ក្រុមហ៊ុន​រុករក​រ៉ែ​ថៃ​មួយ​កំពុង​សម្លឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​សាងសង់​ Sahakol​ Engineer​ Co​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុង​ស្រុក​ (កម្ពុជា​) ដើម្បី​អាច​ចូល​ចំណែក​ក្នុង​ទីផ្សារ​។

លោក​ Sasavat​ Sirison​ ជា​អ្នកដឹកនាំ​ជំនាន់​ទី​ ២ នៃ​ក្រុម​ក្រុមហ៊ុន​ Sahakol​ (និង​ក៏​ក្រុមហ៊ុន​រុករក​រ៉ែ​ផដង​ដែរ​ ដូច​ធ្យូងថ្ម​ សម្រាប់​ថាមពល​អគ្គិសនី​) បាន​ថ្លែង​ថា​ “អាជីវកម្ម​រ៉ែ​ហាក់ដូចជា​មាន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេសជិតខាង​ ហើយ​ក្រុមហ៊ុន​ Sahakol​ កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា​ ឡាវ​ ភូមា​ និង​វៀតណាម​ ដែល​រដ្ឋាភិបាល​ត្រូវការ​អ្នកធ្វើ​អាជីវកម្ម​រ៉ែ​។ តំបន់​នេះ​មាន​រ៉ែ​ជាច្រើន​ ដូចជា​ធ្យូងថ្ម​ សំណប៉ាហាំង​ រ៉ែ​មាស​ ដែក​និង​ស្ពាន់​”។

ធ្យូងថ្ម​កំពុង​ក្លាយជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ដែល​សូវ​មាន​តម្រូវការ​ ដោយសារតែ​ការ​បញ្ចេញ​កាបូន​ និង​ស្ពាន់ធ័រ​នៅក្នុង​ខ្យល់​ នៅពេល​ដុត​សម្រាប់​ការបង្កើត​ថាមពល​ ប៉ុន្តែ​វា​អាច​ក្លាយជា​ផលិតផល​ពិសេស​នា​ពេល​អនាគត​។ ប្រភេទ​ធ្យូងថ្ម​នេះ​នៅតែ​ត្រូវ​បាន​ប្រើ​សម្រាប់​ការផលិត​ថាមពល​នៅក្នុង​តំបន់​ជាច្រើន​រួម​ទាំង​អាមេរិក​ អឺរ៉ុប​ និង​ចិន​។

លោក​ Sasavat​ មានប្រសាសន៍​ថា​ “ក្រុមហ៊ុន​ Sahakol​ កំពុង​ស្វែងរក​ឱកាស​នៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​នឹង​ត្រូវការ​ដៃគូ​ក្នុង​ស្រុក​ដើម្បី​ចូល​ទៅកាន់​ទីផ្សារ​ទាំងនោះ​”។

លោក​មានប្រសាសន៍​ថា​ “ក្រុមហ៊ុន​ Sahakol​ កំពុង​ដំណើរការ​ដូច​ការ​គ្រោងទុក​ ប៉ុន្តែ​វា​មិនទាន់​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​នៅឡើយ​ទេ​ ដូច្នេះ​ខ្ញុំ​មាន​គោលបំណង​ពង្រឹង​ក្រុមហ៊ុន​ក្នុង​ទិដ្ឋភាព​ជាច្រើន​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​រុករក​រ៉ែ​ក្នុង​តំបន់​ ក្នុង​កំឡុង​ពេល​សមត្ថភាព​គ្រប់គ្រង​របស់ខ្ញុំ​”៕

ក្រុម​អ្នក​ធុរកិច្ច​ចិន​ជាច្រើន​គ្រោង​វិនិយោគ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ប្រតិភូ​មួយ​ក្រុម​មក​ពី​ខេ​ត្ត​ហ្វូ​ជៀន​ ប្រទេស​ចិន​ បាន​មកា​ន់​កម្ពុជា​ ដើម្បី​ស្វែងយល់​ពី​កាលានុវត្ត​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ជាមួយនឹង​ការ​ស្នើសុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ និង​ភាព​កក់ក្ដៅ​។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ កាលពី​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ក្រុម​ប្រតិភូ​មក​ពី​ខេ​ត្ត​ហ្វូ​ជៀន​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ដែល​ដឹកនាំ​លោកស្រី​ ឡេ​ ជុន​មី​ ( Lei​ Chun​ Mei​) អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ សភា​ប្រជាជន​ ខេត្ត​ខេ​ត្ត​ហ្វូ​ជៀន​ បាន​ចូល​ជួប​សម្ដែង​ការគួរសម​ជា​មួយ​លោកស្រី​ ម៉ែ​ន សំ​អន​ ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​ នៅ​ទីស្ដីការ​ក្រសួង​។

នៅក្នុង​ជំនួប​ខាងលើ​នេះ​ លោកស្រី​ ឡេ​ ជុន​មី​ ( Lei​ Chun​ Mei​) បាន​កោតសរសើរ​ពី​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ ជាមួយនឹង​ការសន្យា​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ ដើម្បី​កៀងគរ​បណ្តា​អ្នក​វិនិយោគ​ចិន​មកកាន់​កម្ពុជា​។

បន្ថែម​ពីនេះ​ លោកស្រី​ក៏​បាន​សើ្ន​សុំ​រដ្ឋាភិបាល​កម្ពុជា​ គាំទ្រ​លើ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​ វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ទេស​ ចរណ៍​ វប្បធម៌​ និង​កសិកម្ម​ រវាង​ខេ​ត្ត​ហ្វូ​ជៀន​ ជាមួយ​ នឹង​ប្រទេស​កម្ពុជា​ ។

ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ – ព្រឹទ្ធសភា​ និង​អធិការកិច្ច​ លោកស្រី​ ម៉ែ​ន សំ​អន​ បាន​គាំទ្រ​ទៅ​នឹង​គោលបំណង​ និង​កិច្ច​សំ​ណើរ​ខាងលើ​ទាំងស្រុង​ ដោយ​លោកស្រី​បាន​លើកឡើង​ថា​ នឹង​ដាក់​សំ​ណើរ​នេះ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​វិនិយោគ​របស់​ខេ​ត្ត​ហ្វូ​ជៀន​មកកាន់​កម្ពុជា​ ព្រោះ​នេះ​ជា​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំងពីរ​ ក្នុ្ងង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ កិច្ចសហការ​ទាំងនេះ​ នឹង​ជួយ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ​ ហើយក៏​ជា​ការ​រួមគ្នា​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​តាម​ស្មារតី​រួម​រវាង​ប្រមុខ​ដឹកនាំ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​លោក​ ស៊ី​ ជី​នពីង​ ដែល​បាន​ជួបគ្នា​កន្លងមក​ លើ​នយោបាយ​ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​សូត្រ​ ដែល​កម្ពុជា​បាន​យល់ឃើញ​ថា​ នេះ​ជា​ចរន្ត​នៃ​ការពង្រីក​សក្តានុភាព​សេដ្ឋកិច្ច​ មិន​ត្រឹមតែ​កម្ពុជា​នោះ​ទេ​ គឺ​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​ ៕

៤ជំ​ហ៊ាន​ក្នុង​ការអនុវត្ត​ធនាគារ​ដីធ្លី​ដើម្បី​ឱ្យ​អ្នក​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល១៥ឆ្នាំ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​ដីធ្លី​គឺជា​អ្វី​ឱ្យ​ប្រាកដ​? ហើយ​គួរ​មាន​វិធីសាស្ត្រ​វិនិយោគ​បែប​ណា​ ទើប​អាច​ទទួល​បាន​ចំណេញ​? និង​ទទួល​បាន​ជោគជ័យ​ ហើយ​មាន​សេរីភាព​សាច់ប្រាក់​ និង​អាច​ចូលនិវត្តន៍​បាន​ត្រឹម​រយៈពេល១៥ឆ្នាំ​។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​និង​អចលនទ្រព្យ​បាន​លើកឡើង​ថា​ អ្នក​វិនិយោគ​ធនាគារ​ដីធ្លី​សញ្ជាតិ​អាមេរិក​ លោក​ John​ Jacob​ Astor​ និង​លោក​ Songsakdi​ បាន​ប្រើប្រាស់​យុទ្ធ​សាស្រ្ត​ «ធនាគារ​ដីធ្លី​ (Land​ Banking​) វិនិយោគ​រយៈពេល​វែង​ ដោយ​ផ្តោត​លើ​ដីធ្លី​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ នៅ​តំបន់​ជាយក្រុង​បាន​ជោគជ័យ​ រហូត​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ​ ដែល​មានទ្រព្យ​សម្បត្តិ​រាប់ពាន់​លាន​ដុល្លា​។

លោក​បន្ត​ថា​ “កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ ដែល​វិស័យ​ដីធ្លី​មាន​សក្តា​នុ​ពល​ខ្លាំង​ដែរ​ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​លោកអ្នក​ ជា​ពិ​សេ​សប្អូនៗ​យុវជន​ អាច​ប្រើ​យុទ្ធ​សាស្រ្ត​នេះ​ ដើម្បី​អាច​ចូលនិវត្តន៍​បាន​ ដោយធ្វើ​ការ​ត្រឹមតែ១៥ឆ្នាំ​ប៉ុណ្ណោះ​”។

លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ប្រសិនបើ​អ្នកមាន​អាយុ២៥ឆ្នាំ​ ហើយ​អ្នក​សន្សំប្រាក់​បាន៥០០ដុល្លា​រុំ​ក្នុង​មួយ​ខែ​ ឬ៦០០០ដុល្លារ​ក្នុង១ឆ្នាំ​ៗ ដើម្បី​វិនិយោគ​លើ​ដីធ្លី​ដែល​មាន​កំណើន​តម្លៃ២០ភាគរយ​ក្នុង១ឆ្នាំ​ នោះ១៥ឆ្នាំក្រោយ​ (នៅពេល​ដែល​អ្នកមាន​អាយុ៤០ឆ្នាំ​) អ្នក​អាច​មានទ្រព្យ​សម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លា​។

ទ្រព្យសម្បត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ​ ប៉ុន្តែ​អាច​អោយ​អ្នក​ចូលនិវត្តន៍​បាន​ប្រសិនបើ​អ្នកចេះ​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ​ (ពោល​គឺ​ចំណាយ​តិច​) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ​ ដើម្បី​បន្ត​បង្កើន​ចំណូល​ឬជា​ទ្រព្យ​បន្ថែម​។

ឧទាហរណ៍​ខាងលើ​ គ្រាន់តែ​ជា​ករណី​ដ៏​សាមញ្ញ​ៗប៉ុណ្ណោះ​ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែល​មាន​ភាព​អំណត់​ ពូកែ​សន្សំ​ ឬប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ​ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុង​ការ​វិនិយោគ​ ក្នុងរយៈពេល១៥ឆ្នាំ​ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់​លាន​ដុល្លា​តាមរយៈ​ធនាគារ​ដីធ្លី​។

ដើម្បី​សំរេច​បាន​នូវ​លទ្ធផល​ខាងលើ​ អ្នក​គប្បី​អនុវត្តន៍​នូវ​ជំ​ហ៊ាន​ទាំង៤នេះ​ ទី១​ កសាង​សមត្ថភាព​ (building​ skills​) ៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការ​វិនិយោគ​ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែល​មានបទពិសោធន៍​ ស្វែងយល់​ពី​ផ្លូវច្បាប់​ ទីផ្សារ​ និង​ជំនាញ​ដទៃទៀត​ដូចជា​ការចរចា​។ល។ ជាពិសេស​អ្នក​គួរ​មាន​បុគ្គល​ ដែល​មានបទពិសោធន៍​អនុវត្ត​ផ្ទាល់​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ (mentor​) ដើម្បី​ជួ​យតំ​រង់​ទិស​ និង​ផ្តល់​យោបល់​ដល់​អ្នក​។

ទី២​ ធ្វើ​ផែនការ​វិនិយោគ​ (planning​)៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ក្នុង១ឆ្នាំ​ៗតើ​អ្នក​នឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង​? ទំហំដី​ប៉ុណ្ណា​? នៅ​តំបន់​ណា​? ទំហំ​ទុន​វិនិយោគ​ប៉ុណ្ណា​? តើ​អ្នក​បាន​ប្រភព​ទុន​ពីណា​? ក្នុង១ឆ្នាំ​ៗ អ្នក​ត្រូវ​គេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ​ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ​?។

ទី៣​ ​ការ​បង្កើន​ទ្រព្យ​ (wealth​ accumulation​)អ្នកចាប់​ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការ​វិនិយោគ​ ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ជា​រៀងរាល់​ឆ្នាំ​អ្នក​អនុវត្តន៍​តាម​ផែនការ​ និង​មាន​ភាព​បត់​បែន​ខ្លះ​ៗ ទៅតាម​សភាពការណ៍​ជាក់ស្តែង​។ រួច​អ្នក​រង់ចាំ​មើល​ការ​វិវត្ត​តាមរយៈ​ភាព​រីក​ចំរើន​នៃ​សេដ្ឋកិច្ច​ និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ដូចជា​ ផ្លូវ​ ទឹក​ ភ្លើង​ សំណង់​លំនៅ​ដ្ឋាន​ និង​រោងចក្រ​ជាដើម​។ល។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ តំរូវការ​ដីធ្លី​ក៏​មាន​កាន់តែ​ខ្លាំង​ រី​ឯតម្លៃ​ក៏​ឡើង​តាម​នោះ​ដែរ​។

ទី៤​ ការបែងចែក​ទ្រព្យសម្បត្តិ​ (wealth​ distribution​) ៖ ប្រមាណ១៥ឆ្នាំក្រោយ​ជា​ដំណាក់កាល​ ដែល​អ្នក​ប្រមូល​ផល​ ពី​ការ​វិនិយោគ​លើ​ធនាគារ​ដីធ្លី​ ប្រកបដោយ​ចក្ខុវិស័យ​។ អ្នក​អាច​លក់​ដីធ្លី​មួយចំនួន​ ដើម្បី​បង្កើត​ជា​ចំណូល​ប្រចាំខែ​ ឬលក់​ដីធ្លី​ខ្លះទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង​ឬអាគារ​សំរាប់​ជួល​ ឬវិនិយោគ​ក្នុង​ក្រុមហ៊ុន​នានា​យក​ភាគលាភ​ប្រចាំឆ្នាំ​ (annual​ dividend​) ដើម្បី​ចិញ្ចឹម​គ្រួសារ​ និង​រីករាយ​ជាមួយ​ជីវិត​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ​។

សកម្មភាព​វិនិយោគ​ទាំងនេះ​ សុទ្ធតែ​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ជាតិ​។ ចំណែក​ដីធ្លី​ខ្លះទៀត​ ដែល​នៅ​មាន​សក្តា​នុ​ពល​កើន​តម្លៃ​ខ្ពស់​ គួរ​បន្ត​រក្សាទុក​ជា​ការ​បង្កើន​ទ្រព្យ​។

លោក​ ង៉ែត​ ជូ​ បាន​បញ្ជាក់​ថា​ អត្ថបទ​ខាងលើ​នេះ​ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​ជាក់ស្តែង​ ការសិក្សា​ស្រាវជ្រាវ​ និង​ការវិភាគ​ទៅតាម​បរិបទ​នៃ​ទីផ្សារ​ និង​សេដ្ឋកិច្ច​កម្ពុជា​៕

កម្ពុជា​នឹង​រង់ចាំ​ការ​ឆ្លើយ​ពី​សហភាព​អឺរ៉ុប​ ខណៈ​ប្រជាពលរដ្ឋ​ជិត​ ៣លាន​នាក់​កំពុង​ទទួល​បានផល​ប្រយោជន៍​ចំពោះ​ EBA​

កម្ពុជា​នឹង​រង់ចាំ​ការ​ឆ្លើយ​ពី​សហភាព​អឺរ៉ុប​ ខណៈ​ប្រជាពលរដ្ឋ​ជិត​ ៣លាន​នាក់​កំពុង​ទទួល​បានផល​ប្រយោជន៍​ចំពោះ​ EBA​
កម្ពុជា​នឹង​រង់ចាំ​ការ​ឆ្លើយ​ពី​សហភាព​អឺរ៉ុប​ ខណៈ​ប្រជាពលរដ្ឋ​ជិត​ ៣លាន​នាក់​កំពុង​ទទួល​បានផល​ប្រយោជន៍​ចំពោះ​ EBA​

ដោយ​ ប៊ី

ភ្នំ​ពេញៈ​ កម្ពុជា​នឹង​រង់ចាំ​ការ​ឆ្លើយ​ពី​សហភាព​អឺរ៉ុប​ ចំពោះ​បញ្ហា​ EBA​ បន្ទាប់ពី​ប្រគល់​ជូន​ នូវ​ឯកសារ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅ​នឹង​របាយការណ៍​របស់​គណ:កម្មការ​អឺរ៉ុប​។

កាលពី​ព្រឹក​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ណុំ​ ពិសិដ្ឋ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បែលហ្សិក​ បាន​ប្រគល់​ជូន​នូវ​ឯកសារ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅ​នឹង​របាយការណ៍​របស់​គណ:កម្មការ​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ជូន​លោកស្រី​ Alina​ Boiciuc​ តំណាង​គណ:កម្មការ​អឺរ៉ុប​ នៅ​ទីស្នាក់ការ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ នៃ​គណ:កម្មការ​អឺរ៉ុប​ នៅ​ទី​ក្រុង​ព្រុច​សែល​ ប្រទេស​បែលហ្ស៊ិក​។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មី​ៗនេះ​ តាមរយៈ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា​ អនុលោម​តាម​នីតិវិធី​របស់​សហភាព​អឺរ៉ុប​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ភារកិច្ច​ប្រគល់​ជូន​គណៈកម្មការ​អឺរ៉ុប​ នៅ​ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៩​ ជា​ការ​ឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​រក​ឃើញ​ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​ និង​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ជា​បណ្តោះអាសន្ន​ ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​ ក្រោម​កម្មវិធី​ “គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​”។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ សេចក្តី​ឆ្លើយតប​ចុងក្រោយ​នេះ​ គឺជា​របាយការណ៍​គ្រប់ជ្រុងជ្រោយ​អំពី​សកម្មភាព​ និង​វិធានការណ៍​នានា​ដែល​រាជរដ្ឋាភិបាល​ បាន​អនុវត្ត​ឆ្លើយតប​ ទៅ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការ​ព្រួយបារម្ភ​ របស់​គណៈកម្មការ​អឺរ៉ុប​ ជា​អា​ទី៍​ រួមមាន​ ការគោរព​សិទ្ធិ​ក្នុង​ការចូលរួម​នយោបាយ​ សិទ្ធិ​ដីធ្លី​ សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​បង្កើត​សមាគម​ជាដើម​។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា​ ក្នុង​ចន្លោះ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​ខ្លួន​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០២០ខាងមុខនេះ​ រាជរដ្ឋាភិបាល​សង្ឃឹមថា​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ប្រកបដោយ​សុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការអនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​” ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម​ដល់​កម្ម​ការីនី​ប្រមាណ​ជិត​មួយ​លាន​នាក់​ និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ឈ្នួល​របស់​ពួកគេ​ រួម​ទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព​ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា​ (GMAC​) ​បាន​ក៏បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ​ លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) ដល់​កម្ពុជា​ ដើម្បី​ផ្តល់​ការងារ​ដល់​កម្មករ​ និយោជិត​ចំនួន៧៥០​,០០០​ នាក់​ ​; និង​សុខមាលភាព​ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ស្ថិតនៅ​ក្នុង​ហា​នី​ភ័យ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ (GMAC​)ចេញផ្សាយ​កាលពី​ថ្ងៃទី១៣​ ខែសីហា​​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​ EBA​ តាំងពី​ឆ្នាំ២០០១​ ។ អ្នក​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ចម្បង​គឺ​កម្មករ​ កម្មការិនី​ ដែល​កំពុងធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​ (Travel​ Goods​) ក្នុង​ប្រទេស​កម្ពុជា​។

ឧស្សាហកម្ម​ទាំងនេះ​ តំណាង​ឲ្យ​ប្រមាណ៧៥ភាគរយ​ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ និង៩០ភាគរយ​ នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ ពាណិជ្ជកម្ម​ចំនួន៤​,៧៧​ ពាន់​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ២០១៨​ កើនឡើង​ចំនួន១០ដង​ ចាប់ពី​កម្មវិធី​ EBA​ ត្រូវ​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដំបូង​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ ដែល​ជា​តំណាង​រោងចក្រ​ចំនួន៥៨០​ នៅ​កម្ពុជា​បាន​អះអាង​បន្ត​ថា​ ដោយសារតែ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ តាមរយៈ​កម្មវិធី​ EBA​ ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​លាន​នាក់​បាន​ចេញផុត​ពី​ភាព​ក្រីក្រ​ និង​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​។

កម្មករ​ចំនួន​ ៧៥០​,០០០នាក់​នៅក្នុង​ឧស្សាហកម្ម​នេះ​ តំណាង​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ​សរុប​ ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា​ ហើយ​ឧស្សាហកម្ម​នេះ​ផ្តល់​ការ​គាំទ្រ​ចំណូល​ផ្ទាល់​ដល់​គ្រួសារ​ជាង២០ភាគរយ​ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាង៨០ភាគរយ​នៃ​កម្មករ​របស់​យើង​ជា​ស្ត្រី​ ហើយ​ពួកគេ​ភាគច្រើន​បំផុត​មាន​អាយុ​ក្រោម​ ៣៥ឆ្នាំ​។

សរុបទៅ​កម្មវិធី​ EBA​ មានផល​វិជ្ជមាន​ដល់​ជីវិត​ ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​៕

ដើម្បី​ក្លាយជា​អ្នកលក់​ដ៏​ពូកែ​ត្រូវ​ធ្វើ​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំពេញ​: គ្រប់​អ្នក​ដែល​មាន​អាជីព​ និង​ជា​កំពុង​ដើរតួ​នាទី​ជា​អ្នកលក់​នៅ​លើ​ទីផ្សារ​សុទ្ធតែ​មាន​ក្ដី​ប្រាថ្នា​ អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​កំពូល​អ្នកលក់​ដ៏​មានប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​ទាំងអស់​ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នៅត្រង់​ចំណុច​ថា​ តើ​គួរ​អនុវត្ត​វិធី​បែប​ណា​ ដែល​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​។

ជា​ដំណោះស្រាយ​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ បុគ្គលិក​លក្ខណៈ​របស់​អ្នកលក់​ដែល​ពូកែ​ គឺ​ត្រូវ​មាន​ចំណុច​សំ​ខាន់​ៗទាំង៧ប្រការ​ដូច​ខាងក្រោម​នេះ​៖

១. ទឹកមុខ​ញញឹម​

ជឿ​ថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចេះ​ញញឹម​ គឺ​ញញឹម​បាន​ដោយ​មិន​ចាំបាច់​ហ្វឹកហាត់​ ហើយ​នេះ​ជាអំណោយ​ពី​របស់​ធម្មជាតិ​។ ពេល​ចូល​ជួប​អតិថិជន​ អ្នកលក់​ត្រូវ​យក​ទឹកមុខ​ស្រស់ស្រាយ​ ញញឹមញញែម​ ព្រមគ្នា​នឹង​ការ​ធ្វើ​ចិត្ត​ឱ្យ​រីករាយ​ ពេល​នៅចំពោះមុខ​អតិថិជន​ ហើយ​ឱ្យ​គិតថា​យើង​កំពុង​នាំ​យក​រឿង​ល្អ​ និង​រឿង​មានប្រយោជន៍​ឱ្យ​ពួកគេ​ ។ ពាក្យ​ថា​សួស្ដី​ អរគុណ​ ពាក្យ​ដែល​ប្រើ​បាន​គ្រប់​សម័យកាល​ សូមកុំ​ខ្ជិល​ក្នុង​ការប្រើ​ ហាត់​និយាយ​ឱ្យ​ជា​ទម្លាប់​។ ដូច្នេះ​អាជីព​ការលក់ដូរ​នឹង​រីកចម្រើន​ឡើង​ក្នុង​ពេល​អនាគត​។

២. សុភាព​រាបសា​ ឱនលំទោន​

ក្រៅពី​ញញឹម​ហើយ​ដៃជើង​ត្រូវ​ទន់​ផង​ដែរ​។ មកដល់​ត្រូវ​ចេះ​សំពះ​ ទៅ​ឱ្យ​ចេះ​លា​ ទំនៀមទម្លាប់​ខ្មែរ​កុំ​ចោល​។ ដូច្នេះ​គេ​នឹង​បានដឹង​ថា​ យើង​ទទួលការ​អប់រំ​មក​បាន​យ៉ាង​ល្អ​ពី​ចាស់ទុំ​។ ប៉ុន្តែ​គប្បី​នឹកដល់​ពាក្យ​ថា​ ឱ្យ​ទន់ភ្លន់​ ឱនលំទោន​តែ​កុំ​ទន់ខ្សោយ​។

៣. តែងខ្លួន​ស្អាត​

​ការដែល​ជា​អ្នកលក់​ ដែល​អតិថិជន​ចង់​នៅ​ក្បែរ​ ចង់និយាយ​ជា​មួយ​យូរ​ៗ ក្រៅពី​និយាយ​ឱ្យ​អតិថិជន​ស្តាប់​ទៅ​ស្រួល​ត្រចៀក​ហើយ​ ការ​តែងខ្លួន​ក៏​ត្រូវ​ឱ្យ​ស្អាត​ទាក់ភ្នែក​ផង​ដែរ​។ ពេល​នៅ​ក្បែរ​អតិថិជន​មិន​ត្រូវ​មាន​ក្លិន​ខ្លួន​ កាត់​ក្រចក​ឱ្យ​ស្អាត​ ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​លក់​ រៀបចំ​ឱ្យ​បាន​ស្អាត​រៀបរយ​ សុខភាព​មាត់​ធ្មេញ​ត្រូវ​រក្សា​ឱ្យ​បាន​ល្អ​ កុំ​ជក់បារី​។

៤. មានការ​ចងចាំ​

ក្នុង​មួយ​ថ្ងៃ​ៗ យើង​ជួប​អតិថិជន​ជានិច្ច​ មិន​អាច​ចាំ​អតិថិជន​បាន​ទាំងអស់​នោះ​ទេ​ លើកលែងតែ​អ្នក​សំខាន់​ប៉ុណ្ណោះ​។ បើ​ការ​ចងចាំ​របស់​យើង​មិនល្អ​ ក៏អាច​ហ្វឹកហាត់​បាន​។ បើ​ខ្លាច​ចាំ​មិនបាន​ សាក​ធ្វើតាម​កំពូល​អ្នកលក់​ធ្វើ​ គឺ​កត់ត្រា​ក្នុង​សៀវភៅ​ការងារ​ប្រចាំថ្ងៃ​ថា​ មួយ​ថ្ងៃ​ៗយើង​ទៅ​ជួប​អ្នកណា​នៅកន្លែង​ណា​ លក់​អ្វី​ ធ្វើការ​កត់ត្រា​ទុក​ឱ្យ​បាន​លម្អិត​ កន្លងទៅ​ ២ – ៣ ឆ្នាំ​ យកបញ្ជី​ឈ្មោះ​ទាំងនេះ​មក​មើល​ឡើងវិញ​ ហើយ​ទូរសព្ទ​ទៅ​សួរសុខទុក្ខ​ពួកគេ​ នឹង​ធ្វើ​ឱ្យ​អតិថិជន​មានការ​ពេញចិត្ត​ ចំពោះ​ការ​ព្យាយាម​ទាក់ទង​របស់​យើង​។

៥. ពេលវេលា​

ការ​ចេះ​ចាត់ចែង​ពេលវេលា​ឱ្យ​បាន​ល្អ​ ពេលណា​គួរតែ​ធ្វើអ្វី​ ពេលណា​គួរ​ផ្តល់​ពេលវេលា​ចំពោះ​អ្នកផ្ទះ​ ការងារ​ផ្ទះ​ ពេលវេលា​ណា​ជា​ពេលវេលា​ សម្រាប់​ការលក់ដូរ​ឬពេលណា​ជា​ការងារ​សាង​សង្គម​។ មួយថ្ងៃ​មាន២៤ម៉ោង​ បើ​ចេះ​បែងចែក​ពេលវេលា​បាន​ល្អ​ ជីវិត​របស់​អ្នក​នឹង​មានគុណ​តម្លៃ​ច្រើនឡើង​។

៦. ចេះ​រៀប​គម្រោង​ក្នុង​ការ​ធ្វើការងារ​ក្នុង​មួយ​ថ្ងៃ​ៗ

រៀបចំ​ចាត់ចែង​ពេលវេលា​របស់​ការងារ​ ដែល​ត្រូវ​ធ្វើ​ក្នុង​មួយ​ថ្ងៃ​ៗឱ្យ​បាន​ល្អ​ រៀប​គម្រោង​ទុកមុន​ថា​ ថ្ងៃស្អែក​នឹង​ធ្វើអ្វី​ សរសេរ​ចូល​ទៅ​ក្នុង​បញ្ជី​យ៉ាងតិច៥​-៦ មុខ​ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​អស់​នូវ​ការងារ​ ដែល​បាន​រៀប​គម្រោង​ទុក​ ដូចជា​ការ​រក​បញ្ជី​ឈ្មោះ​អតិថិជន​ថ្មី​ ការ​ទៅ​សួរសុខទុក្ខ​ ការ​បញ្ជូន​ទំនិញ​ ការណាត់ជួប​និង​សេវាកម្ម​។

៧. រីករាយ​ក្នុង​ការ​និយាយ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​

អ្នកលក់​ដែល​ពូកែ​ នឹង​មានចំណេះ​ដឹង​ជុំវិញ​ខ្លួន​ សំដៅ​ដល់​អាច​និយាយ​របៀប​ជា​មិត្ត​ជាមួយនឹង​អតិថិជន​បាន​គ្រប់​រឿង​ អាច​សម្រប​ខ្លួន​ និង​ប្រើពាក្យ​សម្តី​របស់​ខ្លួន​ឱ្យ​ចូលចុះ​ជាមួយ​អតិថិជន​បាន​ ចាប់ពី​រឿង​ទូទៅ​ក្នុង​ការ​ធ្វើការងារ​ក្នុង​មួយ​ថ្ងៃ​ៗ ជីវិត​ ការរស់នៅ​ តិ​ចណូ​ឡូ​ជី​ កីឡា​ ជាអាទិ៍​ ។ល។

សូម​ណែនាំ​បន្ថែម​បន្តិច​ លើ​រឿង​ការ​និយាយ​ជាមួយ​អតិថិជន​ បើ​អតិថិជន​មិន​សួរ​ពី​ចំណេះដឹង​ទេ​ ចូរ​កុំទៅ​អួត​ពី​ចំណេះដឹង​ច្រើនពេក​ ធ្វើជាមិនដឹង​ទៅ​ល្អ​ហើយ​ អតិថិជន​ចូលចិត្ត​ខ្លាំង​ណាស់​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ បន្ត​ចុះ​ពិនិត្យ​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ​ដើម្បី​ធានា​ថា​ផ្លូវ​សាងសង់​មានគុណ​ភាព​ខ្ពស់​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ នៃ​ការសាងសង់​ផ្លូវ​ទាំង៣៤​ ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ ជា​ សុ​ផា​រ៉ា​ ថ្លែង​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្លូវ​ខាងលើ​នេះ​ធ្វើឡើង​ នៅ​ព្រឹក​ថ្ងៃទី១៣​ ខែធ្នូ​ឆ្នាំ២០១៩នេះ​ថា​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ របស់​រដ្ឋាភិបាល​នៅ​ក្រុង​ព្រះសីហនុ​ ជាពិសេស​ស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ នឹង​ជួយ​ជំរុញ​និង​ផ្តល់​ឪកាស​វិនិយោគ​ ទេសចរណ៍​ និង​វិស័យ​ផ្សេងទៀត​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ក៏បាន​ការណែនាំ​ ដល់​អ្នកជំនាញ​សាងសង់​ ​ត្រូវតែ​មានគុណ​ភាព​ ធានា​ការប្រើ​ប្រាស់​បាន​យូរ​  និង​បង្កើន​សោភ័ណភាព​ ​បរិស្ថាន​ ខេត្ត​ព្រះសីហនុ​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ ​និង​ទេសចរណ៍​មក​ខេត្ត​មាត់សមុទ្រ​កាន់តែ​ ច្រើនឡើង​។

លោក​បាន​បន្ត​ទៀត​ថា​ ​“បច្ចុប្បន្ន​ នេះ​ រាជរដ្ឋាភិបាល​ ​និង​ រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​បន្ត​ ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ​ថ្នល់​ទូទាំង​ខេត្ត​ ព្រះសីហនុ​ ​ដែល​មានចំនួន​ ៣៤ខ្សែ​ ​ប្រវែង​សរុប​ចំនួន​ ​៨៤.៥០៥គីឡូម៉ែត្រ​ ​ដោយ​ផ្លូវ​ទាំងអស់​ នេះ​  ត្រូវតែ​ប្រាកដ​ថា​ ការ​ស្ថាន​នា​ ​ឡើង​ប្រកបដោយ​ គុណភាព​ ​និង​ សោភ័ណភាព​ ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ ​និង​ សេដ្ឋកិច្ច​របស់​យើង​។

លោកស្រី​ តាំង​ ហ៊ួរ​អគ្គ​នាយិកា​ក្រុមហ៊ុន​Amatak​ Property​ Service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ផ្ទុយ​ទៅ​នឹង​ពាក្យ​ចចាម​អារាម​ដែល​ថា​ខេត្ត​ព្រះសីហនុ​ នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ជនជាតិ​ចិន​ចាកចេញ​ ពី​ខេត្ត​ព្រះសីហនុ​ តែ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយសារ​រដ្ឋាភិបាល​បាន​ នឹង​កំពុង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗនៅ​ទូទាំង​ក្រុង​ព្រះសីហនុ​។

លោកស្រី​បន្ត​ថា​ “អ្នក​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅ​ទីនេះ​ ឬអ្នក​ដែល​ខ្ចី​លុយ​ពី​ធនាគារ​វិនិយោគ​ជាដើម​ កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ព្រោះ​រដ្ឋាភិបាល​បាន​នឹង​កំពុង​គិតគូរ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ ដើម្បី​ទាក់ទាញ​ការ​វិយោគ​បរទេស​មក​បណ្តាក់​ទុន​រកស៊ី​ក្នុង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​កាន់តែ​ច្រើន​”។

លោកស្រី​បន្ថែម​ថា​ ក្រុង​ព្រះសីហនុ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​មាន​អគារ​ខ្ពស់​ៗកាន់តែ​ច្រើន​ដុះ​ច្រូងច្រាង​ ដែល​បណ្តាល​ឱ្យ​មានការ​រៀបចំ​ ហេ​ដ្ឋា​រច​សម្ព័ន្ធ​ផ្លូវថ្នល់​មិនទាន់​ តែ​ពេលនេះ​ រដ្ឋាភិបាល​បាន​រៀបចំ​ហេ​ដ្ឋា​រស​ម្ព័ន្ធ​ នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ នឹង​ប្រែក្លាយ​ជា​ឪកាស​វិនិយោគ​កាន់តែ​ច្រើន​។

លោកស្រី​បន្ថែម​ទៀត​ថា​ ករណី​ជនជាតិ​ចិន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ ដោយសារ​រដ្ឋាភិបាល​បិទ​ល្បែង​អន​ឡា​ញនេះ​ ក៏​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ ឬការ​វិនិយោគ​នោះ​ទេ​។ លោកស្រី​បាន​ស្វាគមន៍​ ចំពោះ​ការ​បិទ​ល្បែង​អន​ឡាញ​ របស់​រដ្ឋាភិបាល​នេះ​ ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ និង​ការ​វិនិយោគ​។

លោកស្រី​បញ្ជាក់​ទៀ​ថា​ “នៅពេល​ក្រុម​អ្នករក​ស៊ី​អន​ឡា​ញចាកចេញ​អស់​ នឹង​មក​ជំនួស​មកវិញ​នូវ​ក្រុម​អ្នក​វិយោគ​ ដែល​ល្អ​ហើយ​ជួយ​អោយ​មានការ​អភិវឌ្ឍ​ នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​កាន់តែ​លឿន​”។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ឃាង​ ភា​រម្យ​ បាន​អោយ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ នៅក្នុង​ក្រុង​ព្រះសីហនុ​ នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​កាន់តែ​ច្រើនឡើង​ថែមទៀត​ ហើយ​វា​នឹង​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្ច​ចរ​បស់​ខេត្ត​កាន់តែ​មានសន្ទុះ​ខ្លាំង​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​បាន​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្ត​ទាំងមូល​ កុំ​អោយ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះ​សីនុ​ ដោយសារតែ​រដ្ឋា​បិត​ល្បែង​អន​ឡាញ​ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រកស៊ី​ ​និង​ការជួល​អគារ​ ឬផ្ទះ​ដល់​ជនជាតិ​ចិន​ទាំងនោះ​។

ការ​បិទ​ល្បែង​អន​ឡា​ញនេះ​ វា​មានផល​ប៉ះពាល់​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ដោយ​ជំនួស​មកវិញ​នូវ​កំណើន​ទេសចរណ៍​ ​; និង​វិនិយោគ​ថ្មី​ផ្សេង​ៗ ចូល​មក​ខេត្ត​ព្រះសីហនុ​នេះ​ ដែល​ធ្វើអោយ​ពួកគាត់​ នឹង​ទទួល​បាន​ចំណូល​ឡើងវិញ​ ទោះ​ក្នុង​កម្រិត​តម្លៃ​ណាមួយ​ក្តី​តាមរយៈ​ប្រែក្លាយ​ពី​ការជួល​អគារ​ ដោយ​ការ​ប្រក​មុខរ​បរ​ផ្សេង​ៗ។

ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ការ​គាំទ្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ជាមួយនឹង​ការ​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ប្រមាណ​ជិត២០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ រួមមាន​ផ្លូវ​ចំនួន៣៤ខ្សែ​ ដោយ​ចាប់​ផ្តើម​មអនុវត្ត​ធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ក្នុង​នោះ​មាន​អ្នកទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

ក្រុមហ៊ុន​ KH​ Land​ ចូលរួម​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ប្រចាំឆ្នាំ២០១៩​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ នៃ​ការ​ប្រគល់​ពានរង្វាន់​ដល់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ក្នុង​វិស័យ​រួម​ឆ្នើម​ឆ្នាំ២០១៩​ ដែល​រៀបចំឡើង​ដោយ​ក្រុ​ហ៊ុន​គេហទំព័រ​អចលនទ្រព្យ​ Realestate.com.kh​ កាលពី​រាត្រី​ថ្ងៃទី១២​ ធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ បាន​ចូលរួម​ និង​ជា​អ្នកឧបត្ថម្ភ​ធំ​នៅក្នុង​កម្មវិធី​ឱ្យ​ដំណើរការ​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ ដែល​មាន​ជំនាញ​ផ្នែក​ប្រឹក្សា​យោបល់​ ទំនាក់ទំនង​ និង​ស្វែងរក​ដៃគូ​វិនិយោគ​ លោក​ថន​ បូរ៉ា​ ដែល​បាន​ចូលរួម​ និង​ជា​អ្នកគាំទ្រ​ឧបត្ថម្ភ​ធំ​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ និង​សាទរ​ជាមួយនឹង​ការរៀបចំ​ ដែល​មាន​ភាព​អធិកអធម​ ក្រោម​ការចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ភ្នាក់​ងារ​ធំៗ​ប្រចាំ​នៅក្នុង​ប្រទេស​ ទាំង​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​។

លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​យល់ថា​ការរៀបចំ​ឱ្យ​ព្រឹត្តិ​ការណ៍​នេះ​ គឺ​មាន​សារសំខាន់​បំផុត​ ចំពោះ​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផង​ដែរ​ ដែល​ពួកគាត់​ អាច​មានឱកាស​បង្ហាញ​ពី​ភាព​រីកចម្រើន​ ការ​អភិវឌ្ឍ​ បញ្ជាក់​ពី​ភាព​លេចធ្លោ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​របស់​ខ្លួន​ ដែល​អាច​ចូលរួម​ប្រកួត​ទទួល​ពានរង្វាន់​ប្រចាំឆ្នាំ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ការ​ប្រគល់​ពានរង្វាន់​ដល់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ក៏ដូចជា​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលន​ទ្រព្យ​ឆ្នើ​ មប្រចាំឆ្នាំ២០១៩នេះ​ វា​ជា​កម្មវិធី​ដ៏​ធំ​ និង​មាន​សារសំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ទាំងអស់​”។

ជាមួយនឹង​ការចូលរួម​ ក្នុងនាម​ជា​អ្នកឧបត្ថម្ភ​ នៅក្នុង​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ២០១៩នេះ​ លោក​ ថន​ បូរ៉ា​បាន​លើកឡើង​ថា​ ការចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ KH​ Land​ នៅពេល​នេះ​ គឺ​ចង់​ចូលរួម​ជម្រុ​ញវិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​រីកចម្រើន​បន្ថែម​ទៀត​ ដើម្បី​អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ​ ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មានការ​អភិវឌ្ឍ​ និង​មាន​លំហូរ​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មកកាន់​តែ​ច្រើន​។

លោក​ ថន​ បូរ៉ា​ បាន​បន្ត​ទៀត​ថា​ “គ្រប់​បណ្តា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ គឺ​សុទ្ធ​ទទួល​បាន​អត្ថ​ប្រយោជន៍​ទាំងអស់​ ដែល​ក្រៅពី​បង្កើត​ទំនាក់ទំនង​ គឺ​ថែមទាំង​អាច​ស្វែងរក​ដៃគូ​វិនិយោគ​ និង​អភិវឌ្ឍន៍​ជាមួយ​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ KH​ Land​ ​ដែល​មាន​វត្តមាន​យ៉ាង​សំខាន់​នៅក្នុង​កម្មវិធី​នេះ​ គឺ​យើង​ទទួល​បាន​ទំនាក់ទំនង​ពី​បណ្តា​ក្រុមហ៊ុន​នានា​ជាច្រើន​ ទាំង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​”។

បច្ចុប្បន្ន​ ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ទៅលើ​ការ​ធ្វើ​ប្រឹក្សា​យោបល់​ ក៏ដូចជា​ ការបង្កើត​ឱកាស​វិនិយោគ​ជា​ដៃគូ​ដល់​ក្រុមហ៊ុន​មួយចំនួន​ទៀតផង​ដែរ​។ ជាក់ស្ដែង​ដូចជា​ក្រៅពី​គម្រោង​ពុះ​ដី​ឡូ​តិ៍​ធំៗ​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​ និង​ខេត្ត​មួយចំនួន​ ក្រុមហ៊ុន​ក៏​កំពុងតែ​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍន៍​គម្រោង​ ក្រុង​ថ្មី​ដី​មាស​សំរោងលើ​ ដែល​ស្ថិតនៅ​លើ​ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ដ៏​មាន​សក្ដានុពល​ ស្ថិតនៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

ភ្ជាប់​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ក្រុង​ថ្មី​ដី​មាស​ សំរោងលើ​មួយ​នេះ​ លោក​ ថន​ បូរ៉ា​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ គម្រោង​ថ្មី​មួយ​នេះ​ គឺ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ក្រុមហ៊ុន​ជា​ដៃគូ​ និង​អតិថិជន​ជាច្រើន​ ដោយសារតែ​គម្រោង​នេះ​ ស្ថិត​តំបន់ត្រីកោណ​ពិសេស​ ដែល​កំពុង​មានការ​អភិវឌ្ឍ​ ដូចជា​ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៥១​ និង​ផ្លូវ​ល្បឿន​លឿន​។ លោក​បន្ត​ថា​ នៅក្នុង​គម្រោង​គឺ​មាន​អភិវឌ្ឍន៍​ ជា​ផ្ទះល្វែង​បែប​ទំនើប​ចំនួន៥០​ ហាង​អាហារដ្ឋាន​ទំនើប​ចំនួន៨​ រួមមាន​ហាង​កាហ្វេ​ និង​ភេសជ្ជៈ​ អាហារដ្ឋាន​ ម៉ាត​ ហាង​ស្រា​ក្រឡុក​ សា​ឡន​ ហាង​លក់​សម្លៀកបំពាក់​ និង​ហាង​លក់​សម្ភារ​សម្រាប់​ក្មេង​ផង​ដែរ​។

គម្រោង​ក្រុង​ថ្មី​ដី​មាស​សំរោងលើ​ បច្ចុប្បន្ន​នេះ​កំពុងតែ​មាន​ភាព​សកម្ម​ ក្នុង​ការ​បុក​គ្រឹះ​សាងសង់​យ៉ាង​មមាញឹក​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ ទាំង​សំណង់​លំនៅ​ដ្ឋាន​ផ្ទះល្វែង​បែប​ទំនើប​ ទីតាំង​អាជីវកម្ម​ ក៏ដូចជា​កន្លែង​កម្សាន្ត​លំ​ហែរ​កាយ​ផ្ទះទឹក​ ខណៈ​ដែល​ការ​លក់​ បានសម្រេច​ប្រមាណ​ជាង៣០ភាគរយ​រួច​ទៅ​ហើយ​នោះ​៕

អាស៊ាន​កំពុង​ដើរតួ​ជួយស្រោចស្រង់​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងរយៈពេល​មធ្យម​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ជំរុញ​តំបន់​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​សឹង្ហ​បូរី​ តៃវ៉ាន់​ និង​កូរ៉េ​ខាងត្បូង​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​។ នេះ​បើ​យោង​តាម​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ឯករាជ្យ​។

ការស្ទង់មតិ​របស់​របាយការណ៍​ដែល​តំណាង​អ្នកជំនាញ​សេដ្ឋកិច្ច​ជាង​ ៦០០​ នាក់​នៅ​ទូទាំង​តំបន់​ បានឱ្យ​ដឹង​ ថា​ ការនាំចេញ​នៅក្នុង​ប្រទេស​វៀតណាម​បាន​កើនឡើង​ជាង​ ១២​ ភាគរយ​ហើយ​ ហើយ​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​ត្រូវ​បាន​រំពឹង​ថា​នឹង​អនុវត្ត​តាម​កំណើន​ឡើង​នេះ​។

របាយការណ៍​បាន​និយាយ​ថា​ “ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បង្ហាញ​ពី​សុទិដ្ឋិនិយម​មួយចំនួន​សម្រាប់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​។ ការនាំចេញ​របស់​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​អនុវត្ត​កំណើន​ឡើង​យ៉ាង​ខ្លាំង​ជាមួយនឹង​កំណើន​ខ្ពស់​ជាង​ ១២​ ភាគរយ​”។

អ្នកឆ្លើយ​សំណួរ​ស្ទើរតែ​ពាក់កណ្ដាល​រំពឹង​ថា​ សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ​ផ្ទុយពី​ជិត​ ៧០​ ភាគរយ​ដែល​ជឿ​ថា​ សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​នឹង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​។

អគ្គលេខាធិការ​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ Eduardo​ Pedrosa​ បាន​និយាយ​ថា​ ”នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សំគាល់​។ យើង​មិន​មាន​ទស្សនវិស័យ​ដូចនោះ​ទេ​ចាប់តាំងពី​យើង​បាន​ចាប់ផ្តើម​ការស្ទង់មតិ​នេះ​កាលពី​ ១០​ ឆ្នាំមុន​។ ដូច្នេះ​នោះ​គឺជា​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​តក់ស្លុត​មួយ​។

របាយការណ៍​បាន​ចាត់ទុក​សង្រ្គាម​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កំពុង​កើតមាន​ ការ​លេចចេញ​ជាស​កល​ប្រឆាំង​នឹង​សកល​ភាវូបនីយកម្ម​ និង​ប្រឆាំង​ពាណិជ្ជកម្ម​បង្ក​ផល​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ច្រើន​បំផុត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

របាយការណ៍​បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ធ្លាក់ចុះ​ ០.៥​ ភាគរយ​ ពី​ ៣,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ហើយ​នៅតែ​រក្សា​កម្រិត​នោះ​រហូតដល់​ឆ្នាំ​ ២០២៤​។ របាយការណ៍​បានឱ្យ​ដឹង​ថា​ “ស្ថានភាព​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​រំជើបរំជួល​ចាប់តាំងពី​ពេលនោះ​មក​កាលពី​ឆ្នាំមុន​ ជាមួយនឹង​ការ​រំពឹង​ទុក​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​មាន​លក្ខណៈ​អវិជ្ជមាន​។

កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ពី​កំណើន​ ៣,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ ដល់​កំណើន​ ៣,៣​ ភាគរយ​នៅ​ឆ្នាំនេះ​”។

វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចង្អុលបង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ពាណិជ្ជកម្ម​ ដោយសារ​បុព្វហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​សម្រាប់​ប៉ុន្មាន​ឆ្នាំខាងមុខ​ ហើយ​បាន​ព្រមាន​ថា​ បណ្តា​ប្រទេស​នៅ​អាស៊ី​ចាំបាច់​ត្រូវ​បង្កើត​គោលនយោបាយ​សកម្ម​បន្ថែម​ទៀត​ និង​មិន​ពឹងផ្អែក​លើ​កញ្ចប់​ជំរុញ​បែប​ប្រពៃណី​ ដូចជា​ការ​ចំណាយ​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​ការកាត់បន្ថយ​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​។

របាយការណ៍​បាន​ឱ្យ​ដឹង​ទឿ​តថា​ “វា​គឺជា​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​ខាងក្រៅ​ដែល​ជា​ការ​ព្រួយបារម្ភ​បំផុត​ជាមួយនឹង​កំណើន​នៃ​ការនាំចេញ​ដែល​ធ្លាក់ចុះ​ពី​ ៤,០​ ភាគរយ​មក​នៅ​ត្រឹម​ ០,៩​ ភាគរយ​នៅ​ឆ្នាំនេះ​សម្រាប់​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​។ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើសកម្មភាព​ដើម្បី​បន្ថយ​ការ​ធ្លាក់ចុះ​តាមរយៈ​វិធានការណ៍​ជំរុញ​សេដ្ឋកិច្ច​ជាពិសេស​ការកាត់បន្ថយ​អត្រា​ការ​ប្រា​ក់ស​ កម្ម​ភាព​ផ្សេងទៀត​ក៏​ត្រូវ​ធ្វើ​ផង​ដែរ​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចាប់ផ្តើម​រៀបចំ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ជុំវិញ​ពិភពលោក​រួច​ទៅ​ហើយ​ និង​កំពុង​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ និង​បាន​ចាប់ផ្តើម​និន្នាការ​នៃ​ការ​ការពារនិយម​ និង​ប្រឆាំង​សកល​ភាវូបនីយកម្ម​ក្នុងចំណោម​ប្រជាជាតិ​នានា​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

របាយការណ៍​បាន​កែប្រែ​ការព្យាករណ៍​ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក​ឆ្នាំ​ ២០១៩​ ​មាន​កំណើន​ ២,៩​ ភាគរយ​ និង​ ៣ ភាគរយ​សម្រាប់​ឆ្នាំក្រោយ​។ ការព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​ ២០២០​-២០២១​ គឺ​មាន​ ការ​ធ្លាក់ចុះ​បំផុត​មួយ​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០០៩​៕

គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៤នឹង​ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូន​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​ទំនើប​ និង​រហ័ស​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រីក​ ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ជា​ច្រើ​នៅក្នុង​ខេត្ត​ព្រះ​សី​ហុន​ ជាពិសេស​គម្រោង​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ធំ​ចំនួន៤​ ដែល​រួមមាន​ការពង្រីក​កំពង់ផែ​ទឹកជ្រៅ​ កសាង​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន៣៤ខ្សែ​ នៅក្នុង​ព្រះសីហនុ​ ដើម្បី​ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូន​កាន់តែ​ទំនើប​ និង​រហ័ស​ទាន់ពេល​វេលា​។

១) ការពង្រីក​កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​

ការពង្រីក​កំពង់ផែ​ទឹកជ្រៅ​អាច​ដឹក​ ជញ្ជូន​កាន់តែ​មាន​ភាព​ងាយស្រួល​ ឱ្យ​នាវា​ធុន​ធំ​ចេញចូល​ ធ្វើ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​កាន់តែ​ថោក​។ តាម​ទិសដៅ​របស់​រដ្ឋាភិបាល​ នឹង​ប្រែក្លាយ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ អោយ​ទៅជា​កំ​ពង់​ផែ​រទឹកជ្រៅ​ធំជាង​គេ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​អនុញ្ញាត​ឱ្យ​កា​ប៉ាល់​ធំៗ​គ្រប់​ប្រភេទ​ចូល​ចត​បាន​។

២) ការពង្រីក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

ការពង្រីក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ក្លាយទៅជា​ច្រកចេញ​-ចូល​អន្តរជាតិ​ ដ៏​ទំនើប​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ពិភពលោក​។ បន្ថែម​ពីនេះ​រដ្ឋាភិបាល​ បាន​និង​កំពុង​ជំរុញ​ការ​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​នេះ​ ក៏អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះចត​បាន​ងាយស្រួល​ ដើម្បី​បម្រើសេវា​តាមផ្លូវអាកាស​កាន់តែ​មាន​ភាព​ងាយស្រួល​ ខណៈ​ចំនួន​យន្តហោះ​ និង​អ្នកធ្វើ​ដំណើរ​តាមផ្លូវអាកាស​កាន់តែ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

៣) គម្រោង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​

គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជ​ ធានី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​ ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២២ខាងមុខ​។ រហូត​មកទល់​ពេលនេះ​ ដំណើរការ​សាងសង់​សម្រេច​បាន៧​,៣០​%ហើយ​ គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​នេះ​។ ការសាងសង់​ផ្លូវ​ដ៏​សំខាន់​នេះ​ គ្រោង​ប្រើ​រយៈពេល​សាងសង់៤៨ខែ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៩ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​ប្រមាណ២ពាន់​លាន​ដុល្លារ​។ផ្លូវ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២២ខាងមុខ​។

៤) ការស្ថាបនា​ផ្លូវ៣៤ខ្សែ​ នៅក្នុង​ក្រុង​ព្រះសីហនុ​

រដ្ឋាភិបាល​បាន​ប្រកាស​បើក​កា​ដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន៣៤ខ្សែ​ កាល​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដោយ​រហូតដល់​ចុងខែ​ធ្នូ​ឆ្នាំ២០១៩កន្លងមក​នេះ​ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​បាន​ដំណើរការ​ឈូស​ឆាយ​ កាយ​ផ្លូវ​យ៉ាងសកម្ម​ ដើម្បី​សម្រេច​តាម​ផែនការ​កំណត់​ និង​ប្រកបដោយ​គុណភាព​ខ្ពស់​។

ការស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ មាន​ប្រវែង៨៤.៥០៥គីឡូម៉ែត្រ​ ដើម្បី​ឆ្លើយតប​ និង​ដោះស្រាយ​បញ្ហា​បញ្ហា​ចរាចរា​ណ៍​ ដោយមាន​ក្រុមហ៊ុន​ចំនួន៨​ ទទួល​ធ្វើ​ និង​ចំណាយ​ទុន​ប្រមាណ​ ២៩៤លាន​ដុល្លារ​អាមេរិក​ ហើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ដ៏​ប្រណិត​ផង​ដែរ​។

តាម​គំរោង​ផ្លូវ​នេះ​ នឹង​ត្រូវ​ប្រើ​រយៈពេល​ក្នុង​ការសាងសង់​ ត្រឹមតែ៨ខែ​តែប៉ុណ្ណោះ​ ដូច្នេះ​នៅ​ឆ្នាំក្រោយ​នេះ​ ក្រុង​ព្រះសីហនុ​ នឹង​ប្រែ​មុខមាត់​ថ្មី​ ក្លាយទៅជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​ និង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​នានា​៕

កម្ពុជា​ស្ថិត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៥ជា​ទិសដៅ​អាទិភាព​នៃ​ការពង្រីក​ពាណិជ្ជកម្ម​របស់​ក្រុង​ឌូ​បៃ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហ​កម្ម​ឌូ​បៃ​ បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​កំណត់​និន្នាការ​សេដ្ឋកិច្ច​សំ​ខាន់​ៗ ដែល​រំពឹង​ថា​នឹង​ផ្លាស់​ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ និង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០២០​ ក៏ដូចជា​ឱកាស​ទីផ្សារ​ ដែល​ផ្តល់​សក្តា​នុ​ពល​បំផុត​សម្រាប់​អាជីវកម្ម​នៅ​ឌូ​បៃ​។

សិក្ខាសាលា​បាន​ពិនិត្យ​លើក​ត្តា​សំ​ខាន់​ៗ និង​ការវិវឌ្ឍន៍​ដែល​ជះឥទ្ធិពល​ដល់​កំនើ​នពា​ណិ​ជ្ជ​កម្ម​សកល​នៅ​ឆ្នាំ២០១៩​ និង​បាន​គូសបញ្ជាក់​ពី​តម្រូវការ​សម្រាប់​ពាណិជ្ជករ​ដែល​មាន​មូលដ្ឋាន​នៅ​ឌូ​បៃ​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ និង​ផ្តោត​លើ​ទីផ្សារ​លើស​ពី​តំបន់​ Mena​ ។

បទ​បង្ហាញ​ផ្តល់​ព័ត៌​មា​ នបាន​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ឱកាស​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ដែល​កំពុង​លេចចេញ​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ និង​បាន​ចង្អុលបង្ហាញ​ពី​ចំនួន​ប្រជាជន​ ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ និង​ការ​ទទួលយក​បច្ចេក​វិទ្យា​ថ្មី​ៗជា​កត្តា​គន្លឹះ​ជំរុញ​សន្ទុះ​កំណើន​នៅ​ពីក្រោយ​សេដ្ឋកិច្ច​ក្នុង​តំបន់​។


សឹង្ហ​បូរី​ ឥណ្ឌូ​នេ​ស៊ី​ កម្ពុជា​ ថៃ​ និង​ម៉ាឡេស៊ី​ត្រូវ​បាន​កំណត់​ថា​ ជា​ប្រទេស​អាស៊ាន​កំពូល​សម្រាប់​អ្នកនាំ​ចេញ​ឌូ​បៃ​។ ការបង្កើត​ផ្លូវ​ហោះហើរ​កាន់តែ​ច្រើន​ រវាង​អារ៉ាប់រួម​អេ​មី​រ៉ា​ត និង​អាស៊ី​អាគ្នេយ៍​នា​ពេល​អនាគត​ត្រូវ​បាន​រំពឹង​ថា​ នឹង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​កាត់បន្ថយ​ថ្លៃដើម​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អាស៊ាន​ កាន់តែ​ទាក់ទាញ​ដល់​អ្នកនាំ​ចេញ​នៅ​ឌូ​បៃ​។

បទ​បង្ហាញ​ទី២​ បាន​ផ្តល់​នូវ​ការយល់​ដឹង​អំពី​តម្លៃ​ នៃ​ការនាំចេញ​របស់​ឌូ​បៃ​ទៅកាន់​ទ្វីប​អាហ្រ្វិក​ ដែល​នៅតែ​ស្ថិត​ក្រោម​សក្តា​នុ​ពល​ពេញលេញ​នៅឡើយ​។ ប្រទេស​កេនយ៉ា​ ម៉ូហ្សំ​ប៊ិក​ តង់ហ្សានី​ អេហ្ស៊ីប​ និង​សេណេហ្គាល់​ ត្រូវ​បាន​ដាក់ឈ្មោះ​ថា​ជាទី​ផ្សារ​អាហ្រ្វិក​កំពូល​សម្រាប់​អ្នកនាំ​ចេញ​ឌូ​បៃ​ ដោយសារ​ប្រទេស​ទាំងនេះ​ ផ្តល់​នូវ​ឱកាស​អាជីវកម្ម​យ៉ាង​ទូលំទូលាយ​សម្រាប់​ពាណិជ្ជករ​ក្រុមហ៊ុន​ដឹក​ជញ្ចូន​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅក្នុង​នោះ​។

លោក​ Belaid​ Rettab​ នាយក​ជាន់ខ្ពស់​សម្រាប់​ការស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​វិស័យ​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកបដោយ​ចីរភាព​នៅ​ឯឌូ​បៃ​ បាន​ពន្យល់​ក្នុង​សិក្ខាសាលា​នោះ​ថា​ “នៅក្នុង​ពិភព​អាជីវកម្ម​ ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ នា​ពេល​បច្ចុប្បន្ន​នេះ​ វា​គ្មាន​សំខាន់​ជាង​អ្វី​ដែល​ក្រុមហ៊ុន​នានា​ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​និន្នាការ​សំ​ខាន់​ៗក្នុង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពិភពលោក​ និង​ដាក់ខ្លួន​ពួកគេ​ ដើម្បី​រក្សា​បាន​នូវ​ការប្រកួត​ប្រជែង​របស់​ពួកគេ​”។

លោក​បាន​បន្ត​ថា​ “តាមរយៈ​ការរៀបចំ​សិក្ខាសាលា​នេះ​ យើង​មាន​គោលបំណង​ផ្តល់​ ឱ្យ​សមាជិក​របស់​យើង​នូវ​ទីផ្សារ​ដ៏​មានតម្លៃ​។ ភាព​វៃឆ្លាត​ជួយ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​អាជីវកម្ម​ កាន់តែ​មាន​ភាព​ច្បាស់លាស់​ និង​ស្វែងរក​ឱកាស​ពង្រីក​ពិភពលោក​”។

លោក​បាន​កត់សម្គាល់​ថា​ ការ​ផ្លាស់​ប្តូរ​ទម្រង់​ពាណិជ្ជកម្ម​ ការ​កើនឡើង​ភាព​មិន​ប្រាកដប្រជា​ និង​បញ្ហា​ប្រឈម​ផ្សេង​ៗបាន​ជះឥទ្ធិពល​ ដល់​ស្ថានភាព​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ២០១៩​ ប៉ុន្តែ​ក៏បាន​ចង្អុលបង្ហាញ​ផង​ដែរ​ថា​ មាន​ទីផ្សារ​កំពុង​រីកចម្រើន​ជាច្រើន​ ​ដែល​ផ្តល់​នូវ​ឱកាស​អាជីវកម្ម​ គួរ​ឱ្យ​ទាក់ទាញ​ជាច្រើន​ដែល​អាជីវកម្ម​ ដែល​មាន​មូលដ្ឋាន​នៅ​ឌូ​បៃ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​៕ (ប្រភព​ Khaleej​ Times​)៕