុន​ក៏​លក់​អគ្គិសនី​ក្នុង​តម្លៃ​ថ្លៃ​ដែរ​ ហើយនឹង​ត្រូវ​វិនិយោគ​រយៈពេល​យូរ​ទើប​ក្រុមហ៊ុន​អាច​ទទួល​បានផល​ចំណេញ​ ជួយ​គាំទ្រ​គម្រោង​របស់​ក្រុមហ៊ុន​ និង​ជួយ​សម្របសម្រួល​បន្ធូរបន្ថយ​ពន្ធ​ និង​ជួយ​ទិញ​អគ្គិសនី​ពេល​ក្រុមហ៊ុន​ផលិត​បាន​”។

លោក​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​បាន​សម្តែង​ការ​គាំទ្រ​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចំពោះ​ក្រុមហ៊ុន​ ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​នៅក្នុង​ខេត្តសៀមរាប​។

លោក​បន្ថែម​ទៀត​ថា​ នឹង​ជួយ​សម្របសម្រួល​នីតិវិធី​ច្បាប់​នៅពេល​ដែល​ក្រុមហ៊ុន​ទទួល​បានការ​អនុញ្ញាត​លើ​គម្រោង​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ទទួល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ចុះ​អនុស្សារ​ណៈ​ជាមួយ​ក្រុមហ៊ុន​នៅពេល​ទទួល​បាន​សិទ្ធិ​ពី​ថ្នាក់​ជាតិ​។

លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ នៅ​ខេត្តសៀមរាប​ ការប្រើ​ប្រាស់​អគ្គិសនី​ បាន​គ្រប​ដណ្តប់​ប្រហែល​ ៨០​% ដែល​មាន​បណ្តាញ​ខ្សែ​មក​ពី​ប្រទេស​ថៃ​ចំនួន​ ១១៥​ មេ​កា​វ៉ាត់​ និង​មក​ពី​វារីអគ្គិសនី​ខេត្តពោធិ៍សាត់​ទំហំ​ ២៣០​ មេ​កា​វ៉ាត់​ ហើយនឹង​មាន​ថាមពល​អគ្គិសនី​មក​ពី​សេសាន​ទំហំ​ ៤០០​ មេ​កា​វ៉ាត់​ ក្នុង​ពេល​ខាងមុខ​។

ទោះបីជា​យ៉ាងនេះ​ក្តី​ ការប្រើ​ប្រាស់​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​ មានការ​ខ្វះខាត​ ហើយ​តម្រូវការ​ប្រើប្រាស់​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​៕

កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​លោក​ នៅ​ឆ្នាំ២០២២​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ សម្រាប់​ការរៀបចំ​ហា​សន្និបាត​ពិភពលោក​លើក​ទី១៨​ របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​នៅ​ឆ្នាំ២០២០​ កម្ពុជា​ត្រូវ​បាន​អង្គ​មហាសន្និបាត​បោះឆ្នោត​ជាឯកច្ឆន្ទ​ផ្តល់​សិទ្ធិ​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ជា​លើក​ទី២​ ដែល​នឹង​ប្រព្រឹត្ត​ដោយ​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​សមុទ្រ​ខាងមុខនេះ​។

យោង​តាម​លិខិត​ជូនដំណឹង​ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ដែល​ចុះ ហត្ថលេខា​ដោយ​លោក​ ឈិត​ សុ​ខុន​ កាលពី​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​គោលការណ៍​ឱ្យ​ក្រសួងទេសចរណ៍​ រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​លើក​ទី១៥​ នា​ឆ្នាំ២០២២​ ខាងមុខនេះ​ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ និង​ជាស​មា​ជិ​កក្លឹប​ឆ្នេរ​នេះ​។

ការសម្រេច​ខាងលើ​នេះ​ គឺ​ផ្អែក​តាម​អង្គ​មហាសន្និបាត​បោះឆ្នោត​ជាឯកច្ឆន្ទ​ផ្តល់​សិទ្ធិ​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី២​ ក្នុងឱកាសនៃ​កិច្ច​ជំនួប​ប្រជុំ​ដែល​រៀបចំ​កាលពី​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​តំបន់ឆ្នេរ​សមុទ្រ​ តូ​យ៉ា​ម៉ា​ ប្រទេស​ជប៉ុន​ ។

ឆ្នេរសមុទ្រ​កម្ពុជា​ គ្រប​ដណ្តប់​លើ​ខេត្ត​តំបន់ឆ្នេរ​ទាំង៤​ ត្រូវ​បាន​បញ្ចូល​ជាស​មា​ជិ​កក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​កាលពី​ឆ្នាំ២០១១​។ បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​ក្លឹប​ និង​បានឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការគ្រប់គ្រង​ អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព​ កម្ពុជា​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់​តំណែង​សំ​ខាន់​ៗក្នុង​ក្រុមប្រឹក្សា​ភិបាល​ក្លឹប​ដូចជា​៖

* អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ សម្រាប់​អាណត្តិ​ (២០១២​-២០១៥​)។

* បន្ត​កាន់​តំណែង​ជា​អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ អាណត្តិ​ទី២​ (២០១៥​-២០១៨​)។* អគ្គនាយករង​ក្លឹប​សម្រាប់​អាណត្តិ​ (២០១៨​-២០២១​)។

ទាំងនេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​ស្ថាប័ន​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ លើ​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ប្រកបដោយ​និរន្តរភាព​ ខណៈ​ដែល​ក្លឹប​ឆ្នេរ​ខាងលើ​នេះ​ត្រូវ​បាន​ដំឡើង​កម្រិត​ទៅជា​ «អង្គការ​អន្តរជាតិ​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​»។

ស្រប​ជាមួយគ្នា​នេះ​ដែរ​ ដោយ​ទទួល​បានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​ និង​ការ​គាំទ្រ​ពី​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កលោក​ កម្ពុជា​ក៏បាន​ទទួល​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​ប្រណាំង​កង់​ពិភពលោក​ (UCI​) ក្នុង​ការរៀបចំ​ជា​ប្រវត្ដិសាស្ដ្រ​នូវ​ព្រឹត្ដិការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ចាប់ពី​ថ្ងៃទី០៤​-០៦​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​។

សម្រាប់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៧​ នាទី​ក្រុង​ប៊ែរឡាំង​ ប្រទេស​អា​ឡឺម៉​ង់​។ បច្ចុប្បន្ន​ ក្លឹប​នេះ​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង​វ្យែន​ ប្រទេស​បារាំង​ និង​មាន​ឆ្នេរ​សមាជិក​សរុប​ចំនួន​ ៤៤ឆ្នេរ​ មក​ពី២៤ប្រទេស​៕

អាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ១៥០០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សហរដ្ឋអាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន​ ឥត​សំណង​ប្រមាណ១៥០០​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​វិស័យ​អប់រំ​ សុខាភិបាល​ កសិកម្ម​ និង​បរិស្ថាន​ចាប់តាំងពី​ឆ្នាំ១៩៩២​ ដល់​ឆ្នាំ២០១៩​ ។

ការ​លើកឡើង​ទាក់ទង​ នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ ត្រូវ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិ​រញ្ច​វត្ថុ​ ក្នុង​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ លោក​ Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ “ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​និង​សហរដ្ឋអាមេរិក​ បាន​នាំមក​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​”។

ជាមួយគ្នា​នេះ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ បាន​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ជាបន្តបន្ទាប់​ ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​ទាំងពីរ​បាន​បន្ត​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ កា​វិនិយោគ​ និង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ បាន​រួមចំណែក​បង្កើត​ការងារ​ និង​ផ្តល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​។

លោក​ Patrick​ Murphy​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ដែល​សម្រេច​ បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ប្រកបដោយ​ចីរភាព​ ក្នុងរយៈពេល​ជាង​ពីរ​ទសវត្ស​កន្លងមក​នេះ​។

លោក​បន្ត​ថា​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នឹង​បន្ត​ជួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ តាមរយៈ​ការ​បន្ត​ផ្តល់​ហិ​រញ្ហា​ប្ប​ទាន​ឥត​សំ​ ណងសម្រាប់​កម្មវិធី​ សុខភាព​សាធារណៈ​ និង​ការអប់រំ​ កម្មវិធី​កសិកម្ម​ និង​បរិស្ថាន​ កម្មវិធី​ដោះ​មីន​ និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទះ​ ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ។

ជាមួយគ្នា​នេះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នឹង​បន្ត​ជួយ​ផង​ដែរ​ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា​ តាមរយៈ​កម្មវិធី​លើកកម្ពស់​អភិបាលកិច្ច​ និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​លើកឡើង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បន្ត​ធ្វើ​កំណែទម្រង់​ លើកកម្ពស់​អភិបាលកិច្ច​ កែ​លម្អ​បរិយាកាស​វិនិយោគ​ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ អភិវឌ្ឍន៍​ធនធានមនុស្ស​ បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ដើម្បី​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ នៅក្នុង​រយៈពេល​វែង​ សំដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​៕

ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​ជាច្រើន​នាក់​ជួបជុំគ្នា​ពិភាក្សា​បង្កើត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​នេះ​ជា​លើក​ទី២ហើយ​ ដែល​ក្រុម​បណ្តា​ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​លើ​វិស័យ​ពាណិជ្ជកម្ម​ ពិព័រណ៍​ និង​ទេសចរណ៍​បាន​ជួបជុំ​ពិភាក្សា​គ្នា​ និង​សិក្សា​ពី​ឱកាស​វិនិយោគ​ជា​ដៃគូ​រួមគ្នា​ក្រោម​ប្រធានបទ​ “Tourism​ &​ MICE​ Biz​ Fair​ 2020​” ដែល​រៀបចំឡើង​ ដោយ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ។

កិច្ច​ជំនួប​ពិភាក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​បែប​ពិព័រណ៍​ជា​លើក​ទី២​ នៅក្នុង​រាជធានី​ភ្នំពេញ​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាល​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅ​ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដោយ​សមាសភាព​ចូលរួម​ជា​ពាណិជ្ជករ​ ប្រតិបត្តិ​ករ​ដែល​មក​ពីប​ណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

នាយក​គ្រប់គ្រង​ផ្នែក​ព្រឹត្តិ​ការណ៍​ និង​ការ​លក់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ លោក​ Ahmad​ Anuar​ បាន​មានប្រសាសន៍​ថា​ កិច្ច​ជំនួប​ និង​ពិភាក្សា​គ្នា​មួយ​នេះ​ គឺ​មាន​សារសំខាន់​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ដែល​ក្រៅពី​អាចប​ង្កើត​ទំនាក់​ ទំនង​នៅក្នុង​កិច្ច​ប្រកប​អាជីវកម្ម​និង​មុខ​ជំនួញ​ ថែមទាំង​អាច​ស្វែ​ករ​កដៃ​គូ​វិនិយោគ​ជាមួយគ្នា​ថែមទៀត​ផង​។

លោក​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​កម្មវិធី​មួយ​នេះ​ វា​ជា​ការ​ផ្តល់​ឱកាស​ពិសេស​សម្រាប់​បណ្តា​សហគ្រិន​នានា​នៅក្នុង​ស្រុក​ ដើម្បី​តភ្ជាប់​ជាមួយនឹង​សហគ្រិន​មក​ពី​បណ្តា​ប្រទេស​ដទៃទៀត​ធ្វើជា​ដៃគូ​អាជីវកម្ម​ និង​ផ្លាស់ប្ដូរ​មុខទំនិញ​រវាង​គ្នា​ទៅ​វិញ​ទៅមក​”។

លោក​បាន​បញ្ជាក់​ថា​ “ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​មានការ​រៀបចំ​ពិព័រណ៍​បែប​ពាណិជ្ជកម្ម​ រៀងរាល់​មួយ​ខែ​ម្ដង​ដែល​មាន​អ្នកចូលរួម​សុទ្ធតែ​ជា​ពាណិជ្ជករ​ និង​នាំ​យក​បណ្តា​ផលិតផល​នានា​មក​ដាក់​តាំង​បង្ហាញ​ ដើម្បី​ស្វែងរក​ដៃគូ​ក្នុង​ការចែកចាយ​ទៅកាន់​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ​”។

លោក​ សេង​ លីម៉ា​ ប្រធាន​ចាត់ចែង​ប្រចាំ​សម្ព័ន្ធ​ក្រុមហ៊ុន ​Mekong​ Views​ Properties បាន​បង្ហាញ​ពី​ភាព​ស្ញប់ស្ញែង​ ពី​ការរៀបចំ​កម្មវិធី​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នេះ​ថា​ “ខ្ញុំ​ធ្លាប់​ចូលរួម​នៅក្នុង​កម្មវិធី​ជាច្រើន​ ដែល​ជជែក​ពី​ការ​វិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ដែល​វា​ជា​វេទិកា​បង្កើត​ឱកាស​វិនិយោគ​ និង​ស្វែងរក​ដៃគូ​”។

លោក​បន្ត​ថា​ “ការបង្កើត​ឱកាស​ឱ្យ​មានការ​ជួបជុំគ្នា​រវាង​អ្នក​ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​ ដែល​ជា​ភាគី​អ្នកលក់​ និង​អ្នកទិញ​នេះ​មាន​សារ​សំខាន់​បំផុត​ ហើយ​ខ្ញុំ​សូម​គាំទ្រ​ឱ្យ​មានកម្ម​វិធី​បែបនេះ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ឱ្យ​មាន​ភា​ពល្អ្រ​សើរ​”។

លោក​ នឿន​ រឹ​ទ្ធី​ ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​សណ្ឋាគារ​ ភ្នំពេញ​អេ​រ៉ា​ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “ការរៀបចំ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​ឯកជន​ ដោយ​ក្នុងនាម​យើង​ជា​ពាណិជ្ជករ​ ក៏ដូចជា​ប្រតិបត្តិ​ករ​ គឺ​ត្រូវ​ធ្វើឡើង​ដោយខ្លួនឯង​ ជាជាង​រង់ចាំ​ការ​បើកឱកាស​ពីសំណាក់​រដ្ឋាភិបាល​។

លោក​បន្ត​ថា​ “តាមរយៈ​​កម្មវិធី​នេះ​ សម្រាប់​អ្នក​ដែល​មានដៃ​គូ​សហការ​ជាមួយ​រួចហើយ​នោះ​ គឺ​អាច​បង្កើន​កិច្ច​ទំនាក់ទំនង​ និង​បន្ត​កិច្ចសហការ​បន្ថែម​ទៀត​ ដោយឡែក​ចំពោះ​អ្នក​ដែល​មិនទាន់​មានដៃ​គូ​ ពួកគាត់​អាច​ស្វែងយល់​ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​កម្មវិធី​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ នៅពេល​ដែល​វិស័យ​ឯកជន​មានការ​ខិតខំ​ប្រឹង​ នោះ​រដ្ឋាភិបាល​ ក៏​នឹង​បង្កើន​កិច្ចការ​ជួយ​សម្រប​សម្រួល​ និង​បើកឱកាស​កៀងគរ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ ឱ្យ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​ប្រកប​មុខ​ជំនួញ​ ក៏ដូចជា​ពាណិជ្ជកម្ម​ក្នុង​ស្រុក​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៕